ថ្នាក់​សិក្ខាសាលា
ម៉ូសាយ ២:១៩–៤១ ៖ « បាន​ពរ​គ្រប់​យ៉ាង »


« ម៉ូសាយ ២:១៩–៤១ ៖ ‹ បាន​ពរ​គ្រប់​យ៉ាង › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ម៉ូសាយ ២:១៩–៤១ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ម៉ូសាយ ២:១៩–៤១

« បាន​ពរ​គ្រប់​យ៉ាង »

រូបភាព
យុវវ័យ​សើច​សប្បាយ

តើ​អ្នក​សុខចិត្ត​ធ្វើ​អ្វី​ដើម្បី​ទទួល​បាន​សុភមង្គល​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ? ស្តេច​បេនយ៉ាមីន​បាន​អញ្ជើញ​ប្រជាជន​របស់​ទ្រង់​ឲ្យ​ស្វែងរក​សុភមង្គល​នេះ​តាមរយៈ​ការរស់នៅ​ដ៏​សុចរិត និង​ពលិកម្ម​ថ្វាយ​ព្រះ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ស្វែងរក « ស្ថានភាព​ដ៏​មាន​ពរ និង​រីករាយ​នៃ​អស់​អ្នក​ណា​ដែល​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ » ( ម៉ូសាយ ២:៤១ ) ។

ចូរ​រាប់​ព្រះពរ​របស់​អ្នក

សូម​ច្រៀង ឬ​អាន​ទំនុក​បទ « ចូរ​រាប់​ព្រះ​ពរ » ( ទំនុកតម្កើង ល.រ. ១៥០ ) ឬ​មើល​វីដេអូ​ខាងក្រោម ។ សូម​គិត​អំពី​ទំនុក​បទ​នោះ⁠ និង​របៀប​ដែល​វា​ទាក់ទង​នឹង​ជីវិត​របស់​អ្នក ។

សូមចំណាយ​ពេល​មួយ​ទៅ​ពីរ​នាទី​ដើម្បី​ធ្វើបញ្ជី​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក​អំពី​ពរជ័យ​ដែល​ព្រះបានប្រទាន​ដល់​អ្នក ។

  • តើ​អ្នក​បាន​សម្គាល់ ឬ​រៀន​អ្វី​ខ្លះ​ពី​បញ្ជី​ពរជ័យ​របស់​អ្នក ?

បន្ទាប់ពីបាន​បង្រៀន​អំពី​ការបម្រើ​រួច ស្ដេច​បេនយ៉ាមីន​បាន​អញ្ជើញ​សាសន៍​នីហ្វៃ​ឲ្យគិត​អំពី​របៀប​ដែល​ពួកគេ​ស្វែងរក និង​ទទួល​ពរជ័យ​ពី​ព្រះវរបិតាសួគ៌ ។ នៅពេល​អ្នក​សិក្សា​ថ្ងៃនេះ សូម​សញ្ជឹង​គិត​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​អ្នក នៅពេល​អ្នក​ខិតខំរក្សា​បទបញ្ញត្តិ​របស់​ទ្រង់ ។

សូម​អាន ម៉ូសាយ ២:១៩–២៥ ដោយ​រកមើល​ចម្លើយ​ចំពោះ​សំណួរ​ណា​មួយ​ដូចខាងក្រោម ៖

  • តើ​ព្រះ​បានប្រទានពរ​ដល់​សាសន៍​នីហ្វៃ​តាម​របៀបណា​ខ្លះ ? សូម​ពិចារណា​គូស​ចំណាំ​ពរជ័យ​ណាមួយ​ដែល​អ្នក​មាន​ដូចគ្នា​ជាមួយ​នឹង​ពួកគេ ។

  • តើ​ព្រះធ្វើ​អ្វី​ពេលយើង​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ ? តើ​ទ្រង់​ធ្វើ​វា​លឿន​ប៉ុនណា ?

  • តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ព្រះ ?

បន្ទាប់ពី​បាន​ជួយ​សាសន៍​នីហ្វៃ​ឲ្យ​ស្គាល់​ពី​ពរជ័យ​របស់​ពួកគេ​រួចហើយ ស្ដេច​បេនយ៉ាមីន បានប្រកាសថា បុត្រា​របស់​ទ្រង់ ម៉ូសាយ នឹងធ្វើ​ជា​ស្ដេចថ្មី​របស់​ពួកគេ ។ ទ្រង់​បាន​រំឭក​ពួកគេ​អំពី​វិធី​ជា​ច្រើន​ដែល​ប្រជាជន​អាច​បាត់បង់​ពរជ័យ​របស់​ពួកគេ​ដោយសារ​ការទាស់ទែង ការរំលង ការបះបោរ និង​ការបំពាន​បទបញ្ញត្តិ​របស់​ព្រះ ។ ទ្រង់​ក៏​បាន​បង្រៀន​ពី​ផលវិបាក​ដ៏​អស់កល្ប​នៃ​អំពើ​ទាំងនោះ ហើយ​បាន​ប្រទាន​ការសន្យា​ដល់​អ្នក​ដែល​រក្សា​ព្រះបញ្ញត្តិ ។ ( សូមមើល ម៉ូសាយ ២:២៩–៤០ ) ។

ពរជ័យ និង​សុភមង្គល

សូម​អាន ម៉ូសាយ ២:៤១ ដោយ​រកមើល​ការសន្យា​ដែល​ស្តេច​បេនយ៉ាមីន​បាន​ប្រទាន​ឲ្យ ។

ម៉ូសាយ ២:១៧ គឺ​ជា​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ ។ សូម​ពិចារណា​គូសចំណាំ​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ ។ អ្នក​នឹង​មាន​ឱកាស​នៅក្នុង​មេរៀន​បន្ទាប់ ដើម្បី​អនុវត្ត​តាម​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ​ទៅនឹង​សំណួរ ឬ​ស្ថានភាព​មួយ ។

  • តើ​អ្នក​អាច​សង្ខេប ខទី ៤១ ឲ្យទៅ​ជា​គោលការណ៍​នៃ​សេចក្តីពិត​ដោយ​របៀបណា ?

ការសន្យា​មួយ​ក្នុង​ចំណោម​ការសន្យា​ដែល​បានធ្វើឡើង​នៅក្នុង ម៉ូសាយ ២:៤១ គឺ ប្រសិនបើយើង​រក្សា​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ នោះ​ព្រះ​នឹង​ប្រទានពរ​ដល់​យើង​ទាំង​ខាងសាច់ឈាម និង​ខាងវិញ្ញាណ ។ ទោះយ៉ាងណា​ក៏​ដោយ មាន​អ្វីៗ​ជា​ច្រើនទៀត​ដែល​យើង​អាច​រៀន​ពី​ខគម្ពីរ​នេះ​ដោយ​សិក្សា​ឃ្លា​នីមួយៗ​ដាច់​ដោយឡែក​ពីគ្នា ។

ពរជ័យ​ខាងសាច់ឈាម​អាច​រួមបញ្ចូល​អ្វី​ៗដូច​ជា​សុខភាព​ផ្លូវកាយ ភាពចម្រុង​ចម្រើន ឬ​ពរជ័យ​ផ្សេងទៀត​ដែល​ទាក់ទងនឹង​ជីវិត​រមែងស្លាប់ ។ ពរជ័យ​ខាងវិញ្ញាណ​គឺ​ជា​អ្វី​ដែល​នៅអស់កល្ប​ជា​និច្ច ។ ទាំងនេះ​រួម​មាន​ទីបន្ទាល់​របស់​យើង ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ និង​ក្រុមគ្រួសារ​របស់​យើង ការអត់ទោស​ពី​អំពើបាប ការណែនាំ​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ​ជា​ដើម ។

  1. សូម​ជ្រើសរើស​សកម្មភាព​ពីរ ឬ​ច្រើន​នៃ​សកម្មភាព​ខាងក្រោម​សម្រាប់ ម៉ូសាយ ២:៤១ ហើយ​ឆ្លើយសំណួរ​ដែល​ទាក់ទង ។

ស្ថានភាព​ដ៏​មានពរ និង​សុភមង្គល​នៃ​អ្នក​ដែល​កាន់តាម​បទបញ្ញត្តិ​ទាំងឡាយ

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )—« ម៉ូសាយ ២:១៩–៤១ ៖ ‹ បាន​ពរ​គ្រប់​យ៉ាង › » ។

សកម្មភាព ក ៖ « សូម​គិត​ពិចារណា​អំពី​ស្ថានភាព​ដ៏​មាន​ពរ និង​រីករាយ​នៃ​អស់​អ្នក​ណា​ដែល​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ ។ … ពួក​គេ​បាន​ពរ​គ្រប់​យ៉ាង ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​ផង » ។

សូម​ក្រឡេក​មើល​បញ្ជី​ពរជ័យ​ដែល​អ្នក​បានបង្កើត​នៅ​ដើម​មេរៀន​នេះ ។ សូម​បន្ថែម​ពរជ័យ​ណាមួយ​ដែល​អាច​នឹង​ផុស​ឡើង​ក្នុង​ចិត្ត ។ សូម​គូសបន្ទាត់​ពី​ក្រោម​ពរជ័យ​ដែល​មាន​លក្ខណៈ​ខាងសាច់ឈាម ហើយ​គូស​រង្វង់ជុំវិញពរជ័យ​ដែល​មានលក្ខណៈខាងវិញ្ញាណ ។ អ្នក​អាច​ដឹងថា ពរជ័យ​ខ្លះ​គឺ​ត្រូវ​ទាំងខាងសាច់ឈាម និង​ខាង​វិញ្ញាណ ។

  • តើ​អ្នក​ឃើញ​ភស្តុតាង​អ្វី​ខ្លះ​នៅក្នុង​ជីវិត​របស់​អ្នក​ថា សេចក្តី​ថ្លែងការណ៍​ពី ម៉ូសាយ ២:៤១ នេះ​ពិត ?

  • សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ១៣០:២០–២១ ។ តើ​អ្នក​រៀន​អ្វី​ខ្លះ​អំពី​ទំនាក់ទំនង​រវាងការរក្សា​បទបញ្ញត្តិ និង​ការទទួល​ពរជ័យពីព្រះ ? អ្នក​អាច​នឹង​ចង់​ធ្វើ​សេចក្តីយោង​ឆ្លង ឬ​ភ្ជាប់​ខគម្ពីរ​ទាំងនេះទៅ ម៉ូសាយ ២:៤១ ។

  • ហេតុ​អ្វី​អ្នក​គិតថា ព្រះវរបិតាសួគ៌​ប្រទានពរ​ដល់​យើង​នូវ​ពរជ័យទាំង​ខាងសាច់ឈាម និង​ខាងវិញ្ញាណ ? តើ​ការណ៍នេះ​បង្រៀន​អំពី​ទ្រង់យ៉ាងដូចម្តេច ?


សកម្មភាព ខ ៖ « បើ​សិន​ជា​ពួក​គេ​រក្សា​ការ​ស្មោះត្រង់​ដរាប​ដល់​ចុង​បំផុត នោះ​ពួក​គេ​នឹង​ត្រូវ​បាន​ទទួល​នៅ​ស្ថានសួគ៌ ដើម្បី​ឲ្យ​ពួក​គេ​អាច​រស់នៅ​ជាមួយ​នឹង​ព្រះ​ក្នុង​ស្ថាន​ភាព​សុភមង្គល​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ » ។

សូម​សរសេរ​សេចក្តីថ្លែងការណ៍​នេះ​នៅ​ចំ​កណ្តាល​ទំព័រ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ដោយ​ទុក​កន្លែង​នៅជុំវិញ​វា​ដើម្បី​ធ្វើកំណត់ចំណាំ ។ សូម​គូស​រង្វង់​លើ​ពាក្យ ឬ​ឃ្លា​នៅក្នុង​សេចក្តីថ្លែងការណ៍​នោះ​ដែល​មានសារៈសំខាន់​សម្រាប់​អ្នក ។ សូម​ភ្ជាប់​ពពុះពាក្យ​ទៅនឹង​ពាក្យ ឬ​ឃ្លា​ដែល​គូស​រង្វង់​នីមួយៗ ហើយ​សរសេរ​និយមន័យ វគ្គ​បទគម្ពីរ​ដែល​ទាក់ទង ឬ​ការយល់ដឹង​ផ្សេងទៀត​ដែល​អ្នក​អាច​មាន ។

ឧទាហរណ៍ ៖ ប្រសិនបើអ្នក​បានគូស​រង្វង់​ឃ្លា​ថា « បាន​ទទួល​នៅ​ស្ថានសួគ៌ » នោះ ពពុះពាក្យ​ដែល​ភ្ជាប់​គ្នា​អាច​រួមបញ្ចូល​អ្វី​មួយដូច​ជា « ទទួល​យោបល់​ថា មាន​នរណាម្នាក់​កំពុង​រង់ចាំ​ខ្ញុំ ឬ​រពឹងជួប​ខ្ញុំ ។ ព្រះយេស៊ូវ​បាន​បង្រៀន​ថា ទ្រង់​នឹង​រៀបចំ​កន្លែង​មួយ​សម្រាប់​យើង​នៅ​ស្ថានសួគ៌ ហើយ​បន្ទាប់មក​ទទួល​យើង​នៅ​ទីនោះ ( សូមមើល យ៉ូហាន ១៤:២–៣ ) ។ ព្រះវរបិតាមាតា​សួគ៌ា​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់​របស់​ខ្ញុំ និង​ព្រះយេស៊ូវ​គ្រីស្ទ​បានគង់​នៅទីនោះ ហើយ​នឹងទទួលខ្ញុំ ប្រសិនបើខ្ញុំ​នៅតែ​ស្មោះត្រង់ » ។

សូម​បំពេញ​ពពុះពាក្យ​សម្រាប់​ពាក្យ ឬ​ឃ្លា​នីមួយៗ​ដែល​អ្នក​បាន​គូសរង្វង់ ។ សូម​យក​ចិត្តទុក​ដាក់​ចំពោះ​សំណួរ ឬ​ចំណាប់​អារម្មណ៍​ដែល​អ្នក​គិត​ដល់ ។

  • តើ​អ្នក​មាន​ការយល់ដឹង​អ្វី​ខ្លះ​នៅពេល​ធ្វើ​សកម្មភាព​នេះ ?

  • តើ​ការយល់ដឹង​ទាំងនេះ​អាច​ជួយអ្នក​ក្នុង​ជីវិត​របស់​អ្នក​ឥឡូវនេះ​ដោយ​របៀបណា ?


សកម្មភាព គ ៖ « ឱ សូម​ចាំ សូម​ចាំ​ថា រឿង​ទាំង​នេះ​ពិត ព្រោះ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ » ។

  • តើ​មាន​អ្វី​ខ្លះ​ដែល​ងាយចាំ ? តើ​អ្វី​ដែល​ពិបាកចាំ​ជាង​គេ ?

សូម​ចាំ​អ្វី​ដែល​អ្នក​បានរៀន​អំពី​ព្រះ​នៅក្នុង​ការសិក្សា​របស់​អ្នក​អំពី ម៉ូសាយ ២ ។ សូម​អាន ម៉ូសាយ ២:២២ ដោយ​ស្វែងរក​សេចក្តីពិត​អស់កល្ប​អំពី​ព្រះ ។

  • តើ​អ្នក​ដឹង​អ្វី​ខ្លះ​អំពី​ព្រះដែល​អាច​ជួយអ្នក​ទុកចិត្ត​លើ​ការសន្យា​របស់​ទ្រង់ ហើយ​រក្សា​ព្រះបញ្ញត្តិ​របស់​ទ្រង់ ?

  • តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ចងចាំរឿងនេះ​អំពី​ទ្រង់ ?

សញ្ជឹងគិត

ពេល​អ្នក​បានបញ្ចប់​សកម្មភាព​សិក្សា​ហើយ សូម​ចំណាយ​ពេល​ប៉ុន្មាននាទី​ដើម្បី « គិតពិចារណា អំពី​ស្ថានភាព​ដ៏​មាន​ពរ [ របស់​អ្នក ] » ។ សូម​សញ្ជឹងគិត ហើយ​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក អំពី​ឥរិយាបថ​របស់​អ្នក​ចំពោះ​ព្រះ និង​ការ​គោរពតាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។ សូម​បញ្ចូល​ពី​របៀប​ដែល​អ្នក​អាច​បន្តស្ថាបនា និង​អនុវត្ត​សេចក្តីជំនឿ​របស់​អ្នក ដើម្បី​ទទួល​បាន​ពរជ័យ​ពីទ្រង់ ។ សូម​សញ្ជឹងគិត​ពី​របៀប​ដែល​ជីវិត​របស់​អ្នក​នឹង​ទទួល​ឥទ្ធិពល​ដោយ​ការរក្សា​ព្រះបញ្ញត្តិ​របស់​ព្រះ ។