ឆ្នាំ ២០១០-២០១៩
ចេញ​ទៅ​ជួយ​សង្គ្រោះ ៖ យើង​អាច​ធ្វើ​វា​បាន
ខែ មេសា 2016


ចេញ​ទៅ​ជួយ​សង្គ្រោះ ៖ យើង​អាច​ធ្វើ​វា​បាន

ព្រះអម្ចាស់​បាន​ផ្ដល់​ឧបករណ៍​ទាំងអស់​ដែល​ចាំបាច់​ដល់​យើង​ដើម្បី​ចេញ​ទៅ​ជួយ​សង្គ្រោះ​ដល់​សមាជិក​មិន​សូវ​សកម្ម និង មិត្ត​ដែល​មិនមែន​ជា​សមាជិក​របស់​យើង ។

ព្រះអង្គសង្គ្រោះ​យល់​យ៉ាង​ច្បាស់​អំពី​បេសកកម្ម​របស់​ទ្រង់​ដើម្បី​ជួយ​សង្គ្រោះ​ដល់​កូនចៅ​របស់​ព្រះវរបិតាសួគ៌​យើង ដ្បិត​ទ្រង់​បាន​ប្រកាស ៖

« កូន​មនុស្ស​បាន​មក ដើម្បី​នឹង​ជួយ​សង្គ្រោះ​អ្នក​ណា​ដែល​បាត់បង់ ។ …

«[ ដ្បិត ] ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​ក៏​មិន​សព្វ​ព្រះហឫទ័យ ឲ្យ​កូន​តូច​ណា​មួយ​នេះ ត្រូវ​វិនាស​ដូច្នោះ​ដែរ » ។

ម្ដាយ​ជា​ទីស្រឡាញ់​របស់​ខ្ញុំ ចាសមីន ប៊ែនញៀន អាណុល បាន​យល់​យ៉ាង​ច្បាស់​អំពី​តួនាទី​របស់​គាត់​ដើម្បី​ជួយ​សង្គ្រោះ​ដល់​ចៀម​ដែល​របួស ឬ​បាត់បង់​របស់​ព្រះវរបិតាសួគ៌​យើង រួមទាំង​កូន និង​ចៅៗ​ផ្ទាល់​ខ្លួន​របស់​គាត់​ផងដែរ ។ ឱ​នេះ​ជា​តួនាទី​ដ៏​អស្ចារ្យ​ណាស់​ដែល​ជីដូនជីតា​មាន​នៅក្នុង​ជីវិត​នៃ​ចៅៗ​របស់​ពួកគាត់ ។

ជា​ធម្មតា​ម្ដាយ​ខ្ញុំ​ត្រូវ​បាន​ចាត់​ឲ្យ​ទៅ​បង្រៀន​សួរសុខទុក្ខ​ដល់​អ្នក​ទាំងឡាយ​ដែល​មាន​បញ្ហា​នៅក្នុង​សេចក្ដីជំនឿ​របស់​ពួកគេ និង​សមាជិក​មិន​សូវ​សកម្ម និង​អ្នក​ដែលជា​សមាជិក​តែ​ឯង ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រុម​គាត់​មាន​អ្នក​ផ្សេង​មួយ​ចំនួន​ទៀត ដែល​គ្មាន​នរណា​ត្រូវ​បាន​ចាត់​ឲ្យ​គាត់​ទៅសួរ​សុខទុក្ខ​ទេ ។ ជាទូទៅ ការ​សួរខុសទុក្ខ​របស់​គាត់​ពុំ​មែន​តែ​ម្ដង​ក្នុង​មួយ​ខែ​ទេ នៅពេល​គាត់​ទៅ​ដោយ​ស្ងាត់ៗ​ដើម្បី​បម្រើ និង​ស្ដាប់​ដល់​អ្នក​ឈឺ និង​ផ្ដល់​ការ​លើក​ទឹកចិត្ត​ដោយ​ក្ដី​ស្រឡាញ់ ។ នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នៃ​ជីវិត​របស់​គាត់ អ្នក​ម្ដាយ​​​បាន​ឈឺ​សម្រាក​នៅ​តែ​ក្នុង​ផ្ទះ ដូច្នេះ​គាត់​បាន​ចំណាយ​ពេល​រាប់​ម៉ោង​សរសេរ​សំបុត្រ​ទៅ​ពួកគេ បង្ហាញ​ពី​សេចក្ដីស្រឡាញ់ ថ្លែង​ទីបន្ទាល់គាត់ និង លើក​ទឹកចិត្ត​អ្នក​ទាំងឡាយ​ដែល​គាត់​បាន​ទៅ​សួរសុខទុក្ខ​នោះ ។

នៅពេល​យើង​ទៅ​ជួយ​សង្គ្រោះ ព្រះ​ប្រទាន​អំណាច​ការ​លើកទឹកចិត្ត និង​ពរជ័យ​ដល់​យើង ។ នៅពេល​ទ្រង់​បាន​បញ្ជា​ម៉ូសេ​ឲ្យ​ជួយ​សង្គ្រោះ​កូនចៅ​អ៊ីស្រាអែល ម៉ូសេ​ភ័យខ្លាច ដូចជា​ពួក​យើង​ភ័យខ្លាច​ដែរ ។ ម៉ូសេ​បាន​ដោះសារ​ខ្លួន ដោយ​និយាយ​ថា « ទូល​បង្គំ​ជា​អ្នក​មិន​សូវ​មាន​វោហារ​ទេ … ដ្បិត​ទូលបង្គំ​មាន​មាត់​រឹង ហើយ​អណ្តាត​ក៏​ដំឡាន់​ផង » ។

ព្រះអម្ចាស់​បាន​អះអាង​នឹង​ម៉ូសេ ៖

« តើ​អ្នក​ណា​បាន​បង្កើត​មាត់​មនុស្ស ? …បើ​មិន​មែន​យើង​ជា​ព្រះយេហូវ៉ា​ប៉ុណ្ណោះ​ទេ ?

« ដូច្នេះ​ចូរ​ឯង​ទៅ​ឥឡូវ​ចុះ យើង​នឹង​នៅ​ជា​មួយ​នឹង​មាត់​ឯង ព្រម​ទាំង​បង្រៀន​សេចក្តី​ដែល​ឯង​ត្រូវ​និយាយ​ផង » ។ 

តាមពិត ព្រះអម្ចាស់​បាន​ប្រាប់​ម៉ូសេ​ថា « អ្នក​អាច​ធ្វើ​បាន ! » ហើយ​បងប្អូន​ដឹងទេ យើង​ក៏​អាច​ធ្វើ​បាន​ដែរ !

ខ្ញុំ​សូម​ចែកចាយ​គោលការណ៍​ចំនួន​បួន ដែល​នឹង​ជួយ​នៅក្នុង​កិច្ចខិតខំ​ជួយ​សង្គ្រោះ​របស់​យើង ។

គោលការណ៍​ទី ១ ៖ យើង​មិន​ត្រូវ​ពន្យាពេល​ក្នុង​ការ​ចេញ​ទៅ​ជួយ​សង្គ្រោះ​ទេ

អែលឌើរ អាលីចានដ្រូ ប៉ាតានៀ ជា​អតីត​ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់ រៀបរាប់​អំពី​រឿង​ប្អូនប្រុស​របស់​គាត់ ដានីយ៉ែល ដែល​បាន​ចេញ​ទូក​ទៅ​សមុទ្រ​ដើម្បី​ស្ទូច​ត្រី​ជាមួយ​នឹង​ក្រុម​របស់​គាត់ ។ បន្ទាប់ពី​មួយ​រយៈ​មក ដានីយ៉ែល បាន​ទទួល​ការ​ព្រមាន​ជា​បន្ទាន់​មួយ ដែល​ថា​ព្យុះ​ធំ​កំពុង​តែ​មក​យ៉ាង​លឿន​ណាស់ ។ រំពេច​នោះ ដានីយ៉ែល និង​ក្រុម​គាត់​បាន​ចាប់​ផ្ដើម​បើក​ចូល​ផែ​វិញ ។

រូបភាព
ការ​ចេញ​ទូក​ទៅ​ក្នុង​សមុទ្រ

នៅពេល​ព្យុះ​មក​កាន់តែ​ខ្លាំង ស្រាប់​តែ​ម៉ាស៊ីន​ទូក​នេសាទ​ដែល​នៅ​ជិត​នោះ​មិន​ដំណើរការ ។ ក្រុម​របស់ ដានីយ៉ែល បាន​ថ្ពក់​ខ្សែកាប​ទៅ​នឹង​ទូក​នោះ ហើយ​ចាប់​ផ្ដើម​សណ្ដោង​ទៅ​រក​ទី​សុវត្ថិភាព ។ ពួកគេ​បាន​ហៅ​តាម​វិទ្យុទាក់ទង​សុំ​ជំនួយ ដោយ​ដឹង​ថា​កាលណា​ព្យុះ​កាន់តែ​ខ្លាំង នោះ​ពួកគេ​ត្រូវការ​ជំនួយ​បន្ទាន់ ។

រូបភាព
ព្យុះ​កំពុង​បោក​បក់​យ៉ាង​ខ្លាំង

នៅពេល​មនុស្ស​ជា​ទីស្រឡាញ់​រង់ចាំ​ដោយ​អន្ទះសារ នោះ​ពួក​ភ្នាក់ងារ​ដែល​នៅ​ចាំយាម​មាត់​សមុទ្រ និង​ក្រុម​អ្នក​នេសាទ និង​ក្រុម​នាវិក​បាន​ជួបជុំ​គ្នា​ដើម្បី​សម្រេច​ចិត្ត​ពី​វិធីសាស្ត្រ​ជួយ​សង្គ្រោះ​ដែល​ល្អ​បំផុត ។ មាន​អ្នកខ្លះ​ចង់​ចេញទៅ​មួយ​រំពេច ប៉ុន្តែ​ត្រូវ​បាន​ប្រាប់​ថា​រងចាំ​ស្ដាប់​ផែនការ​សិន ។ ខណៈ​ដែល​មនុស្ស​ដែល​នៅក្នុង​ព្យុះ​បន្ដ​អង្វរ​សុំ​ជំនួយ ភ្នាក់​ងារ​ទាំងឡាយ​បន្ដ​ជួបជុំ​គ្នា ព្យាយាម​យល់​ស្រប​ទៅនឹង​ផែនការ និង​គម្រោង​ដែល​ត្រឹមត្រូវ ។

រូបភាព
មនុស្ស​ជាទីស្រឡាញ់​កំពុង​រង់ចាំ​ដោយ​អន្ទះសារ

ទីបំផុត​ក្រុមជួយ​សង្គ្រោះ​បាន​រៀបចំ​ឡើង នោះ​ការ​ហៅ​សុំ​ជំនួយ​ដោយ​អស់​សង្ឃឹម​ជាលើក​ចុង​ក្រោយ​បាន​ហៅ​មក ។ ព្យុះ​កំណាច​បាន​វាយ​ផ្ដាច់​ខ្សែពួរ​រវាង​ទូក​ទាំងពីរ ហើយ​ក្រុម​របស់ ដានីយ៉ែល បាន​ត្រឡប់ទៅ​មើល បើ​សិន​ជាពួកគេ​អាច​ជួយ​សង្គ្រោះ​ដល់​អ្នក​នេសាទ​របស់​ពួកគេ ។ នៅ​ទីបំផុត​ទូក​ទាំងពីរ និង​ក្រុម​របស់​ពួកគេ​បាន​លិចបាត់ រួមទាំង ដានីយ៉ែល ប្អូនប្រុស​របស់ អែលឌើរ ប៉ាតានៀ ក៏​បាន​បាត់​ខ្លួន​ដែរ ។

រូបភាព
ទូកទាំង​ពីរ​បាន​លិច​បាត់ ។

អែលឌើរ ប៉ាតានៀ បាន​ប្រៀបធៀប​រឿង​សោកនាដកម្ម​នេះ​ទៅនឹង​ការ​ដាស់តឿន​របស់​ព្រះអម្ចាស់ នៅពេល​ទ្រង់​មាន​បន្ទូល​ថា « ឯង​រាល់​គ្នា​មិន [ បាន ] ចម្រើន​កម្លាំង … [ ឬ ] ឯង​មិន​បាន​នាំ​មក​វិញ​នូវ​សត្វ​ណា​ដែល​វង្វេង​ទៅ … [ ឬ ] ក៏​មិន​បាន​ស្វែងរក​ដែរ … ហើយ​យើង​នឹង​ទារ​ចៀម​យើង​ពី​ដៃ [ អ្នក ] » ។

អែលឌើរ ប៉ាតានៀ បាន​ពន្យល់​ថា ខណៈ​ដែល​យើង​ត្រូវ​តែ​រៀបចំ​ក្នុង​ក្រុម​ប្រឹក្សា​របស់​យើង កូរ៉ុម អង្គការ​ជំនួយ និង​ជាបុគ្គល​ក្ដី យើង​ត្រូវ​តែ​កុំ​ពន្យា​ពេល​ក្នុងការ​ចេញ​ទៅ​ជួយ​សង្គ្រោះ​ឡើយ ។ ពេលខ្លះ​អស់​ជាច្រើន​សប្ដាហ៍​បាន​កន្លង​ហួស​ទៅ កាល​យើង​និយាយ​អំពី​របៀប​ដើម្បី​ជួយ​ក្រុមគ្រួសារ ឬ​បុគ្គល​ម្នាក់ៗ​ដែល​មាន​តម្រូវការ​ពិសេស ។ យើង​គិត​យ៉ាង​ប្រុងប្រយ័ត្ន​អំពី​នរណា​ដែល​នឹង​ទៅ​សួរសុខ​ទុក្ខ​ពួកគេ ហើយ​ត្រូវ​ទៅ​ដោយ​របៀប​ណា ។ អំឡុង​ពេល​នោះ បងប្អូន​ប្រុស​ស្រី​ដែល​រង្វេង​បាត់​របស់​យើង​បន្ដ​ត្រូវការ ហើយ​ពេល​ខ្លះ​បាន​ទាំង​ស្រែក​អង្វរ​សុំ​ជំនួយ ។ យើង​មិន​ត្រូវ​ពន្យា​ពេល​ឡើយ ។

គោលការណ៍​ទី ២ ៖ យើង​មិន​ត្រូវ​បោះ​បង់​ចោល​ឡើយ

ប្រធាន ថូម៉ាស អេស ម៉នសុន ដែល​ប្រាប់​ពីការ​ហៅ​យ៉ាង​ក្រលួច​ទៅ​ដល់​ក្រុម​ជួយ​សង្គ្រោះ ដោយ​កត់ចំណាំ​ថា​ « សមាជិក​យើង​ត្រូវការ​ការ​រំឭក​ថា​វា​ពុំ​ដែល​យឺត​ពេល​ទេ ដើម្បី​ទៅរក … សមាជិក​មិនសូវ​សកម្ម​របស់​យើង … ដែល​អាច​នឹង​ត្រូវគិត​ថា​គ្មាន​សង្ឃឹម​នោះ » ។

ដូច​បងប្អូន​ជាច្រើន​ដែល បងប្អូន​មួយ​ចំនួន​ដែល​ខ្ញុំ​បាន​ចែកចាយ​ដំណឹងល្អ​ជាមួយ មិន​យូរ​ប៉ុន្មាន​នឹង​ទទួល​បុណ្យ​ជ្រមុជ​ទឹក ឬ​សកម្ម​ឡើង​វិញ ហើយ​អ្នក​ដទៃ​ទៀត--ដូចជា​មិត្ត​ដែល​មិនមែន​ជា​សមាជិក​របស់​ខ្ញុំ ធីម និង ភរិយា​មិន​សូវ​សកម្ម​របស់​គាត់ ឆាលីន នឹង​ត្រូវ​ចំណាយ​ពេល​ច្រើន​ទៀត ។

អស់​រយៈពេល​ជាង ២៥ ឆ្នាំ ខ្ញុំ​បាន​សន្ទនា​ជាមួយ ធីម អំពី​ដំណឹងល្អ ហើយ​បាន​នាំ ធីម និង ឆាលីន ទៅ​ពិធី​សម្ពោធ​បើក​ព្រះវិហារ​បរិសុទ្ធ ។ មាន​អ្នក​ដទៃ​ទៀត​បាន​ចូលរួម​ក្នុងការ​ជួយសង្គ្រោះ ទោះ​ជា​យ៉ាង​ណា​ក្តី ធីម បាន​បដិសេធ​គ្រប់​ការ​អញ្ជើញ​ឲ្យ​ជួប​នឹង​អ្នក​ផ្សព្វផ្សាយ​សាសនា ។

នៅ​ចុង​សប្ដាហ៍​មួយ ខ្ញុំ​ត្រូវ​បាន​ចាត់​ឲ្យ​ធ្វើ​ជា​អធិបតី​នៅ​ក្នុង​សន្និសីទ​ស្ដេក​មួយ ។ ខ្ញុំ​បាន​សុំ​ឲ្យ​ប្រធាន​ស្ដេក​តមអាហារ និង អធិស្ឋាន​អំពី​នរណា​ដែល​យើង​គួរ​ទៅ​សួរសុខ​ទុក្ខ ។ ខ្ញុំ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ពេល​គាត់​ហុច​ឈ្មោះ​មិត្ត​របស់​ខ្ញុំ ធីម មក​ឲ្យ​ខ្ញុំ ។ នៅពេល​ប៊ីស្សព​របស់ ធីម ប្រធាន​ស្ដេក និង​ខ្ញុំ​ទៅ​គោះ​ទ្វារ​ផ្ទះ​គាត់ ធីម បាន​បើក​ទ្វារ មើល​មក​ខ្ញុំ មើល​ទៅ​ប៊ីស្សព ហើយ​និយាយ​ថា « ប៊ីស្សព ខ្ញុំ​គិត​ថា បង​បាន​ប្រាប់​ខ្ញុំ​ថា បង​នឹង​នាំ​មនុស្ស​ពិសេស​ម្នាក់​មក ! »

បន្ទាប់មក ធីម បាន​សើច ហើយ​និយាយ​ថា « អញ្ជើញ​ចូល​មក មើរវិន » ។ អព្ភូតហេតុ​មួយ​បាន​កើត​ឡើង​នៅ​ថ្ងៃ​នោះ ។ ធីម ឥឡូវ​បាន​ជ្រមុជ​ទឹក ហើយ​គាត់ និង ឆាលីន បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ យើង​មិន​ត្រូវ​បោះ​បង់​ចោល​ឡើយ ។

រូបភាព
ធីម និង ឆាលិន នៅ​ព្រះវិហារ​បរិសុទ្ធ

គោលការណ៍​ទី ៣ ៖ នោះ​អ្នក​នឹង​មាន​អំណរ​ដ៏​មហិមា​យ៉ាង​ណា​បើ​គ្រាន់​តែ​នាំ​ព្រលឹង​មួយ​គត់​មក​រក​ព្រះគ្រីស្ទ

ជា​ច្រើន​ឆ្នាំ​កន្លង​ទៅនៅ​ក្នុង​សន្និសីទ​ទូទៅ ខ្ញុំ​បាន​និយាយ​អំពី​របៀប​ដែល ហូសេ ដេ សូហ្សា ម៉ាហ្គីស បាន​យល់​អំពី​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​ថា « បើ​សិន​ជា​មាន​មនុស្ស​ណា​មួយ នៅក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​កម្លាំង​ខ្លាំង​ឡើង​នៅក្នុង​ព្រះវិញ្ញាណ ចូរ​ឲ្យ​អ្នក​នោះ​យក​អ្នក​ណា​មួយ ដែល​ទន់​ខ្សោយ​ទៅ​ជាមួយ​គាត់ ប្រយោជន៍​ឲ្យ​អ្នក​នោះ​អាច … ត្រឡប់​ជា​មាន​កម្លាំង​ខ្លាំង​ឡើង​ដែរ » ។

បងប្រុស ម៉ាហ្គីស បាន​ស្គាល់​ឈ្មោះ​ចៀម​ទាំងអស់​នៅក្នុង​កូរ៉ុម​សង្ឃ​របស់​គាត់ ហើយ​បាន​ដឹង​ថា​បាត់ ហ្វើរណានដូ ។ គាត់​បាន​ស្វែងរក ហ្វើរណានដូ នៅ​ផ្ទះ​របស់​គាត់​បន្ទាប់​មក​នៅ​ផ្ទះ​មិត្ត​របស់​គាត់ ហើយ​បាន​ចេញ​ទៅ​មាត់​សមុទ្រ ។

រូបភាព
ការ​ជួយ​សង្គ្រោះ​ហ្វើរណានដូ

ទីបំផុត គាត់​បាន​ឃើញ ហ្វើរណានដូ កំពុង​ជិះ​ក្ដារ​ស្គី​លើ​ទឹក​សមុទ្រ ។ គាត់​ពុំ​បាន​ពន្យាពេល​រហូត​ដល់​ទូក​លិច​ដូចជា​រឿង​របស់ ដានីយ៉ែល ទេ ។ រំពេច​នោះ គាត់​បាន​ចូល​ទៅ​ក្នុង​ទឹក​ដើម្បី​ជួយ​សង្គ្រោះ​ដល់​ចៀម​ដែល​បាត់​របស់​គាត់ ហើយ​បាន​នាំ​គាត់​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​រីករាយ ។

រូបភាព
ការ​ប្រាកដ​ថា ហ្វើរណានដូ មិន​ចាក​ចេញ​ពីហ្វូង​ទៀត

បន្ទាប់មក​គាត់​បាន​បន្ដ​មើល​យ៉ាង​ប្រាកដ​ថា ហ្វើរណានដូ នឹង​មិន​ចេញ​ពី​ហ្វូង​ម្ដង​ទៀត​ឡើយ ។

ខ្ញុំ​សូម​ប្រាប់​អ្នក អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចាប់តាំងពី ហ្វើរណានដូ ត្រូវ​បាន​ជួយ​សង្គ្រោះ ហើយ​ដើម្បី​ចែក​ក្ដីអំណរ​ដែល​កើត​មាន​មកពី​ការ​ជួយ​សង្គ្រោះ​ចៀម​ដែល​បាត់​តែ​មួយ ។ ហ្វើរណានដូ បាន​រៀបការ​នឹង​ភរិយា​គាត់ ម៉ារៀ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ឥឡូវ​ពួកគេ​មាន​កូន ៥ នាក់ និង​ចៅ ១៣ នាក់ ពួកគេ​ទាំងអស់​សកម្ម​នៅក្នុង​សាសនាចក្រ ។ សាច់​ញាតិ និង​ក្រុមគ្រួសារ​របស់​ពួកគេ​ដទៃ​ទៀត ក៏​បាន​ចូល​រួម​ក្នុង​សាសនាចក្រ​ផងដែរ ។ ពួកគេ​បាន​បញ្ជូន​ឈ្មោះ​ជីដូនជីតា​របស់​ពួកគេ​រាប់ពាន់​នាក់ ​ដើម្បី​ទទួល​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​ពរជ័យ​នៅតែ​បន្ដ​កើត​មាន ។

រូបភាព
គ្រួសារ​របស់ ហ្វើរណានដូ

ឥឡូវ ហ្វើរណានដូ កំពុង​បម្រើ​ជា​ប៊ីស្សព​ជា​លើកទីបី ហើយ​គាត់​បន្ដ​ជួយ​សង្គ្រោះ ។ ថ្មីៗ​នេះ គាត់​បាន​ចែកចាយ​ថា « នៅក្នុង​វួដ​របស់​យើង យើង​មាន​យុវជន​បព្វជិតភាព​អើរ៉ុន​សកម្ម ៣២ នាក់ ហើយ ២១ នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​កាលពី ១៨ ខែ​មុន » ។ ក្នុង​នាម​ជា​បុគ្គល​ម្នាក់ៗ ក្រុមគ្រួសារ កូរ៉ុម អង្គការ​ជំនួយ ថ្នាក់ និង​គ្រូបង្រៀន​តាមផ្ទះ និង គ្រូ​សួរសុខទុក្ខ យើង​អាច​ធ្វើ​វាបាន !

រូបភាព
ពួក​យុវជន​របស់​ហ្វើរណានដូ

គោលការណ៍​ទី ៤ ៖ មិនថា​យើង​មាន​វ័យ​ណា​ទេ យើង​ទាំង​អស់​គ្នា​ត្រូវ​បាន​ហៅ​ឲ្យ​ចេញ​ទៅ​ជួយ​សង្គ្រោះ

ប្រធាន ហិនរី ប៊ី អាវរិង បាន​ប្រកាស​ថា « មិន​ថា​យើង​មាន​វ័យ​ណា សមត្ថភាព​អ្វី ការ​ហៅបម្រើ​ក្នុងសាសនាចក្រ​ជា​អ្វី ឬ​នៅ​ទី​ណា​ទេ យើង​គឺ​ជា​មនុស្ស​ម្នាក់​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ការ ដើម្បី​ជួយ [ ព្រះអង្គសង្គ្រោះ ] នៅក្នុង​ការ​ប្រមូល​ព្រលឹង​ទាំងឡាយ រហូត​ដល់​ទ្រង់​យាង​មក​ម្ដង​ទៀត » ។

ជា​រៀង​រាល់ថ្ងៃ មាន​កុមារ​របស់​យើង យុវវ័យ មជ្ឈិមវ័យ​នៅលីវ និង​សមាជិក​មជ្ឈិមវ័យ​របស់​យើង គ្រប់វ័យ​កំពុង​ស្ដាប់​តាម​ការហៅ​យ៉ាង​គ្រលួច​ឲ្យ​ចេញ​ទៅ​ជួយ​សង្គ្រោះ​កាន់តែ​ច្រើន​ឡើងៗ ។ សូម​អរគុណ​សម្រាប់​ការខិតខំ​របស់​បងប្អូន ! ខ្ញុំ​សូម​ចែកចាយ​ឧទាហរណ៍​ខ្លះៗ ៖

អាមី ដែល​មាន​អាយុ ៧ ឆ្នាំ បាន​អញ្ជើញ​មិត្ត​របស់​នាង អារីណា និង​គ្រួសារ​គាត់​ទៅ​ចូលរួម​កម្មវិធី​ការប្រជុំ​សាក្រាម៉ង់​ថ្នាក់​អង្គការ​បឋមសិក្សា​ប្រចាំ​ឆ្នាំ​របស់​នាង ។ ប៉ុន្មាន​ខែ​ក្រោយ​មក អារីណា និង​គ្រួសារ​នាង បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។

អាលែន ជា​យុវមជ្ឈិមវ័យ​ម្នាក់ ទទួល​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ចែកចាយ​វីដេអូ​របស់​សាសនាចក្រ សារលិខិត​មរមន និង​ខគម្ពីរ​ជាមួយ​នឹង​មិត្ត​របស់​គាត់​ទាំងអស់​ដោយ​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។

បងស្រី រីវស៍ បាន​ចាប់​ផ្ដើម​ចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​អ្នក​ទីផ្សារ​តាម​វិទ្យុ​ទាក់ទង​នីមួយៗ​ដែល​បាន​ហៅ ។

ជេមស៍ បាន​អញ្ជើញ​មិត្ត​របស់​គាត់ ស្សេន ដែល​មិនមែន​ជា​សមាជិក​មក​ចូលរួម​កម្មវិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​កូន​ស្រី​គាត់ ។

ស្ពែនស៊ើរ បាន​ផ្ញើ​តំណភ្ជាប់​សុន្ទរកថា​របស់​ប្រធាន រ័សុល  អិម ណិលសុន ទៅកាន់​ប្អូន​ស្រី​មិន​សូវ​សកម្ម​របស់​គាត់ ហើយ​បាន​រៀប​រាប់​ថា « គាត់​បាន​អាន​សុន្ទរកថា​នោះ សេចក្ដីសង្ឃឹម​ក៏​បាន​កើត​មាន​ឡើង » ។

ព្រះអម្ចាស់​បាន​ផ្ដល់​ឧបករណ៍​ទាំងអស់​ដែល​ចាំបាច់​ដល់​យើង​ដើម្បី​ចេញ​ទៅ​ជួយ​សង្គ្រោះ​ដល់​សមាជិក​មិន​សូវ​សកម្ម និង មិត្ត​ដែល​មិនមែន​ជា​សមាជិក​របស់​យើង ។ យើង​ទាំងអស់​គ្នា​អាច​ធ្វើ​បាន !

ខ្ញុំ​អញ្ជើញ​បងប្អូន​ម្នាក់ៗ​ឲ្យ​ស្ដាប់​ការហៅ​របស់​ព្រះអង្គសង្គ្រោះ​ឲ្យ​ចេញ​ទៅ​ជួយ​សង្គ្រោះ ។ យើង​អាច​ធ្វើ​វា​បាន !

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដ៏​ឧឡារិក​ថា ខ្ញុំ​ដឹង​ថា ព្រះយេស៊ូវ​គឺ​ជា​អ្នក​គង្វាល​ដ៏​ល្អ ថា​ទ្រង់​ស្រឡាញ់​យើង ហើយ​ថា​ទ្រង់​នឹង​ប្រទានពរ​យើង នៅពេល​យើង​ចេញ​ទៅ​ជួយ​សង្គ្រោះ ។ ខ្ញុំ​ដឹង​ថា​ទ្រង់​មាន​ព្រះជន្ម​រស់ ខ្ញុំ​ពិត​ជាដឹង ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។