« ជំហានទី ៤ ៖ ធ្វើបញ្ជីប្រវត្តិខាងសីលធម៌ជាលាយលក្ខណ៍អក្សរបែបស្រាវជ្រាវ និងក្លាហានអំពីខ្លួនយើង » ការព្យាបាលតាមរយៈព្រះអង្គសង្គ្រោះ ៖ កម្មវិធីព្យាបាលការញៀន មគ្គទេសក៍ព្យាបាល ១២ ជំហាន ( ឆ្នាំ២០២៣ )
« ជំហានទី ៤ » កម្មវិធីព្យាបាលការញៀន មគ្គទេសក៍ព្យាបាល ១២ ជំហាន
ជំហានទី ៤ ៖ ធ្វើបញ្ជីប្រវត្តិខាងសីលធម៌ជាលាយលក្ខណ៍អក្សរបែបស្រាវជ្រាវ និងក្លាហានអំពីខ្លួនយើង ។
គោលការណ៍សំខាន់ ៖ សេចក្ដីពិត
គោលបំណងនៃជំហានទី ៤ គឺត្រូវមើលទៅអតីតកាលរបស់យើង ដើម្បីយល់បានកាន់តែច្បាស់ពីភាពទន់ខ្សោយរបស់យើង ហើយទទួលស្គាល់នូវអ្វីដែលរារាំងយើងមិនឲ្យក្លាយដូចជាព្រះអង្គសង្រ្គោះ និងមិនឲ្យបម្រើអ្នកដទៃ ។ ឧទាហរណ៍ ការភ័យខ្លាច ការបង្ហាញហេតុផលថាអាចទទួលយកបាន និងការបដិសេធ បិទបាំងសមត្ថភាពរបស់យើងដើម្បីមើលឃើញអ្វីៗបានច្បាស់ ។ ប៉ុន្តែ យើងមិនអាចផ្លាស់ប្តូរអ្វីមួយបានទេ ប្រសិនបើយើងមិនដឹងពីវាទាំងស្រុងនោះ ។ បញ្ជីប្រវត្តិរបស់យើងជួយយើងឲ្យយល់ពីអ្វីៗគ្រប់យ៉ាង ដែលកំពុងរារាំងផ្លូវនៃដំណើរការព្យាបាលរបស់យើង ។ ការសរសេរបញ្ជីប្រវត្តិរបស់យើងតម្រូវឲ្យយើងមានភាពស្មោះត្រង់ចំពោះខ្លួនឯង ថាយើងគឺជានរណា ហើយថាយើងបានទៅកន្លែងណា ដើម្បីយើងអាចទូលសូមព្រះឲ្យជួយយើងផ្លាស់ប្ដូរ ក្លាយជាមនុស្សដ៏ល្អប្រសើរ និងបានជាសះស្បើយ ។
យើងទាំងអស់គ្នាបានឆ្លងកាត់រឿងលំបាកៗខ្លាំងណាស់ ។ ដួងចិត្តយើងប្រេះស្រាំ ហើយយើងមានស្នាមរបួសផ្លូវចិត្តដ៏ឈឺចាប់ ។ យើងបានងាកទៅរកសារធាតុញៀន និងឥរិយាបថដែលធ្វើឲ្យការឈឺចាប់នោះស្ពឹក ហើយបន្ទាប់មក យើងបានធ្វើការជ្រើសរើសដើម្បីបន្តស្វែងរកការធូរស្បើយជាបណ្តោះអាសន្ននេះទៀត ។ ឥរិយាបថទាំងនេះបានបណ្ដាលឲ្យមានការឈឺចាប់កាន់តែខ្លាំងឡើង ដែលផ្ដល់ហេតុផលកាន់តែច្រើនទៀតដើម្បីឲ្យយើងប្រើប្រាស់ការញៀនដើម្បីដោះស្រាយបញ្ហា ។ ការឈឺចាប់ក្នុងជីវិត និងឥរិយាបថញៀនរបស់យើងបានក្លាយជាភ្នំនៃភាពអាម៉ាស់ ដែលយើងបានព្យាយាមលាក់ខ្លួន បំភ្លេច ឬបដិសេធ ។
ការញៀន ការភ័យខ្លាច និងការបដិសេធរបស់យើង បានធ្វើឲ្យសមត្ថភាពរបស់យើងចុះអន់ថយក្នុងការពិចារណាអំពីជីវិតរបស់យើងដោយស្មោះត្រង់ ។ យើងបានបដិសេធ ឬមិនបានយល់ពីការខូចខាត និងការបំផ្លិចបំផ្លាញដែលការញៀនរបស់យើងបង្កឲ្យមាននៅក្នុងទំនាក់ទំនងរបស់យើង ។ ដូច្នេះ យើងបានធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីបំភ្លេច ផ្ដល់ហេតុផលដោះសា ឬកុហកខ្លួនឯងដើម្បីស៊ូទ្រាំនឹងការឈឺចាប់របស់យើង ។ ជាលទ្ធផល យើងមិនអាចទទួលស្គាល់កំហុសជាច្រើនរបស់យើងបានទេ ឬយើងបានព្យាយាមបំភ្លេចកំហុសទាំងនោះចោល ។ យើងបានកុហកខ្លួនឯងដោយជឿស្លុងថា ឥឡូវនេះ អតីតកាលរបស់យើងភាគច្រើនគឺមិនអាចមើលឃើញទេ ។ អ្នកឧបត្ថម្ភរបស់យើង និងអ្នកផ្សេងទៀតនៅក្នុងក្រុមព្យាបាលបានសុំឲ្យយើងខិតខំធ្វើការ ហើយសារភាពប្រាប់ខ្លួនឯងពីអ្វីដែលយើងអាចបានបំភ្លេច ឬមិនចង់ឃើញ ។ បើមិនដូច្នោះទេ យើងអាចមិនយល់ថា យើងត្រូវការព្រះអង្គសង្គ្រោះដើម្បីព្យាបាលយើងនោះទេ ។
ទិដ្ឋភាពនៃការពិនិត្យមើលអតីតកាលរបស់យើង ហើយបន្ទាប់មកកត់ត្រាវាទុក ហាក់ដូចជាលើសលុបណាស់ ហើយជួនកាល វាថែមទាំងមិនអាចធ្វើទៅរួចនោះទេ ។ វាត្រូវការការខិតខំ និងការព្យាយាមខ្លាំងណាស់ដើម្បីធ្វើកិច្ចការបែបនេះ ។ យើងត្រូវតែស្រាវជ្រាវរកក្នុងដួងចិត្ត និងគំនិតរបស់យើង ដើម្បីចងចាំពីបទពិសោធន៍កាលពីអតីតកាលរបស់យើង ហើយវាពិបាកណាស់ដែលយើងត្រូវកត់ត្រាវាទុក ។ រឿងដែលសំខាន់គឺត្រូវអង្គុយចុះ ហើយចាប់ផ្ដើមសរសេរ ។ ការណ៍នេះបានបង្ខំយើងឲ្យរៀនបង្កើនការទុកចិត្តទៅលើព្រះ ដែលបានពង្រឹងដល់យើងជាថ្មី ។ សេចក្ដីសង្ឃឹមរបស់យើងដែលថា យើងអាចបានជាសះស្បើយ ទទួលបានការអភ័យទោស និងមានសេរីភាពពីសេវកភាព បានផ្ដល់ឲ្យយើងនូវភាពក្លាហានក្នុងការព្យាយាម ។ យើងបានទូលសូមព្រះឲ្យជួយយើងយកឈ្នះលើការភ័យខ្លាចរបស់យើង ។ យើងបានទូលសូមទ្រង់ឲ្យជួយយើងចងចាំ និងប្រឈមមុខនឹងកំហុស និងការឈឺចាប់របស់យើងដោយភាពក្លាហាន ។ ទ្រង់បានព្រះសណ្ដាប់ឮយើង ហើយទ្រង់គង់នៅទីនោះចាំជួយយើង ។
អ្នកឧបត្ថម្ភរបស់យើងមានតួនាទីដ៏ចាំបាច់ក្នុងការជួយយើងឲ្យឆ្ពោះទៅមុខដោយក្លាហានជាមួយនឹងជំហាននេះ ។ ដោយសារពួកគេបានឆ្លងកាត់ជំហាននេះដោយខ្លួនឯងហើយ នោះពួកគេអាចលើកទឹកចិត្តយើងបាន ហើយជួយយើងឲ្យមើលឃើញអតីតកាលរបស់យើងបានយ៉ាងច្បាស់ ។ យើងមិនបានធ្វើវាយ៉ាងល្អឥតខ្ចោះនោះទេ ប៉ុន្តែយើងបានខំអស់ពីសមត្ថភាពរបស់យើងហើយ ។ ហើយនៅទីបញ្ចប់ វាល្មមគ្រប់គ្រាន់ហើយ ។ ដោយទទួលស្គាល់ និងរកឃើញធាតុបំផ្លិចបំផ្លាញទាំងនេះនៅក្នុងជីវិតរបស់យើង យើងបានបោះជំហានដ៏ចាំបាច់មួយដើម្បីកែតម្រូវធាតុទាំងនោះហើយ ។ យើងក៏នឹងឃើញផងដែរថា វាមានប្រយោជន៍ដើម្បីទទួលស្គាល់ចំណុចល្អនៅក្នុងអតីតកាលរបស់យើង ហើយរួមបញ្ចូលក្នុងបញ្ជីប្រវត្តិរបស់យើងនូវអ្វីដែលវិជ្ជមានទាំងនោះ ដែលយើងបានធ្វើ និងចំណុចខ្លាំងដែលយើងបានអភិវឌ្ឍ ។ ជំហានទី ៤ បានជួយយើងឲ្យទូលប្រាប់ព្រះនូវដំណើររឿងដ៏ស្មោះត្រង់មួយអំពីខ្លួនយើង រួមទាំងភាពទន់ខ្សោយរបស់យើង និងភាពខ្លាំងរបស់យើងផងដែរ ។
បញ្ជីជាលាយលក្ខណ៍អក្សរទាំងនេះអំពីការអាក់អន់ចិត្ត ការភ័យខ្លាច គ្រោះថ្នាក់ និងចំណុចខ្លាំងរបស់យើង បានក្លាយជាទ្រព្យសកម្មដ៏សំខាន់មួយក្នុងដំណើរជាសះស្បើយរបស់យើង ។ នៅទីបំផុត នៅពេលយើងឈានទៅរកជំហានទី ៦ និង ៧ យើងនឹងប្រើបញ្ជីប្រវត្តិរបស់យើងដើម្បីពិនិត្យមើលភាពទន់ខ្សោយដែលធ្វើឲ្យយើងជាប់នៅក្នុងវដ្តបំផ្លិចបំផ្លាញនេះជារៀងរហូត ។ ឧទាហរណ៍ វាគឺជាអំនួត និងការភ័យខ្លាចដែលរារាំងយើងមិនឲ្យទទួលស្គាល់កំហុសរបស់យើង ដែលបណ្ដាលឲ្យយើងបំផ្លាញទំនាក់ទំនង និងការទុកចិត្តទាំងឡាយ ។ បន្ទាប់មក នៅពេលយើងឈានទៅដល់ជំហានទី ៨ និង ៩ មនុស្សមកពីបញ្ជីប្រវត្តិរបស់យើងគឺជាអ្នកទាំងឡាយដែលយើងនឹងមានឱកាសដើម្បីអភ័យទោសឲ្យ និងធ្វើការផ្ដល់សំណង ។
ជំហានសកម្មភាព
នេះគឺជាកម្មវិធីដែលធ្វើសកម្មភាព ។ ការរីកចម្រើនរបស់យើងពឹងផ្អែកលើការអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមជំហានទាំងនេះនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ។ ការណ៍នេះត្រូវបានហៅថា « ការធ្វើតាមជំហាន » ។ សកម្មភាពខាងក្រោមនេះជួយយើងឲ្យមករកព្រះគ្រីស្ទ ហើយទទួលបានការណែនាំ និងអំណាចដែលចាំបាច់ ដើម្បីធ្វើតាមជំហានបន្ទាប់ក្នុងដំណើរព្យាបាលរបស់យើង ។
សរសេរបញ្ជីប្រវត្តិដោយមានជំនួយពីអ្នកឧបត្ថម្ភ
ជំហាននេះគឺជាកន្លែងដែលយើងចាប់ផ្ដើមអនុវត្តសេចក្ដីជំនឿរបស់យើងពេញក្នុងកិច្ចការរបស់យើង ( សូមមើល យ៉ាកុប ២:១៧–១៨ ) ។ សម្រាប់ពួកយើងជាច្រើន នេះគឺជាជំហានដ៏ពិបាកបំផុត ។ វាអាចពិបាក ឈឺចាប់ និងលើសលប់ ហើយយើងអាចមានអារម្មណ៍ថា យើងត្រូវទទួលខុសត្រូវចំពោះអ្វីៗគ្រប់យ៉ាងក្នុងអតីតកាលរបស់យើង ។ ទោះជាយ៉ាងណាក៏ដោយ ការសរសេរបញ្ជីប្រវត្តិរបស់យើងមិនចាំបាច់ជាកិច្ចការមួយដែលមិនអាចធ្វើបាននោះឡើយ ។ យើងអាចអង្គុយចុះ អធិស្ឋាន ហើយចាប់ផ្ដើមសរសេរ ទោះជាយើងសរសេរម្ដងតែអំពីសំណួរ ឬព្រឹត្តិការណ៍មួយក៏ដោយ ។
សូមពិនិត្យមើលគំរូ និងគោលការណ៍នៅក្នុងឧបសម្ព័ន្ធឡើងវិញ ( ឧទាហរណ៍ តារាងកិច្ចការ ) ។ យើងអាចប្រើគំរូទាំងនេះមួយជាពុម្ពគំរូដើម្បីជួយយើងឲ្យចាប់ផ្ដើម ។ ប្រសិនបើយើងធ្វើឲ្យដំណើរការនេះស្មុគស្មាញហួសហេតុពេក វានឹងពិបាកខ្លាំងដើម្បីឲ្យយើងអាចចាប់ផ្តើម ឬមានការរីកចម្រើនបាន ។ ដូច្នេះ នៅពេលសរសេរបញ្ជីប្រវត្តិដំបូងរបស់យើង វាអាចជារឿងដ៏ល្អបំផុតដើម្បីរក្សាអ្វីៗឲ្យសាមញ្ញៗបានហើយ ។ យើងតែងតែអាចត្រឡប់មកមើលវាវិញបាន នៅពេលយើងបន្តធ្វើការលើជំហានទាំងឡាយ ។ សូមធ្វើការជាមួយអ្នកឧបត្ថម្ភរបស់អ្នក នៅពេលអ្នកសរសេរបញ្ជីប្រវត្តិរបស់អ្នក ។ ព្រះនឹងប្រទានពរដល់យើង កាលដែលយើងធ្វើកិច្ចការនេះ ហើយយើងនឹងមិនសោកស្ដាយឡើយ ។
ការសិក្សា និងការយល់ដឹង
បទម្ពីរ និងសេចក្ដីថ្លែងការណ៍ខាងក្រោមមកពីថ្នាក់ដឹកនាំសាសនាចក្រទាំងនេះ អាចជួយដល់ដំណើរការព្យាបាលការញៀនរបស់យើងបាន ។ យើងអាចប្រើវាសម្រាប់ការស្មិងស្មាធិ៍ ការសិក្សា និងការសរសេរសៀវភៅកំណត់ហេតុបាន ។ យើងត្រូវចាំថា យើងត្រូវស្មោះត្រង់ និងជាក់លាក់នៅក្នុងការសរសេររបស់យើង ដើម្បីទទួលបានប្រយោជន៍ច្រើនបំផុតពីសកម្មភាពនេះ ។
ការញៀនគឺជារោគសញ្ញាមួយ
« ដ្បិតគេគិតក្នុងចិត្តយ៉ាងណា គេក៏យ៉ាងនោះដែរ » ( សុភាសិត ២៣:៧ ) ។
ពួកយើងជាច្រើនបានសន្មតថា ការញៀនរបស់យើងគឺជាបញ្ហាខាងរាងកាយ ។ យើងភ្ញាក់ផ្អើលពេលដឹងថា គំនិត អារម្មណ៍ និងជំនឿរបស់យើងគឺជាឫសគល់នៃឥរិយាបថញៀនរបស់យើង ។ ការផ្សំគ្នាដ៏លំបាកនៃខួរក្បាល រូបកាយ និងអាកប្បកិរិយារបស់យើងគឺជាអ្វីដែលហាក់ដូចជាធ្វើឲ្យយើងជាប់គាំង ។ យើងបានឃើញថា ឥរិយាបថញៀនរបស់យើងមិនមែនជាបញ្ហាចម្បងរបស់យើងនោះទេ ប៉ុន្តែជាដំណោះស្រាយដ៏គ្រោះថ្នាក់មួយចំពោះបញ្ហាពិតប្រាកដរបស់យើង ។
-
តើទស្សនវិស័យនេះអំពីការញៀនរបស់ខ្ញុំ អាចជួយខ្ញុំឲ្យឈានទៅមុខក្នុងការសរសេរបញ្ជីប្រវត្តិរបស់ខ្ញុំយ៉ាងដូចម្ដេច ?
កត់បញ្ជីប្រវត្តិ
នៅក្នុងព្រះគម្ពីរ យើងឃើញមានការអញ្ជើញជាច្រើនឲ្យពិនិត្យមើលខ្លួនយើងឲ្យបានដិតដល់ និងដោយស្មោះត្រង់ ។ ឧទាហរណ៍ដ៏អស្ចារ្យមួយមាននៅក្នុង អាលម៉ា ៥:១៤ ។ ព្យាការីអាលម៉ាបានសួរសំណួរបញ្ជីប្រវត្តិទាំងនេះ ៖ « តើអ្នករាល់គ្នាបានកើតមកពីព្រះនៅក្នុងវិញ្ញាណហើយឬនៅ ? » តើអ្នករាល់គ្នាបានទទួលព្រះភក្ត្ររបស់ទ្រង់នៅក្នុងទឹកមុខរបស់អ្នកហើយឬនៅ ? តើអ្នករាល់គ្នាបានស្គាល់ការផ្លាស់ប្ដូរដ៏ធំនេះ នៅក្នុងដួងចិត្តអ្នកហើយឬនៅ ? » យើងផ្ដល់យោបល់ឲ្យសិក្សាអាលម៉ា ជំពូកទី ៥ ទាំងប៉ុន្មានទៀត ដើម្បីរកមើលគំរូបន្ថែមទៀតអំពីសំណួរបញ្ជីប្រវត្តិដែលយើងអាចសួរខ្លួនឯងបាន ។
ការកត់ត្រាបញ្ជីប្រវត្តិអំពីទីតាំងដែលយើងកំពុងស្ថិតនៅនាពេលបច្ចុប្បន្ននេះ អាចមានប្រយោជន៍ខ្លាំងណាស់ ។ ឧទាហរណ៍ អាជីវកម្មមួយដែលមិនកត់ត្រាបញ្ជីសារពើភ័ណ្ឌនៃទ្រព្យសកម្ម និងបំណុលរបស់ខ្លួនឲ្យបានទៀងទាត់ទេ នោះជាធម្មតា មិនរីកចម្រើនទេ ។ ការកត់ត្រាបញ្ជីសារពើភ័ណ្ឌគឺជាឱកាសមួយសម្រាប់ម្ចាស់អាជីវកម្ម ដើម្បីកំណត់ដោយផ្ទាល់នូវអ្វីដែលមានតម្លៃ និងគួរតែរក្សាទុក និងអ្វីដែលធ្វើឲ្យខូចប្រយោជន៍ និងគួរតែបោះបង់ចោល ។ ប្រសិនបើម្ចាស់អាជីវកម្មធ្លាក់ចូលក្នុងអន្ទាក់នៃភាពមិនទៀងត្រង់ និងបោកបញ្ឆោតខ្លួនឯងអំពីលក្ខណៈពិតនៃសារពើភ័ណ្ឌ នោះពួកគេនឹងមិនអាចធ្វើការសម្រេចចិត្តត្រឹមត្រូវអំពីតម្លៃនៃទំនិញរបស់ពួកគេបានឡើយ ។
ស្រដៀងគ្នានេះដែរ វាសំខាន់ដែលយើងត្រូវមើលទៅជីវិត និងបុគ្គលិកលក្ខណៈរបស់យើងដោយស្មោះត្រង់ ។
-
នៅពេលខ្ញុំអធិស្ឋាន ហើយទូលសូមព្រះឲ្យជួយខ្ញុំមានភាពស្មោះត្រង់ តើព្រះវិញ្ញាណបរិសុទ្ធបង្រៀនខ្ញុំអ្វីខ្លះ អំពីទំនោររបស់ខ្ញុំក្នុងការបដិសេធស្ថានភាព និងកាលៈទេសៈពិតរបស់ខ្ញុំ ?
-
តើខ្ញុំបានបោកបញ្ឆោតខ្លួនឯងយ៉ាងដូចម្ដេច អំពីភាពទន់ខ្សោយរបស់ខ្ញុំ ?
-
តើខ្ញុំខកខានមិនបានឃើញតម្លៃ និងចំណុចខ្លាំងពិតរបស់ខ្ញុំយ៉ាងដូចម្ដេច ?
ប្រឈមមុខនឹងអតីតកាលរបស់យើង
« ហើយពេលខ្ញុំចង់សប្បាយ ចិត្តខ្ញុំថ្ងូរទៅវិញ ព្រោះតែអំពើបាបទាំងឡាយរបស់ខ្ញុំ ទោះជាយ៉ាងណាក៏ដោយ គង់តែខ្ញុំស្គាល់អ្នកដែលខ្ញុំទុកចិត្ត » ( នីហ្វៃទី២ ៤:១៩ ) ។
ខណៈដែលយើងសរសេរបញ្ជីប្រវត្តិរបស់យើង មានពេលខ្លះដែលចិត្តយើងថ្ងូរដោយសារតែអំពើបាបរបស់យើង និងការឈឺចាប់ដែលយើងអាចត្រូវប្រឈមមុខ ។
-
តើការទុកចិត្ដលើព្រះអាចជួយខ្ញុំដោយរបៀបណា នៅពេលខ្ញុំសរសេរបញ្ជីប្រវត្តិរបស់ខ្ញុំ ហើយប្រឈមមុខនឹងអំពើបាប និងការឈឺចាប់របស់ខ្ញុំនោះ ?
ទុកចិត្តថា ទ្រង់នឹងព្យាបាលយើង
« ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ ។ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង » ( សុភាសិត ៣:៥–៦ ) ។
បញ្ជីប្រវត្តិអាចជួយយើងឲ្យមើលឃើញរូបភាពទាំងមូលបាន ។ វាជួយយើងឲ្យដឹងពីគំនិត អារម្មណ៍ និងសកម្មភាពរបស់យើង ព្រមទាំងមនុស្សដែលបានរងឥទ្ធិពលពីជម្រើសរបស់យើងផងដែរ ។ ប្រធានបទទូទៅពីរក្នុងបញ្ជីប្រវត្តិជាច្រើនរបស់យើង គឺការភ័យខ្លាច និងការពឹងផ្អែកលើខ្លួនឯងហួសហេតុជ្រុល ។ ការតាំងចិត្តដែលយើងបានធ្វើក្នុងជំហានទី ៣ គឺការទុកចិត្តលើព្រះ និងដំណើរការព្យាបាលនេះ ។ បញ្ជីប្រវត្តិរបស់យើងគឺជាជំហានបន្ទាប់នៃការព្យាបាល ហើយវានឹងផ្តល់គំនិតជាក់លាក់អំពីរបៀបបន្តទៅមុខទៀតដល់យើង ។
-
តើជីវិត និងជម្រើសរបស់ខ្ញុំនឹងមានភាពខុសគ្នាយ៉ាងដូចម្ដេច ប្រសិនបើខ្ញុំបោះបង់ចោលអំនួត ហើយផ្ទុយទៅវិញ គឺជ្រើសរើសពឹងផ្អែក និងទុកចិត្តលើព្រះវិញនោះ ?
-
តើខ្ញុំមានអារម្មណ៍ស្ទាក់ស្ទើរអ្វីខ្លះ អំពីការឈានទៅមុខក្នុងការតាំងចិត្តរបស់ខ្ញុំដើម្បីប្រគល់ជីវិត និងឆន្ទៈរបស់ខ្ញុំថ្វាយឲ្យព្រះថែរក្សា ?
-
នៅពេលខ្ញុំទូលសួរព្រះថា តើទ្រង់នឹងថែរក្សាខ្ញុំក្នុងជំហាននីមួយៗនៃការព្យាបាលរបស់ខ្ញុំដែរឬទេ តើខ្ញុំទទួលបានចម្លើយអ្វីខ្លះ នៅក្នុងចិត្ត និងគំនិតរបស់ខ្ញុំតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ? សូមចាំថា របៀបខ្វល់ខ្វាយរបស់ព្រះចំពោះយើងអាចខុសពីអ្វីដែលយើងនឹងជ្រើសរើសសម្រាប់ខ្លួនឯង ។
ជំងឺខាងវិញ្ញាណ
« ពេលខ្លះ ជំងឺខាងវិញ្ញាណកើតមកពីលទ្ធផលនៃអំពើបាប ឬរបួសខាងសតិអារម្មណ៍ ។ ពេលខ្លះ ជំងឺខាងវិញ្ញាណកើតមានដោយសន្សឹមៗ ដែលយើងពិបាកនឹងប្រាប់ថា វាកំពុងតែកើតឡើង ។ ដូចជាស្រទាប់នៃថ្មសេឌីម៉ង់ទែរដែរ ការឈឺចាប់ និងទុក្ខព្រួយខាងវិញ្ញាណ អាចកើតមានបន្ដិចម្ដងៗ មានទម្ងន់មកលើវិញ្ញាណរបស់យើង រហូតដល់វាធ្ងន់ស្ទើរតែមិនអាចរែកបាន ។ …
« ប៉ុន្តែទោះការសាកល្បងខាងវិញ្ញាណមានពិតក្ដី ក៏ពុំមែនមានន័យថា វាពុំអាចព្យាបាលបាននោះដែរ ។
« យើងអាចព្យាបាលខាងវិញ្ញាណបាន ។
« ទោះជារបួសខាងវិញ្ញាណមានជម្រៅជ្រៅបំផុតក្ដី—មែនហើយ ទោះជាវាមើលទៅពុំអាចព្យាបាលបានក្ដី—គឺវាអាចព្យាបាលបាន » ( ឌៀថើរ អេហ្វ អុជដូហ្វ « Bearers of Heavenly Light » Liahona ខែវិច្ឆិកា ឆ្នាំ២០១៧ ទំព័រ៧៨ ) ។
សូមពិចារណាអំពីរឿងដ៏អាក្រក់បំផុតបី ដែលអ្នកបានធ្វើនៅក្នុងជីវិតរបស់អ្នក ។ តើអ្នកជិតស្និទ្ធនឹងព្រះអង្គសង្រ្គោះ និងព្រះវិញ្ញាណរបស់ទ្រង់ដែរឬទេ នៅពេលអ្នកបានធ្វើកិច្ចការទាំងនោះ ? ប្រសិនបើអ្នកដូចយើងដែរ នោះអ្នកមិនបានបើកចិត្តចំពោះព្រះវិញ្ញាណរបស់ទ្រង់ទេ ។ មនុស្សជាច្រើននៅក្នុងការព្យាបាលហៅការផ្ដាច់ទំនាក់ទំនងនេះថាជាការ « ឈឺខាងវិញ្ញាណ » ។
-
នៅពេលខ្ញុំបណ្ដោយខ្លួនតាមឥរិយាបថញៀន និងខុសឆ្គងទាំងឡាយ តើខ្ញុំឈឺខាងវិញ្ញាណឬ ? ហេតុអ្វីឈឺ ឬហេតុអ្វីមិនឈឺ ?
ការអាក់អន់ចិត្ត
ចំណែកដ៏សំខាន់មួយនៃបញ្ជីប្រវត្តិរបស់យើងគឺ ការកត់ត្រាការអាក់អន់ចិត្តរបស់យើង ។ ការណ៍ទាំងនេះរួមមាន ការគុំគួនដែលយើងបានចាំក្នុងចិត្តអំពីមនុស្ស ស្ថាប័ន និងរឿងផ្សេងៗទៀត ដែលយើងមានអារម្មណ៍ថាបានធ្វើឲ្យយើងរងគ្រោះ ឬប្រព្រឹត្តចំពោះយើងដោយអយុត្តិធម៌ ។ ការឱបទុកការអាក់អន់ចិត្តគឺជាកម្លាំងមួយក្នុងចំណោមកម្លាំងដែលមានជាតិពុល និងបំផ្លិចបំផ្លាញខ្លាំងបំផុតនៅក្នុងការញៀនរបស់យើង ។ វាធ្វើឲ្យយើងប្រឆាំងនឹងអ្នកដទៃ ហើយបាននាំយើងឲ្យមានអារម្មណ៍ថាត្រឹមត្រូវនៅក្នុងជម្រើសដែលបង្កគ្រោះថ្នាក់ ឬដែលព្រងើយកន្ដើយរបស់យើងផ្ទាល់ ។
យើងរកឃើញជំនួយមកពីស្ថានសួគ៌ដើម្បីមើលទៅអ្នកដទៃនៅក្នុងពន្លឺថ្មី និងសប្បុរសមួយ នៅពេលយើងបានធ្វើការជ្រើសរើសប្រកបដោយសតិសម្បជញ្ញៈ ដើម្បីអធិស្ឋានសម្រាប់ពួកគេ ហើយទូលសូមព្រះឲ្យប្រទានពរដល់ពួកគេឲ្យមានពរជ័យគ្រប់យ៉ាង ដែលយើងចង់ទទួលបានសម្រាប់ខ្លួនឯងដែរ ។ « ដើម្បីផ្ដល់ការអត់ទោសអាចត្រូវការភាពក្លាហាន និងការបន្ទាបខ្លួនយ៉ាងខ្លាំង ។ វាក៏អាចត្រូវការពេលវេលាផងដែរ ។ វាតម្រូវឲ្យយើងដាក់សេចក្ដីជំនឿ និងការទុកចិត្តទៅលើព្រះអម្ចាស់ ខណៈយើងទទួលខុសត្រូវចំពោះស្ថានភាពនៃដួងចិត្តរបស់យើង ។ ត្រង់ចំណុចនេះ វាផ្អែកទៅលើសារៈសំខាន់ និងអំណាចនៃសិទ្ធិជ្រើសរើសរបស់យើង » ( អេមមី អេ រ៉ាយ « ព្រះគ្រីស្ទប្រោសអ្នកដែលប្រេះឆា » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ៨២ ) ។
-
តើខ្ញុំអាចជ្រើសរើសយកទស្សនវិស័យថ្មីមួយអំពីមនុស្សដែលខ្ញុំអាក់អន់ចិត្តបានទេ ? តើពួកគេ ដូចជាខ្ញុំដែរ អាចឈឺខាងវិញ្ញាណ ហើយផ្តាច់ពីព្រះ នៅពេលពួកគេធ្វើខុសនឹងខ្ញុំឬទេ ?
-
ប្រសិនបើខ្ញុំជួបនឹងរឿងនេះ តើខ្ញុំអាចផ្លាស់ប្ដូរវិធីសាស្ត្ររបស់ខ្ញុំ ដើម្បីអធិស្ឋានសម្រាប់មនុស្សទាំងនេះយ៉ាងដូចម្ដេច ?