ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
លំនាំ​សម្រាប់​ការបង្រៀន


« លំនាំ​សម្រាប់​ការបង្រៀន » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« លំនាំ​សម្រាប់​ការបង្រៀន » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

រូបភាព
យុវវ័យ​កំពុង​សិក្សា​ព្រះគម្ពីរ

លំនាំ​សម្រាប់​ការបង្រៀន

គម្រោង​មេរៀន​នីមួយៗ​នៅក្នុង​ធនធាន​នេះ​ធ្វើតាម​លំនាំ​មួយ ដែល​អញ្ជើញ​ឲ្យ​មាន​ការចែកចាយ និង​ការបង្រៀន​ពី​គោលលទ្ធិ ។ នៅ​ក្នុង​ករណី​ជាច្រើន នៅ​ពេល​បងប្អូន​បង្រៀន នោះ​ចំណុច​សំខាន់​ទាំងឡាយនៃ​លំនាំ​នេះ​អាច​នឹង​ជាន់​គ្នា ឬ​ខុស​លំដាប់​លំដោយ​គ្នា ។ ឧទាហរណ៍ សូម​ពិចារណា​ថា ការ​ចែក​ចាយ​គឺជា​ឱកាស​មួយ​ដើម្បី​បង្រៀន​គោលលទ្ធិ ហើយ​ការបង្រៀន​គោលលទ្ធិ​គួរតែ​ទាក់ទង​នឹង​ការអញ្ជើញ​ឲ្យ​ចែកចាយ ។ សូម​អនុញ្ញាត​ឲ្យ​មាន​ការកែតម្រូវ​នៅក្នុង​លំនាំ​នេះ ដើម្បី​ប្រព្រឹត្ត​ទៅ​តាម​សម្រួល ដោយ​ធ្វើតាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អស់​អ្នក​ដែល​បងប្អូន​បង្រៀន ។

អញ្ជើញ​ឲ្យ​ចែកចាយ

ជា​ផ្នែក​មួយ​នៃ​គ្រប់​ម៉ោង​រៀន​ទាំងអស់ សូម​អញ្ជើញ​សមាជិក​ថ្នាក់​ឲ្យ​ចែកចាយ​ការយល់ដឹង និង​បទពិសោធន៍​ដែល​ពួកគេ​បាន​មាន​កាលពី​សប្ដាហ៍​មុន កាល​ពួកគេ​បាន​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន និង​ជា​ក្រុមគ្រួសារ ហើយ​បាន​អនុវត្ត​អ្វី​ដែល​ពួកគេ​បាន​រៀន ។ សូម​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​មើល​ឃើញ​ថា ការរៀនសូត្រ​ផ្ទាល់ខ្លួន​របស់​ពួកគេ​នៅ​ក្រៅ​ថ្នាក់រៀន​គឺ​មាន​សារៈសំខាន់​ណាស់ ។ ការសន្ទនា​ជា​លក្ខណៈ​បុគ្គល​របស់​ពួកគេ​ទៅកាន់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​មិនមែន​ធ្វើឡើង ត្រឹមតែ​តាមរយៈ​ការរៀនសូត្រ​នៅ​ថ្ងៃអាទិត្យ​នោះ​ទេ ប៉ុន្ដែ​ក៏​តាមរយៈ​បទពិសោធន៍​ប្រចាំថ្ងៃ​របស់​ពួកគេ​ផងដែរ ។ នៅពេល​សមាជិក​ក្នុង​ថ្នាក់​ស្ដាប់​ឮ​បទពិសោធន៍ និង​ទីបន្ទាល់​របស់​គ្នា​ទៅវិញ​ទៅ​មក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ នោះ​ពួកគេ​ទំនង​ជា​ស្វែងរក​បទពិសោធន៍​ស្រដៀងគ្នា​នេះ​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់​ខ្លាំង​ជាង​មុន ។

ពុំ​មែន​មនុស្ស​គ្រប់​គ្នា​នឹង​អាន​គ្រប់​ជំពូក​នៅក្នុង​មេរៀន​នីមួយៗ​នេះ​ទេ ហើយ​សូម្បី​តែ​មនុស្ស​មួយ​ចំនួន​ដែល​បាន​អានក្ដី ក៏​ប្រហែល​ជា​ពុំ​មាន​អារម្មណ៍​កក់ក្តៅ​នឹង​ចែកចាយ​ឡើយ ។ សូម​ធានា​ឲ្យ​បាន​ថា សមាជិក​ក្នុង​ថ្នាក់​ទាំងអស់​មាន​អារម្មណ៍​ថា ពួកគេ​គឺជា​ចំណែក​មួយ​ដ៏​មាន​តម្លៃ​នៅ​ក្នុង​ថ្នាក់ មិន​ថា​ពួកគេ​មាន​អ្វី​មួយ​ដើម្បី​ចែកចាយ​ឬ​អត់​នោះ​ទេ ។

បង្រៀន​គោលលទ្ធិ

បងប្អូន និង​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​គួរ​ផ្ដោត​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​គោលលទ្ធិ​របស់​ទ្រង់—ជា​សេចក្ដី​ពិត​ដ៏​អស់កល្ប​ជានិច្ច​នៃ​ដំណឹងល្អ—ដែល​មាន​នៅក្នុង​វគ្គ​បទគម្ពីរ​ដែល​បាន​ចាត់​ឲ្យ ។ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ អាច​ជួយ​បងប្អូន​ឲ្យ​យល់​ពី​គោលលទ្ធិ​ដែល​បងប្អូន​នឹង​បង្រៀន​បាន​កាន់តែ​ប្រសើរ​ឡើង ។ នៅពេល​បងប្អូន​ពិភាក្សា​ពី​គោលលទ្ធិ​នៅក្នុង​បទគម្ពីរ តើ​ខគម្ពីរ ពាក្យ​ដក​ស្រង់ បទពិសោធន៍ សំណួរ និង​ធនធាន​បន្ថែម​ណាខ្លះ​ដែល​បងប្អូន​គប្បី​ចែកចាយ ? តើ​បងប្អូន​នឹង​ប្រើ​ធនធាន​ទាំងនេះ​ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​រក​ឃើញ ហើយ​យល់​ពី​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​តាម​របៀប​ណា ? តើ​បងប្អូន​អាច​ជួយ​ពួកគេ​ឲ្យ​ស្ថាបនា​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?