គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២១
ថ្ងៃទី ៨–១៤ ខែ មីនា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ២៣-២៦ ៖ « ចម្រើន​កម្លាំង​ដល់​សាសនាចក្រ​ »


« ថ្ងៃទី ៨–១៤ ខែ មីនា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ២៣-២៦ ៖ ‹ ចម្រើន​កម្លាំង​ដល់​សាសនាចក្រ​ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ៨–១៤ ខែ មីនា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ២៣-២៦ »​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

រូបភាព
អិមម៉ា ស្ម៊ីធ

ថ្ងៃទី ៨–១៤ ខែ មីនា

គោលលទ្ធិ និង សេចក្តី​សញ្ញា ២៣-២៦

« ចម្រើន​កម្លាំង​ដល់​សាសនាចក្រ »

ពីមុន​អាន​គម្រោង​មេរៀន​នេះ សូម​អាន គោលលទ្ធិ និង សេចក្តី​សញ្ញា ២៣-២៦ ហើយ​ពិចារណា​ពី​គោលការណ៍​ដែល​អ្នក​មាន​អារម្មណ៍​ថា វា​នឹង​ពង្រឹង​ដល់​សិស្ស​របស់​អ្នក ។ បន្ទាប់​មក​សូម​ពិចារណា​ថាតើ​ធនធាន​អ្វីខ្លះ​ដែល​នឹង​ជួយ​អ្នក​បង្រៀន ដោយ​រួម​បញ្ចូល​នូវ​ធនធាន​ដែល​បាន​ណែនាំ​នៅ​ក្នុង​គម្រោង​មេរៀន​នេះ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបភាព
រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

តើ​យើង​បាន​ដក​ពិសោធន៍​ពរជ័យ​អ្វីខ្លះ នៅពេល​យើង « ចំណាយ​ពេល​វេលា​របស់[យើង] ដើម្បី​ការ​សិក្សា​ព្រះ​គម្ពីរ » ? ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២៦:១ ) ។ តើយើងមាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​នៅ​ក្នុង​គេហដ្ឋាន​របស់​យើងតាម​របៀបណា ? ប្រហែល​ជា​សិស្ស​អាច​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​បាន​យក​ឈ្នះ​ឧបសគ្គ ឬ​ការ​អូស​ទាញ​នានា ដើម្បី​ចំណាយពេល​ចំពោះ​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន និង​ជា​គ្រួសារ ។

រូបភាព
រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង សេចក្តី​សញ្ញា ២៣-២៦

យើង​គ្រប់​គ្នា​អាច​ចម្រើន​កម្លាំង​ដល់​សាសនាចក្រ ។

  • អ្នក​គួរ​ស្វែង​រក​ជាមួយ​នឹង​សិស្ស​នូវ​អត្ថន័យ​នៃឃ្លា « ទូន្មាន​ដល់​សាសនាចក្រ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២៥:៧ ) ។ ប្រហែល​ជា​សិស្ស​ម្នាក់​អាច​ចែកចាយ​និយមន័យ​នៃ​ពាក្យ ទូន្មាន មក​ពី​វចនានុក្រម ឬ​ឧទាហរណ៍​នៃ​ការ​ទូន្មាន​ដែល​ពួកគេ​ធ្លាប់​ឃើញ ។ តើ​យើង​មាន​ឱកាស​អ្វីខ្លះ​ដើម្បី​ទូន្មាន​គ្នា​ទៅវិញ​ទៅ​មក ? តើ​ការណ៍​នេះ​ចម្រើន​កម្លាំង​ដល់​សាសនាចក្រ​តាម​រ​បៀបណា ? តើ​យើង​រៀន​អ្វីខ្លះ​ទៀត​នៅ​ក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ២៣-២៦ ដែល​អាច​ជួយ​យើង​ឲ្យ​ចម្រើន​កម្លាំង​ដល់​សាសនាចក្រ ? អ្នក​ក៏​អាច​ពិភាក្សា​ពី​របៀប​ដែល​គោលការណ៍​ទាំង​នេះ​អនុវត្ត​ចំពោះ​ការ​ចម្រើន​កម្លាំង​ដល់​គេហដ្ឋាន​របស់​យើង​ផង​ដែរ ។ ដើម្បី​អនុវត្ត​គោលការណ៍​នេះ​ចំពោះ​ការខិតខំ​នៃ​ការងារ​បម្រើ​របស់​យើង អ្នក​អាច​រំឭក​ផ្នែក​មួយ​នៃ​សារលិខិត​របស់ ស៊ិស្ទើរ ប៊ូនី អេច ខ័រឌុន « ការក្លាយ​ជា​អ្នក​គង្វាល​ម្នាក់ » ( EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៧៤-៧៦ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៤

ព្រះអង្គ​សង្គ្រោះ​បាន​លើក​យើង « ឡើង​ឲ្យ​រួច​ពី​សេចក្ដី​វេទនា​ទាំង​ឡាយ​របស់[យើង] » ។

  • វិវរណៈ​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ២៤​ត្រូវ​បាន​ប្រទាន​ឲ្យ « ដើម្បី​ចម្រើន​កម្លាំង លើក​ទឹក​ចិត្ត និង​បង្គាប់ » ដល់​យ៉ូសែប ស្ម៊ីធ និង អូលីវើរ ក្នុង​គ្រា​ដ៏​លំបាក​មួយ​( គោលលទ្ធិ និង សេចក្ដីសញ្ញា ២៤, ក្បាល​កណ្ឌ សូមមើល​ផង​ដែរ ពួក​បរិសុទ្ធ, ១:៩៤-៩៦ ) ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ស្រាវជ្រាវ​កណ្ឌ​នេះ​រក​ភស្ដុតាង​ថា ព្រះអម្ចាស់​បាន​ដឹង​ពី​យ៉ូសែប និង​ស្ថានភាព​របស់​លោក ។ តើ​ព្រះអម្ចាស់​បាន​លើក​ឡើង​ពី​សេចក្ដី​ត្រូវការ​របស់​យ៉ូសែប យ៉ាង​ដូចម្ដេច ? តើ​ទ្រង់​ធ្វើ​រឿង​ដូចគ្នា​នេះ​ចំពោះ​យើង​នៅ​សព្វ​ថ្ងៃ​នេះតាម​របៀប​ណា ? សូម​ពិចារណា​សុំ​ឲ្យ​សិស្ស​ចែកចាយ​បទពិសោធន៍ នៅពេល​ដែល​ពួកគេ​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​បាន​ដឹង​ពី​ស្ថានភាព​របស់​ពួកគេ​ផ្ទាល់ ហើយ​បាន​លើក​ពួកគេ​ឡើង​នៅ​គ្រា​នៃ​ទុក្ខ​វេទនា​របស់​ពួកគេ ។

    រូបភាព
    ព្រះយេស៊ូវ​កំពុង​ព្យាបាល​ប្រជាជន

    ទ្រង់​បាន​ព្យាបាល​មនុស្ស​ជាច្រើន​ដែល​មាន​ជំងឺ​ផ្សេងៗ ដោយ ជេ. ខឺត រីឆាត

គោលលទ្ធិ និង សេចក្តីសញ្ញា ២៥

អិមម៉ា ស្ម៊ីធ គឺជា « ស្រី​រើស​តាំង » ។

  • ដើម្បី​ជួយ​សិស្ស​ឲ្យ​រក​ឃើញ​ពី​ភាព​ទាក់ទង​ផ្ទាល់​ខ្លួន​នៅ​ក្នុង​វិវរណៈ​របស់​ព្រះអម្ចាស់​ដល់​អិមម៉ា ស្ម៊ីធ សូម​ពិចារណា​ធ្វើ​សកម្មភាព​នេះ ៖ សុំ​ឲ្យ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​ស្រាវ​ជ្រាវ កណ្ឌ ២៥ រក​អ្វី​ដែល​ព្រះអម្ចាស់​​សុំ​ឲ្យ​អិមម៉ា​ធ្វើ ហើយ​សុំ​ឲ្យ​សិស្ស​ផ្សេង​ទៀត​ស្រាវ​ជ្រាវ​រក​អ្វី​ដែល​ទ្រង់​បាន​សន្យា​ថា​ទ្រង់​នឹង​ធ្វើ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​អ្វី​ដែល​ពួកគេ​រក​ឃើញ ហើយ​ចែកចាយ​វា​ជាមួយ​នឹង​គ្នា ។ សិស្ស​ពី​របី​នាក់​អាច​ចែកចាយ​គោលការណ៍​ដែល​មានន័យ​ជា​ពិសេស​ចំពោះ​ពួកគេ ។

  • តើ​ពាក្យ និង​ឃ្លា​អ្វីខ្លះ​នៅ​ក្នុង កណ្ឌ ២៥ គាំទ្រ​ដល់​ការ​ប្រកាស​របស់​ព្រះអម្ចាស់​ដល់​អិមម៉ា ស្ម៊ីធ​ថា « ​អ្នក​ជា​ស្ត្រី​រើស​តាំង » ? ( ខទី ៣ ) ។ សិស្ស​ក៏​អាច​ពិភាក្សា​ពី​របៀប​ដែល​អិមម៉ា​បាន​រស់​នៅ​តាម​គោលការណ៍​នៅ​ក្នុង​វិវរណៈ​នេះ​ផង​ដែរ ។ ធនធាន​ជំនួយ​រួម​មាន​វីដេអូ « An Elect Lady » ( ChurchofJesusChrist.org ) « Thou Art an Elect Lady » ( Revelations in Context ទំព័រ ៣៣–៣៩ ) និង « សំឡេង​នៃ​ការ​ស្ដារ​ឡើងវិញ » នៅក្នុង គម្រោង​មេរៀន​សម្រាប់​សប្ដាហ៍​នេះ ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ។

  • យោង​តាម គោលលទ្ធិ និង សេចក្តីសញ្ញា ២៥:១១-១២ តើ​ព្រះអម្ចាស់មាន​ព្រះទ័យ​យ៉ាង​ណា​ចំពោះ​តន្ត្រី​ពិសិដ្ឋ ? ប្រហែល​ជា​សិស្ស​អាច​ពិភាក្សា​ពី​របៀប​ប្រើ​ទំនុក​តម្កើង​ដើម្បី​យាង​អញ្ជើញ​ព្រះវិញ្ញាណ​ចូល​ទៅ​ក្នុង​គេហដ្ឋាន​របស់​ពួកគេ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ២៥:៥, ១៤

យើង​គួរ​ខិតខំ​ឲ្យ​មាន « វិញ្ញាណ​នៃ​ភាព​ស្លូត​បូត » ។

  • ព្រះអម្ចាស់​បាន​ប្រឹក្សា​អិមម៉ា​ឲ្យ « បន្ត​នៅក្នុង​វិញ្ញាណ​នៃ​ភាព​ស្លូត​បូត »​ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២៥:១៤ សូមមើល​ផង​ដែរ ខទី ៥ ) ។ ដើម្បីរុក​រក​ពី​អត្ថន័យ​នៃ​ឃ្លា​នេះ អ្នក​អាច​សរសេរពាក្យថា ភាព​ស្លូត​បូត នៅ​លើ​ក្ដារ​ខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅក្បែរ​ពាក្យ​នោះ​នូវ​អ្វីដែល​ពួកគេ​គិត​ឃើញ​ពី​វា ។ បន្ទាប់មក ពួកគេ​អាច​ស្រាវ​ជ្រាវ កណ្ឌ ២៥ រក​ពាក្យ និង​ឃ្លា​ដែល​ពួកគេ​គិត​ថា​មាន​ទំនាក់​ទំនង​ទៅ​នឹង​ភាព​ស្លូត​បូត រួចហើយ​ចែកចាយ​អ្វី​ដែល​ពួកគេ​រកឃើញ ។ សូម​ពិចារណា​ចែកចាយ​សេចក្ដីថ្លែង​ការណ៍​របស់​អែលឌើរ ដាវីឌ អេ បែដណា នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ។ ហេតុអ្វី​ការ​មាន​ភាព​ស្លូត​បូត​គឺជា​រឿង​ដ៏​សំខាន់ ?

គោលលទ្ធិ និង សេចក្តីសញ្ញា ២៥:១០, ១៣

យើង​គួរ​ខិតខំ​ស្វែង​រក​របស់មក​ពី​ពិភពលោក​ដែល​ប្រសើរ​មួយ ។

  • ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​ការ​ប្រឹក្សា​របស់​ព្រះអម្ចាស់​ឲ្យ « ទុក​ចោល​របស់​ទាំង​ឡាយ​នៃពិភពលោក​នេះ ហើយ​ចូរ​ស្វែងរក​របស់​ទាំង​ឡាយ​ណាដែល​គ្រាន់បើ​ជាង​នេះ​វិញ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ២៥:១០ ) អ្នក​អាច​សុំ​ឲ្យ​ពួកគេ​សរសេរ​ជា​ឧទាហរណ៍​ពី « របស់​ទាំងឡាយ​នៃ​ពិភពលោក​នេះ » និង ឧទាហរណ៍​នៃ « របស់​ទាំងឡាយ​ណានៃ​[ពិភពលោក]ដែលគ្រាន់​បើ​ជាង​នេះ​វិញ » ។ តើ​យើង​អាច​ចែកចាយ​ពាក្យ​ណែនាំ​អ្វីខ្លះ​នឹង​គ្នា​ដើម្បី​ជួយ​​យើង​ឲ្យ​ផ្ដោត​ទៅ​លើ​រឿង​អស់​កល្ប​ជានិច្ច ? តើ​ការ​ប្រឹក្សា​នៅ​ក្នុង ខទី ១៣ ទាក់ទង​នឹង​គោលដៅ​នេះ​តាម​របៀប​ណា ?

រូបភាព
រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ភាព​ស្លូត​បូត​គឺជា​កម្លាំង ។

អែលឌើរ ដាវីឌ អេ បែដណា បាន​ពន្យល់​ថា « ជារឿយៗ គុណសម្បត្តិ​នៃ​ភាពស្លូតបូត​ដូច​ព្រះគ្រីស្ទ​គឺ​ត្រូវបាន​ភាន់ច្រឡំ​នៅក្នុង​ពិភពលោក​សម័យ​ទំនើប​របស់​យើង​នេះ ។ ភាពស្លូតបូត​គឺ​ជាភាព​រឹងប៉ឹង ពុំ​មែន​ទន់ខ្សោយ​ទេ ជាសកម្ម ពុំ​មែន​អកម្ម​ទេ ជា​ភាពក្លាហាន ពុំមែន​មុខខ្មូរ​នោះ​ទេ ជា​ការដាក់​បង្ខាំង ពុំមែន​ជ្រុល​និយម​ទេ ជា​ភាពរាបសា ពុំ​មែន​លើក​តម្លើង​ខ្លួន​ទេ ជា​ការមាន​សន្តាន​ចិត្ត​ល្អ ពុំ​មែន​កាចសាហាវ​ទេ ។ មនុស្ស​ស្លូតបូត​គឺ​ពុំ​រហ័ស​ខឹង ​ពុំ​ចេះ​អួតអាង ឬ​ពុំ​ក្អេងក្អាង និង​ទទួល​ស្គាល់​សមិទ្ធិផលរបស់​អ្នក​ដទៃ​ដោយ​ពុំ​ស្ទាក់ស្ទើរ​ចិត្ត » ( « ចូរ​មាន​ចិត្ត​ស្លូតបូត ហើយ​សុភាព​រាបសា » EnsignLiahona ខែ​ឧសភា ឆ្នាំ ២០១៨ ទំព័រ ៣២ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​ទាំងឡាយ​ដែល​បាន​សន្យា ។ នៅពេល​អ្នក​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​តាម​អ្វី​ដែល​ពួកគេ​កំពុង​រៀន សូម​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​ដែល​ព្រះ​បាន​សន្យា ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ទំព័រ ៣៥ ) ។