« តួអង្គដ៏សំខាន់បំផុតនៅក្នុងព្រះគម្ពីរមរមន » លីអាហូណា ខែ មករា ឆ្នាំ ២០២៤ ។
សូមស្វាគមន៍មកកាន់ច្បាប់នេះ
តួអង្គដ៏សំខាន់បំផុតនៅក្នុងព្រះគម្ពីរមរមន
ជាច្រើនឆ្នាំកន្លងទៅហើយ បងប្អូនប្រុសដែលផ្ដល់ការងារបម្រើរបស់ខ្ញុំ បានអញ្ជើញខ្ញុំឲ្យសិក្សាព្រះគម្ពីរមរមនយ៉ាងហ្មត់ចត់ ។ នៅពេលពួកគាត់អញ្ជើញខ្ញុំឲ្យធ្វើដូច្នេះ ខ្ញុំបានដឹងថា ទោះបីជាខ្ញុំអានបន្តិចចេញពីព្រះគម្ពីរមរមនជារៀងរាល់ថ្ងៃ ក៏ខ្ញុំមិនបានសិក្សាយ៉ាងហ្មត់ចង់នោះទេ ។
ពួកគាត់បានចែកចាយការសន្យាមួយជាមួយខ្ញុំ ដែលផ្អែកលើពាក្យសម្តីមកពីប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖ « មានអំណាចមួយនៅក្នុង [ ព្រះគម្ពីរមរមន ] ដែលនឹងចាប់ផ្ដើមហូរចូលមកក្នុងជីវិតរបស់បងប្អូន នៅពេលបងប្អូនចាប់ផ្ដើមសិក្សាដោយហ្មត់ចត់អំពីព្រះគម្ពីរនេះ ។ បងប្អូននឹងរកឃើញអំណាចកាន់តែខ្លាំងឡើង ដើម្បីទប់ទល់នឹងការល្បួង … ដើម្បីចៀសវាងការបោកបញ្ឆោត … ដើម្បីបន្តនៅលើផ្លូវតូចនិងចង្អៀតនេះ » ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ១៤១ ) ។
ខ្ញុំបានទទួលយកការអញ្ជើញរបស់ពួកគាត់ ហើយនៅប៉ុន្មានខែខាងមុខនោះខ្ញុំបានឃើញថា ការសន្យារបស់ពួកគាត់ត្រូវបានបំពេញ ។ វាបានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំ ។
មូលហេតុដ៏សំខាន់មួយដែលព្រះគម្ពីរមរមនផ្ដល់អំណាចខាងវិញ្ញាណដល់យើង គឺថាវាធ្វើឲ្យយើងខិតកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុងអត្ថបទរបស់ ប្រធាន ហិនរី ប៊ី អាវរិង នៅ ទំព័រទី ៤ លោកបានសរសេរថា « អ្នកទាំងឡាយណាដែលអានព្រះគម្ពីរមរមនដោយស្មោះសរ រស់នៅតាមសិក្ខាបទរបស់វា ហើយអធិស្ឋានអំពីសេចក្ដីពិតដ៏ពេញលេញរបស់វា នឹងទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ហើយបង្កើនសេចក្ដីជំនឿ និងទីបន្ទាល់របស់ពួកគេអំពីព្រះអង្គសង្គ្រោះ » ។
ព្រះយេស៊ូវគ្រីស្ទគឺជាតួអង្គសំខាន់បំផុតនៅក្នុងព្រះគម្ពីរមរមន ។ ដូចជាសហនិពន្ធរបស់ខ្ញុំ ម៉ាឌីសុន ស៊ីនឃ្លែរ និងខ្ញុំចែកចាយនៅក្នុងអត្ថបទរបស់យើង « ព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះគម្ពីរមរមន » ( ទំព័រទី ១០ ) ថាមានសេចក្ដីយោងទៅព្រះអង្គសង្រ្គោះដល់ទៅជាង ៧០០០ ដង នៅក្នុងព្រះគម្ពីរមរមន ។
ខ្ញុំដឹងថា នៅពេលយើងសិក្សាព្រះគម្ពីរមរមននៅឆ្នាំនេះជាមួយនឹង ចូរមកតាមខ្ញុំ យើងនឹងខិតកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ។
ដោយក្តីស្រឡាញ់
ចន ហ៊ីលថុន ទី៣
សាស្ត្រាចារ្យនៃការអប់រំខាងសាសនា សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់