ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ១៦–២២ ខែ មករា ។ យ៉ូហាន ១ ៖ យើង​បានឃើញ​ព្រះមែស៊ីហើយ


« ថ្ងៃទី ១៦–២២ ខែ មករា ។ យ៉ូហាន ១ ៖ យើង​បានឃើញ​ព្រះមែស៊ីហើយ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ១៦–២២ ខែ មករា ។ យ៉ូហាន ១ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣

រូបភាព
ស្ត្រី​ម្នាក់​កំពុង​ចែកចាយ​ដំណឹងល្អ នៅ​ស្ថានីយ៍​រថភ្លើង

ថ្ងៃទី ១៦–២២ ខែ មករា

យ៉ូហាន ១

យើង​បានឃើញ​ព្រះមែស៊ីហើយ

នៅ​ពេល​បងប្អូន​អាន ហើយ​ពិចារណា យ៉ូហាន ១ សូម​កត់ត្រា​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ ដែល​បងប្អូន​បាន​ទទួល ។ តើ​សារលិខិត​អ្វីខ្លះ​ដែល​បងប្អូន​រកឃើញ​ថា​មាន​តម្លៃ​បំផុត​ចំពោះ​បងប្អូន និង​គ្រួសារ​របស់​បងប្អូន ? តើ​បងប្អូន​អាច​ចែកចាយ​អ្វី​ខ្លះ​នៅក្នុង​ថ្នាក់​រៀន​នៅឯ​ព្រះវិហារ​របស់​បងប្អូន ?

កត់ត្រា​ចំណាប់អារម្មណ៍​របស់​បងប្អូន

តើ​បងប្អូន​ធ្លាប់​ងឿង​ឆ្ងល់​ថា​តើ​បងប្អូន​នឹង​ទទួល​ស្គាល់​ព្រះយេស៊ូវ​នៃ​ស្រុក​ណាសារ៉ែត​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ឬទេ ប្រសិន​បើ​បងប្អូន​បាន​រស់​នៅ​ក្នុង​ជំនាន់​នៃ​ការ​បម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់​នោះ ? អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ពួក​អ៊ីស្រាអែល​ដ៏​ស្មោះត្រង់ រួម​មាន​ទាំង អនទ្រេ ពេត្រុស ភីលីព និង ណាថាណែល បាន​រង់ចាំ ហើយ​អធិស្ឋាន​សម្រាប់​ការ​យាងមក​របស់​ព្រះមែស៊ី ដែល​បាន​សន្យា​នោះ ។ តើ​ពួកគេ​បាន​ជួប​ទ្រង់​នៅ​ពេល​ណា តើ​ពួកគេ​ស្គាល់​ថា​ទ្រង់​គឺ​ជា​ព្រះ​ដែល​ពួកគេ​កំពុង​ស្វែងរក​ដោយ​របៀប​ណា ? យើង​ទាំង​អស់​គ្នា​មក​ស្គាល់​ព្រះអង្គសង្គ្រោះ​តាម​របៀប​ដូចគ្នា—ដោយ​ការ​ទទួល​យក​ការ​អញ្ជើញ​ឲ្យ « ចូរ​តាម​ខ្ញុំ​ទៅមើល » ដោយ​ខ្លួន​យើង ( យ៉ូហាន ១:៣៩ ) ។ យើង​អាន​អំពី​ទ្រង់​នៅក្នុង​បទគម្ពីរ ។ យើង​ស្ដាប់​ឮ​គោលលទ្ធិ​របស់​ទ្រង់ ។ យើង​សង្កេត​មើល​របៀប​ដែល​ទ្រង់​រស់​នៅ ។ យើង​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​របស់​ទ្រង់ ។ នៅលើ​ដំណើរ​នេះ យើង​ក៏​បាន​រកឃើញ ដូចជា​ណាថាណែល​បាន​រកឃើញ​ដែរ​ថា ព្រះអង្គសង្គ្រោះ​ស្គាល់​យើង ហើយ​ស្រឡាញ់​យើង ព្រមទាំង​ចង់​រៀបចំ​យើង​ឲ្យ​ទទួល « ការណ៍​ដ៏​ធំ​វិសេស » ( យ៉ូហាន ១:៥០ ) ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

តើ​យ៉ូហាន​ជា​នរណា ?

យ៉ូហាន​គឺ​ជា​សិស្ស​មួយ​រូប​របស់​យ៉ូហាន-បាទីស្ទ ហើយ​ក្រោយ​មក​ក្លាយ​ជា​អ្នក​ដើរ​តាម​ម្នាក់​នៃ​អ្នកដើរ​តាម​ដំបូង​គេ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ជា​សាវក​ម្នាក់​ក្នុង​ចំណោម​សាវក​ដប់ពីរ​នាក់​របស់​ទ្រង់ ។ លោក​បាន​សរសេរ​ដំណឹងល្អ​របស់​យ៉ូហាន បាន​សរសេរ​សំបុត្រ​ជា​ច្រើន​ច្បាប់ និង​បាន​សរសេរ​គម្ពីរ​នៃ​វិវរណៈ ។ នៅក្នុង​ដំណឹងល្អ​របស់​លោក លោក​បានហៅ​ខ្លួន​លោក​ថា​ជា​សិស្ស « ម្នាក់​ដែល​ព្រះយេស៊ូវ​ស្រឡាញ់ » និង « សិស្ស​មួយ​នោះ » ( យ៉ូហាន ១៣:២៣; ២០:៣ ) ។ ការខ្នះខ្នែង​របស់​យ៉ូហាន​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹងល្អ​គឺ​ខ្លាំង​ក្លា​ណាស់ លោក​បាន​ស្នើសុំ​នៅលើ​ផែនដី រហូត​ដល់​ការ​យាងមក​ជា​លើក​ទីពីរ​របស់​ព្រះអង្គសង្គ្រោះ ដើម្បី​លោក​អាច​នាំ​ព្រលឹង​ជាច្រើន​មក​រក​ព្រះគ្រីស្ទ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៧:១–៦ ) ។

សូមមើល​ផងដែរ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ « យ៉ូហាន » « យ៉ូហាន, កូន​ប្រុស​របស់​សេបេដេ » ។

យ៉ូហាន ១:១–៥

ព្រះយេស៊ូវគ្រីស្ទ « គង់​នៅ​ជា​មួយ​នឹង​ព្រះ​តាំង​អំពី​ដើម​មក » ។

យ៉ូហាន​បាន​ចាប់​ផ្ដើម​ដំណឹងល្អ​របស់​លោក​ដោយ​ការ​ពិពណ៌នា​អំពី​កិច្ចការ​ដែល​ព្រះគ្រីស្ទ​បាន​ធ្វើ​ពីមុន​ទ្រង់​ប្រសូត ៖ « កាល​ដើម​ដំបូង​…មាន​ព្រះបន្ទូល [ ព្រះយេស៊ូវ​គ្រីស្ទ ] គង់​នៅ​ជាមួយ​នឹង​ព្រះ » ។ តើ​បងប្អូន​រៀន​អ្វី​ខ្លះ​មកពី ខទី ១–៥ អំពី​ព្រះអង្គសង្គ្រោះ និង​កិច្ចការ​របស់​ទ្រង់ ? បងប្អូន​អាច​ស្វែងរក​ការបញ្ជាក់​ដ៏​មាន​គុណប្រយោជន៍​នៅក្នុង ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ យ៉ូហាន ១:១–៥ ( នៅក្នុង ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ) ។ នៅ​ពេល​បងប្អូន​ចាប់​ផ្ដើម​ការ​សិក្សា​របស់​បងប្អូន​អំពី​ជីវិត​របស់​ព្រះអង្គសង្គ្រោះ ហេតុអ្វី​ក៏​វា​សំខាន់​ដើម្បី​ដឹង​អំពី​កិច្ចការ​នៃ​ព្រះជន្ម​មុនផែនដី​របស់​ទ្រង់ ?

សូមមើល​ផងដែរ Gospel Topics « Jesus Christ Chosen as Savior » នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ។

យ៉ូហាន ១:១–១៨

ព្រះយេស៊ូវគ្រីស្ទ​គឺជា « ពន្លឺ​ដ៏​ពិត » ជា​ព្រះរាជបុត្រា​របស់​ព្រះ ។

យ៉ូហាន​ត្រូវ​បាន​បំផុស​គំនិត​ឲ្យ​ស្វែងរក​ព្រះអង្គ​សង្គ្រោះ ដោយសារ​តែ​ទីបន្ទាល់​របស់​យ៉ូហាន‑បាទីស្ទ ដែល​បាន​ប្រកាស​ថា លោក « គឺ​មក​គ្រាន់​តែ​នឹង​ធ្វើ​បន្ទាល់​ពី … ពន្លឺ​ដ៏​ពិត » ( យ៉ូហាន ១:៨–៩ ) ។ យ៉ូហាន​ផ្ទាល់​ក៏​បាន​ថ្លែង​ទីបន្ទាល់​ដ៏​មាន​អានុភាព​អំពី​ព្រះជន្ម និង​បេសកកម្ម​របស់​ព្រះអង្គសង្គ្រោះ ។

វា​អាច​នឹង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដើម្បី​ធ្វើ​បញ្ជី​អំពីសេចក្ដីពិត​ដែល​យ៉ូហាន​បាន​ដាក់​បញ្ចូល​នៅក្នុង​ទីបន្ទាល់​ដំបូង​របស់​លោក​អំពី​ព្រះគ្រីស្ទ ( ខទី ១–១៨; សូមមើល​ផងដែរ ការបកប្រែ​របស់​យ៉ូសែប ស្ម៊ីធ, យ៉ូហាន ១:១–១៩ [ នៅក្នុង ការបកប្រែ​របស់​យ៉ូសែប ស្ម៊ីធ ] ) ។ ហេតុអ្វី​បងប្អូន​គិត​ថា យ៉ូហាន​បាន​ចាប់​ផ្ដើម​ដំណឹងល្អ​របស់​លោក​ជាមួយ​នឹង​សេចក្ដីពិត​ទាំង​នេះ​ដូច្នេះ ? សូមពិចារណា​ធ្វើ​ការសរសេរ​អំពី​សាក្សី​របស់​បងប្អូន​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ—តើ​បងប្អូន​នឹង​ចង់​ចែកចាយ​អំពី​អ្វីខ្លះ ? តើ​បទពិសោធន៍​អ្វី​ខ្លះ​ដែល​បាន​ជួយ​បងប្អូន​ឲ្យ​មក​ស្គាល់ ហើយ​ដើរ​តាម​ព្រះអង្គសង្គ្រោះ ? តើ​នរណា​ខ្លះ​អាច​នឹង​ត្រូវ​បាន​ប្រទានពរ តាមរយៈ​ការ​ស្ដាប់​ឭ​ទីបន្ទាល់​របស់​បងប្អូន ?

យ៉ូហាន ១:១១–១៣

ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​ដល់​យើង​នូវ « អំណាចឲ្យ​បាន​ត្រឡប់ » ជា​បុត្រា និង​បុត្រី​របស់​ព្រះ ។

ទោះបីជា​យើង​ទាំង​អស់​គ្នា​គឺ​ជា​បុត្រា និង​បុត្រី​ខាង​វិញ្ញាណ​របស់​ព្រះ​ក្តី ក៏​នៅពេល​យើង​មាន​អំពើបាប នោះ​យើង​បាន​ឃ្លាត​ឆ្ងាយ ឬ​បំបែក​ចេញ​ពី​ទ្រង់​ដែរ ។ ព្រះយេស៊ូវ​គ្រីស្ទ​ប្រទាន​មធ្យោបាយ​ដល់​យើង​តាម​រយៈ​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ។ សូម​ពិចារណា​ពី​អ្វី យ៉ូហាន ១:១១–១៣ បង្រៀន​អំពី​ការបានត្រឡប់​ជា​បុត្រី និង​បុត្រា​របស់​ព្រះ ។ សូម​ពិចារណា​ផងដែរ​ពី​អ្វី​ដែល​បទគម្ពីរ​ទាំង​នេះ​បង្រៀន អំពី​របៀប​ដែល​យើង​ទទួល​បាន​អំណោយ​នេះ ៖ រ៉ូម ៨:១៤–១៨; ម៉ូសាយ ៥:៧–៩; គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៥:១ ។ តើ​ការមាន « អំណាចឲ្យ​បាន​ត្រឡប់ » ជា​បុត្រី និង​បុត្រា​របស់​ព្រះ មានន័យ​យ៉ាងដូចម្តេច​ចំពោះ​បងប្អូន ?

យ៉ូហាន ១:១៨

ព្រះវរបិតា​ថ្លែង​ទី​បន្ទាល់​អំពី​ព្រះរាជបុត្រា​របស់​ទ្រង់ ។

យ៉ូហាន ១:១៨ ចែង​ថា​ពុំ​មាន​នរណា​ម្នាក់​បាន​ឃើញ​ព្រះ​នោះ​ទេ ។ ទោះជា​យ៉ាង​ណា ការបកប្រែ​ដោយ​យ៉ូសែប ស៊្មីធ នៃ​ខគម្ពីរ​នេះ​បញ្ជាក់​ថា « គ្មាន​អ្នក​ណា​ដែល​ឃើញ​ព្រះ​ក្នុង​ពេល​ណា​មួយ​ឡើយ លើក​លែងតែ​អ្នក​នោះ​បាន​ធ្វើ​ទី​បន្ទាល់​ពី​ព្រះ​រាជ​បុត្រា​ប៉ុណ្ណោះ » ( សូមមើល ក.យ.ស., យ៉ូហាន ១:១៩ ) ។ សូម​ពិចារណា​ក្នុង​ការពិនិត្យ​មើល​ឧទាហរណ៍​ដូច​តទៅ​នេះ ដែល​មនុស្ស​បាន​ឮ​ព្រះ​ជា​ព្រះវរបិតា​ធ្វើ​បន្ទាល់​អំពី​ព្រះរាជបុត្រា​របស់​ទ្រង់ ៖ ម៉ាថាយ ៣:១៧; ១៧:៥; នីហ្វៃទី៣ ១១:៦–៧; យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:១៧ ។

ហេតុ​អ្វី​វាគឺជា​ពរជ័យ​មួយ​ក្នុង​ការមាន​កំណត់ត្រា​ទាំងនេះ ? តើ​កំណត់ត្រា​ទាំងនេះ​បង្រៀន​បងប្អូន​អ្វីខ្លះ អំពី​ទំនាក់ទំនង​របស់​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​នឹង​ព្រះវរបិតា​របស់​ទ្រង់ ?

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្នុង​គ្រួសារ

រូបភាព
យុវនារី​កំពុង​អាន​ព្រះគម្ពីរ

នៅពេល​យើង​សិក្សា​ព្រះគម្ពីរ នោះ​យើង​នឹង​ទទួល​បាន​ការ​បំផុសគំនិត​សម្រាប់​ជីវិត​រស់​នៅ​របស់​យើង ។

យ៉ូហាន ១:៤–១០ ។តើ​បងប្អូន​អាច​ជួយ​គ្រួសារ​របស់​បងប្អូន​ឲ្យ​មើល​ឃើញ​អ្វី​ដែល​ពួកគេ​អាន​អំពី​ពន្លឺ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​បាន​យ៉ាង​ដូចម្ដេច ? បងប្អូន​អាច​ឲ្យ​សមាជិក​គ្រួសារ​បងប្អូន​បើក​ពន្លឺ​ភ្លើង​បំភ្លឺ​នៅក្នុង​បន្ទប់​ងងឹត​មួយ ហើយ​ចែកចាយ​អំពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ គឺ​ជា​ពន្លឺ​នៅ​ក្នុង​ជីវិត​រស់​នៅ​របស់​ពួកគេ ។ បន្ទាប់​មក នៅ​ពេល​បងប្អូន​អាន យ៉ូហាន ១:៤–១០ សមាជិក​គ្រួសារ​អាច​មាន​គំនិត​បន្ថែម​ចំពោះ​ទីន្ទាល់​របស់​យ៉ូហាន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ថា​ជា​ពន្លឺ​នៃ​លោកិយ ។

យ៉ូហាន ១:៣៥–៣៦ ។ហេតុអ្វី​បានជា យ៉ូហាន‑បាទីស្ទ ហៅ​ព្រះយេស៊ូវ​ថា​ជា « កូនចៀម​នៃ​ព្រះ » ? តើ​យើង​រៀន​អ្វី​ខ្លះ​អំពី​ព្រះគោរមងា​នេះ​មកពី​សារលិខិត​របស់​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន « Behold the Lamb of God » ឬ​សារលិខិត​របស់​អែលឌើរ ហ្គើរីត ដបុលយូ ហ្គង « Good Shepherd, Lamb of God » ? (Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៤៤–៤៦, ៩៧–១០១ ) ។

យ៉ូហាន ១:៣៥–៤៦ ។តើ​អ្វី​ទៅ​ជា​លទ្ធផល​នៃ​ទីបន្ទាល់​របស់​យ៉ូហាន ? តើ​គ្រួសារ​របស់​បងប្អូន​អាច​រៀន​អ្វី​ខ្លះ​មក​ពី​មនុស្ស​ដែល​បាន​ពិពណ៌នា​នៅក្នុង​ខគម្ពីរ​ទាំងនេះ​អំពី​របៀប​ចែកចាយ​ដំណឹងល្អ ? សូមមើល​វីដេអូ « Inviting Others to ‹ Come and See ›» ផងដែរ ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

យ៉ូហាន ១:៤៥–៥១ ។តើ​ណាថាណែល​បាន​ធ្វើ​អ្វីខ្លះ ដើម្បី​ជួយ​គាត់​ទទួល​បាន​ទីបន្ទាល់​មួយ​អំពី​ព្រះអង្គសង្គ្រោះ ? សូម​ឲ្យសមាជិក​គ្រួសារ​និយាយ​អំពី​របៀប​ដែល​ពួកគេ​បាន​ទទួល​ទីបន្ទាល់​របស់​ពួកគេ ។

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

សូមមើលផងដែរ « ទ្រង់​ជាពន្លឺ​ខ្ញុំ » ទំនុកតម្កើង លេខ ៣៩ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ចែកចាយ​មេរៀន​ប្រើ​វត្ថុ ។ សូម​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​ស្វែង​រក​កម្ម​វត្ថុ​ទាំងឡាយ​ដែល​ពួកគេ​អាច​ប្រើ​ដើម្បី​ជួយ​ពួកគេ​ឲ្យយល់​គោលការណ៍​ទាំងឡាយ​ដែល​បាន​រក​ឃើញ​នៅក្នុង​ព្រះគម្ពីរ​ដែល​ពួកគេ​កំពុង​អាន​ជាមួយ​នឹង​គ្រួសារ​មួយ ។ ជា​ឧទាហរណ៍ ពួកគេ​អាច​ប្រើ​ទៀន​ដើម្បី​តំណាង​ឲ្យ​ពន្លឺ​នៃ​ព្រះគ្រីស្ទ ( សូមមើល យ៉ូហាន ១:៤) ។

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ​កំពុង​បង្កើត​ផែនដី

ព្រះយេហូវ៉ា​បង្កើត​ផែនដី ដោយ វ៉លធើរ រ៉េន