ចូរ​មក​តាម​ខ្ញុំ ឆ្នាំ ២០២៤
ថ្ងៃទី ២៩ ខែ កក្កដា–ថ្ងៃទី ៤ ខែ សីហា ៖ « មើល​ទៅ​ព្រះ ហើយ​រស់នៅ » ។ អាលម៉ា ៣៦–៣៨


« ថ្ងៃទី ២៩ ខែ កក្កដា–ថ្ងៃទី ៤ ខែ សីហា ៖ ‹ មើល​ទៅ​ព្រះ ហើយ​រស់នៅ › ។ អាលម៉ា ៣៦–៣៨ » « ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ២០២៣ )

« ថ្ងៃទី ២៩ ខែ កក្កដា–ថ្ងៃទី ៤ ខែ សីហា ។ អាលម៉ា ៣៦–៣៨ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ២០២៣ )

រូបភាព
ស្រ្តី​ម្នាក់​កំពុង​អធិស្ឋាន

Woman [ ស្ត្រី ] ដោយ ជេន តុលម៉ែន, ហាម​ថត​ចម្លង

ថ្ងៃទី ២៩ ខែ កក្កដា–ថ្ងៃទី ៤ ខែ សីហា ៖ « មើល​ទៅ​ព្រះ ហើយ​រស់នៅ »

អាលម៉ា ៣៦–៣៨

នៅពេល​អាលម៉ា​មើល​ឃើញ​សេចក្ដី​ទុច្ចរិត​ដែល​មាន​នៅ​ជុំវិញ​ខ្លួន​លោក លោក​មាន​អារម្មណ៍ « សោកសៅ » « ទុក្ខ​លំបាក » « គ្រាំគ្រា​ក្នុង​ចិត្ត » យ៉ាង​ខ្លាំង ( អាលម៉ា ៨:១៤ ) ។ លោក​បាន​មាន​ប្រសាសន៍​អំពី​ពួកសាសន៍​សូរាំ​ថា « អំពើ​ទុច្ចរិត​បែបនេះ​ដែល​នៅ​ក្នុង​ចំណោម​ប្រជាជន​នេះ ធ្វើ​ឲ្យ​ឈឺ​ចាប់​ក្នុង​ព្រលឹង​ទូល​បង្គំ » ( អាលម៉ា ៣១:៣០ ) ។ លោក​មាន​អារម្មណ៍​ស្រដៀងគ្នា​នេះ បន្ទាប់ពី​ត្រឡប់​មក​ពី​បេសកកម្ម​របស់​លោក​ទៅកាន់​ពួក​សាសន៍​សូរាំ​វិញ—លោក​បាន​សង្កេត​ឃើញ​ថា ចិត្ត​របស់​ប្រជាជន​បាន « ចាប់​ផ្ដើម​រឹងរូស ហើយ​ថា​ពួកគេ​បាន​ចាប់​ផ្ដើម​អាក់អន់​ចិត្ត​ដោយ​ព្រោះ​ភាព​តឹងរឹង​នៃ​ព្រះបន្ទូល » ហើយ​រឿង​នេះ​ធ្វើ​ឲ្យ​ដួងចិត្ត​របស់​លោក « មាន​ការ​សោកសៅ​ជា​ខ្លាំង » ( អាលម៉ា ៣៥:១៥ ) ។ តើ​អាលម៉ា​បាន​ធ្វើ​អ្វីខ្លះ អំពី​អ្វី​ដែល​លោក​បាន​ឃើញ និង​បាន​មាន​អារម្មណ៍ ? លោក​ពុំ​បាន​បាក់​ទឹកចិត្ត​ដោយ​ងាយៗ ឬ​មើល​ឃើញ​តែ​ការអាក្រក់​អំពី​ស្ថានភាព​នៃ​ពិភពលោក​នេះ​នោះ​ទេ ។ ផ្ទុយ​ទៅវិញ « លោក​បាន​ចាត់​ឲ្យ​កូន​ប្រុសៗ​របស់​លោក​មក​ប្រជុំ​គ្នា » ហើយ​បាន​បង្រៀន​ពួកគេ​នូវ « ការណ៍​ទាំង​ឡាយ​ដែល​ទាក់ទង​ទៅនឹង​សេចក្ដីសុចរិត » ( អាលម៉ា ៣៥:១៦ ) ។ អាលម៉ា​បាន​បង្រៀន​ពួកគេ​ថា « គ្មាន​ផ្លូវ ឬ​មធ្យោបាយ​ឯណា​ផ្សេង​ទៀត​ទេ​ដែល​នាំ​ឲ្យ​មនុស្ស​បាន​សង្គ្រោះ មាន​តែ​ដោយ និង​តាមរយៈ​ព្រះគ្រីស្ទ​មួយ​ប៉ុណ្ណោះ ។… មើល​ចុះ ទ្រង់​គឺ​ជា​ព្រះបន្ទូល​នៃ​សេចក្ដីពិត និង​សេចក្ដី​សុចរិត » ( អាលម៉ា ៣៨:៩ ) ។

គំនិត​សម្រាប់​ការបង្រៀន​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

អាលម៉ា ៣៦; ៣៨:៥–៦

ខ្ញុំ​អាច​កើត​មក​អំពី​ព្រះ​បាន ។

មនុស្ស​មួយ​ចំនួន​តូច​នឹង​ជួប​បទពិសោធន៍​អស្ចារ្យ ដូចជា​ការប្រែ​ចិត្តជឿ​របស់​អាលម៉ា​ដែរ ។ ប៉ុន្តែ​មនុស្ស​គ្រប់គ្នា​ត្រូវតែ « កើត​មក​អំពី​ព្រះ » ទោះជា​ធម្មតា វា​កើតឡើង​បន្តិច​ម្តងៗ​ក៏ដោយ ( អាលម៉ា ៣៦:២៣៣៨:៦ ) ។ នៅពេល​បងប្អូន​អាន អាលម៉ា ៣៦ សូម​គិត​អំពី​អត្ថន័យ​នៃ​ការកើត​មក​អំពី​ព្រះ ។ ឧទាហរណ៍ នៅក្នុង​ដំណើរ​នៃ​ការកើត​មក​អំពី​ព្រះ តើ​យើង​មាន​អារម្មណ៍​យ៉ាងណា​អំពី​អំពើ​បាប ? អំពី​ព្រះយេស៊ូវ​គ្រីស្ទ ? តើ​ការកើត​មក​អំពី​ព្រះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ចំពោះ​អ្វី​ដែល​បងប្អូន​ធ្វើ ដើម្បី​ឆ្លើយ​តប​ទៅនឹង​កំហុស​របស់​បងប្អូន​ផ្ទាល់ ? តើ​មាន​ការផ្លាស់ប្ដូរ​អ្វី​ផ្សេងទៀត កើតមាន​ដល់​ជំនឿ និង​សកម្មភាព​របស់​បងប្អូន ? សូម​ពិចារណា​ពី​របៀប​ដែល​បងប្អូន​កំពុង​ដក​ពិសោធន៍​ការផ្លាស់ប្តូរ​ទាំងនេះ ។

សូមមើល​ផងដែរ ម៉ូសាយ ៥:៧; ២៧:២៥–២៦; អាលម៉ា ៥:១៤; ២២:១៥; ហេលេមិន ៣:៣៥; « Alma the Younger Is Converted unto the Lord » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

អាលម៉ា ៣៦:១២–២៤; ៣៨:៨–៩

ព្រះយេស៊ូវ​គ្រីស្ទ​ជំនួស​សេចក្តី​សោកសៅ​ដោយ​សេចក្តី​អំណរ ។

ពេលខ្លះ មនុស្ស​ភ័យខ្លាច​មិន​ហ៊ាន​ប្រែចិត្ត ដោយសារ​ពួកគេ​មើលឃើញ​ថា ការប្រែចិត្ត​គឺជា​ការដាក់​ទណ្ឌកម្ម​ដ៏​ឈឺចាប់​សម្រាប់​អំពើ​បាប ។ តើ​បងប្អូន​គិត​ថា អាលម៉ា​នឹង​និយាយ​អ្វី​ខ្លះ​អំពី​រឿង​នោះ ? ដើម្បី​ស្វែងយល់ បងប្អូន​អាច​នឹង​ប្រៀបធៀប​រក​ភាពខុសគ្នា​រវាង​ជីវិត​អាលម៉ា​មុនពេល​លោក​ប្រែចិត្ដ ( សូមមើល អាលម៉ា ៣៦:៦–១៧ ) ជាមួយ​នឹង​ការពិពណ៌នា​របស់​លោក​អំពី​ខ្លួនឯង​បន្ទាប់​ពី​លោក​បាន​ប្រែចិត្ដ​ហើយ ( សូមមើល ខទី ១៨–២៧ ) ។ យោង​តាម អាលម៉ា ៣៦:១៧–១៨ តើ​អាលម៉ា​ទទួល​បាន​ការអភ័យទោស​នេះ​តាម​របៀប​ណា ?

សូមមើល​ផងដែរ ម៉ាធ្យូ អេស ហូឡិន « The Exquisite Gift of the Son » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៤៥–៤៧ ។

អាលម៉ា ៣៧

ព្រះគម្ពីរ​ត្រូវបាន​ថែរក្សា​ទុក « ដើម្បី​ប្រយោជន៍​ដ៏វាងវៃ​មួយ » ។

សូម​ពិចារណា​អំពី​អព្ភូតហេតុ និង​ពរជ័យ​ក្នុងការ​មាន​ព្រះគម្ពីរ​សព្វ​ថ្ងៃ​នេះ ! នៅពេល​បងប្អូន​អាន អាលម៉ា ៣៧ សូម​ស្វែងរក​ពរជ័យ​ដែល​មក​ពី​ការមាន​ព្រះគម្ពីរ ( សូមមើល​ឧទាហរណ៍ ខទី ៧–១០, ១៨–១៩, ៤៤–៤៥ ) ។

នៅ​ក្នុង អាលម៉ា ៣៧:៣៨–៤៧ អាលម៉ា​បាន​ប្រៀបធៀប « ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ » ទៅ​នឹង​លីអាហូណា ។ នៅពេល​បងប្អូន​ពិចារណា​អំពី​ការ​ប្រៀបធៀប​នេះ សូម​នឹក​គិត​អំពី​របៀប​ដែល​បងប្អូន​ដក​ពិសោធន៍​អព្ភូតហេតុ និង​ព្រះចេស្ដា​នៃ​ការ​បង្រៀន​របស់​ព្រះគ្រីស្ទ « ពី​ថ្ងៃ​មួយ​​ទៅ​ថ្ងៃមួយ » ( អាលម៉ា ៣៧:៤០ ) ។

សូមមើល​ផងដែរ ឌី ថត គ្រីស្តូហ្វឺសិន « The Blessing of Scripture » Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៣២–៣៥; « ពេល​ខ្ញុំ​ស្វែង​យល់​គម្ពីរ​ពិសិដ្ឋ » ទំនុកតម្កើង ល.រ. ១៥៩; « Alma Testifies to His Son Helaman » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

រូបភាព
ស្ត្រី​កំពុង​អាន​ព្រះគម្ពីរ

ព្រះគម្ពីរ​បង្រៀន​យើង​អំពី​របៀប​ដើម្បី​ធ្វើតាម​ព្រះ

អាលម៉ា ៣៧:១–១៤

រូបភាព
seminary icon
« ដោយ​កិច្ចការ​តូចតាច និង​ងាយ ទើប​នាំ​ឲ្យ​កើត​កិច្ចការ​ដ៏​ធំៗ​បាន » ។

ពេលខ្លះ​យើង​អាច​មាន​អារម្មណ៍​ថា បញ្ហា​របស់​យើង​ដូចជា​ធំសម្បើម ហើយ​ស្មុគស្មាញ​ខ្លាំង​ណាស់ ហើយ​ដំណោះស្រាយ​នោះ​ត្រូវតែ​ធំ និង​ស្មុគស្មាញ​ដូចគ្នា​ដែរ ។ ប៉ុន្តែ​នោះ​ពុំ​មែនជា​របៀប​របស់​ព្រះអម្ចាស់​ជានិច្ច​ទេ ។ នៅពេល​បងប្អូន​អាន អាលម៉ា ៣៧:១–១៤ សូម​ពិចារណា​ពី​អ្វី​ដែល​ធ្វើ​ឲ្យ​បងប្អូន​ចាប់​អារម្មណ៍​អំពី​របៀប​ដែល​ទ្រង់​ធ្វើ​កិច្ចការ​របស់​ទ្រង់។ បន្ទាប់​មក បងប្អូន​អាច​ពិចារណា និង​កត់​ត្រា​នូវ​របៀប​ដែល​បងប្អូន​បាន​ឃើញ​គោលការណ៍​នេះ​នៅក្នុង​ជីវិត​របស់​បងប្អូន ។

ប្រសិន​បើ​បងប្អូន​នឹង​បង្រៀន​គោលការណ៍​នេះ​ដល់​នរណា​ម្នាក់ តើ​បងប្អូន​នឹង​ប្រើ​គំរូ​អ្វី​ខ្លះ​មកពី​ធម្មជាតិ ឬ​ជីវិត​ប្រចាំ​ថ្ងៃ​ដើម្បី​បង្ហាញ​វា ? បងប្អូន​ក៏​អាច​រកឃើញ​គោលការណ៍​មួយ​ចំនួន​នៅក្នុង​សារលិខិត​របស់​ប្រធាន ដាល្លិន អេក អូក បាន​ផងដែរ « Small and Simple Things » ( Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៨៩–៩២ ) ។

តើ​អ្វី​ទៅ​ជា​កិច្ចការ​តូចតាច និង​ងាយ ដែល​នាំ​បងប្អូន​ឲ្យ​ខិត​ទៅ​កាន់តែ​ជិត​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ?

ជាញឹកញាប់ ជម្រើស « តូចតាច និង​ងាយ » របស់​យើង​ធ្វើ​ឲ្យ​មាន​ភាព​ខុសគ្នា​យ៉ាង​ខ្លាំង​នៅក្នុង​ជីវិត​របស់​យើង ។ សូម​ពិចារណា​ជ្រើសរើស​ប្រធាន​បទ​មួយ​មកពី ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើការ​ជ្រើសរើស និង​សួរ​ខ្លួន​ឯង​នូវ​សំណួរ​បែប​នេះ ៖ តើ​ជម្រើស​របស់​ខ្ញុំ​អំពី​រឿង​នេះ​ប៉ះពាល់​ដល់​ខ្ញុំ និង​មនុស្ស​នៅ​ជុំវិញ​ខ្ញុំ​យ៉ាង​ដូចម្ដេច ? តើ​ខ្ញុំ​អាច​ធ្វើ​ការផ្លាស់ប្ដូរ​តូចតាច និង​ងាយ​អ្វីខ្លះ ដែល​នឹង​នាំ​ឲ្យ​មាន​ភាព​សុខសាន្ត និង​សុភមង្គល​កាន់​តែ​ខ្លាំង​ឡើង ?

សូមមើល​ផងដែរ ម៉ៃឃើល អេ ដុន « One Percent Better » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ១០៦–១០៨; Gospel Topics « Agency » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

សូម​ប្រើ​របស់​តូចតាច និង​ងាយៗ ។ ដូចជា​រឿង​ជាច្រើន​ទៀត​នៅក្នុង​ជីវិត​ដែរ ការបង្រៀន និង​ការរៀនសូត្រ​ដំណឹងល្អ​អាច​ធ្វើឡើង​បាន​តាមរយៈ​មធ្យោបាយ​តូចតាច និង​ងាយៗ ។ ឧទាហរណ៍ តើ​អំបិល ឬ​មេដំបែ​បន្តិចបន្តួច​អាច​យក​មក​ប្រើ​ដើម្បី​បង្រៀន​ពី​អំណាច​នៃ​រឿង​តូចតាច និង​ងាយៗ​បាន​យ៉ាង​ដូចម្ដេច ? ( សូមមើល ម៉ាថាយ ៥:១៣; ១៣:៣៣ ) ។

អាលម៉ា ៣៧:៣៥–៣៧

« ចូរ​ប្រឹក្សា​ជាមួយ​នឹង​ព្រះអម្ចាស់ » ។

នៅក្នុង អាលម៉ា ៣៧:៣៥–៣៧ សូម​ស្វែងរក​ការអញ្ជើញ​របស់ អាលម៉ា ទៅកាន់​កូន​ប្រុស​របស់​លោក ហេលេមិន ។ តើ​ការអញ្ជើញ​មួយ​ណា​ក្នុង​ចំណោម​ការ​អញ្ជើញ​ទាំង​នេះ​ដែល​បាន​ជំរុញ​ឲ្យ​បងប្អូន​ធ្វើ​សកម្ម​ភាព ? ឧទាហរណ៍ បងប្អូន​អាច​ពិចារណា​ពី​អត្ថន័យ​នៃ​ការ « ប្រឹក្សា​ជាមួយ​នឹង​ព្រះអម្ចាស់ » បាន ( ខទី ៣៧ ) ។ តើ​បងប្អូន​បាន​ព្យាយាម​ធ្វើ​បែប​នេះ​ដោយ​របៀប​ណា ? តើ​ទ្រង់​បាន​ដឹកនាំ​បងប្អូន​ទៅរក​ការល្អ​ដោយ​របៀប​ណា ?

អាលម៉ា ៣៨

ការចែកចាយ​ទីបន្ទាល់​របស់​ខ្ញុំ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ពង្រឹង​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​បាន ។

ពាក្យ​សម្តី​របស់​អាលម៉ា​ទៅ​កាន់​កូន​ប្រុស​របស់​លោក ស៊ិបឡុន ផ្តល់​នូវ​គំរូ​ដ៏​ល្អ​មួយ​អំពី​របៀប​ដើម្បី​ពង្រឹង និង​លើក​ទឹក​ចិត្ត​ដល់​មនុស្ស​ដែល​យើង​ស្រឡាញ់​នៅក្នុង​ការរស់នៅ​តាម​ដំណឹងល្អ ។ ការសិក្សា អាលម៉ា ៣៨ អាច​ផ្ដល់​គំនិត​មួយ​ចំនួន​ឲ្យ​បងប្អូន​ចេះ​ជួយ​សមាជិក​គ្រួសារ និង​មិត្តភក្តិ​ឲ្យ​ស្វែងរក​កម្លាំង​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​សរសេរ​នូវ​អ្វី​ដែល​បងប្អូន​រកឃើញ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

អាលម៉ា ៣៦:៦–២៤

ការប្រែចិត្ត​នាំ​ឲ្យ​ខ្ញុំ​មាន​អំណរ​នៅ​ក្នុង​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​យល់​ថា ការប្រែ​ចិត្ត​នាំ​មក​នូវ​អំណរ នោះ​បងប្អូន​អាច​ផ្តល់​ក្រដាស​មួយ​សន្លឹក​ដល់​ពួកគេ​ដោយ​មាន​មុខ​សប្បាយ​រីករាយ​នៅ​ម្ខាង និង​មុខ​សោកសៅ​នៅ​ម្ខាង​ទៀត ។ ចូរ​ឲ្យ​ពួកគេ​ស្តាប់​នៅពេល​បងប្អូន​អាន ឬ​សង្ខេប អាលម៉ា ៣៦:១៣, ១៧–២០ ហើយ​លើក​មុខ​មួយ​ដើម្បី​បង្ហាញ​ពី​អារម្មណ៍​របស់ អាលម៉ា ។ កុមារ​ធំៗ​អាច​សរសេរ​ពាក្យ ឬ​ឃ្លា​ដែល​រៀបរាប់​ពី​អារម្មណ៍​របស់​លោក​បាន ។ តើ​អ្វី​ទៅ​ដែល​បាន​ធ្វើឲ្យ​អាលម៉ា​សោកសៅ ហើយ​អ្វី​ដែល​នាំ​ឲ្យ​លោក​មាន​អំណរ ? បន្ទាប់​មក បងប្អូន​អាច​ប្រាប់​ពួកគេ​អំពី​អំណរ​ដែល​បងប្អូន​បាន​ទទួល នៅពេល​បងប្អូន​ប្រែចិត្ត ។

អាលម៉ា ៣៧:៦–៧

« ដោយ​កិច្ចការ​តូចតាច និង​ងាយ ទើប​នាំ​ឲ្យ​កើត​កិច្ចការ​ដ៏​ធំៗ​បាន » ។

  • កូនៗ​របស់​បងប្អូន​អាច​រីករាយ​ក្នុង​ការស្វែងរក​របស់​តូចៗ​ដែល​ធ្វើ​ឲ្យ​រឿង​ធំៗ​កើតឡើង ។ របស់របរ​ដូចជា ថ្មពិល កូនសោ​រថយន្ត ឬ​សូម្បី​តែ​របស់​លេង​ដែល​លួងលោម​ដល់​ពួកគេ ក៏​អាច​យក​មក​ធ្វើ​ជា​ឧទាហរណ៍​បាន​ដែរ ។ បន្ទាប់មក បងប្អូន​អាច​អាន អាលម៉ា ៣៧:៦–៧ ជាមួយ​គ្នា ហើយ​គិត​ពី​រឿង​តូចតាច ឬ​ងាយៗ​មួយ​ចំនួន​ដែល​ព្រះ​ចង់​ឲ្យ​យើង​ធ្វើ ។ តើ​មាន​កិច្ចការ​ធំៗ​អ្វី​ខ្លះ​អាច​កើត​ឡើង​បាន នៅពេល​យើង​គោរព​តាម​ព្រះ​បញ្ញត្តិ​តូចៗ ឬ​ងាយៗ​ទាំង​នេះ ?

  • កូនៗ​របស់​បងប្អូន​ក៏​អាច​សាកល្បង​អ្វី​មួយ​ដូច​នេះ​ផងដែរ ៖ ចាប់​ផ្ដើម​បំពេញ​កែវទឹក​ដោយ​ទឹក​មួយ​ដំណក់​ម្តងៗ ។ តើ​ការណ៍​នេះ​ទាក់ទង​ទៅនឹង អាលម៉ា ៣៧:៦–៧ យ៉ាង​ដូចម្ដេច ? បន្ទាប់​មក បងប្អូន​អាច​និយាយ​អំពី​របៀប​ដែល « រឿង​តូចតាច និង​ងាយៗ » របស់​ព្រះអម្ចាស់​មាន​ដូច​ជា ការ​អាន​ព្រះគម្ពីរ​ជា​រៀង​រាល់​ថ្ងៃ គឺ​ប្រៀប​ដូច​ជា​ដំណក់​ទឹក​នៅក្នុង​កែវទឹក​មួយ​ដែរ ។

  • សូម​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​គិត​ពី​របៀប​ដែល​ពួកគេ​នាំឲ្យ​រឿង​ធំៗ​កើតឡើង​នៅ​ផ្ទះ សាលា ឬ​ព្រះវិហារ​បាន ។ បទ​ចម្រៀង « អូរ​តូច​និយាយ​ថា ​« ឲ្យ » » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១១៦ ) ក៏​បង្ហាញ​ពី​គោលការណ៍​នេះ​ផងដែរ ។

អាលម៉ា ៣៧:៣៨–៤៧

ព្រះគម្ពីរ​អាច​ជួយ​ខ្ញុំ​រៀងរាល់​ថ្ងៃ​បាន ។

  • តើ​បងប្អូន​អាច​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​អភិវឌ្ឍ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះបន្ទូល​របស់​ព្រះ ដូច​ដែល​អាលម៉ា​បាន​ធ្វើ​សម្រាប់​ហេលេមិន​ដោយ​របៀបណា ? សូម​ពិចារណា​បង្ហាញ​រូបភាព​​លីអាហូណា​មួយ ( ដូចជា សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ៦៨ ជាដើម ) ឬ​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូបភាព​លីអាហូណា ខណៈពេល​ពួកគេ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​រូបភាព​នោះ ( សូមមើល អាលម៉ា ៣៧:៣៨–៤៧;នីហ្វៃទី ១ ១៦:១០, ២៨–២៩ ) ។ តើ​ព្រះគម្ពីរ​ទាំងឡាយ​ប្រៀប​ដូចជា​លីអាហូណា​យ៉ាង​ដូចម្តេច ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

រូបភាព
ទេវតា​បង្ហាញ​ព្រះកាយ​ដល់​អាលម៉ា និង​ពួកបុត្រា​របស់​ស្តេច​ម៉ូសាយ

Angel Appears to Alma and the Sons of Mosiah [ ទេវតា​បង្ហាញ​ព្រះកាយ​ដល់​អាលម៉ា និង​ពួកបុត្រា​របស់​ស្តេច​ម៉ូសាយ ] ដោយ ក្លាក ខេលី ផ្រាយ