២០១៣
ភាពរីករាយគឺពុំអាចកាត់ថ្លៃបានទេ
កក្កដា 2013


ភាពរីករាយគឺពុំអាចកាត់ថ្លៃបានទេ

អាប៊ើលីណូ ហ្គ្រេនដេស ខាសត្រូ ប្រទេស ពេរ៉ូ

ថ្មីៗនេះ ខ្ញុំបានទៅធនាគារ ដើម្បីដកលុយមួយចំនួន មកបើកឲ្យបុគ្គលិករបស់ខ្ញុំ ។ មុនពេលបេឡាធិការឲ្យលុយមកខ្ញុំ ខ្ញុំបានសុំគាត់ដូរលុយក្រដាស 200 សូល ទៅក្រដាស 50 សូល ។ បេឡាធិការបានប្ដូរលុយឲ្យខ្ញុំ ប៉ុន្តែខ្ញុំគិតថា ខ្ញុំបានឃើញថាគាត់រាប់លុយខុស ។

គាត់បានឲ្យលុយក្រដាស 50 សូល មកខ្ញុំ ហើយខ្ញុំបានថយក្រោយដើម្បីចាំយកលុយដែលខ្ញុំដក ។ ពេលខ្ញុំរង់ចាំ ខ្ញុំបានរាប់លុយដែលខ្ញុំដូរនោះ ។ ខ្ញុំបានឲ្យលុយទៅបេឡាធិការចំនួន 1,200 សូល ប៉ុន្តែគាត់បានឲ្យខ្ញុំវិញ 2,200 សូល—គឺមួយពាន់បន្ថែមទៀត ។ នៅពេលនោះខ្ញុំត្រូវបានល្បួង ។ ខ្ញុំបានប្រាប់ខ្លួនឯងថា ធនាគារមានលុយច្រើនណាស់ ។ ប៉ុន្តែ ខ្ញុំដឹងនៅក្នុងដួងចិត្តខ្ញុំថា លុយនោះមិនមែនជារបស់ខ្ញុំទេ ខ្ញុំត្រូវតែឲ្យវាត្រឡប់ទៅវិញ ។

មួយស្របក់ក្រោយមក អ្នកបើកលុយបានហៅខ្ញុំដើម្បីបញ្ចប់ប្រតិបត្តិការណ៍របស់ខ្ញុំ ។ គាត់បានរាប់លុយដែលត្រូវដករបស់ខ្ញុំ ហើយពេលគាត់បានហុចលុយឲ្យខ្ញុំ គាត់បានសួរខ្ញុំថា « មានអ្វីទៀតទេ ? »

ខ្ញុំប្រាប់គាត់ថា « បាទ មាន » ។ « ខ្ញុំបានឲ្យអ្នក 1,200 សូល ដើម្បីប្ដូរយកលុយក្រដាសតូច តែអ្នកបានឲ្យខ្ញុំវិញ 2,200 » ។

បន្ទាប់មក ខ្ញុំបានហុច 2,200 សូល ឲ្យគាត់ ។ គាត់បានរាប់លុយនោះពីរដង ទាំងដៃញ័រ ។ គាត់ពិបាកនឹងជឿនូវអ្វីដែលគាត់បានឃើញ ។ គាត់បានសម្លឹងមកខ្ញុំ ហើយព្យាយាមនិយាយ ប៉ុន្តែគាត់គ្រាន់តែអាចបន្លឺសម្លេងបានពីរដងប៉ុណ្ណោះថា « អរគុណអ្នកខ្លាំងណាស់ » ។

ខ្ញុំបានចាកចេញពីធនាគារដោយរីករាយ ។ នៅសប្ដាហ៍នោះ ខ្ញុំរៀបចំមេរៀនមួយសម្រាប់ពួកយុវជនក្នុងវួដរបស់ខ្ញុំ អំពីការយកឈ្នះការល្បួង ។ វាអស្ចារ្យណាស់ដែលអាចចែកចាយបទពិសោធន៍របស់ខ្ញុំនៅធនាគារជាមួយពួកគេ ។

ពួកគេខ្លះបាននិយាយកំប្លែងថា « បងប្រាកដជានិយាយលេងទេ » ។ « វាគឺមួយពាន់សូលណា ដែលបងបានឲ្យទៅវិញ ! »

ខ្ញុំបានឆ្លើយតបទាំងញញឹមថា « ភាពរីករាយគឺពុំអាចកាត់ថ្លៃបានទេ » ។

ឱ ! ខ្ញុំមានអំណរគុណខ្លាំងណាស់សម្រាប់បទពិសោធន៍នេះ ដែលបានពង្រឹងទាំងទីបន្ទាល់របស់ខ្ញុំ និង ទាំងទីបន្ទាល់របស់ពួកយុវជន ទាក់ទងទៅនឹងសារៈសំខាន់នៃការតទល់នឹងការល្បួង ។