២០១៣
ទូរទស្សន៍ និង វិញ្ញាណមួយដែលបំផុសគំនិត
កក្កដា 2013


ការបម្រើនៅក្នុងសាសនាចក្រ

ទូរទស្សន៍ និងវិញ្ញាណមួយដែលបំផុសគំនិត

អ្នកនិពន្ធរស់នៅមិសស៊ីស៊ីពី ស.រ.អា. ។

ស្វាមីរបស់ខ្ញុំជាមនុស្សថ្លង់ ហើយមានការលះបង់យ៉ាងជ្រាលជ្រៅចំពោះដំណឹងល្អ ។ ទោះជាយ៉ាងណាក្ដី តាមរយៈការលំបាកក្នុងការស្ដាប់យល់ក្នុងការប្រជុំសាសនាចក្ររៀងរាល់សប្ដាហ៍អស់រយៈពេលជាច្រើនឆ្នាំ បានធ្វើឲ្យគាត់ពុំមានបំណងដើម្បីចូលរួមការប្រជុំបព្វជិតភាព និងការចាក់ផ្សាយនានាបន្ថែមទៀតឡើយ ។ ខណៈដែលសមាជិកក្នុងវួដយើងមានភាពរាក់ទាក់ ហើយលើកទឹកចិត្ត ប៉ុន្តែការខ្វះខាតរបស់ពួកគេក្នុងការយល់ដឹងពីជំនួយខាងផ្នែកបច្ចេកទេសដែលគាត់ត្រូវការដើម្បីចូលរួមក្នុងការប្រជុំនានា ជារឿយៗបានធ្វើឲ្យស្វាមីខ្ញុំមានភាពឯកកោ និងរសាយចិត្ត ។

យើងជាសមាជិកថ្មីក្នុងវួដរបស់យើង ហើយវាពេលវេលាសម្រាប់សន្និសីទទូទៅ ។ ស្វាមីខ្ញុំបានរៀបចំខ្លូនទៅការប្រជុំបព្វជិតភាពទូទៅទាំងមិនពេញចិត្ត ដោយគិតក្នុងចិត្តថា តើគាត់នឹងជួបបញ្ហាអ្វីខ្លះ នៅពេលគាត់ព្យាយាមមើលការចាក់ផ្សាយនោះ ។ ពេលគាត់មកដល់ គាត់បានដឹងថា គ្មាននរណាម្នាក់ចេះពីរបៀបដាក់អក្សរសម្រាប់មនុស្សថ្លង់ នៅលើផ្ទាំងដាក់បញ្ចាំងដ៏ធំនោះឡើយ ដូច្នេះមានទូរទស្សន៍មួយត្រូវបានគេអូសមក ហើយដាក់នៅជ្រុង នោះ ។ ប៉ុន្តែ វានៅតែមាននូវបញ្ហាដ៏តូចមួយ ។ ចៃដន្យខ្សែភ្លើងដើម្បីភ្ជាប់ទៅនឹងទូរទស្សន៍នោះ ត្រូវបានគេយកទៅប្រើដោយអចេតនា ដើម្បីដាក់តម្លើងប្រដាប់បញ្ចាំងនោះទៅហើយ ដោយធ្វើឲ្យទូរទស្សន៍ប្រើការអ្វីមិនបានទាំងអស់ ។ ស្វាមីខ្ញុំដោយធ្លាប់ជួបប្រទះនូវស្ថានភាពបែបនេះពីមុនមក គាត់បានដើរទៅបណ្ណាល័យ ហើយស្វែងរកខ្សែសម្រាប់ប្រដាប់បញ្ចាំងនោះ ។ បន្ទាប់ពីខំរកនៅក្នុងប្រអប់ និងក្នុងទូរជាច្រើនមក គាត់បានរកឃើញខ្សែខ្លីដែលប្រើសម្រាប់ប្រដាប់បញ្ចាំងនោះ ។

ដោយការចាក់ផ្សាយជិតនឹងចាប់ផ្ដើមហើយ មនុស្សគ្រប់គ្នាមានការព្រួយបារម្ភក្នុងការដកខ្សែចេញ ហើយដាក់ខ្សែថ្មីនោះចូលណាស់ ។ ខ្សែភ្លើងដែលស្វាមីខ្ញុំបានរកឃើញនោះ វាមានប្រវែងខ្លីពេក ដើម្បីទៅនឹងទូរទស្សន៍ដែលនៅក្នុងរទេះរុញនោះ ដូច្នេះទូរទស្សន៍នោះ ត្រូវតែដោះយកមកដាក់នៅលើតុមួយដែលទាបជាង ។ គាត់បានរុញប្រអប់នោះ ចេញទៅខាងក្រៅសាលប្រជុំ ហើយដាក់ក្នុងបន្ទប់មួយក្បែរនោះ ។ បន្ទាប់មកគាត់បានចាប់ផ្ដើមបើកប្រអប់ដាក់ទូរទស្សន៍នោះ ហើយគិតក្នុងចិត្តថា តើនឹងមាននរណាម្នាក់មកជួយគាត់លើកវាចេញទេ ។ នៅពេលនោះ គាត់បានទទួលអារម្មណ៍ថា មានមនុស្សម្នាក់បានដើរចូលមកក្នុងបន្ទប់នោះ ។ បុរសម្នាក់នោះ គឺជាប៊ីស្សព ។ ដួងចិត្តរបស់ស្វាមីខ្ញុំ មានក្ដីរំភើបយ៉ាងខ្លាំងកាលពួកគាត់ទាំងពីរនាក់ បានលើកទូរទស្សន៍មកដាក់នៅលើតុមួយ ។ ស្វាមីខ្ញុំបានរៀបចំធ្វើឲ្យទូរទស្សន៍មានដំណើរការ ខណៈដែលប៊ីស្សពយកកៅអីមួយ ហើយដាក់វានៅចំពីមុខកញ្ចក់ទូរទស្សន៍នោះ ។

ស្វាមីខ្ញុំបានអរគុណដល់ប៊ីស្សពសម្រាប់ការដែលគាត់បានជួយ ហើយបានចាប់ដៃគាត់ ហើយប៊ីស្សពក៏បានដើរចេញសំដៅទៅរកទ្វារ ។ អ្វីដែលធ្វើឲ្យស្វាមីខ្ញុំ ភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះគឺថា ប៊ីស្សពបានដើរចេញទៅកន្លែងមានកៅអីច្រើនបានដាក់ផ្អែកនឹងជញ្ជាំង ។ គាត់បានយកកៅអីមួយ មកអង្គុយក្បែរស្វាមីខ្ញុំ ។ ពួកគាត់ទាំងពីរ បានអង្គុយក្បែរគ្នារហូតដល់ការប្រជុំនោះចប់ ។

សព្វថ្ងៃនេះ ស្វាមីខ្ញុំបានចូលរួមការប្រជុំរបស់ខ្លួនយ៉ាងរីករាយ ។ ទង្វើដ៏សាមញ្ញនៃសណ្ដានចិត្តរបស់ប៊ីស្សព បានលើកកម្ពស់ដល់វិញ្ញាណរបស់ស្វាមីខ្ញុំ ហើយបណ្ដាលឲ្យការដឹងគុណបានជ្រាបចូលទៅក្នុងដួងចិត្តរបស់គាត់ ។ ខណៈដែលបញ្ហាមួយចំនួននៅតែកើតមានឡើងក្ដី តែគាត់ពុំទទួលអារម្មណ៍ថាឯកោ និងខ្វះការរាប់អានទៀតឡើយ ។ ទស្សនៈរបស់ស្វាមីខ្ញុំ បានផ្លាស់ប្ដូរជារៀងរហូតតាមរយៈទង្វើ ដែលមានការបំផុសគំនិតនៃអ្នកគង្វាលម្នាក់របស់ព្រះគ្រីស្ទ ។