ថ្នាក់​សិក្ខាសាលា
ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ភាគ ១ ៖ ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ


ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ភាគ ១ ៖ ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ភាគ ១ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ឯកសារ​ណែនាំ

ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ ភាគ ១

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

រូបភាព
ក្រុម​យុវនារី​កំពុងអាន និងសិក្សា

គោលបំណង​មួយ​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ គឺ​រៀន​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ​ដើម្បី​ជួយ​អ្នក​ស្ថាបនា​គ្រឹះ​របស់​អ្នក​នៅលើ​ព្រះយេស៊ូវគ្រីស្ទ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ កាល​អ្នក​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ និង​កង្វល់​នានា​នៅក្នុង​ជីវិត​របស់​អ្នក ។

តើ​សំណួរ​នេះ​ល្អ ឬ​អាក្រក់ ?

សូម​គិត​អំពី​ចម្លើយ​ខាង​ក្រោម​មួយ​ណា​ដែល​អនុវត្ត​ចំពោះ​សំណួរ​នេះ ៖

  • តើ​មូលហេតុ​ខាង​ក្រោម​មួយ​ណា​ដែល​អាច​មាន​នរណា​ម្នាក់​អាច​មាន​សំណួរ​អំពី​ដំណឹងល្អ ឬ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ?

    1. ពួកគេ​មិន​ទាន់​មាន​ទីបន្ទាល់​អំពី​ដំណឹងល្អ​នៅ​ឡើយ​ទេ ។

    2. ពួកគេ​យក​ចិត្តទុក​ដាក់​អំពី​ដំណឹង​ល្អ​គ្រប់គ្រាន់​ល្មម​ដើម្បី​ចង់​យល់​បន្ថែម​ទៀត ។

    3. ពួកគេ​សង្ស័យ​លើ​ជំនឿ​ដែល​ពួកគេ​ធ្លាប់​មាន ។

    4. ព្រះ​ប្រហែល​ជា​បំផុសគំនិត​ពួកគេ​ឲ្យ​គិត​អំពី​អ្វី​មួយ​ដែល​ទ្រង់​ចង់​បង្រៀន​ពួកគេ ។

      ចម្លើយ​គឺ​អាស្រ័យ​ទៅលើ​អាកប្បកិរិយា និង​ហេតុផល​របស់​បុគ្គល​ម្នាក់ៗ​ក្នុងការ​សួរ​សំណួរ ។ សូម​អាន កថា​ខណ្ឌ​ទី ៣ នៃ​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ដោយ​រកមើល​ពី​របៀប​ដែល​វិធីសាស្រ្ត​របស់​យើង​ចំពោះ​សំណួរ​នៃ​ដំណឹងល្អ​អាច​ពង្រឹង ឬ​ធ្វើ​ឲ្យ​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ​ទន់​ខ្សោយ ។

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ខ្លះ​នៅក្នុង​កថាខណ្ឌ​នេះ ? ហេតុអ្វី ?

មនុស្ស​គ្រប់រូប​មាន​សំណួរ និង​កង្វល់ ។ យើង​គួរតែ​ប្រុងប្រយ័ត្ន​កុំ​វិនិច្ឆ័យ​សេចក្តី​ជំនឿ​របស់​អ្នក​ដទៃ​នៅពេល​ពួកគេ​មាន​សំណួរ ហើយ​យើង​មិន​ចាំបាច់​សង្ស័យ​អំពី​ជំនឿ​របស់យើង​នៅពេល​យើង​មាន​សំណួរ​នោះ​ទេ ។ សេចក្តី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ទីបន្ទាល់​របស់​យើង​អំពី​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ អាច​នឹង​ត្រូវបាន​ពង្រឹង ឬ​ទន់ខ្សោយ អាស្រ័យ​លើ​របៀប​ដែល​យើង​លើក​សំណួរ និង​កង្វល់​របស់​យើង​ឡើង ។ កាល​អ្នក​សិក្សា​ថ្ងៃ​នេះ សូម​គិត​អំពី​តួនាទី​ដែល​សំណួរ​របស់​អ្នក​មាន​ចំណែក​នៅក្នុង​ការរីកចម្រើន​ខាង​វិញ្ញាណ​របស់​អ្នក ។ តើ​អ្នក​មាន​សំណួរ​អ្វី​ខ្លះ​អំពី​ដំណឹងល្អ ឬ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ? តើ​អ្នក​មាន​អារម្មណ៍​ថា​សំណួរ​របស់​អ្នក​កំពុង​នាំ​អ្នក​ឲ្យ​ខិត​ទៅ​ជិត​ព្រះអង្គ​សង្គ្រោះ និង​សាសនាចក្រ​របស់​ទ្រង់​ដែរ​ឬ​ទេ ?

ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ

តាមរយៈ​បទពិសោធន៍​របស់​អ្នក​នៅក្នុង​ថ្នាក់​សិក្ខាសាលា អ្នក​នឹង​មាន​ឱកាស​អនុវត្ត​ប្រើប្រាស់​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ។ គោលការណ៍​ទាំង​បី​ខាង​ក្រោម​អាច​ជួយ​អ្នក​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះយេស៊ូវគ្រីស្ទ នៅពេល​មាន​សំណួរ ឬ​កង្វល់​កើត​ឡើង​ក្នុង​ជីវិត​របស់​អ្នក ៖

  1. ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ។

  2. ពិនិត្យមើល​គោល​គំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​នៅអស់​កល្បជានិច្ច ។

  3. ព្យាយាម​យល់​ដឹង​បន្ថែម តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដោយ​ទេវភាព ។

ផ្នែក​ដែល​នៅសល់​នៃ​មេរៀន​នេះ​នឹង​ផ្តោតលើ​គោលការណ៍​នៃ​ការធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿលើ​ព្រះយេស៊ូវគ្រីស្ទ ។

សូម​អាន កថាខណ្ឌ​ទី ៥–៧ នៃ​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ រកមើល​នូវ​របៀប​ជាច្រើន​ដែល​អ្នក​អាច​បញ្ចប់​ប្រយោគ​ខាង​ក្រោម ។

នៅពេល​មាន​សំណួរ ឬ​កង្វល់​កើត​ឡើង យើង​អាច​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ដោយ… ។

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ពីរ ៖

    • តើ​វិធី​មួយ​ណា​ដែល​អ្នក​បាន​ជ្រើសរើស​ដែល​អ្នក​គិត​ថា​អនុវត្ត​បាន​ល្អ​បំផុត​សម្រាប់​យុវវ័យ​នាពេល​បច្ចុប្បន្ន​នេះ ឬ​សូម្បីតែ​ជីវិត​របស់​អ្នក ? ហេតុអ្វី ?

    • តើ​ការជ្រើសរើស​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​តាម​របៀប​នេះ​អាច​ជះ​ឥទ្ធិពល​ដល់​ទំនាក់ទំនង​របស់​បុគ្គល​ម្នាក់​ជាមួយ​ព្រះអង្គសង្គ្រោះ​យ៉ាង​ដូចម្ដេច ?

    • តើ​អ្នក​ស្គាល់​នរណា​ខ្លះ​ដែល​បាន​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ពេល​ដោះស្រាយ​សំណួរ ឬ​កង្វល់ ? តើ​គាត់​បាន​ធ្វើ​អ្វី​ខ្លះ ?

សូម​ពិចារណា​បង្ហាញ​វីដេអូ « Act in Faith: The Stonemason » ( ៤:៥៧ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ សូម​រកមើល​ពី​របៀប​ដែល​យុវវ័យ​នៅក្នុង​វីដេអូ​នេះ​ធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿលើ​ព្រះអង្គសង្គ្រោះ នៅពេល​ពួកគេ​ប្រឈម​មុខ​នឹង​សំណួរ និង​កង្វល់​សំខាន់ៗ ។

គំរូខាង​វិញ្ញាណ

ព្រះគម្ពីរ​មាន​ដំណើររឿង​ជាច្រើន​អំពី​អ្នក​ដែល​ប្រឈមមុខ​នឹង​សំណួរ ឬ​កង្វល់​ពិបាក​ដោយ​មាន​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំងនេះ​គឺ​ព្យាការី​នីហ្វៃ ។ សូម​អាន​ឧទាហរណ៍​ខាង​ក្រោម​ចេញពី​ជីវិត​របស់នីហ្វៃ ដោយ​រកមើល​ពី​របៀប​ដែល​លោក​ធ្វើ​សកម្មភាព​ដោយ​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ នៅពេល​ប្រឈមមុខ​នឹង​សំណួរ និង​បញ្ហា​ផ្សេងៗ​ទៀត ។

  • នីហ្វៃទី១ ២:១៦—មនុស្ស​ជា​ទីស្រឡាញ់​របស់​លោក​មួយ​ចំនួន​ខឹង​នឹង​អ្វី​ដែល​ឪពុក​របស់​លោក​ដែល​ជា​ព្យាការី​លីហៃ​បាន​សុំ​ពួកគេ​ឲ្យធ្វើ ។

  • នីហ្វៃទី១ ៣:៧– លោក​ត្រូវ​បាន​សុំ​ឲ្យ​ធ្វើ​អ្វី​មួយ​ដែល​ពិបាក ។

  • នីហ្វៃទី ១ ៩:៥–៦—ព្រះអម្ចាស់​បាន​បង្គាប់​លោក​ឲ្យ​ធ្វើ​អ្វី​មួយ ដោយ​លោក​មិន​យល់​ពី​មូលហេតុ​នៃ​ការបង្គាប់​នោះ​ឡើយ ។

  • នីហ្វៃទី១ ១០:១៧; ១១:១–៥—លោក​ចង់​បាន​សាក្សី​ផ្ទាល់ខ្លួន​អំពី​អ្វី​ដែល​ឪពុក​លោក​ដែល​ជា​ព្យាការី​បាន​បង្រៀន ។

  • នីហ្វៃទី១ ១១:១៧—លោក​មិន​បាន​ដឹង​ច្បាស់​អំពី​ចម្លើយ​ចំពោះ​សំណួរ​ដែល​លោក​ត្រូវបាន​សួរ​អំពី​ដំណឹងល្អ​នោះ​ទេ ។

  • តើ​ចំណុច​មួយ​ណា​នៃ​ការ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ដែល​នីហ្វៃ​បាន​ធ្វើ​ជា​គំរូ​ល្អ​បំផុត ?

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​បំពេញ​ចំណុច​ដូច​តទៅនេះ ៖

សូម​ពិពណ៌នា​អំពី​សំណួរ​សម័យ​ទំនើប ឬ​កង្វល់​ដែល​អាច​ជះ​ឥទ្ធិពល​ដល់​សេចក្តីជំនឿ​របស់​បុគ្គល​ម្នាក់​លើ​ព្រះយេស៊ូវគ្រីស្ទ ឬ​សាសនាចក្រ​របស់​ទ្រង់ ។ តើ​មនុស្ស​ម្នាក់​អាច​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​យ៉ាង​ដូចម្ដេច ពេល​ជួប​នឹង​សំណួរ ឬ​បញ្ហា​នោះ ?

  • តើ​ការជ្រើសរើស​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ឬ​មិន​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ​អាច​ជះ​ឥទ្ធិពល​ដល់​ទំនាក់ទំនង​របស់​លោក​ជាមួយ​ព្រះអង្គសង្គ្រោះ​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​ចង់​អនុវត្ត​អ្វី​ខ្លះ​ក្នុង​ជីវិត​របស់​អ្នក​ពី​អ្វី​ដែល​អ្នក​បាន​សិក្សា​ថ្ងៃ​នេះ ? តើ​ការណ៍​នេះ​ជួយ​អ្នក​នៅក្នុង​ជីវិត​របស់​អ្នក​ដោយ​របៀប​ណា ?