« វគ្គសិក្សាខ្លួនទីពឹងខ្លួន ៖ ការភ្ជាប់ហិរញ្ញវត្ថុទៅនឹងសេចក្ដីពិតនៃដំណឹងល្អ » លីអាហូណា ខែ មករា ឆ្នាំ ២០២៤ ។
វគ្គសិក្សាខ្លួនទីពឹងខ្លួន ៖ ការភ្ជាប់ហិរញ្ញវត្ថុទៅនឹងសេចក្ដីពិតនៃដំណឹងល្អ
វគ្គសិក្សាខ្លួនទីពឹងខ្លួនជួយអ្នកចូលរួមឲ្យនាំមកនូវការយល់ដឹងខាងវិញ្ញាណអំពីតម្រូវការហិរញ្ញវត្ថុរបស់ពួកគេ ។
ការណែនាំដំបូងបំផុតមួយចំនួនរបស់ព្រះអម្ចាស់ចំពោះបុត្រាបុត្រីរបស់ទ្រង់គឺអំពីការងារ និងភាពខ្លួនទីពឹងខ្លួន ។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ទ្រង់បានណែនាំដល់អ័ដាម និងអេវ៉ាថា « ឯងនឹងបានអាហារស៊ីដោយការបែកញើស » ( លោកុប្បត្តិ ៣:១៩ ) ។ ហើយទ្រង់បានមានបន្ទូលទៅកាន់ពួកសាសន៍អ៊ីស្រាអែលថា « ក្នុងរវាង៦ថ្ងៃ នោះត្រូវឲ្យឯងធ្វើអស់ទាំងការរបស់ឯងចុះ » ( និក្ខមនំ ២០:៩ ) ។
សព្វថ្ងៃនេះ ក្រុមខ្លួនទីពឹងខ្លួនដែលគាំទ្រដោយសាសនាចក្រទូទាំងពិភពលោកកំពុងជួយបុត្រាបុត្រីរបស់ព្រះឲ្យកែលម្អការអប់រំរបស់ពួកគេ ប្រែក្លាយកាន់តែមានភាពអត់ធន់ខាងផ្នែកអារម្មណ៍ ស្វែងរកការងារកាន់តែប្រសើរ ចាប់ផ្តើមអាជីវកម្ម និង—ដូចបទពិសោធន៍ខាងក្រោមនេះបង្ហាញ—គ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេកាន់តែប្រសើរជាងមុន ។
ការបង់ដង្វាយមួយភាគក្នុងដប់លើចំណូលតិចតួច
ក្នុងអំឡុងអាពាហ៍ពិពាហ៍របស់គាត់ ដេបូរ៉ាមកពីរដ្ឋ មីឈីហ្គែន ស.ហ.អា. មិនដែលមានបញ្ហាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់គាត់ឡើយ ។ ប៉ុន្ដែបន្ទាប់ពីគាត់ និងស្វាមីបានបែកគ្នា គាត់មានការពិបាកក្នុងការបង់ថ្លៃការចំណាយផ្សេងៗ ។ ទោះបីជាដេបូរ៉ាបានរីករាយក្នុងការចូលរួមក្នុងព្រះវិហារបរិសុទ្ធជាទៀងទាត់ក្ដី ក៏គាត់បានចាប់ផ្តើមមានការលំបាកក្នុងការបង់ដង្វាយមួយភាគក្នុងដប់របស់គាត់ ហើយបានបញ្ឈប់ការទៅព្រះវិហារបរិសុទ្ធ ។
គាត់បានស្វែងរកជំនួយពីប៊ីស្សពរបស់គាត់ ដែលបានប្រាប់គាត់អំពីថ្នាក់ខ្លួនទីពឹងខ្លួនរបស់សាសនាចក្រក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ដែលធ្វើឡើងក្នុងស្តេករបស់គាត់ ។ ដេបូរ៉ាបានយល់ព្រមទៅ ប៉ុន្តែដំបូងគាត់មិនបានឃើញពីមូលហេតុក្នុងការចូលរួមទេ ៖ « ប្រាប់តាមត្រង់ទៅ ខ្ញុំបាននិយាយទៅកាន់ខ្លួនឯងថា ‹ ខ្ញុំមិនដឹងថាហេតុអ្វីបានជាខ្ញុំនៅទីនេះទេ ។ ខ្ញុំដឹងពីរបៀបចាត់ចែងថវិការបស់ខ្ញុំ ។ ខ្ញុំមានផែនការថវិកាពេញមួយជីវិតរបស់ខ្ញុំ › » ។
ដេបូរ៉ាបានជួបជាមួយក្រុម និងអ្នកសម្របសម្រួល ។ រយៈពេលពីរម៉ោងជារៀងរាល់សប្តាហ៍ ពួកគេបានរៀនទាំងទិដ្ឋភាពខាងសាច់ឈាមនៃស្ថេរភាពហិរញ្ញវត្ថុ ( ដូចជាការរៀបចំថវិកា ) និងទិដ្ឋភាពខាងវិញ្ញាណនៃស្ថេរភាពហិរញ្ញវត្ថុ ( ដូចជាការធ្វើជាអ្នកត្រួតត្រាដ៏ស្មោះត្រង់លើចំណូល ) ។ « ខ្ញុំមិនដែលភ្ជាប់ទិដ្ឋភាពទាំងពីរជាមួយគ្នាតាមរបៀបដែលថ្នាក់នេះភ្ជាប់វានឹងគ្នាឡើយ » ។
ដេបូរ៉ាមានអារម្មណ៍ថា ការភ្ជាប់សេចក្តីសញ្ញារបស់គាត់ជាមួយនឹងព្រះវរបិតាសួគ៌បានជួយគាត់ឲ្យរៀនពីរបៀបបញ្ចូលទ្រង់ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុរបស់គាត់ ។ « ព្រះវរបិតាសួគ៌គង់នៅទីនោះជានិច្ចសម្រាប់ខ្ញុំ ។ … ខ្ញុំត្រូវតែបញ្ចូលទ្រង់នៅក្នុងគ្រប់អ្វីៗទាំងអស់ » ។
ពេលដេបូរ៉ាបានធ្វើតាមការបំផុសគំនិត និងការណែនាំដែលគាត់ទទួលបានពីក្រុមខ្លួនទីពឹងខ្លួនរបស់គាត់ នោះគាត់អាចដាក់លុយបម្រុងទុកសម្រាប់ការបង់ដង្វាយមួយភាគក្នុងដប់របស់គាត់ ហើយថែមទាំងសន្សំប្រាក់ ដោយមិនមានការបង្កើនចំណូលរបស់គាត់ទៀតផង ។
ប្រធាន ហ៊ីប៊ើរ ចេ ក្រាន្ត ( ឆ្នាំ ១៨៥៦–១៩៤៥ ) បានថ្លែងទីបន្ទាល់ថា ចំណែកនៃចំណូលដែលនៅសេសសល់ បន្ទាប់ពី ការបង់ដង្វាយមួយភាគក្នុងដប់អាចចាយវាយទៅលើអ្វីៗច្រើនជាងដែលអាចធ្វើបានជាមួយនឹងចំនួនសរុប មុនពេល បង់ដង្វាយមួយភាគក្នុងដប់ ៖ « ខ្ញុំថ្លែងជាសាក្សី … ថាបុរស និងស្ត្រីដែលស្មោះត្រង់ទាំងស្រុងជាមួយព្រះ ដែលបានបង់ដង្វាយមួយភាគក្នុងដប់របស់ខ្លួន … ថ្លែងទីបន្ទាល់ … ថាព្រះបានប្រទានប្រាជ្ញាដល់ពួកគេ ដែលពួកគេអាចប្រើប្រាស់ប្រាំបួនភាគដប់ដែលនៅសល់នោះ ហើយវាមានតម្លៃច្រើនជាងមុនចំពោះពួកគេ ហើយពួកគេបានសម្រេចបានច្រើនជាមួយនឹងប្រាំបួនភាគនោះ ជាងបើពួកគេមិនបានស្មោះត្រង់នឹងព្រះអម្ចាស់ » ។១
ដេបូរ៉ាបានទទួលពរជ័យ « ទាំងខាងសាច់ឈាម និងខាងវិញ្ញាណផង » ( ម៉ូសាយ ២:៤១ ) នៅពេលដែលគាត់រក្សាច្បាប់នៃដង្វាយមួយភាគក្នុងដប់ និងអនុវត្តគោលការណ៍ដំណឹងល្អទៅលើថវិការបស់គាត់ ។ ការណែនាំពីក្រុមខ្លួនទីពឹងខ្លួន និងការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធបានផ្តល់នូវវិធីមួយសម្រាប់គាត់ ដើម្បីទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធ ហើយត្រឡប់ទៅព្រះវិហារបរិសុទ្ធវិញ ។ គាត់ថ្លែងទីបន្ទាល់ថា « អ្វីៗទាំងអស់ដែលខ្ញុំបាននិយាយថាខ្ញុំមិនអាចធ្វើបាន ទ្រង់បានបង្ហាញខ្ញុំថា ខ្ញុំអាចធ្វើបាន ហើយច្រើនជាងនេះទៅទៀត » ។ « អ្វីដែលយើងធ្វើនៅថ្ងៃនេះកំណត់អនាគតរបស់យើង ហើយខ្ញុំចង់ឲ្យអនាគតរបស់ខ្ញុំក្លាយជាអ្វីដែលខ្ញុំអាចដើរចូលទៅក្នុងព្រះវិហារបរិសុទ្ធឌីត្រយ ហើយចាប់ផ្ដើមធ្វើកិច្ចការសម្រាប់បុព្វការីជនរបស់ខ្ញុំម្ដងទៀត » ។
ការចេញពីបំណុល
បឺរី ឈូ នៃស្តេកតៃប៉ិកណ្តាលនៅប្រទេសតៃវ៉ាន់ ត្រូវការប្រាជ្ញាហួសពីការយល់ដឹងរបស់នាង បន្ទាប់ពីនាងបានធ្វើការវិនិយោគមួយដែលមិនបានសមប្រកប ធ្វើឲ្យនាងមានបំណុលធំមួយ ។ ស្ថានភាពនេះបានធ្វើឲ្យបឺរីគាំងស្ទះមួយរយៈពីការឈានទៅមុខ ។ ប៉ុន្តែបឺរីបានបន្ទាបខ្លួន ហើយបានស្វែងរកព្រះវរបិតាសួគ៌នៅក្នុងការអធិស្ឋាន ។ ពីការអធិស្ឋាននោះ នាងបានទទួលភាពក្លាហាន ដើម្បីប្រាប់ស្វាមីរបស់នាងពីអ្វីដែលបានកើតឡើង ។ ដោយមានការទន់ភ្លន់ និងភាពរាបសា ស្វាមីរបស់បឺរី ឈ្មោះ ឡៃ សៃ បានអះអាងចំពោះនាងថា ពួកគេនឹងដោះស្រាយវា ហើយយកឈ្នះលើបំណុលនេះ ។ ឡៃ និងបឺរីបានអធិស្ឋានជាមួយគ្នាសុំការណែនាំពីព្រះអម្ចាស់ ។
បឺរីនិងពន្លឺមានអារម្មណ៍ថា ពួកគេអាចទទួលបានប្រយោជន៍ពីវគ្គសិក្សាខ្លួនទីពឹងខ្លួនរបស់សាសនាចក្រសម្រាប់ហិរញ្ញវត្ថុផ្ទាល់ខ្លួន ។ ទោះបីជាមានបំណុលលើសលប់ក៏ដោយក៏ពួកគេបានបង្កើតផែនការសងវិញ ។ បឺរីនិយាយថា ដោយមានជំនួយពីវគ្គសិក្សានេះ ពួកគេបានរៀន « ដាក់អាទិភាពលើដង្វាយមួយភាគក្នុងដប់ និង … ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុតាមវិធីរបស់ព្រះ » ។ « យើងក៏បានរៀនផងដែរអំពីថវិកា និងកំណត់អាទិភាពការចំណាយរបស់យើងសម្រាប់តែភាពចាំបាច់ប៉ុណ្ណោះ » ។
បឺរី និងឡៃមិនត្រឹមតែរៀនចាត់ចែងថវិកាចំណូលរបស់ពួកគេដោយការទទួលខុសត្រូវប៉ុណ្ណោះទេ ប៉ុន្តែក្រុមហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ពួកគេក៏បានបំផុសគំនិតបឺរីឲ្យផ្លាស់ប្តូរការងារផងដែរ ។ ការផ្លាស់ប្តូរនេះបាននាំឲ្យមានប្រាក់ខែខ្ពស់ជាង ដែលនាងអាចបង់បំណុលរបស់នាងបាន ។
ដោយមានការបង្រួបបង្រួមក្នុងគោលដៅរបស់ពួកគេ បឺរី និងឡៃ បានប្រើប្រាស់ប្រាក់រង្វាន់ ប្រាក់វិនិយោគ និងប្រាក់ចំណូលបន្ថែមពីការងារពេញម៉ោង និងក្រៅម៉ោងរបស់ពួកគេ ដើម្បីសងបំណុលរបស់បឺរី ។ ដោយមានជំនួយពីព្រះអម្ចាស់ ពួកគេមានប្រាក់គ្រប់គ្រាន់ដើម្បីបង់លើការចំណាយទាំងអស់របស់ពួកគេ ហើយសំខាន់បំផុតនៅតែបង់ដង្វាយមួយភាគក្នុងដប់ និងដង្វាយផ្សេងៗទៀត ។
ព្រះអម្ចាស់បានប្រកាស ៖ « នេះជាគោលបំណងរបស់យើង ដើម្បីផ្គត់ផ្គង់ដល់ពួកបរិសុទ្ធរបស់យើង ។ … ប៉ុន្តែការនេះត្រូវបានសម្រេចតាមមាគ៌ារបស់យើង » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១០៤:១៥–១៦ ) ។ បុគ្គល និងក្រុមគ្រួសារនៅជុំវិញពិភពលោកកំពុងរកឃើញពីរបៀបដែលទ្រង់ផ្គត់ផ្គង់ដល់ពួកគេ នៅពេលដែលពួកគេអនុវត្តគោលការណ៍នៃភាពខ្លួនទីពឹងខ្លួនខាងវិញ្ញាណ និងខាងហិរញ្ញវត្ថុ ។
ការបង្រៀនពី « របៀប » មិនមែនគ្រាន់តែជា « អ្វី »
ខឺធីស និង សនដា ស្កត់ មកពីរដ្ឋ តិចសាស ស.រ.អា. ទាំងពីរនាក់ចង់មានភាពឈ្លាសវៃក្នុងហិរញ្ញវត្ថុរបស់ពួកគេ ប៉ុន្តែពួកគេមិនអាចយល់ស្របពីរបៀបណានោះទេ ។ សនដាបានដឹងថា ពួកគេត្រូវការការធានារ៉ាប់រងវេជ្ជសាស្ត្រ ប៉ុន្តែខឺធីសបានដឹងថា ពួកគេមិនអាចមានលទ្ធភាពបង់វាបានទេ ។ ទោះបីជាពួកគេស្រឡាញ់គ្នាទៅវិញទៅមកក៏ដោយ ក៏ទស្សនៈហិរញ្ញវត្ថុខុសគ្នារបស់ពួកគេបានធ្វើឲ្យមានភាពតានតឹងចំពោះអាពាហ៍ពិពាហ៍របស់ពួកគេ ។ សនដាបានរំឭកថា « នៅពេលនិយាយដល់ហិរញ្ញវត្ថុ ខ្ញុំគិតថា យើងមានទស្សនៈ និងគំនិតខុសគ្នាខ្លាំងណាស់ » ។
ខឺធីសយល់ស្រប ។ « លុយតែងតែជាប្រធានបទដ៏តានតឹង ហើយមានការសន្ទនាសំខាន់ដែលយើងមិនបាននិយាយ » ។
ប៊ីស្សពរបស់ពួកគេបានផ្តល់អនុសាសន៍ឲ្យសនដា និងខឺធីសចាប់ផ្តើមចូលរួមវគ្គសិក្សាហិរញ្ញវត្ថុផ្ទាល់ខ្លួន ដែលមាននៅក្នុងស្តេករបស់ពួកគេ ។
ខឺធីសមានការភ្ញាក់ផ្អើលដែលទម្រង់នៃការពិភាក្សាបើកចំហក្នុងថ្នាក់របស់ពួកគេដំណើរការបានល្អណាស់ ។ គាត់អាចពន្យល់ពីគំនិតរបស់គាត់ និងទទួលបានការយល់ដឹងពីអ្នកដទៃដែលយល់ពីកាលៈទេសៈរបស់គ្រួសារគាត់ ។ ការពិភាក្សាក្រុមនេះបានជួយខឺធីសរកឃើញមិនត្រឹមតែគោលការណ៍ដំណឹងល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវិធីជាក់ស្តែងដើម្បីអនុវត្តវាផងដែរ ។ ក្នុងរយៈពេលប្រាំមួយឆ្នាំ ចាប់តាំងពីពិធីបុណ្យជ្រមុជទឹករបស់គាត់ ខឺធីសតែងតែត្រូវបានបង្រៀនថា គាត់គួរតែបង្កើនសេចក្ដីជំនឿរបស់គាត់ ធ្វើឲ្យការអធិស្ឋានរបស់គាត់បានប្រសើរឡើង និងខិតទៅកាន់តែជិតព្រះអង្គសង្រ្គោះ ប៉ុន្តែលោកមានអារម្មណ៍ថា វគ្គសិក្សាខ្លួនទីពឹងខ្លួនបានបង្រៀនគាត់អំពី របៀប ធ្វើឲ្យការកែលម្អទាំងនោះប្រសើរឡើង ។
នៅពេលដែលខឺធីសបានរៀនពីរបៀបអនុវត្តគោលការណ៍ដំណឹងល្អនៅក្នុងហិរញ្ញវត្ថុរបស់គាត់នៅផ្ទះ និងក្នុងអាជីវកម្មរបស់គាត់ គាត់បានរកឃើញយ៉ាងជ្រាលជ្រៅនូវសេចក្ដីស្រឡាញ់របស់ព្រះអម្ចាស់ចំពោះគាត់ ។ គាត់និយាយថា « តាមពិត វាបានពង្រឹងជំនឿរបស់ខ្ញុំ និងការយល់ដឹងរបស់ខ្ញុំអំពីការថែទាំ និងការព្រួយបារម្ភដែលព្រះវរបិតាសួគ៌មានសម្រាប់យើង » ។
សនដាមានអារម្មណ៍ថា ទិដ្ឋភាពខាងវិញ្ញាណនៃវគ្គសិក្សាខ្លួនទីពឹងខ្លួនបានជួយគាត់ឲ្យយល់ពីរបៀបដែលសូម្បីតែបញ្ហាហិរញ្ញវត្ថុក៏អាចចូលនៅក្នុងផែនការរបស់ព្រះដែរ ។ « វាបានពង្រឹងទីបន្ទាល់របស់ខ្ញុំ … មួយជំហានម្ដងៗ មួយបន្ទាត់ម្ដងៗ » ។
ការរួមបញ្ចូលការបង្រៀនរបស់ព្រះអម្ចាស់នៅក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុរបស់ពួកគេនៅទីបំផុតបាននាំខឺធីស និងសនដាឲ្យរួបរួមគ្នា ។ សនដានិយាយថា « យើងកំពុងក្លាយជាក្រុមតែមួយ » ។ « ខ្ញុំមិននិយាយថា យើងជាអ្នកមាន ឬថាយើងមានលុយច្រើនជាងមុនទេ ប៉ុន្តែយើងប្រាកដជាកំពុងតែធ្វើដំណើរទៅទិសដៅត្រឹមត្រូវ » ។