ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ៩–១៥ ខែ មករា ។ ម៉ាថាយ ២; លូកា ២ ៖ ពួកយើង​មក​ថ្វាយបង្គំ​ទ្រង់


« ថ្ងៃទី ៩–១៥ ខែ មករា ។ ម៉ាថាយ ២; លូកា ២ ៖ ពួកយើង​មក​ថ្វាយបង្គំ​ទ្រង់ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ៩–១៥ ខែ មករា ។ ម៉ាថាយ ២; លូកា ២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

រូបភាព
ពួក​ហោរា​បីនាក់ធ្វើ​ដំណើរ​ដោយ​ជិះលើខ្នង​អូដ្ឋ

ចូរ​យើង​សរសើរ​ទ្រង់ ដោយ ដាណា ម៉ារីអូ វូឌ

ថ្ងៃទី ៩–១៥ ខែ មករា

ម៉ាថាយ ២; លូកា ២

ពួកយើង​មក​ថ្វាយបង្គំ​ទ្រង់

ពីមុន​បងប្អូន​អាន​គំនិត​នានា​នៅក្នុង​គម្រោង​មេរៀន​នេះ សូម​សិក្សា ម៉ាថាយ ២ និង លូកា ២ ហើយ​កត់ត្រា​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​របស់​បងប្អូន ។ ការណ៍​នេះ​នឹង​ជួយ​បងប្អូន​ឲ្យ​ទទួល​វិវរណៈ​អំពី​របៀប ដើម្បី​បំពេញ​សេចក្ដី​ត្រូវការ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ឲ្យ​បាន​ល្អ​បំផុត ។

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

តើ​បងប្អូន​អាច​លើក​ទឹកចិត្ត​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​ការយល់ដឹង និង​បទពិសោធន៍​នានា​ដែល​ពួកគេ​មាន នៅពេល​ពួកគេ​បាន​សិក្សា​បទគម្ពីរ​ទាំងនេះ​ដោយ​ខ្លួនឯង និង​ជាមួយ​នឹង​ក្រុមគ្រួសារ​របស់​ពួកគេ​តាម​របៀបណា ? ទោះបីជា​ពួកគេ​ទំនង​ជា​ស្គាល់​ដំណើររឿង​អំពី​ការប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង ម៉ាថាយ ២ និង លូកា ២ ក្ដី ក៏​ពួកគេ​អាច​ទទួល​គំនិត​ថ្មី​ខាង​វិញ្ញាណ​ជានិច្ច​ផងដែរ ។ សូម​ពិចារណា​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ពីរ​បី នាក់​ឲ្យ​ចែកចាយ​សារលិខិត​មួយ ដែល​ពួកគេ​បាន​រកឃើញ ដែល​បាន​ធ្វើឲ្យ​ពួកគេ​មាន​ចំណាប់​អារម្មណ៍​តាម​របៀប​ថ្មី​មួយ ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

ម៉ាថាយ ២:១–១២; លូកា ២:១–៣៨

មាន​សាក្សី​ជាច្រើន​ឃើញ​ការប្រសូត​របស់​ព្រះគ្រីស្ទ ។

  • ដំណើររឿង​អំពី​អ្នកមក​ថ្វាយបង្គំ​នៅក្នុង ម៉ាថាយ ២:១–១២ និង លូកា ២:១–៣៨ អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ឲ្យ​ពិចារណា​អំពី​របៀប ដែល​ពួកគេ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​ព្រះអង្គ​សង្គ្រោះ ។ សូម​ពិនិត្យ​មើល​តារាង​អំពី​សាក្សីនៃ​ការប្រសូត​របស់​ព្រះគ្រីស្ទ​នៅក្នុង គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ឡើង​វិញ ។ សមាជិក​មួយ​ចំនួន​នៅ​ក្នុង​ថ្នាក់រៀន​របស់​បងប្អូន​អាច​នឹង​មាន​ការយល់ដឹង​ចង់​ចែកចាយ​ចេញ​ពី​សកម្មភាព​នេះ ឬ​បងប្អូន​អាច​ធ្វើ​សកម្មភាព​នេះ​រួមគ្នា​ក្នុង​ថ្នាក់ ។ ហេតុអ្វី​វា​ជា​រឿង​ដ៏​សំខាន់​ដែល​ពួកសាក្សី​ទាំង​នេះ​ដែល​បាន​ឃើញ​ព្រះគ្រីស្ទ​មាន​ស្ថានភាព​នៃ​ជីវិត​ផ្សេងៗ​គ្នា ? តើ​យើងអាច​ធ្វើតាម​គំរូ​របស់​ពួកគេ​ដោយ​របៀប​ណា?

    រូបភាព
    អ្នក​គង្វាលចៀម​ជាមួយ​នឹង​សត្វចៀម

    ពួក​គង្វាលបាន​ក្លាយ​ជា​សាក្សី​ដំបូង​គេ​អំពី​ការប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ ។

  • ពីមុន​ពួក​សាក្សី​ទាំងនេះ​បាន​មក​ថ្វាយ​បង្គំ​ព្រះឱរស​ដែល​ជា​ព្រះគ្រីស្ទ ពួកគេ​បាន​តាម​ស្វែងរក​ទ្រង់ ។ ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​រៀន​ចេញពី​គំរូ​របស់​ពួកគេ បងប្អូន​អាច​សរសេរ​នៅលើ​ក្ដារខៀន​នូវ​ចំណងជើង​ដូច​តទៅ​នេះ ៖ ពួក​គង្វាល អាណ ស៊ីម្មាន និង ពួក​ហោរា ។ បន្ទាប់​មក សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​អាន ម៉ាថាយ ២ និង លូកា ២ ហើយ​សរសេរ​នៅលើ​ក្ដារខៀន​នូវ​អ្វី​ដែល​បុគ្គល​ទាំងនេះ​បាន​ធ្វើ ដើម្បី​ស្វែងរក​ព្រះអង្គ​សង្គ្រោះ ។ តើ​ដំណើររឿង​ទាំងនេះ​ផ្ដល់​ជា​យោបល់​អ្វីខ្លះ​អំពី​វិធី​មួយ​ចំនួន ដែល​យើង​អាច​ស្វែងរក​ព្រះគ្រីស្ទ ?

ម៉ាថាយ ២:១៣–២៣

ឪពុក​ម្ដាយ​អាច​ទទួល​បាន​វិវរណៈ​ដើម្បី​ការពារ​ក្រុមគ្រួសារ​របស់​ពួកគាត់ ។

  • ដើម្បី​ចាប់ផ្ដើម​ការពិភាក្សា​អំពី​របៀប​ដែល​ព្រះវរបិតា​សួគ៌​បាន​ដឹកនាំ​យ៉ូសែប និង​ម៉ារា​នៅក្នុង​តួនាទី​របស់​ពួកលោក​ជា​មាតា​បិតា​របស់​ព្រះអង្គ​សង្គ្រោះ នោះ​សូម​ពិចារណា​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​សរសេរ​គ្រោះថ្នាក់​មួយ​ចំនួន ដែល​យើង​ប្រឈម​មុខ​នៅ​សព្វថ្ងៃ​នេះ​ដាក់​នៅលើ​ក្ដារខៀន ។ តើ​យើង​រៀន​អ្វីខ្លះ​ចេញពី ម៉ាថាយ ២:១៣–២៣ អំពី​របៀប​រកឃើញ​ការការពារ​ឲ្យ​រួច​ផុតពី​គ្រោះថ្នាក់​ទាំងនេះ ? តើ​វិវរណៈ​ផ្ទាល់ខ្លួន​ធ្លាប់​ជួយ​យើង​ឲ្យ​ការពារ​ក្រុមគ្រួសារ​របស់​យើង និង​មនុស្ស​ជាទី​ស្រឡាញ់​ដទៃ​ទៀត​ឲ្យ​រួច​ផុតពី​គ្រោះថ្នាក់​តាម​របៀប​ណា ? តើ​ពួកព្យាការី និង​ពួកសាវក​បាន​ផ្ដល់​ពាក្យ​ទូន្មាន​អ្វីខ្លះ ដើម្បី​ជួយ​យើង​ឲ្យ​រកឃើញ​សុវត្ថិភាព​ខាង​វិញ្ញាណ ?

លូកា ២:៤០–៥២

ទោះជា​នៅក្នុង​យុវវ័យ​ក្ដី ក៏​ព្រះយេស៊ូវ​បាន​ផ្ដោត​ទៅលើ​ការធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះវរបិតា​ទ្រង់​ដែរ ។

  • ដំណើររឿង​របស់​ព្រះយេស៊ូវ​ដែល​កំពុង​បង្រៀន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​កាល​ទ្រង់​មាន​ព្រះជន្ម​តែ​ត្រឹម ១២ ព្រះវស្សា អាច​មាន​អានុភាព​ជាពិសេស​ចំពោះ​យុវវ័យ​ដែល​ងឿង​ឆ្ងល់​អំពី​ការចូលរួម​ចំណែក ដែល​ពួកគេ​អាច​ធ្វើ​បាន​ចំពោះ​កិច្ចការ​របស់​ព្រះ ។ បងប្អូន​អាច​បំបែក​សមាជិក​ក្នុង​ថ្នាក់​ជា​ដៃគូ​ដើម្បី​អាន លូកា ២:៤០–៥២ រួម​គ្នា ( សូមមើល​ការយល់ដឹង​ចេញពី​ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ដែល​មាន​នៅក្នុង លូកា ២:៤៦ ) ។ ដៃ​គូ​នីមួយៗ​អាច​ចំណាយ​ពេល​ពីរ​បី​នាទី ដើម្បី​ចែកចាយ​នឹង​គ្នា​នូវ​អ្វី​ដែល​បំផុស​គំនិត​ពួកគេ​អំពី​ដំណើរ​រឿង​នេះ ។ តើ​យើង​មាន​ឱកាស​អ្វីខ្លះ​ដើម្បី​ចែកចាយ​អ្វី​ដែល​យើង​ដឹង​អំពី​ដំណឹងល្អ ? តើ​យើង​អាច​ចែកចាយ​បទពិសោធន៍​អ្វីខ្លះ ?

  • តើ លូកា ២:៤០–៥២ បង្រៀន​យើង​អ្វីខ្លះ​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះយេស៊ូវ​កាល​នៅ​ជា​យុវវ័យ ? គន្លង​សម្រាប់​ការរីកចម្រើន​ផ្ទាល់ខ្លួន ដែល​បាន​ផ្ដល់​យោបល់​នៅក្នុង លូកា ២:៥២ អាច​បំផុស​គំនិត​ឲ្យ​មាន​ការពិភាក្សា​មួយ អំពី​អ្វី​ដែល​យើង​កំពុង​ធ្វើ​ដើម្បី​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះគ្រីស្ទ ។ បងប្អូន​អាច​នឹង​ផ្ដល់​យោបល់​ឲ្យ​សមាជិក​ថ្នាក់​ពិចារណា​អំពី​របៀប​ដែល​ពួកគេ​កំពុង​តែ​រីកចម្រើន​ខាង​ប្រាជ្ញា ( ខាង​បញ្ញា ) រូបកាយ ( ខាង​សាច់ឈាម) គាប់​ព្រះទ័យ​ព្រះ ( ខាង​វិញ្ញាណ ) និង​គាប់ចិត្ត​មនុស្ស​ដទៃ ( ខាង​សង្គម ) ។ ពួកគេ​ថែមទាំង​អាច​ដាក់​គោលដៅ​នៅក្នុង​ចំណុច​ទាំងនេះ​មួយ ឬ​ច្រើន​ផងដែរ ។ ប្រសិនបើ​បងប្អូន​ចង់​បន្ដ​ការពិភាក្សា អំពី​ការប្រែក្លាយ​ដូចជា​ព្រះគ្រីស្ទ​នៅក្នុង​ផ្នែក​ទាំងនេះ ជាពិសេស​ប្រសិនបើ​បងប្អូន​កំពុង​បង្រៀន​យុវវ័យ សូម​ពិចារណា​ប្រើប្រាស់​សេចក្ដី​ថ្លែងការណ៍​នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ។

រូបភាព
រូប​តំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ការជួយ​កុមារ និង​យុវវ័យ​ឲ្យ​រីកចម្រើន​ខាង « ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង ហើយ​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ព្រះ និង​ចិត្ត​មនុស្ស​ផង » ។

ប្រធាន ស្ទីវិន ជេ ឡាន់ បាន​ពិពណ៌នា​ពី​កម្មវិធី​កុមារ និង​យុវវ័យ ដែល​ផ្អែកលើ​ផ្នែក​អំពី លូកា ២:៥២ តាម​របៀប​នេះ ៖

« កម្មវិធី​កុមារ និង​យុវវ័យ​គឺជា​ឧបករណ៍​មួយ ដើម្បី​ជួយ​កុមារ​គ្រប់រូប​ក្នុង​អង្គការ​បឋមសិក្សា និង​យុវវ័យ​ឲ្យ​ធំឡើង​ក្នុង​ភាពជាសិស្ស ហើយ​ទទួលបាន​ការយល់ដឹង​ដែល​ពេញ​ដោយ​សេចក្ដី​ជំនឿ​មួយ​ថា តើ​ផ្លូវ​នៃ​សុភមង្គល​មាន​លក្ខណៈ​យ៉ាងណា ។ ពួកគេ​អាច​មក​ចូលរួម និង​ចង់​បាន​ចំណុច​ចេះដឹង និង​ការទទួល​ស្គាល់​នៅតាម​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ជាទី​ដែល​ពួកគេ​បាន​ទទួល​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់​អំណោយទាន​ព្រះវិញ្ញាណបរិសុទ្ធ ហើយក្នុង​ពេល​ឆាប់ៗ​នឹង​ចូលរួម​ក្នុង​ថ្នាក់​កូរ៉ុម និង​យុវនារី ជាទី​ដែល​ពួកគេ​នឹង​មាន​អំណរ​ក្នុង​ការជួយ​មនុស្ស​ដទៃ តាមរយៈ​ទង្វើ​នៃ​ការបម្រើ​ដូចជា​ព្រះគ្រីស្ទ ។ ពួកគេ​នឹង​ដាក់​គោលដៅ មិន​ថា​ធំ​ឬ​តូច ដែល​នឹង​ផ្ដល់​តុល្យភាព​ដល់​ជីវិត​របស់​ពួកគេ ហើយ​ជួយ​ពួកគេ​ឲ្យ​ក្លាយ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ » ( « Finding Joy in Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៣៦–៣៧) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

រួម​បញ្ចូល​ទាំង​អ្នករៀន​ដែល​ពុំ​បាន​សិក្សា​ព្រះគម្ពីរ​នៅ​គេហដ្ឋាន​ផងដែរ ។ ទោះជា​សមាជិក​ក្នុង​ថ្នាក់​មួយ​ចំនួន​ប្រហែល​ជា​ពុំ​មាន​ពេល​អាន ម៉ាថាយ ២ និង លូកា ២ ពីមុន​ថ្នាក់​ចាប់ផ្ដើម​ក្ដី ក៏​ពួកគេ​នៅតែ​អាច​ចែកចាយ​គំនិត​ដ៏មាន​អត្ថន័យ​បាន​ដែរ នៅពេល​បងប្អូន​សិក្សា​រួមគ្នា​នៅក្នុង​ថ្នាក់ ។ សូម​ប្រាកដ​ថា សមាជិក​ក្នុង​ថ្នាក់​ទាំង​អស់​មាន​ឱកាស​ចូល​រួម​ចំណែក​នៅ​ក្នុង​ការ​ពិភាក្សា ។