២០១៣
បានបំភ្លឺនៅក្នុងទីងងឹត
កក្កដា 2013


បានបំភ្លឺនៅក្នុងទីងងឹត

ហើរីកា អេស. ប្រទេស ប្រេស៊ីល

ខ្ញុំនឹងមិនភ្លេចពីមេរៀននៃរាត្រីជួបជុំក្រុមគ្រួសារមួយ ដែលយើងបានមានអំឡុងពេលដាច់ភ្លើងនោះទេ ។ គ្មានភ្លើង នោះយើងមិនអាចអានអ្វីបានឡើយ ហើយខ្ញុំបានគិតថា រាត្រីជួបជុំក្រុមគ្រួសារនឹងប្រែទៅជាសោះកក្រោះ ។

« តើយើងនឹងមានរាត្រីជួបជុំក្រុមគ្រួសារ ដោយមិនអាចអានសារលិខិតមួយមកពីលីអាហូណា ដោយរបៀបណា ឬ តើយើងអាចច្រៀងចម្រៀងពីសៀវភៅទំនុកតម្កើងដោយគ្មានភ្លើងតាមរបៀបណាទៅ ? នេះជាអ្វីដែលខ្ញុំបានគិត ។

សំណាងល្អ បងស្រីរបស់ខ្ញុំបានមកដើម្បីជួយដល់យើង ។ គាត់មានគំនិតអស្ចារ្យមួយសម្រាប់យើង ដើម្បីច្រៀងទំនុកតម្កើង ដែលយើងស្គាល់ ដោយចេញពីដួងចិត្ត ហើយបន្ទាប់មកចែកចាយពីអ្វីដែលយើងបានរៀនកាលពីសប្តាហ៍មុន ។ យើងទាំងអស់គ្នាបានចែកចាយគោលការណ៍មួយ ហើយរៀនពីគ្នាទៅវិញទៅមក ។ តាមយោបល់ខ្ញុំ ការរៀនជាមួយគ្នាគឺជា គោលបំណងមួយនៃរាត្រីជួបជុំក្រុមគ្រួសារ ។ ខ្ញុំដឹងប្រាកដថា ព្រះអម្ចាស់សព្វព្រះហឫទ័យ ដែលយើងបានរក្សាបទបញ្ញាត្តិ ដើម្បីមានរាត្រីជួបជុំក្រុមគ្រួសារ សូម្បីតែគ្មានភ្លើងក៏ដោយ ។

ខ្ញុំដឹងថា ព្រះអម្ចាស់មិនចង់ឲ្យយើងត្រឡប់ទៅកាន់ទីវត្តមានរបស់ទ្រង់វិញតែម្នាក់ឯងនោះទេ ។ ទ្រង់ចង់ឲ្យយើងត្រឡប់ទៅវិញជាមួយក្រុមគ្រួសាររបស់យើង ហើយទ្រង់ចង់ឲ្យយើងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីឲ្យកិច្ចការបានសម្រេច រួមទាំងការធ្វើរាត្រីជួបជុំក្រុមគ្រួសាររាល់សប្តាហ៍ ។