ចូរ​មក​តាម​ខ្ញុំ
ថ្ងៃ​ទី ១៦–២២ ខែ កញ្ញា ៖ « ចូរ​ងើប​ឡើង ហើយ​មាន​សេចក្ដី​សង្ឃឹម​ចុះ » ។ នីហ្វៃ​ទី​៣ ១–៧


«ថ្ងៃ​ទី ១៦–២២ ខែ កញ្ញា ៖ ‹ ចូរ​ងើប​ឡើង ហើយ​មាន​សេចក្ដី​សង្ឃឹម​ចុះ › ។ នីហ្វៃ​ទី​៣ ១–៧ » ចូរ​មក​តាម​ខ្ញុំ​—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

« ថ្ងៃទី ១៦–២២ ខែ កញ្ញា ។ នីហ្វៃ​ទី​៣ ១–៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

រូបភាព
ពួក​សាសន៍​នីហ្វៃ​បាន​ឃើញ​ថ្ងៃ​ដែល​គ្មាន​យប់

One Day, One Night, and One Day [ មួយ​ថ្ងៃ និង​មួយ​យប់ និង​មួយ​ថ្ងៃ ] ដោយ ហ៊ោហេ កូកូ

ថ្ងៃ​ទី ១៦–២២ ខែ កញ្ញា ៖ « ចូរ​ងើប​ឡើង ហើយ​មាន​សេចក្ដី​សង្ឃឹម​ចុះ »

នីហ្វៃ​ទី​៣ ១–៧

តាម​របៀប​មួយ​ចំនួន វា​គឺជា​ពេល​មួយ​ដ៏​រំភើប​ក្នុង​នាមជា​អ្នក​ជឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ការព្យាករ​ទាំងឡាយ​ត្រូវ​បាន​បំពេញ—មាន​ទីសម្គាល់ និង​អព្ភូតហេតុ​អស្ចារ្យ​ជាច្រើន​កើត​មាន​នៅក្នុង​ចំណោម​ប្រជាជន ដែល​បាន​បង្ហាញ​ថា​ ព្រះអង្គសង្គ្រោះ​នឹង​ប្រសូត​មក​ក្នុង​ពេល​ឆាប់ៗ ។ ម្យ៉ាងវិញ​ទៀត វា​ក៏ជា​ពេល​ដ៏​អន្ទះសា​ផងដែរ​សម្រាប់​ពួក​អ្នក​ជឿ ដោយសារ​ពួក​អ្នក​មិនជឿ​ទទូច​ថា « ពេល​វេលា​បាន​កន្លង​ហួស​ហើយ » សម្រាប់​ព្រះអង្គសង្គ្រោះ​ប្រសូត​មក​នោះ ថ្វី​បើ​មាន​អព្ភូតហេតុ​ទាំងអស់​ក្ដី ( នីហ្វៃ​ទី​៣ ១:៥ ) ។ ប្រជាជន​ទាំង​នេះ​បាន​បណ្ដាល​ឲ្យ​មាន « ចលាចល​យ៉ាង​ធំ​មួយ​ទូទាំង​ដែនដី » ( នីហ្វៃ​ទី​៣ ១:៧ ) ហើយ​ថែមទាំង​បាន​កំណត់​ថ្ងៃមួយ​ដើម្បី​សម្លាប់​ពួក​អ្នក​ជឿ​ទាំងអស់​ទៀតផង បើសិនជា​ទីសម្គាល់​ដែល​បាន​ព្យាករ​ដោយ​សាំយូអែល​ជា​សាសន៍​លេមិន—ថា​នៅពេល​យប់​គ្មាន​ភាពងងឹត—ពុំ​កើត​មាន​ឡើងនោះ​ទេ ។

នៅក្នុង​ស្ថានភាព​ដ៏​ពិបាក​ទាំងនេះ ព្យាការី​នីហ្វៃ « បាន​អំពាវនាវ​យ៉ាង​ខ្លាំង​ដល់​ព្រះ​របស់​លោក​ជំនួស​ឲ្យ​ប្រជាជន​របស់​លោក » ( នីហ្វៃ​ទី​៣ ១:១១ ) ។ ចម្លើយ​របស់​ព្រះអម្ចាស់​បំផុស​គំនិត​ដល់​មនុស្ស​គ្រប់រូប ដែល​ប្រឈមមុខ​ទៅនឹង​ការបៀតបៀន ឬ​ការសង្ស័យ ហើយ​ចាំបាច់​ត្រូវ​ដឹង​ថា ពន្លឺ​នឹង​ឈ្នះ​លើ​ភាពងងឹត ៖ « ចូរ​ងើប​ឡើង ហើយ​មាន​សេចក្ដី​សង្ឃឹម​ចុះ … យើង​នឹង​បំពេញ​នូវ​អ្វីៗ​ទាំង​អស់ ដែល​យើង​បាន​បណ្ដាល​ឲ្យ​និយាយ​ដោយ​មាត់​នៃ​ពួក​ព្យាការី​បរិសុទ្ធ​របស់​យើង » ( នីហ្វៃ​ទី​៣ ១:១៣ ) ។

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

នីហ្វៃ​ទី​៣ ១–៧

ការប្រែចិត្ត​ជឿ​ទៅលើ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​តម្រូវ​ឲ្យ​មាន​ការអត់ធ្មត់ និង​ការខិតខំ ។

នីហ្វៃ​ទី​៣ ១–៧ ពិពណ៌នា​អំពី​មនុស្ស​ដែល​បាន​ប្រែចិត្ត​ជឿ​ទៅលើ​ព្រះអម្ចាស់ និង​មនុស្ស​ដទៃ​ទៀត​ដែល​មិន​បាន​ប្រែ​ចិត្ត​ជឿ ។ តើ​ក្រុម​ទាំងនេះ​ខុសគ្នា​យ៉ាង​ដូចម្តេច ? តារាង​ខាង​ក្រោម​នេះ​អាច​ជួយ​បងប្អូន​ឲ្យ​រៀបចំ​គំនិត​របស់​បងប្អូន​បាន ៖

អ្វី​ដែល​ធ្វើ​ឲ្យ​ការប្រែចិត្ត​ជឿ​ចុះខ្សោយ

អ្វី​ដែល​ពង្រឹង​ដល់​ការប្រែចិត្ត​ជឿ

នីហ្វៃ​ទី​៣ ១:៥–១១

ការមិន​ជឿ​ពាក្យសម្តី​របស់​ព្យាការី និង​ការសើច​ចំអក​ដល់​មនុស្ស​សុចរិត

ការមាន​សេចក្ដី​ជំនឿ​លើ​ពាក្យ​សម្ដី​របស់​ព្យាការី និង​ការអធិស្ឋាន​សូម​ជំនួយ

នីហ្វៃ​ទី​៣ ១:២៩–៣០

នីហ្វៃ​ទី​៣ ២:១–៣

នីហ្វៃ​ទី​៣ ៣:១២–១៦

នីហ្វៃ​ទី​៣ ៤:៨–១០, ៣០–៣៣

នីហ្វៃ​ទី​៣ ៦:១៣–១៨

នីហ្វៃ​ទី​៣ ៧:១៥–២២

សូម​សួរ​សំណួរ​ផ្ទាល់ខ្លួន នៅពេល​បងប្អូន​សិក្សា ។ ឧទាហរណ៍ ខណៈ​ពេល​បំពេញ​តារាង​នេះ នោះ​បងប្អូន​អាច​សួរ​សំណួរ​ដូច​ជា « តើ​ខ្ញុំ​រៀន​អ្វី​នៅ​ទីនេះ ? » ការធ្វើ​ដូច​នេះ​នឹង​នាំ​មក​នូវ​ការបំផុស​គំនិត​មកពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។

នីហ្វៃ​ទី​៣ ១:១–២៣

រូបភាព
seminary icon
ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ ខ្ញុំ​អាច « មាន​សេចក្ដី​សង្ឃឹម » បាន ។

ព្រះ​វរបិតា​សួគ៌​របស់​បងប្អូន​ទ្រង់​ជ្រាប​ថា ជីវិត​របស់​បងប្អូន​នឹង​មាន​នូវ​គ្រា​ពិបាកៗ ហើយ​ថែម​តែ​គួរឲ្យ​ភ័យខ្លាច​ទៀតផង ។ ប៉ុន្តែ​ទ្រង់​ក៏​ចង់​ឲ្យ​បងប្អូន​មាន​អំណរ​ផងដែរ ។ សូម​អាន នីហ្វៃ​ទី​៣ ១:១–២៣ ដើម្បី​រៀន​អំពី​មូលហេតុ​ដែល​ពួកសាសន៍​នីហ្វៃ​ដ៏​ស្មោះ​ត្រង់​ត្រូវ​ភ័យ​ខ្លាច ។ តើ​ហេតុ​ផល​អ្វី​ខ្លះ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកគេ​ឲ្យ « មាន​សេចក្ដី​សង្ឃឹម » ?

ព្រះអង្គសង្គ្រោះ​បាន​ប្រើ​ឃ្លា « មាន​សេចក្ដី​សង្ឃឹម » ជាច្រើន​លើក​ច្រើន​សា—ឧទាហរណ៍​នៅក្នុង ម៉ាថាយ ១៤:២៤–២៧; យ៉ូហាន ១៦:៣៣; គោលលទ្ធិ និង សេចក្តីសញ្ញា ៦១:៣៦; ៧៨:១៧–១៩ ។ តើ​ការអញ្ជើញ​ទាំងនេះ​បំផុស​គំនិត​បងប្អូន​អ្វីខ្លះ ? បងប្អូន​អាច​អាន​នៅ​ជុំវិញ​ខគម្ពីរ​ទាំងនេះ ដើម្បី​យល់​អំពី​កាលៈទេសៈ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ទាំងនេះ ។ នៅក្នុង​ករណី​នីមួយៗ តើ​ទ្រង់​បាន​ផ្ដល់​ហេតុផល​អ្វី​ខ្លះ ដើម្បី​ជួយ​មនុស្ស​ឲ្យ​ប្រឈម​មុខ​ទៅនឹង​ការភ័យ​ខ្លាច​របស់​ពួកគេ ? តើ​ទ្រង់​បាន​ធ្វើ​ដូច​នេះ​ចំពោះ​បងប្អូន​ដោយ​របៀប​ណា ?

សូម​ពិចារណា​សិក្សា​អំពី​សុន្ទរកថា​របស់​ប្រធាន រ័សុល អិម ណិលសុន « Joy and Spiritual Survival » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨១–៨៤ ) ។ តើ​ប្រធាន ណិលសុន បង្រៀន​បងប្អូន​អ្វីខ្លះ​អំពី​ការស្វែងរក​អំណរ​នៅ​គ្រប់​ស្ថានភាព​ទាំងអស់ ? សូម​កត់​សម្គាល់​ថា​តើ​ប្រធាន ណិលសុន ប្រើ​ពាក្យ​ផ្តោត​អារម្មណ៍​ប៉ុន្មាន​ដង ។ ប្រហែល​ជា​បងប្អូន​អាច​ប្រៀបធៀប​ការផ្ដោត​របស់​ម៉ាស៊ីន​ថត ឬ​កញ្ចក់​ពង្រីក​ផ្សេងទៀត ទៅនឹង​ការផ្តោត​លើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន ។ តើ​បងប្អូន​នឹង​ផ្តោត​ទៅលើ​ទ្រង់​បន្ថែម​ទៀត​ដោយ​របៀប​ណា ?

សូម​មើល​ផង​ដែរ « Grief » « Hope » « Mental Health » ឬ​ប្រធាន​បទ​ផ្សេងៗ​ទៀត​នៅក្នុង​ផ្នែក « Life Help » នៃ Gospel Library ។

នីហ្វៃ​ទី​៣ ១:៤–២១; ៥:១–៣

ព្រះអម្ចាស់​នឹង​បំពេញ​គ្រប់​ព្រះបន្ទូល​ទាំងអស់​របស់​ទ្រង់​តាម​ពេលវេលា​របស់​ទ្រង់ ។

សូម​អាន នីហ្វៃ​ទី​៣ ១:៤–៧ ហើយ​គិត​អំពី​អារម្មណ៍​ដែល​បងប្អូន​អាច​មាន ប្រសិនបើ​បងប្អូន​គឺជា​អ្នក​ជឿ​ម្នាក់​ក្នុង​ចំណោម​អ្នកជឿ​ទាំងនោះ ។ តើ​ពួកគេ​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​រក្សា​សេចក្តី​ជំនឿ​របស់​ពួកគេ​ឲ្យ​រឹងមាំ ? ( សូមមើល នីហ្វៃ​ទី​៣ ១:៤–២១ និង ៥:១–៣ ) ។ តើ​ពាក្យ​សម្តី​របស់​សាំយូអែល​បាន​បំពេញ​តាម​របៀប​ណា ? ( សូមមើល នីហ្វៃ​ទី​៣ ១:១៩–២១ ) ។ តើ​ព្រះអម្ចាស់​បាន​បំពេញ​នូវ​ព្រះបន្ទូល​របស់​ទ្រង់​នៅក្នុង​ជីវិត​បងប្អូន​ដោយ​របៀបណា ?

នីហ្វៃ​ទី​៣ ១:៤–១៥; ៥:១២–២៦; ៦:១០–១៥; ៧:១៥–២៦

ខ្ញុំ​ជា​សិស្ស​ម្នាក់​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

មរមន​បាន​ប្រកាស​ថា « មើល​ចុះ ខ្ញុំ​ជា​សិស្ស​ម្នាក់​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ » ( នីហ្វៃ​ទី​៣ ៥:១៣ ) ។ តើ​ឃ្លា​នេះ​មាន​អត្ថន័យ​យ៉ាង​ណា​ដែរ​ចំពោះ​បងប្អូន ? សូម​ពិចារណា​ស្រាវជ្រាវ នីហ្វៃ​ទី​៣ ១:៤–១៥; ៥:១២–២៦; ៦:១០–១៥ និង ៧:១៥–២៦ ហើយ​ស្វែងរក​គុណសម្បត្តិ ជំនឿ និង​សកម្មភាព​ទាំងឡាយ​របស់​សិស្ស​នៃ​ព្រះគ្រីស្ទ ។

សូម​មើល​ផងដែរ « ខ្ញុំ​ព្យាយាម​ក្លាយ​ដូច​ព្រះយេស៊ូវ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤០ ។

នីហ្វៃ​ទី​៣ ២:១១–១២; ៣:១–២៦

នៅពេល​ខ្ញុំ​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ខ្ញុំ​មិន​ចាំបាច់​ភ័យ​ខ្លាច​ឡើយ ។

បទពិសោធន៍​របស់​ពួក​សាសន៍​នីហ្វៃ​ជាមួយ​នឹង​ក្រុម​ចោរប្លន់​អាច​មាន​មេរៀន ដែល​អាច​ជួយ​បងប្អូន​ឲ្យ​ប្រឈមមុខ​ទៅនឹង​គ្រោះថ្នាក់​ខាង​វិញ្ញាណ​ដែល​បងប្អូន​ជួប​ប្រទះ​បាន ។ សូម​រក​មើល​មេរៀន​ទាំងនេះ​នៅក្នុង នីហ្វៃ​ទី​៣ ២:១១–១២ និង ៣:១–២៦ ។ ឧទាហរណ៍ បងប្អូន​អាច​ស្រាវជ្រាវ​រក​ពាក្យ​របស់ គីឌឌីអានហៃ នៅ​ក្នុង នីហ្វៃ​ទី​៣ ៣:២–១០ ហើយ​ប្រៀបធៀប​ពាក្យ​ទាំង​នោះ​ទៅ​នឹង​របៀប​ដែល​សាតាំង​អាច​ព្យាយាម​បោក​បញ្ឆោត​បងប្អូន​បាន ។ តើ​បងប្អូន​រៀន​អ្វី​ខ្លះ​មកពី​គំរូ​របស់ ឡាកូនីអូស ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

នីហ្វៃ​ទី​៣ ១:៤–១៥, ១៩–២១

ផ្កាយ​ថ្មី​មួយ​បាន​រះ​ឡើង នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​ប្រសូត ។

នីហ្វៃ​ទី​៣ ១:៤–២១

ពាក្យ​សម្តី​របស់​ពួក​ព្យាការី​នឹង​ត្រូវ​បាន​បំពេញ​ជានិច្ច ។

  • នៅ​ពេល​ដែល​បងប្អូន និង​កូនៗ​របស់​បងប្អូន​អាន នីហ្វៃ​ទី​៣ ១:៤–១០ សូម​អញ្ជើញ​ពួកគេ​ឲ្យ​និយាយ​អំពី​អារម្មណ៍​ដែល​អាច​មាន ក្នុងនាមជា​អ្នកជឿ​ម្នាក់​ដែល​រស់​នៅក្នុង​គ្រា​នោះ ។ បន្ទាប់​មក នៅ​ពេល​ដែល​ពួកគេ​អាន​ដំណើររឿង​ទាំងអស់​នៅក្នុង ខទី ១១–១៥ ពួកគេ​អាច​ផ្តល់​យោបល់​អំពី​វិធី​ដើម្បី​បំពេញ​ប្រយោគ​នេះ​បាន ៖ « សម្រាប់​ខ្ញុំ មេរៀន​នៃ​ដំណើររឿង​នេះ​គឺ … » ។

  • ប្រហែល​ជា​កូនៗ​របស់​បងប្អូន​អាច​ជួយ​បងប្អូន​ឲ្យ​គិត​អំពី​គ្រា​ផ្សេង​ទៀត នៅ​ពេល​ព្រះ​បាន​បំពេញ​ការសន្យា​របស់​ទ្រង់​ដែល​បាន​ប្រទាន​តាម​រយៈ​ព្យាការី​របស់​ទ្រង់ ។ ពួកគេ​ប្រហែល​ជា​ចង់​ស្វែងរក​រូបភាព​នៃ​ដំណើររឿង​ទាំង​នេះ​នៅ​ក្នុង សៀវភៅ​រូបភាព​ដំណឹងល្អ ( សូម​មើល​ឧទាហរណ៍ ល.រ. ៧–៨ និង ៨១ ) ។ សូម​ឲ្យ​ពួក​គេ​ចែកចាយ​នូវ​អ្វី​ដែល​ពួក​គេ​ដឹង​អំពី​ដំណើររឿង​ទាំងនេះ រួម​ទាំង​របៀប​ដែល​ការសន្យា​របស់​ព្រះ​ត្រូវ​បាន​បំពេញ​ផងដែរ ។ សូម​អាន​ជាមួយ​គ្នា​ក្នុង នីហ្វៃ​ទី​៣ ១:២០ ហើយ​ចែក​ចាយ​សក្ខីភាព​ផ្ទាល់​ខ្លួន​របស់​បងប្អូន​អំពី​សេចក្ដី​ពិត​ទាំងនេះ ។

នីហ្វៃ​ទី​៣ ២:១១–១២; ៣:១៣–១៤, ២៤–២៦

យើង​កាន់តែ​រឹងមាំ នៅពេល​យើង​ប្រមូលផ្តុំ​គ្នា ។

  • សូម​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​ដឹង​អំពី​មូលហេតុ​ដែល​ពួក​សាសន៍​នីហ្វៃ​បាន​ប្រមូល​ផ្តុំ​គ្នា និង​ពរជ័យ​ទាំងឡាយ​ដែល​ពួកគេ​បាន​ទទួល​នៅក្នុង នីហ្វៃ​ទី​៣ ២:១១–១២ និង ៣:១៣–១៤, ២៤–២៦ ។ ហេតុអ្វី​វា​មាន​សារៈ​សំខាន់​ចំពោះ​យើង ដើម្បី​ប្រមូលផ្តុំ​គ្នា​នៅពេល​បច្ចុប្បន្ន​នេះ​នៅក្នុង​ក្រុមគ្រួសារ​របស់​យើង និង​នៅ​ឯ​ព្រះវិហារ ?

  • តើ​បងប្អូន​ដឹង​អំពី​មេរៀន​វត្ថុ​មួយ ដែល​បង្រៀន​អំពី​ភាពរឹងមាំ​នៃ​សាមគ្គីភាព​ដែរ​ឬ​ទេ ? ប្រហែល​កូនៗ​របស់​បងប្អូន​អាច​សាកល្បង​កាច់​ចង្កឹះ​មួយ ហើយ​បន្ទាប់​មក​កាច់​ចង្កឹះ​មួយ​បាច់ ឬ​ហែក​ក្រដាស​មួយ​សន្លឹក ហើយ​បន្ទាប់​មក​ហែក​ក្រដាស​មួយ​ដុំ​ធំ ។ តើ​យើង​អាច​ដូចជា​ចង្កឹះ ឬ​ក្រដាស​តាម​របៀប​ណា ?

នីហ្វៃ​ទី​៣ ៥:១២–២៦; ៦:១៤; ៧:១៥–២៦

ខ្ញុំ​ជា​សិស្ស​ម្នាក់​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • សូម​អាន នីហ្វៃ​ទី​៣ ៥:១៣ ហើយ​អញ្ជើញ​កូនៗ​របស់​បងប្អូន​ឲ្យ​ថា​ឃ្លា​នេះ​សា​ឡើងវិញ « ខ្ញុំ​ជា​សិស្ស​ម្នាក់​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » ។ ដើម្បី​រៀន​អំពី​អត្ថន័យ​នៃ​ការធ្វើ​ជា​សិស្ស​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ សូម​អាន​រួម​គ្នា​នូវ​គំរូ​មួយ​ចំនួន​ទាំងនេះ ៖ ពួក​សាសន៍​លេមិន​ដែល​បាន​ប្រែចិត្ត ( សូម​មើល នីហ្វៃ​ទី​៣ ៦:១៤ ) មរមន ( សូម​មើល នីហ្វៃ​ទី​៣ ៥:១២–២៦ ) និង នីហ្វៃ ( សូម​មើល នីហ្វៃ​ទី​៣ ៧:១៥–២៦ ) ។ បងប្អូន​ក៏​អាច​រក​ឃើញ​គំនិត​ផ្សេងៗ​នៅក្នុង​បទ​ចម្រៀង​មួយ​ដូច​ជា​បទ « ខ្ញុំ​ព្យាយាម​ក្លាយ​ដូច​ព្រះយេស៊ូវ » ផងដែរ ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤០–៤១ ) ។

  • សូម​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​ដាក់​ប្រអប់​ដៃ​លើ​នៅ​លើ​ក្រដាស​មួយ​សន្លឹក ហើយ​គូស​ចុចៗ​តាម​រាង​ដៃ​នោះ រួច​កាត់​រូបដៃ​នោះ​ចេញ ។ សូម​សរសេរ​ឃ្លា « ខ្ញុំ​ជា​សិស្ស​ម្នាក់​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » នៅ​ទំព័រ​ម្ខាង ហើយ​អញ្ជើញ​សិស្ស​ឲ្យ​គូរ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​ក្លាយ​ជា​សិស្ស​ម្នាក់​នៅ​លើ​ទំព័រ​ម្ខាង​ទៀត ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

រូបភាព
ពួក​សាសន៍​នីហ្វៃ​បាន​ឃើញ​ថ្ងៃ​ដែល​គ្មាន​យប់

A Day, a Night, and a Day [ មួយ​ថ្ងៃ និង​មួយ​យប់ និង​មួយ​ថ្ងៃ ] ដោយ វ៉លធើរ រ៉េន ។