ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ១៦–២២ ខែ មករា ។ យ៉ូហាន ១ ៖ យើង​បាន​ឃើញ​ព្រះមែស៊ី​ហើយ


« ថ្ងៃទី ១៦–២២ ខែ មករា ។ យ៉ូហាន ១ ៖ យើង​បាន​ឃើញ​ព្រះមែស៊ី​ហើយ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ១៦–២២ ខែ មករា ។ យ៉ូហាន ១ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

រូបភាព
ស្ត្រី​ម្នាក់​កំពុង​ចែកចាយ​ដំណឹងល្អ​នៅ​ស្ថានីយ៍​រថភ្លើង

ថ្ងៃទី ១៦–២២ ខែ មករា

យ៉ូហាន ១

យើង​បាន​ឃើញ​ព្រះមែស៊ី​ហើយ

នៅពេល​បងប្អូន​អាន និង​សញ្ជឹងគិត​អំពី យ៉ូហាន ១ សូម​អធិស្ឋាន​សូម​ការដឹកនាំ​ខាង​វិញ្ញាណ​នៅក្នុង​ការទទួល​ខុសត្រូវ​របស់​បងប្អូន​លើ​ការបង្រៀន​អំពី​ទីបន្ទាល់​របស់​យ៉ូហាន ។ សូម​កត់ត្រា​ចំណាប់​អារម្មណ៍​ដែល​បងប្អូន​មាន ។ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ និង​គំនិត​ដូច​តទៅ​នេះ អាច​ជួយ​បងប្អូន​ឲ្យ​បំផុស​គំនិត​សមាជិក​នៅក្នុង​ថ្នាក់​របស់​បងប្អូន​ឲ្យ​យល់ និង​អនុវត្ត​តាម​គោលលទ្ធិ​នៅក្នុង​ជំពូក​នេះ ។

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​កំពុង​រៀន​សូត្រ បងប្អូន​គួរតែ​អញ្ជើញ​ពួកគេ​ឲ្យសរសេរ​សំណួរ មតិយោបល់ ឬ​ការយល់ដឹង​ចេញពី​ការអាន​របស់​ពួកគេ​ដាក់​នៅ​លើ​ចម្រៀក​ក្រដាស ហើយ​ដាក់​វា​ចូល​ទៅ​ក្នុង​ក្រឡ​កែវ​មួយ ។ សូម​លូក​យក​ចម្រៀក​ក្រដាស​ទាំង​ឡាយ​ចេញ​ពី​ក្រឡ​កែវ​នេះ​ដើម្បី​ពិភាក្សា​រួម​គ្នា ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

យ៉ូហាន ១:១–៥

ព្រះយេស៊ូវ​គ្រីស្ទ « គង់នៅ​ជាមួយ​នឹង​ព្រះ​តាំង​អំពី​ដើម​មក » ។

  • តើ​យ៉ូហាន​បានបង្រៀន​អ្វី​ខ្លះ​អំពីព្រះ​គ្រីស្ទ​កាល​ពី​ជីវិតមុនផែនដី​នេះ ? ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី​ដឹង​អំពី​តួនាទី​ពី​ជីវិត​មុន​ផែនដី​របស់​ព្រះគ្រីស្ទ ? វា​អាច​ជា​ជំនួយ ពេល​សរសេរ​សំណួរ​ទាំងនេះ​នៅលើ​ក្ដារ​ខៀន ហើយ​សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​រកមើល​ចម្លើយ​នៅក្នុង យ៉ូហាន ១:១–៥ ( សូមមើល​ផងដែរ ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ យ៉ូហាន ១:១–៥ [ នៅក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ]; ម៉ូសេ ១:៣២–៣៣; Topical Guide « Jesus Christ, Antemortal Existence of » ) ។ សមាជិក​ក្នុង​ថ្នាក់​ក៏អាច​ចែកចាយ​អ្វី ដែល​ពួកគេ​បាន​រៀន​អំពី​តួនាទី​របស់​ព្រះអង្គ​សង្គ្រោះ​មុន​ជីវិត​លើ​ផែនដី​នេះ​មកពី « ព្រះគ្រីស្ទ​ដ៏មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ផងដែរ ។

  • ប្រសិនបើ​បងប្អូន​ចង់​ប្រើ​ខគម្ពីរ​ទាំងនេះ ដើម្បី​ពិភាក្សា​អំពី​ការបង្ក​បង្កើត​របស់​ព្រះអម្ចាស់ បងប្អូន​អាច​អាន យ៉ូហាន ១:៣ ហើយ​បង្ហាញ​រូបភាព​ដែល​រ៉ាយរ៉ាប់​អំពី​ភាពស្រស់​ស្អាត​របស់​ផែនដី​បាន ។ បងប្អូន​ក៏អាច​បង្ហាញ​វីដេអូ « Our Home » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) បាន​ផងដែរ ។ សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​របៀប​ដែល​ការ​បង្ក​បង្កើត​របស់​ព្រះអង្គ​សង្គ្រោះ ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​អារម្មណ៍​នូវ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ។

យ៉ូហាន ១:១–១៤

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ពន្លឺ ។

  • សូម​ពិចារណា​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​រកមើល​ឧទាហរណ៍​ទាំងអស់​អំពី​ពាក្យ ពន្លឺ នៅក្នុង យ៉ូហាន ១:១–១៤ ។ ហេតុអ្វី ពន្លឺ គឺជា​ពាក្យ​ដ៏ល្អ​មួយ​ដើម្បី​ពិពណ៌នា​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ? សមាជិក​ថ្នាក់​អាច​ចែកចាយ​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់​បាន​ផ្ដល់​ពន្លឺ​ខាង​វិញ្ញាណ​ដល់​ជីវិត​របស់​ពួកគេ ។ ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​នេះ បងប្អូន​អាច​អញ្ជើញ​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​អាន​បន្ថែម​ទៀត​អំពី​ពន្លឺ​នៃ​ព្រះគ្រីស្ទ​នៅក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៤:៤៥–៤៦; ៨៨:១១–១៣ ឬ​បងប្អូន​អាច​ឲ្យ​ពួកគេ​មើល « ពន្លឺ​នៃ​ព្រះគ្រីស្ទ » នៅក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។ តើ​យើង​អាច​ចែកចាយ​ពន្លឺ​របស់​ព្រះអង្គ​សង្គ្រោះ​ជាមួយ​នឹង​មនុស្ស​ដទៃ​បាន​ដោយ​របៀបណា ?

    រូបភាព
    ពន្លឺ​ព្រះអាទិត្យ​ជះ​រស្មី​តាម​គំនរ​ថ្ម​នៅ​ឆ្នេរ​សមុទ្រ

    ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់​ផ្ដល់​ពន្លឺ​ខាង​វិញ្ញាណ ។

  • ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ស្រមៃ​ឃើញ​អ្វី​ដែល​បាន​បង្រៀន​អំពី​ព្រះអង្គ​សង្គ្រោះ​នៅក្នុង យ៉ូហាន ១ នោះ​បងប្អូន​អាច​បង្ហាញ​រូបភាព​បីបួន​បាន ( រួមទាំង​រូបភាព​មកពី គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ) ដែល​បង្ហាញពី​ផ្នែក​នានា​នៃ​ព្រះជន្ម​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​បេសកកម្ម​ដ៏ទេវភាព​របស់​ទ្រង់ ។ សមាជិក​ក្នុង​ថ្នាក់​អាច​ស្រាវជ្រាវ យ៉ូហាន ១:១–១៤ ដោយ​រកមើល​ពាក្យ ឬ​ឃ្លា​ដែល​អាច​ប្រើ​ធ្វើ​ជា​ចំណង​ជើង​សម្រាប់​រូបភាព​ទាំងនោះ ។

យ៉ូហាន ១:៣៥–៥១

យើង​អាច​ទទួល​បាន​សាក្សី​ផ្ទាល់​ខ្លួន​របស់​យើង​អំពី​ព្រះអង្គ​សង្គ្រោះ រួច​ហើយ​អញ្ជើញ​មនុស្ស​ដទៃ​ទៀត​ឲ្យ « ចូរ​តាម​ខ្ញុំ​ទៅ​មើល » ។

  • នៅក្នុង យ៉ូហាន ១ ការអញ្ជើញ​ឲ្យ « ចូរ​តាម​ខ្ញុំ​ទៅ​មើល » មាន​លេច​ឡើង​នៅ​ពីរ​កន្លែង ( សូមមើល ខ​ទី ៣៩, ៤៦ ) ។ យើង​ប្រហែល​ជា​គ្មាន​ឱកាស​បាន​មើល​ឃើញ​ព្រះអង្គ​សង្គ្រោះ​ដោយ​ផ្ទាល់​ដូចជា អនទ្រេ និង​ណាថាណែល នោះ​ទេ ប៉ុន្តែ​យើង​អាច​ឆ្លើយតប​ចំពោះ​ការអញ្ជើញ​ដូច​គ្នា​នេះ​បាន ។ តើ « ចូរ​តាម​ខ្ញុំ​ទៅ​មើល » អាច​មាន​ន័យ​យ៉ាង​ដូចម្ដេច​នៅ​ជំនាន់​របស់​យើង ?

  • សមាជិក​ក្នុង​ថ្នាក់​អាច​អាន យ៉ូហាន ១:៣៥–៥១ ហើយ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​មកពី​ខគម្ពីរ​ទាំងនេះ​អំពី​ការអញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​មករៀន​អំពី​ព្រះគ្រីស្ទ ( សូមមើល​ផងដែរ « ធនធាន​បន្ថែម​ទាំងឡាយ » ឬ​វីដេអូ « Inviting Others to ‘Come and See’ » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ ពួកគេ​ក៏អាច​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​បាន​រកឃើញ​របៀប​សាមញ្ញ និង​ធម្មតា​ដើម្បី​អញ្ជើញ​មនុស្ស​ដទៃ​ឲ្យ « ចូរ​តាម​ខ្ញុំ​ទៅ​មើល » ផងដែរ ។

រូបភាព
រូប​តំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

យើង​អាច​អញ្ជើញ​មនុស្ស​ដទៃ​ឲ្យ « ចូរតាម​ខ្ញុំ​ទៅ​មើល » ។

អែលឌើរ នែល អិល អាន់ឌើរសិន បាន​បង្រៀន ៖

« ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​យើង​អំពី​របៀប​ចែក​ចាយ​ដំណឹងល្អ ។ ខ្ញុំ​ចូល​ចិត្ត​រឿង​របស់​អនទ្រេ ដែល​បាន​ទូល​សួរ​ថា ‹ លោក​គ្រូ តើ​លោក​នៅ​ឯ​ណា ? › [ យ៉ូហាន ១:៣៨ ] ។ ព្រះយេស៊ូវ​អាច​មាន​បន្ទូល​តប​ប្រាប់​ពី​ទីតាំង​ដែល​ទ្រង់​គង់​នៅ ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​មាន​បន្ទូល​ទៅ​អនទ្រេ​ថា ‹ ចូរ​តាម​ខ្ញុំ​ទៅ​មើល​ចុះ › [ យ៉ូហាន ១:៣៩ ] ។ ខ្ញុំ​ចូល​ចិត្ត​គិត​ថា ព្រះអង្គ​សង្គ្រោះ​កំពុង​មាន​បន្ទូល​ថា ‹ ចូរ​តាម​ខ្ញុំ​ទៅ​មើល​ពុំ​មែន​គ្រាន់​តែ​កន្លែង​ដែល​ខ្ញុំ​រស់​នៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពី​របៀប​ដែល​ខ្ញុំ​រស់​នៅ​ផង ។ ចូរ​តាម​ខ្ញុំ​ទៅ​មើល​ថាតើ​ខ្ញុំ​ជា​នរណា ។ ចូរ​តាម​ខ្ញុំ​ដើម្បី​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ › ។ យើង​មិន​ដឹង​អ្វី​គ្រប់​យ៉ាង​អំពី​ថ្ងៃ​នោះ​ទេ តែ​យើង​ពិតជា​ដឹង​ថា ពេល អនទ្រេ រកឃើញ​បងប្រុស​គាត់​គឺ ស៊ីម៉ូន ហើយ គាត់​ប្រកាស​ថា ‹ យើង​បាន​ឃើញ … ព្រះគ្រីស្ទ › [ យ៉ូហាន ១:៤១ ] ។

« ចំពោះ​ជន​ដែល​បង្ហាញ​ចំណាប់​អារម្មណ៍​នៅ​ក្នុង​ការ​សន្ទនា​របស់​យើង យើង​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​អញ្ជើញ​ពួកគេ​ឲ្យ ‹ តាម​ទៅ​មើល › ។ មនុស្ស​ខ្លះ​នឹង​ទទួល​យក​ការ​អញ្ជើញ​របស់​យើង ហើយ​មនុស្ស​ខ្លះ​ទៀត​នឹង​បដិសេធ ។ យើង​ទាំងអស់​គ្នា​ស្គាល់​មនុស្ស​ដែល​ត្រូវបាន​អញ្ជើញ​ច្រើន​ដង មុននឹង​ទទួល​ការអញ្ជើញ​ឲ្យ ‹ ចូរ​តាម​ខ្ញុំ​ទៅមើល › » ( « It’s a Miracle » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៧៩ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ប្រៀប​ប្រដូច​បទគម្ពីរ​ទៅនឹង​ខ្លួនគេ ។ ការអញ្ជើញ​ដូចគ្នា​នេះ​ដែល​ព្រះគ្រីស្ទ​បាន​ប្រទាន​ដល់​ពួក​សិស្ស​របស់​ទ្រង់—ចូរ​តាម​ខ្ញុំ​ទៅ​មើល—អាច​ជួយ​មនុស្ស​ដែល​បងប្អូន​បង្រៀន ឲ្យ​មាន​បំណង​ប្រាថ្នា​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ ។ សូម​លើក​ទឹកចិត្ត​អ្នករៀន​ឲ្យ​អនុវត្ត​គោលការណ៍​នានា ដែល​មាន​នៅក្នុង​បទគម្ពីរ​ទាំងនោះ​ទៅនឹង​ជីវិត​របស់​ពួកគេ​ផ្ទាល់ ហើយ​អញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​ធ្វើ​ដូចគ្នា​ដែរ ។ ( សូមមើល នីហ្វៃ​ទី​១ ១៩:២៣; ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២១ ) ។