Additional Helps for Teacher Development
បទពិសោធន៍​ការ​រៀនសូត្រទី ៧ ៖ ការស្គាល់​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ


បទពិសោធន៍​ការ​រៀនសូត្រ​ទី ៧

ការស្គាល់​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ

សេចក្តីសង្ខេប

បទពិសោធន៍​ការ​រៀនសូត្រ​នេះ​មាននូវ​គោលគំនិត​ដូច​ខាង​ក្រោម ៖

  • ការ​ស្គាល់​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយដែល​បាន​ថ្លែង

  • ការ​ស្គាល់​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​ដែល​បង្កប់​ន័យ

  • ការ​សរសេរ​សេចក្ដីថ្លែងការណ៍​អំពីគោលការណ៍

គោលគំនិត​សំខាន់ៗ

លំនាំ​ការ​រៀនសូត្រ​ដែល​បាន​ណែនាំ​នៅក្នុង​បទពិសោធន៍​ការ​រៀនសូត្រ​ទី ៥ ​ផ្ដល់​ជា​​មូលដ្ឋានគ្រឹះ​ដែល​ជួយ​ដាក់​ដំណឹងល្អ​នៅក្នុងគំនិត និងដួងចិត្ត​របស់​យើង ។ នៅក្នុង​បទពិសោធន៍​ការ​រៀនសូត្រ​នេះ យើង​នឹង​ថ្លែង​អំពី​ការស្គាល់​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ ។

គោលបំណង​នៃ​បទពិសោធន៍​ការ​រៀនសូត្រ​នេះ គឺ​ដើម្បី​ផ្ដល់​នូវការ​ណែនាំ​សង្ខេប​មួយ​ចំពោះទិដ្ឋភាព​នានា​នៃ​លំនាំ​ការរៀនសូត្រ ។ នៅពេល​អ្នក​បម្រើ​ជា​គ្រូបង្រៀនថ្នាក់សិក្ខាសាលា ឬ​ថ្នាក់វិទ្យាស្ថាន អ្នកនឹង​មាន​ឱកាស​ច្រើន​ដើម្បីរៀន​ និង​អនុវត្ត​ជំនាញ​ទាំងនេះ ។

ការស្គាល់​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ

រូបភាព
ដៃ និង​ត្បូង

នៅក្នុង​រឿង​ប្រៀបធៀប​អំពី​ត្បូង មាន​យុវនារីម្នាក់​​សុបិន្ត​អំពី​ការ​ស្វែងរក​ត្បូង​នៅលើ​ខ្សាច់ ។

រូបភាព
បទគម្ពីរ និង​ខ្មៅដៃ

ស្រដៀងគ្នា​នេះ​ដែរ នៅពេល​យើង​សិក្សា​បទគម្ពីរ នោះ​យើងអាច​រកឃើញ​ត្បូង​ខាង​វិញ្ញាណ​ដែលអាច​ប្រទានពរ​ដល់​ជីវិត​របស់​យើង ។

អែលឌើរ នែល អេ ម៉ាក់ស្វែល ឆ្នាំ (១៩២៦-២០០៤) នៃ​ក្រុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បាន​បង្រៀន​ថា ៖

រូបភាព
អែលឌើរ ណែល អេ. ម៉ាកស្វែល

« បងប្អូន​ប្រុស​ស្រី បទគម្ពីរ​ផ្ដល់​ដល់​យើង​នូវ​ពេជ្រ​ខាង​គោលលទ្ធិ​ជាច្រើន​សន្ធឹក ។ ហើយ​នៅពេល​ពន្លឺ​នៃ​ព្រះវិញ្ញាណ​បំភ្លឺ​នូវ​មុខឆ្នៃ​ជាច្រើន​នោះ នោះមុខ​ឆ្នៃ​ទាំង​នោះ​​នឹងបញ្ចាំង​ពន្លឺ​ព្រាកៗ​ដោយ​ញាណ​ខាង​សេឡេស្ទាល ហើយ​បំភ្លឺ​ផ្លូវ​ដែល​យើង​ត្រូវ​ដើរ​តាម » (​«According to the Desires of [Our] Hearts»Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ២១ ) ។

ត្បូង​ទាំងឡាយ​នៅក្នុង​ខ្សាច់​តំណាង​ឲ្យ​គោលលទ្ធិ​សំខាន់ និង​គោលការណ៍​សំខាន់ៗ​នៃ​សេចក្ដីពិត ដែល​មាន​នៅក្នុង​បទគម្ពីរ និង​ពាក្យ​សម្ដី​របស់​ពួកព្យាការី ។

សកម្មភាព​ក្នុងក្បួនខ្នាតការបង្រៀន និង​ការ​រៀន​ដំណឹងល្អ

រូបភាព
គម្រប​ក្បួនខ្នាត

សិក្សា​កថាកណ្ឌ​បួន​ដំបូង​នៃ​កណ្ឌ ១.៣.១ («បង្រៀន») នៅទំព័រ ៥ និង​កថាកណ្ឌ​បួន​ដំបូង​នៃ​កណ្ឌ ២.៥ («ស្គាល់ យល់ ដឹង​ពី​សេចក្តី​ពិត និង សារៈសំខាន់​នៃ​ដំណឹង​ល្អ ហើយ​អនុវត្ត​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​នៃ​ដំណឹង​ល្អ») នៅទំព័រ ២៦ នៃ​ក្បួនខ្នាតការ​បង្រៀន និងការ​រៀនសូត្រដំណឹងល្អ។ សូម​គូស​បន្ទាត់​ពីក្រោម​​ពាក្យ និង ឃ្លា​ទាំងឡាយ​ដើម្បី​​ជួយ​អ្នក​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​គោលលទ្ធិ​ជាអ្វី ?

  • តើ​គោលការណ៍មួយ ​គឺ​ជា​អ្វី?

  • ហេតុអ្វី​គោលលទ្ធិ និងគោលការណ៍​ទាំងឡាយ​សំខាន់ ?

សូម​កត់​ត្រា​គំនិត និង​ចំណាប់អារម្មណ៍​របស់​អ្នក​អំពី​មូលហេតុ​ដែល​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​សំខាន់​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​មួយ ឬ​កន្លែង​ផ្សេងទៀត ដែលអ្នក​អាច​យក​វា​មក​មើល ហើយ​ចែកចាយ​ជាមួយ​នឹង​អ្នកដឹកនាំ ឬ​ក្រុម​​​​វគ្គ​បំពាក់បំប៉ន​គ្រូបង្រៀន ។

គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ ៖ បាន​ថ្លែង ផ្ទុយ​ពី ​បង្កប់​ន័យ

នៅក្នុង​រឿងប្រៀបធៀប​អំពី​ត្បូង យុវនារីព្យាយាម​រុករក​ត្បូង​ដ៏មានតម្លៃ ។ នៅពេល​នាង​កំពុង​ស្វែងរក នាង​បាន​រកឃើញ​ត្បូង​ខ្លះ​នៅ​លើ​ផ្ទៃខ្សាច់ ហើយ​ត្បូង​ខ្លះ​ទៀត​កប់ជ្រៅ​នៅក្នុង​ខ្សាច់ ។ ស្រដៀងគ្នានេះដែរ អ្នក​នឹង​រកឃើញ​ថា គោលលទ្ធិ និង​គោលការណ៍​ខ្លះ​ត្រូវ​បាន​ថ្លែង​ឲ្យឃើញ​នៅក្នុង​បទគម្ពីរ ហើយ​ត្រូវ​បាន​ស្គាល់​ដោយ​ងាយ ។ ​គោលការណ៍ដទៃទៀត ពុំត្រូវ​​​បាន​ថ្លែង​ដោយ​ផ្ទាល់​នៅ​ក្នុង​ព្រះគម្ពីរ​ទេ ប៉ុន្តែ​វា​បង្កប់​ន័យ​វិញ ។ ទាំង​នេះ​តម្រូវ​ឲ្យ​មានការ​ខិតខំ​យ៉ាង​ច្រើន​ដើម្បី​រុករក ។

​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយដែល​បាន​ថ្លែង

គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយដែលបាន​បង្កប់ន័យ

គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ដែល​ត្រូវ​បាន​ថ្លែង​យ៉ាងច្បាស់ និង​ឲ្យ​ឃើញច្បាស់​នៅក្នុង​អត្ថបទ​គម្ពីរ ។

គោលលទ្ធិ និងគោលការណ៍​ទាំងឡាយ​ដែល​ពុំ​បាន​ថ្លែង​ដោយ​ត្រង់ៗ​ពី​អ្នកសរសេរ​បទគម្ពីរ ប៉ុន្តែ​ត្រូវ​បាន​បង្កប់ន័យ​នៅក្នុង​អត្ថន័យវិញ ។

នៅពេល​និយាយអំពីការ​ស្គាល់គោលលទ្ធិ និងគោលការណ៍​ទាំងឡាយ អែលឌើរ រីឆាដ ជី ស្កត (ឆ្នាំ ១៩២៨-២០១៥) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា ៖

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

« ស្រាវជ្រាវ​គោលការណ៍​ទាំងឡាយ ។ ញែក​វា​ចេញ​ពី​សេចក្ដីលម្អិត​ដែល​បាន​ប្រើ​ដើម្បី​ពន្យល់គោលការណ៍​ទាំងឡាយ​នោះ​ដោយ​ប្រុងប្រយ័ត្ន » (« Acquiring Spiritual Knowledge, » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ទំព័រ ៨៦)។

អ្វី​ដែល​នៅសល់​ទាំងប៉ុន្មាន​នៃ​បទពិសោធន៍​ការរៀនសូត្រ​នេះ នឹង​ជួយ​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​របស់អ្នក​ដើម្បី​ស្គាល់​ទាំង​គោលលទ្ធិ និងគោលការណ៍​ដែលបាន​ថ្លែង និង​បានបង្កប់​ន័យ​នៅក្នុង​ការ​សិក្សា​របស់អ្នក ។ ( សូមមើល​ផងដែរ Gospel Teaching and Learning: A Handbook for Teachers and Leaders in Seminaries and Institutes of Religion [ឆ្នាំ ២០១២] ទំព័រ ២៧.)

ការ​ស្គាល់​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយដែល​បាន​ថ្លែង

គោលលទ្ធិ និង គោលការណ៍​ទាំងឡាយដែល​បាន​ថ្លែងគឺជា​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​ដែលបាន​ប្រកាស​យ៉ាង​ច្បាស់ និង​ឲ្យ​ឃើញ​ច្បាស់​នៅក្នុងអត្ថបទ​គម្ពីរ ។

សូម​អាន​នូវ​បទគម្ពីរ​ដូច​ខាង​ក្រោម​ដើម្បី​មើលឃើញ​គំរូ​នៃ​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយដែលបាន​ថ្លែង​យ៉ាង​ច្បាស់ ( បានគូស​បញ្ជាក់​ជា​អក្សរដិត) ។

  • យ៉ូហាន ១៥:១០— « បើ​អ្នករាល់គ្នា​កាន់​តាម​បញ្ញត្តិ​ខ្ញុំ នោះ​នឹង​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​កាន់​តាម​បញ្ញត្តិ​នៃ​ព្រះវរបិតា​ខ្ញុំ ហើយ​ក៏​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ដែរ » ។

  • លោកុប្បត្តិ ១:២៧—« ទ្រង់​ ក៏​បង្កើត​មនុស្ស​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ គឺ​បាន​បង្កើត​គេ​ឲ្យ​ចំ​នឹង​រូប​អង្គ​ទ្រង់​នោះ​ឯង ក៏​បង្កើត​គេ​ឡើង​ជា​ប្រុស​ជា​ស្រី » ។

  • គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៩:២៣—« ប៉ុន្តែ​ចូរ​រៀន​ចុះ​ថា អ្នកណា​ដែល​ប្រព្រឹត្ត​កិច្ចការ​ទាំងឡាយ​ដោយ​សេចក្ដីសុចរិត នោះ​នឹង​បាន​ទទួល​រង្វាន់​របស់​ខ្លួន គឺ​សេចក្តីសុខ​សាន្ត​នៅ​នាលោកិយនេះ​ និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ នៅ​បរលោកនាយ »

  • ​ហេលេមិន ៣:២៧—« ម្ល៉ោះ​ហើយ​យើង​អាច​ឃើញ​​​ថា​ព្រះអម្ចាស់​ទ្រង់​ប្រកប​ដោយ​សេចក្តី​មេត្តាករុណា​​ដល់​អស់​អ្នក​ណា​ដែល​អំពាវនាវ​ដល់​ព្រះនាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់​ដោយ​ចិត្ត​ស្មោះ​ស » ។

  • យ៉ូប ៣៦:៥—« មើល ព្រះ​ទ្រង់​មាន​ព្រះចេស្តា តែ​ទ្រង់​មិន​មើលងាយ​ដល់​អ្នក​ណា​ឡើយ ទ្រង់​មាន​ឥទ្ធិឫទ្ធិ​ដោយកម្លាំង​​​នៃ​ព្រះ​តំរិះ »

សកម្មភាព​បទគម្ពីរ ៖ ​ស្គាល់​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយដែល​បាន​ថ្លែង

សូម​អាន​វគ្គ​បទគម្ពីរ​ដូច​ខាង​ក្រោម ហើយ​គូសចំណាំ ឬ​កត់ចំណាំ​នៅក្នុង​គម្ពីរ​របស់អ្នក​នូវ​គោលលទ្ធិ ឬ​គោលការណ៍​ដែល​បាន​ថ្លែង​នីមួយៗ ។

សូម​កត់​ត្រា​គំនិត និង​ចំណាប់អារម្មណ៍​របស់អ្នកអំពី​គោលលទ្ធិ និង​គោលការណ៍​នីមួយៗ​ដែល​អ្នក​បាន​គូស​ចំណាំ​នៅក្នុង​ខ​គម្ពីរ​ទាំងនេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​មួយ ឬ​កន្លែង​ផ្សេងទៀត ដែលអ្នក​អាច​យក​វា​មក​មើល ហើយ​ចែកចាយ​ជាមួយ​នឹង​អ្នកដឹកនាំ ឬ​ក្រុម​​​​វគ្គបំពាក់បំប៉ន​គ្រូបង្រៀន ។

ការ​ស្គាល់​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយដែល​បានបង្កប់​ន័យ

រូបភាព
ស្ត្រី​កំពុង​បោសសំអាត​ខ្សាច់​ពី​ត្បូង

នៅក្នុងរឿង​ប្រៀបធៀប​អំពី​ត្បូង យុវនារី​ពុំស្កប់ស្កល់​ក្នុងការ​រក​ត្បូង​តែ​លើផ្ទៃ​ខ្សាច់​ខាង​លើ​នោះទេ ។ នាង​បាន​ដឹង​ថា តាមរយៈ​ការជីក​កាន់តែ​ជ្រៅ​ទៅក្នុង​ខ្សាច់ និងការ​ជ្រាវដៃរ៉ែង​ក្នុង​ខ្សាច់​ដោយ​យកចិត្តទុកដាក់ នោះនាង​អាច​រកឃើញ​ត្បូង​ផ្សេងទៀត​ដែល​មានតម្លៃដ៏​អស្ចារ្យ ។

រូបភាព
ការ​គូស​ចំណាំ​ព្រះគម្ពីរ

ស្រដៀងគ្នានេះ​ដែរ នៅពេល​អ្នក​សិក្សា​បទគម្ពីរ អ្នកអាច​រៀន « ជីក» និង « រ៉ែង » នៅក្នុង​បរិបទ និងមាតិកាបទគម្ពីរ ដើម្បី​រក​គោលលទ្ធិ និងគោលការណ៍​ទាំងឡាយ​ដែល​បង្កប់​ន័យ ។ ជាញឹកញាប់ ទាំងនេះគឺជា​ការ​រកឃើញ​ដ៏មានតម្លៃ និង​សំខាន់​បំផុត​ដែលអ្នក​នឹង​រកឃើញ​ក្នុង​ការសិក្សា​បទគម្ពីរ​របស់អ្នក ។ ការ​រកឃើញ​គោលលទ្ធិ និងគោលការណ៍​ទាំងឡាយ​ដែល​បង្កប់ន័យ គឺត្រូវការ​ពេលវេលា និងការ​គិតគូរ​ដោយ​យកចិត្តទុកដាក់ ។

សកម្មភាព​ក្នុងក្បួនខ្នាតការបង្រៀន និង​ការ​រៀន​ដំណឹងល្អ

រូបភាព
គម្រប​ក្បួនខ្នាត

សូមអាន​វគ្គ ២.៥.១ («ស្គាល់​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ») នៅទំព័រ ២៧ នៃក្បួនខ្នាតការ​បង្រៀន និងការ​រៀនសូត្រដំណឹងល្អដែល​ចាប់​ផ្ដើម​ត្រង់កថាកណ្ឌ​ទីប្រាំពីរ ដែលចាប់​ផ្ដើម​ថា « គោលការណ៍​ជាច្រើន​មិនត្រូវ​បាន​ថ្លែង​ចំៗ​នោះទេ…» រហូត​ដល់​កថាកណ្ឌទីពីរ​នៅ​ទំព័រ ២៨ ។ សូមគូស​បន្ទាត់ពី​ខាង​ក្រោម​ពាក្យ ឬ​ឃ្លា​ទាំងឡាយ​ដែល​ជួយ​អ្នកយល់​កាន់តែ​ជ្រៅជ្រះ​អំពីគោលលទ្ធិ និងគោលការណ៍​ទាំងឡាយ​ដែល​បង្កប់ន័យ និង​របៀប​​ស្គាល់​វា​នៅក្នុង​ការសិក្សា​របស់អ្នក ។

ផ្អែក​ទៅលើ​អ្វី​ដែលអ្នក​គូស​បន្ទាត់ពី​ខាង​ក្រោម សូម​កត់ត្រា​អំពី​របៀប​ដែល​អ្នក​នឹង​ពន្យល់​ទៅមិត្ត​ម្នាក់ ឬ​សមាជិក​គ្រួសារ​ម្នាក់​ពី​សេចក្ដីពិត​បង្កប់​ន័យ​ជាអ្វី និង​របៀប​ដែល​ពួកគេ​អាច​ត្រូវ​បាន​ស្គាល់ ។ សូម​កត់​ត្រា​គំនិត និង​ចំណាប់អារម្មណ៍​ទាំងនេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​មួយ ឬ​កន្លែង​ផ្សេងទៀត ដែលអ្នក​អាច​យក​វា​មក​មើល ហើយ​ចែកចាយ​ជាមួយ​នឹង​អ្នកដឹកនាំ ឬ​ក្រុម​​​​វគ្គបំពាក់បំប៉ន​គ្រូបង្រៀន ។

យោបល់​សម្រាប់​ការ​ស្គាល់គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ដែល​បង្កប់ន័យ

ក្បួនខ្នាតការ​បង្រៀន និង​ការ​រៀនសូត្រ​ដំណឹងល្អផ្ដល់​នូវ​យោបល់​ដូច​ខាង​ក្រោម​ដើម្បី​ជួយ​គ្រូបង្រៀន និងសិស្ស​ស្គាល់​គោលលទ្ធិ និងគោលការណ៍​ទាំងឡាយ​ដែល​បង្កប់ន័យ ៖

  1. រកមើលទំនាក់ទំនង​ហេតុ និងផល

    « តាមរយៈ​ការវិភាគ​លើ​សកម្មភាព ចរិត ឥរិយាបថ​ [អង្គហេតុ] របស់​មនុស្ស​ម្នាក់ៗ ឬ ក្រុម​នៅ​ក្នុង​ដំណើររឿង​បទគម្ពីរ ហើយ​ស្គាល់​ពរជ័យ​ទាំងឡាយ ឬ ផលវិបាក ដែល​ជា​លទ្ធ​ផល [ផល] មួយ នោះ​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​បង្ហាញ​​កាន់​ច្បាស់​ឡើង »​ (ការ​បង្រៀន និង​ការ​រៀនសូត្រ​ដំណឹងល្អ ទំព័រ ២៧) ។

    រូបភាព
    បុរស​កំពុងអាន

    « ខណៈកំពុង​អានម៉ាថាយ ៤:១-១១ខ្ញុំ​បានចាប់​ផ្ដើម​ផ្តោត​ទៅលើ​សកម្មភាព​របស់ព្រះអង្គសង្គ្រោះ និង​របៀប​ដែល​ទ្រង់​បាន​តមអាហារ និងអធិស្ឋាន​ក្នុង​ការ​ខិតខំ​ដើម្បី ‹បាន​នៅជាមួយ​ព្រះ› ។ បន្ទាប់មក​ខ្ញុំ​បាន​ឃើញ​របៀប​ដែល​ទ្រង់​បាន​ប្រើ​បទគម្ពីរ​ដើម្បី​បណ្ដេញ​ការ​ល្បួងដែល​មាន​ចំពោះ​ទ្រង់​មកពី​មារសត្រូវនោះ ។ ការតមអាហារ ការអធិស្ឋាន និងការ​ប្រើ​បទគម្ពីរ (អង្គហេតុ) របស់​ទ្រង់ បានផ្ដល់​នូវ​កម្លាំង​ខាង​វិញ្ញាណ​ល្មម​គ្រប់គ្រាន់​ដើម្បី​យកឈ្នះ​លើ​ការ​ល្បួង (ផល) ។ នៅពេល​ខ្ញុំ​រកឃើញ​រឿងនេះ ខ្ញុំ​បាន​សរសេរ​សេចក្ដីថ្លែង​ការណ៍​អំពី​គោលការណ៍​សាមញ្ញ​នេះនៅក្នុង​សៀវភៅ​កំណត់ហេតុ ៖នៅពេល​យើង​តមអាហារ អធិស្ឋាន និង​យល់បទគម្ពីរ នោះ​យើង​អាច​មាន​កម្លាំង​ខាង​វិញ្ញាណ​កាន់តែខ្លាំង​ដើម្បី​យកឈ្នះ​លើ​ការ​ល្បួង »

    រូបភាព
    ស្ត្រី​កំពុង​អាន

    «ខ្ញុំ​បាន​រកឃើញ​គោលការណ៍​ដែល​បង្កប់ន័យ​ដ៏​អស្ចារ្យ​មួយ​នៅក្នុង​នីហ្វៃ​ទី ១ ១៨:៣។ នីហ្វៃ​បាន​ចេញទៅ ‹លើភ្នំជាញឹកញាប់ ហើយ​ខ្ញុំបានអធិស្ឋានដល់ព្រះអម្ចាស់ជាញយៗ› ។ ជាលទ្ធផល ព្រះអម្ចាស់​បានបង្ហាញ​ដល់​គាត់​នូវ​រឿង​ដ៏អស្ចារ្យ​ជាច្រើន ។ នៅពេល​ខ្ញុំ​សញ្ជឹងគិត​អំពី​វគ្គ​បទគម្ពីរ​នេះ ខ្ញុំ​បាន​សរសេរ​គោលការណ៍​ដូចខាង​ក្រោម​នៅរឹមទំព័រ​គម្ពីរ​របស់ខ្ញុំ​ថា ៖កាលណា​ខ្ញុំ​ព្យាយាម​ដើម្បី​ទាក់ទង​នឹង​ព្រះអម្ចាស់​នៅក្នុងការ​អធិស្ឋានផ្ទាល់ខ្លួន​កាន់តែខ្លាំង នោះទ្រង់​នឹង​បើក​សម្ដែង​នូវ​រឿង​អស្ចារ្យៗ​ជាច្រើន​ដល់​ខ្ញុំ »

  2. សួរ​សំណួរ ។

    គោលការណ៍​ដែល​បង្កប់​ន័យ​ទាំងឡាយ ក៏​អាច​ត្រូវ​បានស្គាល់​ដោយ​ការសួរ​សំណួរ​ដូចតទៅនេះ ៖

    • តើ​គតិ ឬ​ ចំនុច​សំខាន់​របស់​រឿងនេះ​ជាអ្វី ?

    • ហេតុអ្វី​ក៏អ្នក​និពន្ធ​ដាក់បញ្ចូល​ព្រឹត្តការណ៍ ឬ​វគ្គគម្ពីរ​ទាំងនេះ​មកដូច្នេះ ?

    • តើ​អ្នក​និពន្ធ​មាន​បំណង​ចង់​ឲ្យ​យើង​រៀន​អំពី​អ្វី ?

    • តើ​សេចក្តី​ពិតជា​មូលដ្ឋាន​គ្រឹះ ដែល​បាន​បង្រៀន​នៅ​ក្នុង​ខ​នេះ​មាន​អ្វី​ខ្លះ ?

    រូបភាព
    បុរស​កំពុងអាន

    « ខណៈ​ពេល​កំពុងអានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩ដែល​មាន​ដំបូន្មាន​របស់ព្រះអម្ចាស់​ចំពោះ​អូលីវើរ ខៅឌើរី ដែលបាន​បរាជ័យ​ក្នុងការ​ចង់ជួយ​បកប្រែ​ព្រះគម្ពីរមរមន ខ្ញុំបានសួរ​ថា ‹ តើ​គតិ ឬ​ ចំណុចច​សំខាន់​របស់​រឿងនេះ​ជាអ្វី ? › ? គោលការណ៍​ដែល​បង្កប់ន័យ ដែល​ចូលមក​ក្នុងគំនិត​ខ្ញុំ​គឺថាការទទួល និងការ​ទទួលស្គាល់វិវរណៈ​តម្រូវ​ឲ្យ​មានការ​ខិតខំ​នៅ​ផ្នែក​របស់​យើង »

    រូបភាព
    ស្ត្រី​កំពុង​អាន

    « នៅក្នុងអាល់ម៉ា ១៧-១៨ខ្ញុំ​បាន​អានអំពី​អាំម៉ូន កំពុង​បម្រើ​ស្ដេច​ឡាម៉ូណៃ​ដោយពុំគិត​អំពីរង្វាន់ ហើយស្ដេច​ឡាម៉ូណៃ​បាន​ចាប់​ផ្ដើម​ស្ងើច​សរសើរ​ចំពោះ​ភាព​ស្មោះត្រង់​របស់​អាំម៉ូន ។ ខ្ញុំ​បាន​ឃើញថា​ខ្លួនខ្ញុំ​ងឿងឆ្ងល់​ថា ‹ ហេតុអ្វី​ក៏អ្នកនិពន្ធ​ដាក់បញ្ចូល​សេចក្ដីលម្អិត​ទាំងនេះ​នៅក្នុង​ជំពូក​ទាំងនេះ ? › នៅក្នុង​ចម្លើយ​ចំពោះសំណួរ​នេះ ខ្ញុំបានសរសេរ​គោលការណ៍​ដូចខាង​ក្រោម​នៅក្នុង​គម្ពីរ​របស់​ខ្ញុំ​ថា ៖នៅពេល​យើងបម្រើ​អ្នកដទៃ​ដោយស្មោះត្រង់ នោះ​យើងអាច​ជួយ​ពួកគេ​ត្រៀម​ខ្លួន​ដើម្បីទទួល​សេចក្ដីពិត​នៃដំណឹងល្អ »

  3. ថ្លែង​អំពី​គោលលទ្ធិ និងគោលការណ៍​ដោយ​ច្បាស់លាស់ និង​សាមញ្ញ

    ក្បួនខ្នាត ការបង្រៀន និងការ​រៀនសូត្រ​ដំណឹងល្អ បង្រៀន​ថា « ការ​ស្គាល់ [គោលលទ្ធិ និង] គោលការណ៍​ទាំងឡាយ​ដែល​បង្កប់ន័យ រួមមាន​ទាំង​ការ​ទទួលស្គាល់​សេចក្ដីពិត​ដែល​ត្រូវ​បាន​បង្ហាញនៅក្នុង​ដំណើរ​រឿង​បទគម្ពីរ​មួយ ហើយ​ថ្លែង​វា​ដោយ​ច្បាស់លាស់ និង​ដោយ​សង្ខេប » (ការ​បង្រៀន និង​ការ​រៀនសូត្រ​ដំណឹងល្អទំព័រ ២៧) ។ ការសរសេរ​សេចក្ដីថ្លែងការណ៍​អំពី​គោលលទ្ធិ និង​គោលការណ៍​ពេញលេញ និង​ច្បាស់លាស់ ជួយយើង​បង្ហាញពីគំនិត​របស់​យើង​ច្បាស់លាស់ ហើយ​ទទួល​បាន​សារលិខិត​បទគម្ពីរមួយ​ដែល​ព្រះអម្ចាស់​ប្រាថ្នា​ចង់​ប្រទាន​ឲ្យ​យើង ។

    អែលឌើរ ប៊ី. អេច. រ៉ូប៊ឺត ( ឆ្នាំ ១៨៥៧-១៩៣៣) នៃ​ពួក​ចិតសិបនាក់​បានបង្រៀន ៖

    រូបភាព
    អែលឌើរ ប៊ី អេច រ៉ូប៊ឺត

    « ដើម្បី​បាន​ស្គាល់ សេចក្ដីពិត​ត្រូវ​តែ​ថ្លែង ហើយ​ច្បាស់លាស់ជាង និង​ពេញលេញ​ជាង​ នោះជា​ឱកាសកាន់តែ​ល្អ​ប្រសើរ​​ដើម្បី​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្លែង​ទីបន្ទាល់​ដល់​ព្រលឹង​របស់​មនុស្ស​ថា កិច្ចការ​នោះ​​គឺជា​ការ​ពិត » (​New Witnesses for Godវ៉ុល ៣ [ឆ្នាំ ១៩០៩] 2:vii, បាន​ដកស្រង់​ចេញមកពី​ ជែមស៍ អ៊ី ហ្វោស្ដ«What I Want My Son to Know before He Leaves on His Mission»Ensignខែ ឧសភា ឆ្នាំ ១៩៩៦ ទំព័រ ៤១)។

    អែលឌើរ រីឆាត ជី ស្កត (ឆ្នាំ ១៩២៨-២០១៥) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​គូស​បញ្ជាក់ថា ៖

    រូបភាព
    អែលឌើរ រីឆាដ ជី ស្កត

    « វា​សក្តិសម​នឹង​កិច្ចខិតខំ​ដ៏មហិមា​ដើម្បី​រៀបចំ​សេចក្តីពិត​ដែល​យើង​ប្រមូល​ជាសេចក្តីថ្លែងការណ៍​សាមញ្ញៗ​​អំពី​គោលការណ៍ »(« Acquiring Spiritual Knowledge » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ទំព័រ ៨៦ )។

នៅពេល​អ្នកធ្វើ​ដូច​ដែល​អែលឌើរ ស្កត បាន​ផ្ដល់​យោបល់ថា—« រៀបចំ​សេចក្ដីពិតដែល [អ្នក] ប្រមូល​សេចក្ដីថ្លែងការណ៍​អំពី​គោលការណ៍​សាមញ្ញៗ » — នោះ​អ្នក​នឹង​រកឃើញ​ថា សេចក្ដីថ្លែងការណ៍​អំពី​គោលលទ្ធិ និងគោលការណ៍​​ដ៏ជា​ជំនួយ​បំផុត មាននូវ​ចរិតលក្ខណៈ​មួយចំនួន​ដូច​ខាង​ក្រោម ៖

  • វា​គឺជា​សេចក្ដីថ្លែង​ការណ៍ពេញលេញ ។

  • វា​សាមញ្ញ ច្បាស់លាស់ ហើយ​សង្ខេប ។

  • សេចក្ដីពិត​ដែលពួកគេ​បង្ហាញ គឺជា​គ្រឹះ មិន​ផ្លាស់ប្ដូរ ហើយ​គ្មាន​កំណត់ ។

  • ជាញឹកញាប់​វា​មានសកម្មភាព​ដែលទាក់ទង​នឹង​លទ្ធផល​ផងដែរ ។

  • វា​ទាក់ទង​នឹង​បុគ្គល​ផ្ទាល់ខ្លួន ។

តើ​ចរិត​លក្ខណៈ​ទាំងនេះ​មួយ​ណា ដែល​អ្នក​អាច​មើល​ឃើញ​នៅក្នុង​សេចក្ដីថ្លែង​ការណ៍​អំពី​គោលលទ្ធិ ឬ​គោលការណ៍​នីមួយៗ​ដូច​ខាង​ក្រោម ?

  • កាលណា​ខ្ញុំ​កាន់តែ​ព្យាយាម​ទាក់ទង​នឹង​ព្រះអម្ចាស់​ក្នុងការ​អធិស្ឋាន​ផ្ទាល់ខ្លួន នោះ​ទ្រង់​កាន់តែ​បើក​សម្ដែង​រឿង​ដ៏អស្ចារ្យ​ៗចំពោះ​ខ្ញុំ ។

  • នៅពេល​ខ្ញុំ​តមអាហារ អធិស្ឋាន ហើយ​យល់​បទគម្ពីរ ខ្ញុំ​អាច​មាន​កម្លាំង​ខាង​វិញ្ញាណ​កាន់តែ​ខ្លាំង​ដើម្បី​យកឈ្នះ​លើ​ការ​ល្បួង ។

  • ព្រះយេស៊ូវ​បាន​រងទុក្ខ​ចំពោះ​អំពើបាប​របស់ខ្ញុំ ។

  • ការ​ទទួល និងការ​ទទួល​ស្គាល់​វិវរណៈ​​តម្រូវឲ្យ​មាន​កិច្ចខិតខំ​នៅ​ផ្នែក​របស់​ខ្ញុំ ។

  • នៅពេល​ខ្ញុំ​បម្រើ​អ្នកដទៃ​ដោយស្មោះត្រង់ នោះ​ខ្ញុំអាច​ជួយ​ពួកគេ​រៀបចំ​ដើម្បី​ទទួល​សេចក្ដីពិត​នៃ​ដំណឹងល្អ ។

សូមមើល​វីដេអូ« ការ​ស្គាល់​គោលលទ្ធិ និងគោលការណ៍​ទាំងឡាយ »(៧:០៩) មាននៅក្នុងchurchofjesuschrist.org។ នៅក្នុង​វីដេអូនេះ គ្រូបង្រៀន​បីនាក់​ពិភាក្សា​អំពី​កិច្ចខិត​ខំរបស់ពួកគេ​ដើម្បី​ស្គាល់​គោលលទ្ធិ និងគោលការណ៍​ទាំងឡាយ​នៅក្នុង​លូកា ៥:១-១១ការ​ប្រើ​យោបល់​បី​យ៉ាង​ដែល​បាន​ចែង​នៅ​ខាង​លើ ។

សូម​កត់​ត្រា​គំនិតពីរ​ឬបី ដែលលេច​ធ្លោ​ចំពោះអ្នក ចេញ​មកពី​វីដេអូ​នោះ នៅពេល​អ្នក​មើល​ការ​ពិភាក្សា​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​មួយ ឬ​កន្លែង​ផ្សេងទៀត ដែលអ្នក​អាច​យក​វា​មក​មើល ហើយ​ចែកចាយ​ជាមួយ​នឹង​អ្នកដឹកនាំ ឬ​ក្រុម​វគ្គ​បំពាក់បំប៉ន​គ្រូបង្រៀន ។

សកម្មភាព​បទគម្ពីរ ៖ ការស្គាល់​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយដែល​បង្កប់​ន័យ​

ចូរ​ហាត់​រៀន​ស្គាល់​គោលលទ្ធិ និងគោលការណ៍​ទាំងឡាយ​ដែល​បង្កប់​ន័យ ។ សូម​សិក្សាអេណុស ១:១-៨ដោយ​ស្រាវជ្រាវ​មើល​គោលលទ្ធិ ឬ​គោលការណ៍​នៃ​គុណ​តម្លៃ​ដ៏អស់កល្បជានិច្ច ។

  1. ការយល់​ពី​បរិបទ និង មាតិកា​

    ពីមុន​ស្រាវជ្រាវ​គោលលទ្ធិ និងគោលការណ៍​ទាំងឡាយ ដំបូង​ចូរ​ព្យាយាម​ដើម្បី​យល់​អំពី​បរិបទ និងមាតិកា​នៃ​វគ្គ​បទគម្ពីរសិន ។ សំណួរ​ទាំងឡាយ​ដូច​ខាង​ក្រោម អាច​ជួយអ្នកធ្វើ​កិច្ចការ​នេះ ៖

    • តើ​ពាក្យ «ការពុះពារ» គឺជា​អ្វី ? ( សូមមើល ខ ២ ) ។

    • តើមាន​អ្វីជាក់លាក់​ដែល​បាន​ចាក់​ជ្រៅ​ចូលទៅក្នុង​ដួងចិត្ត​របស់​អេណុស ? ( សូមមើល ខ ៣ ) ។

    • តើ​អេណុស​បានធ្វើ​អ្វីខ្លះ ហើយ​យូរ​ប៉ុណ្ណា ? ( សូមមើល ខ ៤ ) ។

    • តើ​ពាក្យ ទូល​អង្វរ​ មានន័យ​ដូច​ម្ដេច ? ( សូមមើល ខ ៤ ) ។

    • តើ​មានការ​សន្ទនា​អ្វីខ្លះ​រវាង​ព្រះអម្ចាស់ និង​អេណុស នៅក្នុងខគម្ពីរ​ទាំងនេះ ? ( សូមមើល ខ ៥ ) ។

  2. ការ​ស្គាល់​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយដែល​បង្កប់ន័យ​

    នៅពេល​អ្នក​ព្យាយាម​ស្គាល់​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​នៅក្នុង​អេណុស ១:១-៨ចូរ​ពិចារណា​ធ្វើការ​សួរ​សំណួរ​មួយ ឬ​ច្រើន​ដូច​ខាង​ក្រោម​នេះ ៖

    • តើ​ទំនាក់ទំនង​នៃ​អង្គហេតុ និងផល ដែលបាន​រកឃើញ​នៅក្នុង​ខគម្ពីរ​ទាំង​នេះ​មានអ្វីខ្លះ ?

    • តើ​អ្វី​ជា​​គតិ​នៃ​រឿង ?

    • តើ​អ្នក​និពន្ធ​មាន​បំណង​ចង់​ឲ្យ​យើង​រៀន​អំពី​អ្វី ?

    • តើ​សេចក្តី​ពិតជា​មូលដ្ឋាន​គ្រឹះ ដែល​បាន​បង្រៀន​នៅ​ក្នុង​ខ​នេះ​មាន​អ្វី​ខ្លះ ?

  3. ថ្លែង​អំពី​គោលលទ្ធិ និងគោលការណ៍​ដោយ​ច្បាស់លាស់ និង​សាមញ្ញ

    នៅពេល​អ្នក​ស្គាល់​គោលលទ្ធិ និង​គោលការណ៍​នៅក្នុងអេណុស ១:១-៨សូម​ព្យាយាម​ថ្លែង​វា​ដោយ​ច្បាស់លាស់ និងសាមញ្ញ ។ ប្រសិន​បើ​អ្នក​ត្រូវការ​ជំនួយ​ដើម្បីធ្វើ​រឿង​នេះ សូមព្យាយាម​ប្រើ​គំនិត​មួយ​ដូច​ខាង​ក្រោម ៖

    • ប្រសិន​បើ (អង្គហេតុ)នោះ (ផល).

    • ហើយ​ហេតុដូច្នោះ​យើងឃើញ​ថា.

សូម​កត់​ត្រា​សេចក្ដីថ្លែងការណ៍​អំពី គោលលទ្ធិ ឬ​គោលការណ៍​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​មួយ ឬ​កន្លែង​ផ្សេងទៀត ដែលអ្នក​អាច​យក​វា​មក​មើល ហើយ​ចែកចាយ​ជាមួយ​នឹង​អ្នកដឹកនាំ ឬ​ក្រុម​​​​វគ្គបំពាក់បំប៉ន​គ្រូបង្រៀន ។

សកម្មភាព​បទគម្ពីរ ៖ ការស្គាល់​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយដែល​បង្កប់​ន័យ​

ឥឡូវ​ ចូរ​អនុវត្ត​ជំនាញ​ផ្ទាល់ខ្លួន​របស់អ្នក ដែលអ្នកបាន​រៀន​មក​ហើយ​នោះ​នៅក្នុង​បទពិសោធន៍​ការ​រៀនសូត្រ​នេះ ។

សូមអាន​លូកា ៥:១២-២៦ហើយ​ធ្វើ​ដូច​ខាងក្រោម ៖

  • រំឭក​អំពី​បរិបទ និង​អត្ថន័យ​បទគម្ពីរ

  • ប្រាប់​អំពី​គោលលទ្ធិ និងគោលការណ៍​ទាំងឡាយ​ណាមួយ​ដែលបាន​បង្រៀន​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។

  • សូមសរសេរ​សេចក្ដីថ្លែងការណ៍​ច្បាស់ៗ និង​សាមញ្ញ​ៗ​អំពី​គោលលទ្ធិ ឬ​គោលការណ៍​នីមួយៗ​ដែលអ្នក​បាន​ស្គាល់ ។

សូម​កត់​ត្រា​សេចក្ដីថ្លែងការណ៍​អំពី គោលលទ្ធិ ឬ​គោលការណ៍​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​មួយ ឬ​កន្លែង​ផ្សេងទៀត ដែលអ្នក​អាច​យក​វា​មក​មើល ហើយ​ចែកចាយ​ជាមួយ​នឹង​អ្នកដឹកនាំ ឬ​ក្រុម​​​​វគ្គបំពាក់បំប៉ន​គ្រូបង្រៀន ។

ឥទ្ធិពល​នៃ​ការ​ស្គាល់​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ

សូមមើល​វីដេអូ« ការ​ស្គាល់​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ ៖ ទីបន្ទាល់​របស់​សិស្ស »(២:៣៩) មាននៅក្នុងchurchofjesuschrist.org។ នៅក្នុង​វីដេអូនេះ​សិស្ស​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​ជាច្រើន ចែកចាយ​អំពី​ឥទ្ធិពល​ដែល​ការ​រៀនស្គាល់​គោលលទ្ធិ និងគោលការណ៍​ទាំងឡាយ​មាននៅក្នុង​ការ​សិក្សា​បទគម្ពីរ​របស់ពួកគេ ។ នៅពេលអ្នក​មើល សូម​នឹកគិត​អំពី​ឥទ្ធិពល​ដែលជំនាញ​នេះ អាច​មាន​នៅក្នុងការសិក្សា​បទគម្ពីរ​ផ្ទាល់ខ្លួន​របស់អ្នក និង​នៅក្នុង​ការបង្រៀន និងការ​រៀនសូត្រ ដែល​នឹង​កើត​មានឡើង​នៅក្នុង​ថ្នាក់​រៀន​របស់អ្នក ។

សេចក្ដីសង្ខេប និងការ​អនុវត្ត

គោលការណ៍​ដើម្បីចងចាំ

  • គោលបំណង​សំខាន់​នៃ​បទគម្ពីរ គឺ​បង្រៀន​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

  • គោលលទ្ធិ​មួយ​គឺ​ជា​សេចក្ដី​ពិតគ្រឹះ​​ដ៏​មាំមួន​នៃ​​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ

  • គោលការណ៍មួយ គឺ​ជា​សេចក្តីពិត​ ឬ ជាច្បាប់​ដ៏​ស្ថិតស្ថេរ​មួយ ដែល​បុគ្គល​ម្នាក់ៗ​អាច​យក​ទៅ​ដឹកនាំខ្លួន​គេ​នៅ​ក្នុង​ការធ្វើការ​សម្រេច​ចិត្ត ។

  • គោលលទ្ធិ និង​គោលការណ៍​មួយចំនួន ត្រូវ​បាន​ថ្លែង​យ៉ាងច្បាស់ និង​ឲ្យ​ឃើញ​ច្បាស់​នៅក្នុង​អត្ថបទ​គម្ពីរ ខណៈ​ដែល​មួយចំនួន​ទៀត​គឺ​ត្រូវបាន​​បង្កប់ន័យ ។

  • ការស្គាល់​គោលលទ្ធិ និងគោលការណ៍​ទាំងឡាយ​ដែល​បង្កប់ន័យ រួមមាន​ទាំង​ការ​ថ្លែង​ពី​វា​ច្បាស់លាស់ និង​ដោយសង្ខេប ។

  • ការស្គាល់​​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​នៅ​ក្នុង​ព្រះគម្ពីរ ត្រូវ​​មាន​កិច្ចខិតខំ និង ការអនុវត្ត​ដោយ​ហ្មត់ចត់ ។

រូបភាព
ប្រធាន ម៉ារុន ជី រ៉មនី

« មនុស្ស​មា្នក់​មិន​អាច​សិក្សា​ព្រះគម្ពីរ​ដោយ​ស្មោះត្រង់ ដោយ​គ្មាន​ការរៀនសូត្រ​ពី​គោលការណ៍​ដំណឹងល្អ​បាន​ឡើយ ព្រោះ​ព្រះគម្ពីរ​បាន​សរសេរ​ឡើង​ដើម្បី​ថែរក្សា​ដល់​គោលការណ៍​ទាំងឡាយ​សម្រាប់​ជា​ប្រយោជន៍​របស់​យើង » (ម៉ារុន ជី រ៉មនី  «The Message of the Old Testament » [Church Educational System symposium on the Old Testament ថ្ងៃ​ទី ១៧ ខែ សីហា ឆ្នាំ ១៩៧៩] ទំព័រ ៣ si.churchofjesuschrist.org ) ។

« ហេតុដូច្នោះ​ហើយ តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាងណា ? »

ដើម្បី​បញ្ចប់​បទពិសោធន៍​ការ​រៀនសូត្រ​នេះ ចូរ​សរសេរ​នូវ​រឿង​មួយចំនួន​ដែល​អ្នក​នឹង​ធ្វើ​ ផ្អែក​ទៅលើ​គោលការណ៍​នានា​ដែលអ្នក​បាន​រៀននៅ​ថ្ងៃ​នេះ ។