ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ២៣–២៩ ខែ មករា ។ ម៉ាថាយ ៣; ម៉ាកុស ១; លូកា ៣ ៖ « ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះអម្ចាស់ »


« ថ្ងៃទី ២៣–២៩ ខែ មករា ។ ម៉ាថាយ ៣; ម៉ាកុស ១; លូកា ៣ ៖ ‹ ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះអម្ចាស់ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ២៣–២៩ ខែ មករា ។ ម៉ាថាយ ៣; ម៉ាកុស ១; លូកា ៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣

រូបភាព
យ៉ូហាន‑បាទីស្ទ​ជ្រមុជ​ទឹក​ឲ្យ​ព្រះយេស៊ូវ

​ចម្លាក់ជា​កញ្ចក់​បង្អួចនៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ណៅវូ អិលលីណោយ ដោយ ថម ហូលមែន

ថ្ងៃទី ២៣–២៩ ខែ មករា

ម៉ាថាយ ៣; ម៉ាកុស ១; លូកា ៣

« ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះអម្ចាស់ »

នៅពេល​បងប្អូន​អាន ហើយ​ពិចារណា​អំពី ម៉ាថាយ ៣; ម៉ាកុស ១ និង លូកា ៣ សូម​កត់ត្រា​ចំណាប់​អារម្មណ៍​ដែល​បងប្អូន​បាន​ទទួល ។ ការធ្វើ​បែបនេះ​នឹង​យាង​ព្រះវិញ្ញាណ នៅពេល​បងប្អូន​រៀបចំ​ខ្លួន​បង្រៀន ។ បន្ថែមលើ​គំនិត​សម្រាប់​ការបង្រៀន​ដែល​មាន​នៅក្នុង​គម្រោង​មេរៀន​នេះ ការសិក្សា​គំនិត​ផ្សេងៗ​នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ អាច​យក​មក​សម្រួល​ដើម្បី​ប្រើ​នៅក្នុង​ថ្នាក់​របស់​បងប្អូន​បាន ។

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​អំពី​របៀប ដែល​ការរៀនសូត្រ​ចេញពី​ព្រះគម្ពីរ​សញ្ញា​ថ្មី​កំពុង​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​ពួកគេ បងប្អូន​អាច​សរសេរ​សំណួរ​ដូច​តទៅ​នេះ​ដាក់​នៅលើ​ក្ដារខៀន ៖ តើ​បងប្អូន​បាន​ធ្វើ​អ្វីខ្លះ ដោយសារ​តែ​អ្វី​ដែល​បងប្អូន​បាន​អាន​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​នៅ​សប្ដាហ៍​នេះ ? សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

ម៉ាថាយ ៣:១–១២; លូកា ៣:២–១៨

ពួកសិស្ស​រៀបចំ​ខ្លួន​ឯង និង​មនុស្ស​ដទៃ​ទៀត​ឲ្យ​ទទួល​ព្រះយេស៊ូវ​គ្រីស្ទ ។

  • តើ​យើង​រៀបចំ​ខ្លួន​បែប​ណា ដើម្បី​ទទួល​ភ្ញៀវ​ដ៏សំខាន់​ម្នាក់ ? សំណួរ​មួយ​បែប​នេះ​អាច​ជួយ​បងប្អូន​ឲ្យ​បង្កើត​ជា​ការ​ពិភាក្សា​មួយ អំពី​របៀប​ដែល​យ៉ូហាន‑បាទីស្ទ បាន​រៀបចំ​មនុស្ស​ឲ្យ​ទទួល​ព្រះយេស៊ូវ​គ្រីស្ទ ។ បន្ទាប់មក បងប្អូន​អាច​បែងចែក​សិស្ស​ក្នុង​ថ្នាក់​ទៅជា​បី​ក្រុម ។ ក្រុម​នីមួយៗ​អាច​អាន ម៉ាថាយ ៣:១–៦; ម៉ាថាយ ៣:៧–១២ ឬ លូកា ៣:១០–១៥ ក៏បាន ហើយ​រកមើល​របៀប​ដែល​យ៉ូហាន‑បាទីស្ទ បាន​រៀបចំ​មនុស្ស​ឲ្យ​ទទួល​ព្រះយេស៊ូវ​គ្រីស្ទ​ចូល​ទៅក្នុង​ជីវិត​របស់​ពួកគេ ។ សូម​ឲ្យ​ក្រុម​នីមួយៗ​ប្ដូរ​វេនគ្នា​ចែកចាយ អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

រូបភាព
ការផ្សាយ​ដំណឹងល្អ​របស់​យ៉ូហាន‑បាទីស្ទ

យ៉ូហាន‑បាទីស្ទ​កំពុង​ផ្សាយ​ក្នុង​ទីរហោស្ថាន ដោយ រ៉ូប៊ើត ធី បារែត

លូកា ៣:២–១៤

យើង​ចាំបាច់​ត្រូវ​នាំ​មក​នូវ « ផល​ដែល​សំណំ​នឹង​ការប្រែ​ចិត្ត » ។

  • នៅក្នុង លូកា ៣:៨ យ៉ូហាន‑បាទីស្ទ​បាន​បង្រៀន​មនុស្ស​ថា ពីមុន​ពួកគេ​អាច​ជ្រមុជ​ទឹក​បាន ពួកគេ​ចាំបាច់​ត្រូវ​បង្ហាញ « ផល » ឬ​ភស្តុតាង​នៃ​ការប្រែចិត្ត​របស់​ពួកគេ​សិន ។ តើ​បងប្អូន​អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ស្គាល់​ភស្តុតាង​នៃ​ការប្រែចិត្ត​របស់​ពួកគេ​ផ្ទាល់​តាម​របៀប​ណា ? បងប្អូន​អាច​នឹង​សុំ​ពួកគេ​ឲ្យ​ស្រាវជ្រាវ​នៅក្នុង លូកា ៣:៨–១៤ ហើយ​រកមើល​អ្វី​ដែល​យ៉ូហាន​បាន​ចាត់ទុក​ថា​ជា « ផល » នៃ​ការប្រែចិត្ត ។ ពួកគេ​ក៏អាច​រំឭក​ឡើងវិញ​ក្នុង មរ៉ូណៃ ៦:១–៣ និង គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៣៧ ផង​ដែរ ។ បងប្អូន​អាច​នឹង​គូរ​ដើមឈើ​ហូប​ផ្លែ​មួយ​ដើម​ដាក់​នៅលើ​ក្ដារខៀន ហើយ​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​សរសេរ​អក្សរ​នៅលើ​ផលផ្លែ​នៃ​ដើមឈើ​នោះ​ថា « ផល » នៃ​ការប្រែចិត្ត​ដែល​ពួកគេ​រកឃើញ ។ ការធ្វើ​ដូច្នេះ​ក៏​អាចជា​ពេល​មួយ​ដ៏ល្អ ដើម្បី​ពិភាក្សា​អំពី​អត្ថន័យ​នៃ​ការប្រែចិត្ត​ដ៏ពិត​ផងដែរ ។

ម៉ាថាយ ៣:១៣–១៧

យើង​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ តាមរយៈ​ការទទួល​ពិធីបុណ្យ​ជ្រមុជ​ទឹក និង​ការទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • ដើម្បី​រំឭក​ឡើងវិញ​នូវ​ដំណើររឿង​អំពី​ពិធី​បុណ្យ​ជ្រមុជទឹក​របស់​ព្រះយេស៊ូវ​គ្រីស្ទ សូម​សាកល្បង​គំនិត​នេះ ៖ សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ប្រាប់​អំពី​របៀប​ដែល​ពួកគេ​ប្រើ ម៉ាថាយ ៣:១៣–១៧ ដើម្បី​បង្រៀន​អំពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ដល់​មនុស្ស​ម្នាក់ ដូចជា​កុមារ​ម្នាក់ ឬ​មនុស្ស​ម្នាក់​ដែល​កាន់​សាសនា​ផ្សេង ។ ( ពួកគេ​ក៏អាច​ប្រើ​រូបភាព​នៅក្នុង គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ផងដែរ ) ។ តើ​ពួកគេ​នឹង​គូស​បញ្ជាក់​កត្តា​សំខាន់​អ្វីខ្លះ​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក ? ពួកគេ​អាច​អនុវត្ត​គំនិត​របស់​ពួកគេ​តាមរយៈ​ការបង្រៀន​គ្នា​ទៅវិញ​ទៅមក ។

  • ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ពិចារណា​ពី​សារៈសំខាន់​នៃ​ការរស់នៅ​តាម​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក​របស់​ពួកគេ នោះ​បងប្អូន​អាច​អញ្ជើញ​នរណាម្នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ បែដណា ដែល​មាន​នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ។ សមាជិក​ក្នុង​ថ្នាក់​ទំនងជា​រីករាយ​នឹង​ចែកចាយ​អារម្មណ៍​អំពី​ពិធី​បុណ្យ​ជ្រមុជទឹក​របស់​ពួកគេ​ផ្ទាល់ និង​សេចក្ដី​សញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ពួកគេ ។ ពួកគេ​ក៏អាច​ច្រៀង​ទំនុក​តម្កើង​អំពី​ការធ្វើតាម​ព្រះអង្គ​សង្គ្រោះ​ផងដែរ ដូចជា​បទ « ចូរ​មក​តាម​ខ្ញុំ » ( ទំនុក​តម្កើង ល.រ. ៦៣ ) ។

  • យ៉ូហាន‑បាទីស្ទ​បាន​បង្រៀន​ថា ព្រះអង្គ​សង្គ្រោះ​បាន​ជ្រមុជ​ទឹក « ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ និង ដោយ​ភ្លើង » ( ម៉ាថាយ ៣:១១ ) ។ ពិធី​បុណ្យ​ជ្រមុជទឹក​ដោយ​ភ្លើង​កើតឡើង នៅពេល​យើង​ទទួល​បាន​ការបញ្ជាក់ និង​ពេល​យើង​ទទួល​បាន​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ហេតុអ្វី​យើង​ត្រូវ​មាន​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​រីកចម្រើន​នៅក្នុង​នគរ​ព្រះ ? តើ​ឥទ្ធិពល​អ្វីខ្លះ​ដែល​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ដោយ​ភ្លើង និង​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​មកលើ​យើង ? ( សូមមើល អាលម៉ា ៥:១៤ ) ។ វីដេអូ « Baptism of the Holy Ghost » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) អាច​ជួយ​ដល់​ការពិភាក្សា​នេះ​បាន ។

រូបភាព
រូប​តំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

សេចក្តី​សញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​យើង ។

អែលឌើរ ដេវីឌ អេ បែដណា បាន​បង្រៀន ៖ « សេចក្ដីសញ្ញា​បុណ្យ​ជ្រមុជ​ទឹក រួមមាន​នូវ​ការតាំងចិត្ត​គ្រឹះ​ចំនួន​បី ៖ (១) មាន​ឆន្ទៈ​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ (២) ចងចាំ​ទ្រង់​ជានិច្ច ហើយ (៣) រក្សា​ព្រះបញ្ញត្តិ​ទំាងឡាយ​របស់​ទ្រង់ ។ ពរជ័យ​ដែល​បាន​សន្យា​មកពីការ​គោរពតាម​សេចក្ដីសញ្ញា​នេះ គឺ ‹ ថា [ យើង ] នឹង​បាន​ព្រះ​វិញ្ញាណ​របស់​ទ្រង់ គង់នៅ​ជាមួយ​នឹង [ យើង ] ជា​ដរាប › [ គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៧ ] ។ ដូច្នេះ ពិធី​បុណ្យ​ជ្រមុជ​ទឹក​គឺជា​ការរៀបចំ​ដ៏​សំខាន់​ដើម្បី​ទទួល​ឱកាស​ដែល​បាន​អនុញ្ញាត ដើម្បី​មាន​ភាព​ជា​ដៃគូ​ដ៏ខ្ជាប់ខ្ជួន​មកពី​សមាជិក​ទីបី​នៃ​ក្រុម​ព្រះ » ( « Always Retain a Remission of Your Sins » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៦០ ) ។

សម្រាប់​ឧទាហរណ៍​អំពី​យុវជន​ម្នាក់​ដែល​បាន​រក្សា​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក​របស់​គាត់ សូមមើល​ដំណើររឿង​នៅដើម​សារលិខិត​របស់​ស៊ីស្ទើរ ខារូល អិម ស្ទីវិន « We Have Great Reason to Rejoice » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ១១៥–១៧ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

បង្រៀន​គោលលទ្ធិ​គ្រឹះ ។ ហៃរុម ស៊្មីធ បាន​បង្រៀន​ថា « សូម​ប្រកាស​គោលការណ៍​ទីមួយ​នៃ​ដំណឹងល្អ—ប្រកាស​វា​ម្ដង​ហើយ​ម្ដង​ទៀត បងប្អូន​នឹង​ឃើញ​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គំនិត​ថ្មី និង​ពន្លឺ​បន្ថែម​ទៀត​ទាក់​ទង​នឹង​គោលការណ៍​ទាំងនេះ​នឹង​ត្រូវ​បាន​បើក​សម្ដែង​ទៅ​កាន់​បងប្អូន ។ បងប្អូន​អាច​ពង្រីក​គោលការណ៍​ទាំងនោះ ដើម្បី​យល់​វា​ឲ្យ​កាន់តែ​ច្បាស់ ។ បន្ទាប់​មក បងប្អូន​នឹង​អាច​ធ្វើ​ឲ្យ​សិស្ស​ដែល​បងប្អូន​បង្រៀន យល់​វា​កាន់តែ​ច្បាស់​បន្ថែម​ទៀត » ( នៅក្នុង History, 1838–1856 [ Manuscript History of the Church ] វ៉ុល E-1, ឆ្នាំ ១៩៩៤ នៅលើ​គេហទំព័រ josephsmithpapers.org ) ។