ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ១ ១១ ៖ « ចូរ​មើល ការយាង​ចុះ​មក​នៃ​ព្រះ ! »


« នីហ្វៃទី ១ ១១ ៖ ‹ ចូរ​មើល ការយាង​ចុះ​មក​នៃ​ព្រះ ! › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ១ ១១ ៖ ‹ ចូរ​មើល ការយាង​ចុះ​មក​នៃ​ព្រះ ! › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី ១ ១១

« ចូរ​មើល ការយាង​ចុះ​មក​នៃ​ព្រះ ! »

រូបភាព
ការនិមិត្ត​របស់​នីហ្វៃ​អំពី​ស្ត្រី​ព្រហ្មចារីយ​ម៉ារា

បទគម្ពីរ​បង្រៀន​យើង​ពី​អ្វី​ដែល « គួរ​ឲ្យ​ប្រាថ្នា​ដ៏​លើស​លប់ » និង « សេចក្តី​រីករាយ​បំផុត​ដល់​ព្រលឹង » នៃ​អ្វីៗ​ទាំងអស់​ដែល​យើង​រីករាយ​ក្នុង​ជីវិត​នេះ ( នីហ្វៃទី ១ ១១:២២–២៣ ) ។ នៅពេល​នីហ្វៃ​បាន​សន្ទនា​ជាមួយ​សារ​ទូត​មក​ពី​ស្ថានសួគ៌ លោក​មាន​ការនិមិត្ត​អំពី​ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក ហើយ​បាន​ទទួល​ការយល់​ដឹង​ផ្ទាល់​ខ្លួន​របស់​លោក​អំពី​អ្វី​ដែល​នាំ​មក​នូវ​សេចក្តី​រីករាយ​បំផុត ៖ គឺ​សេចក្តីស្រឡាញ់​របស់​ព្រះ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​អំពី​សេចក្តីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ និង​សេចក្តីស្រឡាញ់​របស់​ព្រះយេស៊ូវគ្រីស្ទ​ចំពោះ​អ្នក ។

សារៈសំខាន់​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះ

ស៊ីស្ទើរ ស៊ូសាន អេច ផតធ័រ ក្នុង​គណៈប្រធាន​អង្គការ​បឋម​សិក្សា​ទូទៅ​បាន​ថ្លែង​ថា ៖

រូបភាព
ស៊ីស្ទើរ ស៊ូសាន អេច ផតធ័រ

ពេល​អ្នក​ដឹង និង​យល់​យ៉ាង​ច្បាស់​ថា អ្នក​ត្រូវបាន​ស្រឡាញ់​ក្នុង​នាម​ជា​បុត្រ​របស់​ព្រះ នោះ​វា​នឹង​ផ្លាស់ប្តូរ​អ្វីៗ​គ្រប់​យ៉ាង ។ ( ស៊ូសាន អេច ផតធ័រ « God’s Love: The Most Joyous to the Soul » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៣៣ )

  • តើ​អ្វី​ខ្លះ​អាច​នឹង​ផ្លាស់ប្តូរ នៅពេល​បុគ្គល​ម្នាក់​ដឹង និង​យល់​ពី​សេចក្តីស្រឡាញ់​របស់​ព្រះ​ចំពោះ​ពួកគេ ?

  • តើ​អារម្មណ៍​របស់​អ្នក​ដែល​ដឹង​ថា​ព្រះ​ស្រឡាញ់​អ្នក ជះ​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ជីវិត​របស់​អ្នក ?

សូម​សញ្ជឹង​គិត​ថា តើ​អ្នក​ទទួល​អារម្មណ៍​ខ្លាំង​ប៉ុន​ណា​អំពី​សេចក្តីស្រឡាញ់​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​អ្នក ។ នៅពេល​អ្នក​សិក្សា នីហ្វៃទី ១ ១១ សូម​រកមើល​ភស្តុតាង​អំពី​សេចក្តីស្រឡាញ់​ដែល​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​មាន​សម្រាប់​អ្នក ។

ការនិមិត្ត​របស់​នីហ្វៃ

រូបភាព
សុបិន​របស់​លីហៃ
  • តើ​និមិត្តរូប​សំខាន់ៗ​អ្វី​ខ្លះ​ដែល​អ្នក​អាច​នឹក​ឃើញ​ពី​សុបិន​របស់​លីហៃ​ដែល​បាន​កត់ត្រា​នៅក្នុង នីហ្វៃទី ១ ៨ ?

នីហ្វៃ​ចង់​យល់​យ៉ាង​ខ្លាំង​អំពី​អត្ថន័យ​នៃ​សុបិន​របស់​ឪពុក​លោក ហើយ​បាន​ជឿ​ថា​ព្រះអម្ចាស់​នឹង​ធ្វើ​ឲ្យ​លោក​ដឹង ។ ពេល​លោក​សញ្ជឹង​គិត​ក្នុង​ចិត្ត នោះ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​បាន​លេច​មក ហើយ​បង្ហាញ​លោក​នូវ​ដើម​ជីវិត ។ នៅពេល​នីហ្វៃ​បាន​សួរ​ដើម្បី​ដឹង​ពី​ការបកស្រាយ​អំពី​ដើម​ឈើ​នោះ ទេវតា​មួយ​អង្គ​បាន​បង្ហាញ​ព្រះកាយ​ដើម្បី​ជួយ​លោក​រៀន​បន្ថែម​ទៀត​អំពី​អ្វី​ដែល​លោក​កំពុង​ឃើញ​ក្នុង​ការនិមិត្ត ( សូមមើល នីហ្វៃទី ១ ១១:១–១៤ ) ។

ជា​ផ្នែក​មួយ​នៃ​ការជួយ​នីហ្វៃ​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ដើម​ឈើ​នោះ ទេវតា​បាន​សួរ​សំណួរ​មួយ​ដល់​នីហ្វៃ ។ សូម​អាន នីហ្វៃទី ១ ១១:១៦ ដើម្បី​មើល​សំណួរ​ដែល​បាន​សួរ ។

  • តើ​អ្នក​នឹង​ឆ្លើយ​តប​យ៉ាង​ដូចម្តេច​ចំពោះ​សំណួរ​នៅក្នុង ខទី ១៦ ?

សូម​អាន ខទី ១៧ ដើម្បី​មើល​ពី​របៀប​ដែល​នីហ្វៃ​បាន​ឆ្លើយ​តប ។

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ខ្លះ​អំពី​ការឆ្លើយ​តប​របស់​នីហ្វៃ​នៅក្នុង ខទី ១៧ ?

« ការ​យាង​ចុះ​មក » មាន​ន័យ​ថា ការចុះ​មក​ដោយ​ស្ម័គ្រ​ចិត្ត​ពី​ឋានៈ​នៃ​មុខងារ​មួយ ឬ​ពី​សេចក្តីថ្លៃថ្នូរ ។ ឧទាហរណ៍ ទង្វើ​របស់​ព្រះអង្គសង្គ្រោះ​លាង​ជើង​ពួកសិស្ស​របស់​ទ្រង់​អាច​ត្រូវបាន​ចាត់​ទុក​ថា ជា​ទង្វើ​នៃ​ការយាង​ចុះ​មក ( សូមមើល យ៉ូហាន ១៣:៣–១៧ ) ។ ខណៈ​ដែល​ការយាង​ចុះ​មក​នៃ​ព្រះ​ដែល​បាន​ពិពណ៌នា​នៅក្នុង​ខគម្ពីរ​ទាំង​នេះ​ក៏​អាច​បង្រៀន​អំពី​ការយាង​ចុះ​មក​នៃ​ព្រះវរបិតាសួគ៌​ដែរ មេរៀន​នេះ​ផ្តោត​ជា​ចម្បង​ទៅ​លើ​ការយាង​ចុះ​មក​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

សូម​អាន​អ្វី​ដែល​នីហ្វៃ​បាន​ឃើញ​នៅក្នុង នីហ្វៃទី ១ ១១:១៣–២៣ ដោយ​រកមើល​ភស្តុតាង​នៃ​ការយាង​ចុះ​មក​នៃ​ព្រះ ។

  • តើ​មាន​ភស្ដុតាង​អ្វី​ខ្លះ​ដែល​អ្នក​បាន​រក​ឃើញ​អំពី​ការយាង​ចុះ​មក​នៃ​ព្រះ ?

  • តើ​សេចក្ដីពិត​អ្វី​ខ្លះ​ដែល​អ្នក​រៀន​អំពី​ការយាង​ចុះ​មក​នៃ​ព្រះ ?

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​គឺ​ថា ការយាង​ចុះ​មក​នៃ​ព្រះ​បង្ហាញ​ពី​សេចក្តីស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង ។

  • តើ​អ្នក​គិត​ថា​ការប្រសូត​របស់​ព្រះអង្គសង្គ្រោះ​បង្ហាញ​ពី​សេចក្ដីពិត​នេះ​យ៉ាង​ដូចម្ដេច ?

សូម​អាន នីហ្វៃទី ១ ១១:២៦–៣៣ ដោយ​ស្វែងរក​របៀប​បន្ថែម​ដែល​ព្រះយេស៊ូវ​បាន​យាង​ចុះ​មក ដើម្បី​បង្ហាញ​សេចក្តីស្រឡាញ់​របស់​ទ្រង់​ចំពោះ​មនុស្ស​ជាតិ ។

អ្នក​ប្រហែល​ជា​ចង់​រកមើល​ពី​របៀប​ដែល​រូបភាព​ផ្សេងៗ ដែល​ពណ៌នា​អំពី​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ​ត្រូវបាន​ឆ្លុះ​បញ្ចាំង​នៅក្នុង​ខគម្ពីរ​ទាំង​នេះ ។

រូបភាព
រូប​តំណាង កំណត់​ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

    • តើ​មាន​ភស្ដុតាង​អ្វី​ខ្លះ​នៃ​ការយាង​ចុះ​មក​របស់​ព្រះអង្គ​សង្គ្រោះ ដែល​អ្នក​បាន​រក​ឃើញ ?

    • តើ​ទង្វើ​ទាំង​នេះ​បង្ហាញ​ពី​សេចក្ដីស្រឡាញ់​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ?

    • តើ​មាន​គំរូ​អ្វី​ផ្សេង​ទៀត​ពី​ព្រះជន្ម​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​អ្នក​មាន​អារម្មណ៍​ថា បង្ហាញ​ពី​សេចក្តីស្រឡាញ់ និង​ការយាង​ចុះ​មក​របស់​ទ្រង់ ?

សូម​អាន​នូវ​អ្វី​ដែល អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បាន​ថ្លែង​អំពី​របៀប​ដែល​ព្រឹត្តិការណ៍​ទាំង​នេះ​ជួយ​យើង​ឃើញ​សេចក្ដីស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ​ចំពោះ​យើង ។ ឬ​អ្នក​ប្រហែល​ជា​ចង់​មើល​វីដេអូ « The Eternal Everyday » ចាប់​ពី​នាទី​ទី ៤:០១ ដល់​នាទី ៤:៤៣ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

រូបភាព
អែលឌើរ ឃ្វីនថិន អិល ឃុក

គំរូ​នៃ​ភាពរាបសា និង​ពលិកម្ម​របស់​ព្រះអង្គសង្គ្រោះ​សម្រាប់​មនុស្ស​លោក​ទាំងអស់ គឺ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ។ សូម្បី​តែ​ព្រះអង្គសង្គ្រោះ​ដែល​ជា​សមាជិក​មួយ​អង្គ​នៃ​ក្រុម​ព្រះ​ក៏​បាន​ស្ម័គ្រ​ព្រះទ័យ​យាង​មក​កាន់​ផែនដី​ជា​ទារក​ដ៏​ទន់ទាប ហើយ​ចាប់ផ្ដើម​ជីវិត​ដែល​រួមមាន​នូវ​ការបង្រៀន ការព្យាបាល​ដល់​បងប្អូន​ប្រុសស្រី​របស់​ទ្រង់ ហើយ​ទីបំផុត​រងការ​ឈឺចាប់​ដែល​ពុំ​អាច​ពិពណ៌នា​បាន​នៅ​ឯ​សួនច្បារ​គែតសេម៉ានី និង​លើ​ឈើ​ឆ្កាង​ដើម្បី​ធ្វើ​ឲ្យ​ដង្វាយ​ធួន​របស់​ទ្រង់​បាន​ល្អ​ឥតខ្ចោះ ។ ទង្វើ​នៃ​ក្ដីស្រឡាញ់ និង​ចិត្ត​រាបសា​របស់​ព្រះគ្រីស្ទ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ការយាង​ចុះ​មក​របស់​ទ្រង់ ។ ទ្រង់​ធ្វើ​បែប​នេះ​សម្រាប់​មនុស្ស​គ្រប់​គ្នា​ដែល​ព្រះ​បាន​បង្កើត ឬ​នឹង​បង្កើត​ឡើង ។ ( ឃ្វីនថិន អិល ឃុក « The Eternal Everyday » EnsignLiahona ខែ វិច្ឆិកា ២០១៧ ទំព័រ ៥២ )

  • តើ​សេចក្ដីថ្លែង​ការណ៍​របស់​អែលឌើរ ឃុក ជួយ​អ្នក​យល់​កាន់តែ​ច្បាស់​អំពី​ការយាង​ចុះ​មក​របស់​ព្រះ​យ៉ាង​ដូចម្ដេច ?

ពរជ័យ​បន្ត​បន្ទាប់​នៃ​ការយាង​ចុះ​មក​របស់​ព្រះអង្គសង្គ្រោះ

ការយាង​ចុះ​មក​នៃ​ព្រះអង្គសង្គ្រោះ​បន្ត​ធ្វើ​ជា​ភស្ដុតាង​នៃ​សេចក្តីស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង​សព្វ​ថ្ងៃ​នេះ ។

សូមមើល​វីដេអូ « I Feel My Savior’s Love » ( ៣:៣៩ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ដោយ​រកមើល​របៀប​ដែល​កុមារ​នៅក្នុង​វីដេអូ​នោះ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​ទទួល​អារម្មណ៍​ដឹង​សេចក្តីស្រឡាញ់​របស់​ទ្រង់ ។

រូបភាព
រូប​តំណាង កំណត់​ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ពីរ ៖

    • តើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្ហាញ​សេចក្ដីស្រឡាញ់​របស់​ទ្រង់​ទាំង​ទ្វេ​ចំពោះ​អ្នក​យ៉ាង​ដូចម្ដេច ?

    • តើ​អ្វី​ដែល​ទ្រង់​ទាំងទ្វេ​បាន​ធ្វើ ជះ​ឥទ្ធិពល​យ៉ាង​ណា​ខ្លះ​ចំពោះ​អារម្មណ៍​របស់​អ្នក​ចំពោះ​ទ្រង់​ទាំង​ទ្វេ ?

    • តើ​អ្នក​ទទួល​អារម្មណ៍​ជំរុញ​ចិត្ត​ឲ្យ​ធ្វើ​អ្វី​ខ្លះ ដើម្បី​បង្ហាញ​សេចក្ដីស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ?