ចូរ​មក​តាម​ខ្ញុំ ឆ្នាំ ២០២៤
ថ្ងៃទី ១៩–២៥ ខែ សីហា ៖ « ត្រូវ​បាន​រក្សាទុក​ឲ្យ​គង់វង្ស​ដោយ​ព្រះ​ចេស្ដា​ដ៏​អស្ចារ្យ​របស់​ទ្រង់ » ។ អាលម៉ា ៥៣–៦៣


« ថ្ងៃទី ១៩–២៥ ខែ សីហា ៖ ‹ ត្រូវ​បាន​រក្សាទុក​ឲ្យ​គង់វង្ស​ដោយ​ព្រះ​ចេស្ដា​ដ៏​អស្ចារ្យ​របស់​ទ្រង់ › ។ អាលម៉ា ៥៣–៦៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

« ថ្ងៃទី ១៩–២៥ ខែ សីហា ។ អាលម៉ា ៥៣–៦៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

រូបភាព
កងទ័ព​កំលោះ​ពីរពាន់​នាក់

កងទ័ព​កំលោះ​ពីរពាន់​នាក់ ដោយ អាណុល ហ្វ្រីប៊ើហ្គ

ថ្ងៃទី ១៩–២៥ ខែ សីហា ៖ « ត្រូវ​បាន​រក្សាទុក​ឲ្យ​គង់វង្ស​ដោយ​ព្រះ​ចេស្ដា​ដ៏​អស្ចារ្យ​របស់​ទ្រង់ »

អាលម៉ា ៥៣–៦៣

នៅពេល​ប្រៀបធៀប​ជាមួយ​នឹង​កងទ័ព​របស់​សាសន៍​លេមិន នោះ « កងទ័ព​តូច » របស់​ហេលេមិន ( អាលម៉ា ៥៦:៣៣ ) ដែលជា​សាសន៍​នីហ្វៃ​វ័យ​ក្មេង​មិនអាច​នឹងយក​ឈ្នះ​បានទេ ។ ក្រៅ​ពី​មាន​ចំនួន​តិច កងទ័ព​របស់​ហេលេមិន « ទាំងអស់គ្នា​… នៅ​ក្មេង​ណាស់ » ហើយ « មិន​ដែល​ធ្លាប់​បាន​ប្រយុទ្ធ​មក​ទេ » ( អាលម៉ា ៥៦:៤៦–៤៧ ) ។ តាម​របៀប​មួយចំនួន ស្ថានភាព​របស់​ពួកគេ​អាច​នឹង​ស្រដៀងគ្នា​ទៅ​នឹង​ស្ថានភាព​របស់​ពួកយើង ដែល​ពេលខ្លះ​មាន​អារម្មណ៍​ថា ចម្បាំង​ជាមួយ​នឹង​សាតាំង និង​កម្លាំង​នៃ​សេចក្ដី​អាក្រក់​ក្នុង​លោកិយ​នេះ​គឺ​មានភាព​លើសលប់ និង​មាន​ចំនួន​ច្រើន​ពន់ពេក ។

ប៉ុន្តែ​កងទ័ព​ហេលេមិន​មាន​គុណសម្បត្តិ​មួយ​ចំនួន​លើស​ពួក​សាសន៍​លេមិន ដែល​វា​ពុំ​ទាក់ទង​ទៅនឹង​ចំនួន ឬ​ជំនាញ​កងទ័ព​នោះទេ ។ ពួកគេ​បាន​ជ្រើសរើស​ហេលេមិន ជា​ព្យាការី​ម្នាក់ ឲ្យ​ដឹកនាំ​ពួកគេ ( អាលម៉ា ៥៣:១៩ ) « ពួកគេ​ត្រូវ​បាន​បង្រៀន​ដោយ​ម្ដាយ​គេ​ថា បើ​សិនជា​ពួកគេ​ពុំ​សង្ស័យទេ នោះ​ព្រះទ្រង់​នឹង​ដោះ​លែង​ពួកគេ​ឲ្យ​រួច » ( អាលម៉ា ៥៦:៤៧ ) ហើយ​ពួកគេ​បាន​មាន « សេចក្ដី​ជំនឿ​ដ៏​លើសលប់​របស់​គេ​នៅក្នុង​អ្វីៗ​ដែល​ពួកគេ​ត្រូវបាន​បង្រៀន » ។ ជា​លទ្ធផល ពួកគេ​ត្រូវបាន​ការពារ​ដោយ « ព្រះចេស្តា​ដ៏​អស្ចារ្យ​នៃ​ព្រះ » ( អាលម៉ា ៥៧:២៦ ) ។ ដូច្នេះ នៅពេល​ប្រឈម​មុខ​ទៅនឹង​ការ​ប្រយុទ្ធ​ក្នុង​ជីវិត យើង​អាច​មាន​ភាព​ក្លាហាន​បាន ។ កងទ័ព​ហេលេមិន​បង្រៀន​យើង​ថា « [ មាន ] ព្រះ​ដ៏​យុត្តិធម៌​មួយ​អង្គ ហើយ​អស់​អ្នក​ណា [ ដែល ] មិន​សង្ស័យ អ្នក​នោះ [ នឹង ] ត្រូវ​បាន​រក្សាទុក​ឲ្យ​គង់វង្ស​ដោយ​ព្រះ​ចេស្ដា​ដ៏​អស្ចារ្យ​របស់​ទ្រង់ » ( អាលម៉ា ៥៧:២៦ ) ។

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

អាលម៉ា ៥៣:១០–២២; ៥៦:៤៣–៤៩, ៥៥–៥៦; ៥៧:២០–២៧; ៥៨:៣៩–៤០

រូបភាព
seminary icon
ការមាន​សេចក្ដី​ជំនឿ​លើ​ព្រះ​ជួយ​ខ្ញុំ​ឲ្យ​យក​ឈ្នះ​លើ​ការភ័យ​ខ្លាច ។

ប្រសិន​បើ​មិន​មែន​ដោយសារ​តែ​សេចក្តី​ជំនឿ​របស់​ពួក​គេទេ​នោះ កងទ័ព​វ័យក្មេង​របស់​ហេលេមិន​សម​នឹង​ភ័យខ្លាច​មែន ។ ប៉ុន្តែ​ដោយសារ​សេចក្តី​ជំនឿ​របស់​ពួក​គេ នោះ​ពួក​គេ​មាន​ហេតុផល​កាន់​តែ​ច្រើន​ដើម្បី​មាន​ភាព​ក្លាហាន ។ ពេល​បងប្អូន​អាន​អំពី​ពួក​គេ​នៅ​ក្នុង អាលម៉ា ៥៣–៥៨ សូម​ស្វែងរក​អ្វី​ដែល​ជួយ​បងប្អូន​ឲ្យ​ប្រឈម​មុខ​ទៅនឹង​ការភ័យ​ខ្លាច​របស់​បងប្អូន​ដោយ​សេចក្ដី​ជំនឿ​ទៅលើ​ព្រះ​គ្រីស្ទ ។ សូម​ពិចារណា​ផ្ដោត​ទៅលើ​ខគម្ពីរ​​ដូច​តទៅ​នេះ ៖ អាលម៉ា ៥៣:១០–២២; ៥៦:៤៣–៤៩, ៥៥–៥៦; ៥៧:២០–២៧ និង ៥៨:៣៩–៤០ ។ តារាង​នេះ​អាច​ជួយ​បងប្អូន​ឲ្យ​កត់ត្រា​នូវ​អ្វី​ដែល​បងប្អូន​រក​ឃើញ​បាន ។

បុគ្គលិក​លក្ខណៈ​របស់​កងទ័ព​វ័យក្មេង​របស់​ហេលេមិន ៖

ហេតុផល​ដែល​អាច​ធ្វើ​ឲ្យ​សេចក្តី​ជំនឿ​របស់​ពួកគេ​ទៅ​លើ​ព្រះគ្រីស្ទ​មាន​ភាពរឹងមាំ​យ៉ាង​ខ្លាំង ៖

តើ​ពួកគេ​បាន​ធ្វើ​អ្វីខ្លះ​ដើម្បី​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះគ្រីស្ទ ៖

របៀប​ដែល​ព្រះ​ប្រទាន​ពរ​ដល់​ពួក​គេ ៖

ដើម្បី​ឈ្នះ​ចម្បាំង​ខាង​វិញ្ញាណ​របស់​យើង នោះ​យើង​ក៏​ត្រូវការ​ព្រះចេស្តា​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ផង​ដែរ ។ តើ​បងប្អូន​អាច​ទទួល​បាន​ព្រះចេស្តា​របស់​ទ្រង់​បាន​យ៉ាង​ដូចម្ដេច ? សូម​រកមើល​ចម្លើយ​នៅក្នុង​សារលិខិត​របស់​ប្រធាន រ័សុល អិម ណិលសុន « Drawing the Power of Jesus Christ into Our Lives » ( Liahona​ ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៣៩–៤២ ) ។ បងប្អូន​អាច​ប្រៀប​ធៀប​ដំបូន្មាន​របស់​លោក​ជាមួយ​នឹង​អ្វី​ដែល​កងទ័ព​ហេលេមិន​បាន​ធ្វើ​ផងដែរ ។

បន្ទាប់​ពី​សិក្សា​រឿង​ទាំង​នេះ​ហើយ សូម​គិត​អំពី​ចម្បាំង​ខាង​វិញ្ញាណ​របស់​បងប្អូន​ផ្ទាល់ ។ សូម​សរសេរ​នូវ​អ្វី​ដែល​បងប្អូន​ទទួល​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ ដើម្បី​អនុវត្ត​សេចក្ដី​ជំនឿ​របស់​បងប្អូន​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

សូមមើល​ផងដែរ នែល អិល អាន់ឌើរសិន « Wounded » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៣–៨៦; « ស្មោះ​នឹង​ជំនឿ » ទំនុក​តម្កើង ល.រ. ១៦០; « Drawing upon the Power of God in Our Lives » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ; Gospel Topics « Faith in Jesus Christ » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

រូបភាព
កងទ័ព​វ័យក្មេង​ជាមួយ​ម្តាយ​របស់​ពួកគេ

They Did Not Doubt [ ពួកគេ​ពុំ​សង្ស័យ​ឡើយ ] ដោយ យ៉ូសែប ប្រ៊ីកឃី

អាលម៉ា ៥៨:១–១២, ៣១–៣៧៦១

អ្នក​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​មិន​ងាយ​អាក់អន់​ចិត្ត​នោះទេ ។

ទាំង​ហេលេមិន និង​ពេហូរ៉ាន មាន​មូលហេតុ​ជា​ច្រើន​ដែល​ត្រូវ​អាក់អន់ចិត្ត ។ ហេលេមិន ពុំ​ទទួល​បាន​ជំនួយ​គ្រប់គ្រាន់​សម្រាប់​កងទ័ព​របស់​លោក ហើយ​ពេហូរ៉ាន ត្រូវ​បាន​មរ៉ូណៃ​ចោទប្រកាន់​ទាំង​ខុសឆ្គង​ថា​មិន​បាន​ផ្ដល់​ជំនួយ ( សូមមើល អាលម៉ា ៥៨:៤–៩, ៣១–៣២; ៦០ ) ។ តើ​បងប្អូន​មាន​ចំណាប់​អារម្មណ៍​អ្វីខ្លះ​អំពី​ប្រតិកម្ម​របស់​ពួក​លោក​នៅក្នុង អាលម៉ា ៥៨:១–១២, ៣១–៣៧ និង អាលម៉ា ៦១ ? តើ​ហេតុអ្វី​បានជា​បងប្អូន​មាន​អារម្មណ៍​ថា ពួកលោក​ឆ្លើយតប​តាម​របៀប​នេះ​ទៅវិញ ?

អែលឌើរ ដេវីឌ អេ បែដណា បាន​ចង្អុល​ទៅ​ ពេហូរ៉ាន ថា​ជា​គំរូ​នៃ​ភាពស្លូតបូត និង​បាន​បង្រៀន​ថា « គំរូ​ដ៏​ឆ្នើម និង​មាន​អត្ថន័យ​បំផុត​នៃ​ភាព​ស្លូតបូត​គឺ​មាន​នៅក្នុង​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ​ផ្ទាល់ » ( « Meek and Lowly of Heart » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៣២ ) ។ សូម​ពិចារណា​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​ពី​ភាពស្លូតបូត ។ ឧទាហរណ៍​សូមមើល ម៉ាថាយ ២៧:១១–២៦; លូកា ២២:៤១–៤២; យ៉ូហាន ១៣:៤–១៧ ។ តើ​បងប្អូន​អាច​ធ្វើ​តាម​គំរូ​របស់​ទ្រង់​បាន​យ៉ាង​ដូចម្ដេច ?

អាលម៉ា ៦០:៧–១៤

ខ្ញុំ​មាន​ការទទួល​ខុសត្រូវ​មួយ​ដើម្បី​លើកស្ទួយ​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​ខ្ញុំ ។

មរ៉ូណៃ​បាន​សរសេរ​ថា ព្រះ​នឹង​ធ្វើឲ្យ ពេហូរ៉ាន ទទួល​ខុសត្រូវ ប្រសិនបើ​លោក​ពុំ​ខ្វល់ខ្វាយ​ពី​សេចក្ដី​ត្រូវការ​របស់​កងទ័ព​សាសន៍​នីហ្វៃ​ដោយ​ចេតនា​នោះ ។ តើ​បងប្អូន​រៀន​អ្វី​ខ្លះ​មកពី អាលម៉ា ៦០:៧–១៤ អំពី​ការថែទាំ​ដល់​អ្នក​ដែល​ខ្វះ​ខាត ? តើ​បងប្អូន​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ដឹង​កាន់តែ​ច្រើន​អំពី​សេចក្ដី​ត្រូវការ​របស់​មនុស្ស​ដទៃ ?

អាលម៉ា ៦២:៣៩–៥១

បើ​ខ្ញុំ​បន្ទាបខ្លួន នោះ​ឧបសគ្គ​នៃ​ជីវិត​ទាំងឡាយ​អាច​បង្វែរ​ដួងចិត្ត​របស់​ខ្ញុំ​ឲ្យ​ទៅរក​ព្រះ​បាន ។

សូម​ដាក់​ស៊ុត​ឆៅ​មួយ និង​ដំឡូង​មួយផ្លែ​ទៅក្នុង​ទឹក​ដាំពុះ​ដើម្បី​ជួយ​បងប្អូន​ឲ្យ​គិត​អំពី​របៀប​ដែល​បងប្អូន​អាច​ជ្រើស​រើស​ធ្វើ​ជា « ទន់ » ឬ « រឹង » ចំពោះ​ការ​សាកល្បង​របស់​បងប្អូន ។ ខណៈ​ពេល​ដែល​ស៊ុត និង​ដំឡូង​របស់​បងប្អូន​កំពុង​នៅក្នុង​ទឹក​ក្តៅ សូម​សិក្សា អាលម៉ា ៦២:៣៩–៥១ ហើយ​កត់​សម្គាល់​ពី​របៀប​ដែល​មនុស្ស​មាន​ប្រតិកម្ម​ចំពោះ​ការបម្រើ​របស់​ហេលេមិន បន្ទាប់​ពី​សង្គ្រាម​ដ៏​យូរ​របស់​ពួក​គេ​ជាមួយនឹង​ពួកសាសន៍​លេមិន ។ បន្ទាប់​មក បងប្អូន​អាច​ប្រៀបធៀប​រឿង​នេះ​ទៅ​នឹង​របៀប​ដែល​ពួកគេ​បាន​មាន​ប្រតិកម្ម​ចំពោះ​ការផ្សព្វផ្សាយ​របស់​លោក​កាល​ពី ១៣ ឆ្នាំ​មុន ( សូម​មើល អាលម៉ា ៤៥:២០–២៤ ) ។ តើ​ពួក​សាសន៍​នីហ្វៃ​រង​ផល​ប៉ះពាល់​ខុស​គ្នា​ដោយ​សារ​ទុក្ខ​វេទនា​ដូចគ្នា​នេះ​ដោយ​របៀបណា ? នៅពេល​ស៊ុត និង​ដំឡូង​ឆ្អិន​ហើយ សូម​បក​សំបក​ស៊ុត និង​ពុះ​ដំឡូង​នោះ ។ តើ​ទឹក​ដាំពុះ​នោះ​មាន​ឥទ្ធិពល​ខុសគ្នា​យ៉ាង​ដូចម្តេច​ទៅ​លើ​របស់​ទាំងពីរនោះ? តើ​បងប្អូន​កំពុង​រៀន​អ្វី​ខ្លះ អំពី​របៀប​ដែល​យើង​អាច​ជ្រើសរើស​មាន​ប្រតិកម្ម​ចំពោះ​ទុក្ខ​វេទនា ? តើ​បងប្អូន​អាច​ងាក​ទៅ​រក​ព្រះ​ក្នុង​អំឡុង​ពេល​នៃ​ទុក្ខ​វេទនា​របស់​បងប្អូន​បាន​យ៉ាង​ដូចម្ដេច ?

សូម​លើក​អំពី​បទពិសោធន៍​នៅក្នុង​ផ្ទះ ។ ប្រសិន​បើ​បងប្អូន​បង្រៀន​ថ្នាក់​មួយ​នៅឯ​ព្រះវិហារ សូម​ឲ្យ​សមាជិក​ថ្នាក់​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅឯ​គេហដ្ឋាន ។ ឧទាហរណ៍ សូម​ស្វែង​យល់​ពី​អ្វី​ដែល​ពួក​គេ​បាន​រៀន​អំពី​ទុក្ខ​វេទនា និង​ការបន្ទាបខ្លួន​មកពី​ការស្ងោរ​ស៊ុត និង​ដំឡូង​នោះ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

អាលម៉ា ៥៣:២០–២១; ៥៦:៤៧–៤៨

ខ្ញុំ​អាច​ស្មោះត្រង់​នឹង​ព្រះ​ដូចជា​កងទ័ព​វ័យក្មេង​របស់​ហេលេមិន​ដែរ ។

  • បងប្អូន​អាច​ប្រើ​ធនធាន​ជាច្រើន​ដើម្បី​ចែកចាយ​ដំណើររឿង​របស់​កងទ័ព​ហេលេមិន រួម​ទាំង​រូបភាព​នៅក្នុង​គម្រោង​មេរៀន​នេះ និង « ហេលេមិន និង​កងទ័ព​កំលោះ ២០០០ នាក់ » ( ដំណើរ​រឿង​ព្រះគម្ពីរ​មរមន ទំព័រ ៩៣–៩៤ ) ។ ទំព័រ​សកម្ម​ភាព​សប្តាហ៍​នេះ​អាច​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​គិត​អំពី​វិធី​ដែល​ពួក​គេ​អាច​ដូច​ជា​ពួក​កងទ័ព​របស់​ហេលេមិន​បាន ។ សូម​ពិចារណា​ចែកចាយ​នូវ​គុណសម្បត្តិ​មួយ​ចំនួន​របស់​កងទ័ព​វ័យ​ក្មេង​មក​ពី អាលម៉ា ៥៣:២០–២១ ដើម្បី​ឲ្យ​ពួក​គេ​ចាប់​ផ្តើម ។ បងប្អូន​ក៏​អាច​ច្រៀង​ជាមួយ​គ្នា​ផងដែរនូវបទ « យើង​នឹង​នាំការពិត​ទ្រង់​ដល់​លោកិយ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៩២–៩៣ ) ។

អាលម៉ា ៥៦:៤៥–៤៨; ៥៧:២១

ខ្ញុំ​អាច​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​អ្វី​ដែល​ឪពុក​ម្ដាយ​របស់​ខ្ញុំ​បង្រៀន​ដោយ​សេចក្ដី​សុចរិត ។

  • កងទ័ព​វ័យ​ក្មេង​របស់​ហេលេមិន​បាន​សម្លឹង​មើល​សេចក្តី​ជំនឿ​របស់​ម្តាយ​ពួក​គេ នៅ​ពេល​ពួក​គេ​ប្រឈម​មុខ​ទៅនឹង​ឧបសគ្គ​ដ៏​ធំ ។ ប្រហែលជា​បងប្អូន​អាច​អាន អាលម៉ា ៥៦:៤៦–៤៨ ជាមួយនឹង​កូនៗ​របស់​បងប្អូន ហើយ​អញ្ជើញ​ឲ្យ​ពួកគេ​ស្តាប់​រក​អ្វី​ដែល​ម្តាយ​របស់​យុវជន​ទាំងនោះ​បាន​បង្រៀន​ពួកគេ​អំពី​សេចក្តី​ជំនឿ ។ បងប្អូន​អាច​សួរ​ពួក​គេ​ពី​អ្វី​ដែល​ពួក​គេ​បាន​រៀន​មកពី​ឪពុក​ម្តាយ​របស់​ពួក​គេ ឬ​មជ្ឈិមវ័យ​ស្មោះ​ត្រង់​ផ្សេង​ទៀត—អំពី​ព្រះអង្គ​សង្គ្រោះ ។ ហេតុអ្វី​វា​មាន​សារៈសំខាន់​ដើម្បី​ប្រតិបត្តិ​តាម « ដោយ​ឥត​ត្រូវ​ល្អៀង » ? ( អាលម៉ា ៥៧:២១ ) ។

  • តើ​បងប្អូន​អាច—ដូច​ជា​ម្ដាយ​របស់​កងទ័ព​វ័យក្មេង​ទាំងនេះ​ដែរ—ធ្វើ​ឲ្យ​ប្រាកដ​ថា កូនៗ​របស់​បងប្អូន​ដឹង​អំពី​សេចក្តី​ជំនឿ​របស់​បងប្អូន​ទៅលើ​ព្រះ​ដោយ​របៀបណា ? វិធី​មួយ​គឺ​ចែកចាយ​ពី​របៀប​ដែល​សេចក្តី​ជំនឿ​របស់​បងប្អូន​មាន​ឥទ្ធិពល​ទៅលើ​ជីវិត​របស់​បងប្អូន ។ ឧទាហរណ៍ តើ​ទ្រង់ « សង្រ្គោះ » បងប្អូន​ដោយ​របៀបណា​នៅ​ពេល​ដែល​បងប្អូន « មិន​មាន​ការសង្ស័យ » ?

រូបភាព
ម្តាយ​កំពុង​បង្រៀន​កូន​ប្រុស​របស់​គាត់

Seed of Faith [ គ្រាប់ពូជ​នៃ​សេចក្ដី​ជំនឿ ] ដោយ ចេ វួដ

អាលម៉ា ៥៣:១០–១៨

ខ្ញុំ​អាច​រក្សា​សេចក្ដីសញ្ញា​របស់​ខ្ញុំ​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌​បាន ។

  • កូនៗ​របស់​បងប្អូន​អាច​និយាយ​អំពី​គ្រា​មួយ​ដែល​នរណា​ម្នាក់​បាន​ធ្វើ ហើយ​រក្សា​ការសន្យា​មួយ​ជាមួយនឹង​ពួកគេ ។ តើ​ពួកគេ​មាន​អារម្មណ៍​បែបណា នៅពេល​បុគ្គល​នោះ​បាន​ធ្វើតាម​ការសន្យា ? បងប្អូន​អាច​អាន អាលម៉ា ៥៣:១០–១៨ ហើយ​អញ្ជើញ​កូនៗ​របស់​បងប្អូន​ឲ្យ​ស្វែងរក​របៀប​ដែល​ហេលេមិន ប្រជាជន​របស់​អាំម៉ូន បាន​ធ្វើ និង​រក្សា​ការសន្យា ឬ​សេចក្ដី​សញ្ញា​របស់​ពួកគេ ។ បងប្អូន​អាច​ចែកចាយ​ពី​របៀប​ដែល​ព្រះវរបិតា​សួគ៌​ប្រទានពរ​ដល់​បងប្អូន នៅពេល​បងប្អូន​រក្សា​សេចក្ដី​សញ្ញា​របស់​បងប្អូន ។

អាលម៉ា ៦១:៣–១៤

យើង​អាច​ជ្រើស​រើស​មិន​ខឹង​បាន ។

សូម​ពិចារណា​អញ្ជើញ​កូនៗ​របស់​បងប្អូន​ឲ្យ​គិត​អំពី​គ្រា​មួយ នៅពេល​ពួកគេ​ត្រូវបាន​គេ​ចោទ​ប្រកាន់​ថា​បាន​ធ្វើ​រឿង​អ្វី​មួយ​ដែល​ពួកគេ​ពុំ​បាន​ធ្វើ ។ សូម​ប្រាប់​ពួក​គេ​អំពី​របៀប​ដែល​រឿង​នេះ​បាន​កើត​ឡើង​ចំពោះ ពេហូរ៉ាន ( សូមមើល អាលម៉ា ៦០–៦១; សូម​មើល​ផងដែរ « ជំពូក​ទី ៣៥ ៖ មេទ័ព​មរ៉ូណៃ និង​ពេហូរ៉ាន » ដំណើរ​រឿង​ព្រះគម្ពីរ​មរមន ទំព័រ ៩៥–៩៧ ) ។ ដើម្បី​រៀន​អំពី​ប្រតិកម្ម​របស់​ពេហូរ៉ាន សូម​ឆ្លាស់​វេន​គ្នា​អាន​ខគម្ពីរ​មកពី អាលម៉ា ៦១:៣–១៤ ។ តើ​ពេហូរ៉ាន​បាន​ធ្វើ​អ្វី​ខ្លះ នៅ​ពេល​ដែល​មរ៉ូណៃ​បាន​ចោទ​ប្រកាន់​លោក ? ( សូមមើល អាលម៉ា ៦១:២–៣, ៨–៩ ) ។ តើ​យើង​រៀន​អ្វី​ខ្លះ​អំពី​ការអភ័យ​ទោស​មក​ពី​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ? ( សូមមើល លូកា ២៣:៣៤ ) ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

រូបភាព
កងទ័ព​កំលោះ​ពីរពាន់​នាក់

It’s True, Sir, All Present and Accounted For [ វា​ជា​ការ​ពិត លោកម្ចាស់ ដែល​ថា​មនុស្ស​ទាំងអស់​មាន​វត្តមាន ហើយ​បាន​ត្រៀមខ្លួន​ជាស្រេច ] ដោយ ក្លាក ខេលី ផ្រាយ