២០១៧
តួនាទីសំខាន់​ជា​សកល​របស់​សាសនា
June 2017


តួនាទីសំខាន់​ជា​សកល​របស់​សាសនា

អែលឌើរ អូក ថ្លែង​សុន្ទរកថា​នេះ​នៅ​ថ្ងៃ​ទី ៩ ខែ មិថុនា ឆ្នាំ ២០១៦ នៅ​សាកលវិទ្យាល័យ អកហ្វើត ក្នុងប្រទេស​អង់គ្លេស អំឡុង​សន្និសីទ​ស្តីពី​សេរីភាពខាង​សាសនា ។

យើង​ពុំ​អាច​បាត់បង់ឥទ្ធិពល​សាសនា​នៅក្នុង​ជីវិត​ជា​សាធារណៈ​របស់​យើង ​ដែលមិនបង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សេរីភាព​ទាំងអស់​របស់​យើង​ឡើយ ។

រូបភាព
religious scenes

រូបថត​មក​ពី Getty Images

អស់​រយៈពេល​ជាង ៣០ ឆ្នាំ​មក​ហើយ​ខ្ញុំ​គឺ​ជា​សាវក​ម្នាក់​នៃ​សាវក​ទាំង​ដប់​ពីរនាក់​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ដូច​បាន​ណែនាំ​ដោយ​គណៈប្រធាន​ទីមួយ​របស់​យើង យើង​គ្រប់គ្រង​លើ​សមាជិក​សាសនាចក្រ​ទូទាំងពិភពលោក​ជិត ១៦ លាន​នាក់​នៅក្នុង​ក្រុមជំនុំ​ជាង ៣០,០០០ ក្រុមជំនុំ ។ យើង​បង្រៀន និង ​ថ្លែង​ទីបន្ទាល់​អំពី​ភាព​ជា​ព្រះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​បព្វជិតភាព​របស់​ទ្រង់ ព្រមទាំង​ភាពពេញលេញ​នៃ​គោលលទ្ធិ​របស់​ទ្រង់ ។ ភាពពិសេស​នៃគោលលទ្ធិ​របស់​យើង​គឺ​ជា​ចំណេះ​ដឹង​ដែល​ថា ព្រះ​បន្ត​ហៅ​ព្យាការី និង សាវក​ដើម្បី​ទទួល​វិវរណៈ ហើយ​បង្រៀន​អំពី​របៀប​អនុវត្ត​ព្រះបញ្ញត្តិ​របស់​ទ្រង់ នៅក្នុង​ស្ថានភាពនានា​នៃ​ជីវិត​របស់យើង ។

១. សារៈសំខាន់​នៃ​សាសនា​ជា​សកល

សេរីភាព​ខា​ង​សាសនា​គឺ​ជា​ចំណាប់​អារម្មណ៍​ដ៏​យូរអង្វែង​នៃ​ជីវិត​ខ្ញុំ ។ ការបោះពុម្ពផ្សាយ​ដំបូង​របស់​ខ្ញុំ ក្នុងនាម​ជា​សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​វ័យ​ក្មេង​នៅ​សាកលវិទ្យាល័យ​ឈីហ្គាហ្គោ កាល​ពី ៥៤ ឆ្នាំ​មុន គឺ​ជា​សៀវភៅ​មួយ​ដែល​ខ្ញុំ​បានកែសម្រួលស្តីពី​ទំនាក់ទំនង​រវាង​សាសនាចក្រ និង រដ្ឋ​នៅក្នុង​សហរដ្ឋ ។​

សព្វ​ថ្ងៃ​នេះ វា​ប្រសើរ​ជាង​កាល​ពី​ខ្ញុំ​នៅ​ក្មេង ដោយសារបច្ចុប្បន្ន​នេះគ្មាន​ពួកយើង​ណា​ម្នាក់​អាច​ព្រងើយ​កន្តើយ​នឹង​សារៈសំខាន់​នៃ​សាសនា​ជា​សកល​បាន​ឡើយ — ទាំង​ក្នុងនយោបាយ ដំណោះស្រាយ​វិវាទ ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ជំនួយមនុស្ស​ធម៌ និង អ្វីៗ​ជាច្រើន​ផ្សេង​ទៀត ។ ប៉ែតសិបបួន​ភាគរយ​នៃ​ប្រជាជន​ទូទាំង​ពិភពលោកបង្ហាញ​គំនិតខ្លួន​អំពី​សាសនា​ជាក់លាក់​មួយ ប៉ុន្តែ ៧៧ ភាគរយ​នៃ​ប្រជាជន​ទូទាំង​ពិភពលោក រស់នៅក្នុង​ប្រទេស​នានា​ដែល​មាន​ការរឹតត្បិតខ្លាំង ឬ យ៉ាង​ខ្លាំង​អំពី​សេរីភាព​ខាង​សាសនា ។ ការយល់ដឹងអំពី​សាសនា និង ទំនាក់​ទំនង​របស់​សាសនា​ទៅនឹង​កង្វល់​ជា​សកល និង រដ្ឋាភិបាល​គឺជា​កត្តា​ចាំបាច់​ក្នុងការស្វែងរក ការកែលម្អ​ពិភពលោក​ដែល​យើង​រស់នៅ ។

ទោះបីជា​សេរីភាព​ខាង​សាសនា​ពុំ​ត្រូវបាន​គេ​ដឹង​ឮនៅក្នុងប្រទេស​ជាច្រើន​ទូទាំង​ពិភពលោក ហើយ​មាន​ការគំរាមកំហែង​ពី​ពួកនិយម​ខាង​លោកិយ និង ពួកជ្រុលនិយមនៃពិភពលោក​នេះក្តី ខ្ញុំសូម​និយាយអំពីឧត្តមគិត​នៃ​សេរីភាព​នានា ដែល​សាសនាព្យាយាម​ការពារ​គឺ​ជាសេរីភាព ដែល​ព្រះបាន​ប្រទាន​មក ហើយ​​មាន​ជាប់​ពីកំណើត ប៉ុន្តែ​ត្រូវបាន​ប្រតិបត្តិ​តាមរយៈ​ទំនាក់ទំនងរួប​រួមគ្នា​ជាមួយ​នឹង​ រដ្ឋាភិបាល​ដែល​​ស្វែងរក​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ទាំងអស់​របស់​ខ្លួន ។

ហេតុដូច្នេះហើយ រដ្ឋាភិបាល​គួរតែ​ការពារ​សេរីភាព​ខាង​សាសនា​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន ។ ដូច​បាន​ចែង​នៅក្នុង​មាត្រា​ទី ១៨ នៃ​សេចក្តីប្រកាស​អំពី​សិទ្ធិមនុស្ស​ជា​សកល ដ៏​មាន​ឥទ្ធិពល​របស់​អង្គការ​សហប្រជាជាតិ​ថា « មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ សេរីភាពក្នុងការគិត​ក្នុង​សតិសម្បជញ្ញៈ និង ក្នុង​សាសនា សិទ្ធិ​ទាំង​នេះ​រួមមាន សេរីភាព​ក្នុងការ​ផ្លាស់ប្តូរ​សាសនា ឬ ជំនឿ​របស់​ខ្លួន និង សេរីភាព​ដើម្បី​បង្ហាញ​អំពី​សាសនា ឬ ជំនឿ​របស់​ខ្លួន​តាមរយៈ​ការបង្រៀន ការអនុវត្ត ការថ្វាយ​បង្គំ ឬ ការប្រតិបត្តិតាម ទោះបីជា​នៅ​តែ​ម្នាក់ឯង ឬ នៅក្នុង​សហគមន៍​ជាមួយ​អ្នក​ដទៃ​ទៀត និង នៅក្នុង​ទីសាធារណៈ ឬ ក្នុង​ទី​សម្ងាត់​ក្តី » ។

ការទទួលខុសត្រូវ​រួម​របស់​សាសនា គឺ​ដើម្បី​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ និង គោរព​វប្បធម៌​របស់​ប្រទេស​ដែល​ការពារ​សេរីភាព​របស់សាសនា តាម​រយៈ​​​អ្នក​គោរព​សាសនា​នោះ ។ នៅពេល​សេរីភាព​ខាង​សាសនា​ត្រូវបាន​ការពារ ការឆ្លើយតប​បែប​នោះ​គឺ​ជា​បំណុលនៃការដឹងគុណ​ដ៏​រីករាយ​ ដែល​ត្រូវបង់ថ្លៃ ។

ប្រសិនបើ​មាន​ការ​ទទួល​យក និង ការអនុវត្ត​ដូច​គ្នា​ទាំងអស់​នូវ​គោលការណ៍​ទូទៅ​ទាំងនេះ នោះ​នឹង​គ្មាន​តម្រូវការ​ឲ្យ​ពិភាក្សា​អំពី​សេរីភាព​ខាង​សាសនា​​ឡើយ ។ ប៉ុន្តែ​ដូច​ពួកយើង​ទាំងអស់​គ្នា​បាន​ដឹង​ហើយ​ថា ពិភពលោក​យើង​នេះ​ពោរពេញ​ទៅដោយ​ជម្លោះអំពី​គោលការណ៍​ទូទៅ​ទាំង​នេះ ។ ឧទាហរណ៍ ឥឡូវនេះ​សំឡេង​នៃ​មនុស្ស​ល្បីល្បាញ​នានា​កំពុង​ជជែកតតាំង​នឹង​គំនិត​នៃ​ការការពារ​ដល់​សាសនា ។ មាន​សៀវភៅ​បែប​នោះ​ដែល​មាន​ចំណង​ជើង​ថា Freedom from Religion ( សេរីភាព​មក​ពី​សាសនា ) និង សៀវភៅមួយ​ក្បាល​ទៀត​មាន​ចំណង​ជើង​ថា Why Tolerate Religion ? ( ហេតុអ្វីប្រព្រឹត្តតាម​សាសនា ? )

មនុស្ស​ផ្សេង​ទៀត​ព្យាយាម​បោះបង់​សាសនា និង អ្នក​មាន​ជំនឿ ដូច​ជា​ការដាក់កំណត់លើសេរីភាព​ខាង​សាសនាលើ​ការបង្រៀន​នៅក្នុង​ព្រះវិហារ​ សាលាប្រជុំ និង វិហារ​អ៊ីស្លាម ដោយ​បដិសេធ​នូវ​ការអនុវត្ត​របស់​ជំនឿ​សាសនា​នៅក្នុង​ទី​សាធារណៈ ។ ប្រាកដ​ណាស់ ការប៉ុនប៉ង​ធ្វើបែប​នេះ រំលោភ​បំពានទៅលើ​កិច្ចសន្យានៃ​​ការប្រកាស​ជា​សកល​​ស្តីអំពី​សិទ្ធិ ដើម្បី​បង្ហាញ​សាសនា ឬ ជំនឿ « នៅក្នុង​ទីសាធារណៈ ឬ ក្នុង​ទី​សម្ងាត់​ក្តី » ។ ការអនុវត្ត​ដោយ​សេរី​របស់​​សាសនា ត្រូវតែ​អនុវត្ត​ផងដែរ នៅពេល​អ្នក​ជឿធ្វើសកម្មភាព​ជា​សហគមន៍ ដូច​ជា​កិច្ចខិតខំ​របស់​ពួកគេ​ក្នុង​ការអប់រំ វេជ្ជសាស្ត្រ និង វប្បធម៌ ។

២. តម្លៃ​សង្គមរបស់​សាសនា

ជំនឿ និង ការអនុវត្ត​នានា​របស់​សាសនា​ក៏​ត្រូវបាន​រិះគន់ថា ជា​រឿងគ្មាន​វិចារណញ្ញាណ និង ផ្ទុយពី​គោលដៅ​សំខាន់​របស់​រដ្ឋាភិបាល និង សង្គម ។ ប្រាកដណាស់ ខ្ញុំ​ជឿ​ថា​សាសនា​គឺ​មាន​តម្លៃ​យ៉ាង​ពិសេស​សម្រាប់​សង្គម ។ ដូច​អ្នក​បដិសេធ​ព្រះ​ម្នាក់​បាន​សារភាព​នៅក្នុង​សៀវភៅ​នាពេលថ្មីៗ​នេះ​ថា « មនុស្ស​ម្នាក់​ពុំចាំបាច់​ធ្វើ​ជា​អ្នក​ជឿ​លើ​សាសនា​ ដើម្បីចាប់បាន​គុណតម្លៃ​ខ្លឹម​នៃអរិយធម៌ពួកលោកខាងលិច ដែលផ្តោតទៅលើសាសនា ហើយមានការខ្វល់ខ្វាយ​ថា ការបាត់បង់​ការគោរព​ប្រតិបត្តិ​តាម​សាសនា​​នោះបន្ទាបបន្ថោកដល់​គុណតម្លៃ​ទាំង​នោះឡើយ » ។​ « គុណតម្លៃខ្លឹម » មួយ​នៃ​គុណ​តម្លៃ​ទាំង​នោះ គឺ​ជាគំនិត​ស្តីពីភាព​ថ្លៃថ្នូរ និង តម្លៃ​របស់​មនុស្ស​ដែល​មាន​តាំង​ពី​កំណើត ។

រូបភាព
historical figures

ពីឆ្វេងទៅស្តាំ ចាប់ពីខាងឆ្វេងខាងលើបំផុត ៖ អ្នកម្តាយ តេរ៉េសា, បណ្ឌិត ម៉ធីន លូធឺ ឃីង ជុញ្ញ័រ, អ័ប្រាហាំ លីនខុន ប្រធានាធិបតីអាមេរិក, ប៊ីស្សព ដេម៉ុន ទូទូ, វីល្លាម វាប៊ើហ្វស ។

នេះ​គឺ​ជា​ឧទាហរណ៍​ប្រាំពីរ​ផ្សេង​ទៀត អំពី​តម្លៃ​សង្គម​របស់​សាសនា ៖

១. ការលូតលាស់​ខាង​សីលធម៌​ដ៏​សំខាន់​បំផុត​ជា​ច្រើន នៅ​ក្នុង​អរិយធម៌​លោក​ខាង​លិច ត្រូវ​បាន​ជំរុញ​ចិត្ត​ដោយ​គោលការណ៍​ទាំងឡាយ​ខាង​សាសនា ហើយ​បាន​ទាក់ទាញ​នូវ​ការ​ទទួល​យក​ជា​ផ្លូវ​ការ​ដោយ​ការ​ផ្សាយ​នៅលើ​វេទិកា ។ ដូច្នេះ​វា​​រួម​មាន​នូវការលុប​ចោល​នូវ​ការ​ដោះដូរ​ទាសករ​នៅ​ចក្រភព​អង់គ្លេស និង សេចក្ដី​ប្រកាស​ផ្ដល់​សេរីភាព​ដល់​ទាសករ​នៅក្នុង​សហរដ្ឋ និង ចលនា​សិទ្ធិស៊ីវិល​​កាល​ពី​ពាក់​កណ្តាល​សតវត្សរ៍​ចុងក្រោយ ។ ពួក​និយម​សីលធម៌ខាង​លោកិយពុំ​ជំរុញ​ឲ្យ​មាន និង ផ្លាស់ប្តូរ​ការរីកចម្រើន​ទាំង​នេះ​ទេ ប៉ុន្តែ​ត្រូវបាន​ជំរុញ​ដោយ​មនុស្ស​មានការយល់ដឹង​ច្បាស់​លាស់​អំពី​សិទ្ធិនៃ​សីលធម៌​ខាង​សាសនា​វិញ ។

២. នៅសហរដ្ឋ វិស័យ​ឯកជន​ដ៏ធំសម្បើម​​នៃ​កិច្ចការ​សប្បុរសធម៌​របស់​យើង​ដូច​ជា — ការ​អប់រំ មន្ទីរពេទ្យ ការមើលថែ​ជន​ទ័លក្រ និង អង្គការ​សប្បុរសធម៌​ដែល​មាន​គុណតម្លៃ​មហិមា រាប់​មិន​អស់​ផ្សេង​ទៀត — បាន​ចាប់​កំណើត​ឡើង និង កំពុង​ត្រូវបានទទួល​ការ​ឧបត្ថម្ភ​យ៉ាង​ច្រើន​ពី​សំណាក់​អង្គការ​សាសនា និង ការខិតខំ​របស់​សាសនា ។

៣. សង្គម​ពួកលោក​ខាង​លិច មិន​ត្រូវបាន​ទ្រទ្រង់​ជា​ចម្បង​ដោយ​ការអនុវត្តច្បាប់​ទាំងស្រុង​ដោយ​មិន​បាន​ការ​នោះ​ទេ ប៉ុន្តែ​សំខាន់​បំផុត​គឺត្រូវបាន​ទ្រទ្រង់ដោយ​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រ​ចិត្ត​គោរព​តាម​អ្វី​ដែល​មិន​បង្ខិត​បង្ខំ ព្រោះតែ​បទដ្ឋាន​នៃ​ឥរិយាបថ​ត្រឹម​ត្រូវ​ដែលមាននៅ​ខាង​ក្នុង​ខ្លួន​របស់​ពួកគេ ។ សម្រាប់​មនុស្ស​ជា​ច្រើន ជំនឿ​សាសនា​គឺ​ជាការ​ជឿ​លើ​ភាពត្រឹមត្រូវ និង ការខុសឆ្គង និង ការទទួលខុសត្រូវ​ទុក​ជា​មុន ដល់​អំណាច​ដែល​ខ្ពស់​ជាង​ខ្លួន ដែល​បង្កើត​ឲ្យ​មាន​នូវ​ការគ្រប់គ្រង​ខ្លួន​ឯង​ដោយ​ស្ម័គ្រចិត្ត ។ ប្រាកដ​ណាស់ គុណតម្លៃ​សាសនា និង ភាពជាក់ស្តែង​នៃ​នយោបាយ​មាន​ទំនាក់ទំនងគ្នាទៅវិញទៅមក​យ៉ាង​រឹងមាំ​ទៅ​នឹង​ប្រភព និង និរន្តកម្ម​នៃប្រជាជាតិ​ពួកលោក​ខាងលិច ដែល​យើង​ពុំ​អាច​បាត់បង់ឥទ្ធិពល​សាសនា​នៅក្នុង​ជីវិត​ជា​សាធារណៈ​របស់​យើង ដោយ​មិន​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សេរីភាព​ទាំងអស់​របស់​យើង​ឡើយ ។

៤. ជាមួយ​នឹង​ដៃគូឯកជន​ស្មើភាពគ្នា អង្គការ​សាសនា​នានា​ធ្វើ​ជាស្ថាប័ន​សម្របសម្រួម ដើម្បីជះឥទ្ធិពល និង កំណត់អំណាច​បៀតបៀន​របស់​រដ្ឋាភិបាល​ ទៅលើ​បុគ្គល និង អង្គការ​ឯកជន​នានា ។

៥. សាសនា​បំផុស​គំនិត​អ្នកជឿ​ជា​ច្រើន ឲ្យ​ផ្តល់​ការបម្រើ​ដល់​មនុស្ស​ដទៃ សរុប​មក​វា​ផ្តល់​អត្ថប្រយោជន៍​ដ៏​ធំធេង​ដល់​សហគមន៍ និង ប្រទេសជាតិ ។

៦. សាសនា​ពង្រឹង​លក្ខខណ្ឌ​នានា​របស់​សង្គម ។ ដូច រ៉ាប៊ី ចនណាថាន់ សាក បាន​បង្រៀន ៖ « [ សាសនា ] បន្ត​ធ្វើ​ជា​អ្នក​ស្ថាបនា​សហគមន៍ដ៏​មាន​ឥទ្ធិពល​ខ្លាំង​បំផុត ដែល​ពិភពលោក​ធ្លាប់​ស្គាល់ ។ … សាសនា​គឺ​ជា​ថ្នាំ​បន្សាប​ដ៏​ស័ក្តិសិទ្ធបំផុតសម្រាប់ពួកបុគ្គលនិយមនាសម័យនេះ ។ គំនិត​ដែល​ថា សង្គម​អាច​ធ្វើអ្វីផ្សេងៗ​ដោយ​គ្មាន​សាសនា​នោះ វា​ផ្ទុយ​ទៅ​នឹង​អ្វី​ដែល​បាន​កើត​ឡើង​នៅក្នុង​ប្រវត្តិសាស្ត្រ » ។

៧. ចុងក្រោយ​បំផុត ក្លេតុន អិម គ្រីស្ទស្ទីនសិន ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដែល​បាន​ចាត់ទុក​ថា​ជា « មេគំនិត » ទូទាំង​ពិភពលោក​ ស្តីពី​ការគ្រប់គ្រងពាណិជ្ជកម្ម និង ការបង្កើត​ថ្មី បាន​សរសេរ​ថា « សាសនា​គឺ​ជាមូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ និង ភាពចម្រុងចម្រើន » ។ មានភាពវិជ្ជមាន​ជា​ច្រើន​ទៀត ដែល​អាច​និយាយ​បាន​អំពី​តួនាទី​​របស់​​សាសនា​នៅក្នុង​ការអភិវឌ្ឍន៍​វិស័យ​សេដ្ឋកិច្ច ។

ខ្ញុំ​ជឿ​ថា​ការបង្រៀន​របស់​សាសនា និង សកម្មភាព​ជំរុញ​ខាង​សាសនា​របស់​ពួកអ្នក​ជឿ មាន​ភាព​ចាំបាច់​ក្នុងការ​ធ្វើ​ឲ្យ​សង្គម​មានសេរីភាព និង រីកចម្រើន ព្រមទាំង​បន្ត​ទទួល​បាន​ការការពារ​ផ្នែកច្បាប់​​យ៉ាង​ពិសេស ។

៣. ការទទួលខុសត្រូវ​រួម​របស់​សាសនា

មក​ដល់​ត្រឹម​នេះ ខ្ញុំ​គ្រាន់តែ​បាន​និយាយ​អំពី​ការទទួលខុសត្រូវ​របស់​រដ្ឋាភិបាល​ដល់អ្នក​មាន​ជំនឿ និង អង្គការ​សាសនា​ប៉ុណ្ណោះ ។ ឥឡូវ​នេះ​ខ្ញុំ​​ត្រឡប់​ទៅ​និយាយ​អំពី​ការទទួលខុសត្រូវ​រួមគ្នា​ដែល​សាសនា និង អ្នក​ជឿ​ជំពាក់​ដល់​រដ្ឋាភិបាល​របស់​ពួកគេ​វិញ ។

ជាក់ស្តែង​រដ្ឋាភិបាល​​មាន​សិទ្ធិ​រំពឹង​ចង់បាន​ការគោរព​ប្រតិបត្តិ​ច្បាប់ និង គោរពវប្បធម៌​ពី​អស់​អ្នក​ដែល​រីករាយដល់​ការការពារពួកគេ ។ រដ្ឋាភិបាល​មាន​ចំណាប់​អារម្មណ៍​សំខាន់​មួយ​ក្នុង​ការថែរក្សា​សុខសុវត្ថិភាព​ដល់​ព្រំដែន​នៃ​ប្រទេស​ជាតិ​ខ្លួន និង ការការពារ​ដល់​សុខភាព និង សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ខ្លួន ។ ប្រាកដណាស់ រដ្ឋាភិបាល​មាន​សិទ្ធិទទូច​ឲ្យ​អង្គការ​ទាំងអស់ រួមទាំង​សាសនា​នានា បញ្ឈប់ការបង្រៀន​អំពី​ការស្អប់ខ្ពើម​គ្នា និង បញ្ឈប់​ពី​សកម្មភាព​នានា ដែល​អាច​នាំ​ឲ្យ​កើត​មាន​អំពើ​ហិង្សា ឬ បទឧក្រិដ្ឋ​ផ្សេង​ទៀត​ដល់​អ្នក​ដទៃ ។ គ្មាន​ប្រទេស​ណា​មួយគួរតែ​ផ្តល់​ទី​បរិសុទ្ធ​ ដល់​អង្គការ​នានា ដែល​ជំរុញ​ឲ្យ​មានអំពើ​ភាវរកម្ម​ឡើយ ។ សេរីភាព​ខាង​សាសនាពុំ​មែន​ជា​រនាំង​ដល់​អំណាច​របស់​រដ្ឋាភិបាល នៅក្នុង​កាលៈទេសៈ​ណាមួយ​ឡើយ ។

សព្វ​ថ្ងៃ​នេះ​មុខងារ​រួម​របស់​សាសនា និង រដ្ឋាភិបាល​កំពុង​ត្រូវបានប្រឈម​មុខ​យ៉ាង​ខ្លាំង​នៅក្នុង​ទ្វីបអើរ៉ុប ។ ការកើន​ឡើង​យ៉ាង​ខ្លាំង​នៃ​ចំនួនជនភៀសខ្លួន ដែល​ភាគច្រើន​ជា​សាសនា និង វប្បធម៌អ៊ីស្លាម ទៅក្នុង​ប្រទេស​នានា​ ដែល​មាន​វប្បធម៌​ផ្សេង​គ្នា ព្រម​ទាំង​សាសនា​ផ្សេង​គ្នា ជាក់ស្តែង​បង្កើត​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ខាង​នយោបាយ វប្បធម៌ សង្គម ហិរញ្ញវត្ថុ និង សាសនា ។

រូបភាព
refugees

ជនភៀសខ្លួនឆ្លងកាត់ព្រំដែនពីប្រទេសស៊ីរីចូលទៅប្រទេសធួកគី ។

តើ​សាសនា និង អង្គការ​សាសនា​នានា អាច​ចូលរួម​ចំណែកបែបណា​ខ្លះ ដើម្បី​ជួយ​ជន​ភៀស​ខ្លួន និង ប្រទេស​ដែល​បាន​ទទួល​ពួកគេ — ក្នុង​រយៈ​ពេល​ខ្លី និង រយៈពេល​វែង ? យើង​ដឹង​ថា អ្នក​មាន​វិជ្ជាជីវៈ​មួយ​ចំនួន​ពុំ​ជឿអំពី​តួនាទី​របស់ អង្គការ​សាសនា​នៅក្នុង​បញ្ហា​ទាំង​នេះ​ទេ អ្នក​ខ្លះ​ថែមទាំង​គិត​ថា សាសនា​គឺ​ជា​ឥទ្ធិពល​ដែលអុកឡុក​រំខានទៅវិញ ។ ខ្ញុំនឹង​ព្យាយាម មិន​បញ្ចេញ​យោបល់​ផ្ទុយ​ដោយ​ផ្អែក​ទៅលើ​ការពិត​ ដែល​ខ្ញុំ​ពុំ​ដឹង​នោះ​ឡើយ ។ ខ្ញុំ​នឹងចែកចាយ​តែ​គោលនយោបាយ និង បទពិសោធន៍​នៃ​​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដែល​ខ្ញុំ​ជឿ នឹង​បង្ហាញ​អំពី​ឥទ្ធិពល​វិជ្ជមាន​ថា អង្គការ​សាសនា​អាច ហើយ​គួរតែមានការរួមចំណែក ​ក្នុង​រយៈពេល​ខ្លី និង រយៈពេល​វែង​ ។

ពួកយើង​ដែល​គេ​ស្គាល់​ថា​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ឬ ពួក​មរមន ធ្វើ​តាម​ការបង្រៀន​របស់​ព្រះគ្រីស្ទ​ថា យើង​គប្បី​ផ្តល់​អាហារ​ដល់​អ្នក​ស្រេកឃ្លាន និង ផ្តល់​ជម្រក​ដល់​អ្នក​ដទៃ ( សូមមើល ម៉ាថាយ ២៥:៣៥ ) ។ ពួកយើង​ត្រូវបាន​ដឹកនាំ​ដោយ​វិវរណៈ​សម័យ​ទំនើប​នេះ ចេញ​ពី​ប្រភព​ដូចគ្នា​ឲ្យ « ចូរ​នឹក​ចាំ​ក្នុង​គ្រប់​ការណ៍​ទាំង​អស់​ពី​មនុស្ស​ទ័ល​ក្រ និង​មនុស្ស​កម្សត់​ទុរគត និង​ពី​មនុស្ស​ឈឺ និង​មនុស្ស​មាន​ទុក្ខ​វេទនា ដ្បិត​​អ្នក​ណា​ដែល​មិន​ធ្វើ​ការ​ទាំង​នេះ​ទេ អ្នក​នោះ​ឈ្មោះ​ថា​មិនមែន​ជា​សិស្ស​របស់​យើង​ឡើយ » ( គ. និង ស. ៥២:៤០ ) ។

ការខ្វាយខ្វល់​ដល់​ជនក្រីក្រ និង អ្នក​ខ្វះខាត​ពុំមែនជារឿងជម្រើស ឬ ជា​កិច្ចការ​បន្ទាប់បន្សំ​នៅក្នុង​សាសនា​ចក្រ​របស់​យើង​ទេ ។ យើង​ធ្វើ​កិច្ចការ​នេះ​ទូទាំង​ពិភពលោក ។ ឧទាហរណ៍​កាល​ពី​ឆ្នាំ ២០១៥ យើង​បាន​ឆ្លើយតប​ទៅនឹង​គម្រោងអាសន្ន​ចំនួន ១៧៧ នៅក្នុង​ ៥៦ ប្រទេស ។ ក្រៅ​ពីនោះ យើង​មាន​គម្រោង​រាប់រយទៀត ដែល​​បាន​ជួយ​មនុស្ស​ជាង​មួយ​លាន​នាក់ នៅក្នុង​ការផ្តល់​ជំនួយចំនួន​ប្រាំពីរ​ផ្នែក​ផ្សេងៗ​គ្នា ដូច​ជា​ការផ្តល់​ទឹក​ស្អាត ការចាក់ថ្នាំ​បង្ការ និង ការព្យាបាល​ជំងឺ​ភ្នែក ។ ជាង ៣០ ឆ្នាំ​មកហើយ ការចំណាយ​​ដ៏​ច្រើន​លើ​កិច្ចការ​ទាំង​នេះ មាន​ជា​មធ្យម​ប្រហែល​ជា ៤០ លាន​ដុល្លារ​អាមេរិក​​ក្នុង​មួយ​ឆ្នាំៗ ។

យើង​ចៀសវាង​ពី​ការប្រឆាំង​មួយ​ ដល់​អង្គការ​ដែល​ផ្តោត​ទៅលើ​សេចក្តីជំនឿ ដោយ​ការញែក​ការបម្រើ​ផ្នែក​មនុស្ស​ធម៌​របស់​យើងដាច់ចេញ​ពី កិច្ចការផ្សព្វផ្សាយ​សាសនា​របស់​យើង​ទូទាំង​ពិភពលោក ។ ជំនួយ​សប្បុរសធម៌​របស់​យើង​ត្រូវបាន​ផ្តល់​ឲ្យ​គេ ដោយ​មិន​គិត​ពីទំនាក់​ទំនង​សាសនា​ឡើយ ដោយសារ​យើង​ចង់​ឲ្យ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ ត្រូវបាន​ទទួល និង​ចាត់ទុក​ថា វា​គ្មាន​ជះឥទ្ធិពល​មក​ពីការបង្ខំ ឬ មក​ពី​អាហារ ឬ សំណូក​សូកប៉ាន់​ផ្សេងៗ​ទៀត​ឡើយ ។

៤. តើ​ព្រះវិហារ​សាសនា​អាច​ធ្វើ​អ្វី​ខ្លះ ?

រូបភាព
church service

តើ​អង្គការ​ក្នុង​ព្រះវិហារ​អាច​ធ្វើ​អ្វី​ខ្លះ បន្ថែម​ទៅ​លើ​អ្វី​ដែល​អង្គការ​សហប្រជាជាតិ ឬ ប្រទេស​នីមួយៗ​អាច​​ធ្វើ​បាន​នោះ ? ជាថ្មី​ម្តង​ទៀត ខ្ញុំ​និយាយ​អំពី​បទពិសោធន៍​ផ្ទាល់​របស់​សាសនាចក្រ​យើង ។ ដោយសារ​សមាជិកភាព​របស់​យើង​មាន — ពាក់​កណ្ដាល​នៅក្នុង​សហរដ្ឋ និង ពាក់​កណ្ដាល​ទៀត​នៅ​កន្លែង​ផ្សេង​ទៀត — វាហាក់បីដូច​ជា​ចំនួន​តិចតួច​ក្នុងការ​ជួយ ប៉ុន្តែ​យើង​មាន​គុណសម្បត្តិ​អស្ចារ្យ​ចំនួន​បី​ដែល​ពង្រីក​ឥទ្ធិពល​របស់​យើង ។

ទី​មួយ ការបម្រើ​ដែល​ជា​ប្រពៃណី​របស់​សមាជិកភាព​របស់​យើង ផ្តល់​ជា​ធនធាន​នៃ​អ្នក​ស្ម័គ្រចិត្ត ដែល​មាន​ការតាំងចិត្ត និង បទពិសោធន៍​ដល់​យើង ។ ដើម្បីបកស្រាយវាទៅជាចំនួន​លេខ នោះកាល​ឆ្នាំ ២០១៥ អ្នកស្ម័គ្រចិត្ត​របស់​យើង បាន​បរិច្ចាគអស់​ជាង ២៥ លាន​ម៉ោង​ក្នុងកិច្ចការ​សុខុមាលភាព មនុស្ស​ធម៌ និង គម្រោង​ផ្សេង​ទៀត​ដែល​ឧបត្ថម្ភ​ដោយ​សាសនាចក្រ​១០ នេះ​មិន​រាប់​បញ្ចូលទាំង​អ្វី​ដែល​សមាជិក​យើង​បាន​ធ្វើ​រៀងៗ​ខ្លួន​ផង ។

ទីពីរ តាមរយៈការបរិច្ចាគហិរញ្ញវត្ថុ​របស់​សមាជិក​យើង​ដល់​បុព្វហេតុ​នៃ​មនុស្សធម៌ នោះ​យើង​អាចផ្តល់​មូលនិធិ​ផ្ទាល់ខ្លួន​របស់​យើង ។ ដោយសារ​យើង​មាន​សមត្ថភាព​ដើម្បី ដំណើរការឯករាជ្យលើរចនាសម្ព័ន្ធ​ការិយាល័យ និង ប្រាក់បម្រុង​ទុក នោះ យើង​ក៏​ខ្នះ​ខ្នែង​​សម្របសម្រួល​កិច្ចខិតខំ​របស់​យើង​ផងដែរ ជាមួយ​រដ្ឋាភិបាល​នីមួយៗ និង​ជាមួយ​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ ដើម្បី​ឲ្យ​មាន​ឥទ្ធិពល​ល្អ​បំផុត ។ យើង​អំពាវនាវ​ដល់​ពួកគេ ឲ្យ​មើល​ឲ្យ​បាន​ច្រើន​ដល់​ឥទ្ធិពល​នៃ​អង្គការ​សាសនា​ទាំងឡាយ ។

ទីបី យើង​មានអង្គការ​របស់​ប្រជាជន​សាមញ្ញៗ​ទូទាំងពិភពលោក ដែល​អាច​ចល័ត​បាន​យ៉ាង​លឿន ។ ឧទាហរណ៍ ស្តីពី​បញ្ហា​ជនភៀសខ្លួន​ទូទាំងពិភពលោក នៅក្នុង​ខែ មីនា ឆ្នាំ ២០១៦ នេះ គណៈ​ប្រធាន​ទី​មួយ​របស់​យើង និង ប្រធាន​សមាគមសង្គ្រោះ ប្រធាន​​យុវនារី ប្រធាន​អង្គការបឋមសិក្សាទូទៅ​របស់​យើង បាន​ផ្ញើសារ​លិខិត​ទៅកាន់​សមាជិក​ទូទាំង​ពិភពលោក ដោយ​រំឭក​ពួកគេ​អំពី​គោលការណ៍គ្រឹះ​របស់​គ្រិស្តសាសនិក ក្នុងការជួយ​ដល់​ជន​ទ័លក្រ និង « អ្នកដទៃ » នៅក្នុង​ចំណោម​ពួកយើង ( ម៉ាថាយ ២៥:៣៥ ) ។ ពួកគេ​អញ្ជើញយុវនារី និង ​ស្រ្តី​គ្រប់វ័យ​ឲ្យ​ចូលរួម​ជួយ​ដល់​ជនភៀសខ្លួន នៅក្នុង​សហគមន៍​ក្នុងមូលដ្ឋាន​របស់ពួកគេ ។១១

ក្នុង​នាម​ជា​អ្នក​តំណាង​ឲ្យគំរូ​នៃការឆ្លើយតប​របស់​សមាជិក​យើង​នៅ​ក្នុង​ទ្វីបអើរ៉ុប នា​ល្ងាច​មួយ​នៅក្នុង​ខែ​មេសា ឆ្នាំ ២០១៦ មាន​ក្រុមជំនុំ​ពួកមរមន​ជាង ២០០ នាក់ និង មិត្តភក្ដិ​របស់​ពួកគេ​នៅក្នុង​ប្រទេស​អាល្លឺម៉ង់ បាន​ស្ម័គ្រចិត្ត​ខ្ចប់ « កញ្ចប់ស្វាគមន៍ » ​ចំនួន ១,០៦១ កញ្ចប់​សម្រាប់​ក្មេងៗ​ដែល​រស់នៅ​ក្នុង​មជ្ឈមណ្ឌល​ជន​ភៀសខ្លួន​ចំនួន​ប្រាំមួយ​នៅក្នុង​ប្រទេស​​អាល្លឺម៉ង់ នៅក្នុង​រដ្ឋ​ហេសិន និង រដ្ឋ​រៀនឡែន ហ្វាល ។ កញ្ចប់នោះ​មាន​សម្លៀកបំពាក់​ថ្មីៗ សម្ភារ​អនាម័យ ភួយ និង សម្ភារ​គំនូរ ។ ស្ត្រី​ម្នាក់​ដែល​ដឹកនាំ​ការធ្វើ​កិច្ចការ​នេះ​បាន​និយាយ​ថា « ដោយសារ​ខ្ញុំ​ពុំ​អាច​ផ្លាស់ប្តូរ​ស្ថានភាព​ដ៏សោកនាកម្ម​នេះ​ ដែល​ធ្វើ​ឲ្យ [ ជនភៀសខ្លួន ] បាន​ភៀសខ្លួន​ចេញ​ពី​ផ្ទះ​សំបែង​របស់​ពួកគេ ខ្ញុំ​អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ក្នុង​បរិស្ថាន​ [ របស់​ពួកគេ ] ហើយចូលរួម​យ៉ាង​សកម្ម​នៅក្នុង​ជីវិត​ [ របស់​ពួកគេ ] » ។

នេះ​គឺ​ជា​គំរូ​ពីរ​អំពី​កិច្ចការ​មនុស្សធម៌​របស់​យើង​នៅទូទាំង​ពិភពលោក ដែល​បាន​រៀបចំ​ឡើង​ជា​ផ្លូវ​ការ ។ ក្នុង​ឆ្នាំ ២០១៥ ដោយ​មាន​អង្គការ អាម៉ា ដែល​មាន​ទីតាំង​នៅ​ប្រទេស​អង់គ្លេស​ជាដៃគូពេញលេញ​របស់​យើង នោះ​អង្គការ​សប្បុរសធម៌ អិល.ឌី.អេស បាន​សាងសង់​មណ្ឌលសុខភាព​បង្អែក​នានា សម្រាប់​ប្រជាជន​ភាគតិច យេស្ស៊ីឌី នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ភាគខាង​ជើង ដែល​​ជា​ក្រុម​ទទួលរង​ការធ្វើ​បាប​យ៉ាង​សាហាវ​ពី​ពួក​អាយស៊ីស ។ មណ្ឌល​សុខភាព​ទាំងនេះ — ត្រូវបាន​ដំឡើង​ឲ្យ​មាន​នូវ​ឧបករណ៍​ដូច​ជា បន្ទប់​ពិសោធន៍ ការសង្គ្រោះ​បន្ទាន់ ឱសថស្ថាន និង ម៉ាស៊ីន​អេកូ — ផ្តល់​ការសង្គ្រោះ​ដល់​ប្រជាជន​មួយ​ក្រុម​នោះ ដែល​រងការឈឺចាប់​ទាំង​ខាង​សាច់ឈាម និង ខាង​វិញ្ញាណ ។ ពួកគេ​បាន​ជួលអ្នកមាន​វិជ្ជាជីវៈខាង​វេជ្ជសាស្ត្រ​យេស្ស៊ីឌី និង អ្នកស្ម័គ្រចិត្តដែល​ជួយប្រជាជន​ផ្ទាល់​របស់​ពួកគេក្នុង​របៀប​មួយ​ដ៏​អស្ចារ្យ ។

រូបភាព
Elder Holland and Emma Nicholson

ប្រធានអង្គការ អាម៉ា បារ៉ូនេស អិមម៉ា នីកូសុន ជាមួយ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅទីក្រុង ឡុងដ៍ ប្រទេសអង់គ្លេស ។

ក្នុង​ឆ្នាំ ២០០៤ ការបំផ្លិចបំផ្លាញ​ដោយការរំញ្ជួយដី និង រលកយក្ស​ស៊ូណាមី​នៅតំបន់​អាស៊ីអាគ្នេយ៍ កាលពី​ថ្ងៃទី ២៦ ​ខែធ្នូ បាន​សម្លាប់​មនុស្ស ២៣០,០០០ នៅក្នុង​ ១៤ ប្រទេស ។ អង្គការសប្បុរសធម៌ អិល.ឌី.អេស របស់​យើង​បាន​ទៅដល់​កន្លែង​កើត​ហេតុ​នោះ​មួយ​ថ្ងៃ​បន្ទាប់​ពី​ព្រឹត្តិការណ៍​នោះ​កើត​ឡើង ហើយ​បាន​ធ្វើ​ការយ៉ាង​សកម្ម​អស់រយៈពេល​ប្រាំឆ្នាំ ។ នៅក្នុង​តំបន់ បានដា អាឆេ តែឯង​ដែល​ទទួលរង​ការប៉ះទង្គិច​យ៉ាង​ដំណំ នោះ​អង្គការ​សប្បុរសធម៌របស់​យើង បាន​សាងសង់​ផ្ទះ​អចិន្ត្រៃន៍​ចំនួន ៩០០​ ខ្នង ប្រព័ន្ធ​ទឹក​ក្នុង ២៤ ភូមិ សាលាបឋមសិក្សា​ចំនួន ១៥ ខ្នង មណ្ឌល​វេជ្ជសាស្ត្រ ៣ កន្លែង និង មជ្ឈមណ្ឌលសមាគមន៍​ចំនួន​ ៣ កន្លែង​ដែល​ស្រដៀង​នឹង​វិហារ​អ៊ីស្លាម ។ ក្រៅពីនោះ​ទៀត យើង​បាន​ផ្តល់​គម្ពីរកូរ៉ានបរិសុទ្ធ និង ព្រំ​អធិស្ឋាន ដើម្បី​ជួយ​សហគមន៍​ទាំង​នោះក្នុងការថ្វាយ​បង្គំ​របស់​ពួកគេ ។

ទាំងនេះ​គ្រាន់តែ​ជា​ការបង្ហាញ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ អំពី​គុណតម្លៃ​នៃ​សាសនា​នៅក្នុង​វប្បធម៌ ដែលយើង​នៅក្នុង​សហគមន៍​សាសនា គឺ​ពុំ​គ្រាន់តែ​ដើម្បី​​ជួយ​សង្គ្រោះប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដើម្បី​ទាមទារ​នូវ​សេរីភាព​ខាង​សាសនា​ផងដែរ ដែល​យើង​ចាត់ទុក​ថា ជាសេរីភាព​ដំបូង​គេ ។

កំណត់​ចំណាំ

  1. សូមមើល The Wall between Church and State, ed. Dallin H. Oaks ( ឆ្នាំ ១៩៦៣ ) ។

  2. សូមមើល Pew Research Center « The Global Religious Landscape: A Report on the Size and Distribution of the World’s Major Religious Groups as of 2010 » ខែ ធ្នូ ឆ្នាំ ២០១២ ទំព័រ ៩, ២៤, pewforum.org ។

  3. សូមមើល Pew Research Center « Latest Trends in Religious Restrictions and Hostilities » ថ្ងៃ​ទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៥ ទំព័រ ៤ pewforum.org ។

  4. ការប្រកាស​ជា​សកល​អំពី​សិទ្ធិមនុស្ស បាន​ជ្រើសយក​ដោយ សភាទូទៅ​របស់​អង្គការសហប្រជាជាតិ នៅថ្ងៃ​ទី ១០ ខែ ធ្នូ ឆ្នាំ ១៩៤៨ un.org ។ ការរៀបចំ​នៃការការពារ​ការប្រតិបត្តិសាសនា​នេះ ត្រូវបាន​ទទួលស្គាល់​ជា​សកល​នៅក្នុង​ឯកសារ​សិទ្ធិមនុស្ស​ជា​អន្តរជាតិ និង តាម​តំបន់ ។ ឧទាហរណ៍ សូមមើល « International Covenant on Civil and Political Rights » ថ្ងៃ​ទី ១៦ ខែ ធ្នូ ឆ្នាំ ១៩៦៦ មាត្រា​ ១៨, « Declaration on the Elimination of All Forms of Intolerance and of Discrimination Based on Religion or Belief » ឆ្នាំ ១៩៨១, មាត្រា ១ « European Convention for the Protection of Human Rights and Fundamental Freedoms » ឆ្នាំ ១៩៥០ មាត្រា ៩ « American Convention on Human Rights » ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ១៩៦៩ មាត្រា ១២ និង « African Charter on Human and People’s Rights » ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ១៩៨១ មាត្រា ៨ ។

  5. Amos N. Guiora, Freedom from Religion: Rights and National Security ( ឆ្នាំ ២០០៩ ) និង Brian Leiter Why Tolerate Religion? ( ឆ្នាំ ២០១២ ) ។

  6. Melanie Phillips The World Turned Upside Down: The Global Battle over God, Truth, and Power ( ឆ្នាំ ២០១០ ) ទំព័រ xviii ។

  7. Jonathan Sacks « The Moral Animal » New York Times ថ្ងៃ​ទី ២៣ ខែ ធ្នូ ឆ្នាំ ២០១២ nytimes.com ។

  8. Jena McGregor « The World’s Most Influential Management Thinker? » Washington Post ថ្ងៃ​ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៣ washingtonpost.com ។

  9. Clayton Christensen « Religion Is the Foundation of Democracy and Prosperity » ថ្ងៃទី​៨ ខែ កុម្ភៈ ឆ្នាំ ២០១១ mormonperspectives.com ។

  10. នេះ​គឺ​ជា​ចំនួន​ម៉ោង​បម្រើ​របស់សាសនាចក្រ​ជាង ១៤ លាន​ម៉ោង ដែល​បម្រើ​ដោយ​អ្នក​ផ្សព្វផ្សាយ​សាសនា, ៨ លាន​ម៉ោង​បម្រើ​ដោយ​អ្នក​ធ្វើការ​នៅផ្នែក​សុខុមាលភាព និង មនុស្សធម៌ និង ជាង ៤ លាន​ម៉ោង​បម្រើដោយ​​កិច្ចការ​សុខុមាល​ភាព​នៅក្នុង​វួដ​នានា ។

  11. សូមមើល លិខិតគណៈប្រធានទីមួយ ចុះថ្ងៃ​ទី ២៦ ខែ មិនា ឆ្នាំ ២០១៦ និង លិខិត​មកពី​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ ប្រធាន​យុវនារី​ទូទៅ និង ប្រធាន​អង្គការ​បឋមសិក្សា​ទូទៅ ចុះថ្ងៃ​ទី ២៦ ខែ មិនា ឆ្នាំ ២០១៦ ។