គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២១
ថ្ងៃទី ១៥–២១ ខែ មីនា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៧-២៨ ៖ « ត្បិត​គ្រប់​ការណ៍​ទាំង​អស់ ត្រូវ​ធ្វើ​ឡើង​តាម​របៀប​រៀបរយ »


« ថ្ងៃទី ១៥–២១ ខែ មីនា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៧-២៨ ៖ ‹ ត្បិត​គ្រប់​ការណ៍​ទាំង​អស់ ត្រូវ​ធ្វើ​ឡើង​តាម​របៀប​រៀបរយ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១៥–២១ ខែ មីនា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៧-២៨ » ​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

រូបភាព
យ៉ូសែប ស៊្មីធ

ថ្ងៃទី ១៥–២១ ខែ មីនា

គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៧-២៨

« ត្បិត​គ្រប់​ការណ៍​ទាំង​អស់ ត្រូវ​ធ្វើ​ឡើង​តាម​របៀប​រៀបរយ »

ទោះ​បី​ជា​ព្រឹត្តិការណ៍​ដែល​បាន​ធ្វើ​ឲ្យ​មាន​វិវរណៈ​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៧-២៨​បាន​កើត​ឡើង​នៅ​ក្នុង​ពេល និង​ទីកន្លែង​ខុស​គ្នា​ក្ដី ក៏​គោលការណ៍​ដែល​បាន​បង្រៀន​នៅ​ក្នុង​កណ្ឌ​ទាំង​នេះ​មាន​ទំនាក់​ទំនង​នឹង​សព្វ​ថ្ងៃ​នេះ​ដែរ ។ តើ​គោលការណ៍​អ្វីខ្លះ​អាច​ផ្ដល់​ពរជ័យ​ដល់​សិស្ស​របស់​អ្នក​នៅ​ក្នុង​ស្ថានភាព​ដែល​ពួកគេ​កំពុង​ជួប​ប្រទះ ?

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបភាព
រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​ទុក​ពេល​ឲ្យ​សិស្ស​ពីរ​បី​នាទី​ដើម្បី​រំឭក គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៧-២៨ ហើយ​ស្វែង​រក​ខគម្ពីរ ឬ​ឃ្លា​មួយ​ដែល​ពួកគេ​គិត​ថា​មានន័យ ។ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​គ្រប់​គ្នា​ចែកចាយ អ្នក​អាច​បំបែក​សិស្ស​ជា​ដៃ​គូ​ដើម្បី​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ ។

រូបភាព
រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៧:១–២

យើង​គួរ​ទទួល​ទាន​សាក្រាម៉ង់​ដោយ​មាន​​កែវភ្នែក​ទាំងស្រុង​ចំពោះ​សិរីល្អ​នៃ​ព្រះ ។

  • ដើម្បី​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ពិភាក្សា​អំពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៧:១–២ សូម​ពិចារណា​សរសេរ​សំណួរ​មួ​យដូចនេះ​នៅ​លើ​ក្ដារ​ខៀន ៖ « តើ​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​យើង​អ្វីខ្លះ​អំពី​គោលបំណង​នៃ​ពិធី​សាក្រាម៉ង់ ? សិស្ស​អាច​រក​មើល​ឃ្លា​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ​ដែល​ជួយ​ពួកគេ​ឲ្យ​ឆ្លើយ​សំណួរ​នោះ ។ ពួកគេ​ប្រហែល​ជា​យល់​ព្រម​ចែកចាយ​ពី​ចំណាប់​អារម្មណ៍​ដែល​ពួកគេ​បាន​ទទួល​អំពី​របៀប​ដើម្បី​មាន បទពិសោធន៍​មួយ​កាន់​តែ​ពិសិដ្ឋ នៅពេល​ទទួល​ទាន​សាក្រាម៉ង់ ។

    សិស្ស​អាច​រក​ឃើញ​ការ​យល់ដឹង​បន្ថែម​ទៀត​ដោយ​អាន​ពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​​បាន​មាន​បន្ទូល នៅពេល​ទ្រង់​បាន​តាំង​ពិធីសាក្រាម៉ង់​ឡើង ( សូម​មើល លូកា ២២:១៩-២០, នីហ្វៃទី ៣ ១៨:១-១១ សូម​មើល​ផង​ដែរវីដេអូ « The Last Supper »​ នៅ​លើ​គេហទំព័រ ChurchofJesusChrist.org ) ។ ប្រសិន​បើ​ព្រះអង្គ​សង្គ្រោះ​មាន​វត្តមាន​នៅ​ក្នុង​ការ​ប្រជុំ​​ពិធី​សាក្រាម៉ង់​របស់​យើង តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដែល​ខុស​ប្លែក ?

    រូបភាព
    នំប៉័ង និង​ពែង​ទឹក​សាក្រាម៉ង់

    ពិធី​សាក្រាម៉ង់​មាន​នូវ​និមិត្ត​សញ្ញា​នៃ​ពលិកម្ម​របស់​ព្រះអង្គ​សង្គ្រោះ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១៥–១៨

គ្រឿង​សឹក​នៃ​ព្រះ​នឹង​ជួយ​ការពារ​យើង​ពី​អំពើ​អាក្រក់ ។

  • តើ​អ្នក​អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ប្រើ​គ្រឿង​សឹក​នៃ​ព្រះ​ដើម្បី​ការ​ពារ​នូវ​អំពើ​អាក្រក់​ក្នុង​ជំនាន់​របស់​យើង​តាម​របៀបណា ? សូម​ពិចារណា​សុំ​ឲ្យ​សិស្ស​ម្នាក់គូរ​រូប​គ្រឿង​សឹក​ដែល​បាន​រៀបរាប់​នៅ​ក្នុង ខទី ១៥-១៨ នៅ​លើ​ក្ដារ​ខៀន ។ បន្ទាប់​មក​សិស្ស​អាច​ចែកចាយ​ការ​យល់ដឹង​នានា​ដែល​ពួកគេ​បាន​រក​ឃើញ​នៅ​ក្នុង​ការ​សិក្សារបស់​ពួកគេ​ផ្ទាល់​អំពី​ផ្នែក​នីមួយៗ​នៃ​គ្រឿង​សឹក​នោះ ។ ឬ​សិស្ស​អាច​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១៥–១៨ ហើយសរសេរ​ស្លាក​ឈ្មោះ​សម្រាប់​ផ្នែក​នីមួយៗ​នៃ​គ្រឿង​សឹក​នោះ​នៅ​លើក្ដារ​ខៀន និង​ផ្នែក​នៃ​រាង​កាយ​ដែល​វា​ការពារ ។ តើ​ការ​ពាក់​គ្រឿង​សឹក​នៃ​ព្រះមាន​ន័យ​ដូច​ម្ដេច ? ប្រហែល​ជា​សិស្ស​អាច​និយាយ​អំពី​របៀប​ដែល​ព្រះអម្ចាស់​ការពារ​យើង​ពី​អំពើ​អាក្រក់ នៅពេល​យើង​ពាក់​គ្រឿង​សឹក​នៃ​ព្រះ ។

  • ប្រសិន​បើ​អ្នក​បង្រៀន​យុវវ័យ អ្នក​គួរ​ភ្ជាប់ គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១៥–១៨ ជាមួយ​នឹង​បទដ្ឋាន​នៅ​ក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ។ ឧទាហរណ៍ សិស្ស​អាច​អាន​ខគម្ពីរ​ទាំង​នោះ ហើយ​ពិភាក្សា​ពី​ហេតុផល​ដែល​យើង​ចាំបាច់​ត្រូវការ​គ្រឿង​សឹក​នៃ​ព្រះ ។ បន្ទាប់​មក​ពួកគេ​អាច​ធ្វើ​ការ​ជា​គូ ហើយ​រំឭក​ពី​​បទដ្ឋាន​មួយ​នៅ​ក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ។ តើ​យើង​រៀន​អ្វីខ្លះ​មក​ពី​ប្រភព​ទាំង​នេះ​អំពី​ការ​វាយ​ប្រហារ​របស់​សាតាំង​ទាស់​នឹង​យើង ? តើ​គ្រឿង​សឹក​នៃ​ព្រះ​អាច​ជួយ​ការពារ​យើង​ពី​ការ​វាយ​ប្រហារ​ទាំង​នេះ​តាម​របៀបណា ? តើ​យើង​អាច​ពាក់​គ្រឿងសឹក​របស់ទ្រង់​តាម​របៀប​ណា ?

គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៨

ព្យាការី​នៅ​រស់​ទទួល​វិវរណៈ​សម្រាប់​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។

  • ដើម្បី​ជួយ​សិស្ស​រៀន​អំពី​តួនាទី​នៃ​ព្យាការី អ្នក​អាច​រំឭក​បទពិសោធន៍​ដែល​បាន​ដឹកនាំ​យ៉ូសែប ស្ម៊ីធ ឲ្យ​អធិស្ឋាន ហើយ​ទទួល​បាន កណ្ឌ ២៨ ( សូមមើលក្បាល​កណ្ឌ ) រួចហើយ​អ្នក​អាច​អាន ខទី ២-៣, ៦-៧, ១១-១៣ ។ តើ​សាតាំង​ព្យាយាមធ្វើ​ឲ្យ​យើង​ដើរ​តាម​បុគ្គល​ដែល​ព្រះអម្ចាស់​ពុំ​បាន​ចាត់​តាំង​តាម​របៀបណា ? អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​បទពិសោធន៍​ដែល​បាន​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​ថា ព្យាការី​បាន​ទទួល​វិវរណៈ​សម្រាប់​សាសនាចក្រ​នេះ ។

  • វិធី​មួយ​សម្រាប់​សិស្ស​ដើម្បី​រំឭក គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៨ គឺ​ការ​នឹក​ស្រមៃ​ថា ពួកគេ​ស្គាល់​មនុស្ស​ម្នាក់​ដែល​ទើប​ទទួល​បាន​ការ​ហៅ​ថ្មី​មួយ​នៅ​ក្នុង​សាសនាចក្រ ។ តើ​យើង​អាច​ចែកចាយ​មក​ពី គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៨:១–៦, ១៣–១៦ ដើម្បី​ជួយ​បុគ្គល​នោះ​នៅ​ក្នុង​ការ​ហៅ​របស់​គាត់​តាម​របៀបណា ? ពាក្យ​ដក​ស្រង់​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ »​អាច​បន្ថែម​ការ​យល់ដឹង​ចំពោះ​ការ​ពិភាក្សា​នោះ ។

រូបភាព
រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំងឡាយ

សូម​ប្រឹក្សា​អំពី​វិវរណៈ​ផ្ទាល់​ខ្លួន ។

ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ និង​ទីប្រឹក្សា​របស់​លោក​នៅ​ក្នុង​គណៈប្រធានទីមួយ​បាន​បង្រៀន​ថា

« នៅពេល​ការ​និមិត្ត សុបិន ភាសា ការព្យាករ ចំណាប់​អារម្មណ៍ ឬ​អំណោយទាន​ ឬ​ការ​បំផុស​គំនិត​ដ៏​វិសេស​វិសាល​ណា​មួយ នាំ​យក​អ្វី​មួយ​ដែល​បដិសេធ​ចំពោះ​វិវរណៈ​ដែល​បាន​ទទួល​ក្នុង​សាសនាចក្រ ឬ​ផ្ទុយ​ទៅ​នឹង​ការ​សម្រេច​ចិត្ត​នៃ​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ដែល​បាន​បង្កើតឡើង​ក្នុង​សាសនាចក្រ នោះ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​អាច​ដឹង​ថា វា​ពុំ​មែន​មក​ពី​ព្រះ​ទេ មិន​ថាវា​មើល​ទៅ​គួរ​ឲ្យ​ជឿ​ដល់​កម្រិត​ណា​នោះ​ទេ ។ … នៅ​ក្នុង​ការ​ងារ​ខាង​លោកិយ ក៏​ដូចជា​ខាង​វិញ្ញាណ​ដែរ ពួក​បរិសុទ្ធអាច​នឹង​ទទួល​បាន​ការ​ដឹកនាំ និង​វិវរណៈ​មក​ពី​ព្រះ​សម្រាប់​ពួកគេ ប៉ុន្តែ​ការណ៍​នេះ​ពុំមែន​មានន័យ​ថា​ពួកគេ​មាន​សិទ្ធិ​អំណាច​ដើម្បី​ដឹកនាំ​មនុស្ស​ដទៃ​ឡើយ ។…

« ប្រវត្តិ​សាស្ត្រ​សាសនាចក្រ​កត់ត្រា​នូវ​វិវណៈ​ខុស​ឆ្គង​ជា​ច្រើន​ដែល​បាន​ធ្វើ​ឡើង​ដោយពួក​អ្នក​បោក​បញ្ឆោត និង​ពួក​អ្នក​ជឿ​ស៊ុប​ដែល​ជឿ​លើ​ការ​បើក​សម្ដែង រហូត​ដល់​ពួកគេ​ខិតខំ​ដឹកនាំ​មនុស្ស​ផ្សេង​ទៀត​ឲ្យ​ទទួល​យក ហើយ​នៅ​គ្រប់​កាលៈទេសៈ ពួកគេ​បាន​នាំ​មក​នូវ​ការ​ខក​ចិត្ត ភាព​សោកសៅ និង​គ្រោះ​មហន្តរាយ » ( Joseph F. Smith, Anthon H. Lund, Charles W. Penrose « A Warning Voice » Improvement Era, ខែ​កញ្ញា ឆ្នាំ​១៩១៣ ទំព័រ ១១៤៨–៤៩ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​ផ្ដោត​លើ​គោលលទ្ធិ​ពិត ។ ប្រធាន ប៊យដ៏ ឃេ ផាកកឺ បានបង្រៀន​ថា « ការ​យល់ដឹង​ពី​គោលលទ្ធិពិត​ផ្លាស់ប្ដូរ​ឥរិយាបថ និង​បុគ្គលិក​លក្ខណៈ » ( « Do Not Fear » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៧៩ ) ។ នៅពេល​យើង​បង្រៀន យើង​ត្រូវ​តែ​ផ្ដោត​លើ​ការ​បង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ ប្រសិន​បើ​យើង​ចង់​ជួយ​នាំ​ព្រលឹង​ទៅ​រក​ទ្រង់ ។