« ជំហានទី ៩ ៖ នៅកន្លែងណាដែលអាចធ្វើបាន ផ្ដល់សំណងដោយផ្ទាល់ជូនមនុស្សទាំងអស់ដែលយើងបានបង្កឲ្យមានគ្រោះថ្នាក់ » ការព្យាបាលតាមរយៈព្រះអង្គសង្គ្រោះ ៖ កម្មវិធីព្យាបាលការញៀន មគ្គទេសក៍ព្យាបាល ១២ ជំហាន ( ឆ្នាំ២០២៣ )
« ជំហានទី ៩ » កម្មវិធីព្យាបាលការញៀន មគ្គទេសក៍ព្យាបាល ១២ ជំហាន
ជំហានទី ៩ ៖ នៅកន្លែងណាដែលអាចធ្វើបាន សូមផ្ដល់សំណងដោយផ្ទាល់ជូនមនុស្សទាំងអស់ដែលយើងបានបង្កឲ្យមានគ្រោះថ្នាក់ ។
គោលការណ៍សំខាន់ ៖ ធ្វើការកែតម្រូវ
ពេលយើងបន្តឈានទៅជំហានទី ៩ យើងបានត្រៀមខ្លួនជាស្រេចដើម្បីស្វែងរកការអភ័យទោស។ ដូចជាពួកបុត្រាដែលប្រែចិត្តរបស់សេ្តចម៉ូសាយដែលបានធ្វើដំណើរ « ខំប្រឹងយ៉ាងអស់ពីចិត្ត ដើម្បីជួសជុលនូវការខូចខាតទាំងអស់ ដែលពួកគេបានធ្វើ » ( ម៉ូសាយ ២៧:៣៥ ) ដែរ យើងចង់ធ្វើការកែតម្រូវ ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលយើងប្រឈមមុខនឹងជំហានទី ៩ យើងបានដឹងថាយើងមិនអាចអនុវត្តបំណងប្រាថ្នារបស់យើងបានទេ លុះត្រាតែព្រះប្រទានពរដល់យើងជាមួយនឹងព្រះវិញ្ញាណរបស់ទ្រង់ ។ យើងត្រូវការភាពក្លាហាន ការវិនិច្ឆ័យល្អ ការយល់ចិត្ត ការប្រុងប្រយ័ត្ន និងពេលវេលាសមស្រប ។ យើងភាគច្រើនមិនមាននូវគុណសម្បត្តិទាំងនេះនៅពេលនោះទេ ។ យើងបានដឹងថាជំហានទី ៩ នឹងជាការសាកល្បងនូវបំណងប្រាថ្នារបស់យើងម្តងទៀត ដើម្បីបន្ទាបខ្លួនយើង ហើយស្វែងរកជំនួយនិងព្រះគុណរបស់ព្រះអម្ចាស់ ។
ដោយសារបទពិសោធន៍របស់យើងក្នុងដំណើរការដ៏លំបាកនេះ យើងសូមផ្ដល់នូវយោបល់មួយចំនួន ។ វាសំខាន់ណាស់ដែលយើងមិនរំជួលចិត្ត ឬមិនធ្វេសប្រហែស នៅពេលយើងព្យាយាមធ្វើការកែតម្រូវនោះ ។ វាសំខាន់ស្មើគ្នាដែលយើងមិនត្រូវពន្យារពេលនោះទេ ។ មនុស្សជាច្រើនដែលបានជាសះស្បើយបានលាប់មកវិញ នៅពេលដែលពួកគេបានអនុញ្ញាតឲ្យការភ័យខ្លាចរារាំងពួកគេពីការធ្វើការកែតម្រូវ ។ យើងត្រូវអធិស្ឋានសុំការណែនាំរបស់ព្រះអម្ចាស់ អំពីពេលវេលា និងរបៀបដើម្បីធ្វើការកែតម្រូវ ។ លើសពីនេះទៅទៀត វាមានប្រយោជន៍ក្នុងការនិយាយជាមួយអ្នកឧបត្ថម្ភ អ្នកដឹកនាំសាសនាចក្រ ឬអ្នកដទៃទៀតដដែលយើងទុកចិត្ត ។
ជួនកាល យើងអាចត្រូវបានល្បួងឲ្យចៀសវាងពីការជួបជាមួយមនុស្សម្នាក់នៅក្នុងបញ្ជីរបស់យើង ។ ទោះជាយ៉ាងណាក៏ដោយ យើងសូមផ្តល់អនុសាសន៍ឲ្យអ្នកទប់ទល់នឹងការល្បួងនេះ ជាការពិតណាស់លើកលែងតែមានការរឹតបន្តឹងផ្លូវច្បាប់ដែលរារាំងអ្នកមិនឲ្យជួបជាមួយនរណាម្នាក់ ។ នៅពេលដែលយើងមានភាពរាបសា និងស្មោះត្រង់ ហើយខិតខំប្រឹងប្រែងដ៏សមហេតុផលដើម្បីជួបដោយផ្ទាល់ នោះយើងអាចជួសជុលទំនាក់ទំនងដែលខូចខាតបាន ។ យើងសូមឲ្យពួកគេដឹងថា យើងកំពុងទៅរកពួកគេដើម្បីធ្វើការកែតម្រូវឡើងវិញ ។ យើងគោរពបំណងប្រាថ្នារបស់ពួកគេ ប្រសិនបើពួកគេបង្ហាញថា ពួកគេមិនចង់ពិភាក្សាអំពីបញ្ហានោះទេ ។ ប្រសិនបើពួកគេផ្តល់ឱកាសឲ្យយើងសុំទោស នោះយើងធ្វើដោយសង្ខេប និងជាក់លាក់អំពីស្ថានភាពនេះ ។ យើងប្រុងប្រយ័ត្នដោយមិនធ្វើការដោះសា ឬដាក់សម្ពាធលើមនុស្សដែលយើងទៅរកនោះទេ ។ គោលបំណងនៃការកែតម្រូវនោះគឺមិនមែនដើម្បីផ្តល់ហេតុផលដល់ឥរិយាបថរបស់យើង ឬរិះគន់មនុស្សឡើយ គោលបំណងគឺដើម្បីសារភាពកំហុសរបស់យើង សូមអភ័យទោស និងផ្តល់សំណងនៅពេលណាដែលអាចធ្វើទៅបាន ។ យើងមិនប្រកែកគ្នាទេ ទោះបីជាការឆ្លើយតបរបស់ពួកគេមិនល្អ ឬទទួលយកមិនបានក៏ដោយ ។ យើងចូលទៅជិតមនុស្សម្នាក់ៗដោយរាបសាហើយផ្ដល់នូវការផ្សះផ្សាមិនមែនជាហេតុផលនោះទេ ។
វាប្រហែលជាមានការលំបាកជាពិសេសក្នុងការសុំទោសចំពោះសកម្មភាពជាក់លាក់មួយចំនួន ។ ឧទាហរណ៍ យើងប្រហែលជាត្រូវដោះស្រាយបញ្ហាដែលអាចមានផលរំខានផ្លូវច្បាប់ ដូចជាការលួច ឬការរំលោភបំពានជាដើម ។ យើងអាចនឹងត្រូវបានល្បួងឲ្យមានប្រតិកម្មហួសហេតុ ធ្វើការដោះសា ឬចៀសវាងការធ្វើការកែតម្រូវ ។ យើងស្វែងរកដំបូន្មានថ្នាក់ដឹកនាំខាងសាសនា ឬអ្នកមានវិជ្ជាជីវៈប្រកបដោយការអធិស្ឋាន មុននឹងចាត់វិធានការណាមួយក្នុងករណីដ៏ធ្ងន់ធ្ងរទាំងនេះ ។
ក្នុងករណីផ្សេងទៀត យើងប្រហែលជាមិនអាចធ្វើការកែតម្រូវដោយផ្ទាល់បានទេ ។ បុគ្គលនោះប្រហែលជាបានស្លាប់ ឬយើងប្រហែលជាមិនដឹងថាគាត់រស់នៅកន្លែងណាទេ ។ ក្នុងករណីបែបនេះ យើងនៅតែអាចធ្វើការកែតម្រូវដោយប្រយោល ។ យើងអាចសរសេរលិខិតមួយដែលបង្ហាញពីការសោកស្តាយរបស់យើង និងបំណងប្រាថ្នារបស់យើងក្នុងការផ្សះផ្សា ទោះបីជាលិខិតនោះមិនអាចផ្ញើទៅបានក៏ដោយ ។ យើងអាចរកឃើញនរណាម្នាក់ដែលរំឭកយើងពីបុគ្គលនោះ ហើយធ្វើអ្វីមួយដើម្បីជួយគាត់ឬនាង ឬយើងអាចធ្វើអ្វីមួយដោយមិនបញ្ចេញឈ្មោះដើម្បីជួយសមាជិកគ្រួសាររបស់បុគ្គលនោះ ។
ក្នុងករណីខ្លះ យើងប្រហែលជាបានធ្វើឲ្យខូចខាតនូវអ្វីដែលយើងមិនអាចជួសជុលបាន ។ អែលឌើរ នែល អិល អាន់ឌើរសិន បានបង្រៀនថា ៖
« មានកំហុសជាច្រើនដែលមិនអាចធ្វើឲ្យត្រឹមត្រូវវិញបានដោយអ្នកដែលបានបង្កឲ្យឈឺចាប់ ឬអាក់អន់ចិត្តនោះឡើយ ហើយមានការឈឺចាប់ និងការរងទុក្ខដែលមិនអាចជួសជុលបានទាំងស្រុងឡើយ ។ ប៉ុន្តែសូមកុំច្រានចោលការផ្តល់សំណងដ៏សប្បុរសដែលអ្នកអាចធ្វើបានឡើយ ការរងទុក្ខដែលអ្នកអាចសម្រាលបាន ទោះបីជាសេចក្ដីស្រឡាញ់ ភាពបរិសុទ្ធ គុណធម៌ ការទុកចិត្ត និងការគោរពអាចនឹងមិនអាចស្តារឡើងវិញបានដោយគ្មានការអន្តរាគមន៍ពីព្រះអម្ចាស់ក្ដី ។ … សម្រាប់អំពើបាបមួយចំនួន វិធីតែមួយគត់ដើម្បីធ្វើការផ្តល់សំណងអាចនឹងមកពីការផ្តល់ពរជ័យដល់ជីវិតអ្នកដទៃ និងធ្វើជាឧបករណ៍នៅក្នុងព្រះហស្តរបស់ព្រះអម្ចាស់ ដើម្បីនាំមកនូវសេចក្តីល្អ និងព្រះគុណរបស់ទ្រង់ដល់អ្នកដទៃ » ( The Divine Gift of Forgiveness [ ឆ្នាំ ២០១៩ ] ទំព័រ ២១៨, ២២១ ) ។
ចាប់តាំងពីពេលដែលយើងសម្រេចចិត្តអនុវត្តគោលការណ៍ពិតទាំងនេះនៅក្នុងរបៀបរស់នៅថ្មីរបស់យើង យើងបានចាប់ផ្ដើមធ្វើការកែតម្រូវការរស់នៅរបស់យើងហើយ ។ យើងធ្វើការកែតម្រូវរបៀបរស់នៅរបស់យើង ហើយនៅពេលយើងរស់នៅក្នុងការព្យាបាល វាប្រទានពរដល់មនុស្សគ្រប់គ្នាដែលរស់នៅជុំវិញយើង ។
ប្រហែលជាមានស្ថានភាពមួយចំនួនដែលការចូលទៅ ដើម្បីធ្វើការកែតម្រូវអាចនឹងមានការឈឺចាប់ ឬគ្រោះថ្នាក់ចំពោះបុគ្គលនោះផងដែរ ។ ប្រសិនបើអ្នកគិតថា វាអាចមានជាករណីបែបនេះ សូមពិភាក្សាអំពីស្ថានភាពនេះជាមួយអ្នកឧបត្ថម្ភ ឬទីប្រឹក្សាដែលគួរឲ្យទុកចិត្តរបស់អ្នក ។ ជំហាននៃការព្យាបាលនេះមិនគួរបង្កគ្រោះថ្នាក់ ឬទុក្ខកង្វល់បន្ថែមទៀតដល់អ្នកដទៃឡើយ ។
បន្ទាប់ពីធ្វើការកែតម្រូវសម្រាប់សកម្មភាពកន្លងមកភាគច្រើនរបស់យើងហើយ ប្រហែលជានៅតែមានមនុស្សម្នាក់ ឬពីរនាក់ដែលយើងមានអារម្មណ៍ថា យើងមិនអាចប្រឈមមុខបាន ។ យើងជាច្រើនបានដោះស្រាយនឹងការពិតនេះ ។ យើងសូមផ្តល់អនុសាសន៍ឲ្យអ្នកបែរទៅព្រះអម្ចាស់ដោយការអធិស្ឋានដ៏ស្មោះត្រង់ ។ ប្រសិនបើអ្នកនៅតែភ័យខ្លាច ឬខឹងនឹងនរណាម្នាក់ អ្នកគួរតែពន្យារពេលជួបជាមួយគាត់ឬនាងសិន ។ យើងអាចយកឈ្នះអារម្មណ៍អវិជ្ជមានដោយអធិស្ឋានសុំសេចក្ដីសប្បុរស ដើម្បីមើលបុគ្គលនោះដូចដែលព្រះអម្ចាស់ទតឃើញគាត់ ឬនាង ។ យើងអាចស្វែងរកហេតុផលវិជ្ជមានថា ហេតុអ្វីបានជាការផ្តល់សំណង និងការផ្សះផ្សានឹងជួយបាន ។ ប្រសិនបើ យើងធ្វើកិច្ចការទាំងនេះ ហើយមានចិត្តអត់ធ្មត់ ព្រះអម្ចាស់អាចនឹងផ្តល់ឱកាសដ៏អស្ចារ្យដល់យើង—ទៅតាមរបៀបរបស់ទ្រង់ និងតាមពេលវេលាផ្ទាល់របស់ទ្រង់—ដើម្បីស្វែងរកការអភ័យទោសពីមនុស្សគ្រប់គ្នានៅក្នុងបញ្ជីរបស់យើង ។
ក្នុងករណីខ្លះ បុគ្គលនោះនឹងមិនអភ័យទោស ឬមិនអាចអភ័យទោសឲ្យយើងទេ ។ មនុស្សមួយចំនួនទៀតអាចនឹងអភ័យទោសដល់យើង ប៉ុន្តែមិនចង់ផ្សះផ្សា ឬមានទំនាក់ទំនងជាមួយយើងឡើយ ។ ទោះបីការណ៍នេះអាចជាការបាក់ទឹកចិត្ត ឬឈឺចាប់សម្រាប់យើងក៏ដោយ ក៏វាសំខាន់ក្នុងការគោរពដល់អារម្មណ៍របស់ពួកគេ និងគោរពដល់សិទ្ធិជ្រើសរើសរបស់ពួកគេ ។ ជំហានទី ៩ គឺស្តីពីការធ្វើផ្នែករបស់យើង ដើម្បីធ្វើការកែតម្រូវ ។ ជំហាននេះមិនតម្រូវឲ្យមនុស្សដទៃអភ័យទោស ឬផ្សះផ្សាជាមួយយើងទេ ។ នៅពេលយើងធ្វើផ្នែករបស់យើងក្នុងការខិតខំដោយស្មោះត្រង់ ដើម្បីធ្វើការកែតម្រូវ យើងធ្វើតាមជំហានទី ៩ ហើយឈានទៅមុខក្នុងដំណើរព្យាបាលរបស់យើង ។
ជំហានសកម្មភាព
នេះគឺជាកម្មវិធីដែលធ្វើសកម្មភាព ។ ការរីកចម្រើនរបស់យើងពឹងផ្អែកលើការអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមជំហានទាំងនេះនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ។ ការណ៍នេះត្រូវបានហៅថា « ការធ្វើតាមជំហាន » ។ សកម្មភាពខាងក្រោមនេះជួយយើងឲ្យមករកព្រះគ្រីស្ទ ហើយទទួលបានការណែនាំ និងអំណាចដែលចាំបាច់ ដើម្បីធ្វើតាមជំហានបន្ទាប់ក្នុងដំណើរព្យាបាលរបស់យើង ។
ការទៅរកអ្នកដទៃ
នៅក្នុងជំហានទី ៨ យើងបានធ្វើបញ្ជី និងពិចារណាប្រកបដោយការអធិស្ឋានពីពេលណា និងដោយរបៀបណាដើម្បីទៅរកមនុស្សនៅក្នុងបញ្ជីរបស់យើង ។ យើងបានពិភាក្សាអំពីផែនការរបស់យើងជាមួយអ្នកឧបត្ថម្ភ ឬអ្នកផ្ដល់ប្រឹក្សាដែលគួរឲ្យទុកចិត្តរបស់យើង ហើយបន្ទាប់មកយើងបានត្រៀមខ្លួនជាស្រេចសម្រាប់ជំហានទី ៩ —គឺដើម្បីទាក់ទងមនុស្សនៅក្នុងបញ្ជីរបស់យើង ( ប្រសិនបើអាច និងសមរម្យ ) ។ នៅពេលយើងទាក់ទងមនុស្សដើម្បីធ្វើការកែតម្រូវ យើងមិនចាំបាច់ពន្យល់លម្អិតយ៉ាងខ្លាំងអំពីការញៀនរបស់យើងទេ ។ ប៉ុន្តែយើងគួរតែចែកចាយព័ត៌មានលម្អិតគ្រប់គ្រាន់ដើម្បីជួយពួកគេឲ្យយល់កាន់តែច្បាស់ពីមូលហេតុដែលយើងត្រូវនិយាយជាមួយពួកគេ ។
សូមទទួលស្គាល់កំហុសរបស់យើង ហើយសួរពីអ្វីដែលយើងអាចធ្វើបានដើម្បីដោះស្រាយបញ្ហាទាំងនោះឡើងវិញ ។ មិនថាពួកគេអភ័យទោសដល់យើង ឬអត់នោះទេ គឺវាអាស្រ័យទៅលើពួកគេ ។ មនុស្សដែលយើងទៅរកនោះ អាចមានសំណួរដែលសមរម្យសម្រាប់យើងដើម្បីឆ្លើយ ។ សូមចាំថា សូមឆ្លើយសំណួររបស់ពួកគេតាមរបៀបមួយដែលនឹងមិនធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងនោះទៀតទេ ។ ប្រសិនបើអ្នកមានការសង្ស័យ សូមប្រាប់ពួកគេដោយសាមញ្ញថា អ្នកចង់គិតអំពីរឿងនេះបន្ថែមទៀត ហើយនឹងត្រឡប់មករកពួកគេវិញ ។ បន្ទាប់មក អ្នកអាចពិភាក្សាជាមួយអ្នកឧបត្ថម្ភ ឬអ្នកប្រឹក្សាដែលគួរឲ្យទុកចិត្តរបស់អ្នកអំពីវិធីបែបណា និងពេលណាដើម្បីឆ្លើយសំណួរទាំងនេះ ។
ពេលខ្លះយើងអាចមានអារម្មណ៍រំជួលចិត្តក្នុងអំឡុងពេលដំណើរការនេះ ។ យើងអធិស្ឋាន និងទូលសូមជំនួយពីព្រះអម្ចាស់ ដើម្បីរក្សាភាពស្ងប់ស្ងាត់ និងផ្តោតលើគោលបំណងនៃការទៅជួបរបស់យើង ។ យើងអាចត្រូវបានល្បួងឲ្យដោះស្រាយ ឬពន្យល់ពីទង្វើរបស់យើងដោយលើកឡើង ឬផ្តោតលើអ្វីដែលនរណាម្នាក់បានធ្វើ ប៉ុន្តែយើងគួរតែទប់ទល់នឹងការល្បួងនេះ ។ យើងត្រូវតែបន្តផ្តោតអារម្មណ៍ទៅលើការធ្វើការកែតម្រូវសម្រាប់ទង្វើ របស់យើង ទាំងប៉ុន្មាន ។
យើងពិភាក្សាអំពីអ្វីដែលយើងអាចធ្វើ ដើម្បីផ្តល់សំណងជាមួយមនុស្សដែលយើងបានធ្វើខុស ។ ឧទាហរណ៍ ប្រសិនបើយើងត្រូវផ្តល់សំណងដោយបង់ប្រាក់សងវិញ នោះបុគ្គលនោះអាចនឹងអធ្យាស្រ័យដល់បំណុលនោះ ដោយសុំប្រាក់ដើម ឬសុំការប្រាក់ ។ យើងប្រហែលជាមិនចាំបាច់បំពេញតាមការរំពឹងទុករបស់ពួកគេនោះទេ ទោះជាយ៉ាងណាក៏ដោយ វាសំខាន់ក្នុងការយល់ពីអារម្មណ៍របស់បុគ្គលនោះនូវអ្វីដែលយើងត្រូវធ្វើដើម្បីធ្វើការកែតម្រូវ ហើយយើងគួរតែពិចារណាប្រកបដោយការអធិស្ឋានសម្រាប់ការណ៍នោះ ។
បន្ទាប់ពីធ្វើការកែតម្រូវរួចហើយ យើងនឹងបញ្ចប់ជួរឈរពីរចុងក្រោយនៅក្នុងតារាងដែលយើងបានបង្កើតក្នុងជំហានទី ៤ ( សូមមើលនៅឧបសម្ព័ន្ធសម្រាប់គំរូតារាង ) ។ យើងបញ្ចូលកាលបរិច្ឆេទនៃការទំនាក់ទំនងនីមួយៗ ការកែតម្រូវដែលយើងបានធ្វើ និងលទ្ធផល ។ បន្ទាប់មក យើងពិភាក្សាអំពីលទ្ធផលជាមួយអ្នកឧបត្ថម្ភរបស់យើង ។ យើងទទួលស្គាល់ថា យើងកំពុងព្យាយាមធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើទៅបាន ដើម្បីសម្របសម្រួលជាមួយមនុស្សនៅក្នុងបញ្ជីរបស់យើង ។ យើងបានខំអស់ពីសមត្ថភាពរបស់យើង ដើម្បីធ្វើឲ្យអ្វីៗបានត្រឹមត្រូវ ហើយយើងអាចទុកចិត្តព្រះអម្ចាស់ឲ្យប្រោសនូវអ្វីដែលយើងមិនអាចព្យាបាលបាន ។ សេចក្ដីសុខសាន្តកើតឡើងតាមរយៈទំនាក់ទំនងរបស់យើងជាមួយព្រះអម្ចាស់ ។ មនុស្សផ្សេងទៀតមានសិទ្ធិជ្រើសរើសរបស់ខ្លួនដើម្បីឆ្លើយតបទៅតាមបំណងប្រថ្នារបស់ពួកគេ ។
ទទួលស្គាល់ពរជ័យនៃការព្យាបាល
ពេលយើងប្រមូលភាពក្លាហានដើម្បីធ្វើការកែតម្រូវ វាជាការលើកទឹកចិត្តដើម្បីកត់ត្រានូវពរជ័យដែលយើងបានទទួលពីការធ្វើតាមជំហានទាំងឡាយមកដល់ចំណុចនេះ ។ យើងបានចាប់ផ្ដើមទទួលស្គាល់ថា ពរជ័យនៃការព្យាបាលនេះលើសពីការរំពឹងទុករបស់យើង ។ យើងសូមផ្តល់អនុសាសន៍ឲ្យអ្នកចាប់ផ្តើមបញ្ជីនៃការផ្លាស់ប្ដូរក្នុងជីវិតរបស់អ្នក ។ នេះគឺជាការផ្លាស់ប្ដូរមួយចំនួនដែលយើងបានកត់សម្គាល់ឃើញនៅក្នុងខ្លួនយើង នៅពេលយើងបានឈានដល់ចំណុចនេះក្នុងការព្យាបាលរបស់យើង ៖
-
យើងមានអារម្មណ៍ថា ព្រះមានសេចក្ដីស្រឡាញ់ដ៏ល្អឥតខ្ចោះសម្រាប់យើង ។
-
យើងមានអារម្មណ៍អំណរ សុភមង្គល និងមានសេរីភាពជាថ្មីក្នុងជីវិតរបស់យើង ។
-
យើងយល់ពីមនុស្ស ការប្រាស្រ័យទាក់ទង និងស្ថានភាពដោយមានទស្សនវិស័យកាន់តែជ្រាលជ្រៅ និងបានបង្កើនការអាណិតអាសូរចំពោះអ្នកដទៃ ។
-
យើងមានទិសដៅ និងគោលបំណងថ្មីសម្រាប់ជីវិតរបស់យើង ។
-
យើងមានអារម្មណ៍នៃការទទួលយក និងសេចក្ដីស្រឡាញ់កាន់តែជ្រាលជ្រៅចំពោះខ្លួនយើង និងសម្រាប់អ្នកដទៃ ។
-
យើងមិនសូវគិតអំពីខ្លួនយើង ហើយច្រើនផ្តោតទៅលើការបម្រើមនុស្សដែលត្រូវការជំនួយរបស់យើង ។
-
យើងមានអារម្មណ៍នូវសេចក្ដីស្រឡាញ់ដ៏និរន្តរ៍របស់ព្រះយេស៊ូវគ្រីស្ទកាន់តែខ្លាំង និងផ្ទាល់ខ្លួន ។
-
យើងមានសេចក្ដីសង្ឃឹម និងសេចក្ដីជំនឿកាន់តែច្រើនសម្រាប់អនាគតដ៏អស់កល្បជានិច្ចរបស់យើង ។
-
យើងមិនសូវភ័យខ្លាចអំពីស្ថានភាពជីវិត និងហិរញ្ញវត្ថុនោះទេ ។
-
យើងមានអារម្មណ៍ថា ត្រូវបានអភ័យទោស ហើយយើងអាចអភ័យទោសឲ្យអ្នកដទៃបានកាន់តែងាយស្រួល ។
-
យើងជឿជាក់ថា ដោយមានព្រះចេស្តារបស់ព្រះ យើងអាចធ្វើអ្វីដែលយើងមិនអាចធ្វើដោយខ្លួនឯងបាន ។
ការសិក្សា និងការយល់ដឹង
បទម្ពីរ និងសេចក្ដីថ្លែងការណ៍ខាងក្រោមមកពីថ្នាក់ដឹកនាំសាសនាចក្រទាំងនេះ អាចជួយដល់ដំណើរការព្យាបាលរបស់យើងបាន ។ យើងអាចប្រើវាសម្រាប់ការស្មិងស្មាធិ៍ ការសិក្សា និងការសរសេរសៀវភៅកំណត់ហេតុបាន ។ យើងត្រូវចាំថា យើងត្រូវស្មោះត្រង់ និងជាក់លាក់នៅក្នុងការសរសេររបស់យើង ដើម្បីទទួលបានប្រយោជន៍ច្រើនបំផុតពីសកម្មភាពនេះ ។
មានឥទ្ធិពលលើអ្នកដទៃសម្រាប់សេចក្ដីល្អ
« ព្រះវិញ្ញាណនៃព្រះអម្ចាស់ ទ្រង់មានព្រះបន្ទូលមកឪពុកថា ៖ ចូរបញ្ជាដល់កូនៗរបស់អ្នក ឲ្យធ្វើអំពើល្អ ក្រែងពួកវានឹងដឹកនាំចិត្តមនុស្សជាច្រើនទៅរកសេចក្ដីបំផ្លិចបំផ្លាញ ហេតុដូច្នេះហើយ ទើបឪពុកបញ្ជាដល់កូន ឱកូនប្រុសរបស់ឪពុកអើយ ដោយកោតខ្លាចដល់ព្រះ ចូរកូនឈប់ធ្វើនូវអំពើទុច្ចរិតទាំងឡាយរបស់កូនទៅ ។
« ចូរកូនបែរទៅរកព្រះអម្ចាស់ ដោយអស់ពីដួងចិត្ត និងអស់សមត្ថភាព និងអស់កម្លាំងរបស់កូនចុះ ហើយចូរកូនកុំដឹកនាំចិត្តជនណាទៀត ឲ្យធ្វើអំពើទុច្ចរិតឡើយ តែផ្ទុយមកវិញ កូនត្រូវត្រឡប់ទៅរកគេ ហើយទទួលស្គាល់កំហុសរបស់ខ្លួន និងការខុសឆ្គងដែលកូនបានប្រព្រឹត្តមក » ( អាលម៉ា៣៩:១២-១៣ ) ។
ផលវិបាកដ៏អាក្រក់បំផុតមួយនៃឥរិយាបថញៀនរបស់យើងគឺថា យើងប្រហែលជាបានជះឥទ្ធិពលដល់អ្នកដទៃក្នុងការអភិវឌ្ឍការញៀនដោយខ្លួនឯង ។
-
តើខ្ញុំបានជះឥទ្ធិពលតាមរបៀបនេះដល់នរណាខ្លះនៅក្នុងជីវិតរបស់ខ្ញុំ ?
-
យោងតាមការបង្រៀនរបស់អាល់ម៉ានៅក្នុងខគម្ពីរទាំងនេះ តើខ្ញុំអាចរកឃើញភាពក្លាហានដើម្បីធ្វើការកែតម្រូវដល់មនុស្សទាំងនេះនៅកន្លែងណា ?
អាចនឹងត្រូវបានបញ្ចុះបញ្ចូលដោយមិនត្រូវបានបង្ខំ
« អស់អ្នកណាដែលចង់មកអាចមក ហើយទទួលទានទឹកនៃជីវិតដោយសេរីចុះ ឯអស់អ្នកណាដែលពុំចង់មកទេ គេក៏ពុំត្រូវបង្ខិតបង្ខំឲ្យមកដែរ ប៉ុន្តែនៅថ្ងៃចុងក្រោយបង្អស់នឹងត្រូវបានសាងដល់គេវិញ ស្របតាមអ្វីៗ ដែលគេបានប្រព្រឹត្ត » ( អាលម៉ា ៤២:២៧ ) ។
មានហេតុផលដ៏មានឥទ្ធិពលជាច្រើន ដើម្បីធ្វើការក្នុងជំហានទី ៩ ប៉ុន្តែយើងមិនត្រូវចាប់អារម្មណ៍នឹងហេតុផល ឬការកុហកដែលយើងគ្មានជម្រើសនោះទេ ។ កម្មវិធីព្យាបាលការញៀនគឺជាកម្មវិធីមួយដែលបញ្ចុះបញ្ចូល មិនមែនបង្ខំនោះទេ ។
-
តើខ្ញុំមានអារម្មណ៍ថាត្រូវបានបញ្ចុះបញ្ចូល ឬបង្ខំឲ្យធ្វើការកែតម្រូវនេះ ?
-
យោងតាមខគម្ពីរនេះ តើខ្ញុំអាចត្រូវបានបញ្ចុះបញ្ចូលដោយហេតុផលអ្វីខ្លះ ?
រៀបចំខ្លួនដើម្បីជួបព្រះ
« ខ្ញុំចង់ឲ្យអ្នករាល់គ្នាចេញមក ហើយចូរកុំធ្វើចិត្តរឹងរូសទៀតឡើយ ដ្បិតមើលចុះ ឥឡូវនេះគឺជាពេលវេលា និងថ្ងៃនៃសេចក្ដីសង្គ្រោះរបស់អ្នកហើយ ហេតុដូច្នេះហើយ បើសិនជាអ្នករាល់គ្នាប្រែចិត្ត ហើយពុំធ្វើចិត្តរឹងរូសទេ រំពេចនោះ ផែនការនៃសេចក្ដីប្រោសលោះដ៏មហិមានឹងបានមកដល់អ្នក ។
« ដ្បិតមើលចុះ ជីវិតនេះគឺជាពេលវេលាសម្រាប់ឲ្យមនុស្សប្រុងប្រៀបខ្លួនទៅជួបនឹងព្រះ មែនហើយ មើលចុះ ពេលវេលានៃជីវិតនេះគឺជាពេលវេលាសម្រាប់ឲ្យមនុស្សប្រព្រឹត្តការងារទាំងឡាយរបស់ខ្លួន » ( អាលម៉ា ៣៤:៣១–៣២ ) ។
-
តើខ្ញុំសម្រេចបានអ្វីខ្លះ ពេលខ្ញុំបន្ទន់ចិត្តខ្លួនឯង ហើយធ្វើការកែតម្រូវ ?
-
តើឆន្ទៈរបស់ខ្ញុំដើម្បីធ្វើការកែតម្រូវកើនឡើងយ៉ាងដូចម្ដេច នៅពេលដែលខ្ញុំដឹងថា ខ្ញុំក៏កំពុងត្រៀមខ្លួនជួបនឹងព្រះផងដែរ ?
សកម្មភាពនៅក្នុងសាសនាចក្រ
« ហើយ [ អាលម៉ាជាកូន និងបុត្រាទាំងឡាយរបស់ម៉ូសាយ ] បានធ្វើដំណើរទូទៅអស់ទាំងដែនដី … បានខំប្រឹងយ៉ាងអស់ពីចិត្ត ដើម្បីជួសជុលនូវការខូចខាតទាំងអស់ ដែលពួកគេបានធ្វើដល់សាសនាចក្រ បានសារភាពនូវអំពើបាបទាំងអស់របស់គេ ហើយបានផ្សាយប្រាប់អំពីរឿងទាំងអស់ដែលគេបានឃើញ ហើយបានពន្យល់ពាក្យព្យាករណ៍ និងបទគម្ពីរទាំងឡាយដល់អស់អ្នកណាដែលមានបំណងចង់ស្ដាប់តាមគេ » ( ម៉ូសាយ ២៧:៣៥ ) ។
ដោយសារតែការញៀន មនុស្សជាច្រើនឈប់ចូលរួមក្នុងសាសនាចក្រ ។ មនុស្សមួយចំនួនប្រើកំហុសរបស់អ្នកដទៃ ដើម្បីជាការដោះសាចំពោះការចូលរួមតិចតួចនៅក្នុងសាសនាចក្រ ។
-
តើខ្ញុំមានបទពិសោធន៍អ្វីខ្លះជាមួយនឹងសកម្មភាពនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ?
-
តើការមកកាន់តែជិតព្រះអង្គសង្គ្រោះ តាមរយៈការព្យាបាលបានជួយខ្ញុំឲ្យមានអារម្មណ៍នៃការរួបរួមនឹងសាសនាចក្ររបស់ទ្រង់យ៉ាងដូចម្តេច ?
-
តើការសកម្មនៅក្នុងសាសនាចក្រជួយខ្ញុំធ្វើការកែតម្រូវ និងជាសះស្បើយបានពេញលេញយ៉ាងដូចម្ដេច ?
ការផ្តល់សំណងដោយស្ម័គ្រចិត្ត
« អ្នកត្រូវតែស្តារឡើងវិញតាមដែលអាចធ្វើទៅបាននូវអ្វីដែលបានលួច បាក់បែក ឬខូចខាត ។ ការផ្តល់សំណងដោយស្ម័គ្រចិត្តគឺជាភស្តុតាងជាក់ស្តែងចំពោះព្រះអម្ចាស់ថា អ្នកប្តេជ្ញាចិត្តធ្វើអ្វីគ្រប់យ៉ាងដែលអ្នកអាចធ្វើបានដើម្បីប្រែចិត្ត » ( រីឆាដ ជី ស្កត « Finding Forgiveness » Ensign ខែឧសភា ឆ្នាំ១៩៩៥ ទំព័រ៧៦ ) ។
-
តើការធ្វើការកែតម្រូវគឺជាភស្តុតាងមិនត្រឹមតែចំពោះព្រះអម្ចាស់ប៉ុណ្ណោះទេ គឺថែមទាំងចំពោះខ្លួនឯង និងអ្នកដទៃទៀត ដែលខ្ញុំប្តេជ្ញាចិត្តក្នុងជីវិតដែលមានភាពរាបសា និងភាពស្មោះត្រង់ដោយរបៀបណា ?
បំណងនៃដួងចិត្តរបស់យើង
« អ្នកណាដែលប្រែចិត្ត ហើយធ្វើតាមព្រះបញ្ញត្តិទាំងឡាយនៃព្រះអម្ចាស់ នោះនឹងបានអត់ទោស » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១:៣២ ) ។
ក្នុងការកែតម្រូវ យើងអាចជួបនឹងមនុស្សដែលនឹងមិនអភ័យទោសឲ្យយើង ។ ប្រហែលចិត្តរបស់គេនៅតែខឹងនឹងយើង ឬប្រហែលជាពួកគេមិនទុកចិត្តលើបំណងរបស់យើងទេ ។
-
តើវាមានប្រយោជន៍អ្វីដើម្បីដឹងថា ព្រះអម្ចាស់យល់ពីបំណងពិតនៃចិត្តខ្ញុំ ហើយថាទ្រង់នឹងទទួលនូវការប្រែចិត្តរបស់ខ្ញុំ ហើយធ្វើការផ្តល់សំណងវិញដោយរបៀបណា ទោះបីជាមនុស្សដទៃទៀតមិនអាចធ្វើបានក៏ដោយនោះ ?
អ្វីដែលព្រះអង្គសង្គ្រោះអាចធ្វើសម្រាប់យើង
« មនុស្សមិនអាចលើកលែងទោសបាបឲ្យខ្លួនឯងបានទេ ពួកគេមិនអាចសម្អាតខ្លួនឯងពីផលវិបាកនៃអំពើបាបរបស់ពួកគេបានទេ ។ មនុស្សអាចឈប់ធ្វើអំពើបាបបាន ហើយអាចធ្វើល្អនៅពេលអនាគតបាន ហើយកន្លងមក ទង្វើរបស់គេអាចទទួលយកបាននៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ និងស័ក្ដិសមក្នុងការពិចារណា ។ ប៉ុន្ដែតើនរណាដែលនឹងជួសជុលកំហុសដែលពួកគេបានធ្វើចំពោះខ្លួនឯង និងអ្នកដទៃ ដែលវាហាក់ដូចជាមិនអាចជួសជុលខ្លួនឯងបាន ? តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ អំពើបាបរបស់អ្នកប្រែចិត្តនឹងត្រូវលាងសម្អាតចោល ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ ។ នេះជាការសន្យាដែលបានផ្តល់ឲ្យអ្នក » ( យ៉ូសែប អេហ្វ ស៊្មីធ ក្នុងរបាយការណ៍សន្និសីទ ខែតុលា ឆ្នាំ១៨៩៩ ទំព័រ៤១ ) ។
នៅពេលដែលអ្នកធ្វើការកែតម្រូវ សូមកុំបាក់ទឹកចិត្តដោយគំនិតមួយចំនួនដូចជា « ការណ៍នេះមិនអាចទៅរួចទេ ! គ្មានវិធីណាដែលអាចមកជួសជុលបានគ្រប់គ្រាន់សម្រាប់ កំហុសដែលខ្ញុំបានធ្វើដាក់បុគ្គលនេះបានទេ » ។ ទោះបីជាវាអាចជាការពិតក៏ដោយ សូមពិចារណាពីអំណាចរបស់ព្រះយេស៊ូវគ្រីស្ទក្នុងការជួសជុលរបស់ទាំងនោះ ដែលអ្នកមិនអាចជួសជុលបាន ។ យើងត្រូវតែទុកចិត្តថា ព្រះយេស៊ូវគ្រីស្ទនឹងធ្វើអ្វីដែលយើងមិនអាចធ្វើបាន ។
-
តើខ្ញុំអាចបង្ហាញដល់ព្រះអម្ចាស់ថា ខ្ញុំទុកចិត្តលើទ្រង់ដោយរបៀបណា ? តើខ្ញុំអាចបង្កើនទំនុកចិត្តនោះបានយ៉ាងដូចម្ដេច ?