ការញៀន
ឧបសម្ព័ន្ធ ៖ ការជ្រើសរើស​អ្នកឧបត្ថម្ភ


« ឧបសម្ព័ន្ធ ៖ ការជ្រើសរើស​អ្នកឧបត្ថម្ភ » ការព្យាបាល​តាមរយៈ​ព្រះអង្គ​សង្គ្រោះ ៖ កម្មវិធី​ព្យាបាល​ការញៀន មគ្គទេសក៍​ព្យាបាល ១២ ជំហាន ( ឆ្នាំ ២០២៣ )

« ការជ្រើសរើស​អ្នកឧបត្ថម្ភ » កម្មវិធី​ព្យាបាល​ការញៀន មគ្គទេសក៍​ព្យាបាល ១២ ជំហាន

ការជ្រើសរើស​អ្នកឧបត្ថម្ភ

ការធ្វើការ​ជាមួយ​នឹង​អ្នកឧបត្ថម្ភ អាច​ពន្លឿន​ការជា​សះស្បើយ​របស់​អ្នក ។ អ្នកឧបត្ថម្ភ​អាច​គាំទ្រ​ដល់​អ្នក​នៅក្នុង​ការរីក​ចម្រើន និង​ការតាំងចិត្ត​របស់​អ្នក​ដើម្បី​យកឈ្នះ​លើ​ឧបសគ្គ ការពឹងផ្អែក ឬ​ឥរិយាបថ​ញៀន​នានា​ដែល​អ្នក​កំពុង​ជួប​ប្រទះ ។ នៅក្នុង​ដំណើរ​នៃ​ការជា​សះស្បើយ​របស់​អ្នក អ្នក​មិន​ឯកោ​នោះ​ទេ អ្នកឧបត្ថម្ភ​គឺជា​មនុស្ស​ម្នាក់​ដែល « យល់ព្រម … កម្សាន្ដ​ទុក្ខ​ដល់​អស់​អ្នកណា​ដែល​កំពុង​ត្រូវការ​កម្សាន្ដ​ទុក្ខ ហើយ​ឈរ​ជា​សាក្សី​ដល់​ព្រះ » ( ម៉ូសាយ ១៨:៩ ) ។ សូម​ពិចារណា​ធ្វើការ​ជាមួយ​អ្នកឧបត្ថម្ភ​ម្នាក់​ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើបាន ។

តើ​អ្នកឧបត្ថម្ភ​គឺជា​នរណា ?

អ្នកឧបត្ថម្ភ​គឺជា​មនុស្ស​ម្នាក់​ដែល​ទទួល​បាន​ការព្យាបាល តាមរយៈ​ការឆ្លងកាត់​ជំហាន​ទាំង ១២ នេះ ។ ពួកគេ​អាច​យល់ពី​ឧបសគ្គ​ជាក់លាក់ ដែល​ទាក់ទង​នឹង​ការជា​សះស្បើយ ទោះបីជា​អ្នក​អាច​មិន​ស្គាល់​ឧបសគ្គ​ទាំងនោះ​ក្តី ។ អ្នកឧបត្ថម្ភ​មិន​ចាំបាច់​ជា​មិត្តភក្ដិ​ជិតស្និទ្ធ​បំផុត​របស់​អ្នក ឬ​ជា​អ្នកជំនាញ​ខាង​សុខភាព​ផ្លូវចិត្ត​នោះ​ទេ ។ ប៉ុន្ដែ តួនាទី​របស់​អ្នកឧបត្ថម្ភ​គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​ឆ្លងកាត់​ជំហាន​ទាំងឡាយ​នៃ​ការជា​សះស្បើយ ។

ការស្វែងរក​អ្នកឧបត្ថម្ភ

នៅក្នុង​កម្មវិធី​ព្យាបាល​ការញៀន​របស់​សាសនាចក្រ អ្នក​មិន​ត្រូវបាន​ចាត់តាំង​ឲ្យ​មាន​អ្នកឧបត្ថម្ភ​ជាក់លាក់​នោះ​ទេ ។ អ្នក​អាច​ទទួល​បាន​ការឧបត្ថម្ភ​តាម​របៀប​មួយ ដែល​ស័ក្ដិសម​នឹង​បទពិសោធន៍ តម្រូវការ និង​អត្តចរិត​របស់​អ្នក​រៀងៗ​ខ្លួន ។ ការឧបត្ថម្ភ​គឺជា​ការសម្រេច​ចិត្ត​រួមគ្នា​រវាង​អ្នក អ្នកឧបត្ថម្ភ និង​ព្រះអម្ចាស់ ។

ការស្វែងរក​នរណាម្នាក់​ដើម្បី​ឧបត្ថម្ភ​ដល់​អ្នក អាច​មាន​អារម្មណ៍​ថា​គួរឲ្យ​ខ្លាច ប៉ុន្ដែ​អ្នកដទៃ​អាច​ជួយ​អ្នក​បាន ។ របៀប​ដ៏ល្អ​បំផុត​ដើម្បី​រក​បាន​អ្នកឧបត្ថម្ភ​ម្នាក់ គឺ​ការចូលរួម​ក្នុង​កិច្ចប្រជុំពី​ការព្យាបាល​ជា​សះស្បើយ ។ អស់​អ្នក​ដែល​មាន​ឧបសគ្គ​ស្រដៀង​គ្នា ជារឿយៗ​មាន​សមត្ថភាព​យ៉ាង​ខ្លាំង​ដើម្បី​បង្ហាញ​ចិត្ត​សណ្ដោស​ដល់​ការពុះពារ​របស់​អ្នក ។ គំនិត​ខាងក្រោម​នេះ​អាច​មាន​ប្រយោជន៍​នៅក្នុង​ការសម្រេច​ចិត្ត​អំពី​អ្នកឧបត្ថម្ភ​ត្រឹមត្រូវ​ម្នាក់ ៖

  1. ស្វែងរក​ការណែនាំ​ខាង​វិញ្ញាណ​មកពី​ព្រះវរបិតា​សួគ៌ តាមរយៈ​ការអធិស្ឋាន និង​ការតម​អាហារ​អំពី​មនុស្ស​ដែល​អាច​ធ្វើជា​អ្នកឧបត្ថម្ភ​ដល់​អ្នក​បាន ។

  2. ពិចារណា​ជ្រើសរើស​នរណាម្នាក់​ដែល​ចំណាយ​ពេលវេលា​ច្រើន​នៅក្នុង​ការព្យាបាល និង​បាន​ឆ្លងកាត់​ជំហាន​ទាំង ១២ ។

  3. សូមស្ដាប់ នៅពេល​មនុស្ស​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ​នៅក្នុង​ការព្យាបាល ហើយ​ពិចារណា​ពី​មនុស្ស​ដែល​អ្នក​ភ្ជាប់​ជាមួយ​បាន ។

  4. អ្នកដឹកនាំ​ក្រុម និង​អ្នកសម្រប​សម្រួល​អាច​ណែនាំ​អ្នក​ឲ្យ​ស្គាល់​បេក្ខជន​ដែល​ត្រឹមត្រូវ និង​ស្ម័គ្រចិត្ត​បាន ។

  5. សួរ​មនុស្ស​ដែល​អ្នក​មាន​អារម្មណ៍​ថា​ស័ក្ដិសម ។

  6. អ្នក​គួរតែ​ជ្រើសរើស​អ្នកឧបត្ថម្ភ​ម្នាក់ ដែល​មាន​ភេទ​ដូចគ្នា​នឹង​អ្នក ( លើកលែង​តែ​អ្នកឧបត្ថម្ភ​នោះ​គឺជា​សាច់ញាតិ​ម្នាក់ ) ។

  7. នៅពេល​អ្នក​ចាប់ផ្ដើម​ដំណើរការ​នៃ​ការផ្លាស់ប្ដូរ​នេះ អ្នក​អាច​ងាយ​នឹង​រង​ការឈឺចាប់​ខាង​ផ្លូវកាយ ផ្លូវចិត្ត និង​ខាង​វិញ្ញាណ ។ សូម​ប្រុង​ប្រយ័ត្ន ដើម្បី​កុំ​បង្កើត​ទំនាក់ទំនង​មួយ​ដែល​ពឹងផ្អែក​លើ​អ្នកឧបត្ថម្ភ​ឡើយ ។

  8. អ្នក​អាច​សុំ​នរណាម្នាក់​ឲ្យ​ធ្វើជា​អ្នកឧបត្ថម្ភ​ដល់​អ្នក​ក្នុង​រយៈពេល​បណ្ដោះ​អាសន្ន​បាន​ជានិច្ច ។ អ្នក​អាច​ប្ដូរ​អ្នកឧបត្ថម្ភ​បាន​គ្រប់​ពេលវេលា​ទាំងអស់ ។

ការធ្វើជា​អ្នកឧបត្ថម្ភ​ដ៏មាន​ប្រសិទ្ធភាព

ការធ្វើជា​អ្នកឧបត្ថម្ភ​គឺជា​សកម្មភាព​បម្រើ​ដ៏អស្ចារ្យ​មួយ នៅពេល​អ្នក​ចែកចាយ​បទពិសោធន៍ សេចក្ដី​ជំនឿ និង​សេចក្ដី​សង្ឃឹម​របស់​អ្នក​ផ្ទាល់ ដែល​អ្នក​បាន​ទទួល ពេល​ឆ្លងកាត់​ជំហាន​ទាំង ១២ នៃ​ការព្យាបាល និង​ការជា​សះស្បើយ​តាមរយៈ​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ ។ អ្នកឧបត្ថម្ភ​សួរ​សំណួរ​ដែល​បាន​គិតគូរ ចង្អុល​បង្ហាញ​ធនធាន​នានា ប្រាប់ពី​ជំនួយ​ជាក់ស្ដែង​ស្ដីពី​របៀប​ឆ្លងកាត់​ជំហាន​ទាំងនេះ ហើយ​លើក​ទឹកចិត្ត​អ្នក​ដែល​ពួកគេ​ឧបត្ថម្ភ​ឲ្យ​ចូលរួម​ការប្រជុំ​ការព្យាបាល ។ អ្នកឧបត្ថម្ភ​យល់​ថា អ្នកដទៃ​អាច​ដើរតួ​មួយ​នៅក្នុង​ដំណើរ​ជា​សះស្បើយ​របស់​បុគ្គល​ម្នាក់ ហើយ​នឹង​មិន​អន់ចិត្ត​ឡើយ ប្រសិនបើ​មនុស្ស​ដែល​ពួកគេ​ឧបត្ថម្ភ​នោះ​ស្វែងរក​ការគាំទ្រ​ពី​មនុស្ស​ដទៃ ឬ​ជ្រើសរើស​ដើម្បី​ផ្លាស់ប្តូរ​អ្នកឧបត្ថម្ភ ។ ខាងក្រោម​នេះ​គឺជា​គោលការណ៍​មួយ​ចំនួន​ដើម្បី​ធ្វើជា​អ្នកឧបត្ថម្ភ​ដ៏មាន​ប្រសិទ្ធភាព ៖

  1. ដាក់​អាទិភាព​លើ​ព្រះ មុន​អ្នកណា​ផ្សេងទៀត​ទាំងអស់ ។ ចងចាំ​ដល់​ព្រះ​ជានិច្ច ហើយ​ជួយ​មនុស្ស​ដែល​អ្នក​ឧបត្ថម្ភ​ឲ្យ​ពឹងផ្អែក​លើ​ទ្រង់ ។ ប្រយ័ត្ន​ប្រយែង​ដើម្បី​កុំ​ឲ្យ​មនុស្ស​ដែល​អ្នក​ឧបត្ថម្ភ​មាន​ការពឹងផ្អែក​ខ្លាំងពេក​លើ​អ្នក ។ ការទទួល​ខុសត្រូវ​របស់​អ្នក​ក្នុងនាមជា​អ្នកឧបត្ថម្ភ គឺ​ត្រូវ​លើក​ទឹកចិត្ត​អ្នកដទៃ​ឲ្យ​ងាក​ទៅរក​ព្រះវរបិតា​សួគ៌ និង​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ទទួល​បាន​ការណែនាំ និង​អំណាច ។ តួនាទី​របស់​អ្នក​គឺ​ត្រូវ​ចែកចាយ​បទពិសោធន៍​របស់​អ្នក​អំពី​សេចក្ដី​ជំនឿ និង​សេចក្ដី​សង្ឃឹម ដើម្បី​ជួយ​បុគ្គល​ដែល​អ្នក​គាំទ្រ ឲ្យ​ទទួល​អារម្មណ៍​ថា​បាន​ស្រឡាញ់ និង​គាំទ្រ​ដោយ​ព្រះ ។

  2. ធ្វើជា​អ្នកចូលរួម​ដ៏​សកម្ម​នៅក្នុង​ការព្យាបាល អ្នកឧបត្ថម្ភ​ត្រូវ​ស្ថិត​នៅក្នុង​ការជា​សះស្បើយ​រយៈពេល​ចាំបាច់​មួយ មុនពេល​អាច​ឧបត្ថម្ភ​នរណាម្នាក់​បាន ( ជាទូទៅ ១២ ខែ​ឡើង ) ហើយ​ចូលរួម​យ៉ាង​សកម្ម​នៅក្នុង​ការអនុវត្ត និង​ការសិក្សា​គោលការណ៍​នៃ​ការព្យាបាល ។ អ្នក​អាច​មាន​អារម្មណ៍​ថា​មាន​សម្ពាធ​បន្ថែម​នៅក្នុង​ដំណើរ​ជា​សះស្បើយ​របស់​អ្នក​ផ្ទាល់ នៅពេល​អ្នក​ចាប់ផ្ដើម​ឧបត្ថម្ភ​អ្នកផ្សេងទៀត ។ សូម​ប្រយ័ត្ន​កុំ​បង្ក​គ្រោះថ្នាក់​ដល់​ការជា​សះស្បើយ​របស់​អ្នក​ផ្ទាល់ ដោយសារ​ការឧបត្ថម្ភ​ដល់​អ្នកផ្សេង​ឡើយ ។ អ្នកឧបត្ថម្ភ​អនុវត្ត​ការថែទាំ​ខ្លួនឯង និង​សុំ​ជំនួយ ឬ​ការគាំទ្រ​នៅពេល​ចាំបាច់ ។

  3. សូម​មាន​ចិត្ត​រាបសា ។ ក្នុងនាមជា​អ្នកឧបត្ថម្ភ តួនាទី​របស់​អ្នក​គឺ​ដើម្បី​ប្រើ​កម្លាំង​របស់​អ្នក​ដើម្បី​ផ្ដល់​ការគាំទ្រ និង​ការណែនាំ ។

  4. សូម​គោរព​ដល់​សិទ្ធិ​ជ្រើសរើស​របស់​អ្នកដទៃ និង​រៀន​មាន​ចិត្ត​អំណត់ ។ ការឧបត្ថម្ភ​ដ៏មាន​ប្រសិទ្ធភាព​កើត​មាន « ដោយ​ការលួងលោម ដោយ​ការអត់ធ្មត់ ដោយ​ការទន់ភ្លន់ និង​ការស្លូតបូត និង​ដោយ​ការស្រឡាញ់​ស្មោះត្រង់​ប៉ុណ្ណោះ ដោយ​ចិត្ត​ល្អ និង​ដោយ​ការចេះដឹង​ពេញទី » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២១:៤១–៤២ ) ។ សូម​ចៀសវាង​ពី​ការព្យាយាម​កែតម្រូវ​អ្នកដទៃ​តាម​របៀប​ណាមួយ ។ សូម​ជួយ​អ្នកដទៃ​ឲ្យ​ពិចារណា​ពី​គោលការណ៍ និង​ការអនុវត្ត​នានា រួចហើយ​គាំទ្រ​ដល់​ពួកគេ នៅពេល​ពួកគេ​ធ្វើការ​សម្រេច​ចិត្ត​ដោយ​ខ្លួនឯង ។ សូម​គោរព​ដល់​សិទ្ធិ​ជ្រើសរើស​របស់​ពួកគេ និង​មាន​សង្ឃឹម​ថា ព្រះអម្ចាស់​នឹង​ជួយ​ដល់​ពួកគេ នៅពេល​ពួកគេ​ងាក​ទៅរក​ទ្រង់ ។ បុគ្គល​ដែល​អ្នក​កំពុង​ជួយ អាច​មិន​ទាន់​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ឆ្ពោះ​ទៅមុខ​ទេ ។ គាត់​អាច​ប្រព្រឹត្ត​ឥរិយាបថ​មិន​ល្អ​ឡើងវិញ ឬ​យឺតយ៉ាវ​ក្នុង​ការធ្វើតាម​គោលការណ៍ និង​ការអនុវត្ត​នានា​នៃ​ការផ្លាស់ប្ដូរ​ស្មោះត្រង់ ។ អ្នកឧបត្ថម្ភ​ត្រូវតែ​មាន​ចិត្ត​អំណត់​ជាមួយ​អ្នកដទៃ នៅពេល​ពួកគេ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅរក​ការជា​សះស្បើយ ។

  5. បម្រើ​ដោយ​មិន​គិតពី​ខ្លួនឯង ។ ការបម្រើ​ដោយ​មិន​គិតពី​ខ្លួនឯង តម្រូវ​ឲ្យ​ផ្ដល់​ឲ្យ​ដោយ​ឥត​សង្ឃឹម​ថា​ចង់​បាន​អ្វី​តប​វិញ​ឡើយ ។ អ្នកឧបត្ថម្ភ​គួរតែ​មាន​សមត្ថភាព​ខ្ពស់​ដើម្បី​យល់ចិត្ត និង​ស្ម័គ្រចិត្ត​លះបង់​ពេលវេលា និង​កិច្ចខិតខំ​សម្រាប់​មនុស្ស​ដែល​ពួកគេ​ឧបត្ថម្ភ ។ ចៀសវាង​ការចង់​បាន​ការសរសើរ ការស្ញប់ស្ញែង ភក្ដីភាព ឬ​រង្វាន់​ខាង​សតិ​អារម្មណ៍​ផ្សេងទៀត​មកពី​មនុស្ស​ដែល​អ្នក​ឧបត្ថម្ភ ។

  6. គោរព​ការបេ្ដជ្ញាចិត្ត​ផ្ទាល់ខ្លួន​របស់​អ្នក ។ ការធ្វើជា​អ្នកឧបត្ថម្ភ​មិន​មាន​ន័យ​ថា មនុស្ស​ដែល​អ្នក​ឧបត្ថម្ភ​គួរតែ​មាន​សិទ្ធិ​ដោយ​គ្មាន​ព្រំដែន​ដើម្បី​ប្រើប្រាស់​ពេលវេលា និង​ធនធាន​របស់​អ្នក​នោះ​ទេ ។ អ្នក​អាច​ធ្វើជា​គំរូ​មួយ​នៃ​សារៈសំខាន់​នៃ​ការដាក់​ព្រំដែន​ដែល​មាន​សុខុមាលភាព តាមរយៈ​ការគោរព​ដល់​ការប្ដេជ្ញាចិត្ត​ផ្សេងទៀត​របស់​អ្នក រួមមាន​ការប្ដេជ្ញាចិត្ត​ចំពោះ​គ្រួសារ​របស់​អ្នក សាសនាចក្រ ការងារ​របស់​អ្នក និង​ពេលវេលា​ផ្ទាល់ខ្លួន​របស់​អ្នក ។ សូម​ចាំពី​ការប្រឹក្សា​ដែល​ស្ដេច​បេនយ៉ាមីន​បាន​ផ្ដល់​ឲ្យ​នៅក្នុង ម៉ូសាយ ៤:២៧ ៖ « ហើយ​ចូរ​ឲ្យ​ឃើញ​ថា គ្រប់ការណ៍​ទាំងនេះ​ត្រូវបាន​ប្រព្រឹត្ត​ឡើង​ក្នុង​ប្រាជ្ញា និង​របៀប​រៀបរយ ដ្បិត​មិនត្រូវឲ្យ​អ្នកណា​រត់​លឿន​ជាង​កម្លាំង​ដែល​គេ​មាន​នោះ​ឡើយ » ។

  7. អធិស្ឋាន​ជានិច្ច រាល់​ពេល​ដែល​អ្នក​ជ្រើសរើស​ដើម្បី​ឧបត្ថម្ភ​នរណាម្នាក់ សូម​ស្វែងរក​ការណែនាំ​ពី​ព្រះអម្ចាស់​ដើម្បី​ដឹង​ថា តើ​គោលការណ៍ ឬ​ការអនុវត្ត​មួយណា​ដែល​នឹង​មាន​ប្រយោជន៍​បំផុត​សម្រាប់​តម្រូវការ​បច្ចុប្បន្ន​របស់​បុគ្គល​នេះ ។ សូម​អធិស្ឋាន​ជានិច្ច នៅពេល​អ្នក​ពិចារណា​ពី​របៀប​ដើម្បី​បម្រើ ហើយ​សូម​ខិតខំ​ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​ដឹកនាំ​អ្នក​ជានិច្ច ។

  8. ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត អ្នក​អាច​មាន​អារម្មណ៍​បំផុស​ឲ្យ​ចែកចាយ​បទពិសោធន៍ ដើម្បី​អនុញ្ញាត​ឲ្យ​អ្នកដទៃ​ដឹង​ថា អ្នក​អាច​យល់​បាន ។ អ្នក​ក៏​អាច​ថ្លែង​ទីបន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ និង​ព្រះចេស្ដា​ព្យាបាល​របស់​ទ្រង់​បាន​ផងដែរ ។ សេចក្ដីពិត​ដែល​ថា ព្រះ​គឺជា​ព្រះ​នៃ​អព្ភូតហេតុ គឺជា​គន្លឹះ ( សូម​មើល មរ៉ូណៃ ៧:២៩ ) ។ ការចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដី​មេត្តា​ករុណា និង​ព្រះគុណ​របស់​ទ្រង់​អាច​ជា​ការបម្រើ​ដ៏សំខាន់​បំផុត​មួយ ដែល​អ្នក​អាច​ផ្ដល់​ឲ្យ​បាន ។

  9. រក្សា​ការសម្ងាត់ ក្នុងនាមជា​អ្នកឧបត្ថម្ភ​ម្នាក់ អ្នក​មាន​ការទទួល​ខុសត្រូវ​មួយ​ដើម្បី​ការពារ​ឯកជនភាព​របស់​អ្នកដទៃ ។ ភាពអនាមិក និង​ការសម្ងាត់​គឺជា​គោលការណ៍​ស្នូល​ដ៏សំខាន់​នៅក្នុង​ការពង្រឹង​សមត្ថភាព​របស់​អ្នក​ដើម្បី​ឧបត្ថម្ភ និង​ជួយ​ដល់​អ្នកដទៃ ។