២០១៣
ឲ្យវិញដោយកិត្តិយស
កក្កដា 2013


ឲ្យវិញដោយកិត្តិយស

អ្នកនិពន្ធម្នាក់ដែលរស់នៅក្នុងរដ្ឋ នូវយ៉ោក ស.រ.អា.

ខ្ញុំមិនចង់ធ្វើជាចោរទេ សូម្បីតែដោយចៃដន្យក៏ដោយ ។

រូបភាព

រចនារូបភាពដោយ ក្រេហ្គ ញ៉ូវបូល

បន្ទាប់ពីចេញពីរៀននៅរសៀលបន្ដិចហើយនោះ ខ្ញុំបានឈប់នៅហាងលក់វត្ថុចាស់ៗតូចមួយ មុនពេលខ្ញុំទៅផ្ទះ—ជាកិច្ចការមួយដែលខ្ញុំចង់ធ្វើឲ្យហើយ ថ្វីបើភ្លៀងកាន់តែធ្លាក់ខ្លាំងឡើងៗក៏ដោយ ។ ខ្ញុំជាមនុស្សតែម្នាក់គត់នៅក្នុងហាង ហើយស្ត្រីដែលធ្វើការនៅទីនោះបានជួយខ្ញុំរកចង្កៀងដែលខ្ញុំចង់បាន ។

ពេលនាងបើកថង់ច្រកឥវ៉ាន់ ខ្ញុំកត់សម្គាល់ពីការដាក់តាំងខ្សែដៃទាំងឡាយដែលមានពណ៌ដ៏ភ្លឺចាំងនៅលើតុ ។ ខ្ញុំបានឈោងដៃទៅខ្សែដៃ ចំពេលដែលនាងច្រកចង្កៀងចូលក្នុងថង់ ។ នាងបានប៉ះកន្លែងតាំងនោះ ហើយខ្សែដៃប្រហែលពាក់កណ្ដាលបានធ្លាក់ប្រាវទៅលើឥដ្ឋ ។ មើលទៅនាងរាងភាន់ភាំងបន្តិច ប៉ុន្តែបានបញ្ចប់ការគិតលុយទំនិញរបស់ខ្ញុំ ។ ខ្ញុំបានចាកចេញពីហាងនោះ ដោយដៃម្ខាងកាន់ឆ័ត្រ ហើយដៃម្ខាងទៀតកាន់ថង់ដែលមានចង្កៀង ។

ខ្ញុំបានដើរទៅផ្ទះ ដោះស្បែកជើងទទឹករបស់ខ្ញុំចេញ ហើយបានបើកភ្លេងស្ដាប់ ។ ពេលខ្ញុំយកចង្កៀងចេញ ខ្ញុំកត់សម្គាល់ថាមានអ្វីមួយនៅបាតថង់ ។ វាជាខ្សែដៃពណ៌ក្រហមមួយ ។ វាប្រាកដជាបានធ្លាក់ពីកន្លែងតាំងចូលក្នុងថង់ខ្ញុំ ។ ខ្ញុំញញឹម ទាំងគិតថា គ្រានេះចាប់ផ្ដើមដូចគ្នាទៅនឹងរឿងពីសៀវភៅមេរៀនចាស់របស់ថ្នាក់យុវនារី ៖ « បន្ទាប់មក វ៉ាលើរី បានគិតពីមេរៀនដែលពួកគេមានក្នុងថ្នាក់ឡូរែល » ។

ខ្ញុំបានបោះខ្សែដៃទៅលើគ្រែខ្ញុំ ហើយបានដោតឌុយចង្កៀងខ្ញុំ ។ វាបានបញ្ចេញពន្លឺដ៏កក់ក្ដៅនៅរសៀលដ៏ស្រអាប់នោះ ។ ខ្ញុំបានមើលចេញតាមបង្អួច ។ ភ្លៀងកាន់តែខ្លាំងជាងមុនទៀត ហើយព្រិលនៅលើដីប្រែទៅជាដីសើមប៉ប៉ាច់ ។

ខ្ញុំសម្លឹងទៅខ្សែដៃ ។ វាមានពណ៌ក្រហមដូចផ្លែឈែរី ។ ខ្ញុំដាក់វាលើកដៃខ្ញុំ ។ ស្លាកតម្លៃយោលទៅមក—$20 ។ ពិតណាស់ ខ្ញុំនឹងប្រគល់វាឲ្យគេវិញ ។ វាមិនដែលចូលក្នុងគំនិតខ្ញុំឡើយ ថាមិនប្រគល់ឲ្យវិញនោះ ។ ខ្ញុំបានយកវាចេញពីកដៃ ហើយបានដាក់វានៅលើគំនរសៀវភៅ ដែលខ្ញុំចង់រៀបទុកដោយឡែក ។ ខ្ញុំបានដើរទៅក្នុងបន្ទប់មួយទៀត ដើម្បីឆុងសូកូឡាក្ដៅមួយពែង ។

បន្ទាប់មក ខ្ញុំដើរចូលមកវិញ ។

តើយូរប៉ុណ្ណាហើយ ដែលខ្ញុំពន្យាពេលក្នុងការទុកដាក់សៀវភៅទាំងនោះ ? មួយរយៈហើយ ។ តើយូរប៉ុណ្ណាទៅ ដែលខ្សែដៃនោះនឹងនៅទីនោះ បើខ្ញុំពន្យាពេលក្នុងការប្រគល់វាត្រឡប់ទៅវិញនោះ ?

បំណងរបស់ខ្ញុំគឺប្រគល់វាប្រឡប់ទៅវិញ ។ ប៉ុន្តែតើពេលណាទៅ ? តើខ្ញុំនឹងរង់ចាំយ៉ាងយូរ រហូតដល់ខ្ញុំនឹងមានអារម្មណ៍ខ្មាស់អៀនក្នុងការប្រគល់វាទៅវិញឬ ? តើខ្ញុំនឹងភ្លេចពីវាឬ ?

ខ្ញុំបានស្ទាក់ស្ទើរបន្តិចថែមទៀត ។ ខ្ញុំបានសម្លឹងចេញក្រៅបង្អួចម្ដងទៀត ។ ខ្ញុំបានគិតអំពីជើងខ្ញុំដែលទើបបានដើរមក ។ ខ្ញុំបានគិតអំពីសូកូឡាក្ដៅៗដ៏ឆ្ងាញ់របស់ខ្ញុំ ។

បន្ទាប់មក ខ្ញុំកញ្ឆក់ខ្សែដៃ ពាក់ស្បែកជើងខ្ញុំវិញ ហើយចាប់ផ្ដើមចេញទៅ ។

ពេលខ្ញុំមកដល់ហាង ស្ត្រីនោះកំពុងជួយភ្ញៀវម្នាក់ផ្សេងទៀត ។ ខ្ញុំបានឈររង់ចាំ ។ ពេលនាងរួចរាល់ហើយ ខ្ញុំបានទាញខ្សែដៃចេញពីហោប៉ៅអាវរងារបស់ខ្ញុំ ដោយពន្យល់ថាវាបានកើតឡើងយ៉ាងណា ។ មើលទៅនាងរាងភ្ញាក់ផ្អើល ភាន់ភាំងបន្ដិច បាននិយាយថា អរគុណ ហើយវាតែប៉ុណ្ណឹង ។ នាងពុំបានឲ្យខ្ញុំនូវរង្វាន់មួយសម្រាប់ភាពស្មោះត្រង់របស់ខ្ញុំនោះទេ ។ នាងពុំបានបង្ហាញភាពសមរម្យខ្លាំងក្នុងការអរគុណរបស់នាងនោះទេ ។ ហើយគ្មាននរណាផ្សេងទៀតនៅជុំវិញនឹងឃើញទេ ។

ពេលខ្ញុំដើរទៅផ្ទះ ខ្ញុំបានគិតអំពី របៀបដែលខ្ញុំតែងតែចាត់ទុកខ្លួនខ្ញុំថាជាមនុស្សស្មោះត្រង់ម្នាក់ ។ វាជាគុណសម្បត្តិមួយ ដែលខ្ញុំផ្ដល់តម្លៃ និង សម្លឹងមើលនៅក្នុងអ្នកផ្សេងទៀត ។ ប៉ុន្តែ ភាពស្មោះត្រង់ដ៏ពិតប្រាកដ ដូចជាសេចក្ដីស្រឡាញ់ និង សេចក្ដីសប្បុរសដ៏ពិតប្រាកដដែរ គឺជាលក្ខណៈសម្បត្តិដ៏សកម្មមួយ ។ ទោះជាគោលបំណងរបស់ខ្ញុំ គួរឲ្យផ្ដល់កិត្តិយស និង ពិតយ៉ាងណា ក៏ខ្ញុំក្លាយជាមនុស្សស្មោះត្រង់ម្នាក់ នៅពេលដែលខ្ញុំពាក់ស្បែកជើងការពារទឹកភ្លៀងវិញ ហើយប្រព្រឹត្តិតាមគោលបំណងរបស់ខ្ញុំប៉ុណ្ណោះ ។

ខ្ញុំមានអារម្មណ៍កដៃទទេរបស់ខ្ញុំដែលនៅក្នុងអាវរងា ហើយញញឹមបន្ដិច ។