« ថ្ងៃទី ៥–១១ ខែ សីហា ៖ ‹ ផែនការនៃសុភមង្គលដ៏មហិមា › ។ អាលម៉ា ៣៩–៤២ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )
« ថ្ងៃទី ៥–១១ ខែ សីហា ។ អាលម៉ា ៣៩–៤២ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )
ថ្ងៃទី ៥–១១ ខែ សីហា ៖ « ផែនការនៃសុភមង្គលដ៏មហិមា »
អាលម៉ា ៣៩–៤២
នៅពេលនរណាម្នាក់ដែលយើងស្រឡាញ់បានធ្វើកំហុសធ្ងន់ធ្ងរ វាអាចនឹងពិបាកដើម្បីដឹងពីរបៀបថាគួរធ្វើយ៉ាងម៉េច ។ ចំណែកនៃអ្វីដែលធ្វើឲ្យ អាលម៉ា ៣៩–៤២ មានគុណតម្លៃយ៉ាងខ្លាំងនោះគឺថា វាបើកបង្ហាញអំពីរបៀបដែលអាលម៉ា—ជាសិស្សរបស់ព្រះគ្រីស្ទដែលធ្លាប់បានធ្វើអំពើបាបគួរឲ្យសោកសង្រេងខ្លួនឯងដែរ ហើយបានប្រែចិត្ត—បានប្រព្រឹត្តក្នុងស្ថានភាពបែបនោះ ។ កូរីអានតុន ដែលជាកូនប្រុសរបស់អាលម៉ាបានប្រព្រឹត្តអំពើបាបខាងផ្លូវភេទ ហើយកាលអាលម៉ារៀនធ្វើការងារបម្រើរបស់លោក លោកបានទុកចិត្តលើអានុភាពនៃគោលលទ្ធិពិតដើម្បីផ្តល់ឲ្យកូនប្រុសរបស់លោកនូវទស្សនវិស័យដ៏អស់កល្បជានិច្ច ហើយលើកទឹកចិត្តឲ្យមានការប្រែចិត្ត ( សូមមើល អាលម៉ា ៤:១៩; ៣១:៥ ) ។ នៅក្នុងជំពូកទាំងនេះ យើងបានសង្កេតឃើញភាពអង់អាចរបស់អាលម៉ា នៅក្នុងការថ្កោលទោសចំពោះអំពើបាប និងភាពទន់ភ្លន់ និងសេចក្ដីស្រឡាញ់របស់លោកចំពោះ កូរីអានតុន ។ ហើយទីបំផុត យើងបានដឹងអំពីទំនុកចិត្តរបស់អាលម៉ាថា ព្រះអង្គសង្គ្រោះ « នឹងយាងមកដើម្បីយកអំពើបាបទាំងឡាយនៃមនុស្សលោកចេញ មែនហើយ ទ្រង់នឹងយាងមក [ និង ] ដើម្បីប្រកាសប្រាប់ដល់រាស្ត្ររបស់ទ្រង់នូវដំណឹងដ៏រីករាយអំពីសេចក្ដីសង្គ្រោះ » ( អាលម៉ា ៣៩:១៥ ) ។ ដោយព្រោះកូរីអានតុនបានប្រែចិត្ត ហើយនៅទីបំផុតបានត្រឡប់ទៅធ្វើការងារបម្រើវិញ ( សូមមើល អាលម៉ា ៤៩:៣០ ) នោះវាអាចផ្ដល់សេចក្ដីសង្ឃឹមដល់យើងបានថា យើងនឹងទទួលបានការអភ័យទោស និងការប្រោសលោះផងដែរ នៅពេលយើងមានការខ្វាយខ្វល់ចិត្តពីអំពើបាបផ្ទាល់ខ្លួនរបស់យើង ឬអំពើបាបរបស់មនុស្សដែលយើងស្រឡាញ់ ( សូមមើល អាលម៉ា ៤២:២៩ ) ។
សូមមើលផងដែរ « Alma Counsels His Sons » ( វីដេអូ ) នៅក្នុងបណ្ណាល័យដំណឹងល្អ ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងសាសនាចក្រ
រូបភាពseminary icon ខ្ញុំអាចចៀសវាងអំពើបាបខាងផ្លូវភេទបាន ។
ដំបូន្មានរបស់អាលម៉ាទៅកាន់កូនប្រុសរបស់លោក កូរីអានតុន នៅក្នុង អាលម៉ា ៣៩ ផ្តល់ឱកាសដ៏អស្ចារ្យមួយដើម្បីរៀនពីផលប៉ះពាល់ដ៏អាក្រក់នៃអំពើបាបខាងផ្លូវភេទ រួមទាំងការណ៍អាសគ្រាមផងដែរ ។ ប្រហែលសំខាន់ជាងនេះទៅទៀតនោះ វាក៏អាចជួយបងប្អូនឲ្យយល់ពីការអភ័យទោស និងការព្យាបាលដែលព្រះអង្គសង្គ្រោះប្រទានដល់មនុស្សដែលប្រែចិត្តផងដែរ ។ សំណួរ និងសកម្មភាពទាំងនេះអាចជួយបាន ៖
-
តើកំហុសអ្វីខ្លះដែលបាននាំឲ្យកូរីអានតុនរំលោភបំពានលើច្បាប់ព្រហ្មចារីភាព ? ( សូមមើល អាលម៉ា ៣៩:២–៤, ៨–៩ ) ។ តើទង្វើរបស់លោកមានផលវិបាកអ្វីខ្លះ ? ( សូមមើល ខទី ៥–១៣ ) ។ តើយើងមានភស្ដុតាងអ្វីខ្លះដែលបង្ហាញថា កូរីអានតុនបានប្រែចិត្ត ? ( សូមមើល អាលម៉ា ៤២:៣១; ៤៩:៣០; ៤៨:១៨ ) ។ តើបងប្អូនរៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះចេញមកពីបទពិសោធន៍នេះ ?
-
សូមអាន ទំព័រ ១៩–២០ នៃកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ។ បន្ទាប់មក សូមសរសេរការពន្យល់ផ្ទាល់ខ្លួនរបស់បងប្អូនអំពីអត្ថន័យនៃការណ៍អាសគ្រាម ហេតុអ្វីវាមានគ្រោះថ្នាក់ ហើយតើបងប្អូននឹងធ្វើអ្វីខ្លះ នៅពេលបងប្អូនជួបរឿងនេះ ។ ( សូមមើលផងដែរ ម៉ាថាយ ៥:២៧–២៨ និង គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣:១៦ ) ។
-
តើបងប្អូននឹងពន្យល់ទៅកាន់មិត្តភក្តិម្នាក់ អំពីមូលហេតុដែលបងប្អូនជ្រើសរើសដើម្បីចៀសវាងពីការណ៍អាសគ្រាម ហើយរស់នៅតាមច្បាប់នៃព្រហ្មចារីភាពដោយរបៀបណា ? តើបងប្អូនអាចចែកចាយការយល់ដឹងអ្វីខ្លះមកពី « រូបកាយរបស់អ្នកគឺពិសិដ្ឋ » នៅក្នុង ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ( ទំព័រ ២២–២៩ ) ?
-
សូមពិចារណាមើលវីដេអូ « To Look Upon » ( បណ្ណាល័យដំណឹងល្អ ) ។ សូមផ្អាកវីដេអូរៀងរាល់ពេលដែល ដេវីឌ អាចធ្វើការជ្រើសរើសផ្សេង ។ តើជម្រើសរបស់ ដេវីឌ ស្រដៀងទៅនឹងជម្រើសដែលបងប្អូនអាចប្រឈមមុខយ៉ាងដូចម្តេច ?
សំណួរដើម្បីគិតពិចារណា ។ នៅពេលមើលវីដេអូ មិនថាបងប្អូនកំពុងបង្រៀន ឬសិក្សាដោយខ្លួនឯងនោះទេ សូមផ្អាកវីដេអូនេះជាញឹកញាប់ដើម្បីសួរថា « តើខ្ញុំកំពុងរៀនអ្វី ? » ការធ្វើដូច្នេះអាចយាងឲ្យមានការយល់ដឹងមកពីព្រះវិញ្ញាណបរិសុទ្ធបាន ។
សូមមើលផងដែរ ប្រាតលី អ័រ វីលឃុស « ភាពស័ក្ដិសមមិនមែនជាភាពល្អឥតខ្ចោះ » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៦១–៦៧; « រូបអាសគ្រាម » នៅក្នុង « ជួយដល់ជីវិត » កម្រងនៅក្នុងបណ្ណាល័យដំណឹងល្អ ។
តើនឹងមានអ្វីកើតឡើងបន្ទាប់ពីខ្ញុំស្លាប់ទៅ ?
កូរីអានតុន មានសំណួរមួយចំនួនអំពីអ្វីដែលនឹងកើតឡើងបន្ទាប់ពីការស្លាប់ ។ កង្វល់របស់លោកបាននាំឲ្យអាលម៉ាបង្រៀនគោលការណ៍ដែលមាននៅក្នុង អាលម៉ា ៤០–៤១ ។ នៅពេលបងប្អូនសិក្សា សូមធ្វើបញ្ជីសេចក្ដីពិតមួយដែលបងប្អូនរកឃើញអំពីរឿងនានាដូចជា ពិភពវិញ្ញាណ ការរស់ឡើងវិញ និងការជំនុំជម្រះ ។ សូមពិចារណាអានជំពូកទាំងនេះចេញមកពីទស្សនវិស្ស័យរបស់មនុស្សដែលត្រូវប្រែចិត្ត ដូចជាកូរីអានតុនជាដើម—ព្រោះនៅទីបំផុត សេចក្តីពិតនោះគឺសម្រាប់យើងទាំងអស់គ្នា ។
ខ្ញុំអាចស្វែងរកចម្លើយចំពោះសំណួររបស់ខ្ញុំទាក់ទងទៅនឹងសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទបាន ។
នៅពេលខ្លះយើងអាចនឹងគិតថា ពួកព្យាការីដឹងចម្លើយចំពោះសំណួរនៃដំណឹងល្អទាំងអស់ ។ ប៉ុន្តែ សូមកត់សម្គាល់ពីសំណួរដែលមិនមានចម្លើយ ដែលអាលម៉ាមាននៅក្នុង ជំពូកទី ៤០ ។ តើលោកបានធ្វើអ្វីខ្លះ ដើម្បីស្វែងរកចម្លើយ ? តើលោកបានធ្វើអ្វីខ្លះ នៅពេលលោកពុំមានចម្លើយ ? តើគំរូរបស់អាលម៉ាអាចជួយបងប្អូនបានយ៉ាងដូចម្ដេច ?
ការអធិស្ឋានគឺជាវិធីមួយដែលយើងអាចរកឃើញចម្លើយចំពោះសំណួរនៃដំណឹងល្អ ។
ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទធ្វើឲ្យសេចក្តីសង្គ្រោះកើតមានឡើង ។
កូរីអានតុនបានជឿថា ការធ្វើទោសដល់ជនដែលមានបាបគឺអយុត្តិធម៌ ( សូមមើល អាលម៉ា ៤២:១ ) ។ នៅក្នុង អាលម៉ា ៤២ តើអាលម៉ាបានដោះស្រាយកង្វល់របស់លោកដោយរបៀបណា ? បងប្អូនអាចរៀបចំវគ្គបទគម្ពីរនៅក្នុងជំពូកនេះទៅជាពីរក្រុម ៖ « ព្រះមានសេចក្ដីយុត្តិធម៌» និង « ព្រះមានសេចក្ដីមេត្តាករុណា » ។ តើដង្វាយធួនរបស់ព្រះអង្គសង្គ្រោះធ្វើឲ្យមានទាំងសេចក្ដីយុត្តិធម៌ និងសេចក្ដីមេត្តាករុណាបានដោយរបៀបណា ? សូមរកមើលការយល់ដឹងបន្ថែមនៅក្នុងវីដេអូ « The Mediator » ( នៅលើបណ្ណាល័យដំណឹងល្អ ) ។
សូមមើលផងដែរ « ឱ! ប្រាជ្ញា និងក្តីស្នេហ៍ដ៏អស្ចារ្យ » ទំនុកតម្កើង ល.រ. ១១៧ ។
សម្រាប់គំនិតបន្ថែម សូមមើលទស្សនាវដ្តី លីអាហូណា និង ដើម្បីកម្លាំងនៃយុវជន ប្រចាំខែនេះ ។
គំនិតសម្រាប់បង្រៀនកុមារ
គំរូល្អរបស់ខ្ញុំអាចនាំអ្នកដទៃមកកាន់ព្រះគ្រីស្ទបាន ។
-
ដំបូន្មានរបស់អាលម៉ាទៅកាន់កូរីអានតុនអាចជួយកូនៗរបស់បងប្អូនឲ្យយល់ពីសារៈសំខាន់នៃការធ្វើជាគំរូល្អបាន ។ សូមពិចារណាអាន អាលម៉ា ៣៩:១ រួមគ្នា ។ តើស៊ិបឡុនដែលជាបងប្រុសរបស់កូរីអានតុនបានធ្វើជាគំរូល្អយ៉ាងដូចម្តេច ? កូនៗរបស់បងប្អូនអាចរកឃើញចម្លើយបន្ថែមចំពោះសំណួរនេះនៅក្នុង អាលម៉ា ៣៨:២–៤ ។
-
បងប្អូនក៏អាចលេងល្បែងមួយដែលបងប្អូន និងកូនៗរបស់បងប្អូនដាក់វេនគ្នាធ្វើតាមគ្នា ឬធ្វើត្រាប់តាមគ្នាទៅវិញទៅមកផងដែរ ។ សូមប្រើល្បែងនេះដើម្បីបង្ហាញពីរបៀបដែលសកម្មភាពរបស់យើង អាចជួយអ្នកដទៃឲ្យជ្រើសរើសធ្វើល្អបាន ។ សូមច្រៀងរួមគ្នាបទ « ខ្ញុំជាដួងតារា » ( សៀវភៅចម្រៀងកុមារ ទំព័រ ៨៤ ) ហើយជួយកូនៗរបស់បងប្អូនឲ្យគិតអំពីវិធីដែលពួកគេអាចធ្វើជាគំរូដ៏ល្អមួយ ។
-
ដោយប្រើពិលមួយ ឬរូបភាពព្រះអាទិត្យមួយ នោះបងប្អូនអាចប្រៀបធៀបពន្លឺនោះទៅនឹងអំណាចនៃគំរូល្អមួយបាន ។ បងប្អូន និងកូនៗរបស់បងប្អូនក៏អាចមើលរូបភាពដែលព្រះយេស៊ូវធ្វើកិច្ចការល្អៗផងដែរ ហើយនិយាយអំពីគំរូដែលទ្រង់បានដាក់បង្ហាញយើង ។ វីដេអូ « Shine Your Light So Others May See » និង « Lessons I Learned as a Boy » អាចជួយកូនៗរបស់បងប្អូនឲ្យពិភាក្សាអំពីរបៀបដែលគំរូរបស់ពួកគេអាចនាំមនុស្សទៅរកព្រះគ្រីស្ទបាន ។
ដោយសារព្រះយេស៊ូវគ្រីស្ទ ខ្ញុំអាចប្រែចិត្តបាននៅពេលខ្ញុំធ្វើខុស ។
-
ដោយពុំចាំបាច់ពន្យល់លម្អិតអំពីលក្ខណៈនៃអំពើបាបរបស់លោកទេ សូមពន្យល់ថា កូរីអានតុនបានជ្រើសរើសធ្វើខុស ។ តើយើងអាចនិយាយអ្វីខ្លះដើម្បីជួយលោក ? សូមពិចារណាអាន អាលម៉ា ៣៩:៩ ឲ្យកូនៗរបស់បងប្អូនស្ដាប់ ហើយជួយពួកគេឲ្យយល់ពីអត្ថន័យនៃការ ប្រែចិត្ត និង បោះបង់ចោល ។ សូមថ្លែងទីបន្ទាល់ថា ការប្រែចិត្តអាចធ្វើទៅបានតាមរយៈព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។
-
នេះជាមេរៀនមួយដែលប្រើវត្ថុ ដើម្បីបង្ហាញពីអំណរនៃការប្រែចិត្ត ៖ សូមឲ្យកូនៗកាន់វត្ថុមួយធ្ងន់ ពេលដែលបងប្អូនប្រាប់ពីដំណើររឿងអំពីនរណាម្នាក់ដែលបានធ្វើអ្វីមួយខុស ហើយមានអារម្មណ៍មិនល្អ ។ សូមប្រាប់កូនៗរបស់បងប្អូនថា វត្ថុធ្ងន់នោះគឺដូចជាអារម្មណ៍មិនល្អនោះដែលយើងមាន ពេលយើងធ្វើខុសអ៊ីចឹងដែរ ។ សូមយកវត្ថុធ្ងន់ៗចេញពីកុមារ នៅពេលបងប្អូនថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ អាចដកយកអារម្មណ៍លំបាកធ្ងន់ធ្ងរ អារម្មណ៍មិនល្អចេញ ហើយជួយយើងឲ្យធ្វើជាមនុស្សកាន់តែប្រសើរឡើង នៅពេលយើងប្រែចិត្ត ។
បន្ទាប់ពីយើងស្លាប់ ព្រលឹងវិញ្ញាណរបស់យើងនឹងទៅកាន់ពិភពវិញ្ញាណរហូតទាល់តែដល់ពេលការរស់ឡើងវិញ និងការជំនុំជម្រះ ។
-
វាជារឿងធម្មតាទេដែលឆ្ងល់ថា តើនឹងមានអ្វីកើតឡើងបន្ទាប់ពីយើងស្លាប់ទៅនោះ ។ តើបងប្អូនអាចធ្វើអ្វីខ្លះ ដើម្បីជួយកូនៗរបស់បងប្អូនឲ្យរកឃើញចម្លើយដ៏បំផុសគំនិត ? បងប្អូនអាចសរសេរ សេចក្ដីស្លាប់ ពិភពវិញ្ញាណ ( ស្ថានសួគ៌ និងស្ថានឃុំព្រលឹង ) ការរស់ឡើងវិញ និង ការជំនុំជម្រះ នៅលើក្រដាសដាច់ដោយឡែកពីគ្នា ។ សូមជួយកូនៗរបស់បងប្អូនឲ្យយល់អំពីអត្ថន័យនៃពាក្យទាំងនេះ ។ នៅពេលបងប្អូនអានជាមួយគ្នាក្នុង អាលម៉ា ៤០:៦–៧, ១១–១៤, ២១–២៣ កូនៗរបស់បងប្អូនអាចដាក់ពាក្យទាំងនោះទៅតាមលំដាប់លំដោយដែលវាកើតឡើងនៅក្នុងខគម្ពីរទាំងនេះ ។
-
កុមារធំៗអាចទទួលប្រយោជន៍ពីការស្វែងរកចម្លើយចំពោះសំណួរទាំងនេះបាន តាមរយៈការស្រាវជ្រាវនៅក្នុង អាលម៉ា ៤០:៦–៧, ១១–១៤, ២១–២៣ ។ សូមពិចារណាសួរកូនៗរបស់បងប្អូននូវសំណួរដែលអាចមានចម្លើយនៅក្នុងខគម្ពីរទាំងនេះ ដូចជា « តើរូបកាយរបស់ខ្ញុំនឹងមានលក្ខណៈបែបណា នៅពេលខ្ញុំរស់ឡើងវិញ ? » សូមអញ្ជើញពួកគេឲ្យស្វែងរកចម្លើយនៅក្នុងខគម្ពីរដែលត្រឹមត្រូវ ។
រូបភាពម៉ារា និងព្រះយេស៊ូវMary and the Resurrected Lord [ ម៉ារា និងព្រះអម្ចាស់ដែលមានព្រះជន្មរស់ឡើងវិញ ] ដោយ ហារី អាន់ឌើរសិន
-
តើកូនៗរបស់បងប្អូនមានស្គាល់នរណាម្នាក់ដែលបានស្លាប់ដែរឬទេ ? ប្រហែលជាបងប្អូនអាចនិយាយសង្ខេបខ្លីៗអំពីបុគ្គលនោះ ។ សូមថ្លែងទីបន្ទាល់របស់បងប្អូនថា នៅថ្ងៃណាមួយ គាត់ ឬនាង—និងមនុស្សផ្សេងទៀត—នឹងរស់ឡើងវិញដោយសារតែព្រះយេស៊ូវគ្រីស្ទ ។ ប្រសិនបើចាំបាច់ សូមប្រើទំព័រសកម្មភាពសប្ដាហ៍នេះដើម្បីពន្យល់ពីអត្ថន័យនៃការរស់ឡើងវិញ ។
សម្រាប់គំនិតបន្ថែម សូមមើលទស្សនាវដ្តី ប្រិយមិត្ត ប្រចាំខែនេះ ។
This My Son [ នេះជាបុត្រារបស់យើង ] ដោយ អែលផេស ខេតលីន យ៉ាំង