ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២–៨ ខែ កញ្ញា ៖ « នឹក​ឃើញ​ដល់​ព្រះ​អម្ចាស់ » ។ ហេលេមិន ៧–១២


« ថ្ងៃទី ២–៨ ខែ កញ្ញា ៖ ‹ នឹក​ឃើញ​ដល់​ព្រះ​អម្ចាស់ › ។ ហេលេមិន ៧–១២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

« ថ្ងៃទី ២–៨ ខែ កញ្ញា ។ ហេលេមិន ៧–១២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

រូបភាព
នីហ្វៃ​អធិស្ឋាន​នៅលើ​ប៉ម​មួយ​នៅក្នុង​សួនច្បារ

រូប​គំនូរ​នីហ្វៃ​នៅលើ​ប៉ម​មួយ​នៅក្នុង​សួនច្បារ ដោយ ជើរី ថមសិន

ថ្ងៃទី ២–៨ ខែ កញ្ញា ៖ « នឹក​ឃើញ​ដល់​ព្រះ​អម្ចាស់ »

ហេលេមិន ៧–១២

ឪពុក​របស់​នីហ្វៃ ហេលេមិន បាន​ជំរុញ​កូន​ប្រុស​របស់​លោក​ឲ្យ « ចូរ​ចងចាំ​ចុះ ចូរ​ចងចាំ​ចុះ » ។ លោក​ចង់​ឲ្យ​ពួកគេ​ចងចាំ​ពី​បុព្វការីជន​របស់​ពួកគេ ចងចាំ​ពាក្យសម្តី​របស់​ព្យាការី និង​លើស​ពី​នោះ​ទៅ​ទៀត ត្រូវ​ចងចាំ​ថា « ព្រះ​ដ៏​ប្រោសលោះ​នៃ​យើង​គឺ​ព្រះគ្រីស្ទ » ( សូមមើល ហេលេមិន ៥:៥–១៤ ) ។ វា​ច្បាស់​ណាស់​ដែល​នីហ្វៃ​បាន​ចងចាំ ដោយសារ​តែ​នេះ​គឺ​ជា​សារលិខិត​ដូចគ្នា​ដែល​លោក​បាន​ប្រកាស​ជាច្រើន​ឆ្នាំ​ក្រោយមក « ដោយ​គ្មាន​នឿយ​ហត់ » ទៅដល់​ប្រជាជន ( ហេលេមិន ១០:៤ ) ។ លោក​បាន​សួរ​ថា « តើ​ហេតុ​ដូច​ម្ដេច បាន​ជា​ពួក​អ្នក​រាល់​គ្នា​ភ្លេច​ព្រះ​របស់​អ្នក? » ( ហេលេមិន ៧:២០ ) ។ ការខិតខំ​ទាំងអស់​របស់​នីហ្វៃ—ក្នុង​ការផ្សាយ​ដំណឹងល្អ ការអធិស្ឋាន ការធ្វើ​អព្ភូតហេតុ និង​ការទូល​សូម​ព្រះ​ឲ្យ​មាន​គ្រោះរាំង​ស្ងួត—គឺជា​ការប៉ុនប៉ង​ដើម្បី​ជួយ​ឲ្យ​ប្រជាជន​ងាក​បែរ​មករក​ព្រះ ហើយ​នឹកឃើញ​ដល់​ទ្រង់​វិញ ។ តាម​របៀប​ជាច្រើន ការភ្លេច​ព្រះ​គឺជា​បញ្ហា​ធំ​មួយ​ជាង​ការមិន​ស្គាល់​ទ្រង់​ទៅទៀត ។ ហើយ​វា​ងាយ​ស្រួល​ក្នុង​ការបំភ្លេច​ទ្រង់ នៅ​ពេល​ដែល​គំនិត​របស់​យើង​ត្រូវ​បាន​រំខាន​ដោយ « វត្ថុ​ទាំងឡាយ​ដែល​ឥត​ប្រយោជន៍​នៃ​លោកិយ​នេះ » និង​ទៅ​ដោយ​អំពើ​បាប​គ្រប់បែប​យ៉ាង ( ហេលេមិន ៧:២១; សូមមើល​ផងដែរ ហេលេមិន ១២:២ ) ។ ប៉ុន្តែ​ដូច​ដែល​ការងារ​បម្រើ​របស់​នីហ្វៃ​បាន​បង្ហាញ វា​ពុំ​យឺត​ពេល​ទេ​ដើម្បី​នឹកចាំ ហើយ « ត្រឡប់ … មក​រក​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ចុះ » ( ហេលេមិន ៧:១៧ ) ។

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

ហេលេមិន ៧–១១

រូបភាព
seminary icon
ពួក​ព្យាការី​បើក​សម្ដែង​ព្រះឆន្ទៈ​របស់​ព្រះ​ដល់​មនុស្ស​ទាំងឡាយ ។

ហេលេមិន ៧–១១ ជា​កន្លែង​ដ៏​ល្អ​មួយ​ដើម្បី​រៀន​អំពី​អ្វី​ដែល​ព្យាការី​ធ្វើ ។ នៅពេល​បងប្អូន​អាន​ជំពូក​ទាំងនេះ សូម​យកចិត្ត​ទុកដាក់​ទៅលើ​សកម្មភាព គំនិត និង​ការប្រាស្រ័យ​ទាក់ទង​របស់​នីហ្វៃ​ជាមួយ​នឹង​ព្រះអម្ចាស់ ។ តើ​ការងារ​បម្រើ​របស់​នីហ្វៃ​ជួយ​បងប្អូន​ឲ្យ​យល់​អំពី​តួនាទី​របស់​ពួក​ព្យាការី​ដោយ​របៀបណា ? ទាំងនេះ​គឺ​ជា​ឧទាហរណ៍​មួយ​ចំនួន ។ តើ​បងប្អូន​រក​ឃើញ​អ្វី​ផ្សេងទៀត​ដែរឬទេ ?

ដោយ​ផ្អែក​ទៅលើ​អ្វី​ដែល​បងប្អូន​បាន​អាន តើ​បងប្អូន​នឹង​ពិពណ៌នា​ពី​អត្ថន័យ​នៃ​ពាក្យ​ព្យាការី និង​អ្វី​ដែល​ពួក​លោក​ធ្វើ​ដោយ​របៀបណា ? សូម​ពិចារណា​សរសេរ​និយមន័យ​ខ្លី​មួយ ។ បន្ទាប់​មក សូម​ចាំ​មើល​ថា តើបងប្អូន​នឹង​បន្ថែម​អ្វី​ទៅ​លើ​និយមន័យ​របស់​បងប្អូន បន្ទាប់​ពី​អាន​ប្រធានបទ « ព្យាការី » ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ( នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ) ឬ « Follow the Living Prophet » ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ១៤៧–១៥៥ ) រួចហើយ ។

តើ​បងប្អូន​បាន​កត់​សម្គាល់​ឃើញ​ថា នីហ្វៃ​មាន​ភាពក្លាហាន​ប៉ុណ្ណា​នៅក្នុង ហេលេមិន ៧:១១–២៩ ? ហេតុអ្វី​បងប្អូន​មាន​អារម្មណ៍​ថា ពេលខ្លះ ព្យាការី​ត្រូវ​និយាយ​ដោយ​ភាព​ក្លាហាន​ដូច​ជា​នីហ្វៃ​បាន​ធ្វើ​ដែរ ? សូម​ពិចារណា​ស្វែងរក​ចម្លើយ​នៅ​ក្នុង​ផ្នែក​ដែល​មាន​ចំណង​ជើង​ថា « ចូរ​កុំ​ភ្ញាក់ផ្អើល​ឡើយ » នៅក្នុង​សារលិខិត​របស់​អែលឌើរ នែល អិល អែនឌើរសិន « The Prophet of God » ( Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ២៦ ) ។

ដោយ​គិត​ពី​សេចក្តីពិត​ទាំងនេះ​នៅក្នុង​ចិត្ត សូម​ជញ្ជឹង​គិត​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​បងប្អូន​តាមរយៈ​ការងារ​បម្រើ​របស់​ព្យាការី​របស់​ទ្រង់ ។ តើ​ទ្រង់​បាន​បង្រៀន​អ្វី​ខ្លះ​ដល់​បងប្អូន​កាលពី​ពេល​ថ្មីៗ​នេះ​តាមរយៈ​ព្យាការី​ដែល​នៅរស់​របស់​ទ្រង់ ? តើ​បងប្អូន​ធ្វើ​អ្វី​ខ្លះ ដើម្បី​ស្តាប់ និង​ធ្វើ​តាម​ការណែនាំ​របស់​ព្រះអម្ចាស់ ?

សូម​មើល​ផង​ដែរ Gospel Topics « Prophets » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

ហេលេមិន ៩; ១០:១, ១២–១៥

ខ្ញុំ​ត្រូវតែ​ស្ថាបនា​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ មិន​ចាំបាច់​ទាល់តែ​មាន​ទីសម្គាល់ និង​អព្ភូតហេតុ​នោះទេ ។

ប្រសិនបើ​ទីសម្គាល់ ឬ​អព្ភូតហេតុ​គឺ​ល្មម​គ្រប់គ្រាន់​ដើម្បី​ផ្លាស់ប្ដូរ​ដួងចិត្ត​របស់​មនុស្ស​ម្នាក់​បាន​នោះ ពួក​សាសន៍​នីហ្វៃ​ទាំងអស់​ច្បាស់ជា​បាន​ប្រែចិត្ត​ជឿ​រួច​អស់​ទៅហើយ តាមរយៈ​ទីសម្គាល់​ដ៏​អស្ចារ្យ​ដែល​នីហ្វៃ​បាន​ឲ្យ​នៅក្នុង ហេលេមិន ៩ ។ ប៉ុន្តែ​វា​មិន​បាន​កើត​ឡើង​នោះទេ ។ សូម​កត់សម្គាល់​អំពី​របៀប​ផ្សេងៗ​ដែល​មនុស្ស​មាន​ប្រតិកម្ម​ចំពោះ​អព្ភូតហេតុ​នៅក្នុង ហេលេមិន ៩–១០ ។ ឧទាហរណ៍ បងប្អូន​អាច​ប្រៀបធៀប​ការឆ្លើយ​តប​របស់​បុរស​ទាំង​ប្រាំ​នាក់ និង​មេ​ចៅក្រម​នៅក្នុង ហេលេមិន ៩:១–២០ បាន ( សូមមើល​ផងដែរ ហេលេមិន ៩:៣៩–៤១;​១០:១២–១៥ ) ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​មកពី​បទពិសោធន៍​ទាំងនេះ អំពី​របៀប​ដើម្បី​ស្ថាបនា​សេចក្ដី​ជំនឿ​របស់​បងប្អូន​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ?

សូម​មើល​ផងដែរ នីហ្វៃ​ទី​៣ ១:២២; ២:១–២ ។

ហេលេមិន ១០:១–១២

ព្រះអម្ចាស់​ប្រទាន​ព្រះចេស្តា​ដល់​មនុស្ស​ដែល​ស្វែងរក​ព្រះឆន្ទៈ​របស់​ទ្រង់ ហើយ​ព្យាយាម​រក្សា​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។

នៅពេល​បងប្អូន​សិក្សា ហេលេមិន ១០:១–១២ សូម​កត់​សម្គាល់​ពី​អ្វី​ដែល​នីហ្វៃ​បាន​ធ្វើ ដើម្បី​ទទួល​បាន​ការទុកចិត្ត​របស់​ព្រះអម្ចាស់ ។ តើ​នីហ្វៃ​បង្ហាញ​ថា លោក​បាន​ព្យាយាម​ធ្វើតាម​ព្រះទ័យ​របស់​ព្រះអម្ចាស់​ជាជាង​ធ្វើតាម​គំនិត​ខ្លួន​ឯង​ដោយ​របៀបណា ? តើ​បទពិសោធន៍​របស់​នីហ្វៃ​បំផុស​គំនិត​បងប្អូន​ឲ្យ​ធ្វើ​អ្វី​ខ្លះ ?

ហេលេមិន ១០:២–៤

ការពិចារណា​អំពី​ព្រះបន្ទូល​នៃ​ព្រះ​អញ្ជើញ​ឲ្យ​មាន​វិវរណៈ ។

ប្រសិនបើ​បងប្អូន​ធ្លាប់​មាន​អារម្មណ៍​ត្រូវគេ​ជិះជាន់ អន្ទះសា ឬ​ច្របូកច្របល់ នោះ​បងប្អូន​អាច​រៀន​ពី​មេរៀន​ដ៏​សំខាន់​មួយ​មកពី​គំរូ​របស់​នីហ្វៃ​ដែល​មាន​នៅក្នុង ហេលេមិន ១០:២–៤ ។ តើ​លោក​បាន​ធ្វើ​អ្វីខ្លះ នៅពេល​លោក​មាន​អារម្មណ៍ « ទន់ខ្សោយ » ? ( ខទី ៣ ) ។

ប្រធាន ហែនរី ប៊ី អាវរិង បាន​ពន្យល់​ថា « នៅពេល​យើង​ពិចារណា នោះ​យើង​អញ្ជើញ​ឲ្យ​មាន​វិវរណៈ​តាមរយៈ​ព្រះវិញ្ញាណ » ( « Serve with the Spirit » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៦០ ) ។ តើ​បងប្អូន​អាច​បង្កើត​ឲ្យ​មាន​ទម្លាប់​នៃ​ការជញ្ជឹង​គិត​មួយ​ដោយ​របៀបណា ?

ហេលេមិន ១២

ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​នឹកឃើញ​ដល់​ទ្រង់ ។

តើ​បងប្អូន​ចាំ​ព័ត៌មាន​សំខាន់—ដូច​ជា​ថ្ងៃ​ខួប​កំណើត​របស់​សមាជិក​គ្រួសារ ឬ​ព័ត៌មាន​សម្រាប់​ប្រលង​ដោយ​របៀបណា ? តើ​ការណ៍​នេះ​ស្រដៀងគ្នា​ទៅនឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដែល​តម្រូវ​ឲ្យ « នឹកឃើញ​ដល់​ព្រះអម្ចាស់ » ដោយ​របៀបណា ? ( ហេលេមិន ១២:៥ ) ។ តើ​វា​ខុសគ្នា​យ៉ាង​ដូចម្ដេច ?

ហេលេមិន ១២ ពិពណ៌នា​ពី​រឿង​មួយចំនួន​ដែល​បណ្តាល​ឲ្យ​មនុស្ស​ភ្លេច​ព្រះអម្ចាស់ ។ ប្រហែល​ជា​បងប្អូន​អាច​រាយ​បញ្ជី​រឿង​ទាំងនោះ​បាន ហើយ​ពិចារណា​ថា តើ​រឿង​ទាំងនោះ​អាច​បង្វែរ​បងប្អូន​ចេញពី​ទ្រង់​បាន​ឬ​អត់ ។ តើ​អ្វី​ជួយ​បងប្អូន​ឲ្យ​ចងចាំ​ដល់​ទ្រង់ ? តើ​បងប្អូន​ត្រូវ​បាន​បំផុស​គំនិត​ឲ្យ​ធ្វើ​អ្វី​ខ្លះ ដោយ​ផ្អែក​ទៅលើ​អ្វី​ដែល​បងប្អូន​បាន​រៀន ?

សូម​មើល​ផង​ដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៧៧, ៧៩; « ចូរ​មាន​គារវៈ និង​រាប​ទាប » ទំនុក​តម្កើង ល.រ. ១០៨ ។

សូម​បង្រៀន​មេរៀន​ដោយ​ប្រើ​វត្ថុ ។ ព្រះអង្គ​សង្គ្រោះ​តែងតែ​ធ្វើ​ឲ្យ​គោលការណ៍​ដំណឹងល្អ​មាន​ទំនាក់ទំនង​ជាមួយនឹង​អ្វីៗ​ប្រចាំ​ថ្ងៃ​ដែល​មនុស្ស​ស្គាល់ ។ នៅពេល​កំពុង​រៀន ឬ​បង្រៀន​អំពី ហេលេមិន ១២:១–៦ បងប្អូន​អាច​ប្រៀបធៀប « ចិត្ត​នៃ​កូនចៅ​មនុស្ស … គ្មាន​ភាពនឹង​ន » ទៅនឹង​អារម្មណ៍​របស់​យើង​នៅពេល​ព្យាយាម​ធ្វើឲ្យ​មាន​លំនឹង​ដោយ​ឈរ​នៅលើ​ជើង​តែមួយ ។ តើ​យើង​អាច​បន្ដ​មាន​ភាពនឹងន​ខាង​វិញ្ញាណ​បាន​យ៉ាង​ដូចម្ដេច ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

ហេលេមិន ៧:២០–២១

ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​នឹកឃើញ​ដល់​ទ្រង់ ។

  • ដើម្បី​ចាប់ផ្ដើម​ការសន្ទនា​អំពី​ការនឹកឃើញ​ដល់​ព្រះអម្ចាស់ នោះ​បងប្អូន​អាច​ប្រាប់​កូនៗ​របស់​បងប្អូន​អំពី​គ្រា​មួយ​ដែល​បងប្អូន​ភ្លេច​អ្វី​មួយ ។ សូម​អនុញ្ញាត​ឲ្យ​ពួកគេ​ចែកចាយ​បទពិសោធន៍​ស្រដៀង​គ្នា​នេះ​ដោយ​ខ្លួន​ឯង ។ បន្ទាប់​មក សូម​អាន​ជាមួយ​គ្នា​ក្នុង ហេលេមិន ៧:២០–២១ ហើយ​សួរ​កូនៗ​របស់​បងប្អូន​ថា តើ​ពួកគេ​គិតថា ការបំភ្លេច​ព្រះ​មាន​ន័យ​ដូចម្តេច ។ ប្រហែល​ជា​កូនៗ​របស់​បងប្អូន​អាច​គូរ​រូបភាព​នៃ​អ្វីៗ​ដែល​អាច​ធ្វើ​ឲ្យ​យើង​ភ្លេច​ព្រះអម្ចាស់ ហើយ​ប្រើ​គំនូរ​របស់​ពួកគេ​ដើម្បី​គ្របលើ​រូបភាព​របស់​ព្រះយេស៊ូវ ។ បន្ទាប់​មក ពួកគេ​អាច​គិត​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​ដើម្បី​ចងចាំ​ដល់​ទ្រង់ ។ នៅពេល​ពួកគេ​ចែកចាយ​គំនិត​របស់​ពួកគេ នោះ​ពួកគេ​អាច​ដក​យក​គំនូរ​ទាំងនោះ​ចេញ​មួយ​ម្តងៗ​រហូត​ដល់​រូបភាព​ព្រះអង្គ​សង្គ្រោះ​ត្រូវបាន​បើក​ឲ្យ​ឃើញ​ឡើងវិញ ។

ហេលេមិន ៨:១៣–២៣

ពួក​ព្យាការី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

  • សូម​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​ស្រាវជ្រាវ ហេលេមិន ៨:១៣–២៣ ដើម្បី​ស្វែងរក​ឈ្មោះ​ព្យាការី​ដែល​បាន​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ប្រហែល​ជា​ពួកគេ​អាច​ហុច​រូបភាព​របស់​ព្រះយេស៊ូវ​តៗ​គ្នា​បាន រាល់​ពេល​ដែល​ពួកគេ​រក​ឃើញ​ឈ្មោះ​ព្យាការី​មួយ ។ តើ​ព្យាការី​នៅរស់​របស់​យើង​បង្រៀន​អ្វីខ្លះ​អំពី​ព្រះអង្គសង្រ្គោះ ?

  • បងប្អូន​ក៏​អាច​ច្រៀង​ចម្រៀង​មួយ​បទ​ជាមួយ​គ្នា​អំពី​ព្យាការី​ផងដែរ ដូចជា​បទ « ធ្វើ​តាម​ព្យាការី » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥៨–៥៩ ) ។ ប្រហែលជា​បងប្អូន និង​កូនៗ​របស់​បងប្អូន​អាច​ជ្រើសរើស​ឃ្លា​គន្លឹះ​មួយ​មកពី​ចម្រៀង​នេះ ហើយ​សរសេរ​ពាក្យ​មួយ​មក​ពី​ឃ្លា​នេះ​នៅលើ​ក្រដាស​ចំនួន​បីបួន​ដែល​មាន​រាង​ជា​បាត​ជើង ។ បន្ទាប់​មក បងប្អូន​អាច​ដាក់​ស្នាម​បាត​ជើង​ទាំងនោះ​នៅ​លើ​កម្រាល​ឥដ្ឋ ដែល​នាំ​ទៅ​ដល់​រូបភាព​នៃ​ព្រះអង្គសង្គ្រោះ ហើយ​កូនៗ​របស់​បងប្អូន​អាច​ដើរ​តាម​ដាន​ជើង​ទាំងនោះ​ឆ្ពោះ​ទៅ​រក​រូបភាព​នោះ​បាន ។ តើ​ការដើរ​តាម​ព្យាការី​ដឹកនាំ​យើង​ទៅរក​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀបណា ?

ហេលេមិន ១០:១–៤

ការសញ្ជឹង​គិត​អំពី​ព្រះបន្ទូល​នៃ​ព្រះ​អញ្ជើញ​ឲ្យ​មាន​វិវរណៈ ។

  • ដើម្បី​ជួយ​ឲ្យ​កូនៗ​របស់​បងប្អូន​យល់​អំពី​អត្ថន័យ​នៃ​ការសញ្ជឹង​គិត នោះ​បងប្អូន​អាច​អាន​រួម​គ្នា​ក្នុង​ប្រធានបទ « រំពឹង​គិត » នៅក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ( នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ) ។ តើ​មាន​ពាក្យ​ណាទៀត​ដែល​ស្រដៀង​គ្នា​ទៅ​នឹង​ពាក្យ សញ្ជឹង​គិត ? ប្រហែលជា​បងប្អូន​អាច​អាន​ជាមួយគ្នា​ក្នុង ហេលេមិន ១០:១–៣ ហើយ​ជំនួស​ពាក្យ សញ្ជឹង​គិត ដោយ​ពាក្យ​ផ្សេងទៀត​ទាំងនោះ ។ សូម​និយាយ​ជាមួយ​កូនៗ​របស់​បងប្អូន​អំពី​វិធី​សញ្ជឹងគិត ជា​ផ្នែក​មួយ​នៃ​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។

ហេលេមិន ១០:១១–១២

ខ្ញុំ​នឹង​គោរព​តាម​ព្រះវរបិតា​សួគ៌ ។

  • នីហ្វៃ​គោរព​តាម​ព្រះវរបិតា​សួគ៌ សូម្បី​តែ​នៅពេល​លោក​ត្រូវ​ធ្វើ​អ្វី​ដែល​ពិបាក​ក្ដី ។ សម្រាប់​ឧទាហរណ៍​នេះ បងប្អូន និង​កូនៗ​របស់​បងប្អូន​អាច​អាន​ក្នុង ហេលេមិន ១០:២, ១១–១២ ។ ប្រហែល​ជា​កូនៗ​របស់​បងប្អូន​អាច​សម្តែង​នូវ​អ្វី​ដែល​នីហ្វៃ​បាន​ធ្វើ—ដើរ​ទៅ​ផ្នែក​ម្ខាង​នៃ​បន្ទប់ ( ធ្វើ​ដូច​ជា​ពួកគេ​កំពុង​តែ​ដើរ​ទៅ​ផ្ទះ ) ឈប់ ងាក​ក្រោយ ហើយ​ដើរ​ទៅ​ម្ខាង​ទៀត ( ធ្វើ​ដូច​ជា​ពួកគេ​កំពុង​តែ​ត្រឡប់​មកពី​បង្រៀន​ប្រជាជន​វិញ ) ។ តើ​មាន​រឿង​អ្វី​ខ្លះ​ដែល​ព្រះវរបិតា​សួគ៌​សព្វព្រះទ័យ​ឲ្យ​យើង​ធ្វើ ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

រូបភាព
គេ​រកឃើញ​ថា ស៊ីអានទុម គឺជា​ឃាតករ

តាមរយៈ​អំណោយទាន​នៃ​ការព្យាករ នោះ​នីហ្វៃ​បាន​ដោះ​ស្រាយ​ករណី​ឃាតកម្ម​របស់​មេ​ចៅ​ក្រម ។

© ព្រះគម្ពីរ​មរមន​សម្រាប់​កុមារ និង គេ​រកឃើញ​ឃាតករ—ស៊ីអានទុម ដោយ ប៊្រីអាណា ស៊ក្រ្វ មិន​អាច​ថត​ចម្លង​បាន​ទេ