ថ្នាក់​សិក្ខាសាលា
ម៉ូសាយ ២:១–១៨ ៖ « នៅក្នុង​ការបម្រើ​ដល់​មនុស្ស​ទូទៅ »


« ម៉ូសាយ ២:១–១៨ ៖ ‹ នៅក្នុង​ការបម្រើ​ដល់​មនុស្ស​ទូទៅ› » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ម៉ូសាយ ២:១–១៨ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ម៉ូសាយ ២:១–១៨

« នៅក្នុង​ការបម្រើ​ដល់​មនុស្ស​ទូទៅ »

រូបភាព
ស្តេច​បេនយ៉ាមីន​មាន​បន្ទូល​ទៅ​កាន់​ហ្វូងមនុស្ស

តើ​អ្វី​ធ្វើ​ឲ្យ​អ្នកដឹកនាំ​ជា​អ្នកដឹកនាំ​ដ៏​អស្ចារ្យ ? នៅក្នុង​សុន្ទរកថា​របស់​ស្តេច​បេនយ៉ាមីន យើង​បាន​ឃើញ​ភ្លាម​ពី​ប្រភេទ​អ្នកដឹកនាំ និង​គំរូ​ដែល​ទ្រង់មាន​ចំពោះ​ប្រជាជន​របស់​ទ្រង់ ។ ស្ដេច​បេនយ៉ាមីន​គឺ​ជា​អ្នកដឹកនាំ​ដែល​បានបម្រើ​ព្រះ​ដោយ​បម្រើ​រាស្ដ្រ​របស់​ព្រះអង្គ ហើយ​បង្រៀន​ពួកគេ​ឲ្យបម្រើ​គ្នា​ទៅវិញទៅមក ។ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​បម្រើ​ព្រះ​កាន់តែ​ប្រសើរ​ឡើង តាមរយៈ​ការបម្រើ​អ្នក​ដទៃ​កាន់តែប្រសើរ ។

តើ​អ្នក​យល់យ៉ាងណា​ចំពោះ​ការបម្រើ ?

សួម​ចំណាយ​ពេល ៦០ វិនាទី​ដើម្បី​សរសេរ​វិធី​ផ្សេងៗ​ជា​ច្រើនតាម​ដែល​អ្នក​អាច​គិតថា អ្នក​អាច​បម្រើ​នរណាម្នាក់​ក្នុង​សប្តាហ៍នេះ ។

  • តើ​អ្វី​អាច​ជំរុញ​ចិត្ត​នរណាម្នាក់​ឲ្យធ្វើរឿង​ទាំងនេះ ?

  • ហេតុ​អ្វី​បុគ្គល​ម្នាក់​ស្ទាក់ស្ទើរ​ក្នុង​ការធ្វើរឿង​ទាំងនេះ ?

តើ​ចំណុច​មួយណា​ខាងក្រោម​ដែល​អាច​ពិពណ៌នា​បានល្អ​បំផុត​អំពី​អារម្មណ៍​បច្ចុប្បន្ន​របស់​អ្នក​អំពី​ឱកាស​ដើម្បី​បម្រើ ?

  • ខ្ញុំ​ស្វែងរក​ឱកាស​ដើម្បី​បម្រើ ។

  • ខ្ញុំ​ឆ្លើយតប​ដោយ​ស្ម័គ្រចិត្ត​នៅពេល​ខ្ញុំ​ត្រូវបាន​សុំឲ្យ​ជួយ ។

  • ខ្ញុំ​ចង់បម្រើ ប៉ុន្តែ​ពិបាក​ក្នុង​ការដាក់​អាទិភាព​ការបម្រើ​ក្នុង​ជីវិត​របស់​ខ្ញុំ ។

  • ខ្ញុំ​មាន​ទំនោរ​គិតថា អ្នក​ផ្សេង​នឹង​ធ្វើ​ការបម្រើ​នេះ​ហើយ ។

  • ខ្ញុំ​ចូលចិត្ត​ការបម្រើ ប៉ុន្តែ​បារម្ភ​អំពី​របៀប​ដែល​អ្នក​ដទៃ​គិត​អំពី​ខ្ញុំ ។

  • ខ្ញុំ​ចូលចិត្ត​ការបម្រើ ប៉ុន្តែ​មាន​ការស្មុគស្មាញ​ជាមួយ​នឹង​ការ​ចង់​ឲ្យ​មាន​គេ​ចាប់​អារម្មណ៍ ឬ​ទទួល​ស្គាល់​ពី​អ្នក​ដទៃ ។

  • ផ្សេងៗ ៖

នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូមគិត​អំពី​របៀប និង​មូលហេតុ​ដែល​អ្នក​អាច​បម្រើអ្នក​ដែល​នៅជុំវិញអ្នក​បានប្រសើរ​ជា​ងមុន​ដោយ​ចាប់ផ្តើមពី​ថ្ងៃនេះ ។

គំរូ​នៃ​ការបម្រើ​របស់​ស្តេច​បេនយ៉ាមីន

នៅពេល​ស្តេច​បេនយ៉ាមីន​ជិតអស់​ព្រះជន្ម​របស់​ទ្រង់ ទ្រង់​បាន​សុំ​ឲ្យ​បុត្រា​របស់​ទ្រង់ ម៉ូសាយ ហៅ​ប្រជាជន​នីហ្វៃ​មក​ជួបជុំ​គ្នា ដើម្បី​ទ្រង់​អាច​មាន​ព្រះបន្ទូល​ទៅកាន់​ពួកគេ ។ ពួកគេ​បានប្រមូលផ្ដុំគ្នា​ជា​ក្រុមគ្រួសារនៅ​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ស្តាប់​ស្ដេច​បេនយ៉ាមីន ( សូមមើល ម៉ូសាយ ២:១–៩ ) ។

សូម​អាន ម៉ូសាយ ២:១០–១៤ ដោយ​រកមើល​ពី​របៀប​ដែល​ស្តេច​បេនយ៉ាមីន​បម្រើ​ប្រជាជន​របស់​ទ្រង់។

រូបភាព
រូបតំណាង​ចំណេះចំណាន​ខាងគោលលទ្ធិ
រូបភាព
រូបតំណាង កំណត់ត្រា
  1.  សូមឆ្លើយ​សំណួរ​ខាងក្រោមនេះ ៖

    • តើ​អ្វី​ដែល​អ្នក​ចាប់​អារម្មណ៍​អំពី​ស្ដេច​បេនយ៉ាមីន ?

    • តើ​គ្រួសារ សាលារៀន ឬ​សហគមន៍​របស់​អ្នក​នឹងមាន​ភាព​ខុស​ប្លែក​យ៉ាងណា ប្រសិនបើ​មនុស្ស​រស់នៅ​តាមរបៀប​ដែល​ស្តេច​បេនយ៉ាមី​នបានធ្វើ ?

មូលហេតុ​ដែល​យើង​បម្រើ

សូមអាន ម៉ូសាយ ២:១៥–១៨ ដោយ​រកមើល​អ្វី​ដែល​ស្តេច​បេនយ៉ាមីនបាន​បង្រៀន​អំពី​ការបម្រើ ។

  • តើ​អ្នក​អាច​រកឃើញ​សេចក្តីពិត​អ្វី​ខ្លះ ?

ម៉ូសាយ ២:១៧ គឺ​ជា​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ ។ សូម​ពិចារណា​គូសចំណាំ​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ ។ អ្នក​នឹង​មាន​ឱកាស​នៅក្នុង​មេរៀន​បន្ទាប់ ដើម្បី​អនុវត្ត​តាម​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ​ទៅនឹង​សំណួរ ឬ​ស្ថានភាព​មួយ ។

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀនពីស្តេច​បេនយ៉ាមីន​គឺ​ថា « កាលណា​អ្នក​រាល់​គ្នា​នៅ​ក្នុង​ការ​បម្រើ​ដល់​មនុស្ស​ទូ​ទៅ នោះ​អ្នក​រាល់​គ្នា​គ្រាន់តែ​នៅ​ក្នុង​ការ​បម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ។

  1.  សូមឆ្លើយ​សំណួរ​ខាងក្រោមនេះ ៖

    • តើ​យើង​បម្រើ​ព្រះយ៉ាងណា ពេលយើង​បម្រើ​អ្នក​ដទៃ ?

    • តើ​អ្នក​ឃើញ​អ្វី​ខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ដែល​រំឭក​អ្នក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ?

សូម​អាន​សេចក្តីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធានថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–ឆ្នាំ ២០១៨ ) ហើយ​រកមើល​អ្វី​ដែល​លោក​បង្រៀន​អំពី​ទំនាក់ទំនង​រវាង​ការបម្រើ​របស់​យើង​ចំពោះ​អ្នក​ដទៃ និង​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ ៖

នៅពេល​យើង​មើល​ទៅ​ស្ថានសួគ៌ យើង​ដឹង​អំពី​ការទទួលខុសត្រូវ​របស់​យើង​យ៉ាងច្បាស់​ក្នុង​ការឈោង​ទៅ​អនុវត្ត​តាម ។ ដើម្បី​ស្វែងរក​សុភមង្គល​ពិតប្រាកដ យើង​ត្រូវស្វែងរក​វា ដោយ​ការផ្តោត​អារម្មណ៍​ក្រៅពីខ្លួន​យើង ។ គ្មាន​នរណាម្នាក់​បានរៀន​ពី​អត្ថន័យ​នៃ​ការ​រស់នៅ​ឡើយ រហូត​ទាល់​តែ​គាត់​បាន​លះបង់​ខ្លួន​ទៅក្នុង​ការបម្រើ​ដល់​មនុស្ស​ទូទៅ ។ …​ ព្រះគម្ពីរសញ្ញាថ្មី​បង្រៀន​ថា វា​មិន​អាច​ទៅរួចទេ​ក្នុង​ការប្រកាន់​យក​អាកប្បកិរិយា​ត្រឹមត្រូវ​ចំពោះ​ព្រះគ្រីស្ទ ដោយ​មិន​ប្រកាន់​យក​អាកប្បកិរិយា​មិន​អាត្មានិយម​ចំពោះ​មនុស្ស​នោះ ។ …

យើង​មើល​ទៅ​ព្រះអង្គ​សង្គ្រោះ​ជា​គំរូ​នៃ​ការបម្រើ​របស់​យើង ។ ទោះបី​ជា​ទ្រង់​បានយាង​មក​ផែនដី​ក្នុង​នាម​ជា​ព្រះរាជបុត្រា​នៃ​ព្រះក៏​ដោយ ក៏​ទ្រង់​បានបម្រើ​អ្នក​នៅជុំវិញ​ទ្រង់​ដោយ​រាបទាប​ដែរ ។ ទ្រង់​បាន​យាងចេញ​ពី​ស្ថានសួគ៌​មក​រស់​នៅលើ​ផែនដី​ក្នុង​នាម​ជា​មនុស្ស​រមែង​ស្លាប់ និង​ដើម្បី​ស្ថាបនា​នគរ​ព្រះ ។ ដំណឹងល្អ​ដ៏រុងរឿង​របស់​ទ្រង់​បានកែប្រែ​ការគិត​របស់​ពិភពលោក ។ ទ្រង់​បាន​ប្រទានពរ​ដល់​អ្នក​ឈឺ ទ្រង់​បាន​ប្រោស​ឲ្យ​មនុស្ស​ខ្វិន​ដើររួច មនុស្សខ្វាក់​មើលឃើញ មនុស្សថ្លង់​អាច​ស្តាប់បាន ។ ទ្រង់​ថែមទាំង​ប្រោស​មនុស្សស្លាប់ឲ្យ​រស់ឡើងវិញ​ទៀតផង ។  ( ថូម៉ាស អេស ម៉នសុន « The Joy of Service » New Era ខែ តុលា ឆ្នាំ ២០០៩ ទំព័រ ៤, ៦ )

  • តើ​ការគិត​អំពី​គំរូ​របស់​ព្រះអង្គ​សង្គ្រោះជំរុញទឹកចិត្ត​អ្នក​ឲ្យ​បម្រើ​អ្នក​ដទៃ​យ៉ាងដូចម្ដេច ?

អ្នក​ប្រហែល​ជា​ចង់មើល​វីដេអូ​ខាងក្រោម​នេះ « Service through Song » ( ៣:១៩ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org.

ឧទាហរណ៍​បន្ថែម​អាច​រកឃើញ​នៅក្រោម​ចំណងជើង « តើ​គំរូ​នៃ​ការបម្រើ​ដូចជា​ព្រះគ្រីស្ទ​មាន​អ្វី​ខ្លះ ? » នៅក្នុង​ផ្នែក « ជម្រើស ៖ តើ​ចង់​រៀន​សូត្រ​បន្ថែម​ទៀត​ដែរ​ឬ​ទេ ? »

  • តើ​អ្នក​បាន​ទទួល​ពរជ័យ​តាមរយៈ​ការបម្រើ​អ្នក​ដទៃ​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​បាន​ទទួល​ពរជ័យ​តាមរយៈ​ការបម្រើ​របស់​អ្នក​ដទៃ​យ៉ាង​ដូចម្ដេច ?

សូម​ធ្វើ​ផែនការ​មួយ

ស៊ីស្ទើរ សារ៉ុន អូប៊ែង ទីប្រឹក្សាទីមួយ​នៅក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​ចែកចាយ​ការយល់ដឹង​ដ៏​សំខាន់​នេះ​អំពី​ការបម្រើ ។ សូម​ពិចារណា​អំពី​អ្វី​ដែល​គាត់​បង្រៀន ពេលអ្នក​រៀបចំ​ផែនការ​ដើម្បី​បម្រើ​អ្នក​ដទៃ ។ សូមមើល​វីដេអូ « You Are the Gift » ( ០:៥៤ ) ដែល​មាន​នៅ ChurchofJesusChrist.orgឬ​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម ។

ប្រសិនបើ​យើង​ប្តូរ​ទស្សនៈ​របស់យើង ដើម្បី​ឲ្យ​ការមើល​ថែ​អ្នក​ក្រីក្រ និង​អ្នកខ្វះខាត ដោយ​មិន​សូវ​ផ្តោតលើ​ការផ្តល់​ជា​របស់របរ ប៉ុន្តែ​ផ្តល់​ជា​ការបំពេញ​សេចក្តី​ស្រែកឃ្លាន​សម្រាប់​ទំនាក់ទំនង​មនុស្ស ដោយការ​ផ្តល់​ការសន្ទនា​ដ៏​មាន​អត្ថន័យ និង​ការបង្កើត​ទំនាក់ទំនង​ដ៏​សម្បូរបែប និង​វិជ្ជមាន នោះ​ព្រះអម្ចាស់​អាច​បញ្ជូន​យើង​ទៅកន្លែង​ណាមួយ ។ …

… សូម​ចាំ​ថា ដូច​ជា​ព្រះអង្គ​សង្គ្រោះ​ដែរ ខ្លួន​អ្នក​គឺជា​អំណោយទាន​ដ៏​ល្អ​បំផុត​មួយ ដែល​អ្នក​អាច​ផ្តល់​ដល់​មនុស្ស​ផ្សេងទៀត​ដែល​ខ្វះខាត ។ ( សារ៉ុន អូប៊ែង « Turning Enemies into Friends » [ វេទិកា​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៨ ] ទំព័រ ៦–៧ speeches.byu.edu )

  • តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍​ពី​អ្វី​ដែល ស៊ីស្ទើរ សារ៉ុន អូប៊ែង បាន​បង្រៀន​អំពី​ការបម្រើ ?

តើ​មាន​វិធី​អ្វី​ខ្លះ​ដែល​អ្នក​អាច​ធ្វើដូច​អ្វី​ដែល​គាត់​បាន​បង្រៀន ? សូម​គិត​អំពី​គ្រួសារ មិត្តភក្តិ ឬ​សហគមន៍​របស់​អ្នក ។ សូម​អធិស្ឋាន​ទូលសុំ​ព្រះវរបិតាសួគ៌​ឲ្យ​បំផុស​គំនិត​អ្នក​អំពី​របៀប​ដែល​អ្នក​អាច​បម្រើ ។ នៅក្នុង​សៀវភៅកំណត់​ហេតុការសិក្សា​របស់​អ្នក សូម​សរសេរ​ឈ្មោះ​មនុស្ស​ដែល​នឹកឃើញ និង​គំនិត​អំពី​របៀប​ដែល​អ្នក​អាច​ជួយពួកគេ ។ សូម​សម្រេចចិត្ត​ថា ពេលណា​អ្នក​នឹងធ្វើ​សកម្មភាព​តាម​ចំណាប់អារម្មណ៍​របស់​អ្នក ។ ប្រហែល​ជា​មាន​អ្វី​ដែល​អ្នក​អាច​ធ្វើបាន​នៅពេល​នេះ ។