សេចក្ដីល្អសប្បុរសដ៏ទាន់ចិត្តនៃព្រះ
ទោះជាពេលយើងកំពុងរង់ចាំព្រះអម្ចាស់ដោយភាពអត់ធ្មត់ក្ដី ក៏មាននូវពរជ័យជាក់លាក់កើតមានចំពោះយើងភ្លាមៗដែរ ។
ប៉ុន្មានឆ្នាំមុន កូនប្រុសរបស់ខ្ញុំអាយុបួនឆ្នាំបានមករកខ្ញុំ ហើយប្រកាសថា « ប៉ា កូនបានគិតឃើញហើយ ។ កូនបានគិតឃើញថា ពេលឆាប់ៗ សម្រាប់ប៉ាគឺយូរណាស់សម្រាប់កូន » ។
នៅពេលព្រះអម្ចាស់ ឬអ្នកបម្រើរបស់ទ្រង់ថ្លែងពីពាក្យដូចជា « នៅមិនយូរថ្ងៃប៉ុន្មានទេ » ឬ « នៅពេលមិនយូរប៉ុន្មានទេ » វាអាចមានន័យត្រង់ៗថា ពេញមួយជីវិត ឬយូរជាងនេះ ។ ពេលវេលារបស់ទ្រង់ ហើយជាញឹកញាប់កាលវេលារបស់ទ្រង់ គឺខុសពីពេលវេលារបស់យើង ។ សេចក្ដីអំណត់គឺជាគន្លឹះ ។ បើគ្មានវាទេ យើងមិនអាចរីកចម្រើន ហើយក៏មិនអាចបង្ហាញសេចក្ដីជំនឿលើព្រះស្ដីពីជីវិត និងសេចក្ដីសង្គ្រោះបានឡើយ ។ ប៉ុន្តែសារលិខិតរបស់ខ្ញុំនៅថ្ងៃនេះគឺថា ទោះជាពេលយើងកំពុងរង់ចាំព្រះអម្ចាស់ដោយភាពអត់ធ្មត់ក្ដី ក៏មាននូវពរជ័យជាក់លាក់កើតមានចំពោះយើងភ្លាមៗដែរ ។
នៅពេលអាលម៉ា និងប្រជាជនរបស់លោកត្រូវបានពួកសាសន៍លេមិនចាប់ខ្លួន ពួកគេបានអធិស្ឋានសូមការរំដោះ ។ ពួកគេពុំបានរំដោះភ្លាមៗឡើយ ប៉ុន្តែខណៈដែលពួកគេបានរង់ចាំការរំដោះដោយសេចក្ដីអំណត់ នោះព្រះអម្ចាស់បានបង្ហាញពីសេចក្ដីល្អសប្បុរសរបស់ទ្រង់ដោយប្រទានពរជ័យទាន់ចិត្តមួយចំនួន ។ ទ្រង់បានបន្ទន់ដួងចិត្តរបស់ពួកសាសន៍លេមិនភ្លាមៗ ដើម្បីកុំឲ្យសម្លាប់ពួកគេ ។ ទ្រង់ក៏បានពង្រឹងដល់ប្រជាជនអាលម៉ា ហើយសម្រាលបន្ទុករបស់ពួកគេផងដែរ ។ នៅទីបំផុត ពេលពួកគេត្រូវបានរំដោះ នោះពួកគេបានធ្វើដំណើរទៅសារ៉ាហិមឡា ជាកន្លែងដែលពួកគេបានប្រាប់ពីបទពិសោធន៍របស់ពួកគេដល់មនុស្សជាច្រើន ។ ប្រជាជនសារ៉ាហិមឡាមានការងឿងឆ្ងល់ ហើយ « នៅពេលគេគិតអំពី សេចក្ដីល្អសប្បុរសដ៏ទាន់ចិត្តនៃព្រះ និងព្រះចេស្ដាទ្រង់ក្នុងការប្រោសលោះអាលម៉ា និងបងប្អូនរបស់លោកចេញពី…សេវកភាព នោះពួកគេបានបន្លឺសំឡេងថ្លែងអំណរគុណដល់ព្រះ »។
សេចក្ដីល្អសប្បុរសដ៏ទាន់ចិត្តនៃព្រះកើតមានដល់មនុស្សគ្រប់រូប ដែលអំពាវនាវដល់ទ្រង់ដោយមានគោលបំណងពិត និងអស់ពីចិត្ត ។ នេះរួមមានអស់អ្នកដែលអំពាវនាវរកសេចក្ដីត្រូវការដោយអស់ពីចិត្ត នៅពេលការរំដោះមើលទៅហាក់ដូចជានៅឆ្ងាយសន្លឹម ហើយការរងទុក្ខយូរទៅ ហើយថែមខ្លាំងឡើងទៀត ។
រឿងនេះបានកើតចំពោះព្យាការីវ័យក្មេងម្នាក់ ដែលបានរងទុក្ខយ៉ាងខ្លាំងក្នុងអន្លង់គុកងងឹត មុនពេលអំពាវនាវចុងក្រោយ ៖ « ឱ ព្រះអង្គអើយ តើព្រះអង្គគង់នៅទីណា ?… តើព្រះហស្ដទ្រង់នឹងទប់ទុក…ដល់ណាទៅ ? មែនហើយ ឱព្រះអម្ចាស់អើយ តើ…ដល់ណាទៅ ? » ព្រះអម្ចាស់ពុំបានរំដោះយ៉ូសែបភ្លាមៗឡើយ ប៉ុន្តែទ្រង់បានប្រកាសភាពសុខសាន្តភ្លាមៗ ។
ព្រះក៏បានប្រទានសេចក្ដីសង្ឃឹមទាន់ចិត្តសម្រាប់ការរំដោះនៅពេលចុងក្រោយផងដែរ ។ មិនថាមានរឿងអ្វី មិនថានៅទីណា នៅក្នុង និងតាមរយៈព្រះគ្រីស្ទ នោះតែងមានសេចក្ដីសង្ឃឹមញញឹមយ៉ាងពព្រាយនៅមុខយើងជានិច្ច ។ នៅខាងមុខយើងទាន់ចិត្ត ។
លើសពីនេះ ទ្រង់បានសន្យាថា ៖ « សេចក្តីសប្បុរស របស់យើងនឹងមិនដែលឃ្លាតបាត់ពីឯងឡើយ » ។
សរុបមក សេចក្ដីស្រឡាញ់របស់ព្រះគឺទាន់ចិត្ត ។ ខ្ញុំចូលរួមជាមួយនឹងប៉ុលដើម្បីថ្លែងទីបន្ទាល់ថា គ្មានអ្វី « អាចនឹងពង្រាត់យើងចេញពីសេចក្តីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវបានឡើយ » ។ សូម្បីតែអំពើបាបរបស់យើងក្ដី ទោះជាវាអាចពង្រាត់យើងពីព្រះវិញ្ញាណរបស់ទ្រង់មួយរយៈក្ដី ក៏វាមិនអាចពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់ដ៏ជាប់លាប់ និងទាន់ចិត្តរបស់ទ្រង់បានឡើយ ។
ទាំងនេះគឺជារបៀប និងមធ្យោបាយមួយចំនួន ដែល « ទ្រង់ប្រទានពរដល់ [ យើង ] ភ្លាម » ។ ឥឡូវដើម្បីនាំឲ្យគោលការណ៍នេះឲ្យរស់រវើក និងមកជិត ខ្ញុំសូមចែកចាយជាមួយនឹងអ្នកនូវបទពិសោធន៍របស់មនុស្សពីរនាក់ ដែលរស់នៅឈរជាទីបន្ទាល់នៃសេចក្ដីល្អសប្បុរសដ៏ទាន់ចិត្តនៃព្រះ ។
តាំងពីពេលនាងនៅជាយុវវ័យម្នាក់ អេមីលីពុះពារនឹងការប្រើថ្នាំខុស ។ ពិសោធកម្មបាននាំទៅរកទម្លាប់ ហើយនៅទីបំផុតទម្លាប់ទៅជាការញៀនមួយ ដែលឃុំនាងទុករាប់ឆ្នាំ ថ្វីបើមានពេលខ្លះល្អក្ដី ។ អេមីលីបានលាក់បញ្ហារបស់នាងយ៉ាងប្រុងប្រយ័ត្ន ជាពិសេសក្រោយពីនាងក្លាយជាភរិយា និងម្ដាយមួយរូប ។
ការចាប់ផ្ដើមនៃការរំដោះរបស់នាងមើលទៅមិនដូចជាការរំដោះឡើយ ។ មួយនាទីអេមីលីរងទម្លាប់សាកល្បងថ្នាំ ហើយមួយនាទីទៀតនាងឡើងឡានពេទ្យទៅអគារព្យាបាលអ្នកជំងឺ ។ នាងចាប់ផ្ដើមភ័យស្លន់ស្លោរ កាលនាងគិតថា គេបំបែកនាងពីកូនៗ ស្វាមី និងផ្ទះរបស់នាង ។
យប់នោះដោយនៅឯកោក្នុងបន្ទប់ដ៏ត្រជាក់ និងងងឹតមួយ អេមីលីបានគេងអង្កុញជើងលើគ្រែ ហើយបានយំ ។ នៅទីបំផុត សមត្ថភាពក្នុងការវែកញែករបស់នាងបានចុះថយ ដោយគ្របដណ្ដប់ដោយភាពអន្ទះសារ ការភ័យខ្លាច និងភាពងងឹតដ៏ខ្លាំងបានយកឈ្នះនៅក្នុងបន្ទប់ និងក្នុងព្រលឹងនាង រហូតដល់អេមីលីបានគិតថា នាងនឹងស្លាប់នៅយប់នោះ ។ គឺនៅម្នាក់ឯង ។
នៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់នោះ អេមីលីបានប្រមូលកម្លាំងដើម្បីចុះពីគ្រែ ហើយលុតជង្គង់ ។ ដោយពុំធ្លាប់មានការអធិស្ឋានណាមួយពីមុនមក នោះអេមីលីបានថ្វាយខ្លួននាងទាំងស្រុងដល់ព្រះអម្ចាស់ កាលនាងទូលអង្វរយ៉ាងអស់សង្ឃឹមថា « ឱ ព្រះអង្គអើយ កូនត្រូវការទ្រង់ ។ សូមជួយកូនផង ។ កូនមិនចង់នៅតែឯងឡើយ ។ សូមជួយកូនឲ្យរួចពីយប់នេះផង » ។
ហើយភ្លាមនោះ ដូចទ្រង់បានធ្វើដាក់ពេត្រុសកាលពីបុរាណ នោះព្រះយេស៊ូវបានលូកព្រះហស្តរបស់ទ្រង់ ទៅចាប់ព្រលឹងដែលលិចលង់របស់នាង ។ មានសេចក្ដីស្ងប់ស្ងាត់ ភាពក្លាហាន និង ការបញ្ជាក់ និងសេចក្ដីស្រឡាញ់បានមកគ្របដណ្ដប់លើអេមីលី ។ បន្ទប់នោះលែងត្រជាក់ទៀតហើយ នាងបានដឹងថា នាងមិននៅតែឯងឡើយ ហើយជាលើកដំបូងតាំងពីអាយុ ១៤ ឆ្នាំមក អេមីលីបានដឹងថា អ្វីៗនឹងមិនអីទេ ។ អេមីលី « បានភ្ញាក់ឡើងចំពោះព្រះ » ហើយបានដេកលង់លក់ទៅវិញដោយភាពសុខសាន្ដ ។ ហេតុដូច្នេះហើយ យើងឃើញថា « បើសិនជាអ្នករាល់គ្នាប្រែចិត្ត ហើយពុំធ្វើចិត្តរឹងរូសទេ រំពេចនោះផែនការនៃសេចក្ដីប្រោសលោះដ៏មហិមានឹងបានមកដល់អ្នក » ។
ការព្យាបាល និងការរំដោះចុងក្រោយរបស់អេមីលីត្រូវចំណាយពេលជាយូរ—ការព្យាបាល ការហ្វឹកហ្វឺន និងការប្រឹក្សារាប់ខែ ដែលអំឡុងពេលនេះនាងត្រូវបានគាំទ្រ ហើយពេលខ្លះបានលើកឡើងដោយសេចក្ដីល្អសប្បុរសរបស់ទ្រង់ ។ ហើយសេចក្ដីល្អនោះបានបន្ដនៅជាមួយនាង កាលនាងបានចូលព្រះវិហារបរិសុទ្ធជាមួយស្វាមី និងកូនៗរបស់នាង ដើម្បីផ្សារភ្ជាប់ជាមួយគ្នាជារៀងរហូត ។ ដូចជាប្រជាជនសារ៉ាហិមឡាដែរ អេមីលីថ្លែងអំណរគុណ ពេលនាងនឹកគិតដល់សេចក្ដីល្អសប្បុរសដ៏ទាន់ចិត្តនៃព្រះ និងព្រះចេស្ដារបស់ទ្រង់ក្នុងការដោះនាងឲ្យរួចផុតពីសេវកភាព ។
ឥឡូវនេះ ខ្ញុំសូមបន្ដជាមួយជីវិតរបស់អ្នកជឿដ៏ក្លាហានម្នាក់ទៀត ។ នៅថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៣ អាលីសៀ ស្រ៊ូឌើរ បានរីករាយស្វាគមន៍មិត្តល្អរបស់នាងឈ្មោះស៊ាន និងស្សាឡា ឈីលខូត ដែលមកលេងនាងដោយមិនបានប្រាប់មុន ។ ស៊ានដែលជាប៊ីស្សពរបស់អាលីសៀដែរ បានហុចទូរសព្ទដៃគាត់ឲ្យទៅនាង ហើយបាននិយាយយ៉ាងមុតមាំថា « អាលីសៀយើងស្រឡាញ់អ្នក ។ អ្នកត្រូវលើកទូរសព្ទនេះ » ។
ស្វាមីរបស់អាលីសៀគឺម៉ារីអូជាអ្នកទូរសព្ទមក ។ គាត់នៅតំបន់ដាច់ស្រយាលមួយជាមួយកូនរបស់ពួកគេខ្លះ នៅក្នុងដំណើរកម្សាន្ដរដូវរងារ ។ មានគ្រោះថ្នាក់ដ៏អាក្រក់មួយបានកើតឡើង ។ ម៉ារីអូបានរងរបួសយ៉ាងដំណំ ហើយកូនប្រុសអាយុ ១០ ឆ្នាំរបស់គេឈ្មោះខេលិបបានស្លាប់ ។ នៅពេលម៉ារីអូបានប្រាប់អាលីសៀពីការស្លាប់របស់ខេលិប នាងបានតក់ស្លុត ហើយភ័យដូចដែលពួកយើងមួយចំនួនធ្លាប់បានជួប ។ វាធ្វើឲ្យនាងខ្លោចផ្សារចិត្ត ។ ដោយគាំងក្នុងការឈឺចាប់ដ៏មិនអាចរៀបរាប់បាន អាលីសៀលែងនិយាយ លែងកម្រើក ។
ប៊ីស្សព និងស៊ិស្ទើរឈីលខូតបានលើកនាងឡើង ហើយឱបនាងភ្លាម ។ ពួកគេបានយំ ហើយក្រសោបទុក្ខជាមួយគ្នាមួយរយៈ ។ រួចហើយ ប៊ីស្សពឈីលខូតបានផ្ដល់ការប្រសិទ្ធពរមួយដល់អាលីសៀ ។
អ្វីដែលបានកើតឡើងបន្ទាប់គឺមិនអាចយល់បានឡើយ បើគ្មានការយល់ដឹងខ្លះអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ និងសេចក្ដីល្អសប្បុរសដ៏ទាន់ចិត្តនៃព្រះនោះ ។ ប៊ីស្សពឈីលខូតបានដាក់ដៃលោកលើក្បាលអាលីសៀថ្នមៗ ហើយចាប់ផ្ដើមនិយាយដោយសំឡេងញ័រ ។ អាលីសៀបានឮរឿងពីរ ហាក់ដូចជាបានថ្លែងដោយព្រះផ្ទាល់ ។ ទីមួយ នាងបានឮឈ្មោះរបស់នាង អាលីសៀ សូសាន ស្រ៊ូឌើរ ។ រួចហើយនាងបានឮប៊ីស្សពអំពាវនាវដល់សិទ្ធិអំណាចនៃព្រះដ៏មានមហិទ្ធិឬទ្ធិ ។ នៅរំពេចនោះ—គ្រាន់តែការថ្លែងពីឈ្មោះនាង និងព្រះចេស្ដារបស់ព្រះ—អាលីសៀបានពេញដោយភាពសុខសាន្ដ សេចក្ដីស្រឡាញ់ ការលួងលោមចិត្ត និង អំណរ ដែលពុំអាចថ្លែងបាន ។ ហើយវាបានបន្តនៅជាមួយនឹងនាង ។
ប្រាកដណាស់មកដល់ពេលនេះក្ដី ក៏អាលីសៀ ម៉ារីអូ និងគ្រួសាររបស់ពួកគេនៅតែស្ដាយ និងនឹកដល់ខេលិប ។ វាពិបាក់ណាស់ ! ពេលណាដែលខ្ញុំនិយាយជាមួយនាង អាលីសៀតែងមានទឹកភ្នែករលីងរលោង កាលនាងប្រាប់ថា នាងស្រឡាញ់ និងនឹកកូនប្រុសតូចរបស់នាងខ្លាំងណាស់ ។ ហើយនាងនៅតែបន្តស្រក់ទឹកភ្នែក នៅពេលនាងប្រាប់ពីព្រះរំដោះដ៏មហិមាបានគាំទ្រនាងឲ្យឆ្លងកាត់រាល់ទុក្ខវេទនារបស់នាង ដោយចាប់ផ្ដើមជាមួយនឹងសេចក្ដីល្អភ្លាមៗរបស់ទ្រង់នៅក្នុងគ្រាដ៏អស់សង្ឃឹមបំផុតរបស់នាង ហើយឥឡូវដោយបន្តជាមួយនឹងសេចក្ដីសង្ឃឹមដ៏ភ្លឺថ្លានៃការរួបរួមដ៏ផ្អែមល្ហែមមួយដែល « នៅមិនយូរថ្ងៃប៉ុន្មានទេ » ។
ខ្ញុំដឹងថា ពេលខ្លះបទពិសោធន៍ជីវិតបង្កើតចលាចល ដែលអាចធ្វើឲ្យវាពិបាកនឹងទទួលយក ទទួលស្គាល់ ឬរក្សានូវប្រភេទនៃការរំដោះដែលបានកើតមានដល់អេមីលី និងអាលីសៀ ។ ខ្ញុំបានឆ្លងកាត់គ្រាបែបនោះ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា អំឡុងពេលបែបនេះ ការការពាររបស់យើងតែមួយគត់គឺជាការបង្ហាញដ៏ទន់ភ្លន់ និងមានអំណាចនៃសេចក្ដីល្អសប្បុរសដ៏ទាន់ចិត្តនៃព្រះ ។ សូមចាំពីអ៊ីស្រាអែលសម័យបុរាណ ដែលត្រូវបានរំដោះនៅទីបញ្ចប់ « ដោយព្រះដដែល ជាព្រះដែលបានថែរក្សាពួកគេទុក » ពីមួយថ្ងៃទៅមួយថ្ងៃ ។
ខ្ញុំសូមថ្លែងជាសាក្សីថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរំដោះដ៏មហិមា ហើយនៅក្នុងព្រះនាមរបស់ទ្រង់ ខ្ញុំសូមសន្យាថា នៅពេលអ្នកត្រឡប់ទៅកាន់ទ្រង់ដោយមានគោលបំណងពិតប្រាកដ និងអស់ពីចិត្ត នោះទ្រង់នឹងរំដោះអ្នកចេញពីអ្វីៗដែលគម្រាមចង់ កាត់បន្ថយ ឬបំផ្លាញជីវិត ឬសេចក្ដីអំណររបស់អ្នកចោល ។ ការរំដោះនោះអាចចំណាយពេលយូរជាងអ្វីដែលអ្នកប្រាថ្នា—ប្រហែលជាមួយជីវិត ឬយូរជាងនេះ ។ ដូច្នេះដើម្បីផ្ដល់ការលួងលោម ភាពក្លាហាន និងសេចក្ដីសង្ឃឹមដល់អ្នក ដើម្បីគាំទ្រ និងពង្រឹងអ្នកដល់ថ្ងៃនៃការរំដោះចុងក្រោយនោះ ខ្ញុំសូមសរសើរអ្នក និងថ្លែងទីបន្ទាល់អំពី សេចក្ដីល្អសប្បុរសដ៏ទាន់ចិត្តនៃព្រះ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។