« ព្រហ្មចារីភាព » ប្រធានបទ និង សំណួរ ( ឆ្នាំ២០២៣ )
មគ្គទេសក៍សិក្សាដំណឹងល្អ
ព្រហ្មចារីភាព
ច្បាប់របស់ព្រះស្តីពីភាពបរិសុទ្ធខាងផ្លូវភេទ
ព្រហ្មចារីភាពគឺជាច្បាប់របស់ព្រះដើម្បីរក្សាភាពស្និទ្ធស្នាលខាងផ្លូវភេទឲ្យពិសិដ្ឋ ។ ការខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យគំនិត ពាក្យសម្តី និងសកម្មភាពរបស់យើងបរិសុទ្ធនាំមកនូវពរជ័យជាច្រើន—ទាំងខាងវិញ្ញាណ ខាងអារម្មណ៍ និងខាងរាងកាយ ។ ការខិតខំប្រឹងប្រែងរបស់យើងដើម្បីរក្សាភាពបរិសុទ្ធខាងផ្លូវភេទ ហើយដើម្បីប្រែចិត្ត និងស្វែងរកការអភ័យទោសមកពីព្រះអម្ចាស់ ប្រសិនបើយើងធ្លាប់បំពានច្បាប់ព្រហ្មចារីភាព នឹងនាំមកឲ្យយើងនូវភាពសុខសាន្ត និងសេចក្តីអំណរនៅក្នុងជីវិតនេះ ហើយរៀបចំយើងឲ្យរស់នៅជាមួយនឹងព្រះម្តងទៀតបន្ទាប់ពីយើងស្លាប់ ។
នៅកន្លែងផ្សេងៗទៀតនៅលើពិភពលោក ព្រហ្មចារីមិនត្រូវបានឲ្យតម្លៃទេ ហើយការជ្រើសរើសមានទំនាក់ទំនងខាងផ្លូវភេទមុន ឬក្រៅចំណងអាពាហ៍ពិពាហ៍គឺជារឿងធម្មតា ។ ប៉ុន្តែព្រះបានប្រទានដល់យើងនូវច្បាប់ព្រហ្មចារីភាពសម្រាប់ហេតុផលដូចគ្នានឹងព្រះបញ្ញត្តិទាំងអស់ដែលទ្រង់ប្រទានដល់យើង ៖ ទ្រង់ស្រឡាញ់យើង ហើយទ្រង់ដឹងថាការរស់នៅតាមព្រះបញ្ញត្តិជួយរក្សាយើងឲ្យមានសុវត្ថិភាព និងនាំទៅរកសុភមង្គលដ៏ពិត និងយូរអង្វែង ។
តើព្រហ្មចារីភាពគឺជាអ្វី ?
ព្រហ្មចារីភាពគឺការមានភាពបរិសុទ្ធខាងផ្លូវភេទនៅក្នុងគំនិតពាក្យសម្តី និងទង្វើរបស់យើង ។ ព្រហ្មចារីភាពរួមមានការគ្មានទំនាក់ទំនងខាងផ្លូវភេទណាមួយមុនពេលរៀបការឡើយ ។ វាក៏មានន័យថាត្រូវស្មោះត្រង់ទាំងស្រុងចំពោះស្វាមី ឬភរិយាក្នុងអំឡុងពេលរៀបការ—ទាំងផ្លូវកាយ និងអារម្មណ៍ ។ ភាពបរិសុទ្ធរួមមានការចៀសវាងការណ៍អាសគ្រាម ឬមាតិកាផ្សេងទៀតដែលមានបំណងជំរុញអារម្មណ៍ខាងផ្លូវភេទ ។ ព្រហ្មចារីភាពគឺជាព្រះបញ្ញត្តិពីព្រះ ហើយការគោរពតាមច្បាប់នេះគឺមានសារៈសំខាន់ ដើម្បីជួយយើងរៀបចំខ្លួនចូលទៅក្នុងដំណាក់របស់ព្រះអម្ចាស់ ។ នៅក្នុងព្រះវិហារបរិសុទ្ធ យើងត្រូវបានអញ្ជើញឲ្យតាំងចិត្តយ៉ាងពេញលេញបន្ថែមទៀតតាមរយៈសេចក្តីសញ្ញាដើម្បីរស់នៅតាមច្បាប់ព្រហ្មចារីភាព ។
ទិដ្ឋភាពទូទៅនៃប្រធានបទ ៖ ព្រហ្មចារីភាព
មគ្គទេសក៍សិក្សាដំណឹងល្អដែលជាប់ទាក់ទង ៖ សិទ្ធិជ្រើសរើស, ជីវិតរមែងស្លាប់, ការណ៍អាសគ្រាម, ការប្រែចិត្ត
ផ្នែកទី ១
ព្រហ្មចារីភាពគឺជាផ្នែកមួយដ៏សំខាន់នៃផែនការរបស់ព្រះ
ច្បាប់ព្រហ្មចារីភាពគឺជាផ្នែកដ៏សំខាន់នៃផែនការរបស់ព្រះសម្រាប់សេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងរបស់យើង ។ តាមរយៈភាពស្និទ្ធស្នាលខាងផ្លូវភេទ យើងអាចក្លាយជាសហការីបង្កបង្កើតជាមួយនឹងព្រះ និងនាំបុត្រាបុត្រីរបស់ទ្រង់មកកាន់ពិភពលោក ។ ការមានភាពបរិសុទ្ធបង្ហាញពីការគោរពចំពោះអំណាចនៃការបង្កបង្កើតរបស់ព្រះ ដែលទ្រង់អនុញ្ញាតឲ្យយើងអនុវត្ត ។ វាក៏បង្ហាញពីការដឹងគុណចំពោះរាងកាយដែលព្រះបានប្រទានឲ្យយើងផងដែរ ។
ទំនាក់ទំនងគ្រួសារដែលបានបង្កើតឡើងនៅពេលដែលបុរស និងស្ត្រីរៀបអាពាហ៍ពិពាហ៍ និងនៅពេលដែលកូនរបស់ពួកគេកើត គឺមានសារៈសំខាន់ដ៏អស់កល្បជានិច្ចចំពោះព្រះវរបិតាសួគ៌របស់យើង ។ នេះជាហេតុផលមួយដែលទ្រង់បានដាក់បញ្ញត្តិថា ទំនាក់ទំនងខាងផ្លូវភេទមានតែរវាងបុរស និងស្ត្រីដែលបានរៀបការប៉ុណ្ណោះ ។ លើសពីនេះទៅទៀត ភាពជាដៃគូរវាងស្វាមី និងភរិយាអាចជួយលើកកម្ពស់បរិយាកាសល្អសម្រាប់កុមារដែលត្រូវបានចិញ្ចឹមបីបាច់ និងអាចបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់គ្រួសារដ៏អស់កល្បជានិច្ច ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
សូមគិតអំពីមូលហេតុដែលព្រហ្មចារីភាពគឺជាផ្នែកមួយដ៏សំខាន់នៃផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះ ។ ប្រធាន ដាល្លិន អេក អូក បានបង្រៀនថា « អំណាចដើម្បីបង្កើតជីវិតរមែងស្លាប់ គឺជាអំណាចដ៏លើកតម្កើងបំផុតដែលព្រះបានប្រទានដល់បុត្រាបុត្រីរបស់ទ្រង់ » ។ បន្ទាប់មក សូមគិតអំពីរបៀបដែលការរក្សាគំនិតខាងផ្លូវភេទរបស់អ្នកឲ្យបរិសុទ្ធក្នុងស្ថានភាពផ្សេងៗ អាចជួយអ្នកគ្រប់គ្រងអំណាចនេះ និងរក្សាភាពរឹងមាំខាងវិញ្ញាណបាន ។ តើការខិតខំប្រឹងប្រែងដើម្បីមានភាពបរិសុទ្ធមានឥទ្ធិពលលើគំនិតរបស់អ្នកអំពីមនុស្សដទៃយ៉ាងដូចម្តេច ? តើវានឹងជះឥទ្ធិពលដល់ការកម្សាន្ត និងប្រព័ន្ធផ្សព្វផ្សាយដែលអ្នកជ្រើសរើសប្រើប្រាស់ដោយរបៀបណា ? តើវាអាចប៉ះពាល់ដល់ទំនាក់ទំនងគ្រួសាររបស់អ្នកដោយរបៀបណា ? អ្នកអាចជ្រើសរើសទំនុកតម្កើង ឬចម្រៀងសាសនាចក្រ ឬបទគម្ពីរដែលអ្នកចូលចិត្ត ដែលអ្នកអាចច្រៀង ឬសូត្រនៅក្នុងគំនិតរបស់អ្នក នៅពេលអ្នកត្រូវបានល្បួងដោយគំនិត ឬអារម្មណ៍ខាងផ្លូវភេទដែលមិនល្អ ។ អ្នកអាចកំណត់គោលដៅដើម្បីទន្ទេញចាំនូវបទចម្រៀង ឬវគ្គបទគម្ពីរនោះ ហើយមើលវាជាញឹកញាប់ ។
-
សូមពិចារណាថា ហេតុអ្វីបានជាច្បាប់ព្រហ្មចារីភាពមានសារៈសំខាន់ចំពោះ អ្នក ឬហេតុអ្វីបានជាវាអាចមានសារៈសំខាន់ ។ សូមសរសេរប្រយោគ « ខ្ញុំជ្រើសរើសគោរពតាមច្បាប់ព្រហ្មចារីភាព ដោយសារ … » បន្ទាប់មករកមើលវិធីដែលអ្នកអាចឆ្លើយប្រយោគនេះដោយអានផ្នែក « រូបកាយរបស់អ្នកគឺពិសិដ្ឋ » នៅក្នុង ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ។ បន្ទាប់មកអ្នកអាចគិតអំពីរបៀបដែលអ្នកនឹងឆ្លើយតបទៅនឹងនរណាម្នាក់ ដែលបានសួរអ្នកថាហេតុអ្វីបានជាព្រហ្មចារីយភាពមានសារៈសំខាន់ចំពោះអ្នក ។
-
នៅក្នុងព្រះគម្ពីរ ពេលខ្លះព្រហ្មចារីយភាពនេះត្រូវបានហៅថា« គុណធម៌ » ។ ព្រះអម្ចាស់បានមានបន្ទូលថា គុណធម៌គួរតែ « តុបតែងគំនិត [ របស់យើង ] ឥតឈប់ឈរឡើយ » ហើយបន្ទាប់មក « ទំនុកចិត្ត [ អាច ] រឹងមាំ » និង « គោលលទ្ធិអំពីបព្វជិតភាពនឹងចុះមកលើ [ ព្រលឹងរបស់យើង ហើយ ] ព្រះវិញ្ញាណបរិសុទ្ធនឹងទៅជាគូកន [ របស់យើង ] ជានិច្ច » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១២១:៤៥–៤៦ ) ។ តើពាក្យ តុបតែង មានន័យយ៉ាងដូចម្ដេច ? តើអ្នកបានឃើញព្រហ្មចារីយភាព និងគុណធម៌ផ្តល់ឲ្យមនុស្សនូវទំនុកចិត្ត និងកម្លាំងក្នុងជីវិតរបស់ពួកគេដោយរបៀបណា ? តើការរស់នៅតាមច្បាប់ព្រហ្មចារីយភាពបានបង្កើនទីបន្ទាល់របស់អ្នកអំពីដំណឹងល្អដោយរបៀបណា ?
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
សូមពិនិត្យមើលមាត្រានៃសេចក្ដីជំនឿទីដប់បីឡើងវិញជាមួយគ្នា ។ ខគម្ពីរនេះនិយាយថា យើងជឿលើការមានភាពបរិសុទ្ធ ហើយវាអញ្ជើញយើងឲ្យស្វែងរកអ្វីដែលមានគុណធម៌ និងគួរឲ្យស្រឡាញ់ ។ តើយើងអាចកំណត់ថាតើអ្វីមួយមានគុណធម៌ និងគួរឲ្យស្រឡាញ់ដោយរបៀបណា ? បន្ទាប់ពីការចែកចាយគំនិត អ្នកអាចនឹងនិយាយអំពីអ្វីៗក្នុងជីវិតរបស់អ្នកដែលសមនឹងការពិពណ៌នានោះ និងរបៀបដែលរឿងទាំងនោះជួយអ្នកឲ្យមានភាពបរិសុទ្ធ ។ បន្ទាប់មកអ្នកអាចបង្កើតគោលដៅមួយជាមួយគ្នា ដែលនឹងជួយអ្នកឲ្យចូលរួមតែក្នុងការសន្ទនា ស្ថានភាព និងប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្តណាដែលមានគុណធម៌ និងគួរឲ្យស្រឡាញ់ប៉ុណ្ណោះ ។ និយាយអំពីរបៀបដែលអ្នកអាចជួយគ្នាទៅវិញទៅមក ដើម្បីធ្វើតាមគោលដៅរបស់អ្នក ។ បន្ទាប់មក អ្នកអាចពិភាក្សាអំពីអ្វីដែលអ្នកបានរៀនមកពីបទពិសោធន៍នេះ ។
-
ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស បង្រៀនថា « ពីព្រោះអារម្មណ៍ផ្លូវភេទគឺពិសិដ្ឋ និងមានឥទ្ធិពលខ្លាំងណាស់ ព្រះបានប្រទានដល់អ្នកនូវច្បាប់ព្រហ្មចារីភាពរបស់ទ្រង់ ដើម្បីរៀបចំអ្នកឲ្យប្រើអារម្មណ៍ទាំងនេះតាមព្រះរាជបំណងរបស់ទ្រង់ ។ … មនុស្សជាច្រើននៅក្នុងពិភពលោកបដិសេធ ឬថែមទាំងចំអកដល់ក្រឹត្យវិន័យរបស់ព្រះ ប៉ុន្តែព្រះអម្ចាស់អញ្ជើញយើងឲ្យធ្វើជាសិស្សរបស់ទ្រង់ ហើយរស់នៅតាមបទដ្ឋានឲ្យបានខ្ពស់ជាងពិភពលោកនេះ » ។ តើអ្វីទៅជាសារលិខិត ដែលព្រះអម្ចាស់ប្រទានឲ្យយើងអំពីផ្លូវភេទ និងព្រហ្មចារីភាព ? ( អ្នកអាចស្វែងរកពាក្យ « ព្រហ្មចារីភាព » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬ « ព្រហ្មចារីភាព » នៅក្នុងទិដ្ឋភាពទូទៅនៃ ប្រធានបទ និងសំណួរ សម្រាប់គំនិតនានា ) ។ តើសារលិខិតអ្វីខ្លះដែលពិភពលោកតែងតែផ្តល់ឲ្យយើងនៅលើប្រធានបទទាំងនេះ ? ពិភាក្សាអំពីអ្វីដែលអ្នកអាចធ្វើបាននៅពេលអ្នកជួបប្រទះសារលិខិតមិនពិតអំពីព្រហ្មចារីភាព ឬការល្បួងមិនឲ្យមានភាពបរិសុទ្ធ ។
ស្វែងយល់បន្ថែមទៀត
-
កូរិនថូស ទី១ ៦:១៨–២០; ធីម៉ូថេ ទី១ ៤:១២; ពេត្រុស ទី២ ១:២–៨; នីហ្វៃទី១ ១០:២១; គោលលទ្ធិ និងសេចក្ដីសញ្ញា ៤:៤–៦
-
« រស់នៅតាមច្បាប់ព្រហ្មចារីភាព » នៅក្នុងជំពូកទី ៣ នៃ ប្រកាសដំណឹងល្អរបស់យើង ៖ មគ្គទេសក៏ចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ២០២៣ ) ទំព័រ ៨៣
-
« We Believe in Being Chaste » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ
ផ្នែកទី ២
ការខិតខំប្រឹងប្រែងដើម្បីក្លាយជាបរិសុទ្ធអាចនាំមកនូវពរជ័យដ៏អស្ចារ្យ
យើងទទួលបានពរជ័យតាមវិធីជាច្រើនពេលយើងខិតខំរស់នៅតាមច្បាប់ព្រហ្មចារីភាព រួមទាំងការចៀសវាងការណ៍អាសគ្រាមដែរ ។ នៅពេលយើងរក្សាបទបញ្ញត្តិរបស់ព្រះដើម្បីមានភាពបរិសុទ្ធ នោះយើងយាងអញ្ជើញដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ ហើយនាំមកនូវអំណាច និងកម្លាំងខាងវិញ្ញាណដែលបានកើនឡើងមកក្នុងជីវិតរបស់យើង ។ ការមានភាពបរិសុទ្ធជួយយើងឲ្យក្លាយជាបរិសុទ្ធ និងរឹងមាំខាងវិញ្ញាណដូចជាព្រះយេស៊ូវគ្រីស្ទផងដែរ ។ ការរៀបចំខ្លួនខាងវិញ្ញាណនេះអនុញ្ញាតឲ្យយើងក្លាយដូចជាព្រះវរបិតាសួគ៌របស់យើង និងរីកចម្រើននៅលើផ្លូវត្រឡប់ទៅរកទ្រង់វិញ ។ ការរស់នៅក្នុងជីវិតបរិសុទ្ធក៏អនុញ្ញាតឲ្យយើងធ្វើជាគំរូដល់អ្នកដទៃ និងឈរដោយភាពស័ក្ដិសមនៅចំពោះព្រះអម្ចាស់ ។
អែលឌើរ ដេវីឌ អេ បែដណា បានបង្រៀន « ហើយឥឡូវនេះ ព្រហ្មចារីភាព និងបរិសុទ្ធភាពគឺតែងតែមាន ហើយនឹងជា ‹ អ្វីដែលមានតម្លៃ និងវិសេសបំផុតលើអ្វីៗទាំងអស់ › ( មរ៉ូណៃ ៩:៩ ) » ។ ផ្នែកមួយនៃអ្វីដែលធ្វើឲ្យព្រហ្មចារីភាពមានតម្លៃខ្លាំងបំផុតគឺ ភាពសុខសាន្ត និងសេចក្តីអំណរដែលវាអាចនាំមកដល់យើងក្នុងនាមជាបុគ្គល និងនៅក្នុងទំនាក់ទំនងគ្រួសាររបស់យើង ។ ការរស់នៅតាមច្បាប់នេះអាចជួយយើងឲ្យមានសេចក្តីស្រឡាញ់ ទំនុកចិត្ត និងសាមគ្គីភាពកាន់តែច្រើននៅក្នុងអាពាហ៍ពិពាហ៍របស់យើង ។ យើងក៏អាចចៀសវាងការឈឺចិត្តជាច្រើននៅក្នុងពិភពលោកដោយការមានភាពបរិសុទ្ធមុនពេលរៀបការ និងស្មោះត្រង់ទាំងស្រុងចំពោះស្វាមី ឬភរិយារបស់យើងក្នុងអំឡុងពេលរៀបការ ។ ហើយយើងអាចចៀសវាងផលវិបាកខាងវិញ្ញាណ ខាងអារម្មណ៍ និងខាងរាងកាយ ដ៏មានសក្តានុពលជាច្រើនផ្សេងទៀត ដែលកើតឡើងពីការបំពានច្បាប់ព្រហ្មចារីភាពនៅពេលដែលយើងគោរពតាមបទបញ្ញត្តិនេះពេញមួយជីវិតរបស់យើង ។
អំពើបាបខាងផ្លូវភេទនាំមកនូវបន្ទុកធ្ងន់ធ្ងរ ប៉ុន្តែការអភ័យទោសពីព្រះអម្ចាស់ គឺមានសម្រាប់អ្នកទាំងឡាយណាដែលនឹងប្រែចិត្តដោយស្មោះត្រង់ ។
រឿងទាំងឡាយដែលត្រូវពិចារណា
-
សូមអានដំណើររឿងរបស់ យ៉ូសែប និងភរិយារបស់ប៉ូទីផារ នៅក្នុង លោកុប្បត្តិ ៣៩:៧–២៣ ។ តើអ្នកបានរៀនអ្វីខ្លះអំពីយ៉ូសែប ដកស្រង់ចេញពីកំណត់ត្រានេះ ? តើអ្នករៀនអ្វីខ្លះមកពីគំរូរបស់លោកក្នុងការរៀបចំខ្លួនខាងវិញ្ញាណ ដើម្បីលោកអាចនៅតែបរិសុទ្ធ ទោះបីជាប្រឈមមុខនឹងការល្បួងក៏ដោយ ? តើនៅទីបំផុតលោកបានទទួលពរដោយសារការសម្រេចចិត្តរបស់លោកក្នុងការគោរពតាមច្បាប់ព្រហ្មចារីភាពដោយរបៀបណា ? ( សូមមើល ឧទាហរណ៍ លោកុប្បត្តិ ៤១:៣៧–៤៥; ៤៥:១–២៨ ) ។ ពិចារណាពីរបៀបដែលគំរូរបស់លោកអាចជួយអ្នកឲ្យមានភាពក្លាហាន ដើម្បីរក្សាភាពរឹងមាំនៅពេលដែលអ្នកត្រូវបានល្បួងឲ្យធ្វើអ្វីមួយដែលមិនបរិសុទ្ធ ។
-
អ្នកអាចអានកំណត់ត្រារបស់យុវជនម្នាក់នៅក្នុងសារលិខិតរបស់ប្រធាន ជែហ្វ្រី អ័រ ហូឡិន « Let Virtue Garnish Thy Thoughts Unceasingly » ។ តើយុវជននេះបានរៀនអ្វីខ្លះពីបទពិសោធន៍របស់គាត់ ? តើការណ៍នេះបានផ្លាស់ប្ដូរជីវិតរបស់លោកដោយរបៀបណា ? សូមគិតអំពីអ្វីដែលអ្នកអាចធ្វើបានដើម្បីមានភាពក្លាហាន ដើម្បីបន្ដមានភាពស័ក្តិសមនៅពេលដែលអ្នកត្រូវបានល្បួងឲ្យធ្វើអ្វីមួយដែលមិនស្អាតស្អំ ឬមិនបរិសុទ្ធ ។ តើអ្នកអាចទទួលបានពរជ័យដោយរបៀបណា នៅពេលដែលអ្នកបន្ដមានភាពស័ក្ដិសម ? សូមសរសេរចំណាប់អារម្មណ៍ដែលអ្នកទទួលបាន ។
-
សាតាំងចង់ឲ្យយើងជឿថា នៅពេលដែលយើងបានបំពានច្បាប់ព្រហ្មចារីភាពដោយប្រព្រឹត្តអំពើបាបខាងផ្លូវភេទ ឬមើលការណ៍អាសគ្រាម នោះយើងមិនស័ក្តិសមនឹងសេចក្តីស្រឡាញ់របស់ព្រះទៀតទេ ។ ការណ៍នោះពុំពិតឡើយ ។ សូមអាន លូកា ១៥:១១–៣២ ឬមើលវីដេអូព្រះគម្ពីរប៊ីប « The Prodigal Son » ( នាទីទី ៥:៣៦ ) ។ តើដំណើររឿងនេះបង្ហាញពីសេចក្តីស្រឡាញ់ដែលព្រះមានចំពោះយើងដោយរបៀបណា សូម្បីតែនៅពេលដែលយើងប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរក្តី ? បន្ទាប់មកអាន អេសាយ ៤៣:២៥ ហើយគិតអំពីសេចក្តីសង្ឃឹមដែលខគម្ពីរនេះផ្តល់ឲ្យ ។ ប្រសិនបើអ្នកមានអំពើបាបខាងសីលធម៌ដែលអ្នកត្រូវប្រែចិត្ត សូមធ្វើការណាត់ជួបដើម្បីនិយាយជាមួយប៊ីស្សព ឬប្រធានសាខារបស់អ្នក ហើយចាប់ផ្តើមដំណើរនៃការប្រែចិត្ត ឬអធិស្ឋានសូមបំណងប្រាថ្នាដើម្បីធ្វើដូច្នេះ ។ ការប្រែចិត្ត និងការពឹងផ្អែកលើព្រះអង្គសង្គ្រោះ និងព្រះចេស្តានៃសេចក្តីសង្គ្រោះរបស់ទ្រង់ នឹងនាំមកនូវការព្យាបាល និងក្តីសង្ឃឹម ហើយនឹងជួយអ្នកឲ្យខិតកាន់តែជិតទ្រង់ ។
សកម្មភាពសម្រាប់ការរៀនសូត្រជាមួយអ្នកដទៃ
-
ប្រធាន រ័សុល អិម ណិលសុន បានរំឭកសមាជិកសាសនាចក្រថា ពរជ័យដ៏អស្ចារ្យកើតឡើងនៅពេលយើងជ្រើសរើស « គិតដល់សេឡេស្ទាល » រួមទាំងពេលនិយាយអំពីការរក្សាភាពបរិសុទ្ធផងដែរ ។ ការគិតដល់សេឡេស្ទាលក៏នឹង … ជួយបងប្អូនឲ្យគោរពតាមច្បាប់ព្រហ្មចារីភាពដែរ ។ មានរឿងមួយចំនួននឹងធ្វើឲ្យជីវិតបងប្អូនស្មុគស្មាញលឿនជាងការបំពានច្បាប់ដ៏ទេវភាពនេះ ។ សម្រាប់អ្នកដែលបានចុះសេចក្ដីសញ្ញាជាមួយនឹងព្រះ អំពើអសីលធម៌គឺជាវិធីបាត់បង់ទីបន្ទាល់លឿនបំផុត ។… ព្រះអម្ចាស់បានប្រកាសថា គ្មានបុគ្គលដែលមិនបរិសុទ្ធណាអាចចូលនគរសេឡេស្ទាលឡើយ ។ ដូច្នេះ នៅពេលបងប្អូនធ្វើការសម្រេចចិត្តទាក់ទងនឹងសីលធម៌ សូមគិតដល់សេឡេស្ទាល » ។ អ្នកអាចនិយាយអំពីរបៀបដែលការគិតដល់សេឡេស្ទាលអាចជួយអ្នករក្សាភាពស្អាតស្អំខាងសីលធម៌ និងវិធីដែលអ្នកអាចទទួលបានពរសម្រាប់ការធ្វើដូច្នេះ ។
-
សូមមើលវីដេអូ « I Choose to Be Pure » ( នាទីទី ៤:១៩ ) ហើយនិយាយអំពីមូលហេតុដែលយុវវ័យផ្សេងទៀតនៅក្នុងវីដេអូបានបន្តជ្រើសរើសរក្សាភាពបរិសុទ្ធខាងផ្លូវភេទ និងពរជ័យដែលពួកគេមានអារម្មណ៍ថានឹងមកដល់ដែលជាលទ្ធផល ។ អ្នកអាចចែកចាយជាមួយគ្នានូវអ្វីដែលអ្នកធ្វើក្នុងការចងចាំ ដើម្បីធ្វើការជ្រើសរើសដែលជួយអ្នកគោរពច្បាប់ព្រហ្មចារីភាព ។ ឬអ្នកអាចសរសេរការតាំងចិត្តផ្ទាល់ខ្លួនរបស់អ្នក ដើម្បីរក្សាភាពបរិសុទ្ធខាងផ្លូវភេទពេញមួយជីវិតរបស់អ្នក ហើយដាក់ក្រដាសនោះនៅកន្លែងដែលអ្នកនឹងមើលឃើញវាជាញឹកញាប់ ។
-
នៅក្នុងសុន្ទរកថារបស់លោក « Be Valiant in Courage, Strength, and Activity » អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន បាន បង្រៀនថា « ‹ អ្វីដែលអ្នកជ្រើសរើសដើម្បីគិត និងធ្វើពេលដែលអ្នកនៅតែម្នាក់ឯង ហើយអ្នកជឿថាគ្មាននរណាម្នាក់កំពុងមើលមកទេ នោះគឺជារង្វាល់ដ៏ធំនៃគុណធម៌របស់អ្នក › [ ប្រកាសដំណឹងល្អរបស់យើង ៖ មគ្គទេសក៍ចំពោះការបម្រើជាអ្នកផ្សព្វផ្សាយសាសនា ( ឆ្នាំ២០០៤ ) ទំព័រ ១១៨ ] ។ ចូរក្លាហានឡើង ! ចូររឹងប៉ឹងចុះ ! ‹ ចូរអ្នករាល់គ្នាឈរនៅក្នុងទីបរិសុទ្ធទាំងឡាយ ហើយចូរកុំរើឡើយ › [ គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៧:៨ ] » ។ សូមនិយាយអំពីមូលហេតុដែលវាសំខាន់ដើម្បីមានភាពបរិសុទ្ធនៅពេលអ្នកនៅតែម្នាក់ឯង ។ បន្ទាប់មកអ្នកអាចចែកចាយគំនិតអំពី « កន្លែងបរិសុទ្ធ » ដែលអ្នកអាចនៅ និងអ្វីដែលបរិសុទ្ធដែលអ្នកអាចធ្វើបាន ដែលនឹងជួយអ្នកឲ្យបន្តនៅបរិសុទ្ធ ជាពិសេសនៅពេលអ្នកនៅតែម្នាក់ឯង ។ តើពរជ័យអ្វីខ្លះដែលអ្នកអាចទទួលបាន ពេលអ្នកស្វែងរកកន្លែងបរិសុទ្ធទាំងនោះ ហើយជ្រើសរើសដើម្បីមានភាពបរិសុទ្ធ ?
ស្វែងយល់បន្ថែមទៀត
-
និក្ខមនំ ២០:១៤; កូរិនថូស ទី១ ១០:១១–១៣; ថែស្សាឡូនីច ទី១ ៤:២–៤; ធីម៉ូថេ ទី១ ៤:១២
-
ដេវីឌ អេ បែដណា « We Believe in Being Chaste » Liahona ខែឧសភា ឆ្នាំ២០១៣ ទំព័រ ៤១–៤៤
-
ម៉ារី អិន ឃុក « A Virtuous Life—Step by Step » Liahona ខែឧសភា ឆ្នាំ២០០៩ ទំព័រ ១១៧–១១៩
-
ឡូរី ខ្លូវសៀដ « Marriage, Technology, and Emotional Infidelity » Ensign ខែមករា ឆ្នាំ២០១៧ ទំព័រ ៥០–៥៥
-
« Virtue—A Cornerstone on Which to Build Our Live » ការបង្រៀនរបស់ប្រធានសាសនាចក្រ ៖ ហ្គរដុន ប៊ី ហ៊ីងគ្លី ( ឆ្នាំ២០១៦ ) ទំព័រ ២៤៩–២៥៧
ធនធានផ្សេងទៀតអំពីព្រហ្មចារីភាព
-
ធនធានសម្រាប់កុមារ