« ថ្ងៃទី ២៦ ខែ សីហា–ថ្ងៃទី ១ ខែ កញ្ញា ៖ ‹ សិលានៃព្រះដ៏ប្រោសលោះនៃយើង › ។ ហេលេមិន ១–៦ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )
« ថ្ងៃទី ២៦ ខែ សីហា–ថ្ងៃទី ១ ខែ កញ្ញា ។ ហេលេមិន ១–៦ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )
ថ្ងៃទី ២៦ ខែ សីហា–ថ្ងៃទី ១ ខែ កញ្ញា ៖ « សិលានៃព្រះដ៏ប្រោសលោះនៃយើង »
ហេលេមិន ១–៦
ព្រះគម្ពីរហេលេមិនកត់ត្រាទាំងភាពជោគជ័យ និងសោកនាដកម្មនៅក្នុងចំណោមពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន ។ វាចាប់ផ្ដើមដោយ « មានការពិបាកយ៉ាងធ្ងន់ធ្ងរមួយនៅក្នុងចំណោមប្រជាជននៃពួកសាសន៍នីហ្វៃ » ( ហេលេមិន ១:១ ) ហើយការពិបាកនេះបានបន្ដមាននៅក្នុងកំណត់ត្រាទាំងមូល ។ នៅទីនេះយើងអានអំពីការរំជើបរំជួលខាងនយោបាយ ក្រុមចោរប្លន់ ការបដិសេធពួកព្យាការី និងភាពឆ្មើងឆ្មៃ និងការឥតជំនឿដែលមាននៅទូទាំងដែនដី ។ ប៉ុន្តែយើងក៏រកឃើញគំរូមួយចំនួនផងដែរ ដូចជានីហ្វៃ និងលីហៃ និង « ប្រជាជនដែលសុភាពរាបសា » ដែលពុំគ្រាន់តែនៅរស់រានមានជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការរីកចម្រើនខាងវិញ្ញាណទៀតផង ( ហេលេមិន ៣:៣៤ ) ។ តើពួកគេធ្វើបានតាមរបៀបណា ? តើពួកគេនៅរឹងមាំបានយ៉ាងដូចម្ដេច ខណៈដែលអរិយធម៌របស់ពួកគេចាប់ផ្ដើមចុះអន់ថយ ឬធ្លាក់ចុះនោះ ? វាដូចគ្នាសម្រាប់ពួកយើងផងដែរ ពួកយើងបន្ដនៅរឹងមាំនៅក្នុង « ខ្យល់ព្យុះកំណាច » ដែលពួកអារក្សបានបញ្ជូនមកឲ្យ « បោកបក់មកលើ [ យើង ] »—តាមរយៈការស្ថាបនាជីវិតរបស់យើង « នៅលើសិលានៃព្រះដ៏ប្រោសលោះនៃយើង គឺព្រះគ្រីស្ទជាព្រះរាជបុត្រានៃព្រះ … ជាគ្រឹះមួយបើសិនណាមនុស្សសង់នៅលើនោះ នោះពួកគេមិនអាចរលំបានឡើយ » ( ហេលេមិន ៥:១២ ) ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងសាសនាចក្រ
ភាពឆ្មើងឆ្មៃបំបែកយើងចេញពីព្រះវិញ្ញាណ និងកម្លាំងនៃព្រះ ។
នៅពេលបងប្អូនអាន ហេលេមិន ១–៦ បងប្អូនអាចកត់សម្គាល់ឃើញលំនាំមួយនៅក្នុងឥរិយាបថរបស់ពួកសាសន៍នីហ្វៃ ។ នៅពេលពួកគេជាមនុស្សសុចរិត ព្រះប្រទានពរដល់ពួកគេ ហើយពួកគេចម្រើនរុងរឿងឡើង ។ បន្ទាប់ពីមួយរយៈទៅ ពួកគេមានសេចក្ដីឆ្មើងឆ្មៃ និងទុច្ចរិត ហើយធ្វើការសម្រេចចិត្តដែលនាំទៅរកការបំផ្លិចបំផ្លាញ និងការរងទុក្ខ ។ បន្ទាប់មក ពួកគេបានបន្ទាបខ្លួន ហើយត្រូវបានបំផុសគំនិតឲ្យប្រែចិត្ត ហើយព្រះប្រទានពរដល់ពួកគេជាថ្មីម្ដងទៀត ។ លំនាំនេះកើតមានម្ដងហើយម្ដងទៀត ដែលជាញឹកញាប់មនុស្សមួយចំនួនហៅវាថាជា « វដ្តនៃភាពឆ្មើងឆ្មៃ » ។
សូមរកមើលឧទាហរណ៍នានាអំពីវដ្ដនេះ នៅពេលបងប្អូនអាន ហេលេមិន ១–៦ ។ នេះគឺជាសំណួរមួយចំនួនដើម្បីជួយបងប្អូនឲ្យយល់អំពីលំនាំនេះ ៖
-
តើបងប្អូនមើលឃើញមានភស្ដុតាងនៃភាពឆ្មើងឆ្មៃអ្វីខ្លះនៅក្នុងចំណោមពួកសាសន៍នីហ្វៃ ? ( សូមមើលឧទាហរណ៍ ហេលេមិន ៣:៣៣–៣៤; ៤:១១–១៣ ) ។ តើបងប្អូនមើលឃើញភស្តុតាងនៃភាពឆ្មើងឆ្មៃស្រដៀងគ្នានេះមាននៅក្នុងខ្លួនរបស់បងប្អូនដែរឬទេ ?
-
តើលទ្ធផលនៃភាពឆ្មើងឆ្មៃ និងអំពើទុច្ចរិតមានអ្វីខ្លះ ?( សូមមើល ហេលេមិន ៤:២៣–២៦ ) ។ តើលទ្ធផលនៃភាពរាបសា និងការប្រែចិត្តមានអ្វីខ្លះ ? ( សូមមើល ហេលេមិន ៣:២៧–៣០, ៣៥; ៤:១៤–១៦ ) ។
-
តើហេលេមិនចង់ឲ្យពួកកូនប្រុសរបស់គាត់ចងចាំអ្វីខ្លះ ? ( សូមមើល ហេលេមិន ៥:៤–១២ ) ។ តើការចងចាំសេចក្ដីពិតទាំងនេះអាចជួយបងប្អូនឲ្យចៀសវាងពីការមានភាពឆ្មើងឆ្មៃបានយ៉ាងដូចម្ដេច ?
សូមមើលផងដែរ « Chapter 18: Beware of Pride » Teachings of Presidents of the Church: Ezra Taft Benson ( ឆ្នាំ ២០១៤ ) ទំព័រ ២២៩–៤០; « ខ្ញុំត្រូវការទ្រង់ជានិច្ច » ទំនុកតម្កើង ល.រ. ៤៧ ។
សេចក្តីជំនឿលើព្រះគ្រីស្ទបំពេញព្រលឹងរបស់ខ្ញុំដោយអំណរ ។
នៅក្នុង ហេលេមិន ៣ មរមន បានរៀបរាប់ពីគ្រានៃការត្រេកអរ នៅពេលសាសនាចក្រមានពរយ៉ាងខ្លាំងដែលសូម្បីតែថ្នាក់ដឹកនាំក៏មានការភ្ញាក់ផ្អើលដែរ ។ ដោយផ្អែកលើអ្វីដែលបងប្អូនបានអាននៅក្នុង ខទី ២៤–៣២ តើបងប្អូនគិតថា អ្វីទៅដែលនាំឲ្យមានស្ថានភាពពេញដោយអំណរនោះ ? ទោះជាយ៉ាងណាក៏ដោយ មិនមែនសមាជិកទាំងអស់បានបន្តដោយអំណរនោះទេ ។ សូមកត់សម្គាល់ពីភាពខុសគ្នារវាងមនុស្សដែលបានពិពណ៌នានៅក្នុង ខទី ៣៣–៣៥ ។ តើបងប្អូនរៀនអ្វីខ្លះមកពីគំរូរបស់ពួកគេ ?
សូមរកមើលរឿងផ្ទាល់ខ្លួន ។ ព្យាការីមរមនបានប្រើឃ្លា « ម្ល៉ោះហើយ យើងឃើញ » ដើម្បីសង្កត់ធ្ងន់ទៅលើសេចក្ដីពិតសំខាន់ៗ នៅពេលដែលលោកសង្ខេបព្រះគម្ពីរមរមន ។ ឧទាហរណ៍ តើលោកចង់ឲ្យយើងមើលឃើញអ្វីខ្លះនៅក្នុង ហេលេមិន ៣:២៧–៣០ ? នៅពេលដែលបងប្អូនសិក្សាព្រះគម្ពីរ បងប្អូនអាចផ្អាកម្តងម្កាលដើម្បីបំពេញឃ្លា « ហើយម្ល៉ោះហើយ យើងឃើញ » ទាក់ទងទៅនឹងអ្វីដែលបងប្អូនបានអាន ។
ខ្ញុំអាចគោរពដល់ព្រះនាមរបស់ព្រះអង្គសង្គ្រោះបាន ។
ការអាន ហេលេមិន ៥:៦–៧ អាចបំផុសគំនិតបងប្អូនឲ្យពិចារណាពីឈ្មោះដែលបងប្អូនមាន រួមទាំងឈ្មោះគ្រួសារផងដែរ ។ តើឈ្មោះទាំងនេះមានន័យអ្វីខ្លះចំពោះបងប្អូន ? តើបងប្អូនអាចគោរពឈ្មោះទាំងនោះបានដោយរបៀបណា ? រឹតតែសំខាន់ទៅទៀតនោះ សូមពិចារណាអំពីអត្ថន័យនៃការទទួលយកព្រះនាមរបស់ព្រះអង្គសង្គ្រោះ ( សូមមើល មរ៉ូណៃ ៤:៣ ) ។ តើបងប្អូនគោរពដល់ព្រះនាមដ៏ពិសិដ្ឋនោះដោយរបៀបណា ?
រូបភាពseminary icon ប្រសិនបើខ្ញុំយកព្រះយេស៊ូវគ្រីស្ទធ្វើជាគ្រឹះរបស់ខ្ញុំ នោះខ្ញុំមិនអាចធ្លាក់ចុះបានទេ ។
តើវាមានអត្ថន័យយ៉ាងណាចំពោះបងប្អូនដើម្បីស្ថាបនា « គ្រឹះរបស់បងប្អូន » នៅលើ « សិលានៃព្រះដ៏ប្រោសលោះនៃយើង » ? ( ហេលេមិន ៥:១២ ) ។ តើបងប្អូនរកឃើញសុវត្ថិភាពពីព្យុះភ្លៀងនៃជីវិតនៅក្នុងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ? នៅពេលបងប្អូនអាន ហេលេមិន ៥:១២–៥២ សូមកត់សម្គាល់ពីរបៀបដែលនីហ្វៃ និងលីហៃទទួលបានពរជ័យ ដោយសារការស្ថាបនាសេចក្តីជំនឿរបស់ពួកលោកនៅលើសិលានៃព្រះដ៏ប្រោសលោះរបស់ពួកលោក ។
មនុស្សមួយចំនួនរកឃើញថា វាមានប្រយោជន៍បើពួកគេអាចមើលឃើញអ្វីដែលពួកគេកំពុងសិក្សា ។ ដើម្បីបង្ហាញពី ហេលេមិន ៥:១២ បងប្អូនអាចសង់អ្វីតូចមួយនៅលើប្រភេទគ្រឹះផ្សេងៗ ។ បន្ទាប់មក បងប្អូនអាចបង្កើតជា « ខ្យល់ព្យុះកំណាច » មួយដោយការបាញ់ទឹកទៅលើវា ឬប្រើកង្ហារដើម្បីបង្កើតជាខ្យល់ ។ តើការណ៍នេះផ្ដល់ជាគំនិតអ្វីខ្លះដល់បងប្អូន អំពីការស្ថាបនាគ្រឹះរបស់បងប្អូននៅលើព្រះយេស៊ូវគ្រីស្ទ ? តើបងប្អូនរៀនអ្វីទៀតមកពីវីដេអូ « A Secure Anchor » ? ( បណ្ណាល័យដំណឹងល្អ ) ។
ខទី ៥០ និយាយអំពី « ភាពមហិមានៃភស្តុតាងទាំងឡាយ » ដែលពួកសាសន៍លេមិនបានទទួល ។ ការអាន ហេលេមិន ៥:១២–៥២ អាចនាំឲ្យគំនិតរបស់បងប្អូនដឹងនូវភស្ដុតាងទាំងឡាយដែលព្រះបានប្រទានឲ្យបងប្អូន ។ ឧទាហរណ៍ ប្រហែលជា « ពាក្យខ្សឹប » មកពីព្រះវិញ្ញាណបរិសុទ្ធបានពង្រឹងសេចក្តីជំនឿរបស់បងប្អូននៅលើព្រះអង្គសង្រ្គោះ ( ហេលេមិន ៥:៣០; សូមមើលផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៦៦ ) ។ ឬប្រហែលជាបងប្អូនបាននៅក្នុងភាពងងឹត ហើយស្រែកសូមដល់ព្រះនូវសេចក្ដីជំនឿកាន់តែខ្លាំងឡើង ( សូមមើល ហេលេមិន ៥:៤០–៤៧ ) ។ តើបទពិសោធន៍អ្វីផ្សេងទៀតដែលបានជួយបងប្អូនឲ្យស្ថាបនាគ្រឹះរបស់បងប្អូននៅលើព្រះយេស៊ូវគ្រីស្ទ ?
សូមមើលផងដែរ រ័សុល អិម ណិលសុន « ព្រះវិហារបរិសុទ្ធ និងគ្រឹះខាងវិញ្ញាណរបស់បងប្អូន » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៩៣–៩៦; ស៊ាន ឌូក្លាស « Facing Our Spiritual Hurricanes by Believing in Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ១០៩–១១១; Gospel Topics « Faith in Jesus Christ » នៅលើបណ្ណាល័យដំណឹងល្អ ។
សម្រាប់គំនិតបន្ថែម សូមមើលទស្សនាវដ្តី លីអាហូណា និង ដើម្បីកម្លាំងនៃយុវជន ប្រចាំខែនេះ ។
គំនិតសម្រាប់បង្រៀនកុមារ
ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យខ្ញុំមានការបន្ទាបខ្លួន ។
-
សូមពិចារណាអញ្ជើញកូនៗរបស់បងប្អូនឲ្យគូរគំនូរផ្ទាល់ខ្លួនរបស់ពួកគេមួយអំពី « វដ្តនៃភាពឆ្មើងឆ្មៃ » ដោយផ្អែកទៅលើដ្យាក្រាមខាងលើ ។ បន្ទាប់មក នៅពេលបងប្អូនអានជាមួយគ្នាក្នុង ហេលេមិន ៣:២៤, ៣៣–៣៤ និង ៤:១១–១៥ នោះពួកគេអាចចង្អុលទៅផ្នែកនៃវដ្តនេះ ដែលខគម្ពីរទាំងនេះកំពុងពិពណ៌នា ។ តើយើងអាចជ្រើសរើសធ្វើជាមនុស្សរាបសា—ហើយនៅបន្ដជាមនុស្សរាបសាដោយរបៀបណា ?
ខ្ញុំនឹងស្ថាបនាគ្រឹះរបស់ខ្ញុំនៅលើព្រះយេស៊ូវគ្រីស្ទ ។
-
សូមពិចារណាប្រើរូបភាពព្រះវិហារបរិសុទ្ធ ដើម្បីចាប់ផ្ដើមការសន្ទនាមួយអំពីមូលហេតុដែលអគារត្រូវការគ្រឹះដែលរឹងមាំ ។ ឬបងប្អូនអាចមើលគ្រឹះនៃគេហដ្ឋាន ឬសាសនាចក្ររបស់បងប្អូនក៏បាន ។ ដើម្បីបញ្ជាក់ពីភាពខ្លាំងនៃគ្រឹះថ្មដ៏រឹងមាំ កូនៗរបស់បងប្អូនអាចព្យាយាមផ្លាស់ទីថ្មមួយដោយការផ្លុំលើថ្មនោះ ។ នៅពេលបងប្អូនអាន ហេលេមិន ៥:១២ ជាមួយគ្នា សូមសួរកូនៗរបស់បងប្អូនពីមូលហេតុដែលព្រះយេស៊ូវគ្រីស្ទគឺជា « គ្រឹះដ៏ខ្ជាប់ខ្ជួន » សម្រាប់ជីវិតរបស់យើង ។ តើយើងអាចកសាងជីវិតរបស់យើងនៅលើទ្រង់បានដោយរបៀបណា ? ( សូមមើល ហេលេមិន ៣:២៧–២៩, ៣៥ និង មាត្រានៃសេចក្តីជំនឿ ១:៤ ) ។
-
សូមអញ្ជើញកូនៗរបស់បងប្អូនឲ្យសង់ប៉មមួយដោយប្រើដុំឈើតូចៗ ឬសម្ភារផ្សេងៗនៅលើគ្រឹះផ្សេងៗគ្នា ( ដូចជាដុំសំលី ឬថ្មរាបស្មើ ) ។ តើគ្រឹះដ៏រឹងមាំប្រៀបដូចជាព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ? ពួកគេអាចបន្ថែមដុំឈើតូចៗទៅលើសំណង់នោះ សម្រាប់គំនិតនីមួយៗដែលពួកគេចែកចាយអំពីអ្វីដែលពួកគេអាចធ្វើបានដើម្បីដើរតាមទ្រង់ ។
ព្រះវិញ្ញាណបរិសុទ្ធខ្សឹបប្រាប់ដោយសំឡេងតូចរហៀង ។
-
សំឡេងដែលបានពិពណ៌នានៅក្នុង ហេលេមិន ៥:២៩–៣០, ៤៥–៤៧ បង្រៀនយើងអំពីរបៀបមួយដែលព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលមកកាន់យើង ។ ដើម្បីជួយកូនៗរបស់បងប្អូនឲ្យយល់ពីសេចក្ដីពិតនេះ សូមពិចារណាអាន « ជំពូកទី ៣៧ ៖ នីហ្វៃ និងលីហៃនៅក្នុងគុក » ( ដំណើររឿងព្រះគម្ពីរមរមន ទំព័រ ៩៩–១០២ ) ។ នៅពេលបងប្អូននិយាយអំពីសំឡេងដែលមនុស្សស្តាប់ឮ នោះសូមនិយាយដោយសំឡេងស្រទន់ ។ សូមតំណាលដំណើររឿងនេះពីរបីដង ហើយអញ្ជើញកុមារឲ្យនិយាយខ្សឹបៗជាមួយបងប្អូន ។ សូមជួយឲ្យពួកគេគិតអំពីរបៀបផ្សេងៗដែលព្រះវិញ្ញាណបរិសុទ្ធអាចមានបន្ទូលមកកាន់យើងបាន ។ ដើម្បីពង្រឹងគោលការណ៍នេះ នោះបងប្អូនអាចច្រៀងជាមួយគ្នានូវបទ « The Still Small Voice » ( Children’s Songbook ទំព័រ ១០៦–១០៧ ) ។
ការប្រែចិត្តជំនួសភាពងងឹតខាងវិញ្ញាណដោយពន្លឺ ។
-
ដើម្បីបញ្ជាក់អំពីអ្វីដែល ហេលេមិន ៥:២០–៤១ បង្រៀនអំពីភាពងងឹត និងពន្លឺ សូមសាកល្បងអាន ឬសង្ខេបខគម្ពីរទាំងនេះនៅក្នុងទីងងឹត ដោយគ្រាន់តែប្រើភ្លើងពិលប៉ុណ្ណោះ ។ កូនៗរបស់បងប្អូនអាចស្តាប់រកអ្វីដែលមនុស្សត្រូវធ្វើ ដើម្បីឲ្យភាពងងឹតនោះបានរសាត់ចេញទៅ ។ បន្ទាប់មក សូមបើកភ្លើងមកវិញ ហើយអាន ខទី ៤២–៤៨ ជាមួយគ្នា ។ តើខគម្ពីរទាំងនេះបង្រៀនយើងអ្វីខ្លះអំពីការប្រែចិត្ត ?
សម្រាប់គំនិតបន្ថែម សូមមើលទស្សនាវដ្តី ប្រិយមិត្ត ប្រចាំខែនេះ ។
សូម្បីតែនៅក្នុងគុកក៏ដោយ ក៏នីហ្វៃ និងលីហៃត្រូវបានការពារដោយព្រះចេស្តារបស់ព្រះដែរ ។
© ព្រះគម្ពីរមរមនសម្រាប់កុមារ និង បង្គោលភ្លើងមួយហ៊ុមព័ទ្ធជុំវិញនីហ្វៃ និងលីហៃ ដោយ ប៊្រីអាណា ស៊ក្រហ្វ មិនអាចថតចម្លងបានទេ