ថ្នាក់​សិក្ខាសាលា
ម៉ូសាយ ៣:១៩ ៖ ការសម្រាត​ភាព​ខាង​សាច់ឈាម​ចេញ


« ម៉ូសាយ ៣:១៩ ៖ ការសម្រាត​ភាព​ខាង​សាច់ឈាម​ចេញ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ម៉ូសាយ ៣:១៩ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ម៉ូសាយ ៣:១៩

ការសម្រាត​ភាព​ខាង​សាច់ឈាម​ចេញ

រូបភាព
កុមារញញឹម

តើ​អ្នក​ធ្លាប់​មានអារម្មណ៍​ខកចិត្ត​ចំពោះ​កំហុស​របស់​អ្នក ឬ​អសមត្ថភាព​ក្នុង​ការរក្សា​បទបញ្ញត្តិ​ទាំងអស់​របស់​ព្រះ​ដែរឬ​ទេ ? ស្ដេច​បេនយ៉ាមីន​បាន​ហៅ​ភាព​មិន​ល្អ​ឥតខ្ចោះ​ខាង​សាច់ឈាម​របស់​យើង​ថា​ជា « មនុស្ស​ខាង​សាច់ឈាម » ។ ទ្រង់​បាន​បង្រៀន​ថា យើង​អាច​យកឈ្នះ​លើ​វា​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ គោលបំណង​នៃ​មេរៀន​នេះ​ដើម្បី​ជួយ​អ្នក​ស្វែងរក​ជំនួយ​ពី​ព្រះអង្គសង្គ្រោះ​ក្នុង​ការយកឈ្នះ​លើ​ការធ្លាក់​ខាង​សាច់​ឈាម​របស់​អ្នក ។

ការធ្លាក់​ខាង​សាច់ឈាម​របស់​យើង

រូបភាព
ឆ្កែ​ចចក​លូ

ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈប្រធាន​ទីមួយ​បានរៀបរាប់​រឿង​ដូចតទៅ ៖

ជន​ជាតិ​ឆេរ៉ូកេ ដ៏​ឈ្លាសវៃ​ម្នាក់​នៅក្នុង​កុលសម្ព័ន្ធ​ជន​ជាតិ​អាមេរិកាំង​ដើម​មួយ​នៅ​សហរដ្ឋ​អាមេរិក បានប្រាប់​រឿង​ប្រៀបប្រដូច​អំពី​ជីវិត​ដល់​ចៅប្រុស​របស់​គាត់ ។  ជីតា​បាន​ពោលថា « នៅក្នុង​ចិត្ត​តា មាន​ជម្លោះ​ដ៏​ព្រៃផ្សៃ​មួយ​រវាង​សត្វឆ្កែចចក​ពីរ »  « ឆ្កែ​ចចក​មួយ​អាក្រក់ ៖ មានតែ​កំហឹង និង​ការច្រណែន ការស្រណោះស្រណោក និង​ទុក្ខសោក ការលោភលន់ និង​ការកុហក ។ ឆ្កែ​ចចក​មួយ​ទៀត​ល្អ ៖ មានតែ​សន្ដានចិត្តល្អ និង​ចិត្តមេត្តា​ករុណា ការបន្ទាបខ្លួន និង​សេចក្ដីពិត សេចក្ដីស្រឡាញ់ និង​អំណរ ។ ជម្លោះ​នោះ​មាន​នៅ​ក្នុង​ចិត្ត​យើង​ម្នាក់ៗ » ។ ចៅប្រុសបាន​សួរ​ថា « តើ​ឆ្កែ​ចចក​មួយ​ណា​នឹងឈ្នះ ? » ( ដាល្លិន អេក អូក « Choices » For the Strength of Youth ខែ កញ្ញា ឆ្នាំ ២០២១ ទំព័រ ១៣ ដំណើររឿង​ដកស្រង់​ពី ឆាយនី អិម ប៊ូវីន « Agency and Accountability » New Era ខែ កញ្ញា ឆ្នាំ ២០១២ ទំព័រ ៨ )

  • ប្រសិនបើ​អ្នក​ជា​ជីតា​រូប​នោះ តើ​អ្នក​អាច​ឆ្លើយសំណួរ​របស់​ចៅប្រុស​របស់​អ្នក​យ៉ាងដូចម្តេច ?

  • តើ​អ្នក​បានកត់​សម្គាល់​ការតស៊ូរ​វាង « ឆ្កែ​ចចកពីរ » នៅក្នុង​ចិត្ត​អ្នក​ដោយ​របៀប​ណា ?

នៅក្នុង ដំណើររឿង ដែល​ប្រធាន អូក បាន​ចែកចាយ ចម្លើយ​របស់​ជីតា​ចំពោះ​សំណួរ​របស់​ចៅប្រុស​គាត់​ថា តើ​ឆ្កែ​ចចក​មួយណា​នឹង​ឈ្នះ​គឺ « ឆ្កែ​ចចក​ដែល​អ្នក​ឲ្យចំណី » ។

ជា​ផ្នែក​មួយ​នៃ​ព្រះរាជសឱង្ការ​ចុងក្រោយ​របស់​ទ្រង់​ទៅកាន់​ពួកសាសន៍​នីហ្វៃ ស្តេច​បេនយ៉ាមីន​បាន​បង្រៀន​សេចក្តីពិត​ដែល​ទេវតា​មួយអង្គ​បាន​បើក​សម្តែង​ដល់​ទ្រង់​អំពី​ការធ្លាក់​ខាង​សាច់​ឈាម​របស់​យើង និង​របៀប​ដែល​វា​ប៉ះពាល់​ដល់​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ ។

សូម​អាន ម៉ូសាយ ៣:១៩ ដោយ​រកមើល​ពី​របៀប​ដែល​ស្តេច បេនយ៉ាមីន បានពណ៌នា​អំពី​បុគ្គល​ម្នាក់​ដែល​មាន​ចរិត​ដូច​ឆ្កែ​ចចក​ទីមួយ​នៅក្នុង​ដំណើររឿង​នេះ ។

ម៉ូសាយ ២:១៩ គឺ​ជា​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ ។  សូម​ពិចារណា​គូសចំណាំ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ដែល​ងាយ​ចំណាំ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ ។ អ្នក​នឹង​មាន​ឱកាស​នៅក្នុង​មេរៀន​បន្ទាប់ ដើម្បី​អនុវត្ត​តាម​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ​ទៅនឹង​សំណួរ ឬ​ស្ថានភាព​មួយ ។

  • តើ​អ្នក​បានរក​ឃើញ​អ្វី​ខ្លះ ?

អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

ក្នុង​កម្រិត​ជាក់លាក់​មួយ មនុស្ស​ខាង​សាច់​ឈាម​ដែល​បាន​ពិពណ៌នា​ដោយ​ស្ដេចបេនយ៉ាមីន គឺ​មាន​ជីវិត និង​កើត​មាន​ក្នុង​ខ្លួន​យើង​ម្នាក់ៗ ។ បុរស ឬ​ស្ត្រី​ខាង​សាច់​ឈាម​គ្មាន​ការ​ប្រែចិត្ត មាន​ភាពជា​លោកិយ ហើយ​ត្រេកត្រអាល ទន់ខ្សោយ និងហួសហេតុ ព្រមទាំង​មាន​អំនួត និង​អាត្មានិយម ។ ( ដាវីឌ អេ បែដណា « We Believe in Being Chaste » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤២ )

  • ហេតុ​អ្វី​អ្នក​គិត​ថា​មនុស្ស​ខាងសាច់ឈាម​គឺ​ជា​សត្រូវ​ដល់​ព្រះ ?

  • តើ​វា​អាច​មាន​ន័យយ៉ាង​ណា​ក្នុង​ការ « ចិញ្ចឹម » បុរស ឬ​ស្ដ្រី​ខាងសាច់ឈាម​នៅក្នុង​ចិត្ត​យើង​ទាំងអស់​គ្នា ?

សូម​គិត​អំពី​វិធី​មួយ​ចំនួន​ដែល​អ្នក​កត់សម្គាល់​ឥរិយាបថ ឬ​អាកប្បកិរិយា​របស់​បុរស ឬ​ស្ត្រី​ខាង​សាច់ឈាម​នៅក្នុង​ជីវិត​របស់​អ្នក ។ នៅពេល​អ្នក​បន្តសិក្សា សូម​រកមើល​ការបង្រៀន​ដែល​អាច​ជួយអ្នក​ក្នុង​ការខិតខំ​របស់​អ្នក​ដើម្បី​យកឈ្នះ​លើ​ឥរិយាបថ និង​អាកប្បកិរិយា​ទាំងនេះ ។

ការយកឈ្នះ​មនុស្ស​ខាងសាច់ឈាម

សូម​អាន ម៉ូសាយ ៣:១៩ ម្តងទៀត លើកនេះ​សូម​រកមើល​អ្វី​ដែលស្តេច​បេនយ៉ាមីន​បាន​បង្រៀន​អំពី​របៀប​ដែល​យើង​អាច​យក​ឈ្នះ​លើ​មនុស្ស​ខាងសាច់ឈាម ។

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះពី​ខគម្ពីរ​នេះ​ដែល​អាច​ជួយ​អ្នក​យក​ឈ្នះ​លើ​មនុស្ស​ខាង​សាច់​ឈាម ?

ពី ម៉ូសាយ ៣:១៩ យើង​រៀន​ថា ដោយ​ព្រម​ធ្វើ​តាម​សេចក្ដី​ទូន្មាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ នោះយើង​អាច​យកឈ្នះ​លើ​មនុស្ស​ខាង​សាច់ឈាម ហើយ​ក្លាយ​ជា​អ្នកបរិសុទ្ធ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបភាព
រូបតំណាង កំណត់ត្រា
រូបភាព
រូបតំណាង កំណត់ត្រា
  1. សូមឆ្លើយ​សំណួរ​ខាងក្រោមនេះ ៖

    • តើ​អ្នក​គិតថា​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយយើង​សម្រាត​ភាព​ខាង​សាច់ឈាម​ចេញ ហើយ​ក្លាយ​ទៅ​ជា​អ្នក​បរិសុទ្ធ​វិញ តាម​រយៈ​ដង្វាយ​ធួន​របស់​ទ្រង់​ដោយរបៀបណា ?

    • តើ​អ្នក​គិត​ថា វា​មាន​ន័យយ៉ាង​ណា​ក្នុង​ការ​ធ្វើ​តាម​សេចក្ដី​ទូន្មាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ? តើ​អ្នក​គិតថា​ការធ្វើ​បែប​នេះ​អាច​ជួយអ្នក​យកឈ្នះ​មនុស្ស​ខាង​សាច់ឈាម​ដោយ​របៀបណា ?

ការប្រើ​ប្រាស់​សេចក្តី​យោង​ឆ្លង​ដើម្បី​បង្កើន​ការយល់ដឹង​របស់​អ្នក

ការប្រើ​សេចក្តី​យោងឆ្លង គឺ​ជា​ជំនាញ​សិក្សា​ព្រះគម្ពីរ​ដែល​អាច​ជួយ​ពង្រីក​ការយល់ដឹង​របស់​អ្នក​កាន់តែ​ស៊ីជម្រៅ​អំពី​វគ្គ​បទគម្ពីរ ។ សូម​អនុវត្ត​ជំនាញ​នេះ​ដោយ​ស្វែងរក​សេចក្តីយោង​ឆ្លង​ដែល​ពង្រីក​ការយល់ដឹង​របស់​អ្នក​អំពី​ការបង្រៀន​នៅក្នុង ម៉ូសាយ ៣:១៩ ។

សូម​ពិចារណា​ស្វែងរក​សេចក្តីយោងឆ្លង​ដោយ​ស្វែងរក​ពាក្យ « មនុស្ស​ខាង​សាច់​ឈាម » ឬ​ពាក្យ​គន្លឹះ​ផ្សេង​ទៀត​ពី ម៉ូសាយ ៣:១៩ នៅក្នុង​កម្ម​វិធី​បណ្ណាល័យ​ដំណឹងល្អ ។ អ្នក​ក៏​អាច​រកមើល​សេចក្តីយោង​បទគម្ពីរ និង​ប្រធានបទ​មួយ​ចំនួន​ដែល​មាន​ក្នុង​លេខយោង​សម្រាប់ ម៉ូសាយ ៣:១៩ ។

ជម្រើស​មួយ​ទៀត​គឺ​ត្រូវសិក្សា​វគ្គបទគម្ពីរ​មួយ​ចំនួន ឬ​ទាំងអស់​ខាងក្រោម ៖

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូមឆ្លើយ​សំណួរ​ខាងក្រោមនេះ ៖

    • តើ​សេចក្តី​យោង​ឆ្លង​យ៉ាង​តិចពីរ​ដែល​អ្នក​បានប្រើ​សម្រាប់​សកម្មភាព​នេះមាន​អ្វី​ខ្លះ ?

    • តើ​សេចក្តីយោងឆ្លង​ទាំងនេះ​បានបង្កើន​ការយល់ដឹង ឬ​ការដឹងគុណ​របស់​អ្នក​ចំពោះ​ការបង្រៀន​នៅក្នុង ម៉ូសាយ ៣:១៩ ដោយ​របៀប​ណា ?

    • តើ​អ្នក​បានរៀន​អ្វី​ខ្លះ​អំពី​របៀប​ដែលព្រះអង្គ​សង្គ្រោះ​អាច​ជួយយើង​យកឈ្នះ​លើ​មនុស្ស​ខាងសាច់ឈាម ហើយក្លាយ​ជា​អ្នកបរិសុទ្ធ ?

ការអនុវត្តវា​ទៅ​ក្នុង​ជីវិត​របស់​អ្នក

  1. សូម​បំពេញ​ចំណុច​ដូច​តទៅនេះ ៖

    ឥឡូវនេះ​អ្នក​បានរៀន​បន្ថែម​ទៀត​អំពី​អត្ថន័យ​នៃ​ការការ​សម្រាត​ភាព​ខាង​សាច់ឈាម​ចេញ ហើយ​ក្លាយ​ជា​អ្នកបរិសុទ្ធ​តាមរយៈ​ដង្វាយធួន​របស់​ព្រះ​អង្គសង្គ្រោះ សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​អនុវត្ត​ការបង្រៀន​ទាំងនេះ​ទៅក្នុង​ជីវិត​របស់​អ្នក ។ តើ​មាន​អ្វី​ខ្លះ​ដែល​អ្នក​ទទួលអារម្មណ៍​បំផុសគំនិតឲ្យធ្វើ ឬឈប់ធ្វើ ? សូម​កត់ត្រា​គំនិត និង​ចំណាប់អារម្មណ៍​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។