២០១៧
ការទទួលបាន​សេចក្តីសញ្ញា​របស់​ខ្ញុំ​មក​វិញ
June 2017


ការទទួលបាន សេចក្តីសញ្ញា របស់​ខ្ញុំ​មក​វិញ

បន្ទាប់​ពី​ជួប​នូវ​បទពិសោធន៍​បាត់បង់​សេចក្តីសញ្ញា តាមរយៈ​ការកាត់កាល​ចេញ​ពី​សាសនាចក្រ នោះ​ខ្ញុំ​បាន​រៀន​​ផ្តល់​តម្លៃ​ដល់​សេចក្តីសញ្ញា​របស់​ខ្ញុំ ។

រូបភាព
distraught woman

រចនារូបភាពដោយ ឌីលីន ម៉ាស្ស

ខ្ញុំ​ត្រូវបាន​ចិញ្ចឹមបីបាច់​នៅក្នុង​សាសនាចក្រ ហើយ​ខ្ញុំបាន​ជ្រមុជទឹក ព្រម​ទាំង​ទទួលការបញ្ជាក់​ជា​សមាជិកតាំងពីអាយុ​ប្រាំបី​ឆ្នាំ ។ ដំណឹង​ល្អ​គឺ​ជា​បែបផែន​មួយ​នៃ​ជីវិត​សម្រាប់​ខ្ញុំ និង​សម្រាប់​មនុស្សជា​ច្រើន​ដែល​នៅជុំវិញ​ខ្ញុំ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​វត្តមាន​ជារឿយៗ​នៅក្នុង​ជីវិត​របស់​ខ្ញុំ ។

នៅពេល​ខ្ញុំ​ត្រូវបាន​កាត់កាល​ចេញ​ពី​សាសនាចក្រ នោះ​ខ្ញុំ​មាន​អារម្មណ៍​ថា វិញ្ញាណ​របស់​ខ្ញុំ​ស្ទើរតែបានចាកចេញ​ពី​ខ្ញុំទាំងស្រុង​ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ដំណើរការ​នៃការគិត​របស់​ខ្ញុំ​ត្រូវបាន​រំខាន ហើយ​យឺតយ៉ាវ ហើយ​ការសម្រេច​ចិត្ត​របស់​ខ្ញុំ​មាន​ភាពច្របូកច្របល់ និង​ការលំបាក ។ ខ្ញុំ​មាន​ចិត្ត​រសាប់រសល់ និង​ពិបាក​មាន​អារម្មណ៍​សុខសាន្ត​ក្នុ​ងចិត្ត ។

ខ្ញុំ​ពុំ​ធ្លាប់​ដឹង​ថា ការបាត់បង់​សមាជិកភាព​របស់​ខ្ញុំ​នឹង​ផ្លាស់ប្តូរ​ជីវិត​ខ្ញុំ​ទាំងស្រុងបែបណា​នោះ​ទេ ។ ខ្ញុំ​ពុំ​អាចស្លៀក​សំលៀកបំពាក់​បរិសុទ្ធ ឬ ចូលរួម​ព្រះវិហារ​បរិសុទ្ធ​បាន​ទៀត​ឡើយ ។ ខ្ញុំ​ពុំ​អាច​ថ្វាយ​ដង្វាយមួយភាគក្នុង​ដប់ បម្រើ​ក្នុងការហៅបម្រើ ទទួលទានសាក្រាម៉ង់ ឬ ថ្លែងទីបន្ទាល់​របស់​ខ្ញុំ ឬ អធិស្ឋាន​នៅឯ​ព្រះវិហារ​បាន​ឡើយ ។ ខ្ញុំ​គ្មាន​អំណោយ​ទាន​នៃព្រះវិញ្ញាណ​បរិសុទ្ធ​ទៀត​ឡើយ ។ អ្វីដែលសំខាន់​បំផុតនោះ​គឺ​ថា ខ្ញុំ​គ្មាន​ទំនាក់ទំនង​ក្នុង​សេចក្តីសញ្ញា​ជាមួយ​ព្រះអង្គសង្គ្រោះ​របស់​ខ្ញុំ តាមរយៈ​ពិធីបរិសុទ្ធ​នានា​នៃ​បុណ្យ​ជ្រមុជទឹក និង ព្រះវិហារបរិសុទ្ធ​ឡើយ ។

ខ្ញុំបាន​អស់​សង្ឃឹម ហើយ​ភ័យ​ខ្លាច ។ កាល​នោះ​កូន​ទាំង​បី​របស់​ខ្ញុំ​មាន​អាយុ ១៦, ១៤, និង ១២​ ឆ្នាំ ។ ពួកគេ​គឺ​ជា​កេរដំណែល​របស់​ខ្ញុំ ហើយ​ខ្ញុំ​ពិតជា​ចង់​បន្សល់​ទុក​នូវ​កេរដំណែល​នៃ​សេចក្តីសង្ឃឹម​ដល់​ពួកគេ​ជា​ខ្លាំង ។ ខ្ញុំ​បាន​អង្គុយជាមួយ​ពួកគេ ហើយ​ប្រាប់​ពួកគេ​ថា ប្រសិនបើ​ខ្ញុំ​ស្លាប់​មុន​ខ្ញុំ​អាច​ទទួលបុណ្យជ្រមុជទឹក​ម្តង​ទៀត នោះ​ខ្ញុំ​ត្រូវការ​ឲ្យ​ពួកគេ​ធ្វើ​ពិធីបរិសុទ្ធ​ទាំងនោះ​ជំនួស​ខ្ញុំ​ម្តង​ទៀត ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ ខ្ញុំភ័យខ្លាច​ថា ខ្ញុំ​គ្មាន​ពរជ័យ​នៃ​ការរក្សាសេចក្តីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ខ្ញុំ​ទៀត​ឡើយ ហើយ​ខ្ញុំ​បារម្ភ​ថា ខ្ញុំ​ពុំ​អាច​ត្រូវបាន​លាង​ជម្រះ​ឲ្យ​ស្អាត​ជា​ថ្មី​ម្តង​ទៀត​នោះទេ ។

ដំណើរ​ត្រឡប់​មក​វិញ​របស់​ខ្ញុំ

ខ្ញុំ​ពុំ​ធ្លាប់​សង្ស័យ​ឡើយ​ថា សាសនានេះ​ពិត ហើយ​ថាដំណឹង​ល្អ​គឺ​ជា​របៀប​ដែល​ខ្ញុំ​ចង់​រស់នៅ​តាម ដូច្នេះ​ខ្ញុំ​បាន​បន្ត​ទៅ​ព្រះវិហារ ។ ខ្ញុំ​ចង់​ឲ្យ​ព្រះវរបិតាសួគ៌ជ្រាប​ដឹង​ថា ខ្ញុំ​ស្រឡាញ់​ទ្រង់ ហើយ​ថាខ្ញុំ​មាន​ការសោកស្តាយ​ចំពោះ​ទង្វើ​របស់​ខ្ញុំ​ខ្លាំង​ណាស់ ។ ខ្ញុំ​បាន​ទៅ​ព្រះវិហារ​​រៀងរាល់​សប្តាហ៍ ទោះបីវា​ជា​រឿង​លំបាក​យ៉ាង​ខ្លាំង​ក្តី ។ សមាជិក​នៅ​វួដ​ដូចជា​គ្មាន​ភាពសុខស្រួល​នឹង​វត្តមាន​របស់​ខ្ញុំ​នៅ​ទីនោះ​ឡើយ ហើយ​ស្ទើរតែ​គ្មាន​នរណា​ម្នាក់​និយាយ​រក​ខ្ញុំ​ឡើយ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មានយុវនារីដ៏​ពិសេស​ម្នាក់ដែល​មាន​ជំងឺ​គ្រាសគន្លង​ឈ្មោះ ហូលី​ គឺគួរឲ្យ​ស្រឡាញ់​ណាស់ ។ រៀងរាល់​ថ្ងៃ​អាទិត្យ នៅពេល​ខ្ញុំ​ដើរ​ចូល​ទៅក្នុង​សាលាជំនុំ នាង​រត់​មក​រក​ខ្ញុំ ឈោងដៃមក​ឱបខ្ញុំ ឱបខ្ញុំ​យ៉ាង​ណែន ហើយ​និយាយ​ថា « រីករាយ​ដែល​បាន​ជួប​អ៊ំ ! ក្មួយ​ស្រឡាញ់​អ៊ំស្រី ! » ខ្ញុំ​មាន​អារម្មណ៍​ថា នាង​បាន​ធ្វើ​សកម្មភាពជំនួស​ឲ្យ​ព្រះអង្គសង្គ្រោះ ដោយ​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ថា​ទ្រង់​សព្វព្រះទ័យ​ដែល​ខ្ញុំ​បាន​មក​ព្រះវិហារ ។

វា​ពិតជា​មាន​ការលំបាក​ណាស់ ដែលគេ​យក​ថាសសាក្រាម៉ង់​ចេញ​ពី​ខ្ញុំ​ទៅ​ដោយ​ខ្ញុំ​ពុំ​អាច​ទទួលទាន​វា​បាន ព្រោះ​ខ្ញុំ​ដឹង​ថាខ្ញុំ​ពុំ​អាច​ទទួលបាន​ពរជ័យ​នោះ​ឡើយ ។ ការទទួលទាន​សាក្រាម៉ង់​គឺ​ជា​ពរជ័យ​មួយ ។ វា​គឺ​ជារឿង​អស្ចារ្យ​ណាស់ ដែល​មាន​ពរជ័យ​ដើម្បី​ធ្វើ​ឲ្យ​បាន​ជ្រះស្អាត​ តាមរយៈ​ព្រះចេស្តា​របស់​ព្រះអង្គសង្គ្រោះ និង ពលិកម្មធួន​របស់​ទ្រង់ ដើម្បី​ទទួល​ការអភ័យទោស​ពី​អំពើ​បាប និង កំហុស​របស់​យើង​ពីមួយសប្តាហ៍​ទៅ​មួយ​សប្តាហ៍ និង ដើម្បី​តាំងចិត្ត​ជា​ថ្មី​ដោយ​សេចក្តីស្រឡាញ់ និង ភាពស្មោះត្រង់​ដល់​សេចក្តីសញ្ញា​ដែល​យើង​បាន​ធ្វើ​ថា ចងចាំ​ព្រះអង្គសង្គ្រោះ​របស់​យើង​ជានិច្ច ហើយ​កាន់តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។​

ដោយសារ​ការថ្វាយ​ដង្វាយ​មួយ​ភាគក្នុងដប់​គឺ​ជា​រឿង​សំខាន់​សម្រាប់​ខ្ញុំ នោះ​ខ្ញុំ​បាន​បើក​គណនីធនាគារ​មួយ ហើយ​បាន​ដាក់​ប្រាក់​ដង្វាយមួយ​ភាគក្នុង​ដប់​របស់​ខ្ញុំ​នៅក្នុងគណនី​នោះ​រៀងរាល់​ខែ ។ ខ្ញុំ​ត្រូវការ​ឲ្យ​ព្រះអម្ចាស់​ជ្រាប​ដឹង​ថា ទោះបី​ជា​ទ្រង់​ពុំ​អាច​ទទួល​ដង្វាយ​មួយ​ភាគក្នុង​ដប់​របស់​ខ្ញុំ​ក្នុង​ពេល​នេះ​ក្តី ខ្ញុំ​នៅតែចង់​ថ្វាយ​ដង្វាយ​នោះ​ដល់​ទ្រង់ ។ កាល​នោះ​ខ្ញុំ​នៅតែ​ម្នាក់ឯង ហើយ​ចិញ្ចឹម​កូនស្រី​ជំទង់​បី​នាក់​របស់​ខ្ញុំ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ត្រូវការ​ពរជ័យ​នៃ​ការបង្ហាញ​ចំពោះ​ព្រះអម្ចាស់​អំពីឆន្ទៈ​របស់​ខ្ញុំ​ក្នុងការ​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុងដប់ ទោះបី​ជា​ខ្ញុំ​ពុំ​អាច​ថ្វាយ​ដង្វាយ​នោះ​ចំពោះ​ទ្រង់​ក្តី ។ ខ្ញុំ​គ្មាន​ការសង្ស័យ​ឡើយ​ថា យើង​ពិត​ជា​ទទួល​បាន​ពរយ៉ាង​ច្រើន​អំពី​ការថ្វាយ​ដង្វាយ​នេះ ។

ពរជ័យ​បាន​ស្តារ​ឡើង​វិញ

រូបភាព
smiling woman

ក្រោយ​ពីការកាត់កាល​ចេញ​ពី​សាសនាចក្រ​របស់​ខ្ញុំ ជាង​មួយ​ឆ្នាំមក ខ្ញុំ​បាន​ទទួល​បុណ្យ​ជ្រមុជទឹក​ឡើង​វិញ​ម្តង​ទៀត ។ ឱ វា​គឺ​ជា​អារម្មណ៍​ដ៏​ធូរ​ស្បើយ​អ្វី​ម៉្លេះ ពេល​ខ្ញុំ​ក្រោក​ចេញ​ពី​ទឹក​មក​វិញ ដោយ​ដឹង​ថា​ឥឡូវ​នេះ​ព្រះយេស៊ូវ​​គឺ​ជា​ព្រះអង្គគាំទ្រ​របស់​ខ្ញុំ ជាដៃគូ​ខ្ញុំ ។ ទ្រង់​បាន​បង់ថ្លៃ​សម្រាប់​អំពើ​បាប​របស់​ខ្ញុំ ហើយ​ខ្ញុំ​បាននៅក្នុង​ទំនាក់ទំនង​នៃ​សេចក្តីសញ្ញា​ជាថ្មី​ម្តង​ទៀត​ជាមួយ​ទ្រង់ ។ ចិត្ត​ខ្ញុំ​ពោរពេញ​ដោយ​អំណរគុណ !

ខ្ញុំ​បាន​ទទួល​អំណោយ​ទាននៃ​ព្រះវិញ្ញាណបរិសុទ្ធ​ម្តង​​ទៀត ។ ខ្ញុំ​ទទួលអារម្មណ៍​នៃ​វត្តមាន​របស់ទ្រង់គឺ ៖ ព្រះវិញ្ញាណ​បរិសុទ្ធត្រឡប់​មក​គង់​នៅ​ជាមួយ​ខ្ញុំ​ម្តង​ទៀត ! ខ្ញុំព្យាយាម​យ៉ាង​ខ្លាំង​មិន​ធ្វើ​ឲ្យ​ទ្រង់អាក់អន់​ព្រះទ័យ​​ទៀត​ឡើយ ដើម្បី​កុំ​ឲ្យ​ទ្រង់​ចាកចេញ​ពី​ខ្ញុំ​ទៀត ។

ខ្ញុំ​បាន​បិទគណនីធនាគារ​ដែល​មាន​ដង្វាយមួយភាគក្នុង​ដប់​របស់​ខ្ញុំ​នៅក្នុង​នោះ ហើយ​បាន​សរសេរ​ជា​មូលប្បទានបត្រ ជូន​ទៅ​ប៊ីស្សព​របស់​ខ្ញុំ​ដោយ​ក្តី​រំភើបរីករាយ ។

ប្រាំឆ្នាំ​ក្រោយ​មក ខ្ញុំ​អាច​ទទួល​បាន​​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​របស់​ខ្ញុំ​ឡើង​វិញ ។ ខ្ញុំ​មាន​អារម្មណ៍​​ថា​ធូរស្បើយ​ក្នុងចិត្ត និង​ មាន​អំណរគុណ ។ ខ្ញុំ​ត្រូវបាន​ឱបក្រសោប​នៅក្នុង​សេចក្តីស្រឡាញ់ និង ការការពារ​ដោយ​អំណាច​នៃ​សេចក្តីសញ្ញា ដែល​ខ្ញុំ​បាន​ធ្វើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​សារ​ជា​ថ្មី​ម្តង​ទៀត ។

ឥឡូវ​នេះ​ខ្ញុំ​បាន​ផ្សារភ្ជាប់​ជាមួយ​បុរស​ម្នាក់​ដែលស្រឡាញ់​គោរព​ខ្ញុំ ហើយ​ខ្ញុំក៏​ស្រឡាញ់​គោរព​គាត់ ហើយ​ពួកយើង​ទាំងអស់គ្នា​ធ្វើការរួមគ្នា​យ៉ាង​សកម្ម ក្នុងការស្ថាបនា​ឲ្យមាន​ការផ្សារភ្ជាប់​របស់យើង ជា​ទំនាក់ទំនង​សេចក្តីសញ្ញា​មួយ​ដែល​នឹង​មាន​ជា​យូរ​អង្វែងអស់កល្ប​ជានិច្ច ។

សេវកភាព​នៃទោសកំហុស

អស់រយៈពេល ២០ ឆ្នាំតាំង​ពីគ្រា​នោះ​មក ជួនកាល​ខ្ញុំ​មាន​អារម្មណ៍​អំពី​ការមាន​ទោសកំហុសដ៏​ធំនោះ មាននៅក្នុងខ្លួន​ខ្ញុំ ហើយ​បណ្តាល​ឲ្យ​ខ្ញុំគ្មាន​សុភមង្គល និង​មាន​ក្តីបារម្ភ​ដ៏​ធំធេង ។ ខ្ញុំ​បាន​ឆ្ងល់​ថា​តើ​ខ្ញុំ​បាន​ប្រែចិត្ត​គ្រប់គ្រាន់ដែរ​ឬទេ ហើយ​ថាតើ​ខ្ញុំ​ពិតជា​ទទួលបាន​ការអភ័យទោសដែរ​ឬ​អត់ ។ កាលពីពីរបីឆ្នាំមុន​នេះ អារម្មណ៍​ខ្ញុំ​ហាក់ដូចជា​ត្រូវគ្នា​នឹង​អារម្មណ៍​ដែល​អាលម៉ា​ជាកូន​បានមាន ​ដូចបាន​ពិពណ៌នានៅក្នុង អាលម៉ា ៣៦:១២–១៣ ៖

« ឪពុក​ត្រូវ​ញាំញី​ដោយ​សេចក្ដី​ទុក្ខ​វេទនា​ដ៏​នៅ​អស់​កល្ប​ជានិច្ច ព្រោះ​ព្រលឹង​ឪពុក​ត្រូវ​កើតទុក្ខ​ជា​អតិបរមា ហើយ​ត្រូវ​ញាំញី​ដោយ​អស់​ទាំង​អំពើ​បាប​របស់​ឪពុក ។

« មែន​ហើយ ឪពុក​បាន​ចាំ​នូវ​អំពើ​បាប និង​អំពើ​ទុច្ចរិត​ទាំង​អស់​របស់​ខ្លួន ដោយ​ហេតុ​នេះ​ហើយ ឪពុក​ត្រូវ​ទទួល​ទោស​ដោយ​ការ​ឈឺ​ចាប់​នៃ​ស្ថាន​នរក មែន​ហើយ ឪពុក​បាន​ឃើញ​ថា ឪពុក​បាន​បះបោរ​ទាស់​នឹង​ព្រះ​របស់​ឪពុក ហើយ​ថា ឪពុក​មិន​បាន​កាន់​តាម​ព្រះ​បញ្ញត្តិ​ដ៏​បរិសុទ្ធ​របស់​ទ្រង់​សោះ » ។

ថ្ងៃមួយ​ខ្ញុំ​បាន​លុតជង្គង់​ចុះ​អធិស្ឋាន ហើយ​ទូលសួរ​ទ្រង់​ថា « ឱ ព្រះវរបិតា​អើយ តើ​ខ្ញុំ​ម្ចាស់​បាន​ធ្វើគ្រប់គ្រាន់​ហើយ​ឬ​នៅ ? ខ្ញុំ​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង ដែល​ខ្ញុំ​ចាំបាច់​ត្រូវធ្វើ ដើម្បី​យកអារម្មណ៍​នៃការមាន​ទោសកំហុស​នេះ​ចេញ​ពី​ខ្ញុំ​ម្ចាស់ » ។ បន្ទាប់​មក​​ ខ្ញុំ​រង់ចាំ ហើយ​ស្តាប់​ពីចិត្ត​ខ្ញុំ ។

ចម្លើយ​បានប្រាកដ​ឡើង​​យ៉ាង​ច្បាស់​ថា ៖ « កូន​បាន​ធ្វើ​គ្រប់គ្រាន់ហើយ » ។ ខ្ញុំបាន​ពោរពេញ​ដោយ​អំណរ​ដ៏ពិតប្រាកដ ។ ខ្ញុំ​ពុំ​អាច​ឈប់ញញឹម​បាន​ឡើយ ហើយបាន​យំ​ទាំង​រីករាយ​ចិត្ត ។ ពេញមួយ​ថ្ងៃនោះ​ខ្ញុំ​បាន​ពោរពេញ​ដោយ​អំណរ ។ គ្រប់ទាំងសេចក្តីអាម៉ាស់ និង​ទោសកំហុស​ទាំងអស់​បាន​រលាយ​បាត់អស់ ។

ជាថ្មីម្តង​ទៀត​ខ្ញុំ​បាន​ពិចារណា​អំពី​បទពិសោធន៍​របស់​អាលម៉ា​ជា​កូន ៖

« ឪពុក​ក៏​ឈប់​នឹក​ឃើញ​ការ​ឈឺ​ចាប់​ទៀត មែន​ហើយ ឪពុក​ក៏​អស់​កើត​ទុក្ខ​​ដោយ​ការ​នឹក​ឃើញ​អំពើ​បាប​របស់​ខ្លួន​ទៀត​ ។

ហើយ ឱ សេចក្ដី​អំណរ និង រស្មី​ដ៏​អស្ចារ្យ​ដែល​ឪពុក​បាន​ឃើញ មែនហើយ ព្រលឹង​ឪពុក​បាន​ពោរពេញ​ទៅ​ដោយ​សេចក្ដី​អំណរ​លើស​ជាង​ការឈឺចាប់​របស់​ឪពុក​ទៅ​ទៀត ! » ( អាលម៉ា ៣៦:១៩–២០ ) ។

ដំណើរ​របស់​ខ្ញុំ​ដើម្បី​ទទួលបាន​សមាជិកភាព​នៅក្នុង​សាសនាចក្រ​ និង​ទំនាក់ទំនងនៃ​សេចក្តីសញ្ញា​របស់​ខ្ញុំ​​ជាមួយ​ព្រះអង្គសង្គ្រោះ​វិញ គឺ​ជារឿងមួយ​ដ៏​សោកសៅ និងមេត្តាករុណា ។ ខ្ញុំ​បាន​ចេញរួច​ផុត​អំពី​ការសាកល្បង​នេះ ដោយដឹងថា​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​មាន​តម្លៃ​ខ្លាំង​បំផុត ។ ខ្ញុំ​បាន​ចំណាយ​ពេល​អស់ជាង ២០ ឆ្នាំដើម្បី​យក​ឈ្នះ​លើ​សេចក្តីអាម៉ាស់ និង​ទោសកំហុស​នៃ​ការកាត់កាលចេញ​ពីសាសនាចក្រ​របស់​ខ្ញុំ ហើយ​រកឃើញ​នូវ​កម្លាំង ដើម្បីចែកចាយ​បទពិសោធន៍​របស់​ខ្ញុំ​ជាមួយ​អ្នកដទៃ ។ ខ្ញុំ​សង្ឃឹម​ថា បទពិសោធន៍​របស់​ខ្ញុំ​បំផុស​គំនិត​អ្នក​ដទៃ​ទៀត ឲ្យ​មាន​ភាពក្លាហានក្នុងការ​ផ្លាស់ប្តូរ ហើយ​ឈោងទៅជួយ​ដល់​អស់​អ្នក​ដែល​ចង់​ផ្លាស់ប្តូរ ។ ខ្ញុំ​អាច​ឈរ​យ៉ាង​រឹងប៉ឹង ហើយ​ថ្លែងទីបន្ទាល់​ដោយ​គ្មានសង្ស័យ​ថា ដង្វាយ​ធួន​​របស់​ព្រះយេស៊ូវគ្រីស្ទ​មាន​ពិតប្រាកដ​មែន ។ ព្រះចេស្តា​របស់​ទ្រង់​អាច​ផ្លាស់ប្តូរ​ជីវិត​របស់​អ្នក មិនត្រឹមតែឲ្យ​បាន​ប្រសើរ​ឡើង​នោះ​ទេ ថែមទាំង​បាន​ល្អ​បំផុត​ផងដែរ ។

ខ្ញុំ​ស្រឡាញ់​សមាជិកភាពរបស់​ខ្ញុំ​នៅក្នុង​សាសនាចក្រ​យ៉ាង​ខ្លាំង ។ វា​គឺ​ជា​អំណោយដែល​ពុំ​អាច​កាត់ថ្លៃ​បាន ហើយ​ជា​ពរជ័យ​ដ៏​អស្ចារ្យ​នៅក្នុង​ជីវិត​របស់​ខ្ញុំ ។ ខ្ញុំ​ពុំ​ចង់​បាត់បង់​វា​ម្តង​ទៀត​ឡើយ ។