នុ៎ះន៍ កូនចៀមនៃព្រះ
កម្មវិធីថ្ងៃអាទិត្យដែលបានផ្លាស់ប្ដូររបស់យើង គឺគូសបញ្ជាក់ថាសាក្រាម៉ង់នៃយប់ចុងក្រោយរបស់ព្រះអម្ចាស់ពិសិដ្ឋ ទទួលស្គាល់ចំណុចប្រសព្វនៃបទពិសោធន៍ថ្វាយបង្គំប្រចាំសប្ដាហ៍របស់យើង ។
ខ្ញុំមិនអីទេ រហូតដល់ខ្ញុំបានឃើញទឹកភ្នែកនៅក្នុងកែវភ្នែកនៃយុវជនក្នុងក្រុមចម្រៀងនេះ ។ ទឹកភ្នែកទាំងនោះគឺជាទេសនកថាដ៏មានវោហារកោសល្យជាងដែលខ្ញុំអាចផ្ដល់ឲ្យទៅទៀត ។
ដោយក្រឡេកមើលពីច្រាំងទន្លេ រំលងហ្វូងមនុស្សដែលអន្ទះសារចង់ទទួលបុណ្យជ្រមុជទឹកដោយដៃលោក នោះ យ៉ូហាន ដែលហៅថា បាទីស្ទ បានឃើញព្រះយេស៊ូវពីស្រុកណាសារ៉ែតដែលត្រូវជាប្អូនជីដូនមួយលោកពីចម្ងាយ យាងមករកលោកទាំងតាំងព្រះទ័យជាស្រេចហើយថា ឲ្យលោកធ្វើពិធីបរិសុទ្ធដូចគ្នានោះថ្វាយទ្រង់ ។ យ៉ូហានបានលាន់មាត់កោតសរសើរតិចៗ តែឮល្មមដែលអ្នកនៅក្បែរនោះអាចស្តាប់បាន ដែលវានៅតែរំជួលចិត្តយើងអស់រយៈពេលពីរពាន់ឆ្នាំក្រោយមកនេះ ដោយថ្លែងថា « នុ៎ះន៍ កូនចៀមនៃព្រះ » ។
វាជាការណែនាំថា ការព្យាករដ៏យូរអង្វែងនេះតាំងពីព្យាការីមុនៗរហូតដល់ព្រះយេស៊ូវ នោះទ្រង់ពុំត្រូវបានហៅថា « ព្រះយេហូវ៉ា » ឬ « ព្រះអង្គសង្គ្រោះ »ឬ « ព្រះប្រោសលោះ » ឡើយ ឬសូម្បីតែ « ព្រះរាជបុត្រានៃព្រះ »—ព្រះនាមទាំងនេះសុទ្ធតែអាចហៅបាន ។ ផ្ទុយទៅវិញ យ៉ូហានបានស្គាល់ព្រះនាមនេះតាំងពីដំបូងបំផុត ហើយប្រហែលជាបានស្គាល់ជារួមនៅក្នុងប្រពៃណីសាសនារបស់ប្រជាជនលោកផងដែរ ។ លោកបានប្រើនិមិត្តូរបនៃការបូជាកូនចៀម ដែលបានថ្វាយជាដង្វាយធួនចំពោះអំពើបាប និងទុក្ខសោកនៃពិភពលោកដ៏ធ្លាក់នេះ និងមនុស្សទាំងអស់ដែលធ្លាក់ ដែលរស់នៅលើពិភពលោកនេះ ។
សូមឲ្យខ្ញុំរំឭកប្រវត្តិសាស្ត្រនោះតែបន្ដិចទេ ។
បន្ទាប់ពីត្រូវបានបណ្តេញចេញពីសួនច្បារអេដែនមក អ័ដាម និងអេវ៉ា បានប្រឈមមុខនឹងអនាគតដ៏រន្ធត់ ។ ដោយបានបើកទ្វារនាំយើងឆ្ពោះទៅកាន់ជីវិតរមែងស្លាប់ និងជីវិតខាងសាច់ឈាម នោះពួកគេបានបិទទ្វារដែលនាំឲ្យមានជីវិតអមតៈ និងជីវិតអស់កល្បជានិច្ចសម្រាប់ខ្លួនពួកគេផ្ទាល់ ។ ដោយសារតែពួកគេបានជ្រើសរើសធ្វើការរំលងទាំងស្ម័គ្រចិត្តជំនួសយើង ឥឡូវនេះពួកគេបានប្រឈមមុខនឹងសេចក្តីស្លាប់ខាងរូបកាយ និងការបំបរបង់ខាងវិញ្ញាណ ដែលជាការបែកចេញពីវត្តមានរបស់ព្រះជារៀងរហូត ។ តើពួកគេបានធ្វើអ្វីទៅ ? តើមានរបៀបមួយដើម្បីចេញពីស្ថានភាពនេះទេ ? យើងពុំដឹងប្រាកដថាអ្នកទាំងពីរនេះបានអនុញ្ញាតឲ្យចាំការណែនាំ ដែលពួកគេបានទទួលខណៈនៅក្នុងសួនច្បារអេដែនបានប៉ុណ្ណានោះទេ ប៉ុន្តែពួកគេបានចាំថាពួកគេត្រូវថ្វាយដង្វាយដុតជាទៀងទាត់ចំពោះព្រះនូវកូនចៀមបរិសុទ្ធ ឥតខ្ចោះ ជាកូនដំបូងនៅក្នុងក្រោលពួកគេ ។
ក្រោយមក មានទេវតាមួយអង្គបានលេចចេញមកពន្យល់ថា ដង្វាយដុតនេះ គឺជាប្រភេទដង្វាយដែលចារទុកជាមុនថានឹងត្រូវធ្វើឡើងដើម្បីពួកគេ ដោយព្រះអង្គសង្គ្រោះនៃពិភពលោកក្នុងពេលខាងមុខ ។ ទេវតាបានថ្លែងថា « ការណ៍នេះ គឺជានិមិត្តរូបអំពីការបូជានៃព្រះរាជបុត្រាបង្កើតតែមួយនៃព្រះវរបិតា » ។ « ហេតុដូច្នោះហើយ…អ្នកត្រូវប្រែចិត្ត ហើយអំពាវនាវដល់ព្រះដោយនូវព្រះនាមនៃព្រះរាជបុត្រាជារៀងដរាបរហូតតទៅ » ។ សំណាងល្អ នោះនឹងមានផ្លូវចេញ ហើយឡើងទៅលើវិញ ។
នៅក្នុងក្រុមប្រឹក្សាសួគ៌ក្នុងជីវិតមុនជីវិតរមែងស្លាប់ ព្រះបានសន្យានឹងអ័ដាម និងអេវ៉ា ( និងពួកយើងទាំងអស់គ្នា ) ថានឹងមានជំនួយមកពីព្រះរាជបុត្រាច្បងបរិសុទ្ធឥតខ្ចោះរបស់យើង ជាកូនចៀមនៃព្រះ « ត្រូវគេសំឡាប់តាំងពីកំណើតលោកីយមក » ដូចដែលសាវកយ៉ូហានបានពិពណ៌នាអំពីទ្រង់នាពេលក្រោយមកទៀតនោះ ។ តាមរយៈការបូជាកូនចៀមជានិមិត្តរូបរបស់ពួកគេនៅក្នុងជីវិតរមែងស្លាប់ អ័ដាម និងកូនចៅរបស់គាត់ បានបង្ហាញពីការយល់ដឹងរបស់ពួកគេ និងការពឹងផ្អែករបស់ពួកគេទៅលើការពលិកម្មធួនរបស់ព្រះយេស៊ូវ ដែលជាអង្គត្រូវបានចាត់តាំង ។ ក្រោយមក រោងឧបោសថនៅទីរហោស្ថានបានក្លាយជាមជ្ឈមណ្ឌលសម្រាប់ពិធីបរិសុទ្ធនេះ ហើយបន្ទាប់មកគឺព្រះវិហារបរិសុទ្ធដែលស្ដេចសាឡូម៉ូនបានសាងសង់ ។
ជាអកុសល ច្បាប់នៃការបូជាកូនចៀមឥតខ្ចោះនេះពុំដំណើរការល្អក្នុងព្រះគម្ពីរសញ្ញាចាស់ ថាវាជានិមិត្តរូបនៃការប្រែចិត្តដ៏ស្មោះត្រង់ និងជីវិតដែលពោរពេញដោយសេចក្តីជំនឿទេ ។ ជួនកាល ការតាំងចិត្តខាងសីលធម៌ដែលគួរតែមានមកជាមួយការបូជាយញ្ញទាំងនោះ ពុំនៅយូរល្មមនឹងឲ្យឈាមស្ងួតលើថ្មទាំងនោះផង ។ នៅក្នុងករណីផ្សេងៗ វាពុំយូរល្មមដើម្បីរារាំងកាអ៊ីនកុំឲ្យសម្លាប់ប្អូនប្រុសអេបិល ខ្លួននៅជំនាន់ដំបូងគេនោះដែរ ។
ជាមួយនឹងការសាកល្បង និងបញ្ហាទាំងនេះបន្តកើតមានអស់ពេលជាច្រើនទសវត្សរ៍ វាមិនចម្លែកឡើយដែលពួកទេវតានៃស្ថានសួគ៌បានច្រៀងដោយអំណរ ពេលព្រះយេស៊ូវបានប្រសូត—ដែលទ្រង់ផ្ទាល់គឺជាព្រះមែស៊ីដែលបានសន្យាតាំងពីយូរយារមកហើយនោះ ។ បន្ទាប់ពីការងារបម្រើដ៏ខ្លីក្នុងជីវិតរមែងស្លាប់របស់ទ្រង់ នោះចៀមសម្រាប់បុណ្យរំលងដ៏បរិសុទ្ធបំផុតអង្គនេះ បានរៀបចំពួកសិស្សទ្រង់សម្រាប់ការសុគតរបស់ទ្រង់ ដោយណែនាំពិធីសាក្រាម៉ង់នៅអាហារពេលយប់របស់ព្រះអម្ចាស់ ជាពិធីបរិសុទ្ធក្នុងទម្រង់មួយកាន់តែផ្ទាល់ខ្លួន ដែលត្រូវបានណែនាំនៅខាងក្រៅសួនច្បារអេដែន ។ វានៅតែជាដង្វាយមួយ វានៅតែទាក់ទងនឹងការបូជាមួយ ប៉ុន្តែវាជានិមិត្តរូបកាន់តែស៊ីជម្រៅ កាន់តែត្រូវត្រិះរិះពិចារណា និងកាន់តែផ្ទាល់ខ្លួនជាងការសម្លាប់កូនចៀមដំបូងទៅទៀត ។ បន្ទាប់ពីការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ព្រះអង្គសង្រ្គោះបានមានបន្ទូលទៅកាន់ពួកសាសន៍នីហ្វៃដូចនេះថា ៖
« អ្នករាល់គ្នាមិនត្រូវថ្វាយដល់យើងនូវការខ្ចាយឈាមទៀតទេ ។…
…អ្នករាល់គ្នាត្រូវថ្វាយដល់យើងនូវចិត្តសង្រេង និងវិញ្ញាណទន់ទាបវិញ ។ ហើយអស់អ្នកណាដែលមករកយើង ដោយមានចិត្តសង្រេង និងវិញ្ញាណទន់ទាប អ្នកនោះហើយដែលយើងនឹងធ្វើបុណ្យជ្រមុជដោយភ្លើង និងដោយព្រះវិញ្ញាណបរិសុទ្ធ ។…
« …ចូរប្រែចិត្ត…ហើយចូរបានសង្គ្រោះចុះ » ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ ជាមួយនឹងការសង្កត់ធ្ងន់ដ៏រីករាយថ្មី ស្តីពីការបង្កើនការរៀនសូត្រដំណឹងល្អនៅផ្ទះ វាពិតជាសំខាន់សម្រាប់យើងឲ្យចាំថា យើងនៅតែត្រូវបានត្រាស់បង្គាប់ឲ្យ « ទៅដំណាក់នៃការអធិស្ឋាន ហើយថ្វាយសាក្រាម៉ង់របស់អ្នកឡើងនៅថ្ងៃបរិសុទ្ធរបស់យើងចុះ » ។ ក្រៅពីការបង្កើតពេលដើម្បីបង្រៀនដំណឹងល្អនៅផ្ទះ នោះការកែសម្រួលការបម្រើរបស់យើងនៅថ្ងៃអាទិត្យ ក៏ដើម្បីកាត់បន្ថយភាពស៊ាំញ៉ាំនៃកាលវិភាគប្រជុំ តាមរបៀបមួយដែលគូសបញ្ជាក់យ៉ាងត្រឹមត្រូវថាពិធីសាក្រាម៉ង់នៃអាហារពេលយប់របស់ព្រះអម្ចាស់ពិសិដ្ឋ ជាការទទួលស្គាល់ផ្តោតទៅលើបទពិសោធន៍ការថ្វាយបង្គំប្រចាំសប្តាហ៍របស់យើង ។ យើងត្រូវចងចាំក្នុងរបៀបផ្ទាល់ខ្លួនមួយតាមដែលអាចធ្វើទៅបានថា ព្រះគ្រីស្ទបានសុគតដោយដួងចិត្តខ្ទេចខ្ទាំ ដោយការរែកអំពើបាប និងភាពសោកសៅទាំងអស់របស់គ្រួសារមនុស្សលោកទាំងមូលតែអង្គឯង ។
ក្នុងគ្រាដូច្នោះវាតម្រូវឲ្យមានការគោរពរបស់យើង ជាការតបស្នងចំពោះបន្ទុកដែលចៀសមិនរួចនោះ ។ យើងសូមលើកទឹកចិត្តបងប្អូនឲ្យមកមុនម៉ោង មានគាវរភាព ស្លៀកពាក់ឲ្យបានសមរម្យដើម្បីចូលរួមក្នុងពិធិបរិសុទ្ធដ៏ពិសិដ្ឋនេះ ។ « ថ្ងៃអាទិត្យដែលយើងស្លៀកពាក់ស្អាតបាត » នោះបានបាត់បង់បន្តិចម្ដងៗនៅក្នុងជំនាន់យើងនេះ ហើយដើម្បីបង្ហាញការគោរពចំពោះទ្រង់ ជាអង្គដែលយើងមកថ្វាយបង្គំ នោះយើងគួរតែងាកត្រឡប់ទៅរកប្រពៃណីនៃការតុបតែងកាយ និងការស្លៀកពាក់ឲ្យសមរម្យ តាមដែលយើងអាចធ្វើបាននៅគ្រប់ពេល និងគ្រប់ទីកន្លែង ។
ចំពោះការមកទាន់ម៉ោង នោះយើងក៏គួរតែអភ័យទោស និងយល់ដល់ម្តាយដ៏មានពរទាំងនោះដែលមានកូនច្រើន ដែលយកចំណីមកព្រះវិហារ ហើយស្ពាយកាបូបឥវ៉ាន់កូនសំពីងសំពោង ទាំងខិតខំមកព្រះវិហារទោះជាវាយឺតក្តី ។ លើសពីនេះទៀត នឹងមានអ្នកខ្លះដែលមានកិច្ចការបន្ទាន់ដែលចៀសមិនរួច ហើយមកយឺតនៅព្រឹកថ្ងៃឈប់សម្រាក ។ ទោះជាយ៉ាងណាក៏ដោយ ចំពោះក្រុមដែលមកយឺតនេះ យើងសូមនិយាយថា ការយឺតយ៉ាវ ម្តងម្កាល គឺជារឿងអាចយល់បាន ប៉ុន្តែប្រសិនបើ មានកិច្ចការបន្ទាន់ដែលធ្វើឲ្យមានការយឺតយ៉ាវ រៀងរាល់ ថ្ងៃអាទិត្យ នោះយើងសូមផ្តល់យោបល់យ៉ាងពេញទំហឹងថា សូមអ្នកកែខ្លួន ឬលះបង់ទម្លាប់យឺតយ៉ាវនោះចោលទៅ ។
ដូចគ្នានេះដែរ យើងក្នុងនាមជាសាវកសូមអង្វរឲ្យកាត់បន្ថយសំឡេងមាត់អ៊ឺងកង នៅក្នុងកន្លែងពិសិដ្ឋនៃអគាររបស់យើង ។ យើងចូលចិត្តសួរសុខទុក្ខគ្នា ហើយយើងគួរធ្វើបែបនោះ—វាជាអំណរមួយនៃការមកព្រះវិហារ—ប៉ុន្តែយើង មិន គួរមាត់ឡូឡានៅទីកន្លែងដែលបានឧទ្ទិសជាពិសេសសម្រាប់ថ្វាយបង្គំឡើយ ។ ខ្ញុំបារម្ភថា ជួនកាលភ្ញៀវដែលមិនមែនជាសមាជិកយើងភ្ញាក់ផ្អើល ដោយសារការនិយាយអ៊ឺងកងគ្មានគារវភាពដែលធ្វើឲ្យស្រកៀរត្រចៀក ក្នុងកន្លែងមួយដែលគួរតែប្រកបដោយការអធិសា្ឋន ទីបន្ទាល់ វិវរណៈ និងភាពសុខសាន្តនោះ ។ ប្រហែលជាព្រះក៏អាក់អន់ព្រះទ័យបន្តិចផងដែរ ។
ប្រសិនបើអ្នកមានមុខតំណែងជាអធិបតីអង្គុយនៅលើវេទិកាបានយ៉ាងល្អពីមុនការប្រជុំចាប់ផ្តើម ស្តាប់តន្ត្រីកំដរមុនកម្មវិធី ហើយធ្វើជាគំរូនៃគារវភាពដែលយើងគួរតែធ្វើតាម នោះវានឹងបន្ថែមស្មារតីនៃគារវភាពទៅលើការប្រជុំសាក្រាម៉ង់របស់យើង ។ បើមានការនិយាយគ្នានៅលើវេទិកា យើងមិនគួរភ្ញាក់ផ្អើលទេ ពេលដែលមានការនិយាយគ្នានៅក្នុងសាលាប្រជុំនោះ ។ យើងសូមសរសើរដល់គណៈប៊ីស្សពទាំងឡាយដែលបានដកចេញនូវការប្រកាសនានា ដែលទាញអារម្មណ៍យើងចេញឆ្ងាយពីការថ្វាយបង្គំ ។ ដ្បិតខ្ញុំមិនគិតស្រមៃថា សង្ឃម្នាក់ ដូចជា សាការីនៅក្នុងព្រះវិហារបរិសុទ្ធរបស់ព្រះអម្ចាស់សម័យបុរាណ—ដែលហៀបនឹងចូលរួមក្នុងឯកសិទ្ធិសម្រាប់តែសង្ឃក្នុងមួយជីវិតរបស់គាត់— ផ្អាកធ្វើពិធីនៅមុខអាសនា រួចបែរជាមករំឭកយើងថា ព្រឹត្តិការណ៍ប្រណាំងឡាននៅសល់តែប្រាំមួយសប្តាហ៍ទៀត ដែលត្រូវចុះឈ្មោះជាប្រញាប់នោះទេ ។
បងប្អូនប្រុសស្រី ម៉ោងដែលព្រះអម្ចាស់បានតែងតាំងឡើងនោះគឺជាម៉ោងដ៏ពិសិដ្ឋបំផុតនៅក្នុងសប្តាហ៍របស់យើង ។ តាមរយៈបទបញ្ញត្តិ យើងជួបជុំគ្នាដើម្បីទទួលពិធីបរិសុទ្ធជាសាកលនេះនៅព្រះវិហារ ។ វាជាការនឹកចាំដល់ទ្រង់ ជាអង្គដែលបានសុំឲ្យពែងនោះរំលងចេញពីទ្រង់ តែទ្រង់ត្រូវតែបន្តសោយពែងនោះ ដោយសារទ្រង់បានជ្រាបដឹងថា ដោយព្រោះ យើងពែងនោះ ពុំអាចរំលងបានឡើយ ។ វានឹងជួយយើង ប្រសិនបើយើងចាំថា និមិត្តរូបនៃពែងនៅក្នុងដៃនៃឌីកុនអាយុ ១១ ឬ ១២ ឆ្នាំនោះកំពុងបោះជំហានមករកយើងដោយសន្សឹមៗនោះ ។
ពេលម៉ោងដ៏ពិសិដ្ឋមកដល់ ដើម្បីបង្ហាញអំណោយបូជារបស់យើងចំពោះព្រះអម្ចាស់ នោះយើងមានអំពើបាប និងកម្សោយផ្ទាល់ខ្លួន និងបញ្ហានានាដែលត្រូវដោះស្រាយ នោះជាហេតុដែលយើងនៅទីនោះ ។ ប៉ុន្តែយើងអាចកាន់តែមានជោគជ័យលើវិប្បដិសារីទាំងនោះ បើយើងគិតគូរដល់មនុស្សដទៃដែលខូចចិត្ត និងមានទុក្ខដែលនៅជុំវិញយើង ។ អ្នកដែលអង្គុយនៅមិនឆ្ងាយប៉ុន្មាន គឺជាមនុស្សមួយចំនួនដែលអាចនឹងទួញយំ— ទាំងខាងក្នុង ឬខាងក្រៅខ្លួន— នៅក្នុងទំនុកតម្កើងសាក្រាម៉ង់ទាំងមូល និងការអធិស្ឋានរបស់ពួកសង្ឃទាំងនោះ ។ តើយើងអាចកត់សម្គាល់ដោយស្ងៀមស្ងាត់ ហើយផ្ដល់ការលួងលោមបន្ដិចបន្ដួច និងផ្ដល់ពែងនៃក្ដីមេត្តាដ៏តូចរបស់យើង— ដែលយើងបានឧទ្ទិសដល់ពួកគេឬទេ? ឬផ្ដល់ដល់សមាជិកដែលកំពុងទួញយំ មានបញ្ហាលំបាក ដែល ពុំ មកព្រះវិហារសប្ដាហ៍នេះ និងសប្ដាហ៍ក្រោយ ដែលត្រូវការការងារបម្រើរបស់យើងឬទេ ? ឬបងប្អូនប្រុសស្រីដែលពុំមែនជាសមាជិករបស់សាសនាចក្រ ប៉ុន្តែ គឺជា បងប្អូនប្រុសស្រីរបស់យើងឬទេ ? មានការរងទុក្ខជាច្រើននៅក្នុងពិភពលោកនេះ ទាំងក្នុងសាសនាចក្រ និងក្រៅសាសនាចក្រ ដូច្នេះចូរសម្លឹងមើលជុំវិញខ្លួន ហើយអ្នកនឹងឃើញបុគ្គលដែលមានក្តីឈឺចាប់ ដែលហាក់ដូចជាធ្ងន់ធ្ងរពេកពុំអាចទ្រាំបាន និងអ្នកឈឺចិត្ត ដែលហាក់ដូចជាគ្មានការធូរស្បើយសោះ ។ របៀបមួយដើម្បី « ចងចាំទ្រង់ជានិច្ច »គឺការចូលរួមជាមួយគ្រូពេទ្យដ៏អស្ចារ្យនៅក្នុងកិច្ចការគ្មានទីបញ្ចប់របស់ទ្រង់ ក្នុងការលើកបន្ទុកពីអ្នកដែលមានបន្ទុក ហើយសម្រាលការឈឺចាប់នៃអ្នកដែលមានបញ្ហា ។
ឱ មិត្តជាទីស្រឡាញ់អើយ កាលយើងរួមគ្នានៅទូទាំងពិភពលោករៀងរាល់សប្តាហ៍ ក្នុងក្តីសង្ឃឹមមួយដែលយើងនឹងកាន់តែទទួលស្គាល់អំណោយពលិកម្មដ៏ធួននៃព្រះគ្រីស្ទដល់មនុស្សលោកទាំងអស់ សូមឲ្យយើង មកកាន់ អាសនាសាក្រាម៉ង់ដោយ « កាន់តែយំព្រោះទុក្ខទ្រង់ [ និង ] កាន់តែអាសូរទ្រង់ » ។ ហើយបន្ទាប់មកពេលយើងសញ្ជឹងគិត អធិស្ឋាន និងរំឭកសេចក្តីសញ្ញា សូមយើងទទួលបាន ពី គ្រាដ៏ពិសិដ្ឋនេះដើម្បីឲ្យ « កាន់តែចេះមានអំណត់…កាន់តែបានធូរស្បើយ » ។ ខ្ញុំអធិស្ឋានទូលសូមក្តីអំណត់ និងការធូរស្បើយ ភាពវិសុទ្ធ និងក្តីសង្ឃឹមនេះ សម្រាប់យើងទាំងអស់គ្នានៅក្នុងព្រះនាមទ្រង់ដែលបានហែកនំបុ័ងនៃការអភ័យទោសដ៏មានតម្លៃ និងចាក់ស្រាទំពាំងបាយជូរនៃសេចក្តីប្រោសលោះដ៏បរិសុទ្ធគឺព្រះយេស៊ូវគ្រីស្ទ ជាកូនចៀមនៃព្រះដ៏មហិមា និងប្រកបដោយក្ដីមេត្តាករុណា អាម៉ែន ។