« សារមកពីព្រះអម្ចាស់សម្រាប់ខ្ញុំ » លីអាហូណា ខែ មករា ឆ្នាំ ២០២៤ ។
ការបង្ហាញអំពីសេចក្តីជំនឿ
សារមកពីព្រះអម្ចាស់សម្រាប់ខ្ញុំ
ខ្ញុំបានរៀនថា ការបង្រៀនចេញពីព្រះគម្ពីរមរមនគឺជាវិធីដ៏ល្អមួយ ដើម្បីស្វែងរកទីបន្ទាល់អំពីព្រះគម្ពីរនេះ ។
នៅឆ្នាំ ១៩៩៣ បីថ្ងៃបន្ទាប់ពីខ្ញុំបានផ្លាស់ទៅ ប៉ូឡូកវ៉ាន់ នៅភាគខាងជើងអាហ្វ្រិកខាងត្បូង មានគេគោះទ្វារខ្ញុំ ។ នៅពេលខ្ញុំបើកទ្វារ មានអ្នកផ្សព្វផ្សាយសាសនាពីរនាក់មកពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនៅទីនោះ ។
ខ្ញុំបានធំឡើងជាអ្នកកាន់សាសនាដ៏ជ្រាលជ្រៅ ហើយគ្រួសារខ្ញុំតែងតែព្រមានខ្ញុំឲ្យនៅឆ្ងាយពីពួកអ្នកផ្សព្វផ្សាយសាសនា ។ ប៉ុន្តែពួកគេហាក់ដូចជាមនុស្សល្អ ហើយខ្ញុំចូលចិត្តនិយាយអំពីសាសនា ដូច្នេះខ្ញុំបានអញ្ជើញពួកគេចូល ។
បន្ទាប់ពីជំនួបដ៏អស្ចារ្យមួយ ពួកគេបាននិយាយមកខ្ញុំថា « តើពួកយើងអាចជូនព្រះគម្ពីរមរមនមួយក្បាលទៅលោកបានទេ ? »
ខ្ញុំតបវិញថា « ចាំសិន សូមចាំមួយភ្លេតសិន » ។ « ខ្ញុំគិតថា ខ្ញុំមានមួយក្បាលដែរ » ។
ពេលខ្ញុំបង្ហាញព្រះគម្ពីររបស់ខ្ញុំទៅពួកគេ ពួកគេស្រឡាំងកាំង ។ ខ្ញុំបានពន្យល់ថា នៅក្នុងទីក្រុងកំណើតរបស់ខ្ញុំ ខេបថោន ជាច្រើនឆ្នាំមុន ពួកអ្នកផ្សព្វផ្សាយសាសនាបានឲ្យព្រះគម្ពីរមរមនមួយក្បាលមកខ្ញុំនៅឯការតាំងពិព័រណ៍មួយ ។ ខ្ញុំបានទុកវា ហើយយូរៗម្ដងខ្ញុំបានបើកមើលវាត្រួសៗ ។
បន្ទាប់ពីជំនួបរបស់យើង ខ្ញុំបានអញ្ជើញពួកអ្នកផ្សព្វផ្សាយសាសនាឲ្យត្រឡប់មកវិញ ។ ទោះជាយ៉ាងណា ខ្ញុំបានធំឡើងនៅក្នុងព្រះវិហារផ្សេងមួយដែលជាកន្លែងដែលឪពុកចុងរបស់ខ្ញុំគឺជាអាចារ្យ ។ គំនិតនៃការធ្វើពិធីបុណ្យជ្រមុជទឹកម្តងទៀតបានក្លាយជាការរារាំងមួយដល់ការប្រែចិត្តជឿរបស់ខ្ញុំ ។ ទោះជាយ៉ាងណា ខ្ញុំបានចាប់ផ្ដើមចូលរួមសាខាតូចរបស់សាសនាចក្រ ។ ក្រោយពីប្រហែលមួយឆ្នាំកន្លះ ប្រធានសាខាបានហៅខ្ញុំឲ្យចូលក្នុងការិយាល័យរបស់គាត់ ។
« យើងចង់ឲ្យបងទទួលបានទីបន្ទាល់មួយ »
ប្រធានសាខាបាននិយាយថា « ដេវីឌ ខ្ញុំចង់ផ្តល់ការអញ្ជើញមួយដល់បង » ។ « យើងពិតជាចង់ឲ្យបងទទួលបានទីបន្ទាល់មួយអំពីព្រះគម្ពីរមរមន ។ ខ្ញុំមានអារម្មណ៍ថា បងអាចធ្វើបាន ប្រសិនបើខ្ញុំហៅបងឲ្យបង្រៀនគោលលទ្ធិដំណឹងល្អ ។ បងបង្រៀននៅសាកលវិទ្យាល័យរួចហើយ ហើយបងមិនខ្លាចនឹងឈរនៅមុខមនុស្សទេ » ។
សព្វថ្ងៃនេះ គ្រូបង្រៀនត្រូវតែជាសមាជិកនៃសាសនាចក្រ ។១ ប៉ុន្តែ នៅពេលនោះប្រធានសាខាមានអារម្មណ៍បំផុសគំនិតសុំឲ្យខ្ញុំបង្រៀន ។ ខ្ញុំមានអំណរគុណចំពោះរឿងនោះ ។
ខ្ញុំបានឆ្លើយថា « យល់ព្រម » ។
រាល់ល្ងាចថ្ងៃសៅរ៍ ខ្ញុំសិក្សាមេរៀនយ៉ាងល្អិតល្អន់ ដើម្បីខ្ញុំអាចយល់ ស្គាល់ និងភ្ជាប់ទំនាក់ទំនងទៅនឹងដំណើររឿង និងតួអង្គក្នុងព្រះគម្ពីរមរមន ។ សម្រាប់ខ្ញុំ ការបង្រៀនព្រះគម្ពីរនេះពិតជាវិធីដ៏ល្អមួយ ដើម្បីស្វែងរកទីបន្ទាល់របស់ខ្ញុំអំពីវា ។
ថ្ងៃអាទិត្យមួយ បន្ទាប់ពីខ្ញុំបានបង្រៀនអស់រយៈពេលប្រហែលមួយឆ្នាំ ប្រធានបេសកកម្មមកពី ព្រេតូរៀ បានមកធ្វើសន្និសីទមួយ ហើយបានចូលរួមក្នុងថ្នាក់សាលាថ្ងៃអាទិត្យរបស់ខ្ញុំ ។
ក្រោយមកលោកបាននិយាយ ៖ « អរគុណបងប្រុស បាកធ័រ » ។ « នោះជាមេរៀនដ៏ល្អមួយ ។ តើបងមកពីណា ? »
នៅពេលខ្ញុំប្រាប់គាត់ថា ខេបថោន គាត់បានសួរថាតើខ្ញុំបានចូលរួមវួដណា ។
« ខ្ញុំមិនបានចូលរួមវួដមួយទេ » ។
គាត់បានសួរថា « តើបងមានន័យយ៉ាងណា ? »
« ខ្ញុំជាអ្វីដែលលោកនឹងហៅថាជាសាសន៍ដទៃ ? » ខ្ញុំបាននិយាយ ។ « ខ្ញុំមិនមែនជាសមាជិកនៃសាសនាចក្រទេ » ។
មុខគាត់ឡើងស្លេក ហើយបានប្រញាប់ប្រញាល់ទៅជួបប្រធានសាខា ។
ប្រធានបេសកកម្មបានសួរគាត់ថា « ប៊ីស្សពមានអ្នកមិនមែនជាសមាជិកជាអ្នកបង្រៀនព្រះគម្ពីរ ? »
« មែនហើយ តើគាត់ធ្វើវាមិនបានល្អទេឬ ? »
« អត់ទេ » ។
« តើគាត់បំផុសគំនិតទេ ? »
« បាទ » ។
« តើគាត់បង្រៀនគោលលទ្ធិពិតឬទេ ?
« បាទ » ។
ពួកលោកបានអនុញ្ញាតឲ្យខ្ញុំបន្តបង្រៀន ។ ប៉ុន្មានខែក្រោយមក ខ្ញុំបានទៅលេងគ្រួសារខ្ញុំនៅខេបថោនសម្រាប់ថ្ងៃឈប់សម្រាកបុណ្យគ្រីស្ទម៉ាស ។ កាលខ្ញុំនៅទីនោះ ម្តាយខ្ញុំបានប្រាប់ខ្ញុំថា គាត់នឹងចាកចេញពីព្រះវិហាររបស់គាត់បន្ទាប់ពីឪពុកចុងរបស់ខ្ញុំបានស្លាប់ ។ នៅគ្រានោះព្រះអម្ចាស់បានជួយខ្ញុំឲ្យមានអារម្មណ៍ថា គ្មានកំហុសណាមួយទេ ដោយសារតែភក្ដីភាពចំពោះម្ដាយខ្ញុំ និងសាសនាចក្រដែលខ្ញុំបានធំដឹងក្ដីនៅក្នុងនោះ ។
ពេលខ្ញុំត្រឡប់មកផ្ទះវិញ ខ្ញុំបានទូរសព្ទទៅប្រធានសាខា ។
ខ្ញុំបានប្រាប់គាត់ថា « ខ្ញុំចង់ទទួលពិធីបុណ្យជ្រមុជទឹកនៅថ្ងៃស្អែក » ។
គាត់និយាយថា « តើបងប្រាកដហើយឬ ? »
ខ្ញុំបានឆ្លើយថា « ប្រាកដណាស់ » ។ « ខ្ញុំទទួលបានសារពីព្រះអម្ចាស់ » ។
« ពូមានអ្វីមួយឲ្យក្មួយ »
ពេលខ្ញុំប្រាប់ឪពុកបង្កើតរបស់ខ្ញុំថា ខ្ញុំបានក្លាយជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ខ្ញុំមិនអាចយល់ពីមូលហេតុដែលគាត់ស្ងប់ស្ងាត់នោះទេ ។
គាត់បាននិយាយថា « សូមឲ្យប៉ាប្រាប់កូនបន្តិចអំពីប្រវត្តិរបស់ប៉ា » ។
ឪពុកខ្ញុំ ដែលមិនដែលនិយាយជាមួយខ្ញុំអំពីសាសនាបានប្រាប់ខ្ញុំថា កាលពីក្មេងគាត់បានចូលរួមវួដ ឃូម៉ូរ៉ា របស់សាសនាចក្រនៅខេបថោន ។ គាត់បានលេងនៅក្រុមបាល់បោះវួដ ។ គាត់បានមានមិត្តភក្តិជិតស្និទ្ធជាច្រើននាក់ដែលជាពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ មិត្តភក្តិដ៏ល្អបំផុតម្នាក់របស់គាត់គឺជាអ្នកផ្សព្វផ្សាយសាសនា ដែលបន្ទាប់ពីបេសកកម្មរបស់គាត់ត្រូវបានសម្លាប់នៅក្នុងប្រទេសវៀតណាម ។
ប្រសិនបើឪពុកខ្ញុំមិនបានបាត់បង់មិត្តនោះទេ ខ្ញុំគិតថាគាត់នឹងចូលរួមក្នុងសាសនាចក្រ ។ ជីវិតរបស់គាត់នឹងក្លាយជារឿងផ្សេងមួយទាំងស្រុង ។ ជាច្រើនឆ្នាំក្រោយមក គាត់នៅតែមានការគោរពយ៉ាងខ្លាំងចំពោះពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ គាត់មិនបានអនុវត្តសាសនាណាមួយដោយខ្លួនឯងទេ ប៉ុន្តែគាត់បានគាំទ្រយ៉ាងពេញលេញនូវការសម្រេចចិត្តរបស់ខ្ញុំក្នុងការចូលរួមក្នុងសាសនាចក្រ ។
ពីរបីខែបន្ទាប់ពីឪពុកចុងរបស់ខ្ញុំបានស្លាប់ ខ្ញុំបានប្រាប់ម្តាយខ្ញុំអំពីពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំ ។ វាមិនល្អដូចពេលដែលខ្ញុំបានប្រាប់ឪពុកខ្ញុំនោះទេ ។ ទោះជាយ៉ាងណា នៅពេលដែលខ្ញុំបានទៅប្រទេសហូឡង់ ដើម្បីទៅសួរសុខទុក្ខសមាជិកគ្រួសារហូឡង់ខាងម្តាយខ្ញុំ ខ្ញុំបានចែកចាយពីការប្រែចិត្តជឿរបស់ខ្ញុំជាមួយពួកគេ ។ ពេលនោះហើយដែលខ្ញុំបានរៀនពីទំនាក់ទំនងគ្រួសារមួយទៀតទៅនឹងសាសនាចក្រ ។
អំឡុងពេលខ្ញុំទៅលេងគ្រួសារនោះ ពូរបស់ខ្ញុំបានមកជួបខ្ញុំ ។ គាត់បាននិយាយថា « ពូមានអ្វីមួយឲ្យក្មួយ » ។ បន្ទាប់មកគាត់បានប្រគល់ព្រះគម្ពីរមរមនកំណែដំបូងជាភាសាហូឡង់មកខ្ញុំ ដែលបានបោះពុម្ពនៅឆ្នាំ ១៨៩០ ។
គាត់បាននិយាយថា « វាជារបស់គ្រួសារយើងជាយូរមកហើយ » ។ « ពូចង់ឲ្យវាទៅក្មួយ » ។
ទំនាក់ទំនងគ្រួសារទាំងពីរនេះទៅនឹងសាសនាចក្រគឺជាការលួងលោមចិត្តយ៉ាងខ្លាំងចំពោះខ្ញុំ ។ សព្វថ្ងៃនេះ ខ្ញុំទុកព្រះគម្ពីរមរមនជាភាសាហូឡង់នោះជារតនៈសម្បត្តិរបស់ខ្ញុំ ។ វារំឭកខ្ញុំពីពួកអ្នកផ្សព្វផ្សាយសាសនាដំបូងទាំងនោះ ដែលបានទៅសួរសុខទុក្ខខ្ញុំ ។ វារំឭកខ្ញុំថាតើការបង្រៀនព្រះគម្ពីរមរមនមានសារៈសំខាន់ចំពោះការប្រែចិត្តជឿរបស់ខ្ញុំយ៉ាងណា ។ វារំឭកខ្ញុំពីឪពុកខ្ញុំដែលបានទទួលអនិច្ចកម្មទៅហើយ អំពីការគោរពរបស់គាត់ចំពោះសាសនាចក្រ ហើយថាដូនតារបស់ខ្ញុំមួយចំនួនបានទទួលដំណឹងល្អដែលបានស្ដារឡើងវិញ ។
វាក៏រំឭកខ្ញុំផងដែរថា ព្រះគម្ពីរមរមនពិតជាមានអំណាចក្នុងការបញ្ចុះបញ្ចូលទាំង « ដល់សាសន៍យូដា និងសាសន៍ដទៃថា ព្រះយេស៊ូវ គឺជាព្រះគ្រីស្ទ ជាព្រះដ៏នៅអស់កល្បជានិច្ច ដែលបានសម្ដែងរូបអង្គទ្រង់ដល់គ្រប់ទាំងសាសន៍ » ។២