២០១៣
ការជឿជាក់ជាមួយនឹងសេចក្ដីអាណិតអាសូរ
កក្កដា 2013


ការជឿជាក់ជាមួយនឹងសេចក្ដីអាណិតអាសូរ

សម្រួលចេញពីការប្រជុំធម្មនិដ្ឋាន ស៊ី.អ៊ី.អេស. ដែលបានថ្លែងនៅថ្ងៃទី 9 ខែ កញ្ញា ឆ្នាំ 2012 ។ សម្រាប់អត្ថបទទាំងមូលជាភាសាអង់គ្លេស ដែលមានចំណងជើងថា “Israel, Israel, God Is Calling” សូមចូលទៅកាន់គេហទំព័រ cesdevotionals.lds.org  ។

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន

របៀបដែលយើងឆ្លើយតបចំពោះមនុស្ស និង ស្ថានភាពទាំងឡាយ ត្រូវតែឆ្លុះបញ្ចាំងពីវិសាលភាពដ៏ពេញលេញនៃជំនឿសាសនារបស់យើង និង ការតាំងចិត្តរបស់យើងចំពោះដំណឹងល្អ ។

មួយរយៈកន្លងមក ខ្ញុំត្រូវបានអញ្ជើញឲ្យនិយាយនៅការប្រជុំធម្មនិដ្ឋានស្ដេកសម្រាប់មជ្ឈិមវ័យនៅលីវ ។ ពេលដែលខ្ញុំចូលតាមទ្វារក្រោយរបស់មជ្ឈមណ្ឌលស្តេក នោះមានស្ត្រីវ័យក្មេងអាយុប្រហែល 30 ឆ្នាំជាងម្នាក់ បានចូលក្នុងអគារប្រហែលពេលដំណាលគ្នាដែរ ។ ទោះបីជានៅក្នុងហ្វូងមនុស្សកកកុញកំពុងដើរចូលក្នុងសាលាជំនុំក្ដី ក៏វាពិបាកនឹងមិនកត់សម្គាល់នាងមិនបាន ។ តាមដែលខ្ញុំចាំបាន នាងមានសាក់ពីរកន្លែង មានក្រវិលច្រើននៅត្រចៀក និង ច្រមុះ មានសក់ជ្រងស្រួចៗដែលមានចំរុះពណ៌ ដូចពណ៌ទឹកសេរ៉ូនៅលើដុំទឹកកកពូតអញ្ចឹង មានសំពត់ដែលខ្លីពេក និង អាវដែលខើចពេក ។

តើស្ត្រីនេះជាវិញ្ញាណដែលកំពុងជួបការលំបាក មិននៅក្នុងសាសនាយើង ដែលត្រូវបានដឹកនាំ—ឬនិយាយឲ្យកាន់តែល្អជាងនេះ គឺត្រូវបាននាំមកជាមួយដោយនរណាម្នាក់—ដោយនៅក្រោមការណែនាំរបស់ព្រះអម្ចាស់ ឲ្យនាំមកការប្រជុំធម្មនិដ្ឋាននេះ ជាការខិតខំប្រឹងប្រែងមួយដើម្បីជួយនាងរកសេចក្ដីសុខសាន្ត និង ការតម្រង់ផ្លូវពីដំណឹងល្អ ដែលនាងត្រូវការក្នុងជីវិតរបស់នាង ? ឬ តើនាងជាសមាជិកម្នាក់ដែលបានវង្វេងបន្ដិច ចេញពីសេចក្ដីសង្ឃឹម និង បទដ្ឋានមួយចំនួន ដែលសាសនាចក្រលើកទឹកចិត្តសមាជិករបស់ខ្លួនឲ្យធ្វើតាម ប៉ុន្តែ ដោយអំណរគុណ ជាម្នាក់ដែលមិនទាន់អសកម្មទាំងស្រុង ហើយបានជ្រើសរើសចូលរួមក្នុងសកម្មភាពសាសនាចក្រនាយប់នោះ ?

ទោះយ៉ាងណាក៏ដោយ មនុស្សម្នាក់គួរឆ្លើយប្រាប់ទៅស្ដ្រីវ័យក្មេងនោះ ពីច្បាប់ដែលជានិច្ចកាលនៅក្នុងសាសនា និង ទង្វើរបស់យើង យើងត្រូវតែឆ្លុះបញ្ចាំងពីវិសាលភាពដ៏ពេញលេញនៃជំនឿសាសនារបស់យើង និង ការតាំងចិត្តរបស់យើងចំពោះដំណឹងល្អ ។ ហេតុដូច្នោះហើយ របៀបដែលយើងឆ្លើយតបចំពោះស្ថានភាពណាក៏ដោយ ត្រូវតែធ្វើឲ្យអ្វីៗប្រសើរឡើង មិនមែនកាន់តែអាក្រក់ទៅនោះទេ ។ ក្នុងករណីនេះ យើងមិនអាចប្រព្រឹត្តិ ឬ មានប្រតិកម្ម ក្នុងរបៀបមួយដែលថា យើងមានកំហុសព្រោះយើងជាអ្នកធ្វើឲ្យមានការអាក់អន់ចិត្ត ជាងដែលនាងធ្វើឲ្យមានការអាក់អន់ចិត្តនោះទេ ។ នោះមិនមែនមានន័យថា យើងពុំមានមតិយោបល់ ថាយើងពុំមានបទដ្ឋាន ថាដោយរបៀបណាមួយនោះ យើងមិនគោរពសោះចំពោះអ្វីដែលបានបញ្ជាដោយទេវភាពថា « ត្រូវឲ្យឯង » និង « ហាមមិនឲ្យឯង » នៅក្នុងជីវិតនោះទេ ។ ប៉ុន្តែ វាពិតជាមានន័យថា យើងត្រូវតែរស់នៅតាមបទដ្ឋានទាំងនោះ ហើយការពារអ្វីដែលថា « ត្រូវឲ្យឯង » និង « ហាមមិនឲ្យឯង » នោះ នៅក្នុងរបៀបដ៏សុចរិតមួយ ឲ្យអស់ពីសមត្ថភាពរបស់យើង ជារបៀបមួយដែលព្រះអង្គសង្គ្រោះបានរស់នៅ និង បានការពារបទដ្ឋានទាំងនោះ ។ ហើយទ្រង់តែងតែបានធ្វើនូវអ្វីដែលគួរត្រូវធ្វើ ដើម្បីធ្វើឲ្យស្ថានភាពប្រសើរឡើង—រាប់ចាប់ពីការបង្រៀនសេចក្ដីពិត ទៅដល់ការអត់ទោសដល់ពួកអ្នកមានបាប សម្អាតព្រះវិហារបរិសុទ្ធ ។ វាពុំមែនជាអំណោយទានតូចតាចទេ ដើម្បីដឹងពីរបៀបធ្វើការណ៍ដូច្នេះ នៅក្នុងរបៀបដ៏ត្រឹមត្រូវនោះ !

ដូច្នេះ ទាក់ទងទៅនឹងស្ត្រីវ័យក្មេងដែលមានសម្លៀកបំពាក់ និង ការតុបតែងមិនសមរម្យនោះ សំខាន់បំផុត យើងចាប់ផ្ដើម ដោយចងចាំថា នាងជាបុត្រីរបស់ព្រះ ហើយនាងមានតម្លៃអស់កល្បជានិច្ច ។ យើងចាប់ផ្ដើមដោយចងចាំថា នាងជាកូនស្រីរបស់នរណាម្នាក់ដែលនៅលើផែនដីនេះដែរ ហើយក្នុងកាលៈទេសៈផ្សេងទៀត អាចជាកូនស្រីរបស់ខ្ញុំ ។ យើងចាប់ផ្ដើមដោយការមានអំណរគុណថា នាងមកកាន់សកម្មភាពសាសនាចក្រ មិនបានគេចវេះ ។ និយាយឲ្យខ្លីទៅ យើងព្យាយាមឲ្យអស់ពីសមត្ថភាពរបស់យើងនៅក្នុងស្ថានភាពនេះ គឺនៅក្នុងបំណងប្រាថ្នាដើម្បីជួយនាងឲ្យធ្វើអស់ពីសមត្ថភាពរបស់នាង  ។ យើងបន្តការអធិស្ឋានដោយស្ងាត់ស្ងៀម ៖ តើអ្វីទៅជាការណ៍ល្អដើម្បីធ្វើនៅទីនេះ ? ហើយតើអ្វីទៅជាការណ៍ល្អដើម្បីនិយាយ ? តើនៅទីបំផុត អ្វីទៅនឹងធ្វើឲ្យស្ថានភាពនេះ និង រូបនាងបានប្រសើរឡើង ? ការសួរសំណួរទាំងនេះ និង ការព្យាយាមយ៉ាងពិតប្រាកដដើម្បីធ្វើអ្វីដែលព្រះអង្គសង្គ្រោះធ្វើ គឺជាអ្វីដែលខ្ញុំគិតថា ទ្រង់មានន័យពេលទ្រង់បានមានបន្ទូលថា « កុំឲ្យជំនុំជម្រះតាមភាពដែលមើលឃើញតែខាងក្រៅឡើយ ត្រូវជំនុំជម្រះតាមសេចក្ដីសុចរិតវិញ » (  យ៉ូហាន 7:24  ) ។

ដោយបាននិយាយពីរឿងនេះ ខ្ញុំសូមរំឭកយើងទាំងអស់គ្នាថា ខណៈដែលកំពុងឈោងជួយនាំកូនចៀមដែលបានវង្វេងត្រឡប់មកវិញ នោះយើងក៏មាននូវការទទួលខុសត្រូវយ៉ាងពេញទី ចំពោះកូនចៀមទាំង 99 ទៀត ដែលមិនបានវង្វេង និង ការទទួលខុសត្រូវចំពោះសេចក្ដីប្រាថ្នា និង បំណងរបស់អ្នកគង្វាលផងដែរ ។ មានហ្វូងចៀមមួយ ហើយយើងទាំងអស់គ្នាត្រូវនៅក្នុងនោះ ដោយមិនគិតអំពីសុវត្ថិភាព និង ពរជ័យទាំងឡាយ ដែលមានចំពោះយើងក្នុងការនៅទីនោះឡើយ ។ បងប្អូនប្រុសស្រីវ័យក្មេងរបស់ខ្ញុំអើយ សាសនាចក្រនេះមិនអាច « កែខៃ » គោលលិទ្ធិដើម្បីឆ្លើយតបទៅនឹងបំណងចង់បានរបស់សង្គម ឬ ឲ្យសមតាមនយោបាយ ឬ ហេតុផលណាផ្សេងទៀតបានឡើយ ។ មានតែការស្ថិតនៅទីសុវត្ថិភាពនៃសេចក្ដីពិតដែលបានបើកសម្ដែងប៉ុណ្ណោះទេ ដែលអាចជួយយើងឲ្យជួយលើកអ្នកផ្សេងទៀតដែលអាចមានបញ្ហា ឬ មានអារម្មណ៍ថាត្រូវបោះបង់ ។ សេចក្ដីអាណិតអាសូររបស់យើង និង សេចក្ដីស្រឡាញ់របស់យើង—ដែលជាចរិតលក្ខណៈ និង ជាតម្រូវការគ្រឹះនៃភាពជាពួកគ្រីស្ទានរបស់យើង—ត្រូវតែមិនត្រូវបានបកស្រាយថា ជាការបន្ទាបសម្រួលបទបញ្ញត្តិទាំងឡាយសោះឡើយ ។ ដូចដែលលោក ចច ម៉ាក់ដូណាល់ ដ៏អស្ចារ្យ មានម្ដងបានមានប្រសាសន៍ នៅក្នុងស្ថានភាពបែបនេះថា « យើងមិនមានកាតព្វកិច្ចដើម្បីនិយាយអ្វីៗទាំងអស់ដែលយើង [ ជឿ ] នោះទេ ប៉ុន្តែយើងមានកាតព្វកិច្ច ក្នុងការកុំធ្វើឲ្យយើងមើលទៅ [ ដូចជា ] អ្វីដែលយើងមិន [ ជឿ ] » ។1

ពេលដែលយើងត្រូវតែវិនិច្ឆ័យ

ទាក់ទងនឹងរឿងនេះ ពេលខ្លះក៏នាំឲ្យមានឱកាសក្នុងការយល់ច្រឡំដែរ ជាពិសេសក្នុងចំណោមមនុស្សវ័យក្មេង ដែលអាចគិតថា យើងមិនត្រូវវិនិច្ឆ័យអ្វីឡើយ ថាយើងមិនត្រូវធ្វើការប៉ាន់ប្រមាណវាយតម្លៃពីអ្វីសោះឡើយ ។ យើងត្រូវតែជួយគ្នាទៅវិញទៅមកជាមួយនឹងការណ៍នោះ ព្រោះព្រះអង្គសង្គ្រោះបានបញ្ជាក់យ៉ាងច្បាស់ថា នៅក្នុងស្ថានភាពខ្លះ យើងត្រូវតែវិនិច្ឆ័យ យើងស្ថិតនៅក្រោមកាតព្វកិច្ចដើម្បីវិនិច្ឆ័យ—ដូចកាលដែលទ្រង់បានមានបន្ទូលថា « កុំឲ្យរបស់បរិសុទ្ធដល់ឆ្កែ ឬ បោះកែវមុក្តារបស់ខ្លួននៅមុខជ្រូកឡើយ ក្រែងវាជាន់ឈ្លី រួចត្រឡប់ស្ទុះមកខ្វេះអ្នកវិញ » (  ម៉ាថាយ 7:6  ) ។ ចំពោះខ្ញុំ ការណ៍នោះស្ដាប់ទៅដូចជាការវិនិច្ឆ័យ ។ ភាពឆ្លាស់គ្នាដែលពុំអាចទទួលយកបាន គឺព្រមចុះចាញ់ដល់ពិភពលោកទំនើបដែលមានសីលធម៌អាចបត់បែនបាន និង មានបទដ្ឋានដែលខុសឆ្គង ដែលរុញច្រានយ៉ាងឆ្ងាយ ដោយប្រកាសថា នៅទីបំផុតគ្មានអ្វីដែលពិតអស់កល្បជានិច្ច ឬ ពិសិដ្ឋជាពិសេសនោះទេ ហេតុដូច្នោះហើយ គ្មានគំនិតយោបល់ណាដែលបានផ្ដល់ដោយនរណាម្នាក់ សំខាន់ជាងរបស់នរណាម្នាក់ផ្សេងទៀតនោះទេ ។ ហើយនៅក្នុងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ដោយសាមញ្ញទៅ ការណ៍នោះមិនពិតទេ ។

ក្នុងដំណើរការនៃការវាយតម្លៃនេះ យើងមិនត្រូវបានហៅឲ្យកាត់ទោសអ្នកដទៃនោះទេ ប៉ុន្តែយើងត្រូវបានហៅឲ្យធ្វើការសម្រេចចិត្តជារៀងរាល់ថ្ងៃ ដែលបង្ហាញពីការវិនិច្ឆ័យ—ដែលយើងសង្ឃឹមថា ជាការវិនិច្ឆ័យល្អ ។ អែលឌើរ ដាល្លិន អេក. អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ មានម្ដងនោះបានយោងការសម្រេចចិត្តប្រភេទនេះថាជា « ការវិនិច្ឆ័យដែលនៅចន្លោះ » ដែលជាញឹកញាប់យើងត្រូវតែធ្វើឡើង ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនយើង ឬ ដើម្បីសុវត្ថិភាពរបស់អ្នកផ្សេងទៀត ដែលជាការផ្ទុយទៅនឹងអ្វីដែលលោកហៅថា « ការជំនុំជំម្រះចុងក្រោយ » ដែលត្រូវបានធ្វើឡើងដោយព្រះតែប៉ុណ្ណោះ ដែលទ្រង់ដឹងនូវការពិតទាំងអស់ ។2 ( ចូរចងចាំ នៅក្នុងព្រះគម្ពីរដែលបានដកស្រង់ពីមុននេះ ដែលព្រះអង្គសង្គ្រោះបានមានបន្ទូលថា ទាំងនេះត្រូវជា « ការវិនិច្ឆ័យដែលសុចរិត » ពុំមែនជាការវិនិច្ឆ័យពីភាពសុចរិតផ្ទាល់ខ្លួននោះទេ ដែលនេះគឺជារឿងដែលខុសគ្នាខ្លាំងណាស់  ។

ឧទាហរណ៍ គ្មាននរណាម្នាក់នឹងដាក់កំហុសឪពុក ឬ ម្ដាយ ដែលដាក់កម្រិតកូនពីការរត់ទៅលើផ្លូវដែលពេញដោយចរាចរណ៍ខ្វាត់ខ្វែងនោះឡើយ ។ ដូច្នេះ ហេតុអ្វីឪពុក ឬ ម្ដាយត្រូវបានគេដាក់កំហុស ពេលដែលគាត់ខ្វល់ខ្វាយពីពេលវេលាដែលកូនៗ ដែលមានអាយុច្រើនបន្ដិច មកផ្ទះពេលយប់ ឬ អាយុប៉ុណ្ណាដែលពួកគេត្រូវណាត់ជួបជាគូ ឬ ថាតើពួកគេដកពិសោធន៍នឹងគ្រឿងញៀន ឬ រូបអាសគ្រាម ឬ ចូលរួមក្នុងការរំលងផ្លូវភេទ ដែរឬអត់នោះ ? ទេ យើងកំពុងតែធ្វើការសម្រេចចិត្ត និង កំពុងតាំងជំហរ និង កំពុងតែបញ្ជាក់ឡើងវិញនូវគុណតម្លៃរបស់យើង—និយាយឲ្យខ្លីទៅ គឺកំពុងតែធ្វើ « ការវិនិច្ឆ័យដែលនៅចន្លោះ »—គ្រប់ពេលទាំងអស់ ឬ យ៉ាងហោចណាស់យើងគួរតែធ្វើដូច្នោះ ។

« តើអ្នកដទៃទៀតពុំមានសិទ្ធិជ្រើសរើសរបស់ពួកគេទេឬ ? »

មនុស្សវ័យក្មេងអាចឆ្ងល់ ថាបើជំហរនេះពិតជាអនុវត្តក្នុងគ្រប់ករណី ឬ ឆ្ងល់អំពីគោលនយោបាយនោះដែលបានរៀបចំឡើងដោយសាសនាចក្រ ដោយនិយាយថា « មែនហើយ យើងដឹងថា យើងត្រូវប្រព្រឹត្តិរបៀបណា ប៉ុន្តែ ហេតុអ្វីយើងត្រូវធ្វើឲ្យមនុស្សផ្សេងទៀតទទួលយកបទដ្ឋានរបស់យើងដែរ ? តើពួកគេពុំមានសិទ្ធិជ្រើសរើសរបស់ពួកគេទេឬ ? តើយើងមិនកំពុងតែគិតពីភាពសុចរិតផ្ទាល់ខ្លួន និង វិនិច្ឆ័យទេឬ ដែលបង្ខំអ្នកដទៃឲ្យធ្វើតាមជំនឿយើង ដែលទាមទារពួកគេ ក៏ដូចជាខ្លួនយើងដែរ ឲ្យប្រព្រឹត្តិតាមរបៀបជាក់លាក់មួយនោះ ? » ក្នុងស្ថានភាពទាំងនោះ អ្នកនឹងត្រូវតែពន្យល់ដោយប្រុងប្រយ័ត្នពីអារម្មណ៍គេ ពីមូលហេតុដែលគោលការណ៍មួយចំនួនត្រូវបានការពារ និង អំពីបាបមួយចំនួនត្រូវបានជំទាស់ ពេលដែលត្រូវបានរកឃើញ ពីព្រោះបញ្ហា និង ច្បាប់ទាំងឡាយដែលជាប់ទាក់ទង គឺមិនគ្រាន់តែជាខាងសង្គម ឬ នយោបាយនោះទេ ប៉ុន្តែវាមានលទ្ធផលដ៏អស់កល្បជានិច្ច ។ ហើយខណៈដែលមិនមានបំណងប្រាថ្នា ដើម្បីធ្វើឲ្យពួកអ្នកដែលជឿខុសពីយើង អាក់អន់ចិត្ត នោះយើងរិតតែមិនចង់ធ្វើឲ្យព្រះអន់ព្រះទ័យទៅទៀត ។

វាស្រដៀងបន្ដិចដែរទៅនឹងយុវវ័យម្នាក់ដែលនិយាយថា « ឥឡូវនេះ ដោយខ្ញុំអាចបើកឡានបានហើយ នោះខ្ញុំដឹងថា ខ្ញុំត្រូវឈប់នៅភ្លើងក្រហម ប៉ុន្តែតើយើងពិតជាត្រូវតែវិនិច្ឆ័យ ហើយព្យាយាមឲ្យមនុស្សគ្រប់គ្នាផ្សេងទៀតឈប់នៅភ្លើងក្រហមដែរឬ ? » បន្ទាប់មក អ្នកត្រូវពន្យល់ថា បាទ ឬ ចាស យើងពិតជាសង្ឃឹមថា មនុស្សទាំងអស់គ្នានឹងឈប់នៅភ្លើងក្រហម ។ ហើយអ្នកត្រូវធ្វើដូចនេះ ដោយមិនបន្ទាបបន្ធោកដល់ពួកអ្នកដែលធ្វើរំលង ឬ អ្នកដែលជឿខុសពីយើងនោះទេ ពីព្រោះ មែនហើយ ពួកគេពិតជាមានសិទ្ធិជ្រើសរើសខាងសីលធម៌របស់ពួកគេ ។ ប៉ុន្តែ ចូរកុំសង្ស័យសោះឡើយថា មានគ្រោះថ្នាក់នៅជុំវិញ ប្រសិនអ្នកខ្លះជ្រើសរើសមិនគោរពតាម ។

មិត្តវ័យក្មេងរបស់ខ្ញុំអើយ ក្នុងពិភពលោកនេះ មានភាពខុសប្លែកគ្នាយ៉ាងធំសម្បើមពីការជឿទាំងឡាយ ហើយមាននូវសិទ្ធិសេរីភាពខាងសីលធម៌សម្រាប់មនុស្សទាំងអស់គ្នា ប៉ុន្តែគ្មាននរណាម្នាក់ត្រូវបានផ្ដល់សិទ្ធិឲ្យប្រព្រឹត្តិដូចជា ព្រះទ្រង់នៅស្ងៀមស្ងាត់ ពុំមានបន្ទូលអ្វីសោះចំពោះរឿងទាំងនេះ ឬ ដូចជាបទបញ្ញត្តិគ្រាន់តែសំខាន់ ប្រសិនបើមានការយល់ស្របពីសាធារណៈនោះ ។

ខ្ញុំពុំបានស្គាល់ពីសមត្ថភាពណាដែលសំខាន់ជាងនេះ និង សច្ចធម៌ណាដែលអស្ចារ្យជាងនេះ សម្រាប់យើងនឹងបង្ហាញ ជាងការដើរតាមផ្លូវដ៏ប្រុងប្រយ័ត្ននោះទេ—តាំងជំហរសីលធម៌ ទៅតាមអ្វីដែលព្រះបានប្រកាស និង ទៅតាមក្រិត្យវិន័យដែលទ្រង់បានប្រទាន ប៉ុន្តែធ្វើវាដោយសេចក្ដីអាណិតស្រឡាញ់ ដោយការយល់ចិត្ត និង ដោយសេចក្ដីសប្បុរសដ៏អស្ចារ្យ ។ និយាយអំពីការណ៍លំបាកនឹងធ្វើ—គឺការញែកចេញឲ្យបានឥតខ្ចោះ រវាងអំពើបាប និង អ្នកធ្វើបាប ! ខ្ញុំស្គាល់ពីការវែកញែកមួយចំនួន ដែលពិបាកធ្វើជាងនេះទៅទៀត និង សូម្បីកាន់តែពិបាកនឹងពន្យល់ នៅពេលខ្លះ ប៉ុន្តែយើងត្រូវតែព្យាយាមដោយក្ដីស្រឡាញ់ ដើម្បីធ្វើដូច្នេះយ៉ាងប្រាកដ ។

កំណត់ចំណាំ

  1. George MacDonald, The Unspoken Sermons (2011) ទំព័រ 264 ។

  2. សូមមើល ដាល្លិន អេក. អូក “‘Judge Not’ and Judging,” Ensign ខែ សីហា ឆ្នាំ 1999 ទំព័រ 6–13 ។