សន្និសីទទូទៅ
ឈ្នះ​លោកិយ ហើយ​បាន​សេចក្តី​សម្រាក
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២២


ឈ្នះ​លោកិយ ហើយ​បាន​សេចក្តី​សម្រាក

ចូរ​ស្វែងរកសេចក្តី​សម្រាកពី​ភាពតានតឹង ភាពមិន​ច្បាស់លាស់ និង​សេចក្តីឈឺចាប់​នៃ​ពិភពលោក​នេះ ដោយយកឈ្នះលោកិយ តាមរយៈ​សេចក្តីសញ្ញា​របស់​បងប្អូន​ជាមួយ​ព្រះ ។

បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់ ខ្ញុំ​មាន​អំណរគុណ​ដែល​បាន​ជួប​បងប្អូន​នៅព្រឹក​ដ៏​រុងរឿង​នា​ថ្ងៃ​ឈប់​សម្រាក​នេះ ។ ខ្ញុំ​គិតអំពី​បងប្អូនជានិច្ច ។ ខ្ញុំ​ស្ងើចសរសើរ​ចំពោះ​របៀប​ដែល​បងប្អូន​ចេះ​ជួយ​យក​អាសា​គ្នា​ភ្លាមៗ ពេល​ឃើញ​អ្នកដទៃ​ខ្វះខាត ។ ខ្ញុំ​ស្ងើចអស្ចារ្យ​ក្នុង​ចិត្តចំពោះ​ជំនឿ និង​ទីបន្ទាល់​ដែល​បងប្អូន បាន​បង្ហាញ​ម្តង​ហើយ​ម្តង​ទៀត ។ ខ្ញុំ​ទួញ​យំ​ចំពោះ​ការឈឺចាប់ ការខកចិត្ត និង​ក្តី​បារម្ភ​របស់​បងប្អូន ។ ខ្ញុំ​ស្រឡាញ់​បងប្អូន ។ ខ្ញុំ​សូម​អះអាង​​ថា ព្រះវរបិតា​សួគ៌​យើង និង​ព្រះរាជបុត្រា​ជាទី​ស្រឡាញ់​ទ្រង់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ស្រឡាញ់​បងប្អូន ។ ទ្រង់​ទាំង​ទ្វេ​ជ្រាប​យ៉ាង​ច្បាស់​ពី​កាលៈទេសៈ សេចក្តីល្អ សេចក្តី​ត្រូវការ និង​ការអធិស្ឋាន​ទូល​សូម​ជំនួយ​របស់​បងប្អូន ។ ខ្ញុំ​សូម​អធិស្ឋាន​ម្តង​ហើយ​ម្តង​ទៀត​ដើម្បី​ឲ្យ​បងប្អូន​ទទួល​បាន​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​បងប្អូន ។

ការដកពិសោធ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​គឺ​សំខាន់​ណាស់ ពីព្រោះ​យើង​បាន​ជួប​នឹង​ព័ត៌មាន​រំខាន​ដែល​មាន​មនុស្ស​ទួញសោក​ជា​រៀងរាល់​ថ្ងៃ ។ មាន​គ្រា​ជាច្រើន​ដែល​បងប្អូន​អាច​នឹង​ចង់​ពាក់​ខោអាវ​ដេក​យប់​ ដេក​ឱប​ជង្គង់ រួច​ហើយ​សុំ​ឲ្យ​នរណា​ម្នាក់​ដាស់​បងប្អូន​ឡើង នៅពេល​ដែល​ចលាចល​ទាំងឡាយ​បាន​បាត់​ទៅ ។

ប៉ុន្ដែ​បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់ មាន​កិច្ចការ​អស្ចារ្យ​ជា​ច្រើន​នៅ​ចំពោះ​មុខ​យើង ។ នៅ​ពេលដ៏​ខ្លី​ខាង​មុខ​នេះ យើង​នឹង​ឃើញ​ការបើក​សម្តែង ដ៏​មហិមា​ អំពី​ព្រះចេស្តា​របស់​ព្រះអង្គ​សង្គ្រោះ ដែល​លោកិយ​នេះ​មិន ធ្លាប់ បាន​ឃើញ​ពីមុន​មក ។ នៅ​ចន្លោះ​ពេល​ឥឡូវ​នេះ និង​ពេល​ដែល​ទ្រង់​យាង​មក « ទាំង​ព្រះ​ចេស្ដា និង​សិរី​ល្អ​ជា​ខ្លាំង » នោះ​ទ្រង់​នឹង​ប្រទាន​ឯកសិទ្ធិ ពរជ័យ និង​អព្ភូតហេតុ​រាប់​មិន​អស់​មក​លើ​មនុស្ស​ស្មោះត្រង់ ។

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ បច្ចុប្បន្ន​នេះ​យើង​កំពុង​រស់នៅ​ក្នុង​គ្រា​មួយ​ដែល​ស្មុគស្មាញ​ខ្លាំង​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពិភពលោក​នេះ ។ ភាពស្មុគស្មាញ និង​ឧបសគ្គ​ទាំងនោះ​បាន​បន្សល់​ទុក​​នូវ​អារម្មណ៍​ជ្រួល​ច្របល់ និង​នឿយហត់​ដល់​មនុស្ស​ជាច្រើន ។ ប៉ុន្តែ សូម​ពិចារណា​អំពី​បទពិសោធន៍​មួយ​ថ្មីៗ​នេះ ដែល​អាច​បំភ្លឺ​អំពី​របៀប​ដែល​បងប្អូន និង​ខ្ញុំ​អាច​បាន​សេចក្តី​សម្រាក ។

ថ្មីៗ​នេះ អំឡុងពិធី​សម្ពោធ​ព្រះវិហារ​បរិសុទ្ធ វ៉ាស៊ីនតុន ឌីស៊ី មាន​សមាជិកម្នាក់​ក្នុង​គណៈកម្មការនោះ បាន​ឃើញ​ការ​ផ្តោះប្តូរគំនិត នៅពេល​គាត់​បាន​នាំ​ភ្ញៀវ​សារព័ត៌មាន​ដ៏​ល្បីល្បាញ​មួយ​ចំនួន ដើរ​ទស្សនា​ព្រះវិហារ​បរិសុទ្ធ ។ មាន​គ្រួសារ​មាន​កូន​តូចៗ​មួយ​បាន​ចូលរួម​ដោយចៃដន្យ​ក្នុង​ក្រុម​អ្នកសារព័ត៌មាន​នេះដែរ ។ អ្នក​យក​ព័ត៌មាន​ម្នាក់​បន្ត​សួរ​អំពី « ការ​ធ្វើ​ដំណើរ » របស់​អ្នក​មក​ព្រះវិហារ​បរិសុទ្ធ ខណៈ​ពួកគេ​ដើរ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នោះ ។ គាត់​ចង់​ដឹង ​ប្រសិនបើ​ការ​ធ្វើ​ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​និមិត្ត​រូប​នៃ​ឧបសគ្គ​នានា នៅក្នុង​ដំណើរ​ជីវិត​របស់​បុគ្គល​ម្នាក់​ឬ​យ៉ាង​ណា ។

ក្មេង​ប្រុស​ម្នាក់​ក្នុង​គ្រួសារ​នោះ​បាន​ចាប់​អារម្មណ៍​ការសន្ទនា​នោះ ។ នៅពេល​ក្រុម​អ្នកទស្សនា​ចូល​ទៅ​ដល់​បន្ទប់​អំណោយទាន​ពិសិដ្ឋ ក្មេង​ប្រុស​នោះ​បាន​ចង្អុល​ទៅ​ទី​អាសនា ជា​កន្លែង​ដែល​សមាជិក​លុត​ជង្គង់​ដើម្បី​ចុះ​សេចក្តីសញ្ញា​ជាមួយ​ព្រះ ហើយ​និយាយ​ថា « អូ៎ កន្លែង​នោះ​ស្អាត​ណាស់ ។ នេះ​គឺ​ជា​កន្លែង​មួយ​ដើម្បី​ឲ្យ​មនុស្ស សម្រាក ក្នុង​ដំណើរ​មក​កាន់​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ » ។

ខ្ញុំ​ឆ្ងល់​ថា ក្មេង​ប្រុស​នោះ​បាន​ដឹងទេ​ថា ការអង្កេត​របស់​គាត់​គឺ​ត្រឹមត្រូវ​ណាស់ ។ គាត់​ទំនង​ជា​មិន​ដឹង​អំពី​ទំនាក់ទំនង​ផ្ទាល់​រវាង ការចុះ​សេចក្តីសញ្ញា​នឹង​ព្រះ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ការសន្យា​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​សង្គ្រោះនោះ​ទេ ៖

« អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នករាល់គ្នា ឈប់​សម្រាក ។

ចូរ​ទទួល​នឹមខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ … នោះ​អ្នករាល់គ្នា​នឹង​បាន សេចក្តី​សម្រាក ដល់​ព្រលឹង ។

ពី​ព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល » ។

បង​ប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់ ខ្ញុំ​កើត​ទុក្ខ​ចំពោះ​អស់​អ្នក​ដែល​ចាកចេញ​ពី​សាសនាចក្រ ដោយសារ​ពួកគេ​មាន​អារម្មណ៍​ថា ការធ្វើ​ជា​សមាជិក​តម្រូវ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​ជាច្រើន ។ តាមពិត ពួកគេ​ពុំ​ទាន់​បាន​ដឹង​​ទេ​ថា ការចុះ និង​ការរក្សា​សេចក្តីសញ្ញា ធ្វើ​ឲ្យ​ជីវិត​កាន់តែ​មាន​ភាពងាយស្រួលនោះ​ទេ ! បុគ្គល​ម្នាក់ៗ​ដែល​ចុះ​សេចក្តីសញ្ញា​នៅក្នុង​អាង​ជ្រមុជ​ទឹក និង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ—ហើយ​រក្សា​សេចក្តីសញ្ញា​ទាំង​នោះ—គឺ​បាន​ទទួល​ព្រះចេស្តា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ច្រើន​ឡើង ។ សូម​ពិចារណា​អំពី​សេចក្តីពិត​ដ៏អស្ចារ្យ​នោះ !

រង្វាន់​នៃការរក្សា​សេចក្តីសញ្ញា​ជាមួយនឹង​ព្រះ​គឺជា ព្រះចេស្តា​មក​ពី​ស្ថានសួគ៌—ពោល​គឺ​ព្រះចេស្តា​ដែល​ពង្រឹង​យើង​កាន់តែ​ខ្លាំង ឲ្យ​ទប់ទល់​នឹង​ការសាកល្បង ការល្បួង និង​ការឈឺចាប់​ទាំងឡាយ​របស់​យើង ។ ព្រះចេស្តា​នេះ​ជួយ​ឆ្ការ​ផ្លូវ​របស់​យើង ។ អស់​អ្នក​ដែល​រស់នៅ​តាម​ក្រឹត្យវិន័យ​ជាន់​ខ្ពស់​របស់​ព្រះយេស៊ូវ​គ្រីស្ទ មាន​សិទ្ធិ​ទទួល​បាន​ព្រះចេស្តា​កាន់តែ​ខ្លាំង​របស់​ទ្រង់ ។ ដូច្នេះ អ្នក​ដែល​រក្សា​សេចក្តីសញ្ញា​មាន​សិទ្ធិ​ទទួល សេចក្តី​សម្រាកដ៏​ពិសេស​មួយ​ ដែល​កើត​មាន តាមរយៈ​ទំនាក់ទំនង​នៃ​សេចក្តីសញ្ញា​របស់​ពួកគេ​ជាមួយ​ព្រះ ។​

ពីមុន​ព្រះអង្គ​សង្គ្រោះ​ដាក់​ព្រះអង្គ​ទ្រង់​ចូល​រងទុក្ខ​នៅក្នុង​សួនច្បារ​គែតសេម៉ានី និង​កាល់វ៉ារី នោះ​ទ្រង់​បាន​ប្រកាស​ដល់​ពួកសាវក​ថា « នៅ​លោកិយ​នេះ នោះ​អ្នករាល់គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ​ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន ឈ្នះ​លោកិយ ហើយ » ។ ក្រោយ​មក ព្រះយេស៊ូវ​​បាន​ទទូច​អង្វរ​ពួក​យើង​ម្នាក់ៗ​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ ពេល​ទ្រង់​មាន​បន្ទូល​ថា « យើង ចង់ឲ្យ អ្នក​រាល់​គ្នាឈ្នះលើ​លោកិយ » ។

បង​ប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់ សារលិខិត​របស់​ខ្ញុំ​ទៅកាន់​បងប្អូន​ថ្ងៃ​នេះ​គឺ​ថា ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ឈ្នះ​លោកិយ​ដ៏​ធ្លាក់​នេះ ហើយ​ដោយសារ​ទ្រង់​បាន​ធួន​នឹង​អំពើបាប​យើង​ម្នាក់ៗ នោះ​យើង​ក៏​អាច​ឈ្នះ​ពិភពលោក​ដែល​មាន​អំពើ​បាប​ដ៏ជោគជាំ ដែល​អត្មានិយម និង​គួរឲ្យ​នឿយហត់​នេះ​ផងដែរ ។

ដោយសារ​ព្រះអង្គ​សង្គ្រោះ​បាន​ប្រោសលោះ​ពួក​យើង​ម្នាក់ៗ​ពី​ភាពទន់ខ្សោយ កំហុស និង​អំពើ​បាប ហើយ​ដោយសារ​ទ្រង់​បាន​ដក​ពិសោធ​ការឈឺចាប់ ការបារម្ភ និង​បន្ទុក​ដែល​បងប្អូន​ធ្លាប់​មានពេល​បងប្អូន​ប្រែចិត្ត​ដ៏​ពិត ហើយ​ស្វែងរក​ជំនួយ​ពី​ទ្រង់ តាមរយៈ​ដង្វាយធួន​ដ៏​និរន្តរ​របស់​ទ្រង់ នោះ បងប្អូន​អាច​យក​ឈ្នះលើ​ពិភពលោក​ដ៏​គ្រោះថ្នាក់​បច្ចុប្បន្ន​នេះ​បាន ។

បងប្អូន​អាច​យកឈ្នះ​លើ​គ្រោះកាច​នៃ​លោកិយ​ដែល​ធ្វើឲ្យ​យើង​នឿយហត់​ខាង​វិញ្ញាណ និង​ខាង​សតិ​អារម្មណ៍​នេះ​រួម​ទាំង​អំនួត កំហឹង អសីលធម៌ ការស្អប់ ភាពលោភលន់ ការច្រណែន​ឈ្នានីស និង​ការភ័យ​ខ្លាច ។ ទោះបី​ជា​មាន​ការបង្វែរ​អារម្មណ៍ និង​ការមួល​បង្កាច់​ដែល​វិលវល់​នៅ​ជុំ​វិញ​យើង​យ៉ាង​ណា​ក្តី ក៏​បងប្អូន​អាច​ទទួល​បាន សេចក្តី​សម្រាក ពិត​ប្រាកដ​បាន​ដែរ—មាន​ន័យថា​ការធូរ​ស្បើយ និង​ភាពសុខសាន្ត—ទោះបី​នៅ​កណ្តាល​បញ្ហា​ដ៏​ទោមនស្ស​បំផុត​របស់​បងប្អូន​ក្ដី ។

សេចក្តីពិត​ដ៏​សំខាន់​នេះ​ជំរុញ​ឲ្យ​មាន​សំណួរ​ជា​មូលដ្ឋាន​គ្រឹះ​ចំនួន​បី ៖

ទីមួយ តើ​ការឈ្នះ​លោកិយ​មាន​ន័យ​ដូចម្តេច ?

ទីពីរ តើ​យើង​ធ្វើ​វា​ដោយ​របៀប​ណា ?

និង​ទី​បី តើ​ការឈ្នះ​លោកិយ​ផ្តល់​ពរជ័យ​ដល់​ជីវិត​របស់​យើង​យ៉ាង​ដូចម្តេច ?

តើ​ការឈ្នះ​លោកិយ​មាន​ន័យ​ដូចម្តេច ? វា​មាន​ន័យ​ថា ការយកឈ្នះ​លើ​ការល្បួង​ដែល​​នាំ​ឲ្យ​ខ្វល់ខ្វាយ​ច្រើន​ចំពោះ​របស់​ផង​លោកិយ ជាង​ការណ៍​ទាំងឡាយ​នៃ​ព្រះ​នោះ ។ វា​មាន​ន័យ​ថា ទុកចិត្ត​លើ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ជាង​លើ​ទស្សនៈ​របស់​មនុស្ស ។ វា​មាន​ន័យ​ថា ការអរ​រីករាយ​នៅក្នុង​សេចក្តីពិត ទប់ទល់​ការបោក​បញ្ឆោត ហើយ​ប្រែ​ជា « អ្នក​ដើរ​តាម​ព្រះគ្រីស្ទ​ដោយ​រាបសា » ។ វា​មាន​ន័យ​ថា ការជ្រើសរើស​មិនធ្វើ​អ្វី​ដែល​បណ្តាញ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ វា​មាន​ន័យ​ថា ស្ម័គ្រ​ចិត្ត​ដើម្បី « បោះបង់​ចោល » អំពើ​បាប​ដែល​យើង​ចូលចិត្ត ។

ឥឡូវការឈ្នះ​លោកិយ​វា​ពុំមែន​មាន​ន័យ​ថា ការប្រែ​ជា​ល្អ​ឥតខ្ចោះ​នៅក្នុង​ជីវិត​នេះ ឬ​ថា បញ្ហា​របស់​បងប្អូន​ត្រូវ​រលាយ​បាត់​អស់​នោះ​ទេ—ព្រោះវានឹង​មិន​រលាយ​បាត់​ទៅ​ទេ ។ ហើយ​វា​ក៏ ពុំមែន មាន​ន័យ​ថា បងប្អូន​លែង​ធ្វើ​ខុស​ទៀត​នោះ​ដែរ ។ ប៉ុន្តែ​ការឈ្នះ​លោកិយ​មាន​ន័យ​ថា ការទប់ទល់​នឹង​អំពើ​បាប​របស់​បងប្អូន​នឹង​មាន​ខ្លាំងឡើង ។ ដួងចិត្ត​របស់​បងប្អូន​នឹងបន្ទន់ នៅពេល​សេចក្តី​ជំនឿ​របស់​បងប្អូន​លើ​ព្រះយេស៊ូវ​គ្រីស្ទ​កើន​ឡើង ។ ការឈ្នះ​លោកិយ​មាន​ន័យ​ថា ការស្រឡាញ់​ព្រះ និង​ព្រះរាជបុត្រាសំណព្វ​ទ្រង់​ចម្រើន​ខ្លាំងឡើង លើស​អស់​ទាំង​ការស្រឡាញ់​នរណា​ម្នាក់ ឬ​អ្វី​ផ្សេងៗ​ទៀត ។

បន្ទាប់​មក តើ​យើង​ឈ្នះ​លោកិយ​ដោយ​របៀប​ណា ? ស្តេច​បេនយ៉ាមីន​បាន​បង្រៀន​ពី​របៀប​ដល់​យើង ។ ទ្រង់​បាន​មានបន្ទូល​​ថា « មនុស្ស​ខាង​សាច់​ឈាម​គឺ​ជា​សត្រូវ​ដល់​ព្រះ » ហើយ​នឹង​នៅ​យ៉ាង​នេះ​ជា​រៀង​ដរាប​ត​ទៅ « លើក​លែងតែគេ​ព្រម​ធ្វើ​តាម​សេចក្ដី​ទូន្មាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​សម្រាត​ភាព​ខាង​សាច់ឈាម​ចេញ ហើយ​ក្លាយ​ទៅ​ជា​អ្នកបរិសុទ្ធ​វិញ តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់ » ។ រាល់​ពេល​ដែល​បងប្អូន​ស្វែងរក និង​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ រាល់​ពេល​ដែល​បងប្អូន​ធ្វើ​អ្វី​ល្អៗ—អ្វី​ដែល « មនុស្ស​ខាង​សាច់​ឈាម » មិន​ធ្វើ—នោះ​បងប្អូន​កំពុង​ឈ្នះ​លោកិយ​នេះ​ហើយ ។

ការឈ្នះ​លោកិយ​ពុំ​មែន​ជា​ព្រឹត្តិការណ៍​មួយ​ដែល​កើត​ឡើង​ក្នុង​ពេល​មួយ​ថ្ងៃ​ពីរ​ថ្ងៃ​នោះ​ទេ ។ វា​កើត​ឡើង​ពេញ​មួយ​ជីវិត នៅពេល​យើង​ឱប​ក្រសោប​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ខ្ជាប់​ខ្ជួន ។ យើង​បណ្តុះ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ តាមរយៈ​ការប្រែចិត្ត​ជា​ប្រចាំ និង​ការរក្សា​សេចក្តីសញ្ញា​ដែល​ប្រទាន​អំណាច​ដល់​យើង ។ យើង​បន្ត​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា ហើយ​ទទួល​ពរជ័យ​ឲ្យ​រឹងមាំ​ខាង​វិញ្ញាណ មាន​វិវរណៈ​ផ្ទាល់ខ្លួន ចម្រើន​សេចក្តីជំនឿ និង​ការងារ​បម្រើ​នៃ​ពួក​ទេវតា ។ ការរស់នៅ​តាម​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​អាច​បង្កើត​ជា​វដ្ដ​ប្រកប​ដោយ​អានុភាព និង​គុណធម៌ និង​បង្កើត​ជា​សន្ទុះ​ខាង​វិញ្ញាណ​នៅក្នុង​ជីវិត​របស់​យើង ។១០

នៅពេល​យើង​ព្យាយាម​រស់នៅ​តាម​ក្រឹត្យវិន័យកាន់តែ​ខ្ពស់​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ដួងចិត្ត និង​ធម្មជាតិ​ជា​មនុស្ស​របស់​យើង​នឹង​ចាប់ផ្តើម​ផ្លាស់ប្តូរ ។ ព្រះអង្គ​សង្គ្រោះ លើក យើង​ឡើង​ផុត​ពី​ឥទ្ធិពល​នៃ​ពិភពលោក​ដ៏​ធ្លាក់​នេះ ដោយ​ប្រទាន​ពរ​ដល់​យើង​ឲ្យ​មាន​សេចក្តី​សប្បុរស ភាពរាបសា ចិត្ត​ល្អ ចេះលត់ដំ​ខ្លួន មានភាព​សុខសាន្ត និង សេចក្តី​សម្រាក ។

ឥឡូវ បងប្អូន​អាច​គិត​ថា រឿងនេះ​ស្តាប់​ទៅ​វា​ដូចជា​កិច្ចការ​លំបាក​ខាង​វិញ្ញាណ​​ជាង សេចក្តី​សម្រាក ប៉ុន្តែ​នេះ​គឺ​ជា​សេចក្តីពិត​ដ៏​ធំ​មហិមា​គឺ​ថា ៖ ខណៈ​ដែល​ពិភពលោក​នេះ​ទទូច​ចង់បាន អំណាច ទ្រព្យសម្បត្តិ ប្រជាប្រិយភាព និង​តម្រេក​ខាង​សាច់ឈាម​នាំឲ្យ​មាន​សុភមង្គល នោះ​វា​ពុំមែន​ជា​ការពិត​ទេ ! វា​ពុំ​អាច​ទេ ! វា​ពុំ​បង្កើត​អ្វី​ឡើយលើក​លែង​តែ​ជំនួសដោយ « ស្ថានភាព​ដ៏​មាន​ពរ និង​រីករាយ » នៃ​អស់​អ្នក​ណា​ដែល « កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ » តែ​ប៉ុណ្ណោះ ។១១

សេចក្តីពិត​គឺ​ថា វា កាន់តែ​នឿយ​ហត់​ខ្លាំង ឡើង​ដើម្បី​ស្វែងរក​សុភមង្គល​នៅ​កន្លែង​ដែល​បងប្អូន មិន អាច​រក​វា​ឃើញ ! ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ នៅពេល​បងប្អូន​ទឹម​នឹម​ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ធ្វើ​កិច្ចការ​ខាង​វិញ្ញាណ ដែល​តម្រូវ​ឲ្យ​ធ្វើ​ដើម្បី​ឈ្នះ​លោកិយ នោះ​ទ្រង់ ហើយ​មាន​តែ​ទ្រង់​ប៉ុណ្ណោះ ដែល​មាន​ព្រះចេស្តាលើក​បងប្អូន​ឡើង​ចេញពី​ឥទ្ធិពល​នៃ​ពិភពលោក​នេះ ។

ឥឡូវ​នេះ តើ​ការឈ្នះ​លោកិយ​ផ្តល់​ពរជ័យ​ដល់​ជីវិត​របស់​យើង​យ៉ាង​ដូចម្តេច ? ចម្លើយ​គឺ​ច្បាស់លាស់​ថា ៖ ការចូល​ទៅក្នុង​ទំនាក់ទំនង​នៃ​សេចក្តីសញ្ញា​ជាមួយ​ព្រះ ចងភ្ជាប់​យើង​ទៅ​នឹង​ទ្រង់ តាម​របៀប​មួយ​ដែល​ធ្វើ​ឲ្យ អ្វីៗ​គ្រប់​យ៉ាងអំពី​ជីវិត​មានកាន់តែ​ភាពងាយស្រួល ។ សូម​កុំ​យល់​ច្រឡំ​សម្ដី​ខ្ញុំ​ឲ្យ​សោះ ៖ ខ្ញុំ ពុំ​មែន និយាយ​ថា ការចុះ​សេចក្តីសញ្ញា​ធ្វើ​ឲ្យ​ជីវិត​មាន ភាពងាយស្រួល នោះ​ទេ ។ តាម​ពិត​ បងប្អូន​ត្រូវ​រំពឹង​ថា​នឹង​មាន​ការផ្ទុយទៅ​វិញ​ទេ មារសត្រូវ​មិន​ចង់​ឲ្យ​បងប្អូន​រក​ឃើញ​ព្រះចេស្តា​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ឡើយ ។ ប៉ុន្តែ​ការដាក់​នឹម​ជាមួយ​ព្រះអង្គ​សង្គ្រោះ​មាន​ន័យ​ថា បងប្អូន​មានសិទ្ធិ​ទទួល​​ព្រះចេស្តា​ដើម្បី​ពង្រឹង និង​ប្រោសលោះរបស់​ទ្រង់

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

ខ្ញុំ​សូម​បញ្ជាក់​ឡើង​វិញ​អំពី​ការបង្រៀន​ដ៏​ជ្រាលជ្រៅ​របស់​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖ « បុរស​ស្ត្រី​ដែល​បង្វែរ​ជីវិត​របស់​ខ្លួន​ទៅរក​ព្រះ នឹង​រកឃើញ​ថា​ទ្រង់​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​ពួកគេ​​ទទួល​ប្រយោជន៍​​ច្រើន ជាង​ដែល​ពួកគេ​ធ្វើ​ដោយ​ខ្លួន​ឯង ។ ទ្រង់​នឹង​ធ្វើ​ឲ្យ​ពួកគេ​កាន់តែ​មាន​អំណរ បង្កើន​ទស្សនវិស័យ បំភ្លឺ​គំនិត … លើកស្ទួយ​វិញ្ញាណ​ ចម្រើន​ពរជ័យ​ បង្កើន​ឱកាស​ លួងលោម​ព្រលឹង ប្រទាន​មិត្តភក្តិ​ និង​ចាក់​ស្រោច​ភាពសុខសាន្ត​ដល់​ពួក​គេ » ។១២

ឯកសិទ្ធិ​ដែល​ពុំ​អាច​ប្រៀបផ្ទឹម​បាន​ទាំងនេះ កើត​មាន​ដល់​អស់​អ្នក​ដែល​ស្វែងរក​ការគាំទ្រ​ពី​ស្ថានសួគ៌ ដើម្បី​ជួយ​ពួកគេ​ឈ្នះ​លោកិយ​នេះ ។ នៅ​ទីបញ្ចប់ ខ្ញុំ​សូម​អញ្ជើញ​សមាជិក​ទូទាំង​សាសនាចក្រ​ឲ្យ​ទទួល​យក​ការទទួល​ខុស​ត្រូវ​ដូចគ្នា ដែល​ខ្ញុំ​បាន​ផ្តល់​ឲ្យ​ពួកយុវមជ្ឈិមវ័យ​របស់​យើង កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​នេះ ។ កាល​នោះ​ខ្ញុំ​ជំរុញ​ពួកគេ—ហើយ​ឥឡូវ​នេះ​ខ្ញុំ អង្វរករដល់​បងប្អូន—ឲ្យ​ទទួល​ខុស​ត្រូវ​លើ​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​បងប្អូន អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ សូម​ខិតខំ​ដើម្បី​មាន​ទីបន្ទាល់​នោះ ។ សូម​ចិញ្ចឹម​បីបាច់​វា ដើម្បីឲ្យ​វា​លូតលាស់ ។ សូម​ពង្រឹង​វា​ដោយ​សេចក្ដីពិត ។ សូម​កុំ​បំពុល​ទីបន្ទាល់​ដោយ​ទស្សនវិជ្ជា​ខុសឆ្គង​របស់​បុរស និង​ស្រ្តី​ដែល​មិន​ជឿ​ឡើយ ។ ពេល​បងប្អូន​បន្ត​ពង្រឹង​ទីបន្ទាល់​​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ជា​អាទិភាព​ដ៏​ខ្ពស់​បំផុត​របស់​បងប្អូន នោះ​សូម​ចាំ​មើល​អព្ភូតហេតុ​ដែល​នឹង​កើត​មាន​​នៅក្នុង​ជីវិត​របស់​បងប្អូន ។១៣

ការអង្វរ​របស់​ខ្ញុំ​ចំពោះ​បងប្អូន​នា​ព្រឹក​នេះ​គឺ ចូរ​ស្វែងរក សេចក្តី​សម្រាក ពី​ភាពតានតឹង ភាពមិន​ច្បាស់លាស់ និង​សេចក្តីឈឺចាប់​នៃ​ពិភពលោក​នេះ ដោយ ការឈ្នះ លោកិយ តាមរយៈ​សេចក្តីសញ្ញា​របស់​បងប្អូន​ជាមួយ​ព្រះ ។ ចូរ​អនុញ្ញាត​ឲ្យទ្រង់​ដឹង​តាមរយៈ​ការអធិស្ឋាន និង​សកម្មភាព​របស់​បងប្អូន ​ថា បងប្អូន​ពិតជា​ចង់​ឈ្នះ​លោកិយ​នេះ​មែន ។ ចូរ​ទូល​សូម​ទ្រង់​ឲ្យ​បំភ្លឺ​គំនិត​ ហើយ​ប្រទាន​ជំនួយ​ដែលបងប្អូន​ត្រូវការ ។ សូម​កត់ត្រា​គំនិត​ដែល​ផុស​ឡើង​ដល់​បងប្អូន នៅពេល​បងប្អូន​អធិស្ឋាន​ជារៀងរាល់​ថ្ងៃ បន្ទាប់​មក​សូម​ធ្វើ​តាម​ការបំផុត​គំនិត​នោះ​ទាំងស្រុង​ដោយ​ឧស្សាហ៍​ព្យាយាម ។ ចូរ​ចំណាយ​ពេល​កាន់តែ​ច្រើន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ព្យាយាម​យល់​​របៀប​ដែល​ព្រះវិហារ​បរិសុទ្ធ​បង្រៀន​បងប្អូន ឲ្យ​ឈ្នះ​លើ​ពិភពលោក​ដ៏​ធ្លាក់​នេះ ។១៤

ដូច​ខ្ញុំ​បាន​លើក​ឡើង​ពីមុន ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល​គឺជា​កិច្ចការ​ដ៏​សំខាន់ បំផុត ដែល​កំពុង​តែ​កើតឡើង​នៅលើ​ផែនដី​សព្វថ្ងៃ​នេះ ។ ធាតុ​ដ៏សំខាន់​មួយ​នៃ​ការប្រមូលផ្តុំ​នេះ គឺ​ការរៀបចំ​មនុស្ស​ដែលមានសមត្ថភាព ដែល​ត្រៀម​ខ្លួន និង​ដែល​ស័ក្តិសម ដើម្បី​ទទួល​ព្រះអម្ចាស់ ពេល​ទ្រង់​យាង​មក​ម្តង​ទៀត ជា​បុគ្គល​ដែល​ជ្រើសរើស​ព្រះយេស៊ូវ​គ្រីស្ទ​ជាង​រើស​យក​ពិភព​លោក​ដ៏​ធ្លាក់​នេះ ជា​បុគ្គល​ដែល​រីករាយ​នៅក្នុង​សិទ្ធិ​ជ្រើស​រើស​របស់​ពួកគេ ដើម្បី​រស់នៅ​តាម​ក្រឹត្យ​វិន័យ​កាន់តែខ្ពស់ និង​កាន់តែ​បរិសុទ្ធ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

បង​ប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់ ខ្ញុំ​សូម​អំពាវនាវ​ដល់​បងប្អូន​ឲ្យ​ប្រែជា​មនុស្ស​សុចរិត​បែប​នេះ ។ ចូរ​មាន​អំណរគុណ និង​គោរព​សេចក្តីសញ្ញា​របស់​បងប្អូន​លើស​អស់ការតាំងចិត្ត​ដទៃ​ទៀតទាំងអស់ ។ នៅពេល​បងប្អូន​ទុក​ឲ្យ​ព្រះ​ឈ្នះ​ក្នុង​ជីវិត នោះ​ខ្ញុំ​សូម​សន្យា​ថា បងប្អូន​នឹង​កាន់តែមាន​ភាពសុខសាន្ត ទំនុក​ចិត្ត អំណរ ហើយ​ប្រាកដ​ណាស់​គឺ ​សេចក្តី​សម្រាក ។

ដោយ​អំណាច​នៃ​ភាព​ជា​សាវក​ដ៏​បរិសុទ្ធ​ដែល​បាន​ប្រទាន​មក​ខ្ញុំ នោះ​ខ្ញុំ​សូម​ប្រសិទ្ធពរ​ដល់​បងប្អូន​នៅក្នុង​ការព្យាយាម​​ឈ្នះ​លោកិយ​នេះ ។ ខ្ញុំ​សូម​ប្រសិទ្ធពរ​ឲ្យ​បងប្អូន​បង្កើន​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​រៀនពឹងផ្អែក​លើ​ព្រះចេស្តា​របស់ទ្រង់​កាន់តែ​ខ្លាំង​ឡើង ។ ខ្ញុំ​សូម​ប្រសិទ្ធពរ​ឲ្យ​បងប្អូន​អាច​ញែក​ដឹង​សេចក្តីពិត​ពី​គំហុស​ឆ្គង ។ ខ្ញុំ​សូម​ប្រសិទ្ធពរ​ឲ្យ​បងប្អូន​យក​ចិត្ត​ទុកដាក់​កាន់តែ​ខ្លាំង​លើ​ការណ៍​ទាំងឡាយ​នៃ​ព្រះ ជាង​អ្វីៗ​ដែល​ជា​របស់​លោកិយ​នេះ ។ ខ្ញុំ​សូម​ប្រសិទ្ធពរ​ឲ្យ​បងប្អូន​មើល​ឃើញតម្រូវ​ការ​នៃ​អស់​អ្នក​ដែល​នៅ​ជុំវិញ​បងប្អូន ហើយ​ពង្រឹង​ដល់​មនុស្ស​ដែល​បងប្អូន​ស្រឡាញ់ ។ ដោយសារ​ព្រះយេស៊ូវ​បាន​ឈ្នះ​លោកិយ​នេះ នោះ​បងប្អូន​ក៏​អាច​ឈ្នះ​លោកិយ​នេះ​បាន​ផងដែរ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដូច្នោះ​ នៅក្នុង​ព្រះនាម​ដ៏ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:៣៦ ៖« គ្រា​នោះ​ទើប​ទីសម្គាល់​របស់​កូន​មនុស្ស​នឹង​លេច​មក​នៅលើ​មេឃ ហើយ​នៅ​គ្រា​នោះ គ្រប់​ពូជ​អំបូរ​មនុស្ស​នៅ​ផែនដី​នឹង​គក់​ទ្រូង​យំ ហើយ​ពួកគេ​នឹង​ឃើញ​កូន​មនុស្ស​មក​លើ​ពពក​នៅលើ​មេឃ មាន​ទាំង​ព្រះចេស្ដា និង​សិរី​ល្អ​ជា​ខ្លាំង » ។

  2. ម៉ាថាយ ១១:២៨–៣០ បាន​បន្ថែម​ការគូស​បញ្ជាក់ ។

  3. យ៉ូហាន ១៦:៣៣ បាន​បន្ថែម​ការគូស​បញ្ជាក់ ។

  4. គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤:២ បាន​បន្ថែម​ការគូស​បញ្ជាក់ ។

  5. សូមមើល អាលម៉ា ៧:១១–១៣ ។

  6. នីហ្វៃ​ទី ២ ២៨:១៤ ។

  7. សូម​មើល​ដំណើររឿង​អំពី​ព្រះបិតា​របស់​ស្តេច​ឡាម៉ូណៃ​នៅក្នុង អាលម៉ា ២២ ជាពិសេស អាលម៉ា ២២:១៨ ។

  8. សូមមើល ម៉ូសាយ ៥:៧ ។

  9. ម៉ូសាយ ៣:១៩ បាន​បន្ថែម​ការគូស​បញ្ជាក់ ។

  10. សូមមើល នីហ្វៃទី ២ ៣១; នីហ្វៃទី ៣ ២៧:១៦–២០ ។

  11. ម៉ូសាយ ២:៤១ ។

  12. Teachings of Presidents of the Church: Ezra Taft Benson( ឆ្នាំ ២០១៤ ) ទំព័រ ៤២–៤៣ ។

  13. សូមមើល រ័សុល អិម ណិលសុន « Choices for Eternity » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃ​ទី ១៥ ខែ ឧសភា ឆ្នាំ ២០២២ ) នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org ។

  14. ប្រធាន ដេវីឌ អូ មិកឃេ បាន​មាន​ប្រសាសន៍​ថា នៅក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​បោះ « ជំហាន​សន្សឹមៗ​ឡើង​ទៅ​កាន់​វត្តមាន​ដ៏​អស់កល្ប​ជានិច្ច » ( នៅក្នុង Truman G. Madsen The Temple: Where Heaven Meets Earth [ ឆ្នាំ ២០០៨ ] ទំព័រ ១១ ) ។