អ្នកគង្វាលល្អ ជាកូនចៀមនៃព្រះ
ព្រះយេស៊ូវគ្រីស្ទហៅយើងដោយសំឡេង និងព្រះនាមរបស់ទ្រង់ ។ ទ្រង់ស្វែងរក ហើយប្រមូលផ្ដុំយើង ។ ទ្រង់បង្រៀនយើងអំពីរបៀបផ្ដល់ការងារបម្រើដោយក្ដីស្រឡាញ់ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ តើបងប្អូនធ្លាប់អត់ងងុយដេក ហើយព្យាយាមរាប់ចៀមដោយស្រមៃឬទេ ? នៅពេលចៀមលោតផ្លោះរំលងរបង បងប្អូនរាប់ ៖ ១, ២, ៣, …២៤៥, ២៤៦, …៦៥៧, ៦៥៨…
នៅក្នុងករណីរបស់ខ្ញុំ ការរាប់ចៀមពុំធ្វើឲ្យខ្ញុំងងុយដេកនោះទេ ។ ខ្ញុំបារម្ភអំពីការរាប់រំលង ឬភ្លេច ហើយវាធ្វើឲ្យខ្ញុំនៅតែភ្លឺភ្នែកដេកមិនលក់ដដែល ។
កុមារាឃ្វាលចៀម ដែលក្លាយជាស្ដេចមួយអង្គ ដែលយើងប្រកាសអំពីនោះគឺជា ៖
« ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំ ខ្ញុំនឹងមិនខ្វះអ្វីសោះ ។
ទ្រង់ឲ្យខ្ញុំដេកស្រាកស្រាន្ដនៅទីវាលស្មៅខ្ចី ក៏នាំជីវិតខ្ញុំទៅផ្លូវទឹកស្រួលហើយ ។
កាលព្រលឹងខ្ញុំចង់ទាស់ នោះទ្រង់កែឡើងថ្មី » ។
នៅក្នុងរដូវបុណ្យអ៊ីស្ទើរនេះ យើងប្រារព្ធដល់ អ្នកគង្វាលល្អ ដែលជាកូនចៀមនៃព្រះផងដែរ ។ ក្រៅពីព្រះនាមដ៏ទេវភាពរបស់ទ្រង់ គ្មាននាមឯណាទៀតទន់ភ្លន់ ឬសំខាន់ជាងនោះទេ ។ យើងបានរៀនច្រើនមកពីសេចក្ដីយោងអំពីព្រះអង្គសង្គ្រោះរបស់យើងសំដៅទៅលើព្រះអង្គទ្រង់ផ្ទាល់ថា ជាអ្នកគង្វាលល្អ ហើយនឹងមកពីទីបន្ទាល់របស់ព្យាការីអំពីទ្រង់ថា ជាកូនចៀមនៃព្រះ ។ តួនាទី និងនិមិត្តសញ្ញាទាំងនេះ គឺជាការសរសើរដ៏មានអនុភាពថា—នរណាជួយចៀមមានតម្លៃមួយៗបានល្អជាងអ្នកគង្វាល ហើយតើនរណាធ្វើជាអ្នកគង្វាលល្អបានល្អជាងកូនចៀមនៃព្រះរបស់យើង ?
ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម៉្លេះ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ » ហើយព្រះរាជបុត្រាសំណព្វតែមួយរបស់ព្រះបានដាក់ជីវិតដោយស្ម័គ្រព្រះទ័យគោរពតាមព្រះវរបិតារបស់ទ្រង់ ។ ព្រះយេស៊ូវបានថ្លែងទីបន្ទាល់ថា « ខ្ញុំជាអ្នកគង្វាលល្អ ឯអ្នកគង្វាលល្អក៏ស៊ូតែប្តូរជីវិតជំនួសចៀម »។ ព្រះយេស៊ូវមានព្រះចេស្ដាដើម្បីដាក់ព្រះជន្មរបស់ទ្រង់ ហើយមានព្រះចេស្ដាដើម្បីប្រោសជីវិតឲ្យរស់ឡើងវិញម្ដងទៀត ។ ដោយបានសាមគ្គីជាមួយនឹងព្រះវរបិតាទ្រង់ ព្រះអង្គសង្គ្រោះបានប្រទានពរយើងជាពិសេស ទាំងក្នុងនាមជាអ្នកគង្វាលល្អ និងក្នុងនាមជាកូនចៀមនៃព្រះ ។
ក្នុងនាមជាអ្នកគង្វាលល្អរបស់យើង ព្រះយេស៊ូវគ្រីស្ទ បានហៅយើងដោយសំឡេង និងព្រះនាមរបស់ទ្រង់ ។ ទ្រង់ស្វែងរក ហើយប្រមូលផ្ដុំយើង ។ ទ្រង់បង្រៀនយើងអំពីរបៀបផ្ដល់ការងារបម្រើដោយក្ដីស្រឡាញ់ ។ ចូរយើងគិតពិចារណាអំពីបាវចនាទាំងបីនេះ ដែលចាប់ផ្ដើមជាមួយនឹងការហៅយើងដោយសំឡេង និងព្រះនាមរបស់ទ្រង់ ។
ទីមួយ អ្នកគង្វាលល្អ « គាត់ហៅតាមឈ្មោះវានីមួយៗ ។… ដ្បិតវាស្គាល់សំឡេងគាត់ » ។ ហើយ « នៅក្នុងព្រះនាមទ្រង់ផ្ទាល់ ទ្រង់បានហៅអ្នក គឺដោយព្រះនាមនៃព្រះគ្រីស្ទ » ។ នៅពេលយើងស្វែងរកដោយបំណងពិតដើម្បីដើរតាមព្រះយេស៊ូវគ្រីស្ទ ការបំផុសគំនិតកើតមានឡើងឲ្យធ្វើល្អ ស្រឡាញ់ព្រះ និងបម្រើទ្រង់ ។ នៅពេលយើងសិក្សា ពិចារណា និងអធិស្ឋាន នៅពេលយើងរំឭកសាក្រាម៉ង់ជាទៀងទាត់ និងសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធ ហើយនៅពេលយើងអញ្ជើញមនុស្សទាំងអស់ឲ្យមករកដំណឹងល្អ និងពិធីបរិសុទ្ធទាំងឡាយរបស់ទ្រង់ នោះយើងកំពុងផ្ទៀងស្ដាប់សំឡេងទ្រង់ហើយ ។
នៅក្នុងជំនាន់របស់យើងប្រធាន រ័សុល អិម ណិលសុន បានទូន្មានយើងឲ្យហៅសាសនាចក្រដែលបានស្ដារឡើងវិញដោយនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ដែលបានបើកសម្ដែង—គឺសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ព្រះអម្ចាស់មានបន្ទូលថា « ដូច្នេះ សូម្បីជាអ្វីដែលអ្នករាល់គ្នានឹងធ្វើនោះ អ្នករាល់គ្នាត្រូវធ្វើ ដោយនូវនាមយើង ដូច្នេះ អ្នករាល់គ្នាត្រូវហៅសាសនាចក្រ តាមនាមយើង ហើយអ្នករាល់គ្នា ត្រូវអំពាវនាវដល់ព្រះវរបិតា ដោយនូវនាមយើង ប្រយោជន៍ឲ្យទ្រង់ប្រទានពរដល់សាសនាចក្រដោយយល់ដល់យើង » ។ នៅទូទាំងពិភពលោក ក្នុងចិត្ត និងគេហដ្ឋានរបស់យើង យើងអំពាវនាវទៅកាន់ព្រះវរបិតាក្នុងព្រះនាមនៃព្រះគ្រីស្ទ ។ យើងមានអំណរគុណចំពោះពរជ័យដ៏សប្បុរសនៃការឲ្យតម្លៃទៅលើគេហដ្ឋាន ដែលមានសាសនាចក្រផ្ដល់ការគាំទ្រ ថ្វាយបង្គំ សិក្សាដំណឹងល្អ ហើយនឹងសកម្មភាពកម្សាន្ដជាគ្រួសារ ។
ទីពីរ អ្នកគង្វាលល្អរបស់យើងស្វែងរក និងប្រមូលផ្ដុំយើងនៅក្នុងហ្វូងទ្រង់តែមួយ ។ ទ្រង់បានសួរថា « ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានចៀមមួយរយ តែបាត់មួយ តើមិនទុកចៀមកៅសិបប្រាំបួនឲ្យនៅទីរហោស្ថាន ដើម្បីនឹងទៅតាមរកចៀមមួយ ដែលបាត់ ទាល់តែឃើញទេឬអី » ?
ព្រះអង្គសង្គ្រោះរបស់យើងឈោងទៅជួយសង្គ្រោះចៀមមួយ និងចៀមកៅសិបប្រាំបួនទៀត នៅក្នុងពេលតែមួយ ។ នៅពេលយើងផ្ដល់ការងារបម្រើ យើងទទួលស្គាល់ចៀមកៅសិបប្រាំបួនដែលមិនប្រែប្រួល ហើយនឹងនរ ខណៈដែលយើងចង់បានចៀមមួយដែលបានវង្វេងនោះ ។ ព្រះអម្ចាស់ស្វែងរក ហើយរំដោះយើង « ចេញពីគ្រប់កន្លែងទាំងអស់ » « ចេញពីគ្រប់ផ្នែកទាំងបួននៃផែនដី » ។ ទ្រង់បានប្រមូលយើងដោយសេចក្ដីសញ្ញា និងព្រះលោហិតដង្វាយធួនរបស់ទ្រង់ ។
ព្រះអង្គសង្គ្រោះរបស់យើងបានប្រាប់ពួកសិស្សក្នុងគម្ពីរសញ្ញាថ្មីរបស់ទ្រង់ថា « មានចៀមឯទៀត ដែលមិនទាន់នៅក្នុងក្រោលនេះនៅឡើយ » ។ នៅក្នុងសហរដ្ឋអាមេរិក ព្រះអម្ចាស់ដែលមានព្រះជន្មរស់ឡើងវិញបានថ្លែងទីបន្ទាល់ទៅកាន់កូនចៅក្នុងសេចក្ដីសញ្ញារបស់លីហៃថា « អ្នករាល់គ្នាជាចៀមខ្ញុំ » ។ ហើយព្រះយេស៊ូវបានមានបន្ទុលថា ប៉ុន្តែមានចៀមដទៃទៀតពុំទាន់ស្ដាប់ឮសំឡេងរបស់ទ្រង់នៅឡើយ ។ ព្រះគម្ពីរមរមនជាពរជ័យអ្វីម៉្លេះ គឺវាជាសក្ខីយបទមួយទៀតធ្វើជាសាក្សីអំពីសំឡេងរបស់ព្រះយេស៊ូវគ្រីស្ទ !
ព្រះយេស៊ូវគ្រីស្ទអញ្ជើញសាសនាចក្រទាំងមូលឲ្យទទួលយកអស់មនុស្សដែលស្ដាប់សំឡេងរបស់ទ្រង់ ហើយរក្សាបទបញ្ញត្តិរបស់ទ្រង់ ។ គោលលទ្ធិនៃព្រះគ្រីស្ទរួមមាន ពិធីបុណ្យជ្រមុជទឹកដោយទឹក និងដោយភ្លើង និងព្រះវិញ្ញាណបរិសុទ្ធ ។ នីហ្វៃបានសួរថា « បើកូនចៀមនៃព្រះ ដែលជាអង្គបរិសុទ្ធ ត្រូវទទួលបុណ្យជ្រមុជដោយទឹក ដើម្បីបំពេញសេចក្ដីសុចរិតគ្រប់យ៉ាង ឱបើដូច្នោះ តើពួកយើងដែលជាជនមិនបរិសុទ្ធ ត្រូវទទួលបុណ្យជ្រមុជច្រើនជាងនេះយ៉ាងណាទៅ មែនហើយ គឺទទួលបុណ្យជ្រមុជដោយទឹក ! »
សព្វថ្ងៃនេះ ព្រះអង្គសង្គ្រោះយើងមានព្រះទ័យថា អ្វីដែលយើងធ្វើ និងបុគ្គលដែលយើងកំពុងប្រែក្លាយនឹងអញ្ជើញអ្នកដទៃឲ្យមកធ្វើតាមទ្រង់ ។ ចូរមករកសេចក្ដីស្រឡាញ់ ការព្យាបាល ទំនាក់ទំនង និងសេចក្ដីសញ្ញាដែលជារបស់ផងទ្រង់ រួមទាំងនៅក្នុងព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋរបស់ព្រះ ជាកន្លែងដែលពិធីបរិសុទ្ធដ៏ពិសិដ្ឋនៃសេចក្ដីសង្គ្រោះអាចផ្តល់ពរដល់សមាជិកគ្រួសារទាំងអស់ ទាំងការប្រមូលផ្ដុំអ៊ីស្រាអែល នៅទាំងសង្ខាងនៃវាំងនន ។
ទីបី ក្នុងនាមជា « អ្នកគង្វាលនៃអ៊ីស្រាអែល » ព្រះយេស៊ូវគ្រីស្ទធ្វើជាគំរូនៃពួកអ្នកគង្វាលនៅក្នុងអ៊ីស្រាអែលស្តីពីការផ្ដល់ការងារបម្រើដោយក្តីសេចក្ដីស្រឡាញ់ ។ នៅពេលព្រះអម្ចាស់របស់យើងសួរថា បើយើងស្រឡាញ់ទ្រង់ នៅពេលទ្រង់បានសួរដល់ស៊ីម៉ូន ពេត្រុស នោះព្រះអង្គសង្គ្រោះយើងបានទូលអង្វរថា ៖ « ចូរឲ្យចំណីដល់កូនចៀមខ្ញុំស៊ីផង ។… ចូរឲ្យចំណីដល់ហ្វូងចៀមខ្ញុំស៊ីផង ។… ចូរឲ្យចំណីដល់ហ្វូងចៀមខ្ញុំស៊ីផង » ។ ព្រះអម្ចាស់បានសន្យាថា នៅពេលអ្នកគង្វាលរបស់ទ្រង់ឲ្យចំណីចៀម និងកូនចៀមរបស់ទ្រង់ ចៀមដែលនៅក្នុងហ្វូងទ្រង់ « នឹងមិនភ័យ ឬស្រយុតចិត្តទៀតឡើយ ក៏មិនដែលបាត់បង់ណាមួយដែរ » ។
អ្នកគង្វាលល្អរបស់យើងព្រមានថា អ្នកគង្វាលនៅក្នុងអ៊ីស្រាអែល មិនត្រូវដេកលក់ទេ ទាំងមិនបំផ្លាញ ហើយកម្ចាត់កំចាយហ្វូងចៀមឲ្យវង្វេងឡើយ ទាំងមិនបែរទៅរកផ្លូវខ្លួនដើម្បីរកកម្រៃខ្លួនឡើយ ។ អ្នកគង្វាលរបស់ព្រះត្រូវបានពង្រឹង ព្យាបាល ចងភ្ជាប់អ្វីដែលបានបាក់ នាំអ្វីដែលបានបាត់ត្រឡប់មកវិញ ស្វែងរកចៀមដែលបានបាត់ ។
ព្រះអម្ចាស់ក៏ព្រមានផងដែរអំពីអ្នកស៊ីឈ្នួល ដែល « មិនយកចិត្តទុកដាក់នឹងចៀម » និង « ពួកគ្រូក្លែងក្លាយ ដែលគេមកឯអ្នករាល់គ្នា ដោយពាក់រោមចៀមបំប្លែងខ្លួន តែខាងក្នុងរបស់គេ ជាឆ្កែចចកដែលឆ្មក់ស៊ីវិញ » ។
អ្នកគង្វាលល្អរបស់យើងរីករាយនៅពេលយើងអនុវត្តសិទ្ធិសេរីភាពខាងសីលធម៌ផ្ទាល់ខ្លួនដោយចេតនា និងជំនឿ ។ អស់អ្នកដែលនៅក្នុងហ្វូងរបស់ទ្រង់មើលទៅព្រះអង្គសង្គ្រោះរបស់យើងដោយការដឹងគុណចំពោះពលិកម្មដ៏ធួនរបស់ទ្រង់ ។ យើងចុះសេចក្ដីសញ្ញាដើម្បីធ្វើតាមទ្រង់ ពុំរង់ចាំអំពើ ងងឹតងងល់ ឬ « អៀនប្រៀន » នោះទេ ប៉ុន្តែផ្ទុយទៅវិញ ដោយបំណងប្រាថ្នាអស់ពីដួងចិត្ត និងគំនិតរបស់យើង ដើម្បីស្រឡាញ់ព្រះ និងអ្នកជិតខាងយើង រែកបន្ទុកគ្នាទៅវិញទៅមក ហើយរីករាយនៅក្នុងអំណររបស់គា្នទៅវិញទៅមក ។ ដូចជាព្រះគ្រីស្ទបានថ្វាយព្រះឆន្ទៈដោយស្ម័គ្រព្រះទ័យចំពោះព្រះឆន្ទៈរបស់ព្រះវរបិតាដែរ ដូច្នេះយើងលើកដាក់មកលើខ្លួនយើងនូវព្រះនាមរបស់ទ្រង់ដោយគារវភាព ។ យើងខិតខំចូលរួមនឹងកិច្ចការនៃសេចក្ដីសង្គ្រោះ និងការងារបម្រើរបស់ទ្រង់ដោយរីករាយដល់បុត្រាបុត្រីគ្រប់រូបរបស់ព្រះ ។
បងប្អូនប្រុសស្រីទាំងឡាយ ព្រះយេស៊ូវគ្រីស្ទគឺជាអ្នកគង្វាលដ៏ឥតខ្ចោះរបស់យើង ។ ដោយសារទ្រង់បានដាក់ជីវិតរបស់ទ្រង់ដើម្បីយើង ហើយឥឡូវនេះបានមានព្រះជន្មរស់ឡើងវិញដ៏រុងរឿង នោះព្រះយេស៊ូវគ្រីស្ទគឺជាចៀមរបស់ព្រះដ៏ល្អឥតខ្ចោះផងដែរ ។
កូនចៀមរបស់ព្រះដែលបានពលិកម្ម គឺជាតំណាងតាំងពីការចាប់ផ្ដើមមកម៉្លេះ ។ ទេវតាបានប្រាប់អ័ប្រាហាំអំពីពលិកម្មរបស់ទ្រង់ « គឺជានិមិត្តរូបអំពីការបូជានៃព្រះរាជបុត្រាបង្កើតតែមួយនៃព្រះវរបិតា » ដែលអញ្ជើញយើងឲ្យ « ប្រែចិត្ត ហើយអំពាវនាវដល់ព្រះដោយនូវព្រះនាមនៃព្រះរាជបុត្រាជារៀងដរាបរហូតតទៅ » ។
លោកអ័ប្រាហាំដែលបានបង្កើតពរជ័យនៃសេចក្ដីសញ្ញាសម្រាប់មនុស្សគ្រប់ជាតិសាសន៍លើផែនដី បានទទួលបទពិសោធន៍អំពីអត្ថន័យនៃការប្រគល់ព្រះរាជបុត្រាសំណព្វតែមួយ ។
« គាត់ក៏ចូលទៅឯឪពុក ជម្រាបថា លោកឪពុកអើយ ឪពុកឆ្លើយថា អីកូន ។ រួចវានិយាយថា នេះមានភ្លើង និងឱសហើយ តែកូនចៀម…តើនៅឯណា ?
« អ័ប្រាហាំឆ្លើយថា កូនអើយ កូនចៀមដែលសម្រាប់ជាដង្វាយដុត នោះព្រះទ្រង់នឹងផ្គត់ផ្គង់ឲ្យ » ។
ពួកសាវក និងពួកព្យាការី បានមើលឃើញ ហើយបានរីករាយចំពោះបេសកកម្មដែលបានតែងតាំងពីមុនកំណើតរបស់កូនចៀមនៃព្រះ ។ យ៉ូហាននៅក្នុងពិភពចាស់ និងនីហ្វៃនៅក្នុងពិភពថ្មី បានថ្លែងទីបន្ទាល់អំពី « កូនចៀមនៃព្រះ » គឺជាព្រះរាជបុត្រានៃព្រះវរបិតាដ៏នៅអស់កល្បជានិច្ច…ព្រះដ៏ប្រោសលោះនៃពិភពលោក » ។
អ័ប៊ីណាដៃបានថ្លែងទីបន្ទាល់អំពីពលិកម្មធួនរបស់ព្រះយេស៊ូវគ្រីស្ទថា ៖ « យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះយេហូវ៉ាបានទម្លាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់ » ។ អាលម៉ាបានហៅពលិកម្មដ៏មហិមា និងចុងក្រោយបង្អស់របស់ព្រះរាជបុត្រានៃព្រះថា « រឿងមួយដែលសំខាន់ជាងរឿងទាំងអស់ » ។ អាលម៉ាបានលើកទឹកចិត្តថា « មានសេចក្ដីជំនឿជឿដល់កូនចៀមនៃព្រះ » « ចូរមកចុះ ហើយចូរកុំខ្លាចអី » ។
មិត្តជាទីស្រឡាញ់ម្នាក់បានចែកចាយអំពីរបៀបដែលនាងបានទទួលទីបន្ទាល់ដ៏មានតម្លៃរបស់នាងអំពីដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ នាងបានធំដឹងក្ដីឡើងដោយជឿថា អំពើបាបតែងនាំមកនូវការដាក់ទោសដ៏ធំ ។ នាងបានទូលអង្វរដល់ព្រះដើម្បីយល់អំពីលទ្ធភាពនៃការអភ័យទោសដ៏ទេវភាព ។ នាងបានអធិស្ឋានដើម្បីយល់ និងស្គាល់របៀបដែលព្រះយេស៊ូវគ្រីស្ទអាចអភ័យទោសដល់អ្នកទាំងឡាយដែលប្រែចិត្ត ថាតើសេចក្ដីមេត្តាករុណាអាចធ្វើឲ្យស្កប់ស្កល់ដល់សេចក្ដីយុត្តិធម៌ដោយរបៀបណា ។
នៅថ្ងៃមួយ ការអធិស្ឋានរបស់នាងបានឆ្លើយតបនៅក្នុងបទពិសោធន៍ផ្លាស់ប្ដូរខាងវិញ្ញាណ ។ យុវជនអស់សង្ឃឹមម្នាក់បានរត់មកពីហាងទំនិញមួយដោយមានយូរអាហារពីរថង់ដែលគាត់បានលួចគេ ។ គាត់បានរត់កាត់ផ្លូវដែលមានចរាចរណ៍ខ្វាត់ខ្វែង ព្រោះអ្នកគ្រប់គ្រងហាងទំនិញនោះរត់ដេញតាម ហើយក៏ចាប់បានគាត់ រួចក៏មានការស្រែក និងការវាយតប់ ។ ជំនួសឲ្យការវិនិច្ឆ័យដល់យុវជនដែលភ័យខ្លាចនោះថាជាចោរ មិត្តខ្ញុំបានពេញដោយក្ដីមេត្តាករុណាដ៏លើសលុបដល់យុវជននោះដោយពុំរំពឹងទុក ។ ដោយគ្មានការភ័យខ្លាច ឬកង្វល់ចំពោះសុវត្ថិភាពរបស់នាងផ្ទាល់ នោះនាងបានដើរសំដៅទៅរកបុរសពីរនាក់ដែលកំពុងឈ្លោះប្រកែកគ្នានោះ ។ នាងបានឃើញថា នាងបានប្រាប់ទៅបុរសពីរនាក់នោះថា « ខ្ញុំនឹងបង់ថ្លៃអាហារនោះ ។ សូមដោះលែងគាត់ទៅ ។ សូមឲ្យខ្ញុំបង់ថ្លៃអាហារជំនួសគាត់ » ។
ដោយបានបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ និងសេចក្ដីស្រឡាញ់ដែលគាត់ពុំធ្លាប់ទទួលអារម្មណ៍ពីមុនមក មិត្តខ្ញុំបាននិយាយថា « អ្វីៗទាំងអស់ដែលខ្ញុំចង់ធ្វើគឺជួយសង្គ្រោះយុវជននោះ » ។ មិត្តរបស់ខ្ញុំបានថ្លែងថា នាងបានចាប់ផ្ដើមយល់អំពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់— របៀប និងមូលហេតុដែលក្ដីស្រឡាញ់ដ៏បរិសុទ្ធ និងឥតខ្ចោះ ដែលព្រះយេស៊ូវគ្រីស្ទព្រមស្ម័គ្រព្រះទ័យពលិកម្មធ្វើជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះ និងមូលហេតុដែលនាងចង់ឲ្យទ្រង់ធ្វើជាអង្គសង្គ្រោះរបស់នាង ។
វាពុំគួរភ្ញាក់ផ្អើលទេ ដែលយើងច្រៀងថា ៖
ក្នុងនាមជាកូនចៀមនៃព្រះ ព្រះអង្គសង្គ្រោះយើងដឹងនៅពេលណាយើងមានអារម្មណ៍ឯកោ អាប់អួរ មិនជឿជាក់ ឬភ័យខ្លាច ។ នៅក្នុងការនិមិត្ត នីហ្វៃបានមើលឃើញព្រះចេស្ដានៃកូនចៀមនៃព្រះ « [ យាងមកលើ ] ពួកបរិសុទ្ធក្នុងព្រះវិហារនៃកូនចៀម និងមកលើរាស្ត្រនៃសេចក្ដីសញ្ញារបស់ព្រះ » ។ ទោះបី « ត្រូវខ្ចាត់ខ្ចាយពាសពេញនៅលើផ្ទៃផែនដី…ពួកគេប្រដាប់អាវុធដោយសេចក្ដីសុចរិត និងដោយព្រះចេស្ដានៃព្រះដោយសិរីល្អដ៏អស្ចារ្យ » ។
ការសន្យានៃក្ដីសង្ឃឹម និងលួងលោមចិត្តនេះ មាននៅក្នុងជំនាន់របស់យើង ។
តើអ្នកគឺជាសមាជិកតែម្នាក់គត់ក្នុងសាសនាចក្រក្នុងគ្រួសារអ្នក សាលារៀន កន្លែងធ្វើការ ឬសហគមន៍របស់អ្នកឬ ? តើសាខារបស់អ្នក ពេលខ្លះមានអារម្មណ៍ថា តូច ឬនៅដាច់ស្រយាលឬទេ ? តើអ្នកធ្លាប់ផ្លាស់ទៅកន្លែងថ្មី ប្រហែលជាមានភាសាខុសគ្នា ឬទំនៀមទម្លាប់ខុសគ្នាឬទេ ? ប្រហែលជាស្ថានភាពជីវិតរបស់អ្នកបានផ្លាស់ប្ដូរ ហើយរឿងដែលអ្នកពុំធ្លាប់គិតឃើញថា កើតឡើងឥឡូវនេះបែរជាមកចំពោះមុខអ្នកវិញនោះ ? ព្រះអង្គសង្គ្រោះរបស់យើងអះអាងនឹងយើងមិនថា ស្ថានភាពយើងជាយ៉ាងណា យើងជានរណាទេ នៅក្នុងពាក្យសម្ដីរបស់អេសាយថា « ទ្រង់នឹងឃ្វាលហ្វូងរបស់ទ្រង់ ដូចជាអ្នកគង្វាលទ្រង់នឹងប្រមូលអស់ទាំងកូនចៀមមកបីនៅព្រះពាហុ ហើយលើកផ្ទាប់នៅព្រះឧរាក៏នឹងនាំពួកមេៗ ដែលមានកូនខ្ចីទៅដោយថ្នម » ។
បងប្អូនប្រុសស្រីទាំងឡាយ អ្នកគង្វាលល្អរបស់យើងហៅយើងដោយសំឡេងរបស់ទ្រង់ និងព្រះនាមរបស់ទ្រង់ ។ ទ្រង់ស្វែងរក ប្រមូលផ្ដុំ ហើយមករករាស្ត្ររបស់ទ្រង់ ។ តាមរយៈព្យាការីនៅរស់របស់ទ្រង់ និងយើងម្នាក់ៗ ទ្រង់អញ្ជើញយើងទាំងអស់គ្នាឲ្យស្វែងរកភាពសុខសាន្ដ គោលបំណង ការព្យាបាល និងអំណរនៅក្នុងភាពពេញលេញនៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ ហើយស្ថិតនៅលើផ្លូវនៃសេចក្ដីសញ្ញារបស់ទ្រង់ ។ តាមរយៈគំរូ ទ្រង់បង្រៀនដល់អ្នកគង្វាលនៃអ៊ីស្រាអែលឲ្យផ្តល់ការងារបម្រើដោយសេចក្ដីស្រឡាញ់របស់ទ្រង់ ។
ក្នុងនាមជាកូនចៀមនៃព្រះ បេសកកម្មដ៏ទេវភាពរបស់ព្រះយេស៊ូវត្រូវបានតែងតាំង និងអរសប្បាយដោយពួកសាវក និងពួកព្យាការី ។ ដង្វាយធួនរបស់ទ្រង់គឺនិរន្ដរ៍ និងអស់កល្បជានិច្ច គឺជាចំណុចសំខាន់ក្នុងផែនការនៃសុភមង្គល និងគោលបំណងនៃការបង្កបង្កើត ។ ទ្រង់អះអាងនឹងយើងថា ទ្រង់បីយើងផ្អឹបទៅនឹងដើមទ្រូង ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ សូមឲ្យយើងប្រាថ្នាធ្វើជា « ពួកជនបន្ទាបខ្លួនដើរតាមព្រះ » ប្រហែលជាថ្ងៃណាមួយ យើងមាននាមយើងឆ្លាក់នៅលើសៀវភៅជីវិតរបស់កូនចៀម ដើម្បីច្រៀងចម្រៀងនៃកូនចៀម ដើម្បីត្រូវបានអញ្ជើញឲ្យទៅទទួលទានអាហារលៀងរបស់កូនចៀម ។
ក្នុងនាមជាអ្នកគង្វាល និងកូនចៀម ទ្រង់ហៅថា ៖ ចូរមក « កាន់ចំណេះដឹងពិត…អំពីព្រះប្រោសលោះ [ របស់អ្នក ] …ជាអ្នកគង្វាលដ៏ពិត និងមហិមា [ របស់អ្នក ] ។ ទ្រង់បានសន្យាថា « ដោយសារព្រះគុណនៃទ្រង់ [ យើង ] អាច [ ប្រែក្លាយជា ] ល្អឥតខ្ចោះនៅក្នុងព្រះគ្រីស្ទ » ។
នៅរដូវបុណ្យអ៊ីស្ទើរនេះ យើងសរសើរតម្កើងទ្រង់ ៖
ហូសាណា ហូសាណាដល់ព្រះ និងកូនចៀម ! »
ខ្ញុំសូមថ្លែងទីបន្ទាល់អំពីទ្រង់ អំពីអ្នកគង្វាលដ៏ល្អឥតខ្ចោះរបស់យើង គឺជាកូនចៀមនៃព្រះដ៏ល្អឥតខ្ចោះ ។ ទ្រង់ហៅយើងតាមឈ្មោះរបស់យើងនៅក្នុងព្រះនាមទ្រង់—គឺព្រះនាមនៃព្រះយេស៊ូវគ្រីស្ទដ៏ពិសិដ្ឋ និងបរិសុទ្ធ—អាម៉ែន ។