ថ្នាក់​សិក្ខាសាលា
ហេលេមិន ១៣ ផ្នែកទី ២ ៖ « ប្រែ​ចិត្ត ហើយ​បាន​សង្គ្រោះ »


« ហេលេមិន ១៣ ផ្នែកទី ២ ៖ ‹ ប្រែ​ចិត្ត ហើយ​បាន​សង្គ្រោះ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ហេលេមិន ១៣ ផ្នែកទី ២ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ហេលេមិន ១៣⁠ ផ្នែកទី ២

« ប្រែ​ចិត្ត ហើយ​បាន​សង្គ្រោះ »

រូបភាព
យុវជន​ម្នាក់​កំពុង​លុតជង្គង់​អធិស្ឋាន

តើ​អ្នក​គិត​ថា​⁠មនុស្ស​ភាគច្រើន​គិត​ថា⁠​ការប្រែចិត្ត​គឺជា​អំណោយទាន​មកពី​ព្រះ ⁠ឬ​ជា​ការដាក់​ទណ្ឌកម្ម ? ហេតុអ្វី ? សាំយូអែល​ជា​សាសន៍​លេមិន​មាន​ក្តី​ស្រឡាញ់​យ៉ាង​ខ្លាំង​សូម្បីតែ​ចំពោះ​ពួកសាសន៍​នីហ្វៃ​ដ៏​ទុច្ចរិត​ក៏​ដោយ រហូត​ដល់​លោក​បាន​ប្រថុយ​ជីវិត​លោក​ដើម្បី​បង្រៀន​ពួកគេ​ថា ការប្រែចិត្ត​គឺជា​អំណោយ​ទាន​មកពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​នាំ​ទៅរក​សុភមង្គល និង​ការសង្គ្រោះ ។ មេរៀន​នេះ​មាន​គោលបំណង​ដើម្បី​ជួយ​អ្នក​ឲ្យ​យក​ឈ្នះលើ​ឧបសគ្គ​ណា​មួយ​ដើម្បី​ធ្វើ​ការប្រែចិត្ត ។

ផ្លូវ​ត្រឹមត្រូវ

រូបភាព
រូបថត​បឹង​នៅលើ​ភ្នំ

សូម​ស្រមៃ​ថា​⁠មាន​មិត្តភក្តិ​មួយចំនួន​កំពុង​ព្យាយាម​ស្វែងរក​បឹង​នៅលើ​ភ្នំ​ដ៏​ខ្ពស់​មួយ​ដែល​ពួកគេ​ធ្លាប់​បាន​ឮ ប៉ុន្តែ​មិន​ដែល​បាន​ទៅលេង​ឡើយ ។ នៅពេល​ពួកគេ​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រៃ​នោះ ពួកគេ​បានជួប​បុរស​ម្នាក់​ដែល​និយាយថា គាត់​បានរស់នៅ​តំបន់នោះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំមក​ហើយ ។ បុរស​រូប​នោះ​ព្រមាន​ប្រាប់​ពួកគេ​ថា ផ្លូវ​ដែល​ពួកគេ​ដើរ​មិនមែន​ជា​ផ្លូវ​ទៅ​កាន់​បឹង​នោះ​ទេ ហើយ​វា​គឺជា​កន្លែង​ដែល​មាន​គ្រោះថ្នាក់ ។ បុរស​រូប​នោះ​បាន​ផ្ដល់​យោបល់​ឲ្យ​ងាកក្រោយ ហើយ​ដើរ​ថយក្រោយ​តាមដាន​ចាស់​ទៅកាន់​ផ្លូវ​ផ្សេង​ដែល​នឹង​នាំ​ពួកគេ​ទៅដល់​ទីនោះ​ដោយ​សុវត្ថិភាព ។

  • តើ​មាន​ហេតុផល​អ្វី​ខ្លះ​ដែល​មិត្តភក្តិ​ទាំងនេះ​អាច​មិន​ស្តាប់​តាម​បុរស​រូបនោះ ?

ដូចជា​បុរស​នៅក្នុង​ដំណើររឿង​នេះ​ដែរ ពេលខ្លះ​ពួកព្យាការី​អាច​នឹង​ព្រមាន​យើង​អំពី​ជម្រើស​ដែល​នឹង​មិន​នាំ​ឲ្យ​យើង​ទទួល​បាន​សុភមង្គល ការរីកចម្រើន និង​ការវិលត្រឡប់​ទៅកាន់​ព្រះបិតាសួគ៌​វិញ​ឡើយ ។ ពួកលោក​អាច​នឹង​ជំរុញ​យើង​ឲ្យ​ប្រែចិត្ត ហើយ​ផ្លាស់ប្តូរ​ជីវិត​របស់យើង ។

  • តើ​មាន​ហេតុផល​អ្វីខ្លះ​ដែល​យើង​មិន​អាច​ប្រែចិត្ត​បាន ?

នៅក្នុង​មេរៀន​មុន តាមរយៈ​ការបង្រៀន​របស់​សាំយូអែល​ជា​សាសន៍លេមិន ទៅកាន់​ពួក​សាសន៍នីហ្វៃ អ្នក​ប្រហែលជា​បានរៀន​ថា ព្រះអម្ចាស់​មាន​ព្រះហឫទ័យ​មេត្តាករុណា​ព្រមាន​ប្រាប់​មនុស្ស​អំពី​លទ្ធផល​នៃ​អំពើបាប និង​អភ័យទោស​ដល់​អ្នកដែល​បាន​ប្រែចិត្ត ។ ទោះជា​យ៉ាងណា សូម្បីតែ​នៅពេល​យើង​យល់​អំពី​សេចក្ដីពិត​នេះ​ហើយ​ក៏ដោយ ក៏​យើង​មិន​តែងតែ​ប្រែចិត្ត​ជានិច្ច​នោះ​ឡើយ ។ នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​ស្វែងរក​ជំនួយ​មកពី​ព្រះអម្ចាស់ ដើម្បី​ដឹង​អំពី​របៀប​យកឈ្នះ​លើ​ឧបសគ្គ​ទាំងឡាយ​ដែល​រារាំង​អ្នក​មិន​ឲ្យ​ធ្វើ​ការប្រែចិត្ត ។

លទ្ធផល​នៃ​ការប្រព្រឹត្ត​អំពើ​បាប

សូម​អាន ហេលេមិន ⁠១៣:២១–២៣ ដោយ​ការរកមើល​ឥរិយាបថ និង​សកម្មភាព​មួយចំនួន​ដែល​សាំយូអែល បាន​និយាយ​ថា មនុស្ស​ត្រូវការ ដើម្បី​ប្រែចិត្ត ។ វា​អាច​មាន​អត្ថប្រយោជន៍​ដើម្បី​ដឹង​ថា បណ្ណាសា « នាំ​ឲ្យ​មាន​ការ​ជំនុំ​ជម្រះ និង​វិបាក​ពី​ការ​ជំនុំ​ជម្រះ​ទាំង​ឡាយ​មក​លើ​ជន ឬ​រាស្ត្រ​ណាមួយ ដោយ​ព្រោះ​តែ​អំពើ​ឥត​សុចរិត ជាហេតុ​ទី​មួយ » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « បណ្ដាសា, បណ្ដាសា​ទាំង​ឡាយ » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។

  • ជាការបន្ថែម​ពី​លើ​ទ្រព្យសម្បត្តិ តើ​មាន​អ្វី​ផ្សេងទៀត​ដែល​យើងអាច​នឹង​ត្រូវបាន​ល្បួងឲ្យ « ភ្ជាប់​ចិត្ត [ របស់យើង ] ទៅលើ » និង « នឹក​រឭក » ជាង​ព្រះអម្ចាស់ ?

នៅក្នុង ខទី ២៤–៣០ សាំយូអែល​ក៏​បាន​ព្រមាន​ដល់​ប្រជាជន​អំពី​កាល​ដែល​ពួកគេ​បាន​បដិសេធ​ពួកព្យាការី​ទាំងឡាយ​ផងដែរ ។

សូមអាន ហេលេមិន ១៣:៣១–៣៨ ហើយ​សូម​បញ្ចប់​គោលការណ៍​ខាងក្រោម​តាម​ពាក្យពេចន៍​ផ្ទាល់ខ្លួន​របស់​អ្នក ៖ បើ​យើង​ចេះតែ​បដិសេធ​នូវ​ការអំពាវនាវ​របស់​ព្យាការី​ឲ្យ​ប្រែចិត្ត​រហូត …

សូម​សញ្ជឹងគិត​អំពី​អ្វី​ដែល​អ្នក​យល់​អំពី​គោលការណ៍ និង​បទពិសោធន៍​ដែល​អ្នក​ធ្លាប់មាន ឬ​បានឃើញ​ដែល​បញ្ជាក់​ថា ⁠វាជា​ការពិត ។

អំណោយទាន​មកពី​ព្រះ

ដូចដែល​សាំយូអែល​បានថ្លែង​ទីបន្ទាល់​ទៅកាន់​ពួកសាស​ន៍នីហ្វៃ​ថា ៖ « គ្មាន​អ្វី​អាច​ជួយ​សង្គ្រោះ [ យើង ] …​បាន​ឡើយ លើក​លែងតែ​ការ​ប្រែ​ចិត្ត និង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ » ( ហេលេមិន ១៣:៦ ) ។ ដោយសារតែ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​សម្រាប់​យើង « បើ​សិន​ជា [ យើង ] នឹង​ប្រែ​ចិត្ត ហើយ​ត្រឡប់​មក​រក​ព្រះ​អម្ចាស់ [ របស់​យើង ] ជា​ព្រះ​របស់​អ្នក​វិញ នោះ [ ទ្រង់ ] នឹង​ដក​សេចក្ដី​ពិរោធ របស់ [ ទ្រង់ ] » ( ហេលេមិន ១៣:១១ ) ។

នៅពេល​អ្នកអាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​ដែល​ប្រធាន រ័សុល អិម ណិលសុន បាន​ថ្លែង សូម​រកមើល​សេចក្ដីពិត​ដែល​លោក​បាន​បង្រៀន ដែល​អាច​ជួយ​យើង​យកឈ្នះ​លើ​ឧបសគ្គ​នៃ​ការប្រែចិត្ត ។

មាន​មនុស្ស​ច្រើនណាស់​គិត​ថា ការប្រែចិត្ត​ជា​ទណ្ឌកម្ម—ជា​អ្វី​មួយ​ដែល​ត្រូវ​ចៀសវាង លើក​លែង​តែ​នៅក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​បំផុត​ប៉ុណ្ណោះ ។ ប៉ុន្តែ​អារម្មណ៍​នៃ​ការដាក់​ទណ្ឌកម្ម​នេះ គឺ​បណ្ដាល​មក​ពី​សាតាំង ។ វា​ព្យាយាម​រារាំង​យើង​ពី​ការមើល​ឆ្ពោះ​ទៅ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​គង់​ចាំ​ទាំង​ព្រះហស្ត​លាតលា​ដោយ​សង្ឃឹម ហើយ​មាន​ព្រះឆន្ទៈ​ដើម្បី​ព្យាបាល អភ័យទោស សម្អាត ពង្រឹង ធ្វើ​ឲ្យ​បរិសុទ្ធ និង​ញែក​យើង​ជា​បរិសុទ្ធ ។ …

គ្មាន​អ្វី​ដែល​មាន​សេរីភាព ប្រពៃ ឬ​សំខាន់​ចំពោះការ​រីកចម្រើន​របស់​យើង​ម្នាក់ៗ​ជាង​ការ​ផ្ដោត​ទៅលើ​ការ​ប្រែចិត្ត​ជាទៀងទាត់ និង​ប្រចាំ​ថ្ងៃ​នោះទេ ។ ការប្រែ​ចិត្ត​មិន​មែន​ជា​ព្រឹត្តិការណ៍​មួយ​នោះ​ទេ តែវា​គឺ​ជា​ដំណើរការ​មួយ ។ វា​គឺ​ជា​គន្លឹះ​ឆ្ពោះ​ទៅ​កាន់​សុភមង្គល និង​ភាព​សុខសាន្ដ​នៅ ក្នុង​គំនិត ។ នៅពេល​ផ្គួបផ្សំ​ជាមួយ​នឹង​សេចក្ដីជំនឿ នោះ​ការ​ប្រែចិត្ត​បើក​ច្រក​ទ្វារ​ទៅកាន់​ព្រះចេស្ដា​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ …

នៅពេល​យើង​ជ្រើសរើស​ប្រែចិត្ត នោះ​យើង​ជ្រើសរើស​ផ្លាស់ប្ដូរ ! យើង​អនុញ្ញាត​ឲ្យ​ព្រះអង្គសង្គ្រោះ​ផ្លាស់ប្រែ​យើង​ទៅជា​មនុស្សថ្មី​ដ៏​ល្អ​បំផុត ។ យើង​ជ្រើសរើស​រីកចម្រើន​ខាង​វិញ្ញាណ ហើយ​ទទួល​បាន​អំណរ—ជា​អំណរ​នៃ​ការ​ប្រោសលោះ​នៅ​ក្នុង​ទ្រង់ ។ នៅពេល​យើង​ជ្រើសរើស​ដើម្បី​ប្រែចិត្ត នោះ​យើង​ជ្រើសរើស​ដើម្បី​ប្រែក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ! ( រ័សុល អិម ណិលសុន « We Can Do Better and Be Better » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៧ )

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    • តើ​សេចក្តី​ថ្លែងការណ៍​របស់​ប្រធាន ណិលសុន ជួយ​ដល់​នរណា​ម្នាក់​ឲ្យ​យក​ឈ្នះ​លើ​ឧបសគ្គ​ដើម្បី​ប្រែចិត្ត​ដោយ​របៀប​ណា ?

    • តើ​លទ្ធផល​នៃ​ការប្រែចិត្ត​មួយណា​ដែល​ប្រធាន ណិលសុន បាន​លើកឡើង ដែល​អ្នក​ប្រាថ្នា​ចង់​បាន​ជាងគេ​បំផុត? ហេតុអ្វី ?

    • តើ​ប្រធាន ណិលសុន បាន​បង្រៀន​អ្វីខ្លះ​អំពី​ព្រះអង្គសង្គ្រោះ​ដែល​អាច​នឹង​ជួយ​នរណា​ម្នាក់​ដែល​ស្ទាក់ស្ទើរ​នៅក្នុង​ការ​ប្រែចិត្ត ?

ការប្រែចិត្ត

ការប្រែចិត្ត​អាច​មាន​ឧបសគ្គ​បន្ថែម ដែល​ប្រធាន ណិលសុន មិន​បានថ្លែង ឬ​យើង​អាចនឹង​ត្រូវការ​ជំនួយ ឬ​ចម្លើយ​បន្ថែម​ទៀត ។ សូម​ចំណាយ​ពេល​ពីរបីនាទី​ដើម្បី​សិក្សា​អំពី​អំណោយទាន​នៃ​ការប្រែចិត្ត ដោយ​ការរកមើល​ចម្លើយ​ចំពោះ​សំណួរ​ដែល​អ្នក​អាច​នឹង​មាន ឬ​សម្រាប់​សេចក្ដីពិត​ដែល​អាច​ជួយ​អ្នក​ឲ្យ​យកឈ្នះ​លើ​ឧបសគ្គ​ដែល​អ្នក​ប្រឈមមុខ​ទៅនឹង​ការប្រែចិត្ត ។ ធនធាន​ដែល​អាច​នឹង​ជួយ​អ្នក​មាន​ជាអាទិ៍៖ « ប្រែ​ចិត្ត, ការ​ប្រែ​ចិត្ត » នៅក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ការប្រែចិត្ត » នៅក្នុង ⁠Bible Dictionary និង ⁠« ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ជួយអ្នក »⁠ នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​សម្រាប់​ធ្វើ​ការ​ជ្រើសរើស ( កូនសៀវភៅ​ឆ្នាំ ២០២២ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    • តើ​អ្នកបាន​រៀនអ្វីខ្លះ​ដែល​មាន​ប្រយោជន៍​ដល់​អ្នក ?

    • តើ​ព្រះអង្គសង្រ្គោះ អាច​ជួយ​យើង​នៅក្នុង​ដំណើរការ​នៃ​ការប្រែចិត្ត​នេះ​ដោយ​របៀបណា ?

សូម​អាន​ការអញ្ជើញ​មកពី​ប្រធាន ណិលសុន ដូច​ខាងក្រោម ។

សូម​ព្យាយាម​យល់​អំពី​អ្វី​ដែល​រារាំង​ផ្លូវ​នៃ​ការ​ប្រែចិត្ត​ប្រកប​ដោយ​ការ​អធិស្ឋាន ។ សូម​កត់សម្គាល់ អំពី​អ្វីដែល បញ្ឈប់ បងប្អូន​មិន​ឲ្យ​ប្រែចិត្ត ។ បន្ទាប់ មក សូម​ផ្លាស់ប្ដូរ ! ចូរ​ប្រែចិត្ត ! យើង​ទាំងអស់​គ្នា​អាច​ធ្វើ​បានល្អ​ប្រសើរ ហើយ​ជា​មនុស្ស​ល្អ​ប្រសើរ​ជាង​ពី​មុន ។ ( រ័សុល អិម ណិលសុន « We Can Do Better and Be Better » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៨ )

សូម​ចំណាយពេល​ខ្លះ​ដើម្បី​សញ្ជឹងគិត និង​អធិស្ឋាន ហើយ​សរសេរ​នូវ​អ្វី​ដែល​អ្នក​មាន​អារម្មណ៍ថា ព្រះវរបិតាសួគ៌​ចង់ឲ្យ​អ្នកធ្វើ​ដើម្បី​ប្រែចិត្ត ។