២០១៧
បាន​មើល​ថែទាំ​ដោយ​ព្រះវរបិតាសួគ៌​របស់​យើង
June 2017


ការគិត​ពិចារណា

បាន​មើល​ថែទាំ​ដោយ​ព្រះវរបិតាសួគ៌​របស់​យើង

រូបភាព
cowboys

រូបថត​ដោយ Tobias Keller/Unsplash

ពីមុនឪពុក​ខ្ញុំ​ឈឺ​ជំងឺ​បាត់ការចងចាំ គាត់​តែងតែ​មាន​រឿង ឬ បទចម្រៀង​សម្រាប់​កូនៗ​របស់​គាត់​ជានិច្ច ។ ខ្ញុំ​អាច​នៅចាំ ពេលគាត់​អង្គុយ​នៅលើ​កៅអី​ធំ​របស់​គាត់ បីប្អូន​ប្រុស​ខ្ញុំ​នៅលើ​ភ្លៅ ខណៈ​ដែល​គាត់​និយាយ​រឿងរ៉ាវ​ពី​យុវវ័យ​របស់​គាត់ ដោយ​សំឡេង​ស្រទន់​ឮ​ពេញ​បន្ទប់ — គឺ​ជា​រឿង​គ្រប់​យ៉ាង​អំពី​ការឃ្វាល​គោ ដោយ​មាន​សត្វ​ឆ្មា​អង្គុយ​លើ​ស្មា​គាត់ រំកិល​ខ្លួន​ចុះ​ពីលើ​ថ្ម​ពណ៌​ក្រហម​នៅ​ទីក្រុង អ៊ីស្កាឡែនតេ រដ្ឋ​យូថាហ៍ ស.រ.អា. ។ ក្រោយ​មក​នៅពេលប្អូន​ប្រុសរបស់​ខ្ញុំ​ងក់ គាត់​បាន​ឈប់​និយាយ​រឿង ហើយ​គាត់​ចាប់ផ្តើម​ច្រៀង​បទ​ក្មេង​ឃ្វាល​គោ​ដដែលៗ​បំពេរ​ម្តង ៖

បិទ​ភ្នែក​គេង​ទៅ កូន​តូច​មាស​ឪពុក​អើយ

ព្រះវរបិតាសួគ៌​កូន​កំពុង​មើល​ថែ​កូន​ហើយ ។

កូន​ដឹង​ទេ នេះ​គឺ​ជា​ពេល​ត្រូវ​ចូល​គេង​ហើយ ថ្ងៃ​នេះ​កន្លង​ផុត​ហើយ​ណា​កូន ។

ដូច្នេះ​គេង​ទៅ កូន​តូច​មាស​ឪពុក​អើយ ។

ឥឡូវនេះ​ប្អូនប្រុស​របស់​ខ្ញុំ​ក្លាយ​ជាឪពុក​គេ​ហើយ ហើយ​ឪពុក​របស់​ខ្ញុំ​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ទីក្រុង សាន់ឌីអាហ្គូ កាលីហ្វូញ៉ា ​ស.រ.អា. ។ ទោះបី​គាត់​ឃើញ​ដើម​ត្នោត​ក្តី គាត់​គិត​ថា គាត់​គឺ​ជា​ក្មេង​បើក​ប្រព័ន្ធទឹក​ស្រោច​ដំណាំ​ចូល​ទៅក្នុង​ថ្នាល​ពោត ប៉េងបោះ និង សណ្តែក​បារាំង ។ ប៉ុន្តែ​គាត់​ពុំ​មែន​ជា​ក្មេង​នោះ​ដដែល​ទេ ។ គាត់​កំពុង​ឈាន​ទៅ​រក​សេចក្តីស្លាប់​ហើយ ។

ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ម្តាយ និង បងប្អូន​ប្រុសស្រី​របស់​ខ្ញុំ​បាន​ប្រមូលគ្នា​នៅ​ជុំវិញ​គ្រែ​របស់​គាត់ ។ ម្តាយ​ខ្ញុំ​បាន​ទូរសព្ទ​មក​ផ្ទះខ្ញុំ​នៅ​តំបន់​ភ្នំ​រដ្ឋ​យូថាហ៍ ស.រ.អា ។ គាត់​ប្រាប់​ខ្ញុំ​ថា នៅពេល​គាត់​បង្ហាញ​រូបថត​ចាស់ៗ​របស់​គ្រួសារ​ដល់​ឪពុក​ខ្ញុំ នោះ​ឪពុក​ខ្ញុំ​បាន​ញញឹមទាំង​ទឹកមុខ​ជ្រីវជ្រួញ​របស់​គាត់ ។ ជួនកាល​ឪពុក​របស់​ខ្ញុំ​រវើរវាយ​អំពី ពួកបងប្អូន​ប្រុស​របស់​គាត់ ដែល​បាន​ចែកឋាន​ជា​យូរ​ណាស់​មក​ហើយ ។ ម្តាយ​របស់​ខ្ញុំ​ព្យាយាម​បញ្ចុក​អាហារ​គាត់ ប៉ុន្តែ​គាត់​បដិសេធ​មិន​បរិភោគ​ឡើយ ។ គាត់​ប្រាប់​ម្តាយ​ខ្ញុំ​ថា បងប្អូនប្រុស​របស់​គាត់​ចាប់​បាន​ត្រី​មួយ​ចំនួន ហើយ​គាត់​ត្រូវ​ទៅ​មើលថែ​សេះ​ពីមុន​អាហារ​ពេល​ល្ងាច ។

ដោយ​សន្សឹមៗ យើង​បាន​ស្រុះស្រួល​ចំពោះ​ចំណេះ​ដឹង​ដែល​ថា នៅពេល​គាត់​ចាកចេញ​ពី​ជីវិត​រមែង​ស្លាប់​នេះ​ទៅ ឪពុក​របស់​យើង​នឹង « បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ គឺ​ទៅ​ជួប​នឹង​ព្រះ​ដែល​ទ្រង់​បាន​ប្រទាន​ជីវិត​ដល់ [ យើង ] … ជា​កន្លែង​ដែល [ គាត់​នឹង ] បាន​សម្រាក​ពី​អស់​ទាំង​កង្វល់ ពី​អស់​ទាំង​ការ​បារម្ភ និង​ពី​ទុក្ខ​ព្រួយ [ របស់​គាត់ ] » ( អាលម៉ា ៤០:១១–១២ ) ។

ខ្ញុំ​បាន​ទូរសព្ទ​ទៅ​ម្តាយ​របស់​ខ្ញុំ ហើយ​គាត់​បាន​ហុច​ទូរសព្ទ​ទៅ​ឲ្យ​ឪពុក​ខ្ញុំ ។ ខ្ញុំ​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់ ដោយសារ​គាត់​បាន​ចាប់ផ្តើម​ច្រៀង​បំពេរ​ខ្ញុំ ៖ « បិទ​ភ្នែក​គេង​ទៅ កូន​តូច​មាស​ឪពុក​អើយ ព្រះវរបិតាសួគ៌​កូន​កំពុង​មើល​ថែ​កូន​ហើយ » ។

ខ្ញុំ​ឆ្ងល់​ណាស់​ថា តើ​ឪពុក​ខ្ញុំ​ពិត​ជា​ដឹង​ថា​ខ្ញុំ​កំពុង​និយាយ​ជាមួយ​គាត់​ឬទេ ។ គាត់​ប្រហែល​ជា​ពុំ​ដឹង​ឡើយ ប៉ុន្តែ​ចម្រៀង​នេះ​ក្លាយ​ជា​អំណោយ​មួយ​ដែល​រំជួល​អារម្មណ៍​ខ្ញុំ​យ៉ាង​ខ្លាំង ។ ខ្ញុំ​បាន​យំ​ដោយ​អំណរគុណ ដល់​សេចក្តី​មេត្តា​ករុណាដ៏​ទន់ភ្លន់​នេះ​របស់​ព្រះវរបិតាសួគ៌ និង ដល់​ផែនការ​នៃ​សេចក្តីសង្គ្រោះ​របស់​ទ្រង់ ។ មិន​យូរ​ប៉ុន្មាន បទចម្រៀង​បំពេរ​នោះ​បាន​ចប់ ហើយ​ខ្ញុំ​ស្រមៃ​ថា ភ្នែក​របស់​ឪពុក​ខ្ញុំ​បាន​ចាប់ផ្តើម​បិទ​ដែរ ។ ឱកាស​នោះ​បាន​កន្លង​ផុត​ទៅ ប៉ុន្តែ​ខ្ញុំ​រក​ឃើញ​សេចក្តីសង្ឃឹម​នៅក្នុង​ការដឹង​ថា សេចក្តីស្លាប់​គឺ​ជា​ផែនការ​របស់​ព្រះ ដើម្បី​នាំ​ពួកយើង​ត្រឡប់​ទៅ​ផ្ទះ​ទៅ​រក​ទ្រង់​វិញ ។ ខ្ញុំ​ជឿ​លើ​ផែនការ​របស់​ព្រះ និង សេចក្តីស្រឡាញ់​របស់​ទ្រង់​ដល់​ពួកយើង កាល​យើង​ចាកចេញ​ពី​ជីវិត​នេះ ។ ខ្ញុំ​បាន​ខ្សឹប​ថា « រាត្រីសួស្តី លោកពុក ។ សូម​សម្រាន​ចុះ ។ ព្រះវរបិតាសួគ៌​របស់​យើង​កំពុង​មើលថែ​លោក​ពុក​ហើយ » ។

កំណត់​ចំណាំ

  1. សូមមើល Jack Scholl និង M. K. Jerome « My Little Buckaroo » ( ឆ្នាំ ១៩៣៧ ) ។