ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
បងប្អូន​គឺជា​គ្រូបង្រៀន​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ


« បងប្អូន​គឺជា​គ្រូបង្រៀន​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ​២០២២ )

« បងប្អូន​គឺជា​គ្រូបង្រៀន​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

រូបភាព
ព្រះយេស៊ូវ​កំពុង​បង្រៀន​ប្រជាជន​នៅ​ជម្រាល​ភ្នំ

បងប្អូន​គឺជា​គ្រូបង្រៀន​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ

ព្រះ​ហៅ​បងប្អូន​ឲ្យ​បង្រៀន​បុត្រា​បុត្រី​របស់​ទ្រង់​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ បងប្អូន​ត្រូវបាន​ញែកចេញ​ឲ្យ​មាន​ការហៅ​នេះ​ដោយ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ ទោះ​បី​ជា​បងប្អូន​គ្មាន​បទពិសោធន៍​ជា​គ្រូ​បង្រៀន​ក៏​ដោយ នៅ​ពេល​បងប្អូន​រស់​នៅ​ដោយ​ស័ក្ដិសម អធិស្ឋាន​ប្រចាំ​ថ្ងៃ ហើយ​សិក្សា​ព្រះគម្ពីរ នោះ​ព្រះវរបិតា​សួគ៌​នឹង​ប្រទាន​ឥទ្ធិពល និង​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ជួយ​បងប្អូន​ឲ្យ​ទទួល​បាន​ជោគជ័យ ( សូម​មើល នីហ្វៃ​ទី​២ ៣៣:១ ) ។

អស់​អ្នក​ដែល​ត្រូវបាន​ទុកចិត្ត​ឲ្យ​បងប្អូន​មើលថែ គឺជា​បុត្រា​បុត្រី​របស់​ព្រះវរបិតាសួគ៌ ហើយ​ទ្រង់​ញាណដឹង​ពី​អ្វី​ដែល​ពួកគេ​ត្រូវការ និង​ពី​របៀប​ដ៏​ល្អ​បំផុត​ដើម្បី​ជួយ​ដល់​ពួកគេ ។ នៅពេល​បងប្អូន​អធិស្ឋាន​ស្វែងរក​ឥទ្ធិពល​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ទ្រង់​នឹង​ដឹកនាំ​បងប្អូន នៅពេល​បងប្អូន​រៀបចំ​មេរៀន និង​ពេល​ដែល​បងប្អូន​កំពុង​បង្រៀន ។ ទ្រង់​នឹង​បើក​សម្ដែង​ដល់​បងប្អូន​នូវ​អ្វី​ដែល​បងប្អូន​គួរ​និយាយ និង​អ្វី​ដែល​បងប្អូន​គួរ​ធ្វើ ( សូមមើល នីហ្វៃ​ទី​២ ៣២:៥ ) ។

គោលបំណង​ដ៏​សំខាន់​នៃ​ការបង្រៀន និង​ការរៀនសូត្រ​ដំណឹងល្អ​គឺ ដើម្បី​ពង្រឹង​ការប្រែចិត្ត​ជឿ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូ​គ្រីស្ទ​ឲ្យ​កាន់តែ​ស៊ីជម្រៅ ។ គោលដៅ​របស់​បងប្អូន​ក្នុង​នាម​ជា​គ្រូបង្រៀន​ម្នាក់​គឺ ដើម្បី​ជួយ​មនុស្ស​ដែល​បងប្អូន​បង្រៀន​ឲ្យ​ធ្វើ​អស់​ពី​លទ្ធភាព​របស់​ពួកគេ ដើម្បី​ប្រែចិត្ត​ជឿ​កាន់តែ​ខ្លាំង—ជា​ការខិតខំ​មួយ​លើស​ពី​ម៉ោង​រៀន​នៅក្នុង​ថ្នាក់រៀន​ទៅ​ទៀត ។ សូម​អញ្ជើញ​អស់​អ្នក​ដែល​បងប្អូន​បង្រៀន​ឲ្យ​ចូលរួម​យ៉ាង​សកម្ម​នៅក្នុង​ការរៀនសូត្រ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ហើយ​ធ្វើតាម​អ្វី​ដែល​ពួកគេ​រៀន ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ដើម្បី​ធ្វើ​ឲ្យ​ការសិក្សា​ផ្ទាល់ខ្លួន និង​ជា​គ្រួសារ​នៅក្រៅ​ម៉ោង​សិក្សា គឺជា​ប្រភព​ដ៏​សំខាន់​នៃ​ការរៀនសូត្រ​ដំណឹងល្អ​របស់​ពួកគេ ។ នៅពេល​ពួកគេ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​តាមរយៈ​ការសិក្សា​ផ្ទាល់ខ្លួន និង​ជា​ក្រុម​គ្រួសារ នោះ​ពួកគេ​នឹង​យាង​អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​គង់​ក្នុង​ជីវិត​របស់​ពួកគេ ហើយ​ព្រះវិញ្ញាណ​គឺជា​អង្គ​ដែល​នាំ​មកនូវ​ការប្រែចិត្ត​ជឿ​ដ៏​ពិត ។ អ្វីគ្រប់​យ៉ាង​ដែល​បងប្អូន​ធ្វើ​ក្នុង​នាម​ជា​គ្រូបង្រៀន​គួរតែ​បង្ហាញ​ពី​គោលដៅ​ដ៏​ពិសិដ្ឋ​នេះ ។

សូម​បង្រៀន​តែ​គោលលទ្ធិ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដូច​ដែល​មាន​នៅក្នុង​បទគម្ពីរ និង​ប្រសាសន៍​របស់​ពួកព្យាការី​ថ្ងៃ​ចុងក្រោយ​ប៉ុណ្ណោះ ។ គោលលទ្ធិ​បរិសុទ្ធ—ដែល​ជា​សេចក្ដី​ពិត​អស់កល្ប ពុំ​ផ្លាស់ប្ដូរ​ដែល​ព្រះ និង​ពួក​អ្នកបម្រើ​របស់​ទ្រង់​បាន​បង្រៀន—យាង​អញ្ជើញ​ព្រះវិញ្ញាណ ហើយ​មាន​អានុភាព​ដើម្បី​ផ្លាស់ប្ដូរ​ជីវិត ។

ការហៅ​ឲ្យ​បង្រៀន​គឺជា​ការទុកចិត្ត​ដ៏​ពិសិដ្ឋ​មួយ ហើយ​ពេលខ្លះ​វា​គឺជា​រឿង​ធម្មតា​ទេ ដែល​មាន​អារម្មណ៍​ស្មុគស្មាញ​នោះ ។ ប៉ុន្ដែ​សូម​ចងចាំ​ថា ព្រះវរបិតាសួគ៌​របស់​បងប្អូន​បាន​ហៅ​បងប្អូន ហើយ​ទ្រង់​នឹង​មិន​ដែល​បោះបង់​បងប្អូន​ចោល​ឡើយ ។ នេះ​គឺជា​កិច្ចការ​របស់​ព្រះអម្ចាស់ ហើយ​នៅពេល​បងប្អូន​បម្រើ « អស់​ពី​ចិត្ត អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤:២ ) នោះ​ទ្រង់​នឹង​ពង្រីក​សមត្ថភាព អំណោយទាន និង​ទេពកោសល្យ​របស់​បងប្អូន ហើយ​ការបម្រើ​របស់​បងប្អូន​នឹង​ផ្តល់ជា​ពរជ័យ​ដល់​ជីវិត​មនុស្ស​ដែល​បងប្អូន​បង្រៀន ។