« ហ្វ្រេកង់ត្រឹមត្រូវ » លីអាហូណា ខែ មករា ឆ្នាំ ២០២៤ ។
សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
ហ្វ្រេកង់ត្រឹមត្រូវ
ខ្ញុំមិនបានយល់អំពីមូលហេតុដែលអ្នកបើកយន្តហោះដែលបានវង្វេងនោះមិនបានទាក់ទងជាមួយនឹងយើងនោះទេ ។
នៅរសៀលមួយអំឡុងពេលហាត់សមរបស់ខ្ញុំ ក្នុងនាមជាអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសនៅព្រលានយន្តហោះនៅក្នុងទីក្រុង ទីជូអាណា ប្រទេស ម៉ិកស៊ិក នោះគ្រូបង្រៀនរបស់ខ្ញុំ និងខ្ញុំបានកត់សម្គាល់ឃើញថា មានអ័ព្ទដ៏ក្រាស់មួយមកពីមហាសមុទ្របានគ្របដណ្តប់ព្រលានយន្តហោះ និងផ្នែកធំមួយនៃទីក្រុងនេះ ។ ទោះជាយ៉ាងណា រយៈចម្ងាយដែលមើលឃើញនឹងភ្នែកគឺស្ថិតនៅក្នុងដែនកំណត់ដែលអនុញ្ញាតឲ្យយន្តហោះចុះចត និងហោះចេញបាន ។
មិនយូរប៉ុន្មាន យើងបានរកឃើញយន្តហោះតូចមួយ Cessna 172 នៅលើរ៉ាដា មកពីភាគខាងត្បូងតាមបណ្តោយឆ្នេរសមុទ្រ ហោះហើរតាមច្បាប់ដែលអ្នកបើកបរធ្វើប្រតិបត្តិការយន្តហោះនៅក្នុងលក្ខខណ្ឌអាកាសធាតុ ដែលជាទូទៅច្បាស់គ្រប់គ្រាន់ដើម្បីអនុញ្ញាតឲ្យអ្នកបើកយន្តហោះមើលឃើញកន្លែងដែលយន្តហោះកំពុងទៅ ( VFR ) ។ នៅក្រោម VFR អ្នកបើកយន្តហោះកំណត់ទីតាំងខ្លួនឯងតាមដែលអាចមើលឃើញ ជាមួយនឹងចំណុចយោងនៅលើដី ដើម្បីទៅដល់គោលដៅរបស់ពួកគេ ។
ជាអកុសល អ្នកបើកយន្តហោះនោះបានវង្វេងនៅក្នុងអ័ព្ទ ។ ដោយហោះហើរជារង្វង់នៅតំបន់ឆ្នេរសមុទ្រ គាត់បានព្យាយាមកំណត់ទីតាំងខ្លួនឯងថានៅខាងណានៃព្រលានយន្តហោះ ប៉ុន្តែរយៈចម្ងាយដែលអាចមើលឃើញនឹងភ្នែកបានរារាំងការមើលឃើញរបស់គាត់ ។ ខ្ញុំបានសួរគ្រូរបស់ខ្ញុំថា តើយើងអាចធ្វើអ្វីខ្លះដើម្បីជួយគាត់បាន ។
គាត់បានឆ្លើយតបថា « គាត់ចាំបាច់ត្រូវមួលវិទ្យុឲ្យត្រូវនឹងហ្វ្រេកង់រលកធាតុអាកាសរបស់ប៉ម ហើយទាក់ទងជាមួយនឹងយើង » ។ « បើមិនដូច្នោះទេ យើងមិនអាចធ្វើអ្វីសម្រាប់គាត់បានទេ » ។
ខ្ញុំមិនបានយល់អំពីមូលហេតុដែលអ្នកបើកយន្តហោះដែលបានវង្វេងនោះមិនបានទាក់ទងជាមួយនឹងយើងនោះទេ ។ តើគាត់មានបញ្ហាជាមួយវិទ្យុរបស់គាត់ឬ ? តើគាត់មានអារម្មណ៍ថា គាត់អាចចេញពីគ្រោះថ្នាក់ដោយខ្លួនឯងបានឬ ?
ជាច្រើននាទីបានកន្លងផុតទៅ ។ ទីបំផុត អ្នកបើកយន្តហោះនោះបានមួលវិទ្យុត្រូវនឹងហ្វ្រេកង់របស់ប៉ម ។ គាត់បានសុំជំនួយទាំងមានសំឡេងព្រួយបារម្ភ ។ ភ្លាមនោះយើងបានផ្តល់ការណែនាំដល់គាត់ដើម្បីនាំគាត់ទៅកាន់ផ្លូវព្រលានយន្តហោះដោយសុវត្ថិភាព ។ គាត់គ្រាន់តែត្រូវទុកចិត្តទៅលើការណែនាំរបស់យើង និងឧបករណ៍ហោះហើររបស់គាត់ប៉ុណ្ណោះ ។
ដោយឃើញយន្តហោះចេញពីអ័ព្ទពីរបីនាទីក្រោយមក ហើយបន្ទាប់មកចុះចតដោយសុវត្ថិភាព នោះយើងមានអំណរ ដែលមិនអាចពិពណ៌នាបាន ។
នៅពេលត្រឡប់ទៅផ្ទះវិញ ខ្ញុំបានពិចារណាអំពីអ្វីដែលអ្នកបើកយន្តហោះនោះបានជួបប្រទះ ។ ការទាក់ទងមកយើងពីហ្វ្រេកង់រលកធាតុអាកាសដ៏ត្រឹមត្រូវ ធ្វើឲ្យមានភាពខុសគ្នារវាងការទទួលជំនួយ ឬការហោះហើរជារង្វង់—ឬអាក្រក់ជាងនេះទៅទៀត ។
ដូចជាអ្នកបើកយន្តហោះនេះដែរ ខ្ញុំបានវង្វេងពេលខ្លះនៅក្នុង « អ័ព្ទនៃសេចក្ដីងងឹត » ( នីហ្វៃទី១ ៨:២៣ ) ។ នៅពេលខ្ញុំត្រូវការការណែនាំពីព្រះ ទ្រង់រង់ចាំដោយអត់ធ្មត់ដើម្បីស្តាប់សំឡេងរបស់ខ្ញុំ ។
ដូចដែលខ្ញុំអាចមើលឃើញយន្តហោះដែលវង្វេងនៅលើរ៉ាដានោះដែរ ព្រះវរបិតាសួគ៌របស់យើងទតឃើញយើង និងឧបសគ្គនានារបស់យើង ។ ខ្ញុំមានអំណរគុណដែលទ្រង់ផ្ដល់ការណែនាំដល់យើង ។ ទ្រង់ប្រទានជំនួយតាមរយៈការអធិស្ឋាន ព្រះគម្ពីរ ព្យាការីដែលនៅរស់ និងអំណោយនៃព្រះវិញ្ញាណបរិសុទ្ធ ។ ទ្រង់នឹងដឹកនាំយើងចេញពីគ្រោះថ្នាក់ខាងរូបកាយ និងខាងវិញ្ញាណ ប្រសិនបើយើងស្តាប់តាមហ្វ្រេកង់ដែលត្រឹមត្រូវ ស្នើសុំការណែនាំ ហើយស្តាប់តាមព្រះសូរ្យសៀងរបស់ទ្រង់ ។