ថ្នាក់​សិក្ខាសាលា
ម៉ូសាយ ៣:១–១៧ ៖ សេចក្តីសង្គ្រោះ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ


« ម៉ូសាយ ៣:១–១៧ ៖ សេចក្តីសង្គ្រោះ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ម៉ូសាយ ៣:១–១៧ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ម៉ូសាយ ៣:១–១៧

សេចក្តីសង្គ្រោះ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ

ពេញ​មួយ​ប្រវត្តិសាស្ត្រ​ទេវតា​បានចុះ​មក​ផែនដី​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ប្រកាស « ដំណឹង​ដ៏​រីករាយ​មួយ​ពី​សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ » ( ម៉ូសាយ ៣:៣; អាលម៉ា ១៣:២២; ហេលេមិន ១៦:១៤ ) ។ ស្តេច​បេនយ៉ាមីន​បានទទួល​ការយាងមក​ជួប​នេះ ។ ទ្រង់​បាន​ចែកចាយ​ជាមួយ​ប្រជាជន​របស់​ទ្រង់​នូវ​ទីបន្ទាល់​របស់​ទេវតា​អំពី​ព្រះយេស៊ូវ​គ្រីស្ទ កិច្ចការ​ដែល​ព្រះអង្គ​សង្គ្រោះ​នឹង​ជួបប្រទះ និង​សេចក្តីពិត​ដែលថា សេចក្តី​សង្គ្រោះ​កើតឡើង​តាមរយៈ​ព្រះនាម​នៃ​ព្រះគ្រីស្ទ​ប៉ុណ្ណោះ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​ដើម្បី​អ្នក​អាច​បានសង្រ្គោះ ។

ដំណឹងល្អ​ពី​សេចក្ដីអំណរ​យ៉ាងអស្ចារ្យ

  • តើ​អ្នក​អាច​គិត​អំពី​គ្រា​ដែល​ទេវតា​យាងចុះ​មក​ផែនដី​ដើម្បី​ថ្លែងទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ​ឬ​ទេ ?

ឧទាហរណ៍​មួយ​គឺ​នៅក្នុង លូកា ២:១០–១២ ។ សូម​អាន​ខគម្ពីរ​ទាំង​នេះ ឬ​មើល​វីដេអូ « Shepherds Learn of the Birth of Christ » ចាប់ពី​នាទី​ទី ០:០០ ដល់ នាទី​ទី ១:៤៧ ដោយ​រកមើល​អ្វី​ដែល​ទេវតា​បាន​បន្ទូល​ដើម្បី​ប្រកាស​អំពី​កំណើត​របស់​ព្រះអង្គ​សង្គ្រោះ ។ វីដេអូ​នេះ​មាន​នៅ ChurchofJesusChrist.org.

ទេវតា​មួយអង្គ​ក៏​បាន​បង្ហាញ​ខ្លួន​ដល់​ស្តេច​បេនយ៉ាមីន​ផងដែរ ។ សូម​អាន ម៉ូសាយ ៣:៣–៤ ដោយ​រកមើល​ភាពស្រដៀង​គ្នា​រវាង​អ្វី​ដែល​ទេវតា​បាន​ប្រាប់​អ្នកគង្វាល និង​អ្វី​ដែល​ទេវតា​បាន​ប្រាប់​ស្តេច​បេនយ៉ាមីន ។

  • តើ​អ្នក​ដឹង​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​នឹង​ត្រូវ​ចាត់ទុក​ជា « ដំណឹង​ដ៏​រីករាយ​មួយ​ពី​សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ » ?

នៅក្នុង​សុន្ទរកថា​របស់​ទ្រង់​ទៅកាន់​ប្រជាជន​របស់​ទ្រង់​រួមបញ្ចូល​នៅក្នុង ម៉ូសាយ ៣:១–១៧ ស្តេច​បេនយ៉ាមីន បាន​ចែកចាយ​សារខ្លះៗ​របស់​ទេវតា ។ សារនេះ​បាន​លើកឡើង​អំពី​ព្រះជន្ម និង​បេសកកម្ម​របស់​ព្រះ​យេស៊ូវគ្រីស្ទ របៀប​ដែល​ពួកគេ​អាច​ទទួល​បាន​សេចក្តីអំណរ និង​អ្វី​ដែល​ព្រះយេស៊ូវ​ផ្តល់ឲ្យ​ដែល​គ្មាន​នរណា​ម្នាក់​អាច​ធ្វើបាន ។

ព្រះនាម​តែ​មួយគត់​ដែល​សេចក្ដីសង្រ្គោះ​កើត​មាន

សូម​អាន ម៉ូសាយ ៣:១៧ ដោយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ប្រទានមក ។

  • តើ​សេចក្តីពិត​អ្វី​ដែល​អ្នក​អាច​រកឃើញ​ពី ខទី ១៧ ?

សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ពី​អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវកដប់ពីរនាក់ ដោយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បានសង្គ្រោះ​យើង ៖

តាមរយៈ​អំណោយទាន​មិន​អាច​គណនា​បាន​នៃ​ដង្វាយធួន​ទ្រង់ នោះ​ព្រះអម្ចាស់ និង​ព្រះអង្គសង្គ្រោះ​យេស៊ូវគ្រីស្ទ​នៃ​យើង ពុំ​គ្រាន់តែ​សង្គ្រោះ​យើង​ពី​សេចក្ដីស្លាប់ និង​ប្រទាន​ការអភ័យទោស​ដល់​អំពើបាប​យើង​តាមរយៈ​ការប្រែចិត្ត​ប៉ុណ្ណោះ​ទេ ទ្រង់​ថែមទាំង​ត្រៀម​ព្រះកាយ​ដើម្បី​សង្គ្រោះ​យើង​ពី​ទុក្ខព្រួយ និង​ការឈឺចាប់​នៃ​ព្រលឹង​រង​របួស​របស់​យើង​ផងដែរ ។ ( នែល អិល អាន់ឌើរសិន « Wounded » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៥ )

សូម​គិត​អំពី​អ្វី​ដែល​អ្នក​ត្រូវ​សង្គ្រោះ ។ តើ​មាន​អំពើបាប​ដែល​អ្នក​កំពុងតែ​ព្យាយាម​ជម្នះ​ដែរឬ​ទេ ? តើ​មានទុក្ខ ឬ​ការឈឺចាប់​ដែល​អ្នក​កំពុង​ជួប​ប្រទះទេ ? នៅពេល​ដែល​អ្នក​សិក្សា ម៉ូសាយ ៣ សូម​ស្វែងរក​ការបំផុសគំនិត​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ​ដើម្បី​ជួយអ្នក​ឲ្យ​ដឹង​ពី​របៀប​ដែល​អ្នក​អាច​ទទួល​បាន​សេចក្តីសង្គ្រោះ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រទាន​ឲ្យ ។

សូម​អាន ម៉ូសាយ ៣:៥–១០ ដោយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បានធ្វើ​ដើម្បី​ឲ្យ​អ្នក​អាច​បានសង្រ្គោះ ។ សូម​ចំណាយ​ពេល​អាន​យឺតៗ ហើយ​ពិចារណា ។ ការសញ្ជឹងគិត​គឺ​ជា​វិធី​មួយ​ដើម្បី​យាង​អញ្ជើញ​ព្រះវិញ្ញាណបរិសុទ្ធ​ឲ្យ​បង្រៀន​អ្នក ។ អ្នក​ប្រហែល​ជា​ចង់​សរសេរ​គំនិត​របស់​អ្នក​នៅក្នុង​ព្រះគម្ពីរ ឬ​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ពីរ​នៃ​សំណួរ​ខាង​ក្រោមនេះ ៖

  • តើ​អ្នក​មាន​ចំណាប់​អារម្មណ៍​អ្វី​ខ្លះ នៅពេល​អ្នក​បាន​សិក្សា​ខគម្ពីរ​ទាំងនេះ ?

  • តើ​ឃ្លា​អ្វី​ខ្លះ​នៅក្នុង​ខគម្ពីរទាំងនេះ​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍ ?

  • តើ​អ្នក​រកឃើញ​អ្វីខ្លះ ដែល​ធ្វើឲ្យអ្នក​រីករាយ ?

អ្នក​ប្រហែល​ជា​ចង់មើល​វីដេអូ « Jesus Christ Suffered for Us » ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.orgដោយ​រកមើល​ពី​របៀប​ដែល​បុគ្គល​ផ្សេងៗ បាន​ទទួល​ពរ​តាមរយៈ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។

សូម​អាន ម៉ូសាយ ៣:១១–១៣ ដោយ​រកមើល​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ ដើម្បី​ទទួល​បាន​សេចក្តីអំណរ និង​សេចក្តីសង្រ្គោះ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​អានយឺតៗ ហើយ​ពិចារណា​ពី​ខគម្ពីរ​ទាំងនេះ ។ សំណួរ​ខាងក្រោម​អាច​ជួយ​អ្នក​សញ្ជឹងគិត ។

  1. សូមឆ្លើយ​សំណួរ​ខាងក្រោមនេះ ៖

  • តើ​អ្នក​បានរៀន ឬ​ទទួលអារម្មណ៍​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ជំរុញ​អ្នក​ឲ្យប្រែចិត្ត ?

  • ហេតុ​អ្វី​អ្នក​គិតថា ការផ្ដាច់​បាប​នាំមក​នូវ​អំណរ ?

សូម​រំឭក​ឡើងវិញ​នូវ​អ្វី​ដែល​អ្នក​ត្រូវសង្គ្រោះ ។ សូម​គិត​អំពី​អ្វី​ដែល​អ្នក​បានសិក្សា​នៅក្នុង ម៉ូសាយ ៣ និង​ចំណាប់អារម្មណ៍​ដែល​អ្នក​បាន​ទទួល​ពី​ព្រះវិញ្ញាណ ។ សូម​ខិតខំ​អនុវត្ត​សេចក្តីជំនឿ ប្រែចិត្ត និង​ជឿលើ​ព្រះគ្រីស្ទ ដើម្បី​ឲ្យ​អ្នក​អាច​ទទួល​បាន​ជំនួយ​ពី​ព្រះអង្គ​សង្គ្រោះ និង​អំណរ​ដែល​កើតចេញ​ពី​ការអភ័យទោស ។