ថ្នាក់​សិក្ខាសាលា
ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ ម៉ូសាយ ៤:៩— « សូម​ជឿ​ដល់​ព្រះ​ចុះ »


« ចំណេះចំណាន​ខាងគោលលទ្ធិ ៖ ម៉ូសាយ ៤:៩— ‹ សូម​ជឿ​ដល់​ព្រះ​ចុះ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ចំណេះចំណាន​ខាងគោលលទ្ធិ ៖ ម៉ូសាយ ៤:៩ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ចំណេះចំណាន​ខាងគោលលទ្ធិ ៖ ម៉ូសាយ ៤:៩

« សូម​ជឿ​ដល់​ព្រះ​ចុះ »

រូបភាព
យុវវ័យ​កំពុង​ពិចារណា​ដោយសម្លឹងមើល​លើ

នៅក្នុង​ការសិក្សា​របស់​អ្នក​អំពី ម៉ូសាយ ៤:៩–១០ អ្នក​បាន​រៀន​ពី​សារៈសំខាន់​នៃ​ការជឿលើ​ព្រះ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះចំណាន​ខាងគោលលទ្ធិនេះ និង​ឃ្លា​បទគម្ពីរ​គន្លឹះសម្រាប់ ម៉ូសាយ ៤:៩ ពន្យល់​គោលលទ្ធិ និង​អនុវត្ត​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ជាក់ស្តែង ។

ទន្ទេញ និង​ពន្យល់

សូម​រំឭក​ពី​បទពិសោធន៍​របស់​អ្នក​ក្នុងការសិក្សា​ការអញ្ជើញ​របស់​ស្តេច​បេនយ៉ាមីន​នៅក្នុង ម៉ូសាយ ៤:៩–១០ ដើម្បី​ឲ្យ​ប្រជាជន​របស់ទ្រង់​ជឿ​ដល់​ព្រះ ។ ប្រសិនបើចាំបាច់ សូម​ពិចារណា​អាន​ខគម្ពីរ​ទាំងនេះ​ម្តងទៀត ហើយ​រំឭក​ឡើងវិញ​នូវ​ដ្យាក្រាម​ដែល​អ្នក​បាន​បង្កើត​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក​ពី​មេរៀន​មុន ។

  • តើ​ស្ដេច​បេនយ៉ាមីន​បាន​អញ្ជើញ​ប្រជាជន​របស់​ទ្រង់​ឲ្យ​ជឿ​ដល់​លក្ខណៈ ឬ​គុណ​លក្ខណៈ​ដ៏​សំខាន់​អ្វី​ខ្លះ​របស់​ព្រះ ?

  • តើ​ការជឿ​លើ​គុណលក្ខណៈ​ដ៏​ទេវភាព​ទាំងនេះ​របស់​ព្រះ​អាច​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​អ្នក​យ៉ាងដូចម្ដេច ?

សូម​ជ្រើសរើស​លក្ខណៈ ឬ​គុណលក្ខណៈ​របស់​ព្រះ​ដែល​បាន​រៀបរាប់​នៅក្នុង ម៉ូសាយ ៤:៩–១០ ដែល​ស្តេច​បេនយ៉ាមីន​បាន​បង្រៀន​ជន​របស់​ទ្រង់​ឲ្យ​ជឿ ។ សូម​ចែកចាយ​ពី​របៀប​ដែល​អ្នក​អាច​ពន្យល់​វា​ទៅ​នរណា​ម្នាក់​ដែល​មិន​យល់​ពី​អត្ថន័យ​របស់​វា ។

ឃ្លា​គន្លឹះ​សម្រាប់ ម៉ូសាយ ៤:៩ គឺ « សូម​ជឿ​ដល់​ព្រះ​ចុះ … សូម​ជឿ​ថា ទ្រង់​មាន​គ្រប់​ប្រាជ្ញា » ។ សកម្មភាព​ខាងក្រោម​អាច​ជួយ​អ្នក​ឲ្យ​ទន្ទេញ​នូវ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ ។

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​សរសេរ​ពាក្យ ជឿ ជា​អក្សរធំ ។ នៅខាង​ក្រោម​នេះ សូម​សរសេរ​ឃ្លា ដល់​ព្រះ ហើយ​ខាងក្រោម​នេះ​សរសេរ​ឃ្លា សូម​ជឿ​ថា ទ្រង់​មាន​គ្រប់​ប្រាជ្ញា ។ បន្ទាប់មក សូម​សរសេរ​សេចក្ដីយោង​បទគម្ពីរ ម៉ូសាយ ៤:៩ ជា​អក្សរ​ធំ​នៅពីក្រោម ។ ចាប់ផ្តើម​ពី​ខាងលើ សូម​សូត្រ​បន្ទាត់​នីមួយៗ​ឲ្យឮៗ​នៅពេល​អ្នក​ចង្អុល​ទៅ​ពាក្យ ឃ្លា ឬ​សេចក្តីយោង ។ សូម​ធ្វើ​សកម្មភាព​នេះ​ឲ្យ​បាន​ច្រើនដង រហូត​ទាល់តែ​អ្នក​ចាំ​អស់ ។

រៀន​អនុវត្ត

សូម​រំឭក​ដោយ​សង្ខេប​នូវ​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​នៅ​ក្នុង កថាខណ្ឌទី ៥–១២ នៅក្នុង​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារគោល​នៃ​ចំណេះចំណាន​ខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ អ្នក​អាច​ព្យាយាម​រាយបញ្ជី​គោលការណ៍​ទាំងបី​ចេញពី​ការចងចាំ ។ បន្ទាប់មក នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​កត់ត្រា​ពី​របៀប​ដែល​អ្នក​បានប្រើ ឬ​អាច​ប្រើ​គោលការណ៍​ទាំងនេះ ។

សូម​អាន​ស្ថានភាព​ខាងក្រោម​ដោយ​គិត​ពី​ស្ថានភាព​ក្នុង​ជីវិត​របស់​អ្នក​ដែល​ជំនឿ​របស់​អ្នក​លើ​ព្រះ​មាន​ឧបសគ្គ ឬ​គ្មាន​ភាពរឹងមាំ​ដូច​ដែល​អ្នក​ចង់បាន ។

មីរ៉ា រៀន​នៅក្នុង​ថ្នាក់​មួយ​ដែល​គ្រូ​បង្រៀន​លេងសើច​រឿង​សាសនា ហើយ​មិន​ជឿ​ដល់​ព្រះ​នោះ​ទេ ។ យោបល់​ទាំងនេះ​រំខាន​ដល់ មីរ៉ា តាំងពី​ដំបូង ប៉ុន្តែ​ក្នុង​រយៈពេល​ពីរបីខែ​នៅក្នុង​ថ្នាក់ នាង​ចាប់ផ្តើម​ឆ្ងល់​ថា តើ​គ្រូ​បង្រៀន​របស់​នាង​អាច​និយាយ​ត្រូវ​ឬ​អត់ ។ នាង​តែងតែ​ជឿ​លើ​ព្រះ ប៉ុន្តែ​ឥឡូវនេះ នាង​មាន​អារម្មណ៍​ថា នាង​ប្រហែល​ជា​ចាប់ផ្ដើម​សង្ស័យ​អំពី​អត្ថិភាព​របស់​ព្រះ ។

អ្នក​ប្រហែល​ជា​ចង់​រៀបចំ​ដើម្បី​អនុវត្ត​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​នៅក្នុង​ស្ថានភាព​របស់ មីរ៉ា ដោយ​មើល​វីដេអូ « His Grace: Choosing to Believe in God » ( ៤:០៧ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ នៅពេល​អ្នកមើល សូម​កត់សម្គាល់​ពី​របៀប​ដែល​យុវជន​នៅក្នុង​វីដេអូ​នេះ​បានប្រើ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ និង​របៀប​ដែល​វា​អាច​អនុវត្ត​ចំពោះ មីរ៉ា ។

សូម​ប្រើ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ និង​គោលលទ្ធិ​នៅក្នុង ម៉ូសាយ ៤:៩ ដើម្បី​ជួយ​ក្នុង​ស្ថានភាព​របស់ មីរ៉ា ឬ​ជាមួយ​នឹង​ស្ថានភាព​ផ្សេង​ដែល​ទាក់ទង​នឹង​ការជឿ​ដល់​ព្រះ ដែល​ពាក់ព័ន្ធ​ខ្លាំង​ជាង​ទៅនឹង​ជីវិត​របស់​អ្នក ។

សូម​គិត​អំពី​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ខាងក្រោម​នៅពេល​អ្នក​ពិចារណា​ពី​របៀប​ដែល​អ្នក​នឹង​ជួយ មីរ៉ា ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

  • តើ​ទង្វើ​ដ៏​ស្មោះត្រង់​ណាមួយ​ដែល​មនុស្ស​ម្នាក់​អាច​ធ្វើ ប្រសិនបើ​ពួកគេ​កំពុង​ពុះពារ​ដើម្បី​ជឿ​ដល់​ព្រះ ?

  • តើ​ការធ្វើ​សកម្មភាព​ទាំងនេះ​អាច​ជួយពួកគេ​យ៉ាងដូចម្តេច ?

ពិនិត្យមើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច

  • តើ​ការបង្រៀន​អ្វី​ពី ម៉ូសាយ ៤:៩ អាច​ជួយ​បុគ្គលម្នាក់​ក្នុង​ស្ថានភាព​នេះ​ឲ្យ​មាន​ទស្សនវិស័យ​ដ៏អស់កល្ប​ជានិច្ច ?

  • តើ​ការសម្រេចចិត្ត​របស់​បុគ្គលម្នាក់​ក្នុង​ការជឿ ឬ​មិន​ជឿលើព្រះ​អាច​ជះ​ឥទ្ធិពល​យ៉ាងណា​ទៅលើ​អនាគត​របស់​ពួកគេ ?

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បានតែងតាំង​ដ៏ទេវភាព

  • តើ​វគ្គ​បទគម្ពីរ ឬ​បទពិសោធន៍​បន្ថែម​អ្វី​ខ្លះ ( ដែល​អ្នក ឬ​អ្នក​ផ្សេង​ទៀតមាន ) អាច​ជួយ​បុគ្គល​ម្នាក់​ជាមួយ​នឹង​បញ្ហា​ប្រឈមនេះ ?

  • តើ​មនុស្ស​អាច​រក​ព័ត៌មាន​នៅ​កន្លែង​ណា​ទៀត​ដើម្បី​ជួយពួកគេ​ក្នុង​ស្ថានភាពនេះ ? សូម​ស្វែងរក​យ៉ាង​ហោច​ណាស់​ប្រភព​មួយ​ផ្សេងទៀត ហើយ​ពន្យល់​ពី​របៀប​ដែល​វា​អាច​ជួយបាន ។

  1. សូម​ចែកចាយ​ពី​របៀប​ដែល​អ្នក​នឹង​ប្រើ​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ និង​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង ម៉ូសាយ ៤:៩ ដើម្បី​ជួយ មីរ៉ា ក្នុង​ស្ថានភាព​របស់​នាង ។