Additional Helps for Teacher Development
បទពិសោធន៍ការរៀនសូត្រ​ទី ១២ ៖ ការ​សម្រេច​ចិត្ត​ពី​របៀប​ដើម្បី​បង្រៀន ៖ ការ​សួរ​សំណួរ​ដែលមានប្រសិទ្ធភាព


បទពិសោធន៍​ការ​រៀនសូត្រ​ទី ១២

ការ​សម្រេច​ចិត្ត​ពី​របៀប​ដើម្បី​បង្រៀន ៖ ការ​សួរ​សំណួរ​ដែលមានប្រសិទ្ធភាព

សេចក្ដី​សង្ខេប

បទពិសោធន៍​ការ​រៀនសូត្រ​នេះ​មាននូវ​គោលគំនិត​ដូច​ខាង​ក្រោម ៖

  • ការ​យល់​អំពី​សារៈសំខាន់​នៃ​សំណួរ​ទាំងឡាយ

  • ការ​ពង្រាង​សំណួរ​សម្រាប់​លទ្ធផល​ជាក់លាក់

  • សួរសំណួរ​ដែល​មាន​ប្រសិទ្ធភាព

គោលគំនិត​សំខាន់ៗ

ការ​យល់​អំពី​សារៈសំខាន់​នៃ​សំណួរ​ទាំងឡាយ

មាន​បច្ចេក​ទេស​បង្រៀន​មានប្រសិទ្ធភាព​ជាច្រើន ដែល​អ្នក​អាច​ប្រើ​នៅក្នុងថ្នាក់​រៀន​របស់អ្នក​ រួមទាំង​ការ​ពិភាក្សា​ក្នុងថ្នាក់ បទបង្ហាញ​របស់គ្រូបង្រៀន និង​ការ​សរសេរ ។ វិធីសាស្ត្រ​ទាំងអស់​នេះ ពង្រីក​ដំណើរការ​នៃការ​រៀនសូត្រ និងការ​បង្រៀន ប៉ុន្តែ​មានវិធីសាស្ត្រ​មួយ​ដែល​សំខាន់​ជាង​វិធីសាស្ត្រ​ផ្សេងៗ​ស្ទើរតែ​ទាំងអស់ ។ ប្រធាន ហិនរី ប៊ី អាវរិង នៃ គណៈប្រធានទីមួយ បាន បង្រៀន ៖

រូបភាព
អែលឌើរ ហិនរី ប៊ី អាវរិង

«សួរ និងឆ្លើយសំណួរគឺជាចំនុច​សំខាន់​ក្នុងការ​រៀនសូត្រ​ និងការ​បង្រៀន​ទាំងអស់ » («The Lord Will Multiply the Harvest»[ល្ងាច​មួយ​ជាមួយ​អែលឌើរ ហិនរី ប៊ី អាវរិង ថ្ងៃទី ៦ ខែ​កុម្ភៈ ឆ្នាំ ១៩៩៨] ទំព័រ ៥-៦si.churchofjesuschrist.orgបានបន្ថែមការ​គូសបញ្ជាក់) ។

ការ​រៀនធ្វើ​​ពង្រាង​សំណួរ​ល្អៗ​ដោយយកចិត្តទុកដាក់ ត្រូវការ​ពេលវេលា កិច្ចខិតខំ និងការ​អនុវត្ត ។ បទពិសោធន៍​ការ​រៀនសូត្រ​នេះ នឹង​ជួយ​អ្នក​រៀន​សួរ​សំណួរ​ដែល​អ្នក​មានឥទ្ធិពល​ដ៏​ខ្លាំង​ចំពោះ​សិស្ស​របស់អ្នក ។

សូមមើល​វីដេអូ« Asking Questions »(២:៤២) មាន​នៅគេហទំព័រchurchofjesuschrist.org។ ខណៈ​ពេល​មើល​វីដេអូ សូម​រកមើល​គំនិត​យោបល់​អំពីសារៈសំខាន់​នៃ​ការ​សួរ​សំណួរ​ប្រកប​ដោយប្រសិទ្ធភាព ។

សកម្មភាព​ក្នុងក្បួនខ្នាតការបង្រៀន និង​ការ​រៀនសូត្រ​ដំណឹងល្អ

រូបភាព
គម្រប​ក្បួនខ្នាត

សូមអាន​កថា​កណ្ឌបី​ដំបូង​នៃវគ្គ ៥.១(«សំណួរ») នៅ​ទំព័រ ៥៨ នៃGospel Teaching and Learning: A Handbook for Teachers and Leaders in Seminaries and Institutes of Religion( ឆ្នាំ ២០១២ ) ។ សូម​គូស​បន្ទាត់​ក្រោម​ពាក្យ ឬ​ឃ្លា​ដែល​ជួយអ្នក​យល់​អំពី​សារៈសំខាន់​នៃការ​សួរ​សំណួរ​ប្រកប​ដោយប្រសិទ្ធភាព ។

តើ​ការ​សួរ និងឆ្លើយ​សំណួរជា « ចំនុច​សំខាន់​ក្នុងការ​រៀនសូត្រ​ និងការ​បង្រៀន​ទាំងអស់ » ដោយ​របៀបណា ? សូម​កត់​ត្រា​គំនិត និង​ចំណាប់អារម្មណ៍​របស់អ្នក​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​មួយ ឬ​កន្លែង​ផ្សេងទៀត ដែលអ្នក​អាច​យក​វា​មក​មើល ហើយ​ចែកចាយ​ជាមួយ​នឹង​អ្នកដឹកនាំ ឬ​ក្រុម​​​វគ្គបំពាក់បំប៉ន​គ្រូបង្រៀន ។

រូបភាព
ស្ត្រី​កំពុង​បង្រៀនដល់​យុវវ័យ

ការ​ពង្រាង​សំណួរ​ដោយ​មានគោលបំណង

សំណួរ​ទាំងឡាយ​ដែល​អ្នក​សួរ គួរតែ​អញ្ជើញ​សិស្ស​ឲ្យអនុវត្ត​ធាតុ​នៃលំនាំ​ការ​រៀនសូត្រ ។ ដោយសារ​ធាតុនីមួយៗ​ដឹកនាំ​ទៅរក​លទ្ធផល​ផ្សេងគ្នា​មួយ នោះ​ប្រភេទ​សំណួរ​ដែលអ្នក​សួរ​នឹង​ផ្សេងៗពីគ្នា​អាស្រ័យ​ទៅលើ​លទ្ធផល​ដែល​ចង់បាន ។

ឧទាហរណ៍ ប្រសិន​បើ​លទ្ធផល​ដែលអ្នក​ស្វែងរក គឺ​ដើម្បី​ជួយដល់​សិស្ស​ឲ្យ​យល់​អំពី​បរិបទ និងមាតិកា​បទគម្ពីរ សូម​សួរ​សំណួរ​អំពី​មនុស្ស ខ្សែរឿង និង​ប្រវត្តិ​ខាងវប្បធម៌ ។ ទោះជា​យ៉ាងណា​ក៏ដោយ ប្រសិន​បើ​លទ្ធផល​ដែលអ្នក​ចង់បាន គឺ​ដើម្បីជួយ​សិស្ស​អនុវត្ត​គោលលទ្ធិ ឬ​គោលការណ៍ សូម​សួរ​សំណួរ​ដែល​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​នឹកគិត​អំពី​វិធីនានា​ដែល​អាច​បញ្ចូល​គោលលទ្ធិ ឬ​គោលការណ៍​មួយ​ទៅក្នុងជីវិត​របស់ពួកគេ ។

ការ​រៀន​អំពី​សំណួរ​គ្រឹះ និងសំណួរ​ធម្មតា

ខាង​ក្រោម​នេះគឺជា​ឧទាហរណ៍​អំពី​សំណួរ​ដែលអ្នកអាច​សួរ​ដល់សិស្ស ដែល​ទាក់ទង​ទៅនឹង​មូលដ្ឋាន​គ្រឹះ​នៃការ​រៀនសូត្រ​នីមួយៗ ។ សូមកត់សម្គាល់​អំពីរបៀប​ដែល​​សំណួរ​នៅ​កម្រិត​នីមួយៗ ​ស្ថាបនា​​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ចាប់​ផ្ដើម​ជាមួយ​នឹងការ​យល់​បរិបទ និងមាតិកាហើយ​ប្ដូរ​ទៅអនុវត្ត​គោលលទ្ធិ និងគោលការណ៍ ។

  • យល់ដឹងអំ​ពី​បរិបទ និង មាតិកា

    • តើនរណា​ដែល​ជាប់ទាក់ទង​នឹង​រឿង​នេះ ?

    • តើ​មាន​អ្វី​កំពុង​កើត​ឡើង​នៅ​ក្នុង​វគ្គ​គម្ពីរ​នេះ ?

    • តើព្រឹត្តការណ៍​ទាំង​នេះ​កើតឡើង​នៅ​កន្លែង​ណា ?

  • ស្គាល់​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ

    • តើ​អ្នក​មើលឃើញ​​គោលលទ្ធិ និងគោលការណ៍​អ្វីខ្លះ ?

    • តើ​អ្វី​ទៅ​ដែល​ជា​ប្រធានបទ ឬ ចំនុច​សំខាន់​របស់​រឿង ?

    • តើ​អ្នកគិត​ថា​​អ្នកសរសេរ​ចង់​ឲ្យ​យើង​រៀន​អំពី​អ្វី ?

  • យល់​ដឹង​អំពី​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ

    • តើ​អ្នក​បាន​ដឹង​អ្វី​ខ្លះ​អំពីគោលការណ៍​នេះ ?

    • ហេតុអ្វី​ក៏អ្នកគិត​ថា គោលការណ៍​​នេះ​សំខាន់​សម្រាប់​យើង​នៅសព្វថ្ងៃនេះ ?

    • តើ​អ្នក​នឹង​ពន្យល់គោលការណ៍​​​នេះ​ដល់នរណាម្នាក់​ទៀត​​​យ៉ាង​ដូចម្តេច ?

    • តើ​ឥរិយាបទ និង​លក្ខណៈ​អ្វីខ្លះ ដែលអ្នក​ឃើញមាននៅក្នុង​ខ្លួន​មនុស្ស​ម្នាក់​ដែល​រស់នៅ​តាមគោលការណ៍​នេះ ?

  • ទទួល​អារម្មណ៍ដឹង​ពីសេចក្តី​ពិត និង សារៈសំខាន់​នៃ​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ

    • តើ​អ្នក​​បានទទួល​អារម្មណ៍​​ដឹងអំពី​សេចក្ដីពិត​នៃ​​គោលការណ៍​នេះ​នៅ​ពេល​ណា ?

    • តើ​អ្នកដឹង​ថា​វាជាគោលការណ៍​​ពិតមួយ​​ដោយ​របៀប​ណា ?

    • តើ​ពេល​ណា​ដែលអ្នក​ត្រូវ​បាន​ប្រទានពរ​តាមរយៈ​ការ​គោរព​តាមគោលការណ៍​នេះ ?

  • អនុវត្ត​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ

    • តើ​អ្នក​នឹង​ធ្វើ​អ្វីខ្លះ ដោយសារ​តែ​អ្វី​ដែល​អ្នក​បាន​ទទួល​អារម្មណ៍​ដឹង​​នៅ​ថ្ងៃ​នេះ ?

    • តើ​អ្នក​អាចផ្លាស់ប្ដូរ​អ្វីខ្លះ ដើម្បី​អនុវត្ត​គោលការណ៍​នេះ​នៅក្នុង​ជីវិត​របស់​អ្នក​ ?

រូបភាព
ស្ត្រី​កំពុង​បង្រៀនដល់​យុវវ័យ

ការ​សួរ​សំណួរ​ដែលជួយ​សិស្ស​យល់​អំពី​បរិបទ និងមាតិកា

ដើម្បីជួយសិស្ស​យល់​បរិបទ និងមាតិកា​នៃ​បណ្ដុំបទគម្ពីរ ចូរ​សួរ​សំណួរ​ដែល​បំផុសគំនិត​ដល់សិស្ស​ឲ្យ​ស្វែងរក​ព័ត៌មាន​បន្ថែម​អំពី​អ្វី​ដែលពួកគេ​កំពុង​អាន និង​ដែលជួយពួកគេ​វិភាគ​អំពីអ្វី​ដែលពួកគេ​រកឃើញ ។

សំណួរ​ដែល​ជួយ​សិស្ស​ឲ្យ​ស្រាវជ្រាវ​រក​ព័ត៌មាន

នៅពេល​ជួយសិស្ស​របស់អ្នក​ឲ្យ​យល់​បរិបទ និងមាតិកា​នៃ​បណ្ដុំបទគម្ពីរ​មួយ ចូរ​សួរ​សំណួរ​ដែល​លើក​ទឹកចិត្ត​ពួកគេ​ឲ្យស្រាវជ្រាវ​រកព័ត៌មាន​ទាក់ទង​នឹង​មនុស្ស ខ្សែរឿង ប្រវត្តិ​ខាងវប្បធម៌ និង​សេចក្ដី​លម្អិត​ផ្សេងទៀត ។ ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ ជាញឹកញាប់​រកឃើញ​ត្រង់ៗ​នៅក្នុង​អត្ថបទ​គម្ពីរ ឬ​នៅក្នុង​ជំនួយ​ការ​សិក្សា​បទគម្ពីរ ដូចជា លេខយោង Bible Dictionary សេចក្ដីណែនាំ​ដល់បទគម្ពីរ​ទាំងឡាយ ផែនទី​ព្រះគម្ពីរ និងរូបភាព​នានា ជាដើម ។ ធនធានទាំងនេះ​គួរ​តែ​ជួយដល់សិស្ស​យល់​អំពីព័ត៌មានលម្អិត​ជាក់លាក់​នៃ​បណ្ដុំបទគម្ពីរ ។ ឧទាហរណ៍ អ្នក​អាច​នឹង​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • ស្របតាមនីហ្វៃទី ១ ៣:១-៤តើ​នរណា​បាន​បញ្ជា​នីហ្វៃ​ឲ្យទៅឯ​ឡាបាន់ ហើយ​យកផ្ទាំង​ចំណារ ?

  • សូម​មើលនៅក្នុងនីហ្វៃទី ១ ១៦:១០។ តើ​លីអាហូណា​មើល​ទៅ​ដូចជា​អ្វី ?

  • សូមរក​មើលពាក្យសាវកនៅក្នុង​ Bible Dictionary ឬ​សេចក្ដីណែនាំ​ដល់បទគម្ពីរ​ទាំងឡាយ ។ តើ​ពាក្យ​នេះ​មានន័យ​យ៉ាងណា ? (​អ្នកអាច​សួរ​សំណួរ​នេះ​បន្ទាប់ពី​សិស្ស​បានអានលូកា ៦:១៣) ។

សូមអាន ​វគ្គ ៥.១.១ នៅទំព័រ ៥៩-៦០ នៃក្បួនខ្នាត Gospel Teaching and Learningរបស់អ្នក។ នៅពេល​អ្នកអាន សូម​គូសចំណាំ​ពាក្យ ឬ​ឃ្លា​ដែលជួយ​អ្នក​យល់​អំពី​របៀប​សួរ​សំណួរ​ដែល​លើក​ទឹកចិត្ត​ដល់​សិស្ស​ឲ្យ​ស្វែងរក​ព័ត៌មាន ដែលអាច​ជួយពួកគេ​ឲ្យ​រកឃើញ​បរិបទ និងមាតិកា​នៃ​បណ្ដុំ​បទគម្ពីរ ។

សូមមើល​វីដេអូ« Asking Questions: Searching for Information »(១:៣៦) មាន​នៅគេហទំព័រchurchofjesuschrist.org។ នៅក្នុង​វីដេអូនេះ គ្រូបង្រៀនថ្នាក់សិក្ខាសាលា​ម្នាក់ បង្កើត​សំណួរ​ដែល​នឹង​ជួយ​សិស្ស​របស់គាត់​ស្វែងរក​ព័ត៌មានសំខាន់​អំពី​មាតិកា និងបរិបទ​នៃ​គោលលទ្ធិ និងសេចក្ដីសញ្ញា ១:១-៤

សកម្មភាព​អនុវត្ត

សូម​សិក្សាលូកា ៥:១-១១ហើយ​សរសេរ​សំណួរ​ពីរ​ដែលអញ្ជើញ​សិស្ស​ឲ្យ​ស្រាវជ្រាវ​រក​ព័ត៌មាន​ដែល​ជួយ​ពួកគេ​យល់​​បរិបទ និងមាតិកា​នៃ​ខគម្ពីរ​ទាំងនេះ ។

សំណួរ​ធម្មតាដែលជួយសិស្ស​ស្វែងរក​ព័ត៌មាន​ ជាញឹកញាប់​ចាប់​ផ្ដើម​ដោយ​ពាក្យ​ទាំង​នេះ ៖

  • យោង​តាម​ខគម្ពីរនេះ តើនរណា ?

  • នៅពេល​មើល​ទៅខគម្ពីរ​នេះ តើអ្វី ?

  • នៅក្នុងខគម្ពីរ​នេះ តើកន្លែងណា ?

សូម​កត់​ត្រាសំណួរ​ពីរ​​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​មួយ ឬ​កន្លែង​ផ្សេងទៀត ដែលអ្នក​អាច​យោង​ទៅវា ហើយ​ចែកចាយ​ជាមួយ​នឹង​អ្នកដឹកនាំ ឬ​ក្រុម​​​វគ្គបំពាក់បំប៉ន​គ្រូបង្រៀន ។

​សំណួរ​ដែលជួយ​សិស្ស​វិភាគ​​បរិបទ និងមាតិកា

បន្ទាប់ពីសិស្ស​បាន​ស្គាល់​ព័ត៌មាន​លម្អិត​ជា​មូលដ្ឋាន​អំពី​វគ្គ​បទគម្ពីរ សូម​សួរ​សំណួរ​ដែលអញ្ជើញ​ពួកគេ​ឲ្យ​វិភាគ​ព័ត៌មាន​លម្អិត​អំពី​ខ្សែរឿង មនុស្ស និងស្ថានភាព​របស់ពួកគេ​ជា​ដើម ។

ឧទាហរណ៍ នៅពេល​កំពុង​សិក្សាលូកា ៥:១-១១សិស្ស​នឹង​រៀន​ថា ពេត្រុស​បាន​នេសាទ​ត្រី​ពេញ​មួយ​យប់​ដោយគ្មានជោគជ័យ ។ ដើម្បីជួយសិស្ស​វិភាគ​វគ្គ​បទគម្ពីរ​ឲ្យកាន់តែ​ស៊ីជម្រៅ អ្នកអាច​នឹង​សួរ​សំណួរ​ដូចតទៅនេះ ៖

  • ហេតុអ្វី​អ្នក​គិត​ថា ពេត្រុស​ស្ទាក់​ស្ទើរ​ដើម្បី​ចាប់​ផ្ដើម​នេសាទ​ត្រី​ម្ដងទៀត ?

  • ហេតុអ្វី​អ្នកគិត​ថា ព្រះអង្គសង្គ្រោះ​ដាក់​សំណើរ​នេះ​ដល់​ពេត្រុស ?

ចូរ​សិក្សា​កថាកណ្ឌ​ក្រោម​ចំណងជើង​ថា«ការ​ជួយសិស្ស​យល់ដឹង​បរិបទ និង​មាតិកា​បទគម្ពីរ​កាន់​តែ​ប្រសើរ»នៅក្នុង​វគ្គ ៥.១.២ នៅទំព័រ ៦០ នៃ​ក្បួនខ្នាតGospel Teaching and Learning។ សូម​គូស​ចំណាំពាក្យ ឬ​ឃ្លា​ដែល​ជួយអ្នក​យល់​អំពី​របៀប​សួរ​សំណួរ​ដែលជួយសិស្ស​វិភាគ​អំពីបរិបទ និងមាតិកា​ ដែលនឹង​ជួយ​ធ្វើ​ឲ្យ​ការ​យល់​ដឹង​អំពី​បទគម្ពីរ​របស់​ពួកគេ​មានកាន់តែ​ជ្រៅជ្រះ ហើយ​ចម្រើន​ឡើង ។

សូមមើល​វីដេអូ«Asking Questions: Analyzing Context and Content»(១:៤៥) មាននៅក្នុងគេហទំព័រchurchofjesuschrist.org។ នៅក្នុង​វីដេអូនេះ គ្រូបង្រៀនថ្នាក់សិក្ខាសាលា​ម្នាក់ សួរ​​សំណួរ​ដែល​នឹងលើក​ទឹកចិត្ត​ឲ្យ​វិភាគ​អំពី​មាតិកា និងបរិបទ​នៃ​គោលលទ្ធិ និងសេចក្ដីសញ្ញា ១:១-៤

សកម្មភាព​អនុវត្ត

ចេញមកពី​ព័ត៌មាន​ដែលអ្នក​បាន​ប្រមូលផ្ដុំ​មកពីលូកា ៥:១-១១សូម​សរសេរ​សំណួរ​ពីរ​ដែល​អញ្ជើញ​សិស្ស​ឲ្យ​វិភាគ​អំពី​អត្ថន័យ​នៃ​វគ្គ​បទគម្ពីរ ។

សំណួរ​ធម្មតា​សម្រាប់​ជួយសិស្ស​វិភាគ​អំពីបរិបទ និងមាតិកា ជាញឹកញាប់​ចាប់​ផ្ដើម​ដូច​តទៅនេះ ៖

  • ហេតុអ្វី​អ្នក​គិត​ថា​ ?

  • ហេតុអ្វី​វា​ដូច្នោះ ?

  • តើ​វា​ដូច្នេះដោយ​របៀប​ណា ?

សូម​កត់​ត្រាសំណួរ​ពីរ​​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​មួយ ឬ​កន្លែង​ផ្សេងទៀត ដែលអ្នក​អាច​យោង​ទៅវា ហើយ​ចែកចាយ​ជាមួយ​នឹង​អ្នកដឹកនាំ ឬ​ក្រុម​​​វគ្គបំពាក់បំប៉ន​គ្រូបង្រៀន ។

រូបភាព
ស្ត្រី​កំពុង​សរសេរ​នៅលើ​ក្ដារខៀន

ការ​សួរ​សំណួរ​ដែល​ជួយ​សិស្ស​ឲ្យ​ស្គាល់​​​គោលលទ្ធិ និង គោលការណ៍​នានា

នៅពេល​អ្នក​សួរសំណួរ​ដែល​ជួយ​សិស្ស​ស្គាល់​គោលលទ្ធិ និងគោលការណ៍​នានា នោះ​អ្នកអញ្ជើញ​ពួកគេ​ឲ្យ​រកឃើញ និង​ថ្លែង​អំពីសារៈសំខាន់​នៃ​សេចក្ដីពិត​ដែលពួកគេ​បាន​រៀន​ដោយ​ច្បាស់លាស់ ។

ឧទាហរណ៍ បន្ទាប់ពីការ​សិក្សា​រឿង​របស់​នីហ្វៃ​ទៅយក​ផ្ទាំង​លង្ហិន អ្នក​អាច​សួរ​ថា « តើ​គោលការណ៍​អ្វី​ខ្លះ​ត្រូវ​បាន​បង្ហាញ​ដោយ​ភាពជោគជ័យ​របស់នីហ្វៃ​ក្នុងការ​ទៅយក​ផ្ទាំង​លង្ហិន​ ដោយ​មិនគិត​ពី​ភាព​លំបាក​ដ៏​ខ្លាំង​នោះ ? » រឿង​នេះ​លើក​ទឹកចិត្តដល់​សិស្ស​ឲ្យ​ស្គាល់ ហើយថ្លែង​ពីគោលលទ្ធិ ឬ​គោលការណ៍​តាម​សម្ដី​របស់ពួកគេ​ផ្ទាល់ ដូចជា​ខ្ញុំ​អាច​សម្រេច​នូវ​រឿង​ដ៏​អស្ចារ្យ​នៅពេល​ខ្ញុំ​ធ្វើ​នូវអ្វី​ដែលព្រះអម្ចាស់​សុំឲ្យ​ខ្ញុំ​ធ្វើ ។

សូម​សិក្សា​កថាកណ្ឌ​ក្រោម​ចំណងជើង​ថា«ការ​ជួយ​សិស្ស​ស្គាល់​គោលការណ៍ និងគោលលទ្ធិ​ដំណឹងល្អ »នៅទំព័រ ៦០-៦១ នៃ​ក្បួនខ្នាតGospel Teaching and Learningរបស់អ្នក ។ សូម​គូស​ចំណាំ​ពាក្យ ឬ​ឃ្លា​ដែល​ជួយ​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​សួរ​សំណួរ​ដែល​លើក​ទឹកចិត្ត​ដល់​សិស្ស​ឲ្យ​ស្គាល់គោលលទ្ធិ និងគោលការណ៍​នានា ។

សូមមើល​វីដេអូ« Asking Questions: Identifying Doctrine and Principles »(០:៤២) មាននៅក្នុងគេហទំព័រchurchofjesuschrist.org។ នៅក្នុងវីដេអូនេះ ថ្នាក់​រៀន​ពិភាក្សា​អំពីនិក្ខមនំ ១៧ដែល​មាន​ដំណើរ​រឿង​របស់​ម៉ូសេ លើក​ដៃឡើង​ដើម្បី​ឲ្យ​កងទ័ព​អ៊ីស្រាអែល​អាច​យកឈ្នះ​នៅក្នុង​សមរភូមិ ។ នៅពេលអ្នក​មើល​វីដេអូ សូម​រក​មើល​របៀប​ដែល​គ្រូបង្រៀន​សុំដល់សិស្ស​ក្នុងថ្នាក់​ឲ្យប្រាប់​គោលការណ៍​មួយ​ចេញ​មកពី​រឿង​នោះ ។

សកម្មភាព​អនុវត្ត

សូម​សិក្សាលូកា ៥:១-១១ហើយ​សរសេរ​សំណួរ​ដែល​នឹង​អញ្ជើញ​សិស្ស​ឲ្យ​ស្គាល់​គោលលទ្ធិ ឬ​គោលការណ៍​មួយ ។

ខាងក្រោម​នេះ គឺជា​ឧទាហរណ៍​អំពីសំណួរ​ធម្មតា​ដែល​លើក​ទឹកចិត្ត​ដល់សិស្ស​ឲ្យស្គាល់​គោលលទ្ធិ និងគោលការណ៍​នានា ៖

  • តើ​មានគោលការណ៍​​អ្វីខ្លះ បាន​បង្ហាញ​​នៅ​ក្នុង​វគ្គ​គម្ពីរ​នេះ ?

  • តើ​អ្វី​ទៅ​ដែល​ជា​ប្រធានបទ ឬ ចំនុច​សំខាន់​របស់​រឿង ?

  • តើ​អ្នកគិត​ថា​​អ្នកសរសេរ​ចង់​ឲ្យ​យើង​រៀន​អំពី​អ្វី ?

សូម​កត់​ត្រាសំណួររបស់​អ្នក​នៅក្នុង​​​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​មួយ ឬ​កន្លែង​ផ្សេងទៀត ដែលអ្នក​អាច​យោង​ទៅវា ហើយ​ចែកចាយ​ជាមួយ​នឹង​អ្នកដឹកនាំ ឬ​ក្រុម​​​វគ្គបំពាក់បំប៉ន​គ្រូបង្រៀន ។

រូបភាព
យុវនារី​នៅក្នុង​ថ្នាក់​រៀន

ការ​​សួរ​សំណួរ​ដែលជួយ​សិស្ស​យល់​គោលលទ្ធិ និង ​គោលការណ៍​ទាំងឡាយ

នៅពេល​សិស្ស​បានស្គាល់​គោលលទ្ធិ ឬ​គោលការណ៍​ហើយ ចូរ​សួរ​សំណួរ​ដែល​ជួយ​សិស្ស​យល់ (១) អត្ថន័យ​នៃគោលលទ្ធិ ឬ​គោលការណ៍ និង (២) របៀប​ដែល​គោលលទ្ធិ ឬ​គោលការណ៍​អាច​ទាក់ទង​មកសព្វថ្ងៃនេះ ។ ឧទាហរណ៍ បន្ទាប់ពី​សិស្ស​បានស្គាល់​គោលការណ៍ការ​អ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ​ពុំ​បាន​ នោះ​គ្មាន​សោះ​ឡើយ(លូកា ១:៣៧) អ្នកអាច​សួរ​សំណួរ​ដូចជា « តើ​អ្នកគិត​ថា​ពាក្យគ្មាន​សោះឡើយមានន័យ​យាងណា ? » និង « ហេតុអ្វី​អ្នកគិត​ថា​យើង​ចាំបាច់​ត្រូវ​យល់​អំពីគោលការណ៍​នេះ​នាសព្វថ្ងៃនេះ ? »

សូម​សិក្សា​កថាកណ្ឌ​ក្រោម​ចំណងជើង​ថា«ការ​ជួយ​សិស្ស​អភិវឌ្ឍ​ការ​យល់​ដឹង​អំពី​​​គោលការណ៍ និងគោលលទ្ធិ​កាន់តែ​ជ្រៅជ្រះ »នៅទំព័រ ៦១ នៃ​ក្បួនខ្នាតGospel Teaching and Learningរបស់អ្នក ។ សូម​គូស​ចំណាំ​ពាក្យ ឬ​ឃ្លា​ដែល​​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​សួរ​សំណួរ​ដែល​លើក​ទឹកចិត្ត​ដល់​សិស្ស​ឲ្យ​យល់គោលលទ្ធិ និងគោលការណ៍​នានា ។

សូមមើល​វីដេអូ« Asking Questions: Understanding Doctrine and Principles »(០:៤១) មាននៅក្នុងគេហទំព័រchurchofjesuschrist.org។ នៅក្នុងវីដេអូនេះ គ្រូបង្រៀន​ថ្នាក់វិទ្យាស្ថាន​ម្នាក់​បាន​ណែនាំ​អំពីគោលការណ៍​មួយ​ទៅដល់​សិស្ស​របស់គាត់ ហើយសួរ​សំណួរ​មួយ​ដែល​ជួយ​ពួកគេ​ឲ្យ​យល់​អំពីគោលការណ៍​នោះ​កាន់តែ​ជ្រៅជ្រះ ។

សកម្មភាព​អនុវត្ត

សូមសិក្សាលូកា ៥:១-១១ហើយ​សរសេរ​សំណួរ​ពីរ​ដែល​នឹង​ជួយសិស្ស​យល់​អំពីគោលការណ៍​ដូចខាង​ក្រោម​កាន់តែ​ជ្រៅជ្រះ ៖ប្រសិនបើ​យើងធ្វើអ្វី​ដែលព្រះអម្ចាស់​សុំ ទោះជា​យើងពុំ​យល់​ពីមូលហេតុ​ក៏ដោយ នោះទ្រង់​អាច​ផ្ដល់​ពរជ័យ​ដ៏មហិមា​ជាង​ដែលយើង​អាច​រំពឹងទុក ។

សំណួរ​ធម្មតា​សម្រាប់​ជួយសិស្ស​វិភាគ​យល់អំពីបរិបទ និងមាតិកា ជាញឹកញាប់​ចាប់​ផ្ដើម​ដូច​តទៅនេះ ៖

  • តើ​អ្នក​គិត​ថា វាមានន័យ​យ៉ាងណា​ដែល​ថា ?

  • ហេតុអ្វី​អ្នក​គិត​ថា​ ?

  • តើ​អ្នក​នឹង​ពន្យល់​ដោយរបៀបណា ?

សូម​កត់​ត្រាសំណួរ​ពីរ​​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​មួយ ឬ​កន្លែង​ផ្សេងទៀត ដែលអ្នក​អាច​យោង​ទៅវា ហើយ​ចែកចាយ​ជាមួយ​នឹង​អ្នកដឹកនាំ ឬ​ក្រុម​​​វគ្គបំពាក់បំប៉ន​គ្រូបង្រៀន ។

រូបភាព
យុវនារី​កំពុងនិយាយ

ការ​សួរ​សំណួរ​ដែលជួយសិស្ស​ទទួលអារម្មណ៍​ដឹង​ពីសេចក្ដីពិត និងសារៈសំខាន់​នៃ​គោលលទ្ធិ និងគោលការណ៍ទាំងឡាយ

អ្នកអាច​ជួយសិស្ស​ឲ្យទទួលអារម្មណ៍​ដឹងអំពីសេចក្ដីពិត និង​សារៈសំខាន់​នៃគោលការណ៍​មួយ​ដោយ​ផ្ទាល់​ខ្លួន​គេ តាមរយៈ​ការសួរ​សំណួរ​ដែលអញ្ជើញពួកគេ​ឲ្យ​ចែកចាយបទពិសោធន៍ និងទីបន្ទាល់ ។ សិស្ស​ក៏​អាច​ទទួលយក​យ៉ាង​ងាយ​ផងដែរ​ចំពោះគោលការណ៍​មួយ បន្ទាប់ពី​សិស្ស​ដទៃទៀត​បាន​ថ្លែងទីបន្ទាល់​អំពីឥទ្ធិពល​របស់វា​មាននៅក្នុងជីវិត​របស់ពួកគេ ។

ឧទាហរណ៍ បន្ទាប់ពីថ្នាក់របស់អ្នក​បាន​យល់​អំពី​គោលការណ៍​ការ​អ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ​ពុំ​បាន​ នោះ​គ្មាន​សោះ​ឡើយបាន​ជ្រៅជ្រះ​ហើយ (លូកា ១:៣៧) អ្នកអាច​សួរ​សំណួរ​ដូច​តទៅ​នេះ ៖ « ចូរ​គិត​អំពីគ្រា​មួយ ដែលព្រះ​បានជួយអ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​ឲ្យ​ធ្វើ​អ្វីមួយ​ដែល​ហាក់ដូចជា​ពុំ​អាច​ធ្វើទៅបាន ។ តើ​បទពិសោធន៍​នោះ​បាន​ជួយ​ពង្រឹង​ដល់ទីបន្ទាល់របស់អ្នក​អំពី​ព្រះចេស្ដា​របស់​ព្រះយ៉ាង​ដូចម្ដេច ? »

សូមសិក្សា ​វគ្គ ៥.១.៣ នៅទំព័រ ៦១-៦២ នៃក្បួនខ្នាត Gospel Teaching and Learningរបស់អ្នក។ សូម​គូស​ចំណាំ​ពាក្យ ឬ​ឃ្លា​ដែល​​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​សួរ​សំណួរ​ដែល​ជួយ​​ដល់​សិស្ស​​ទទួល​អារម្មណ៍​ដឹង​ពីសេចក្ដីពិត​ និង​សារៈសំខាន់​នៃ​​គោលលទ្ធិ និងគោលការណ៍​នានា ។

សូមមើល​វីដេអូ« Asking Questions: Inviting Feelings and Testimony »(០:៤៨) មាននៅក្នុងគេហទំព័រchurchofjesuschrist.org។ នៅក្នុង​វីដេអូនេះ ថ្នាក់ពិភាក្សា​អំពីគោលការណ៍​មួយ​មកពីអាលម៉ា ៧។ សូម​កត់ចំណាំ​អំពី​របៀប​ដែល​គ្រូបង្រៀន​សួរ​សំណួរ​មួយ ដែលនឹង​ជួយសិស្ស​ទទួលអារម្មណ៍​ដឹង​ពី​សេចក្ដីពិត និង​សារៈសំខាន់​របស់គោលការណ៍​នោះ ។

សកម្មភាព​អនុវត្ត

សូមសិក្សាលូកា ៥:១-១១ហើយ​សរសេរ​សំណួរ​ពីរ​ដែល​នឹង​ជួយ​ដឹកនាំសិស្ស​ទទួល​អារម្មណ៍​ពី​សេចក្ដីពិត និង​សារៈសំខាន់​នៃ​ការ​ធ្វើតាម​គោលការណ៍ដូចតទៅ​នេះ ៖ប្រសិនបើ​យើងធ្វើអ្វី​ដែលព្រះអម្ចាស់​សុំ ទោះជា​យើងពុំ​យល់​ពីមូលហេតុ​ក៏ដោយ នោះទ្រង់​អាច​ផ្ដល់​ពរជ័យ​ដ៏មហិមា​ជាង​ដែលយើង​អាច​រំពឹងទុក ។

សំណួរ​ធម្មតា​សម្រាប់ជួយសិស្ស​ទទួលអារម្មណ៍​ដឹង​ពី​សេចក្ដីពិត និង​សារៈសំខាន់​នៃ​គោលលទ្ធិ និងគោលការណ៍ ជាញឹកញាប់​ចាប់​ផ្ដើម​ដូចតទៅ​នេះ ៖

  • តើ​នៅពេល​អ្នក​បាន​ឃើញ ?

  • តើនៅពេល​ណា​ដែលអ្នក​ទទួលអារម្មណ៍ ?

  • តើ​អ្នក​ដឹង​ដោយ​របៀប​ណា ?

  • តើ​ជីវិត​របស់​អ្នក​បាន​ផ្លាស់​ប្តូរ​យ៉ាង​ដូច​ម្តេច​ខ្លះ ដោយ​សារ​តែ ?

សូម​កត់​ត្រាសំណួរ​ពីរ​​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​មួយ ឬ​កន្លែង​ផ្សេងទៀត ដែលអ្នក​អាច​យោង​ទៅវា ហើយ​ចែកចាយ​ជាមួយ​នឹង​អ្នកដឹកនាំ ឬ​ក្រុម​​​វគ្គបំពាក់បំប៉ន​គ្រូបង្រៀន ។

រូបភាព
បុរស​នៅ​ខាង​មុខ​ក្ដារខៀន

ការ​​សួរ​សំណួរ​ដែលជួយ​សិស្ស​អនុវត្ត​គោលលទ្ធិ និង ​គោលការណ៍​ទាំងឡាយ

ទោះជា​នៅពេល​សិស្ស​យល់ ហើយ​ទទួលអារម្មណ៍​ដឹង​ពី​សេចក្ដីពិត និង​សារៈសំខាន់នៃ​គោលការណ៍​មួយ​ហើយក្ដី ក៏​ពួកគេ​នៅតែ​ត្រូវ​ជ្រើសរើស​អនុវត្ត​វា​នៅក្នុងជីវិត​ពួកគេ​ផងដែរ ។ តួនាទីរបស់អ្នក​ក្នុងនាមជា​គ្រូបង្រៀន គឺ​ត្រូវ​សួរ​សំណួរ​ដែល​ជួយសិស្ស​ពិចារណា​អំពី​របៀប​ដើម្បីអនុវត្ត​គោលការណ៍​ដំណឹងល្អ​នៅក្នុង​ស្ថានភាពបច្ចុប្បន្ន និងស្ថានភាព​អនាគត​របស់ពួកគេ​ ។ ឧទាហរណ៍ បន្ទាប់ពី​ថ្នាក់​ពិភាក្សា​អំពី​គោលការណ៍ការ​អ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ​ពុំ​បាន​ នោះ​គ្មាន​សោះ​ឡើយ(លូកា ១:៣៧) អ្នកអាច​សួរ​ថា « តើអ្នក​យល់ព្រម​ដាក់ទីទុកចិត្ត​ទៅលើ​ព្រះ នៅពេលអ្នក​ប្រឈមមុខ​នឹង​ស្ថានភាព​ដែល​ហាក់ដូចជា​ពុំអាច​ធ្វើទៅ​បានឬទេ ? »

ដោយ​សារ​តែ​ចម្លើយ​របស់​សិស្ស​មួយចំនួន​អាច​នឹង​ផ្ទាល់ខ្លួន ឬ​​ដែល​ងាយ​នឹង​ស្រពន់​ចិត្ត​ខ្លាំង​ពេក នោះអ្នកអាច​នឹង​ចង់​ឲ្យ​សិស្ស​កត់ត្រា​ចម្លើយ​របស់ពួកគេ​ចំពោះ​សំណួរ​ប្រភេទនេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់ពួកគេ​ជំនួស​ឲ្យការ​ឲ្យពួកគេ​ចែកចាយ​ចម្លើយ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។

សូមសិក្សា ​វគ្គ ៥.១.៤ នៅទំព័រ ៦២ នៃក្បួនខ្នាត Gospel Teaching and Learningរបស់អ្នក។ សូម​គូស​ចំណាំ​ពាក្យ ឬ​ឃ្លា​ដែល​ជួយ​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​សួរ​សំណួរ​ដែល​លើក​ទឹកចិត្ត​ដល់​សិស្ស​ឲ្យ​អនុវត្ត​​គោលលទ្ធិ និងគោលការណ៍​នានានៅក្នុងជីវិត​របស់ពួកគេ ។

សូមមើល​វីដេអូ« Asking Questions: Encouraging Application »(០:៥០) មាន​នៅគេហទំព័រchurchofjesuschrist.org។ នៅក្នុង​វីដេអូនេះ ថ្នាក់ពិភាក្សា​អំពីគោលការណ៍​មួយ​មកពីលូកា ៥:១២-២៦។ សូម​កត់ចំណាំ​អំពីរបៀប​ដែល​គ្រូបង្រៀន​សួរ​សំណួរ​ដែល​ជួយសិស្ស​ពិចារណា​អំពី​របៀប​ដែលពួកគេ​អាច​អនុវត្ត​គោលការណ៍​នៅក្នុងជីវិត​ពួកគេ ។

សកម្មភាព​អនុវត្ត

សូមសិក្សាលូកា ៥:១-១១ហើយ​សរសេរ​សំណួរ​មួយ​​ដែល​នឹង​ជួយសិស្ស​ពិចារណាអំពី​របៀប​ដែលពួកគេ​អាច​អនុវត្ត​គោលការណ៍​ដូចខាង​ក្រោម​នៅ​ក្នុងជីវិត​របស់ពួកគេ ៖ប្រសិនបើ​យើងធ្វើអ្វី​ដែលព្រះអម្ចាស់​សុំ ទោះជា​យើងពុំ​យល់​ពីមូលហេតុ​ក៏ដោយ នោះទ្រង់​អាច​ផ្ដល់​ពរជ័យ​ដ៏មហិមា​ជាង​ដែលយើង​អាច​រំពឹងទុក ។

សំណួរ​ធម្មតា​សម្រាប់​ជួយសិស្ស​វិភាគ​យល់អំពីបរិបទ និងមាតិកា ជាញឹកញាប់​ចាប់​ផ្ដើម​ដូច​តទៅនេះ ៖

  • តើ​អ្នកអាច​ធ្វើការ​ផ្លាស់ប្ដូរ​អ្វីខ្លះ​ដើម្បី​ធ្វើ​ឲ្យ​បាន​ល្អប្រសើរ ?

  • តើអ្នកនឹង​ធ្វើអ្វីខ្លះ​ដោយសារ​តែ ?

  • តើអ្នក​នឹង​ធ្វើយ៉ាងណា ?

សូម​កត់​ត្រាសំណួររបស់​អ្នក​នៅក្នុង​​​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​មួយ ឬ​កន្លែង​ផ្សេងទៀត ដែលអ្នក​អាច​យោង​ទៅវា ហើយ​ចែកចាយ​ជាមួយ​នឹង​អ្នកដឹកនាំ ឬ​ក្រុម​​​វគ្គបំពាក់បំប៉ន​គ្រូបង្រៀន ។

ការ​ប្រើ​សំណួរ​មកពី​សៀវភៅ​សិក្សា​សម្រាប់គ្រូបង្រៀន​របស់អ្នក

ធនធាន​ដ៏ធំបំផុតមួយ​ដែលអ្នក​មាន​ ឧទាហរណ៍​អំពី​សំណួរ​ដែល​ប្រកប​ដោយប្រសិទ្ធភាព​ គឺ​សៀវភៅ​សិក្សា​សម្រាប់គ្រូបង្រៀន​របស់អ្នក ។ មេរៀន​នីមួយៗ មាននូវ​សំណួរ​ជាយោបល់​ ដែលអ្នក​គួរ​តែ​ពិចារណា​ធ្វើការ​ប្រើប្រាស់​នៅក្នុងមេរៀន​របស់អ្នក ។ សំណួរ​ជាច្រើន​នៅក្នុង​សៀវភៅ​សិក្សា​សម្រាប់គ្រូបង្រៀន​របស់អ្នក គឺ​ជា​មធ្យោបាយ​ដើម្បីជួយ​សិស្ស​អនុវត្ត​ធាតុ​ទាំងឡាយ​នៃលំនាំ​នៃការ​រៀនសូត្រ ។

នៅពេលអ្នក​ព្យាយាម​កែលម្អ​ជំនាញ​ការ​សរសេរ​សំណួរ​របស់​អ្នក អ្នកអាច​ស្វែងរក​ឃើញ​ថា​វា​មាន​ប្រយោជន៍​ដើម្បី​រំឭក​សំណួរ​នៅក្នុង​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​របស់អ្នក​ដើម្បី​យល់​កាន់តែ​ប្រសើរ​អំពី​លក្ខណៈ​សំណួរ​ដែល​ពង្រាង​យ៉ាង​ល្អ ។

សេចក្ដីសង្ខេប និងការ​អនុវត្ត

គោលការណ៍​ដើម្បីចងចាំ

  • ការសួរ​សំណួរ និង ការ​ឆ្លើយ​សំណួរ គឺ​ជា​ផ្នែក​សំខាន់​បំផុត​នៃ​ការរៀនសូត្រ និង ការបង្រៀនទាំងអស់​ ។

  • ការ​សួរ​សំណួរ​ដ៏មានប្រសិទ្ធភាព​គឺជា​ជំនាញ​សំខាន់បំផុត​មួយ ដែលអ្នក​អាច​អភិវឌ្ឍ​ក្នុង​នាម​ជា​គ្រូបង្រៀន​ម្នាក់ ។

  • ការ​ប្រើ​សំណួរ​ដែល​បានពង្រាង​យ៉ាង​យកចិត្តទុកដាក់ អាច​ជួយអ្នក និងសិស្ស​របស់​អ្នក​សម្រេច​បានលទ្ធផល​ជាក់លាក់ និង​ជាទីគាប់ចិត្ត ។

  • ការ​រៀន​ពង្រាង​សំណួរ​ល្អៗ​ដោយយកចិត្តទុកដាក់ ត្រូវការ​ពេលវេលា កិច្ចខិតខំ និងការ​អនុវត្ត ។

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

« ចូរ​សួរ​សំណួរ​ដែលបាន​តែង​​ដោយ​យកចិត្តទុកដាក់ ដើម្បី​ដាស់​គំនិត ។ ទោះជា​ចម្លើយ​ពុំ​បានល្អ​ឥតខ្ចោះ​ក្ដី ក៏​វា​​នឹង​បង្កើន​នូវ​លទ្ធភាព​​ដែល​ថា​មេរៀន​សំខាន់​នឹង​ត្រូវ​បាន​រៀន​ផងដែរ » (​​ រីឆាដ ជី ស្កត«To Understand and Live Truth»[ល្ងាច​មួយ​ជាមួយអែលឌើរ រីឆាត ជី ស្កត ថ្ងៃទី ៤ ខែ​កុម្ភៈ ឆ្នាំ ២០០៥] ទំព័រ ៣si.churchofjesuschrist.org)។

« ហេតុដូច្នោះ​ហើយ តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាងដូចម្តេច ? »

ដើម្បី​បញ្ចប់​បទពិសោធន៍​ការ​រៀនសូត្រ​នេះ ចូរ​សរសេរ​នូវ​រឿង​មួយចំនួន​ដែល​អ្នក​នឹង​ធ្វើ​ ផ្អែក​ទៅលើ​គោលការណ៍​នានា​ដែលអ្នក​បាន​រៀននៅ​ថ្ងៃ​នេះ ។