« ជំហានទី ១១ ៖ ខិតខំខ្នះខ្នែងអធិស្ឋាន និងស្មិងស្មាធិ៍ដើម្បីដឹងពីព្រះទ័យរបស់ព្រះអម្ចាស់ និងដើម្បីមានអំណាចធ្វើតាមព្រះទ័យទ្រង់ » ការព្យាបាលតាមរយៈព្រះអង្គសង្គ្រោះ ៖ កម្មវិធីព្យាបាលការញៀន មគ្គទេសក៍ព្យាបាល ១២ ជំហាន ( ឆ្នាំ ២០២៣ )
« ជំហានទី ១១ » កម្មវិធីព្យាបាលការញៀន មគ្គទេសក៍ព្យាបាល ១២ ជំហាន
ជំហានទី ១១ ៖ ខិតខំខ្នះខ្នែងអធិស្ឋាន និងស្មិងស្មាធិ៍ដើម្បីដឹងពីព្រះទ័យរបស់ព្រះអម្ចាស់ និងដើម្បីមានអំណាចធ្វើតាមព្រះទ័យទ្រង់ ។
គោលការណ៍សំខាន់ ៖ វិវរណៈផ្ទាល់ខ្លួន
ក្នុងជំហានទី ១១ យើងធ្វើការប្តេជ្ញាចិត្តប្រចាំថ្ងៃដើម្បីព្យាយាមយល់ដឹងពីឆន្ទៈរបស់ព្រះអម្ចាស់ ហើយអធិស្ឋានដើម្បីទទួលបានអំណាចក្នុងការអនុវត្តវា ។ យើងបានរកឃើញថា ព្រះសព្វព្រះទ័យមានបន្ទូលជាមួយយើង ហើយថាយើងអាចរៀនពីរបៀបស្តាប់ទ្រង់បាន ។ ប្រធាន រ័សុល អិម ណិលសុន បានប្រកាសថា « តើព្រះពិតជា ចង់ មានបន្ទូលមកកាន់បងប្អូនមែនទេ ? មែនហើយ ! » ( « Revelation for the Church, Revelation for Our Lives » Liahona ខែឧសភា ឆ្នាំ២០១៨ ទំព័រ ៩៥ ) ។ គោលបំណងនៃជំហាននេះគឺដើម្បីបង្កើនសមត្ថភាពរបស់យើងដើម្បីស្តាប់ព្រះយេស៊ូវគ្រីស្ទ ទទួលបានវិវរណៈផ្ទាល់ខ្លួន ហើយទទួលបានអំណាចក្នុងការរស់នៅក្នុងជីវិតរបស់យើងស្របតាមនោះ។ បំណងប្រាថ្នាដើម្បីទទួលបានវិវរណៈផ្ទាល់ខ្លួននេះ គឺផ្ទុយគ្នាយ៉ាងខ្លាំងទៅនឹងការស្រេកឃ្លានដែលយើងបានជួបប្រទះ នៅពេលយើងស្ថិតនៅក្នុងការញៀនរបស់យើង។
កាលពីមុន យើងគិតថាសេចក្តីសង្ឃឹម អំណរ សេចក្តីសុខសាន្ដ និងការស្កប់ចិត្តកើតមានមកពីប្រភពខាងលោកិយ ដូចជាគ្រឿងស្រវឹង គ្រឿងញៀន តណ្ហា ការបរិភោគអាហារដែលប៉ះពាល់ដល់សុខភាព ឬឥរិយាបថញៀន ឬការបង្ខំដទៃទៀត ។ លំនាំរបស់យើងគឺដើម្បីចៀសវាងពីអារម្មណ៍អវិជ្ជមាន តាមរយៈការធ្វើឲ្យវាស្ពឹកដោយសារការញៀនរបស់យើង ។ ពួកយើងមួយចំនួនបានព្យាយាមបំពេញភាពទទេស្អាតជាមួយនឹងអ្វីៗគ្រប់យ៉ាង ប៉ុន្តែលើកលែងតែព្រះ ។ យូរៗទៅ យើងបានរកឃើញថា ឥទ្ធិពលវិជ្ជមាននានានៃការញៀនរបស់យើងគឺជាដំណោះស្រាយរយៈពេលខ្លី និងក្លែងក្លាយ ដែលធ្វើឲ្យយើងមានអារម្មណ៍ទទេស្អាត ។
ការស្វែងរកវិវរណៈគឺជាជំហានដ៏សំខាន់មួយក្នុងការសម្រេចបាននូវការជាសះស្បើយរយៈពេលវែង ។ ប្រធាន ណិលសុន បានមានប្រសាសន៍ថា « ខ្ញុំសូមលើកទឹកចិត្តបងប្អូនឲ្យខិតខំបន្ថែមទៀតលើសពីលទ្ធភាពខាងវិញ្ញាណរបស់បងប្អូននៅពេលនេះ ដើម្បីទទួលបានវិវរណៈផ្ទាល់ខ្លួន ពីព្រោះព្រះអម្ចាស់បានសន្យាថា ‹ បើសិនជាអ្នក [ ស្វែងរក ] នោះអ្នកនឹងបានទទួលវិវរណៈថែមទៅលើវិវរណៈ តម្រិះថែមទៅលើតម្រិះ ដើម្បីឲ្យអ្នកអាចបានស្គាល់សេចក្ដីអាថ៌កំបាំងទាំងឡាយ និងរបស់ទាំងឡាយដ៏ប្រកបដោយសេចក្ដីសុខសាន្ត—ដែលនឹងនាំឲ្យមានសេចក្ដីអំណរ ជាអ្វីដែលនាំឲ្យមានជីវិតដ៏នៅអស់កល្បជានិច្ច › [ គោលលទ្ធិ និងសេចក្ដីសញ្ញា ៤២:៦១ ] » ( « Revelation for the Church, Revelation for Our Lives » ទំព័រ ៩៥ ) ។
យើងបានចាប់ផ្ដើមមានអំណរគុណចំពោះតម្រូវការដើម្បីមានព្រះអង្គសង្រ្គោះព្រះយេស៊ូវគ្រីស្ទរបស់យើង ហើយយល់ពីតួនាទីរបស់ទ្រង់ក្នុងជីវិតយើង ។ ពួកយើងមួយចំនួនមានអារម្មណ៍ច្របូកច្របល់ និងមិនបានធ្វើដូចអ្វីដែលយើងបានអធិស្ឋានទេ ប៉ុន្តែយើងបានចាប់ផ្ដើមអធិស្ឋានទៅព្រះវរបិតាក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ដើម្បីមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយទ្រង់ ។ យើងដឹងថា យើងអាចធ្វើបានច្រើនជាមួយទ្រង់ ជាងអ្វីៗដែលយើងធ្វើដោយគ្មានទ្រង់ ។ យើងបានចាប់ផ្ដើមរៀនថា ការព្យាបាលមិនមែនផ្តោតតែទៅលើការញៀន ឬភាពស្ងៀមស្ងាត់ប៉ុណ្ណោះទេ វារួមបញ្ចូលទាំងការអញ្ជើញការណែនាំរបស់ព្រះអម្ចាស់ទៅគ្រប់ទិដ្ឋភាពនៃជីវិតរបស់យើងទៀតផង ។
ការអធិស្ឋាន ការស្មិងស្មាធិ៍ និងការសិក្សាព្រះគម្ពីរគឺការចាំបាច់ណាស់ក្នុងការមករកព្រះគ្រីស្ទ ។ វាអាចជួយយើងឲ្យស្តាប់តាមសំឡេងរបស់ទ្រង់ ហើយទទួលបានព្រះចេស្តាដើម្បីអនុវត្តតាមព្រះរាជបំណងរបស់ទ្រង់ ។ យើងព្យាយាមអធិស្ឋានដោយរាបសា ដោយដឹងថា យើងពឹងផ្អែកលើការណែនាំ និងកម្លាំងដ៏ទេវភាពរបស់ព្រះអម្ចាស់ ។ យើងផ្អាក និងស្មិងស្មាធិ៍ពេញមួយថ្ងៃ ដោយព្យាយាមធ្វើឲ្យគំនិតរបស់យើងមានភាពស្ងប់ស្ងាត់ ហើយស្តាប់ឮសំឡេងដ៏តូចរហៀង ។ យើងសិក្សាគម្ពីរ ជាពិសេសព្រះគម្ពីរមរមន ពីព្រោះព្រះគម្ពីរទាំងនោះថ្លែងទីបន្ទាល់អំពីព្រះរាជបំណងរបស់ព្រះអម្ចាស់ក្នុងការផ្ដល់ការណែនាំ និងព្រះចេស្តាដល់យើង ។ នៅពេលយើងធ្វើកិច្ចការទាំងនេះ យើងទទួលបានវវិវរណៈផ្ទាល់ខ្លួន និងទទួលបាននូវពរជ័យនៃការ [ មាន ] ព្រះវិញ្ញាណរបស់ទ្រង់គង់នៅជាមួយនឹង [ យើង ] ជាដរាប » ដើម្បីណែនាំ ដឹកនាំ និងលួងលោមយើង ( មរ៉ូណៃ ៤:៣ ) ។
សម្រាប់ពួកយើងជាច្រើន គំនិតនៃការទទួលបានវិវរណៈផ្ទាល់ខ្លួនគឺពិបាក ដោយសារយើងជឿថា យើងមិនស័ក្តិសមនឹងសេចក្ដីស្រឡាញ់របស់ព្រះឡើយ ។ នៅក្នុងការញៀនរបស់យើង យើងបានគិតថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមិនខ្វល់ពីយើង ដើម្បីទាក់ទងជាមួយយើង ឬថាយើងបានបាត់បង់សិទ្ធិទទួលបានវិវរណៈដោយសារតែអតីតកាលរបស់យើង ។ ពួកយើងមួយចំនួនបានគិតថា យើងមិនដែលទទួលបានវិវរណៈផ្ទាល់ខ្លួននោះទេ ។ យើងបានអធិស្ឋាន ឬស្មិងស្មាធិ៍ ហើយហាក់ដូចជាគ្មានអ្វីកើតឡើងឡើយ ។ យើងមិនមានអារម្មណ៍ពិសេស ឬទទួលចម្លើយដែលអាចស្គាល់បានឡើយ ។ នៅពេលរឿងនេះបានកើតឡើង វិធីចាស់របស់យើងក្នុងការគិតបានលេចឡើងថា ៖ « ព្រះអាចជួយអ្នកដទៃ ប៉ុន្តែទ្រង់មិនជួយខ្ញុំទេ » ។
ពួកយើងភាគច្រើននៅតែមានបញ្ហានឹងអារម្មណ៍ទាំងនេះ ។ ប៉ុន្តែនៅពេលយើងបានដឹងពីសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណារបស់ទ្រង់ នោះជំនឿក្លែងក្លាយទាំងនេះត្រូវបានរសាត់ចេញទៅ ។ ទំនុកចិត្តរបស់យើងដែលថា ទ្រង់ស្រឡាញ់យើងគ្រប់គ្រាន់ដើម្បីទាក់ទងជាមួយយើងអាចកើនឡើង នៅពេលយើងអនុវត្តតាមជំហានទី ១១ ក្នុងជីវិតរបស់យើង ។
កិច្ចការរបស់យើងក្នុងជំហានទី ១១ តម្រូវឲ្យយើងមានសេចក្ដីជំនឿថា ទ្រង់នឹងឆ្លើយតបយើង ហើយយើងអាចរៀនដើម្បីស្គាល់ព្រះសូរសៀងរបស់ទ្រង់បាន ។ វាប្រហែលជាមិនកើតឡើងភ្លាមៗ ឬមានទីសម្គាល់ប្រកបដោយអព្ភូតហេតុមកពីស្ថានសួគ៌ទេ ។ ប៉ុន្តែយើងអាចស្តាប់ និងមានចិត្តអត់ធ្មត់បាន ។ យើងទាំងអស់គ្នាស្ដាប់ឮទ្រង់តាមរបៀបផ្សេងៗ ។ ពេលខ្លះ យើងមិនទទួលបានការណែនាំជាក់លាក់ភ្លាមៗទេ ។ នេះមិនមែនមានន័យថា ទ្រង់មិនស្រឡាញ់យើងទេ ។ ផ្ទុយទៅវិញ វាអាចមានន័យថា ទ្រង់មានព្រះទ័យចង់ឲ្យយើងរៀនទុកចិត្តលើទ្រង់ ហើយអនុវត្តសេចក្ដីពិតដែលទ្រង់បានប្រទានឲ្យយើងរួចមកហើយ ។ ទំនុកចិត្តរបស់យើងនៅលើទ្រង់ ជួយយើងឲ្យសុខចិត្ដរង់ចាំទ្រង់ ហើយពង្រីកសមត្ថភាពរបស់យើងក្នុងការស្តាប់ព្រះសូរសៀងរបស់ទ្រង់ ( សម្រាប់ព័ត៌មានបន្ថែម សូមមើល រីឆាត ជី ស្កត « Learning to Recognize Answers to Prayer » Ensign ខែវិច្ឆិកា ឆ្នាំ១៩៨៩ ទំព័រ ៣០ ) ។
ព្រះអម្ចាស់តែងតែឆ្លើយតបនឹងការអធិស្ឋានរបស់យើងតាមរយៈអ្នកដទៃ ។ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានបង្រៀន ៖ « ព្រះស្គាល់យើង ហើយទ្រង់មើលថែយើង ។ ប៉ុន្តែជាធម្មតា គឺតាមរយៈមនុស្សម្នាក់ទៀត ដែលទ្រង់បំពេញតាមសេចក្តីត្រូវការរបស់យើង » ( « Small Acts of Service » Ensign ខែធ្នូ ឆ្នាំ១៩៧៤ ទំព័រ ៥ ) ។ វាសំខាន់សម្រាប់យើងក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ ជាពិសេសអ្នកដែលនៅក្នុងប្រព័ន្ធគាំទ្ររបស់យើង ។ យើងអាចស្តាប់ព្រះសូរសៀងរបស់ទ្រង់តាមរយៈថ្នាក់ដឹកនាំសាសនាចក្រ សមាជិកគ្រួសារ និងមិត្តភក្ដិរបស់យើង ព្រមទាំងតាមរយៈការអានព្រះគម្ពីរ ការសិក្សាសុន្ទរកថាសន្និសីទ និងការស្តាប់តន្ត្រីដ៏ពិសិដ្ឋផងដែរ ។ យើងក៏អាចទទួលបានការបំផុសគំនិត និងការណែនាំជាទៀងទាត់ផងដែរ នៅពេលយើងចូលរួមការប្រជុំការព្យាបាល និងធ្វើតាមជំហាននៃការព្យាបាលទាំងនោះជាមួយអ្នកឧបត្ថម្ភរបស់យើង ។
ការបង្កើនសមត្ថភាពរបស់យើងក្នុងការស្វែងរក និងទទួលបានវិវរណៈ តម្រូវឲ្យមានការអនុវត្ត និងការអត់ធ្មត់ ។ « ប្រាកដណាស់ ប្រហែលជាមានពេលខ្លះបងប្អូនមានអារម្មណ៍ថា ហាក់ដូចជាស្ថានសួគ៌បានបិទ ។ ប៉ុន្តែខ្ញុំសូមសន្យាថា កាលបងប្អូនបន្តមានការគោរពប្រតិបត្តិ ដោយបង្ហាញការដឹងគុណចំពោះរាល់ពរជ័យដែលព្រះអម្ចាស់បានប្រទានដល់បងប្អូន ហើយកាលបងប្អូនគោរពតាមវេលាកាលរបស់ព្រះអម្ចាស់ដោយអត់ធ្មត់ នោះបងប្អូននឹងទទួលបានចំណេះដឹង និងការយល់ដឹងដែលបងប្អូនស្វែងរក ។ រាល់ពរជ័យដែលព្រះអម្ចាស់មានសម្រាប់បងប្អូន—សូម្បីតែអព្ភូតហេតុក្ដី—នឹងកើតមានតាមក្រោយ ។ នោះហើយគឺជាអ្វីដែលវិវរណៈផ្ទាល់ខ្លួននឹងធ្វើសម្រាប់បងប្អូន » ( រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » ទំព័រ ៩៥–៩៦ ) ។
ជំហានសកម្មភាព
នេះគឺជាកម្មវិធីដែលធ្វើសកម្មភាព ។ ការរីកចម្រើនរបស់យើងពឹងផ្អែកលើការអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមជំហានទាំងនេះនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ។ ការណ៍នេះត្រូវបានហៅថា « ការធ្វើតាមជំហាន » ។ សកម្មភាពខាងក្រោមនេះជួយយើងឲ្យមករកព្រះគ្រីស្ទ ហើយទទួលបានការណែនាំ និងអំណាចដែលចាំបាច់ ដើម្បីធ្វើតាមជំហានបន្ទាប់ក្នុងដំណើរព្យាបាលរបស់យើង ។
មករកព្រះយេស៊ូវគ្រីស្ទតាមរយៈការអធិស្ឋាន ការតមអាហារ និងការស្មិងស្មាធិ៍
សម្រាប់ពួកយើងដែលមានបទពិសោធន៍តិចតួចជាមួយនឹងការអធិស្ឋាន ពាក្យសម្តីរបស់អែលឌើរ រីឆាដ ជី ស្កត គឺជាការធានាមួយ ៖ « កុំបារម្ភអំពីអារម្មណ៍នៃភាពច្របូកច្របល់របស់អ្នកឡើយ ។ សូមគ្រាន់តែទូលជាមួយព្រះវរបិតារបស់អ្នកប៉ុណ្ណោះ ។ ទ្រង់ព្រះសណ្ដាប់ឮរាល់ការអធិស្ឋាន និងឆ្លើយតបតាមរបៀបរបស់ទ្រង់ » ( « Learning to Recognize Answers to Prayer » Ensign ខែវិច្ឆិកា ឆ្នាំ១៩៨៩ ទំព័រ ៣១ ) ។ វាក៏មានប្រយោជន៍ផងដែរក្នុងការពិនិត្យឡើងវិញនូវផ្នែកនៃការអធិស្ឋាន ។ យើងទូលទៅកាន់ព្រះវរបិតាសួគ៌តាមព្រះនាមទ្រង់ ទូលទៅទ្រង់នូវអ្វីដែលយើងមានអំណរគុណ សូមពរជ័យដែលយើងត្រូវការ ហើយបន្ទាប់មកបញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។ យើងលុតជង្គង់ ប្រសិនបើរាងកាយរបស់យើងអាចធ្វើបាន ។ ជាញឹកញាប់ យើងអធិស្ឋានឮៗទៅកាន់ព្រះវរបិតា ដើម្បីស្វែងរកការណែនាំរបស់ទ្រង់តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ( សូមមើល រ៉ូម ៨:២៦ ) ។ យើងមិនចាំបាច់ប្រើពាក្យពេចន៍ដូចកំណាព្យពេកទេ ។ យើងអាចមានភាពស្មោះត្រង់ ហើយបើកដួងចិត្តរបស់យើងជាមួយនឹងព្រះវរបិតាសួគ៌ ។
ពួកយើងភាគច្រើនបានរៀនក្រោកពីព្រលឹម ហើយចំណាយពេលនៅក្នុងភាពស្ងៀមស្ងាត់ដើម្បីសិក្សា និងអធិស្ឋាន ។ យើងកំណត់ពេលសម្រាប់ការអធិស្ឋាន និងស្មិងស្មាធិ៍ ជាធម្មតានៅពេលព្រឹក ។ ក្នុងអំឡុងពេលនេះ យើងអាចដាក់ព្រះជាមុនសិន មុននឹងដាក់នរណាម្នាក់ ឬអ្វីផ្សេងៗទៀតនៅថ្ងៃនោះ ។ បន្ទាប់មក យើងសិក្សាដោយប្រើព្រះគម្ពីរ និងការបង្រៀនរបស់ព្យាការីសម័យទំនើបដើម្បីដឹកនាំការស្មិងស្មាធិ៍របស់យើង ។ ការតមអាហារអាចជាឧបករណ៍ដ៏មានឥទ្ធិពលមួយ ដើម្បីបន្ថែមចូលទៅក្នុងការខិតខំប្រឹងប្រែងនេះ ។ បន្ទាប់មក យើងស្តាប់ដួងចិត្ត និងគំនិតរបស់យើង ដើម្បីព្យាយាមស្តាប់ឮ ឬទទួលអារម្មណ៍ពីទ្រង់ ។ យើងសរសេរគំនិត និងចំណាប់អារម្មណ៍របស់យើងទុក នៅពេលយើងអធិស្ឋាន និងស្មិងស្មាធិ៍ ។
នៅពេលដែលពេលវេលាឯកជនដ៏មានតម្លៃនេះបានបញ្ចប់ទៅ យើងមិនឈប់អធិស្ឋានទេ ។ ការអធិស្ឋានដោយស្ងៀមស្ងាត់នៅក្នុងជម្រៅចិត្ត និងគំនិតរបស់យើង នឹងប្រែក្លាយទៅជារបៀបនៃការគិតមួយរបស់យើងពេញមួយថ្ងៃ ។ យើងពិគ្រោះជាមួយព្រះអម្ចាស់ ពេលយើងប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ធ្វើការសម្រេចចិត្ត ហើយប្រឈមមុខនឹងអារម្មណ៍ និងការល្បួងនានា ។ យើងបន្តអញ្ជើញ និងស្វែងរកព្រះវិញ្ញាណរបស់ទ្រង់ ឲ្យគង់នៅជាមួយនឹងយើង ដើម្បីយើងអាចនឹងត្រូវបានដឹកនាំឲ្យធ្វើអ្វីដែលត្រឹមត្រូវ ( សូមមើល ទំនុកតម្កើង ៤៦:១; អាលម៉ា ៣៧:៣៦–៣៧; នីហ្វៃទី៣ ២០:១ ) ។
ការស្មិងស្មាធិ៍ក្នុងភាពនឹងនរ និងភាពស្ងប់ស្ងាត់
ពួកយើងជាច្រើនបានរកឃើញថា ការស្មិងស្មាធិ៍អាចជួយបាន នៅពេលយើងស្វែងរកវិវរណៈ និងការណែនាំមកពីព្រះអម្ចាស់ ។ យើងរកកន្លែងស្ងប់ស្ងាត់ដោយគ្មានការរំខាន ។ ប្រធាន រ័សុល អិម ណិលសុន បានថ្លែងថា « ពេលវេលាស្ងប់ស្ងាត់គឺជាពេលដ៏ពិសិដ្ឋ » ( « អ្វីដែលយើងកំពុងរៀននឹងមិនភ្លេចឡើយ » លីអាហូណា ខែឧសភា ឆ្នាំ២០២១ ទំព័រ ៨០ ) ។ វាអាចមានប្រយោជន៍ក្នុងមានទីតាំងងាយស្រួលមួយ ។ យើងជម្រះគំនិតរបស់យើង ហើយសម្រាក ។ យើងដកដង្ហើមយឺតៗ និងវែងៗ ។
បន្ទាប់មក យើងគិត និងពិចារណាអំពីអ្វីដែលសំខាន់ចំពោះយើង ហើយស្តាប់តាមយោបល់ដែលចូលមកក្នុងចិត្តរបស់យើង ។ យើងអាចគិតអំពីឧបសគ្គដែលយើងកំពុងប្រឈមមុខ ជាពិសេសឧបសគ្គនៅក្នុងការព្យាបាល ឬទំនាក់ទំនងរបស់យើង ។ យើងអាចគិតអំពីខគម្ពីរ ឬសុន្ទរកថានៅក្នុងសន្និសីទដែលយើងកំពុងសិក្សា ។ យើងអាចគិតអំពីថ្ងៃខាងមុខ និងទិសដៅដែលយើងត្រូវការ ។ យើងថែមទាំងអាចកត់ត្រាយោបល់ទាំងឡាយដែលចូលមកក្នុងគំនិតរបស់យើង នៅក្នុងសៀវភៅកំណត់ហេតុមួយ ដើម្បីឲ្យមានភាពច្បាស់លាស់កាន់តែខ្លាំងផងដែរ ។ បន្ទាប់ពីពេលដ៏ស្ងប់ស្ងាត់នេះ យើងបន្តស្វែងរកការដឹកនាំ និងអំណាចរបស់ព្រះអម្ចាស់ពេញមួយថ្ងៃ នៅពេលដែលយើងព្យាយាម « មើលមកឯ [ ទ្រង់ ] ដោយនូវគ្រប់ទាំងគំនិត » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៦:៣៦ ) ។
ប្រធាន អិម រ័សុល បាឡឺដ បានបង្រៀនថា « វាសំខាន់ដើម្បីបង្អង់សិន ហើយស្ដាប់ និងធ្វើតាមព្រះវិញ្ញាណ ។ យើងមានការំខានជាច្រើនដែលទាក់ទាញចំណាប់ អារម្មណ៍របស់យើង លើសពីពេលណាៗទាំងអស់នៅក្នុងប្រវត្តិសាស្រ្តពិភពលោកនេះ ។ មនុស្សគ្រប់រូបត្រូវការពេលវេលាដើម្បីស្មិងស្មាធិ៍ និងពិចារណា ។ … យើងទាំងអស់គ្នាត្រូវការពេលវេលាដើម្បីសួរខ្លួនឯងនូវសំណួរមួយចំនួន ឬដើម្បីមានការសម្ភាសផ្ទាល់ខ្លួនជាទៀងទាត់ជាមួយខ្លួនយើង ។ ជាទូទៅ យើងមានភាពមមាញឹកណាស់ ហើយសំឡេងពិភពលោកនេះកាន់តែឮខ្លាំងឡើងៗ ដែលវាពិបាកដើម្បីស្តាប់ឮបន្ទូលពីស្ថានសួគ៌ ‹ ចូរបង្អង់សិន ឲ្យបានដឹងថា យើងជាព្រះ › [ ទំនុកដំកើង ៤៦:១០ ] » ( « Be Still, and Know That I Am God » [ ការប្រជុំធម្មនិដ្ឋានប្រព័ន្ធអប់រំសាសនាចក្រសម្រាប់យុវមជ្ឈិមវ័យ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤ ] នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org ) ។
ការសិក្សា និងការយល់ដឹង
បទម្ពីរ និងសេចក្ដីថ្លែងការណ៍ខាងក្រោមមកពីថ្នាក់ដឹកនាំសាសនាចក្រទាំងនេះ អាចជួយដល់ដំណើរការព្យាបាលរបស់យើងបាន ។ យើងអាចប្រើវាសម្រាប់ការស្មិងស្មាធិ៍ ការសិក្សា និងការសរសេរសៀវភៅកំណត់ហេតុបាន ។ យើងត្រូវចាំថា យើងត្រូវស្មោះត្រង់ និងជាក់លាក់នៅក្នុងការសរសេររបស់យើង ដើម្បីទទួលបានប្រយោជន៍ច្រើនបំផុតពីសកម្មភាពនេះ ។
ចូលមកជិតព្រះអម្ចាស់
« ចូរចូលមកជិតយើង នោះយើងនឹងចូលទៅជិតអ្នក ចូរព្យាយាមស្វែងរកយើង នោះអ្នករាល់គ្នានឹងបានជួបយើង ចូរសូម នោះអ្នករាល់គ្នានឹងបានទទួល ចូរគោះ នោះតែងនឹងបានបើកឲ្យអ្នក » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:៦៣ ) ។
ព្រះអម្ចាស់គោរពឆន្ទៈ និងសិទ្ធិជ្រើសរើសរបស់យើង ។ ទ្រង់អនុញ្ញាតឲ្យយើងជ្រើសរើសខិតទៅជិតទ្រង់ដោយគ្មានការបង្កិតបង្ខំឡើយ ។ ទ្រង់នឹងយាងមកជិតយើង នៅពេលដែលយើងអញ្ជើញទ្រង់ឲ្យធ្វើដូច្នោះ ។
-
តើខ្ញុំនឹងខិតទៅជិតទ្រង់បានយ៉ាងដូចម្ដេចនៅថ្ងៃនេះ ?
បង្ហាញការដឹងគុណ
« ចូរអធិស្ឋានឥតឈប់ឈរ ។ ចូរអរព្រះគុណក្នុងគ្រប់ការណ៍ទាំងអស់ ៖ ពីព្រោះព្រះទ្រង់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើយ៉ាងដូច្នោះ ដោយនូវព្រះគ្រីស្ទយេស៊ូវ ។ កុំឲ្យពន្លត់ព្រះវិញ្ញាណ » ( ថែស្សាឡូនីច ទី១ ៥:១៧–១៩ ) ។
នៅពេលយើងចងចាំដើម្បីមានអំណរគុណចំពោះអ្វីៗគ្រប់យ៉ាងក្នុងជីវិតរបស់យើង សូម្បីតែរឿងខ្លះដែលយើងមិនយល់ក៏ដោយ នោះយើងអាចនឹងបន្តរក្សាទំនាក់ទំនងជាមួយព្រះឲ្យនៅឋិតថេរ ដែលប៉ុលបានហៅការណ៍នេះថា « [ ការអធិស្ឋាន ] ឥតឈប់ឈរ » ។ សូមព្យាយាមអរព្រះគុណព្រះពេញមួយថ្ងៃ ។
-
តើការអនុវត្តតាមការដឹងគុណនេះ មានឥទ្ធិពលដល់ភាពជិតស្និទ្ធរបស់ខ្ញុំជាមួយព្រះវិញ្ញាណយ៉ាងដូចម្ដេច ?
ទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ
« ពួកទេវតានិយាយដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ហេតុដូច្នោះហើយ ពួកទេវតានិយាយអំពីព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ ។ ហេតុដូច្នោះហើយ ខ្ញុំបាននិយាយទៅអ្នករាល់គ្នាថា សូមទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ ដ្បិតមើលចុះ ព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទនឹងប្រាប់ដល់អ្នកនូវគ្រប់អ្វីទាំងអស់ដែលអ្នកត្រូវធ្វើ » ( នីហ្វៃទី២ ៣២:៣ ) ។
នៅក្នុងខគម្ពីរនេះ នីហ្វៃបានបង្រៀនថា ពេលយើងទទួលទានព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ នោះព្រះបន្ទូលទាំងនេះនឹងណែនាំយើងពីអ្វីគ្រប់យ៉ាងដែលយើងត្រូវដឹង និងត្រូវធ្វើ ។ សូមស្រមៃទិដ្ឋភាពមួយថា តើវានឹងមានសភាពបែបណា ដើម្បីមានព្រះយេស៊ូវគ្រីស្ទយាង ហើយមានបន្ទូលជាមួយអ្នកពេញមួយថ្ងៃនោះ ។
-
តើខ្ញុំមានអារម្មណ៍យ៉ាងណា នៅពេលខ្ញុំគិតអំពីទិដ្ឋភាពនេះ ?
ទទួលវិវរណៈផ្ទាល់ខ្លួន
« ព្រះអង្គសង្រ្គោះបានមានព្រះបន្ទូលថា ‹ យើងនឹងប្រាប់អ្នកនៅក្នុង គំនិត របស់អ្នក និងនៅក្នុង ចិត្ត របស់អ្នក ដោយព្រះវិញ្ញាណបរិសុទ្ធ › ( គ.&ស. ៨:២ បានបន្ថែមអក្សរទ្រេត ) ។ … ចំណាប់អារម្មណ៍ចំពោះ គំនិត គឺជាក់លាក់ណាស់ ។ ពាក្យលម្អិតអាចនឹងត្រូវបានស្ដាប់ឮ ឬទទួលបានអារម្មណ៍ ហើយសរសេរទុកដូចជាការណែនាំដែលត្រូវបានហៅឲ្យសរសេរតាមដូច្នោះដែរ ។ ការប្រាស្រ័យទាក់ទងគ្នាតាមរយៈ ចិត្ត គឺជាចំណាប់អារម្មណ៍ដែលមានលក្ខណៈទូទៅច្រើនជាង » ( រីឆាដ ជី ស្កត « Helping Others to Be Spiritually Led » [ សុន្ទរកថាថ្លែងនៅឯការប្រជុំប្រព័ន្ធអប់រំសាសនាចក្រ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៩៨ ] ទំព័រ ៣–៤ ) ។
នៅពេលការយល់ដឹងរបស់យើងអំពីវិវរណៈផ្ទាល់ខ្លួនកើនឡើង យើងនឹងស្គាល់វាកាន់តែញឹកញាប់ និងតាមរបៀបដ៏អស្ចារ្យផ្សេងៗគ្នា ។
-
តើខ្ញុំបានទទួលចំណាប់អារម្មណ៍ និងវិវរណៈមកពីព្រះអម្ចាស់យ៉ាងដូចម្ដេច ?
« ខ្ញុំសូមប្រាប់អ្នកថា [ រឿងទាំងនេះ ដែលខ្ញុំបាននិយាយ ] គឺព្រះវិញ្ញាណបរិសុទ្ធនៃព្រះទ្រង់បានប្រាប់ដល់ខ្ញុំ ។ មើលចុះ ខ្ញុំបានតមអាហារ ហើយបានអធិស្ឋានជាច្រើនថ្ងៃ ដើម្បីខ្ញុំអាចដឹងនូវរឿងទាំងនេះដោយខ្លួនខ្ញុំ ។ ហើយឥឡូវនេះ ខ្ញុំដឹងរឿងទាំងនោះដោយខ្លួនខ្ញុំថា ជារឿងពិត ព្រោះព្រះអម្ចាស់ដ៏ជាព្រះទ្រង់បានសម្ដែងប្រាប់ខ្ញុំ ដោយព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ហើយនេះគឺជាវិញ្ញាណនៃវិវរណៈដែលមាននៅក្នុងខ្លួនខ្ញុំ » ( អាលម៉ា ៥:៤៦ ) ។
ការតមអាហារតាមរបៀបដែលព្រះអម្ចាស់បានតែងតាំង អាចនាំមកនូវអំណាចដ៏អស្ចារ្យដែលយើងមិនដែលមាន ( សូមមើល ម៉ាថាយ ១៧:១៤–២១ ) ។ តាមពិតទៅ យើងអាចតមអាហារយ៉ាងពិសេសមួយដើម្បីយកឈ្នះលើការញៀន ។ អេសាយបានបង្រៀនថា « តើមិនមែនជាការតមអត់យ៉ាងនេះវិញដែលយើងពេញចិត្តទេឬអី គឺឲ្យដោះច្រវាក់ដែលឯងដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលឯងបានចងគេ ហើយឲ្យអ្នកដែលឯងបានសង្កត់សង្កិនបានរួចចេញទទេ ព្រមទាំងបំបាក់គ្រប់ទាំងនឹមផង ? » ( អេសាយ ៥៨:៦ ) ។
-
តើការតមអាហារ និងការអធិស្ឋានបានបង្កើនសមត្ថភាពរបស់ខ្ញុំដើម្បីទទួលបានវិវរណៈយ៉ាងដូចម្ដេច ?
« គំនិតដែលថា ការអានព្រះគម្ពីរអាចនាំទៅរកការបំផុសគំនិត និងវិវរណៈ បើកទ្វារទៅរកការពិតថា ខគម្ពីរមិនត្រូវបានកំណត់ចំពោះអត្ថន័យរបស់វានៅពេលវាត្រូវបានសរសេរនោះទេ ប៉ុន្តែក៏អាចរួមបញ្ចូលនូវអត្ថន័យនៃខគម្ពីរនោះចំពោះអ្នកអានសព្វថ្ងៃនេះផងដែរ ។ ជាងនេះទៅទៀត ការអានព្រះគម្ពីរក៏ប្រហែលជានាំឲ្យមានវិវរណៈបច្ចុប្បន្នអំពីអ្វីផ្សេងទៀត ដែលព្រះអម្ចាស់មានព្រះរាជបំណងដើម្បីប្រាស្រ័យទាក់ទងទៅកាន់អ្នកអាននៅពេលនោះ ។ យើងមិនបាននិយាយហួសហេតុអំពីចំណុចដែលយើងនិយាយថា ព្រះគម្ពីរអាចជាយូរីម និងធូមីម ដើម្បីជួយយើងម្នាក់ៗឲ្យទទួលបានវិវរណៈផ្ទាល់ខ្លួននោះទេ » ( ដាល្លិន អេក អូក « Scripture Reading and Revelation » Ensign ខែមករា ឆ្នាំ១៩៩៥ ទំព័រ ៨ ) ។
ការរៀនភាសានៃព្រះគម្ពីរ គឺដូចជាការរៀនភាសាបរទេសអ៊ីចឹងដែរ ។ វិធីដ៏ល្អបំផុតដើម្បីរៀននោះ គឺត្រូវពន្លិចខ្លួនយើងនៅក្នុងព្រះគម្ពីរ—អាន និងសិក្សាព្រះគម្ពីរជារៀងរាល់ថ្ងៃ ។
-
តើខ្ញុំបានទទួលវិវរណៈពីវគ្គបទគម្ពីរនៅពេលណា ?
ទទួលដំបូន្មានពីព្រះអម្ចាស់
« ចូរកុំចង់ទូន្មានដល់ព្រះអម្ចាស់ឡើយ តែចូរទទួលដំបូន្មានពីព្រះហស្តរបស់ទ្រង់វិញ ។ ដ្បិតមើលចុះ អ្នករាល់គ្នាដឹងហើយថា ទ្រង់ទូន្មានក្នុងប្រាជ្ញា សេចក្ដីយុត្តិធម៌ និងសេចក្ដីមេត្តាករុណាដ៏ធំធេងនៅលើគ្រប់ទាំងកិច្ចការទាំងអស់របស់ទ្រង់ » ( យ៉ាកុប ៤:១០ ) ។
ការអធិស្ឋានរបស់យើងប្រហែលជាគ្មានប្រសិទ្ធភាពនៅអតីតកាល ដោយសារយើងបានចំណាយពេលជាច្រើនក្នុងការទូន្មានដល់ព្រះអម្ចាស់—ដោយប្រាប់ទ្រង់អំពីអ្វីដែលយើងចង់បាន—ជាជាងស្វែងរកឆន្ទៈរបស់ទ្រង់អំពីការសម្រេចចិត្ត និងការប្រព្រឹត្ដរបស់យើង ។
-
តើខ្ញុំមានបទពិសោធន៍ថ្មីៗជាមួយនឹងការអធិស្ឋានដែរឬទេ ? បើមាន តើវាពោរពេញទៅដោយការទូន្មានដល់ព្រះអម្ចាស់ ឬទទួលពីព្រះអម្ចាស់ ?
-
តើខ្ញុំមានឆន្ទៈដើម្បីស្តាប់ ហើយទទួលបានដំបូន្មានរបស់ទ្រង់ដែរឬទេ ?