« ជំហានទី ១២ ៖ ដោយមានការភ្ញាក់ខាងវិញ្ញាណតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ដែលជាលទ្ធផលនៃការធ្វើតាមជំហានទាំងនេះ នោះយើងចែកចាយសារលិខិតនេះជាមួយអ្នកដទៃ ហើយអនុវត្តតាមគោលការណ៍ទាំងនេះក្នុងគ្រប់សកម្មភាពទាំងអស់ដែលយើងធ្វើ » ការព្យាបាលតាមរយៈព្រះអង្គសង្គ្រោះ ៖ កម្មវិធីព្យាបាលការញៀន មគ្គទេសក៍ព្យាបាល ១២ ជំហាន ( ឆ្នាំ២០២៣ )
« ជំហានទី ១២ » កម្មវិធីព្យាបាលការញៀន មគ្គទេសក៍ព្យាបាល ១២ ជំហាន
ជំហានទី ១២ ៖ ដោយមានការភ្ញាក់ខាងវិញ្ញាណតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ដែលជាលទ្ធផលនៃការធ្វើតាមជំហានទាំងនេះ នោះយើងចែកចាយសារលិខិតនេះជាមួយអ្នកដទៃ ហើយអនុវត្តតាមគោលការណ៍ទាំងនេះក្នុងគ្រប់សកម្មភាពទាំងអស់ដែលយើងធ្វើ ។
គោលការណ៍សំខាន់ៗ ៖ ការបម្រើ
នៅពេលយើងឈានដល់ជំហានទី ១២ យើងទទួលស្គាល់ថា នេះមិនមែនជាចុងបញ្ចប់នៃដំណើររបស់យើងនោះទេ ។ ជាលទ្ធផលពីការធ្វើតាមជំហានទាំងនេះ យើងរីករាយនឹងជីវិតនៃការជាសះស្បើយតាមរយៈព្រះគុណ និងសេចក្ដីមេត្តាករុណារបស់ព្រះ ។ យើងសូមថ្លែងទីបន្ទាល់ថា ការធ្វើតាមជំហានទាំងនេះមួយដងគឺមិនគ្រប់គ្រាន់ទេ ។ យើងបានឃើញថា វាចាំបាច់ណាស់ក្នុងការបន្តធ្វើតាមជំហានទាំងនេះ ហ្វឹកហាត់គោលការណ៍ទាំងនេះនៅគ្រប់ផ្នែកនៃជីវិត និងនាំសារនៃក្តីសង្ឃឹមដល់អ្នកដទៃ ។
យើងមានសារនៃក្ដីសង្ឃឹមសម្រាប់អ្នកដទៃ ដែលកំពុងពុះពារនឹងការញៀន ហើយសម្រាប់មនុស្សទាំងអស់ដែលកំពុងប្រឈមនឹងឧបសគ្គនៃជីវិតរមែងស្លាប់ ៖ ព្រះជាព្រះនៃអព្ភូតហេតុ ដែលមិនផ្លាស់ប្តូរ ( សូមមើល មរមន ៩:១១, ១៦–១៩ ) ។ ជីវិតរបស់យើងបញ្ជាក់ពីការណ៍នោះ ។ ពួកយើងម្នាក់ៗបានកើតជាថ្មីតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ ពួកយើងអាចចែកចាយសារលិខិតនេះបានល្អបំផុត តាមរយៈការបម្រើអ្នកដទៃ ។ ការចែកចាយទីបន្ទាល់របស់យើងអំពីសេចក្ដីមេត្តាករុណារបស់ទ្រង់ និងព្រះគុណរបស់ទ្រង់ គឺជាការបម្រើដ៏សំខាន់បំផុតមួយ ដែលយើងអាចផ្ដល់ឲ្យបាន ។ ប្រធានា ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានកត់សម្គាល់ថា « រឿងមួយដែលសំខាន់បំផុតដែលយើងអាចធ្វើបាន គឺបង្ហាញពីទីបន្ទាល់របស់យើងតាមរយៈការបម្រើ ដែលជាលទ្ធផលនឹងធ្វើឲ្យមានការរីកចម្រើនខាងវិញ្ញាណ មានការតាំងចិត្តកាន់តែខ្លាំង និងមានសមត្ថភាពកាន់តែច្រើនក្នុងការកាន់តាមបទបញ្ញត្តិទាំងឡាយ » ( Teachings of Presidents of the Church: Spencer W. Kimball [ ឆ្នាំ២០០៦ ] ទំព័រ ៨៧ ) ។
ការទទួលបន្ទុកគ្នាទៅវិញទៅមកតាមរយៈទង្វើនៃសេចក្ដីសប្បុរស និងការបម្រើដែលគ្មានភាពអាត្មានិយម គឺជាផ្នែកមួយនៃជីវិតថ្មីរបស់យើងក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ ( សូមមើល ម៉ូសាយ ១៨:៨ ) ។ បំណងប្រាថ្នាដើម្បីជួយអ្នកដទៃគឺជាលទ្ធផលធម្មជាតិនៃការភ្ញាក់ខាងវិញ្ញាណ ។ ដូចជាពួកបុត្រារបស់ម៉ូសាយ ដែលប្រាថ្នាចង់ចែកចាយដំណឹងល្អជាមួយពួកសាសន៍លេមិនបន្ទាប់ពីការប្រែចិត្តជឿរបស់ពួកគេផ្ទាល់ដែរ យើងក៏អាចប្រាថ្នាចង់ចែកចាយក្តីសង្ឃឹម និងការព្យាបាលដែលយើងបានដកពិសោធន៍ តាមរយៈដង្វាយធួនរបស់ព្រះគ្រីស្ទផងដែរ ( សូមមើល ម៉ូសាយ ២៨:១–៤ ) ។ យើងអាចមានបំណងប្រាថ្នាដើម្បីចង់ផ្ដល់ពរជ័យ ជួយ និងលើកស្ទួយមនុស្សដែលនៅជុំវិញយើង ។ យើងដឹងពីសេចក្ដីពិតដែលស្ដេចបេនយ៉ាមីនបានបង្រៀន នៅពេលទ្រង់បានមានបន្ទូលថា « កាលណាអ្នករាល់គ្នានៅក្នុងការបម្រើដល់មនុស្សទូទៅ នោះអ្នករាល់គ្នាគ្រាន់តែនៅក្នុងការបម្រើដល់ព្រះរបស់អ្នកតែប៉ុណ្ណោះ » ( ម៉ូសាយ ២:១៧ ) ។
វិធីធម្មតាមួយក្នុងការបម្រើអ្នកដទៃ គឺការធ្វើជាអ្នកឧបត្ថម្ភ ឬជាអ្នកណែនាំអ្នកដទៃដែលថ្មីនៅក្នុងដំណើរការនៃការព្យាបាល ។ ( សូមពិនិត្យមើលឯកសារ « ការជ្រើសរើសអ្នកឧបត្ថម្ភ » ដើម្បីស្វែងយល់បន្ថែមទៀត ) ។ យើងជូនដំណឹងដល់អ្នកចូលរួមផ្សេងទៀតមកពីក្រុមជាសះស្បើយ ដែលយើងចូលរួម ឬថ្នាក់ដឹកនាំសាសនាចក្រក្នុងមូលដ្ឋានរបស់យើងថា យើងចង់ជួយដោយធ្វើជាអ្នកឧបត្ថម្ភ ឬអ្នកណែនាំ ។ នៅពេលយើងដឹងពីនរណាម្នាក់ដែលកំពុងប្រយុទ្ធនឹងការញៀន យើងចែកចាយព័ត៌មានអំពីកម្មវិធីព្យាបាលការញៀន ។ យើងប្រាប់ពួកគេអំពីក្ដីសង្ឃឹមសម្រាប់ការព្យាបាលតាមរយៈព្រះសង្រ្គោះព្រះយេស៊ូវគ្រីស្ទ ហើយយើងអញ្ជើញពួកគេឲ្យចូលរួមការប្រជុំមួយជាមួយយើង ។
បន្ថែមលើការជួយពួកអ្នកដែលកំពុងពុះពារនឹងការញៀន យើងក៏បម្រើដល់សមាជិកគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ពួកគេផងដែរ ។ ជាញឹកញាប់ មនុស្សប្រមូលគ្នាជុំវិញមនុស្សដែលកំពុងពុះពារនឹងការញៀន ហើយភ្លេចយកចិត្តទុកដាក់ជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេ ។ យើងអាចបញ្ជាក់ និងទទួលស្គាល់អំពីការលំបាកដែលពួកគេប្រឈម ។ យើងអាចចែកចាយក្តីសង្ឃឹមថា ពួកគេអាចបែរទៅរកព្រះអង្គសង្គ្រោះ ហើយស្វែងរកភាពសុខសាន្ត និងការព្យាបាលបាន មិនថាមនុស្សជាទីស្រឡាញ់របស់ពួកគេជ្រើសរើសយកការព្យាបាលឬអត់នោះទេ ។ យើងអាចចែកចាយ មគ្គទេសក៍អំពីការគាំទ្រ ៖ ជំនួយសម្រាប់គូស្វាមីភរិយា និងគ្រួសាររបស់អ្នកដែលកំពុងជាសះស្បើយ ហើយអញ្ជើញពួកគេឲ្យចូលរួមការប្រជុំក្រុមជាគូស្វាមីភរិយា និងជាក្រុមគ្រួសារ ។
នៅពេលយើងបម្រើអ្នកដទៃដោយគាំទ្រពួកគេក្នុងការព្យាបាល យើងត្រូវប្រុងប្រយ័ត្នកុំឲ្យអ្នកដទៃពឹងផ្អែកលើយើងហួសហេតុពេក ។ ការទទួលខុសត្រូវរបស់យើងគឺត្រូវលើកទឹកចិត្តពួកគេឲ្យងាកទៅរកព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះដើម្បីទទួលបានការណែនាំ និងអំណាច ។ លើសពីនេះទៀត យើងគួរតែលើកទឹកចិត្តពួកគេឲ្យស្វែងរកការគាំទ្រមកពីអ្នកដទៃ ។ ពរជ័យដ៏អស្ចារ្យបានមកពីព្រះអម្ចាស់តាមរយៈថ្នាក់ដឹកនាំសាសនាចក្រ អ្នកឧបត្ថម្ភ សមាជិកគ្រួសារ មិត្តភក្តិ និងអ្នកដទៃទៀត ។ យើងអាចចែកចាយឯកសារ « ការគាំទ្រក្នុងការជាសះស្បើយ » នេះជាមួយពួកគេបាន ដែលមាននៅក្នុងឧបសម្ពន្ធ័នៃមគ្គទេសក៍នេះ ។
នៅពេលយើងព្យាយាមជួយអ្នកដទៃ ពួកគេប្រហែលជាមិនទាន់បានត្រៀមខ្លួន ដើម្បីធ្វើតាមជំហានទាំងនេះទេ ។ ពេលយើងចែកចាយសារលិខិតនៃការព្យាបាល និងសេចក្ដីសង្ឃឹមតាមរយៈព្រះអង្គសង្គ្រោះ យើងត្រូវតែមានចិត្តអត់ធ្មត់ និងរាបសា ។ នៅក្នុងជីវិតថ្មីរបស់យើង គ្មានកន្លែងណាសម្រាប់អំនួត ឬអារម្មណ៍នៃការគិតថាខ្លួនប្រសើរជាងគេនោះទេ ។ វាមានប្រយោជន៍ក្នុងការចងចាំពីការជាប់ឃុំឃាំងរបស់យើងផ្ទាល់ និងរបៀបដែលព្រះយេស៊ូវគ្រីស្ទបានប្រោសលោះយើងតាមរយៈសេចក្ដីមេត្តាករុណា និងព្រះគុណរបស់ទ្រង់ ( សូមមើល ម៉ូសាយ ២៩:២០ ) ។
ក្នុងចិត្តរបស់យើងរំភើបរីករាយក្នុងការជួយអ្នកដទៃ យើងខិតខំរក្សាតុល្យភាពរវាងការចែកចាយសារលិខិតនេះ និងការបន្តអនុវត្តតាមជំហានទាំងនេះក្នុងជីវិតរបស់យើងផ្ទាល់ ។ ការផ្តោតសំខាន់របស់យើងត្រូវតែទៅលើការបន្តអនុវត្តគោលការណ៍ការព្យាបាលទាំងនេះដោយខ្លួនឯង ។ ការខិតខំរបស់យើងក្នុងការចែកចាយគំនិតទាំងនេះជាមួយអ្នកដទៃនឹងមានប្រសិទ្ធិភាព ដរាបណាយើងបន្តអនុវត្តជំហាននៃការព្យាបាលទាំងនេះប៉ុណ្ណោះ ។
ប្រសិនបើយើងមានឆន្ទៈ នោះយើងនឹងរកឃើញឱកាសជាច្រើនដើម្បីចែកចាយគោលការណ៍ខាងវិញ្ញាណដែលយើងបានរៀននៅក្នុងកម្មវិធីនេះ ។ នៅពេលយើងផ្ដល់ពរជ័យដល់ជីវិតរបស់អ្នកដទៃ នោះជីវិតរបស់យើងផ្ទាល់បានទទួលពរជ័យដែរ ។ យើងដកពិសោធន៍នូវគោលការណ៍ដែលប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀន ៖ « បុរស និងស្ត្រីដែលបង្វែរជីវិតខ្លួនមករកព្រះនឹងរកឃើញថា ទ្រង់អាចធ្វើឲ្យជីវិតរបស់ពួកគេបានប្រសើរជាងអ្វីដែលពួកគេអាចធ្វើដោយខ្លួនឯងបាន ។ ទ្រង់នឹងធ្វើឲ្យសេចក្ដីអំណរចាក់ចូលយ៉ាងជ្រៅក្នុងចិត្តពួកគេ ពង្រីកទស្សនវិស័យរបស់ពួកគេ ពន្លឿនគំនិតពួកគេ ពង្រឹងកម្លាំងពួកគេ លើកវិញ្ញាណពួកគេឡើង ចម្រើនពរជ័យពួកគេ បង្កើនឱកាសពួកគេ លួងលោមព្រលឹងពួកគេ បង្កើតមិត្តភាព ហើយចាក់ស្រោចនូវសេចក្ដីសុខសាន្ត ។ អ្នកណាក៏ដោយដែលបាត់បង់ជីវិតក្នុងការបម្រើដល់ព្រះ អ្នកនោះនឹងទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច » ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ៤២–៤៣ ) ។
ជំហានសកម្មភាព
នេះគឺជាកម្មវិធីដែលធ្វើសកម្មភាព ។ ការរីកចម្រើនរបស់យើងពឹងផ្អែកលើការអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមជំហានទាំងនេះនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ។ ការណ៍នេះត្រូវបានហៅថា « ការធ្វើតាមជំហាន » ។ សកម្មភាពខាងក្រោមនេះជួយយើងឲ្យមករកព្រះគ្រីស្ទ ហើយទទួលបានការណែនាំ និងអំណាចដែលចាំបាច់ ដើម្បីធ្វើតាមជំហានបន្ទាប់ក្នុងដំណើរព្យាបាលរបស់យើង ។
បម្រើដល់មនុស្សដទៃ
បំណងប្រាថ្នាដើម្បីបម្រើគឺជាលទ្ធផលធម្មជាតិនៃដំណើរការព្យាបាលរបស់យើងតាមរយៈព្រះអម្ចាស់ ។ តាមរយៈការព្យាបាលរបស់យើង យើងបានដកពិសោធន៍ការផ្លាស់ប្ដូរដ៏ធំនៅក្នុងដួងចិត្តរបស់យើងផ្ទាល់ និងអ្នកដទៃទៀត ( សូមមើល អាលម៉ា ៥:១៤ ) ។ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖ « [ យើង ] … ពិតជាព្យាយាមរស់នៅតាមបទបញ្ញត្តិធំទីមួយ និងទីពីរ ។ នៅពេលយើងស្រឡាញ់ ព្រះ ដោយអស់ពីដួងចិត្តរបស់យើង នោះទ្រង់បង្វែរដួងចិត្តរបស់យើងទៅរកសុខុមាលភាពរបស់ អ្នកដទៃ នៅក្នុងវដ្ដដ៏ស្រស់ស្អាត និងប្រកបដោយគុណធម៌ » ( « The Second Great Commandment » Liahona ខែវិច្ឆិកា ឆ្នាំ២០១៩ ទំព័រ៩៧ ) ។
ទោះជាយ៉ាងណា ការបម្រើមិនងាយស្រួលជានិច្ចនោះទេ ។ ទោះបីជាយើងចង់ធ្វើក៏ដោយ យើងមិនអាចបម្រើមនុស្សគ្រប់គ្នាដែលត្រូវការជំនួយបានទេ ។ យើងនឹងបន្តត្រូវការការណែនាំ និងអំណាចពីព្រះអម្ចាស់ដើម្បីបម្រើអ្នកដទៃ ។ យើងអាចអធិស្ឋានសូមជំនួយដើម្បីកត់សម្គាល់ និងរកឃើញរបៀបដែលទ្រង់នឹងឲ្យយើងបម្រើ ។ យើងអាចសួរមនុស្សនៅជុំវិញយើងអំពីឱកាស និងតម្រូវការនានា ។ យើងប្រហែលជាភ្ញាក់ផ្អើលនឹងឱកាសជាច្រើនដែលមានសម្រាប់យើងរួចទៅហើយ ។ ការបម្រើអ្នកដទៃអាចសាមញ្ញដូចជាស្នាមញញឹម ឬអាចជាការចូលរួមកាន់តែច្រើនដូចជាគម្រោងធំមួយ ។ យើងគួរប្រើការវិនិច្ឆ័យដ៏ឈ្លាសវៃនៅក្នុងការបម្រើរបស់យើង ដើម្បីចៀសវាងការធ្វើហួសពីកម្លាំង ឬសមត្ថភាពរបស់យើង ។
វិធីដ៏ល្អបំផុតមួយដែលយើងអាចបម្រើបានគឺការចែកចាយរឿងរបស់យើងអំពីការជាសះស្បើយ ។ យើងអាចបន្តចូលរួមការប្រជុំការព្យាបាល និងថ្លែងទីបន្ទាល់អំពីព្រះគុណ និងព្រះចេស្ដានៃការព្យាបាលរបស់ព្រះយេស៊ូវគ្រីស្ទ ។ នៅពេលយើងជាអ្នកថ្មី យើងទទួលបានសេចក្តីសង្ឃឹមមកពីមនុស្សដែលបានធ្វើតាមជំហានទាំងនេះ ហើយបានរកឃើញការជាសះស្បើយមុនយើង ។ ឥឡូវនេះ យើងមានឱកាសចែកចាយសារលិខិតនៃការជាសះស្បើយដោយប្រាប់ពីដំណើររឿងរបស់យើង ។ យើងក៏ចែកចាយទីបន្ទាល់របស់យើងអំពីព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ នៅពេលយើងនៅព្រះវិហារ និងនៅជាមួយគ្រួសារ និងមិត្តភក្តិរបស់យើងផងដែរ ។
ចូលរួមនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ
វិធីដ៏មានអត្ថន័យ និងមានឥទ្ធិពលមួយដែលយើងអាចបម្រើ គឺតាមរយៈកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។ ការបម្រើនេះមិនត្រឹមតែផ្ដល់ពរដល់អ្នកដែលបានស្លាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្ដល់ពរដល់យើងផងដែរ ។ ប្រធាន រ័សុល អិម ណិលសុន បានមានរំឭកយើងថា ៖ « ខណៈដែលកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិមានអំណាចផ្ដល់ពរដល់អ្នកចែកឋានទៅ នោះវាក៏មានអំណាចផ្ដល់ពរដល់មនុស្សដែលនៅរស់ដូចគ្នាដែរ ។ វាមានឥទ្ធិពលបន្សុទ្ធទៅលើអស់អ្នកដែលប្រឡូកក្នុងកិច្ចការនេះ » ( « Generations Linked in Love » Liahona ខែឧសភា ឆ្នាំ២០១០ ទំព័រ៩៣ ) ។ សម្រាប់ពួកយើងជាច្រើន កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ គឺជាផ្នែកដ៏សំខាន់មួយនៃការជាសះស្បើយរបស់យើង ។
ពួកយើងខ្លះប្រហែលជាមិនមានអារម្មណ៍រួចរាល់ ដើម្បីបម្រើនៅក្នុងព្រះវិហារបរិសុទ្ធនោះទេ ។ យើងប្រហែលជាមិនមានអារម្មណ៍ជំរុញចិត្ត ឬថែមទាំងមិនដឹងពីកន្លែងដែលត្រូវចាប់ផ្តើមជាមួយនឹងកិច្ចការពង្សប្រវត្តិនេះផង ។ ប៉ុន្តែយើងអាចសម្រេចចិត្តដើម្បីចាប់ផ្តើម ។ យើងអាចទៅជួបប៊ីស្សព ឬប្រធានសាខារបស់យើង ជម្រាបគាត់អំពីបំណងប្រាថ្នារបស់យើងក្នុងការបម្រើ ។ បំណងប្រាថ្នារបស់យើងក្នុងការធ្វើតាមព្រះឆន្ទៈរបស់ព្រះអម្ចាស់ ហើយបន្តការជាសះស្បើយរបស់យើងអាចជំរុញចិត្តយើងបាន ។ យើងប្រហែលជាត្រូវកែប្រែខ្លះក្នុងជីវិតយើងដើម្បីចូលព្រះវិហារបរិសុទ្ធ ។ យើងប្រហែលជាមិនដឹងពីរបៀបធ្វើកិច្ចការពង្សប្រវត្តិទេ ប៉ុន្តែយើងអាចសុំជំនួយបាន ។ ប្រធានសមាគមសង្គ្រោះ និងកូរ៉ុមអែលឌើរអាចជួយយើងឲ្យដឹងថាត្រូវចាប់ផ្ដើមនៅកន្លែងណា ។ ក៏មានធនធានតាមអនឡាញដើម្បីជួយដល់យើងផងដែរ នៅលើគេហទំព័រ FamilySearch.org និង ChurchofJesusChrist.org ។
កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិផ្ដល់នូវអំណាច និងកម្លាំងសម្រាប់ការជាសះស្បើយរបស់យើង ។ « អ្នកនឹងមិនត្រឹមតែទទួលបានការការពារពីសេចក្តីល្បួង និងជំងឺផ្សេងៗនៅលើពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏នឹងទទួលបានអំណាចផ្ទាល់ខ្លួនផងដែរ—អំណាចនៅក្នុងការផ្លាស់ប្រែ អំណាចនៅក្នុងការប្រែចិត្ត អំណាចនៅក្នុងការរៀនសូត្រ អំណាចនៅក្នុងការញែកខ្លួនឲ្យទៅជាបរិសុទ្ធ និងអំណាចដើម្បីបង្វែរដួងចិត្តនៃសមាជិកគ្រួសាររបស់អ្នកឲ្យរួបរួមគ្នាទៅវិញទៅមក ហើយព្យាបាលអ្វីដែលត្រូវការការព្យាបាល » ( ឌែល ជី រិនឡាន់ « Family History and Temple Blessings » Liahona ខែកុម្ភៈ ឆ្នាំ២០១៧ ទំព័រ៣៩ ) ។ គោលការណ៍ក្នុងមគ្គទេសក៍នេះនាំយើងឲ្យដើរតាមព្រះអង្គសង្រ្គោះ ហើយរីករាយនឹងពរជ័យទាំងអស់ដែលទ្រង់មានសម្រាប់យើង ជាពិសេសអ្នកដែលនៅក្នុងព្រះវិហារបរិសុទ្ធ ។
ការសិក្សា និងការយល់ដឹង
បទម្ពីរ និងសេចក្ដីថ្លែងការណ៍ខាងក្រោមមកពីថ្នាក់ដឹកនាំសាសនាចក្រទាំងនេះ អាចជួយដល់ដំណើរការព្យាបាលរបស់យើងបាន ។ យើងអាចប្រើវាសម្រាប់ការស្មិងស្មាធិ៍ ការសិក្សា និងការសរសេរសៀវភៅកំណត់ហេតុបាន ។ យើងត្រូវចាំថា យើងត្រូវស្មោះត្រង់ និងជាក់លាក់នៅក្នុងការសរសេររបស់យើង ដើម្បីទទួលបានប្រយោជន៍ច្រើនបំផុតពីសកម្មភាពនេះ ។
ការប្រែចិត្តជឿ និងការព្យាបាល
« ការផ្លាស់ប្រែចិត្តជឿពិត គឺមានន័យច្រើនជាងការមានចំណេះដឹងពីគោលការណ៍ដំណឹងល្អ ហើយមានន័យច្រើនជាងការគ្រាន់តែមានទីបន្ទាល់អំពីគោលការណ៍ទាំងនោះ ។ … ការផ្លាស់ប្រែចិត្តជឿពិត គឺមានន័យថា យើងកំពុងធ្វើសកម្មភាពទៅលើអ្វីដែលយើងជឿ ហើយអនុញ្ញាតឲ្យវាបង្កើត ‹ ការផ្លាស់ប្ដូរដ៏ធំមួយក្នុងខ្លួនយើង ឬក្នុងចិត្តយើង › [ ម៉ូសាយ ៥:២ ] ។ … [ ការផ្លាស់ប្រែចិត្តជឿ ] ត្រូវការពេលវេលា ការខិតខំ និងធ្វើការ » ( បូនី អិល អូស្ការសុន « Be Ye Converted » Liahona ខែវិច្ឆិកា ឆ្នាំ២០១៣ ទំព័រ៧៦–៧៧ ) ។
នៅពេលដែលព្រះអម្ចាស់ផ្លាស់ប្ដូរដួងចិត្តរបស់យើងតាមរយៈការប្រែចិត្តជឿ និងការជាសះស្បើយ យើងក្លាយជាប្រភពនៃកម្លាំងដល់អ្នកដទៃដែលទើបតែចាប់ផ្ដើមដើរលើផ្លូវនេះ ។ ព្រះអង្គសង្គ្រោះបានប្រាប់ពេត្រុសថា « កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចម្រើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង » ( លូកា ២២:៣២ ) ។
-
តើនិយមន័យនៃការប្រែចិត្តជឿរបស់ស៊ីស្ទើរ អូស្ការសុន អនុវត្តចំពោះបទពិសោធន៍របស់ខ្ញុំក្នុងការជាសះស្បើយយ៉ាងដូចម្ដេច ?
-
តើខ្ញុំមានអារម្មណ៍យ៉ាងណាចំពោះការពង្រឹងអ្នកដទៃ នៅពេលពួកគេជាសះស្បើយពីឥរិយាបថញៀន ?
ការរីកចម្រើនធំៗកើតចេញពីជំហានតូចៗ
« ហេតុដូច្នោះហើយ ចូរកុំណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតអ្នករាល់គ្នាកំពុងតែដាក់គ្រឹះនៃកិច្ចការដ៏ធំ ។ ហើយចេញពីការណ៍ដ៏តូចតាច នោះបណ្ដាលឲ្យមានការណ៍ដ៏ធំធេងឡើង » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៤:៣៣ ) ។
-
តើខ្ញុំមានអារម្មណ៍យ៉ាងណា ពេលខ្ញុំគិតអំពីការរស់នៅតាមគោលការណ៍ទាំងនេះក្នុងគ្រប់ផ្នែកនៃជីវិតរបស់ខ្ញុំ ?
-
តើវាជួយខ្ញុំឲ្យដឹងថា កិច្ចការដ៏អស្ចារ្យត្រូវបានធ្វើឡើងក្នុងជំហានតូចៗយ៉ាងដូចម្ដេច ?
ចែកចាយទីបន្ទាល់របស់យើង និងលួងលោមអ្នកដទៃ
« នេះគឺជាការអួតរបស់ខ្ញុំ ក្រែងខ្ញុំអាចបានទៅជាគ្រឿងឧបករណ៍មួយនៅក្នុងព្រះហស្តនៃព្រះ ដើម្បីនាំមនុស្សខ្លះទៅកាន់ការប្រែចិត្ត ហើយនេះគឺសេចក្ដីអំណររបស់ខ្ញុំ ។
« ហើយមើលចុះ កាលខ្ញុំឃើញបងប្អូនខ្ញុំជាច្រើន បានប្រែចិត្តជាពិតប្រាកដ ហើយមករកព្រះអម្ចាស់ជាព្រះរបស់គេ នៅពេលនោះ ព្រលឹងខ្ញុំពោរពេញទៅដោយសេចក្ដីអំណរនៅពេលនោះ ខ្ញុំនឹកឃើញនូវអ្វីៗ ដែលព្រះអម្ចាស់ទ្រង់បានធ្វើដើម្បីខ្ញុំ មែនហើយ គឺទ្រង់បានឮពាក្យអធិស្ឋានរបស់ខ្ញុំ មែនហើយ នៅពេលនោះ ខ្ញុំនឹកឃើញព្រះពាហុរបស់ទ្រង់ដ៏ប្រកបដោយសេចក្ដីមេត្តាករុណា ដែលទ្រង់ហុចមករកខ្ញុំ » ( អាលម៉ា ២៩:៩–១០ ) ។
យើងបានរៀនថា វាចាំបាច់ណាស់ក្នុងការជាសះស្បើយ ក្នុងការមានឆន្ទៈចែកចាយទីបន្ទាល់របស់យើងអំពីគោលការណ៍ទាំងនេះ ។
-
តើការចែកចាយបទពិសោធន៍របស់ខ្ញុំនឹងជួយខ្ញុំឲ្យបន្តរឹងមាំក្នុងការជាសះស្បើយរបស់ខ្ញុំយ៉ាងដូចម្ដេច ?
« [ កាលអ្នក ] យល់ព្រមទួញយំជាមួយនឹងអ្នកណាដែលទួញយំ មែនហើយ ហើយកម្សាន្ដទុក្ខដល់អស់អ្នកណាដែលកំពុងត្រូវការកម្សាន្ដទុក្ខ ហើយឈរជាសាក្សីដល់ព្រះនៅគ្រប់ពេល និងគ្រប់សេចក្ដី និងគ្រប់ទីកន្លែង ដែលអ្នករាល់គ្នាបាននៅ រហូតដល់ពេលស្លាប់ ដើម្បីឲ្យអ្នករាល់គ្នាអាចបានប្រោសលោះដោយព្រះ ហើយបានរាប់ជាមួយនឹងពួកអ្នកនៃដំណើររស់ឡើងវិញទីមួយ ដើម្បីឲ្យអ្នករាល់គ្នាអាចមានជីវិតដ៏នៅអស់កល្បជានិច្ច—
« ឥឡូវនេះ ខ្ញុំសូមប្រាប់អ្នក បើសិននេះជាបំណងនៅក្នុងចិត្តអ្នក តើមានអ្វីទៅដែលរារាំងអ្នកមិនឲ្យទទួលបុណ្យជ្រមុជទឹកដោយនូវព្រះនាមនៃព្រះអម្ចាស់ ដើម្បីធ្វើជាសាក្សីដល់ទ្រង់ថា អ្នករាល់គ្នាបានចូលក្នុងសេចក្ដីសញ្ញាជាមួយនឹងទ្រង់ថា អ្នករាល់គ្នានឹងបម្រើព្រះអង្គ ហើយកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ដើម្បីឲ្យទ្រង់ស្រោចព្រះវិញ្ញាណទ្រង់មកលើអ្នករាល់គ្នាយ៉ាងបរិបូរណ៍ ? » ( ម៉ូសាយ ១៨:៩–១០ ) ។
បទពិសោធន៍របស់អ្នកជាមួយការញៀនជួយអ្នកឲ្យមានចិត្តអាណិតអាសូរដល់អ្នកដែលពុះពារនឹងការញៀន បទពិសោធន៍របស់អ្នកក្នុងការជាសះស្បើយជួយអ្នកឲ្យលួងលោមពួកគេ ។
-
តើបំណងប្រាថ្នារបស់ខ្ញុំក្នុងការចង់ឈរជាសាក្សីនៃព្រះបានកើនឡើងយ៉ាងដូចម្ដេច ចាប់តាំងពីខ្ញុំបានធ្វើតាមជំហាននៃការព្យាបាល ?
បម្រើទោះជាមិនមានភាពល្អឥតខ្ចោះក្ដី
« លើកលែងតែក្នុងករណីនៃព្រះរាជបុត្រាទ្រង់តែមួយប៉ុណ្ណោះ នោះមនុស្សដែលមិនឥតខ្ចោះ គឺជាអ្វីទាំងអស់ដែលព្រះតែងតែត្រូវធ្វើកិច្ចការជាមួយ » ( ជែហ្វ្រី អ័រ ហូឡិន « Lord, I Believe » Liahona ខែឧសភា ឆ្នាំ២០១៣ ទំព័រ៩៤ ) ។
« គ្មាននរណាម្នាក់មានជីវិត ឬគ្រួសារល្អឥតខ្ចោះនោះទេ ខ្ញុំជឿថាពុំមានទេ ។ នៅពេលយើងស្វែងយល់ចិត្តអ្នកដទៃដែលជួបឧបសគ្គ និងមិនល្អឥតខ្ចោះ ដែរ នោះ វាអាចជួយពួកគេដឹងថា ពួកគេពុំឯកោនៅក្នុងបញ្ហា របស់ពួកគេ នោះទេ ។ មនុស្សគ្រប់រូប ចាំបាច់ត្រូវដឹងថាពួកគេ ពិតជា មានចំណែក ហើយ ត្រូវការ នៅក្នុងតួអង្គនៃព្រះគ្រីស្ទ » ( ជេ អាណែត ដេននីស « នឹមរបស់ទ្រង់ងាយ ហើយបន្ទុករបស់ទ្រង់ក៏ស្រាល » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២២ ទំព័រ១៨ ) ។
ពេលខ្លះយើងឆ្ងល់ថា តើយើងត្រៀមខ្លួនជាស្រេចដើម្បីចែកចាយការជាសះស្បើយជាមួយអ្នកដទៃឬទេ ពីព្រោះយើងមិនទាន់អនុវត្តតាមគោលការណ៍ទាំងនេះបានល្អឥតខ្ចោះនៅឡើយទេ ។
-
តើការដឹងថា ព្រះអង្គសង្គ្រោះធ្វើការតាមរយៈមនុស្សដែលមិនល្អឥតខ្ចោះ ជួយខ្ញុំឲ្យកាន់តែមានឆន្ទៈក្នុងការចែកចាយបទពិសោធន៍នៃការជាសះស្បើយរបស់ខ្ញុំយ៉ាងដូចម្ដេច ?
ព្រះចេស្តានៃព្រះសម្រាប់នឹងជួយសង្គ្រោះ
« ដ្បិតខ្ញុំគ្មានសេចក្តីខ្មាសចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ ពីព្រោះជាព្រះចេស្តានៃព្រះ សម្រាប់នឹងជួយសង្គ្រោះដល់អស់អ្នកណាដែលជឿ គឺដល់ទាំងសាសន៍យូដាជាដើម និងសាសន៍ក្រេកផង » ( រ៉ូម ១:១៦ ) ។
-
តើខ្ញុំមានគំនិត និងអារម្មណ៍យ៉ាងណាដែរ នៅពេលខ្ញុំក្រឡេកមើលទៅការផ្លាស់ប្ដូរខាងវិញ្ញាណរបស់ខ្ញុំពេញមួយដំណើរការនៃការព្យាបាលនេះ ?
-
តើខ្ញុំស្ទាក់ស្ទើរក្នុងការចែកចាយបទពិសោធន៍របស់ខ្ញុំក្នុងដំណើរការព្យាបាលដែរឬទេ ? ហេតុអ្វីចាត់ថ្នាក់ខុសពីមុន ?
« ចូរចេញដំណើរទៅតាមទីណា តាមព្រះហឫទ័យរបស់យើងចុះ ហើយនឹងត្រូវបានប្រទានដល់អ្នកដោយព្រះដ៏ជាជំនួយ នូវអ្វីដែលអ្នកត្រូវធ្វើ និងទីណាដែលអ្នកត្រូវទៅ ។
« ចូរអធិស្ឋានជានិច្ច ក្រែងអ្នកចូលក្នុងសេចក្ដីល្បួង ហើយបាត់បង់រង្វាន់របស់អ្នក ។
« ចូរមានចិត្តស្មោះត្រង់រហូតដល់ទីបំផុត ហើយមើលន៏ យើងនៅជាមួយនឹងអ្នក ។ ព្រះបន្ទូលទាំងនេះពុំមែនមកពីមនុស្ស ឬមកពីមនុស្សលោកទេ តែមកពីយើង គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះដ៏ប្រោសលោះរបស់អ្នក តាមបំណងព្រះហឫទ័យនៃព្រះវរបិតា » ( គោលលទ្ធិនិង សេចក្តីសញ្ញា ៣១:១១–១៣ ) ។
ព្រះគម្ពីរមានពេញទៅដោយការណែនាំដើម្បីជួយយើងឲ្យរក្សាបាននូវរបៀបរស់នៅខាងវិញ្ញាណ ដែលនឹងនាំយើងត្រឡប់ទៅកាន់ព្រះវិញ ។
-
តើខ្ញុំរកឃើញការណែនាំជាក់លាក់អ្វីខ្លះពីក្នុងខគម្ពីរទាំងនេះ ?