ចូរ​មក​តាម​ខ្ញុំ ឆ្នាំ ២០២៤
ថ្ងៃទី ២២–២៨ ខែ កក្កដា ៖ « បណ្ដុះ​ពាក្យ​នេះ​នៅ​ក្នុង​ចិត្ត​អ្នក » ។ អាលម៉ា ៣២–៣៥


« ថ្ងៃទី ២២–២៨ ខែ កក្កដា ៖ ‹ បណ្ដុះ​ពាក្យ​នេះ​នៅ​ក្នុង​ចិត្ត​អ្នក › ។ អាលម៉ា ៣២–៣៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

« ថ្ងៃទី ២២–២៨ ខែ កក្កដា ។ អាលម៉ា ៣២–៣៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

រូបភាព
គ្រាប់ពូជ​នៅក្នុង​ដៃ​កុមារ

ថ្ងៃទី ២២–២៨ ខែ កក្កដា ៖ « បណ្ដុះ​ពាក្យ​នេះ​នៅ​ក្នុង​ចិត្ត​អ្នក »

អាលម៉ា ៣២–៣៥

សម្រាប់​ពួកសាសន៍​សូរាំ ការអធិស្ឋាន​រួមមាន​ការឈរ​នៅ​កន្លែង​ដែល​មនុស្ស​គ្រប់គ្នា​អាច​មើលឃើញ ហើយ​ប្រើ​ពាក្យ​ដដែលៗ​ឥត​ប្រយោជន៍​ដែល​បំពេញ​តែ​ចិត្ត​ខ្លួន​ឯង ។ ពួកសាសន៍​សូរាំ​ខ្វះ​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ—ថែម​ទាំង​បដិសេធ​ការមាន​ព្រះជន្ម​របស់​ទ្រង់​ទៀត​ផង—ហើយ​បាន​បៀតបៀន​ដល់​ជន​ក្រីក្រ ( សូមមើល អាលម៉ា ៣១:៩–២៥ ) ។ ផ្ទុយ​ទៅវិញ អាលម៉ា និង​អាមូលេក​បាន​បង្រៀន​ថា ការអធិស្ឋាន​គឺ​ទាក់ទង​ទៅនឹង​អ្វី​ដែល​មាន​នៅ​ក្នុង​ដួងចិត្ត​របស់​យើង​ជាជាង​នៅ​លើ​វេទិកា​សាធារណៈ ។ ហើយ​ប្រសិនបើ​យើង​មិន​បង្ហាញ​នូវ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​អស់​អ្នក​ដែល​ខ្វះខាត​ទេ​នោះ ការអធិស្ឋាន​របស់​យើង​គឺ « ឥត​ប្រយោជន៍​ទេ ហើយ​ពុំ​នាំ​មក​ឲ្យ​អ្នក​នូវ​ផល​អ្វី​សោះ … » ( អាលម៉ា ៣៤:២៨ ) ។ អ្វី​ដែល​សំខាន់​បំផុត​នោះ យើង​អធិស្ឋាន​ដោយសារ​យើង​មាន​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​ប្រទាន​ការប្រោសលោះ​តាមរយៈ « ការបូជា​មួយ​ដ៏​និរន្តរ៍ និង​អស់កល្ប​ជានិច្ច » ( អាលម៉ា ៣៤:១០ ) ។ អាលម៉ា​បាន​ពន្យល់​ថា សេចក្ដី​ជំនឿ​បែប​នោះ​កើត​មក​ពី​ភាពរាបសា និង « ការចង់​ជឿ » ( អាលម៉ា ៣២:២៧ ) ។ យូរៗទៅ​ដោយ​មាន​ការ​ចិញ្ចឹម​បីបាច់​ជា​និច្ច នោះ​ព្រះបន្ទូល​របស់​ព្រះ​ចាក់ឫស​នៅក្នុង​ដួងចិត្ត​របស់​យើង រហូត​ទាល់តែ​វា​ក្លាយ​ទៅជា « ដើម​មួយ​ពន្លក​ឡើង​ជា​ជីវិត​ដ៏​អស់កល្ប​ជានិច្ច » ( អាលម៉ា ៣២:៤១ ) ។

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

អាលម៉ា ៣២:១៧–៤៣

ខ្ញុំ​អនុវត្ត​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​តាមរយៈ​ការដាំ និង​ការចិញ្ចឹម​បីបាច់​ព្រះបន្ទូល​របស់​ទ្រង់​នៅក្នុង​ដួងចិត្ត​របស់​ខ្ញុំ ។

នៅពេល​បងប្អូន​អាន អាលម៉ា ៣២:១៧–៤៣ សូម​កត់ចំណាំ​ពាក្យ និង​ឃ្លា​ទាំងឡាយ​ដែល​ជួយ​បងប្អូន​ឲ្យ​យល់​អំពី​របៀប​អនុវត្ត​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពី​អត្ថន័យ​នៃ​សេចក្ដី​ជំនឿ និង​អ្វី​ដែល​ពុំ​មែនជា​សេចក្ដី​ជំនឿ ?

របៀប​មួយ​ទៀត​ដើម្បី​សិក្សា អាលម៉ា ៣២ គឺ​ការគូរ​រូបភាព​ដែល​តំណាង​ឲ្យ​ដំណាក់កាល​ផ្សេងៗ​នៃ​ការដុះ​លូតលាស់​នៃ​គ្រាប់ពូជ ។ បន្ទាប់មក សូម​ដាក់​ស្លាក​រូបភាព​នីមួយៗ​ដោយ​ពាក្យ​ទាំងឡាយ​ដែល​ដកចេញ​មក​ពី អាលម៉ា ៣២:២៨–៤៣ ដែល​ជួយ​បងប្អូន​ឲ្យ​យល់​អំពី​របៀប​ដាំ និង​បីបាច់​ព្រះបន្ទូល​នៃ​ព្រះ​នៅ​ក្នុង​ដួងចិត្ត​របស់​បងប្អូន ។

សូម​មើល រ័សុល អិម ណិលសុន « ព្រះគ្រីស្ទ​មាន​ព្រះជន្ម​រស់​ឡើងវិញ សេចក្តី​ជំនឿ​លើ​ទ្រង់​នឹងរើ​ភ្នំចេញ​បាន » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០១–៤ ។

អាលម៉ា ៣២:២៦–៤៣

ខ្ញុំ​អាច​ដឹង​ដោយ​ខ្លួន​ឯង​បាន ។

ចំពោះ​ពួកសាសន៍​សូរាំ​ដែល​មិន​ទាន់​ប្រាកដ​អំពី​ទីបន្ទាល់​របស់​អាលម៉ា​អំពី​ព្រះគ្រីស្ទ អាលម៉ា​បាន​ណែនាំ​ពី « ការពិសោធន៍ » មួយ ( សូមមើល អាលម៉ា ៣២:២៦ ) ។ ការពិសោធន៍​តម្រូវ​ឲ្យ​មាន​បំណង​ប្រាថ្នា ការចង់ដឹង សកម្មភាព និង​យ៉ាង​ហោច​ណាស់​មាន​សេចក្ដី​ជំនឿ​បន្តិច​បន្តួច​ផងដែរ—ហើយ​វា​អាច​នាំ​ទៅរក​របក​គំហើញ​ដ៏​អស្ចារ្យ ! សូម​គិត​អំពី​ការពិសោធន៍​ដែល​បងប្អូន​បាន​ឃើញ ឬ​បាន​ចូលរួម ។ យោង​ទៅ​តាម អាលម៉ា ៣២:២៦–៣៦ តើ​ការពិសោធន៍​បែប​ណា​ដែល​អាច​នាំ​ឲ្យ​មាន​សេចក្តី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន ?

តើ​បងប្អូន​បាន « ពិសោធន៍ » ទៅលើ​ព្រះបន្ទូល​របស់​ព្រះ ហើយ​ដឹង​ថា « ព្រះបន្ទូល​នោះ​ល្អ » ដោយ​របៀបណា ? ( អាលម៉ា ៣២:២៨ ) ។

អាលម៉ា ៣៣:២–១១; ៣៤:១៧–២៩

ខ្ញុំ​អាច​ថ្វាយ​បង្គំ​ព្រះ​នៅ​ក្នុង​ការអធិស្ឋាន​នៅ​គ្រប់ពេល និង​គ្រប់​ទីកន្លែង​បាន ។

ដំបូន្មាន​របស់​អាលម៉ា និង​អាមូលេក​អំពី​ការថ្វាយបង្គំ និង​ការអធិស្ឋាន​គឺ​ចង់​កែតម្រូវ​ការយល់​ច្រឡំ​ជាក់លាក់​មួយ​ចំនួន​ដែល​ពួកសាសន៍​សូរាំ​មាន ។ សូម​ពិចារណា​ធ្វើ​បញ្ជី​អំពី​ការយល់​ច្រលំ​ទាំងនោះ ( សូមមើល អាលម៉ា ៣១:១៣–២៣ ) ។ នៅជិត​បញ្ជី​នោះ បងប្អូន​អាច​ធ្វើ​បញ្ជី​នៃ​សេចក្ដីពិត​អំពី​ការអធិស្ឋាន​នៅក្នុង អាលម៉ា ៣៣:២–១១ និង ៣៤:១៧–២៩ ។ តើ​រឿង​ទាំងឡាយ​ដែល​បងប្អូន​បាន​រៀន​មកពី​ខគម្ពីរ​ទាំងនេះ​ជះឥទ្ធិពល​ទៅលើ​របៀប​ដែល​បងប្អូន​អធិស្ឋាន និង​ថ្វាយបង្គំ​ដោយ​របៀបណា ?

បងប្អូន​ក៏​អាច​ស្វែងរក​ការយល់​ដឹង​បន្ថែម​មកពី​ទំនុកតម្កើង​មួយ​អំពី​ការអធិស្ឋាន​ផងដែរ ដូចជា​បទ « ពេល​អធិស្ឋាន​ជា​ពេល​ត្រេកអរ » ( ទំនុក​តម្កើង ល.រ. ៨១ ) ។

អាលម៉ា ៣៤:៩–១៦

រូបភាព
seminary icon
ខ្ញុំ​ត្រូវការ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។

សូម​កត់​សម្គាល់​ថា តើ​អាមូលេក​បាន​ប្រើ​ពាក្យ និរន្តរ៍ និង អស់កល្ប​ជានិច្ច ប៉ុន្មាន​ដង​ដើម្បី​ពិពណ៌នា​អំពី​ការបូជា​ដ៏ធួន​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង អាលម៉ា ៣៤:៩–១៤ ។ ហេតុ​អ្វី​បាន​ជា​វា​មាន​សារៈសំខាន់​ដើម្បី​ដឹង​ថា ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​និរន្តរ៍ និង​អស់កល្ប​ជានិច្ច ? សូម​រកមើល​ពាក្យ និង​ឃ្លា​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ ដែល​ពិពណ៌នា​អំពី​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​ផងដែរ ៖ ហេព្រើរ ១០:១០; នីហ្វៃ​ទី​២ ៩:២១; ម៉ូសាយ ៣:១៣ ។

ទោះជា​ពេល​យើង​ដឹង​ថា ព្រះចេស្តា​ដើម្បី​សង្គ្រោះ​របស់​ព្រះយេស៊ូវ​គឺ​និរន្តរ៍ និង​អស់កល្ប​ជានិច្ច​ក្ដី ក៏​ពេលខ្លះ​យើង​អាច​សង្ស័យ​ថា តើ​វា​អនុវត្ត​ចំពោះ​យើង—ឬ​ចំពោះ​អ្នក​ណា​ម្នាក់​ដែល​បាន​ធ្វើ​បាប​យើង​ដែរ​ឬទេ ។ អែលឌើរ ដេវីឌ អេ បែដណា ធ្លាប់​មាន​ប្រសាសន៍​អំពី​មនុស្ស​ដែល « ហាក់មាន​សេចក្ដី​ជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ ប៉ុន្តែ​មិន​ជឿ​លើ​ព្រះពរ​ដែល​បាន​សន្យា​ថា​នឹង​មាន​សម្រាប់​គេ​ឡើយ » ( « If Ye Had Known Me » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ១០៤ ) ។ តើ​អ្វី​ដែល​អាច​រារាំង​យើង​ពី​ការទទួល​ព្រះចេស្តា​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​បាន​ពេញលេញ ? សូម​ពិចារណា​ពី​របៀប​ដែល​បងប្អូន​អាច​ដឹង​ថា ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​និរន្តរ៍ និង​អស់កល្ប​ជានិច្ច ។

ដើម្បី​ពិចារណា​ថា​តើ​បងប្អូន​ត្រូវការ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​ខ្លាំង​ប៉ុណ្ណា នោះ​វា​អាច​ជួយ​បាន ដើម្បី​គិត​ពី​អ្វីមួយ​ដែល​បងប្អូន​ត្រូវការ​ជា​រៀង​រាល់​ថ្ងៃ ។ សូម​សួរ​ខ្លួន​ឯង​ថា « តើ​ជីវិត​របស់​ខ្ញុំ​នឹង​ទៅ​ជា​យ៉ាងណា​បើ​គ្មាន​រឿង​នេះ ? » បន្ទាប់​មក នៅពេល​ដែល​បងប្អូន​សិក្សា អាលម៉ា ៣៤:៩–១៦ សូម​ពិចារណា​ថា តើ​ជីវិត​របស់​បងប្អូន​នឹង​ទៅជា​យ៉ាងណា បើ​គ្មាន​ព្រះយេស៊ូវ​គ្រីស្ទ​ទេ​នោះ ។ បងប្អូន​អាច​រក​ឃើញ​ការយល់​ដឹង​បន្ថែម​ផ្សេង​ទៀត​នៅ​ក្នុង នីហ្វៃ​ទី​២ ៩:៧–៩ ។ តើ​បងប្អូន​នឹង​សង្ខេប អាលម៉ា ៣៤:៩–១០ ទៅជា​មួយ​ប្រយោគ​ដោយ​របៀប​ណា ?

សូម​មើល​ផងដែរ មីហ្គែល ចន យូ ថេ « Our Personal Savior » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៩៩–១០១; Gospel Topics « Atonement of Jesus Christ » នៅលើ​បណ្ណាល័យ​ដំណឹងល្អ​; « Reclaimed » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

អាលម៉ា ៣៤:៣០–៤១

« ឥឡូវ​នេះ​គឺ​ជា​ពេល និង​ថ្ងៃ​នៃ​សេចក្តី​សង្គ្រោះ​របស់​បងប្អូន​ហើយ » ។

សូម​ស្រមៃ​ថា បងប្អូន​ចង់​ចូលរួម​នៅក្នុង​ការរត់​ប្រណាំង​ម៉ារ៉ាតុង ឬ​ការសម្តែង​តន្ត្រី​មួយ ។ តើ​នឹង​មាន​អ្វី​កើត​ឡើង ប្រសិន​បើ​បងប្អូន​រង់ចាំ​រហូត​ទាល់​តែ​ដល់​ថ្ងៃ​នៃ​ព្រឹត្តិការណ៍​នោះ​ដើម្បី​រៀបចំ​ខ្លួន ? តើ​ឧទាហរណ៍​នេះ​ទាក់ទង​ទៅនឹង​ការព្រមាន​របស់​អាមូលេក​នៅក្នុង អាលម៉ា ៣៤:៣២–៣៥ យ៉ាង​ដូចម្តេច ? តើ​អ្វី​ជា​គ្រោះថ្នាក់​នៃ​ការពន្យារ​ពេល​នៃ​ការខិតខំ​របស់​យើង​ដើម្បី​ប្រែចិត្ត និង​ផ្លាស់ប្ដូរ ?

ខទី ៣១ ក៏​មាន​សារ​មួយ​សម្រាប់​មនុស្ស​ដែល​អាច​ព្រួយ​បារម្ភ​ថា ពួកគេ​បាន​ពន្យារ​ពេល​យូរ​ពេក ហើយ​វា​យឺត​ពេល​ក្នុង​ការប្រែចិត្ត​ផងដែរ ។ តើ​បងប្អូន​គិត​ថា សារ​នេះ​គឺជា​អ្វី ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

អាលម៉ា ៣២:១–១៦

ព្រះអម្ចាស់​អាច​បង្រៀន​ខ្ញុំ​បាន នៅពេល​ខ្ញុំ​ជ្រើសរើស​ធ្វើ​ខ្លួនជា​មនុស្ស​មាន​ចិត្ត​សុភាព​រាបសា ។

  • អាលម៉ា និង​អាមូលេក​បាន​ទទួល​ជោគជ័យ​ក្នុង​ការបង្រៀន​ពួកសាសន៍​សូរាំ​ដែល​មាន​ចិត្ត​សុភាព​រាបសា ។ តើ​ចិត្ត​សុភាព​រាបសា​មាន​ន័យ​យ៉ាង​ដូចម្ដេច ? សូម​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​ស្វែងរក​និយមន័យ​នៃ​ពាក្យ ចិត្ត​សុភាព​រាបសា នៅក្នុង សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។ តើ​មាន​តម្រុយ​អ្វី​ផ្សេង​ទៀត​អំពី​អត្ថន័យ​នៃ​ពាក្យ​ទាំង​នេះ ដែល​យើង​អាច​ស្វែងរក​បាន​នៅក្នុង អាលម៉ា ៣២:១៣–១៦ ? សូម​អញ្ជើញ​កូនៗ​របស់​បងប្អូន​ឲ្យ​បំពេញ​ប្រយោគ​មួយ​ដូចជា « ខ្ញុំ​មាន​ចិត្ត​សុភាព​រាបសា នៅពេល​ដែល​ខ្ញុំ  » ។

អាលម៉ា ៣២:២៨–៤៣

ទីបន្ទាល់​របស់​ខ្ញុំ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​រីកចម្រើន​ឡើង នៅពេល​ខ្ញុំ​ចិញ្ចឹម​បីបាច់​ទីបន្ទាល់​នោះ ។

  • គ្រាប់​ពូជ ដើម​ឈើ និង​ផ្លែឈើ​គឺជា​អ្វី​ដែល​ងាយ​ស្គាល់ ដែល​អាច​ជួយ​កុមារ​ឲ្យ​យល់​បាន​អំពី​គោលការណ៍​អរូបិយ​ដូចជា​សេចក្តី​ជំនឿ និង​ទីបន្ទាល់​ជាដើម ។ សូម​ឲ្យ​កូនៗ​របស់​បងប្អូន​កាន់​គ្រាប់​ពូជ​មួយ ខណៈពេល​ដែល​បងប្អូន​អាន អាលម៉ា ៣២:២៨ ។ បន្ទាប់​មក បងប្អូន​អាច​សុំឲ្យ​ពួកគេ​ជួយ​បងប្អូន​គិត​អំពី​វិធី​ដែល​ការចម្រើន​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ដូចជា​ការដាំ និង​ការចិញ្ចឹម​បីបាច់​គ្រាប់​ពូជ​នោះ​ដែរ ( សូម​មើល « ជំពូក​ទី ២៩ ៖ អាលម៉ា​បង្រៀន​អំពី​សេចក្ដី​ជំនឿ និង​ព្រះ​បន្ទូល​របស់​ព្រះ » ដំណើររឿង​ព្រះគម្ពីរ​មរមន ទំព័រ ៨១ ) ។ ប្រហែលជា​បងប្អូន​អាច​ដាំ​គ្រាប់​ពូជ​របស់​បងប្អូន ហើយ​និយាយ​អំពី​អ្វី​ដែល​ចាំបាច់​ដើម្បី​ជួយ​ឲ្យ​គ្រាប់​ពូជ​នោះ—ឬ​ទីបន្ទាល់—លូតលាស់ ។

  • មាន​រូបភាព​អំពី​ដើមឈើ​មួយ​នៅក្នុង​គម្រោង​មេរៀន​នេះ បងប្អូន​អាច​ប្រើប្រាស់​វា​ដើម្បី​បង្ហាញ​អំពី​ពាក្យ​សម្ដី​របស់​អាលម៉ា​នៅក្នុង អាលម៉ា ៣២:២៨–៤៣ បាន ។ ឬ​បងប្អូន​អាច​ចេញ​ទៅ​ដើរលេង​នៅ​ខាងក្រៅ ហើយ​រក​មើល​ដើម​ឈើ​ដែល​វា​ដុះ​នៅ​ដំណាក់កាល​ផ្សេងៗ​គ្នា រួច​ហើយ​អាន​ខគម្ពីរ​មកពី អាលម៉ា ៣២ ដែល​ប្រៀបធៀប​ដើមឈើ​ដែល​ដុះឡើង​នោះ​ទៅ​នឹង​ទីបន្ទាល់​របស់​យើង ។ ឬ​ប្រហែល​ជា​កូនៗ​របស់​បងប្អូន​អាច​គូរ​រូប​ដើម​ឈើ​មួយ​នៅ​លើ​ក្ដារខៀន ហើយ​បន្ថែម​ស្លឹក ឬ​ផ្លែ​ឈើ​មួយ​នៅ​គ្រប់​ពេល​ដែល​ពួក​គេ​គិត​អំពី​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​បាន ដើម្បី​ជួយ​ទីបន្ទាល់​របស់​ពួក​គេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យ​រីក​លូតលាស់​បាន ។

  • បងប្អូន​អាច​អនុញ្ញាត​ឲ្យ​កូនៗ​របស់​បងប្អូន​ព្យាយាម​ដាក់​គ្រាប់ពូជ​នោះ ( តំណាង​ឲ្យ​ព្រះបន្ទូល​របស់​ព្រះ ) ទៅ​ក្នុង​ថ្ម ( តំណាង​ឲ្យ​ចិត្ត​ឆ្មើងឆ្មៃ ) និង​ចូល​ទៅ​ក្នុង​ដី​ទន់ ( តំណាង​ឲ្យ​ចិត្ត​សុភាព​រាបសា ) ។ សូម​អាន​ជាមួយ​គ្នា​នៅក្នុង អាលម៉ា ៣២:២៧–២៨ ។ សូម​និយាយ​អំពី​អត្ថន័យ​នៃ​ការ « ទុក​កន្លែង » ( ខទី ២៧ ) ឲ្យ​ព្រះបន្ទូល​របស់​ព្រះ​មាន​នៅក្នុង​ដួងចិត្ត​របស់​យើង ។

សូម​គូរ​រូបភាព​នានា ។ មនុស្ស​មួយ​ចំនួន​រៀន​កាន់​តែ​ប្រសើរ នៅ​ពេល​ពួកគេ​គូរ​រូបភាព​អំពី​អ្វី​ដែល​ពួកគេ​កំពុង​រៀន ។ កូនៗ​របស់​បងប្អូន​អាច​រីករាយ​នឹង​ការគូរ​រូបភាព​គ្រាប់​ពូជ​មួយ ដែល​លូតលាស់​ទៅជា​ដើមឈើ​មួយ​ដើម នៅពេល​ពួកគេ​សិក្សា អាលម៉ា ៣២ ។

អាលម៉ា ៣៣:២–១១; ៣៤:១៧–២៧

ខ្ញុំ​អាច​អធិស្ឋាន​ទៅកាន់​ព្រះវរបិតា​សួគ៌​នៅ​ពេល​ណា​ក៏​បាន​អំពី​រឿង​គ្រប់យ៉ាង ។

  • សូម​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​រក​ឃ្លា​ដែល​ពិពណ៌នា​អំពី​កន្លែង​ដែល​យើង​អាច​អធិស្ឋាន​បាន ( នៅក្នុង អាលម៉ា ៣៣:៤–១១ ) និង​អ្វីៗ​ដែល​យើង​អាច​អធិស្ឋាន​បាន ( នៅ​ក្នុង អាលម៉ា ៣៤:១៧–២៧ ) ។ ប្រហែលជា​ពួកគេ​អាច​គូរ​រូបភាព​ខ្លួនឯង​កំពុង​អធិស្ឋាន​នៅក្នុង​កន្លែង​ទាំងនេះ​បាន ។ សូម​ចែកចាយ​បទពិសោធន៍​ជាមួយ​គ្នា​ទៅវិញ​ទៅមក នៅ​ពេល​ដែល​ព្រះវរបិតា​សួគ៌​បាន​ព្រះ​សណ្ដាប់​ឮ​ការអធិស្ឋាន​របស់​បងប្អូន ។ បងប្អូន​ក៏​អាច​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​ការអធិស្ឋាន​ផងដែរ ដូចជា​បទ « ការអធិស្ឋាន​របស់​កុមារ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៦–៧ ) ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្ដី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

រូបភាព
ផ្លែឈើ​នៅ​លើ​ដើមឈើ​មួយ

« ដោយសារ​សេចក្ដី​ព្យាយាម​របស់​អ្នក និង​សេចក្ដី​ជំនឿ​របស់​អ្នក និង​សេចក្ដី​អត់ធន់​របស់​អ្នក​ទៅលើ​ព្រះបន្ទូល ដោយ​ថែទាំ​ព្រះបន្ទូល​នោះ​…​មើល​ចុះ នៅ​មិន​យូរ​មិន​ឆាប់ អ្នករាល់គ្នា​នឹង​បេះបាន​ផ្លែ​ឈើ​នោះ​ដែល​ពិសេស​បំផុត » ( អាលម៉ា ៣២:៤២ ) ។