ថ្នាក់​សិក្ខាសាលា
ការរៀនសូត្រ​ដោយ​ព្រះវិញ្ញាណ ៖ « ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ »


« ការរៀនសូត្រ​ដោយ​ព្រះវិញ្ញាណ ៖ ‹ ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ › » ព្រះគម្ពីរ​មរមន សៀវភៅសិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ការរៀនសូត្រ​ដោយ​ព្រះវិញ្ញាណ » ព្រះគម្ពីរ​មរមន សៀវភៅសិក្សា​សម្រាប់​គ្រូ​បង្រៀន

ឯកសារ​ណែនាំ

ការរៀនសូត្រ​ដោយ​ព្រះវិញ្ញាណ

« ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ »

រូបភាព
ការសិក្សា​ព្រះគម្ពីរ

ពេញ​មួយ​ព្រះគម្ពីរ​មរមន ព្យាការី​ទាំងឡាយ​បាន​សង្កត់ធ្ងន់​លើ​តួនាទី​ដ៏​សំខាន់​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ មាន​ព្រះទ័យ​ចង់​ឲ្យ​អ្នក​ស្គាល់ទ្រង់ ហើយរៀន​សេចក្ដីពិត « ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ » ( មរ៉ូណៃ ១០:៥ ) ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​តួនាទី​សំខាន់ៗ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​មាន​សារៈសំខាន់​សម្រាប់​ការលូតលាស់ និង​ការរីកចម្រើន​ខាង​វិញ្ញាណ​របស់​អ្នក ។

ការប្រាស្រ័យ​ទាក់ទង​ខាង​វិញ្ញាណ

សូម​គិត​អំពី​ឧបករណ៍​ទំនាក់ទំនង​ខុសៗ​គ្នា​ជាច្រើន​ដែល​មាន​នៅក្នុង​ពិភពលោក​នេះ និង​របៀប​ដែល​ជីវិត​របស់​អ្នក​អាច​ទទួល​រង​ឥទ្ធិពល​ដោយសារ​ឧបករណ៍​ទាំងនោះ ។ ឧបករណ៍​សំខាន់​មួយ​ដែល​បាន​ពង្រឹង​ទំនាក់ទំនង​យ៉ាងខ្លាំង​នៅ​ទូទាំង​ពិភពលោក​គឺ ស្មាតហ្វូន ។

រូបភាព
ស្មាតហ្វូន
  • តើ​ស្មាតហ្វូន​អាច​ដើរ​តួនាទី​អ្វី​ខ្លះ​ក្នុងការ​ជួយ​មនុស្ស​មាន​ទំនាក់ទំនង​នឹង​គ្នា ?

  • តើ​វា​អាច​ជួយ​មនុស្ស​ម្នាក់​ឲ្យ​ទទួល​បាន​ចំណេះដឹង និង​យល់កាន់​តែច្រើន​អំពី​ពិភពលោក​នេះ​ដោយ​របៀប​ណា ?

កាន់តែ​សំខាន់​ជាង​ឧបករណ៍​ទំនាក់ទំនង​ទាំង​នេះ ព្រះវរបិតាសួគ៌​បានញាណដឹង​យ៉ាង​ឥតខ្ចោះ​ថា តើ​ការប្រាស្រ័យ​ទាក់ទងខាង​វិញ្ញាណ​មាន​សារៈសំខាន់​យ៉ាងណា​សម្រាប់​យើង​ក្នុងអំឡុង​ពេល​ដំណើរ​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង ។ ទ្រង់​បាន​ប្រទាន​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​អ្នក​រក្សា​ទំនាក់ទំនង​ជាមួយ​ទ្រង់ ហើយ​យល់​ពី​អ្វី​ទាំងអស់​ដែល​ចាំបាច់​ដើម្បី​ទទួល​បាន​សុភមង្គល​ក្នុង​ពេល​នេះ និង​សេចក្ដី​សង្គ្រោះ​របស់​អ្នក​នៅពេល​ក្រោយ ។

សូម​គិត​អំពី​គ្រា​ក្នុង​ជីវិត​របស់​អ្នក ពេល​អ្នក​បាន​ដកពិសោធន៍​នូវ​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​របៀប​ដែល​ឥទ្ធិពល​របស់​ទ្រង់​បាន​ប្រទានពរ​ដល់​ជីវិត​អ្នក ។ ប្រហែលជា​អ្នក​អាច​នឹង​ឆ្ងល់​ថា តើ​អ្នក​ធ្លាប់​ត្រូវ​បាន​បង្រៀន​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ឬ​ធ្លាប់​ទទួល​អារម្មណ៍​នៃ​ឥទ្ធិពល​ពី​ទ្រង់​ដែរ​ឬ​ទេ ។ កាល​អ្នក​សិក្សា និង​ស្វែងយល់​ពី​តួនាទី​សំខាន់ៗ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ សូម​ពិចារណា​អំពី​របៀប​ដែល​ឥទ្ធិពល​របស់​ទ្រង់​អាច​ប្រទានពរ​ដល់​ជីវិត​អ្នក ហើយ​សញ្ជឹងគិត​ពី​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​ខ្ញុំ​យល់​ពី​តួនាទី​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ល្អ​ប៉ុណ្ណា ?

  • តើ​ខ្ញុំអាច​យាង​អញ្ជើញ​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ចូលក្នុង​ជីវិត​របស់​ខ្ញុំ​ដោយ​របៀប​ណា ?

  • តើ​ខ្ញុំ​ទទួល​អារម្មណ៍ ហើយ​ស្គាល់​ព្រះវិញ្ញាណ​បរិសុទ្ធ​ក្នុង​ជីវិត​របស់ខ្ញុំ​កន្លង​មក​ដោយ​របៀប​ណា ?

តួនាទី​នានា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ

ព្រះវិញ្ញាណ​បរិសុទ្ធ​បំពេញ​គោលបំណង​ជាច្រើន ហើយ​មាន​តួនាទី​ច្រើន ។ សូម​អាន​​ឈុត​នៃ​បទគម្ពីរ​ខាង​ក្រោម ដោយ​រកមើល​តួនាទី​សំខាន់​ពីរ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • តើ​អ្នក​បាន​រក​ឃើញ​អ្វី​ខ្លះ ?

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ឃ្វីនថិន អិល ឃុក នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

ព្រះ​វិញ្ញាណ​បរិសុទ្ធ​គឺ​ជា​អង្គ​បើកសម្ដែង និង​អង្គ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ទាំងអស់ ជា​ពិសេស​អំពី​ព្រះអង្គសង្គ្រោះ ។ បើ​គ្មាន​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​មិន​អាចដឹង​ពិតថា​ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ​ទេ ។ តួនាទី​ច្បាស់​របស់​ទ្រង់​គឺ​ថ្លែង​ជា​សាក្សី​អំពី​ព្រះបិតា និង​ព្រះរាជបុត្រា​ទ្រង់ និង​តំណែង និង​សិរីល្អ​របស់​ពួកទ្រង់ ។ ( ឃ្វីនថិន អិល ឃុក « The Blessing of Continuing Revelation to Prophets and Personal Revelation to Guide Our Lives » EnsignLiahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៩៨ )

  • តើ​សេចក្ដីពិត​អ្វី​ខ្លះ​ដែល​អាច​រកឃើញ​ចេញ​ពី​ឯកសារ​យោង​បទគម្ពីរ​ដែល​អ្នក​បាន​សិក្សា និង​សេចក្ដី​ថ្លែងការណ៍​ដោយ​អែលឌើរ ឃុក ?

សេចក្តីពិត​ដ៏​សំខាន់​មួយ​ដែល​អ្នក​ប្រហែល​ជា​បាន​រកឃើញ​គឺ ព្រះវិញ្ញាណ​បរិសុទ្ធ​បង្រៀន​សេចក្តីពិត និង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

សូម​ពិចារណា​កត់ត្រា​សេចក្ដីពិត​នេះ ឬ​សេចក្ដីពិត​ស្រដៀង​គ្នា​នេះ​នៅក្នុង​ព្រះគម្ពីរ ឬ​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​របស់​អ្នក ។ ការកត់ត្រា​សេចក្តីពិត​ជា​ប្រចាំ​អាច​ពង្រឹង​ការចងចាំ​ខាង​វិញ្ញាណ​របស់​អ្នក ហើយ​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​នាំ​យក​សេចក្តីពិត​ទៅ​កាន់​ការចងចាំ​របស់​អ្នក នៅពេល​ចាំបាច់ ( សូមមើល យ៉ូហាន ១៤:២៦ ) ។

  • តើ​ការយល់​ដឹង​អំពី​តួនាទី​ទាំងពីរ​នេះ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ផ្តល់​ប្រយោជន៍​ដល់​ជីវិត​អ្នក​យ៉ាង​ដូចម្ដេច ?

សូម​សញ្ជឹង​គិត​ដោយ​ស្ងៀមស្ងាត់​នូវ​បទពិសោធន៍​ទាំងឡាយ​ដែល​អ្នក​ប្រហែល​ជា​ធ្លាប់​មាន​ជាមួយ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ពី​របៀប​ដែល​អ្នក​បាន​កត់​សម្គាល់​ឃើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើការ​នៅក្នុង​ជីវិត​របស់​អ្នក ។

  • តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​ខិត​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀប​ណា ?

  • តើ​នៅពេល​ណា ដែល​អ្នក​មាន​អារម្មណ៍​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​កំពុង​ថ្លែង​បន្ទាល់ ពី​សេចក្តីពិត ?

  • តើ​អ្នក​គួរ​ធ្វើ​ដូចម្តេច ប្រសិនបើ​អ្នក​មិន​មាន​អារម្មណ៍​ថា​អ្នក​មាន​បទពិសោធន៍​ជាមួយនឹង​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ ?

ការទទួល​អារម្មណ៍ និង​ការយាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ

ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​មាន​ព្រះបន្ទូល​ជាមួយ​យើង​តាម​របៀប​ជាច្រើន ។ ព្រះវិញ្ញាណ​អាច​បំភ្លឺ​គំនិត​របស់​អ្នក ជួយ​អ្នក​ទទួល​បាន​ភាព​សុខសាន្ត និង​អំណរ ហើយ​ដឹកនាំ​អ្នក​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១១:១២–១៣; កាឡាទី ៥:២២–២៣ ) ។ ព្រះគម្ពីរ​ជារឿយៗ​ពិពណ៌នា​អំពី​ឥទ្ធិពល​របស់​ទ្រង់​ថា ជា « សំឡេង​តូច​រហៀងៗ » ដែល​យើង « ចាប់​អារម្មណ៍ » ( សូមមើល នីហ្វៃទី ១ ១៧:៤៥ ) ។

អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ចែកចាយ​ពី​វិធី​មួយ​ចំនួន​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ប្រាស្រ័យ​ទាក់ទង​ជាមួយ​យើង ៖

បទពិសោធន៍​ដែល​ខ្ញុំ​មាន​គឺ​ថា ជា​ញឹកញាប់​បំផុត​ព្រះវិញ្ញាណ​ទាក់ទង​យើង​តាម​អារម្មណ៍ ។ អ្នក​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​តាម​ពាក្យ​ដែល​អ្នក​ស្គាល់ ដែល​ធ្វើ​ឲ្យ​អ្នក​យល់​ដែល​បំផុស​គំនិត​អ្នក ។ …

… ព្រះវិញ្ញាណ​មាន​បន្ទូល​នូវ​ពាក្យ​ដែល​យើង​ទទួល​អារម្មណ៍ ។ អារម្មណ៍​ទាំង​នេះ​មាន​ភាព​រម្យទម ជំរុញ​ចិត្ត​ឲ្យ​ធ្វើ​សកម្មភាព ឲ្យ​ធ្វើ ឲ្យ​និយាយ​អ្វី​មួយ ឲ្យ​ឆ្លើយ​តប​ក្នុង​របៀប​ជាក់លាក់​មួយ ។ ប្រសិនបើ​យើង​ពុំ​ខ្វល់ ឬ​ពុំ​យក​ចិត្ត​ទុកដាក់​ក្នុង​ការថ្វាយ​បង្គំ បង្វែរ​អារម្មណ៍ និង​ធ្វើ​ឲ្យ​វិញ្ញាណ​យើង​អាប់អួរ​ដោយសារ​តែ​ការស្វែងរក​ខាងលោកិយ នោះ​យើង​ឃើញ​ថា​ខ្លួន​យើង​បន្ថយ​លទ្ធភាព​ក្នុង​ការ​ទទួល​អារម្មណ៍​នោះ ។ ( រ៉ូណល អេ រ៉ាសបាន « Let the Holy Spirit Guide » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៩៤ )

ប្រសិនបើមាន សូម​ទស្សនា​វីដេអូ « Feeling the Holy Ghost » ( ៣:១៧ ) មាននៅ​គេហទំព័រ ChurchofJesusChrist.org ដើម្បី​រៀន​បន្ថែម​អំពី​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ទំនាក់ទំនង​ជាមួយ​អ្នក ។

  • តើ​មាន​របៀប​ណា​ខ្លះ​ដែល​អ្នក​បាន​ទទួល​អារម្មណ៍​ពី​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ?

  • តើ​ការ​អាច​ស្គាល់​នៅពេល​ដែល​អ្នក​មាន​អារម្មណ៍​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​ពរជ័យ​ក្នុង​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

ព្រះគម្ពីរ​មាន​ឧទាហរណ៍​ជាច្រើន​ពី​បុគ្គល​ដែល​ស្វែងរក​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​ឧស្សាហ៍​ព្យាយាម ។ នីហ្វៃ និង​កូនប្រុស​របស់​ម៉ូសាយ​នៅក្នុង​ព្រះគម្ពីរ​មរមន គឺ​ជា​ឧទាហរណ៍​មួយ​ចំនួន ។

អាន នីហ្វៃទី ១ ២:១៦–១៧ និង អាលម៉ា ១៧:២–៣ ដោយ​ស្វែងរក​សកម្មភាព​សុចរិត ដែល​បាន​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • ដោយ​ផ្អែកលើ​ខគម្ពីរ​ទាំងនេះ និង​គំនិត​ផ្ទាល់ខ្លួន​របស់​អ្នក តើ​មាន​វិធី​អ្វីខ្លះ​ដែល​យើង​អាច​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​មកក្នុង​ជីវិត​របស់​យើង ?

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​បំពេញ​ចំណុច​ដូច​តទៅនេះ ៖

    សូម​ធ្វើ​ផែនការ​មួយ​ដើម្បី​អញ្ជើញ និង​រៀន​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​បាន​កាន់តែ​ប្រសើរ នៅពេល​អ្នក​សិក្សា​ដំណឹងល្អ​នៅក្នុង​ថ្នាក់​សិក្ខាសាលា នៅឯផ្ទះ និង​នៅ​សាសនាចក្រ ។ រួមបញ្ចូល​នូវ​របៀប​ជាក់លាក់​ដែល​អ្នក​អាច​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ចូល​ក្នុង​ជីវិត​របស់អ្នក និង​អ្វី​ដែល​អ្នក​អាច​ធ្វើបាន ដើម្បី​ស្គាល់​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​នៅក្នុង​ជីវិត​របស់​អ្នក ។

    សូម​ពិចារណា​ចែកចាយ​ផែនការ​របស់​អ្នក​ជាមួយ​សមាជិក​គ្រួសារ ឬ​មិត្តភក្តិ​ដែល​គួរ​ឲ្យ​ទុកចិត្ត ហើយ​ពិភាក្សា​អំពី​វឌ្ឍនភាព​របស់​អ្នក​ជាមួយ​គាត់​ជា​ទៀងទាត់ ។