ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ២៦ ខែ ធ្នូ–ថ្ងៃទី ១ ខែ មករា ។ ពួកយើង​មាន​ការទទួល​ខុសត្រូវ​ចំពោះ​ការរៀនសូត្រ​ផ្ទាល់​ខ្លួន​របស់​យើង


« ថ្ងៃទី ២៦ ខែ ធ្នូ–ថ្ងៃទី ១ ខែ មករា ។ ពួកយើង​មាន​ការទទួល​ខុសត្រូវ​ចំពោះ​ការរៀនសូត្រ​ផ្ទាល់​ខ្លួន​របស់​យើង » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ២៦ ខែ ធ្នូ–ថ្ងៃទី ១ ខែ មករា ។ ពួកយើង​មាន​ការទទួល​ខុសត្រូវ​ចំពោះ​ការរៀនសូត្រ​ផ្ទាល់​ខ្លួន​របស់​យើង » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

រូបភាព
គ្រួសារ​កំពុង​មើល​រូបថត

ថ្ងៃទី ២៦ ខែ ធ្នូ–ថ្ងៃទី ១ ខែ មករា

ពួកយើង​មាន​ការទទួល​ខុសត្រូវ​ចំពោះ​ការរៀនសូត្រ​ផ្ទាល់​ខ្លួន​របស់​យើង

នៅពេល​បងប្អូន​អាន ហើយ​ពិចារណា​អំពី​វគ្គ​បទគម្ពីរ​ទាំង​ឡាយ​នៅ​ក្នុង​គម្រោង​មេរៀន​នេះ សូម​កត់ត្រា​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ ដែល​បងប្អូន​បាន​ទទួល ។ ការណ៍​នេះ​នឹង​យាង​អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​ចូល​មក​ក្នុង​ការរៀបចំ​របស់​បងប្អូន ។ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ហើយ​និង​គំនិត​ដូច​តទៅ​នេះ​អាច​ជួយ​បងប្អូន ឲ្យ​បំផុស​គំនិត​សមាជិក​នៅក្នុង​ថ្នាក់​របស់​បងប្អូន​ឲ្យ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​នៅ​ឆ្នាំ​នេះ ។

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ក្នុង​នាម​ជា​គ្រូបង្រៀន គោលបំណង​មួយ​របស់​បងប្អូន​គឺ​ការលើក​ទឹកចិត្ត​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​រៀន​ចេញពី​បទគម្ពីរ​ដោយ​ខ្លួនឯង និង​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ ។ ការស្ដាប់​ឮ​បទពិសោធន៍​របស់​បងប្អូន​ដទៃ​អាច​បំផុស​គំនិត​ពួកគេ​ឲ្យ​ស្វែង​រក​បទពិសោធន៍​របស់​ពួកគេ​ផ្ទាល់​បាន ។ ដូច្នេះ នៅពេល​ចាប់ផ្ដើម​ថ្នាក់​ម្ដងៗ សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ចែកចាយ​បទគម្ពីរ​មកពី​ការសិក្សា​របស់​ពួកគេ​ដែល​បាន​បំផុស​គំនិត​ពួកគេ ឬ​ធ្វើឲ្យ​ពួកគេ​ចាប់​អារម្មណ៍ ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

ការ​រៀនសូត្រ​តម្រូវ​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ ។

  • តើ​បងប្អូន​អាច​បំផុស​គំនិត​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ឲ្យ​ចូលរួម​រៀនសូត្រ​កាន់តែ​សកម្ម ជាជាង​ដាក់​ការទទួល​ខុសត្រូវ​ទាំងស្រុង​ទៅលើ​គ្រូបង្រៀន​តាម​របៀប​ណា ? នេះ​គឺជា​គំនិត​មួយ ។ សូម​បោះ​របស់​ទន់ៗ​មួយ​ទៅឲ្យ​សមាជិក​ក្នុង​ថ្នាក់ ដែល​បងប្អូន​បាន​សូម​ទុកជាមុន​ឲ្យ​ពួកគេ​ចាប់​របស់​នោះ ដោយ​មិនបាច់​ខំ​ប្រឹង​ប្រែង ។ សូម​ប្រើ​សកម្មភាព​នេះ​ដើម្បី​ចាប់ផ្ដើម​ការពិភាក្សា​មួយ​អំពី​តួនាទី​របស់​អ្នករៀន និង​គ្រូបង្រៀន​នៅក្នុង​ការរៀនសូត្រ​ដំណឹងល្អ ។ ក្នុងនាមជា​អ្នករៀន តើ​យើង « ចាប់យក » អ្វី​ដែល​បាន​បង្រៀន​នៅក្នុង​ថ្នាក់រៀន​របស់​យើង​ដោយ​របៀប​ណា ? សេចក្ដី​ថ្លែងការណ៍​ដែល​មាន​នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » អាច​បន្ថែម​ជួយ​ដល់​ការពិភាក្សា​នេះ​បាន ។

  • សមាជិក​ក្នុង​ថ្នាក់​ទាំងអស់​មាន​ការ​ទទួល​ខុសត្រូវ​ដើម្បី​យាង​អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យចូល​មក​ក្នុង​ថ្នាក់​រៀន ។ ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​យល់​អំពី​ការណ៍​នេះ សូម​ឲ្យ​ពួកគេ​អាន អាលម៉ា ១:២៦ និង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥០:១៣–២២; ៨៨:១២២–២៣ ហើយ​ចែកចាយ​អ្វី​ដែល​គ្រូបង្រៀន និង​សមាជិក​ក្នុង​ថ្នាក់​អាច​ធ្វើ​បាន ដើម្បី​យាង​អញ្ជើញ​ព្រះវិញ្ញាណ ។ វា​អាច​មាន​ប្រយោជន៍ ដើម្បី​សរសេរ​ចម្លើយ​របស់​ពួកគេ​ដាក់​នៅលើ​ក្ដារខៀន​ក្រោម​ចំណងជើង​ដូច​តទៅ​នេះ ៖ អ្វី​ដែល​គ្រូបង្រៀន​អាច​ធ្វើ​បាន និង អ្វី​ដែល​អ្នករៀន​អាច​ធ្វើ​បាន ។ សមាជិក​ក្នុង​ថ្នាក់​អាច​បង្កើត​ប័ណ្ណ​ប្រកាស​មួយ ដែល​មាន​ចម្លើយ​របស់​ពួកគេ ដែល​អាច​ដាក់​បង្ហាញ​ក្នុង​រយៈពេល​ពីរ​បី​សប្ដាហ៍​ខាងមុខ ។

យើង​ចាំបាច់​ត្រូវ​ស្គាល់​សេចក្ដីពិត​ដោយ​ខ្លួន​ឯង ។

  • វគ្គ​បទគម្ពីរ​ជាច្រើន​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​បង្រៀន​ពី​គោលការណ៍ ដែល​អាច​ដឹកនាំ​ការស្វែងរក​សេចក្ដីពិត​របស់​យើង ។ ឧទាហរណ៍​ដូចជា លូកា ១១:៩–១៣; យ៉ូហាន ៥:៣៩; ៧:១៤–១៧ និង កូរិនថូស ទី១ ២:៩–១១ ។ បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន ដែល​បាន​អាន​វគ្គបទគម្ពីរ​ទាំងនេះ​នៅក្នុង​ការសិក្សា​ផ្ទាល់ខ្លួន​របស់​ពួកគេ ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ ឬ​បងប្អូន​អាច​អាន​វគ្គ​បទគម្ពីរ​ទាំងនេះ​រួម​គ្នា ហើយ​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​របៀប ដែល​ពួកគេ​បាន​ទទួល​ទីបន្ទាល់​របស់​ពួកគេ ។

    រូបភាព
    យុវជន និង​យុវនារី​នៅក្នុង​ថ្នាក់រៀន

    ការស្វែងរក​ការរៀនសូត្រ​ដោយ​សេចក្ដី​ជំនឿ​នឹង​ជួយ​យើង​ឲ្យ​ទទួល​បាន​ទីបន្ទាល់​របស់​យើង ។

  • កិច្ចការ ១៧:១០–១២ ពិពណ៌នា​អំពី​ពួកបរិសុទ្ធ​ដែល​បាន​ស្វែងយល់​ពី​បទគម្ពីរ ហើយ​ទទួល​បាន​សាក្សី​របស់​ពួកគេ​អំពី​សេចក្ដី​ពិត ។ ដើម្បី​លើក​ទឹកចិត្ត​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ធ្វើ​តាម​គំរូ​របស់​ពួកគេ សូម​អាន​ខគម្ពីរ​ទាំងនេះ​រួមគ្នា ហើយ​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​វគ្គ​បទគម្ពីរ ដែល​បាន​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​អំពី​ដំណឹងល្អ ។

តើ​យើង​អាច​ធ្វើឲ្យ​ការសិក្សា​ព្រះគម្ពីរ​របស់​យើង​កាន់តែ​មាន​អត្ថន័យ​តាម​របៀបណា ?

  • ការបង្កើត​ឲ្យមាន​ទម្លាប់​សិក្សា​ព្រះគម្ពីរ អាច​មាន​ការលំបាក​សម្រាប់​សមាជិក​ក្នុង​ថ្នាក់​ដែល​មាន​អារម្មណ៍​ថា ពួកគេ​គ្មាន​ពេល គ្មាន​ការយល់ដឹង ឬ​គ្មាន​ជំនាញ​ចាំបាច់ ។​ តើ​បងប្អូន​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​ជោគជ័យ ? ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ទទួល​បាន​ទំនុក​ចិត្ត​លើ​ការសិក្សា​ព្រះគម្ពីរ បងប្អូន​អាច​ចែកចាយ​ព័ត៌មាន​ចេញពី « គំនិត​ដើម្បី​កែលម្អ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​បងប្អូន » នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ។ ប្រហែល​ជា​បងប្អូន ឬ​សមាជិក​ក្នុង​ថ្នាក់​ដទៃ​ទៀត​អាច​ចែកចាយ​បទពិសោធន៍​ជាមួយ​នឹង​ការប្រើ​គំនិត​ទាំងនេះ ឬ​បទពិសោធន៍​ដ៏មាន​អត្ថន័យ​ផ្សេងទៀត​មួយ​ចំនួន​ក្នុង​ការសិក្សា​ព្រះគម្ពីរ ។ បងប្អូន​ក៏អាច​ជ្រើសយក​ជំពូក​មួយ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ហើយ​សាកល្បង​សិក្សា​រួមគ្នា​ក្នុង​ថ្នាក់ ដោយ​ប្រើ​គំនិត​ទាំងនេះ​មួយ​ចំនួន​ផងដែរ ។

រូបភាព
រូប​តំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ការទាមទារ​ចំណេះដឹង​ខាង​វិញ្ញាណ​ដោយ​ខ្លួនឯង ។

ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន ៖ « កិច្ចការ​របស់​ព្រះ​គឺ​មាន​សារៈសំខាន់​បំផុត ហើយ​យើង​អាច​ស្វែងយល់​ពី​កាណ៍​ទាំងនោះ​បាន តែ​តាមរយៈ​ពេលវេលា និង​បទពិសោធន៍ និង​ការគិត​ប្រកប​ដោយ​ការយក​ចិត្ត​ទុកដាក់ និង​ការពិចារណា និង​ភាពហ្មត់ចត់​ប៉ុណ្ណោះ ។ ឱ គំនិត​របស់​បងប្អូន ! ប្រសិនបើ​បងប្អូន​នឹង​ដឹកនាំ​ព្រលឹង​ឲ្យទៅ​រក​សេចក្ដី​សង្គ្រោះ នោះ​ត្រូវតែ​ពង្រីក​គំនិត​នោះ​ឲ្យបាន​ខ្ពស់​ដល់​ស្ថានសួគ៌ ហើយ​ស្វែងយល់ និង​ពិចារណា​ពី​ជ្រោះ​ជ្រៅ​ងងឹត និង​វិសាលភាព​ដ៏ធំធេង​នៃ​ភាពអស់កល្ប​ជានិច្ច—បងប្អូន​ត្រូវតែ​ទូលទៅ​ព្រះ ។ ឱ ព្រះរាជ​តម្រិះ​របស់​ព្រះ​មាន​សេចក្ដី​ថ្លៃថ្នូរ និង​ខ្ពង់ខ្ពស់​ជាពន់ពេក លើសពី​ការស្រមើ​ស្រមៃ​ដ៏ឥត​ប្រយោជន៍​នៃ​ដួងចិត្ត​មនុស្ស ! » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២៦៧ ) ។

អែលឌើរ ដេវីឌ អេ បែដណា បាន​ពន្យល់ ៖ « ប្រសិនបើ​បងប្អូន​ទាំងអស់​គ្នា ឬ​ខ្ញុំ​ដឹង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ ដែល​បាន​ស្តារ​ឡើងវិញ​របស់​ទ្រង់ គឺជា​អ្វី​ដែល​មនុស្ស​ដទៃ​បង្រៀន ឬ​ប្រាប់​ពួកយើង នោះ​គ្រឹះ​នៃ​ទីបន្ទាល់​របស់​យើង​អំពី​ទ្រង់ និង​កិច្ចការ​ដ៏​រុងរឿង​នៅ​ថ្ងៃ​ចុងក្រោយ​របស់​ទ្រង់​គឺ​ត្រូវបាន​សង់​នៅលើ​ដី​ខ្សាច់​ហើយ ។ យើង​ពុំ​អាច​ពឹងផ្អែក​ទាំងស្រុង ឬ​ខ្ចី​ពន្លឺ និង​ចំណេះដឹង​នៃ​ដំណឹងល្អ​ពី​មនុស្ស​ដទៃ​បាន​ឡើយ—សូម្បីតែ​ពី​មនុស្ស​ដែល​យើង​ស្រឡាញ់ និង​ទុកចិត្ត​ក្ដី » ( « Prepared to Obtain Every Needful Thing » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១០២ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

បន្ត​ផ្តោតចិត្ត​ទុកដាក់​លើ​គោលលទ្ធិ ។ សូម​ធ្វើឲ្យ​ប្រាកដ​ថា ការពិភាក្សា​ក្នុង​ថ្នាក់​នៅតែ​ផ្តោត​ទៅ​លើ​បទគម្ពីរ និង​ការបង្រៀន​របស់​ព្យាការី​ទាំងឡាយ ។ បងប្អូន​អាច​ធ្វើ​កិច្ចការ​នេះ​បាន ដោយ​ការសួរ​សំណួរ​ដូចជា​សំណួរ​ទាំងនេះ ៖ « តើ​សេចក្ដីពិត​អ្វីខ្លះ​ក្នុង​ដំណឹងល្អ ដែល​យើង​បាន​រៀន​មកពី​មតិយោបល់​ដែល​យើង​បាន​ស្ដាប់ឮ ? » ឬ « តើ​នរណា​ម្នាក់​អាច​ចែកចាយ​បទគម្ពីរ​មួយ ដែល​ទាក់ទង​ទៅនឹង​អ្វីដែល​យើង​បាន​ពិភាក្សា​គ្នា​ដែរ​ឬ​ទេ ? » ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២០–២១ ) ។